ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៤៧—គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៥ ៖ ការធ្វើ​ទុក្ករកម្ម​ព្យាការី យ៉ូសែប ស្ម៊ីធ


« មេរៀន​ទី ១៤៧—គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៥ ៖ ការធ្វើ​ទុក្ករកម្ម​ព្យាការី យ៉ូសែប ស្ម៊ីធ⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី សញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៥⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៤៧ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៥–១៣៦

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៥

ការធ្វើ​ទុក្ករកម្ម​ព្យាការី យ៉ូសែប ស្ម៊ីធ

រូបចម្លាក់ យ៉ូសែប និង ហៃរុម ស៊្មីធ នៅឯ​គុកកាតធេច

បន្ទាប់​ពី​បាន​ដឹក​នាំ​ពួក​បរិសុទ្ធ​ជា​ច្រើន​ឆ្នាំ​មក ព្យាការី យ៉ូសែប ស្ម៊ីធ និង​បងប្រុស​របស់​លោក ហៃរុម បាន​ជាប់​នៅ​គុក កាតធេច ។ នៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ ​មនុស្ស​កំណាច​មួយ​ក្រុម​បាន​ធ្វើការ​វាយប្រហារ ហើយ​បុរស​ទាំងពីរ​នាក់​ត្រូវ​បាន​គេ​សម្លាប់ ។ មេរៀន​នេះ​មាន​បំណង​ជួយ​សិស្ស​ឲ្យ​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​នៃ​ការ​ស្ដារ​ឡើង​វិញ​របស់​ព្រះ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

« ព្យាការី និង អ្នក​មើលឆុត​របស់​ព្រះអម្ចាស់ »

ព្យាការី យ៉ូសែប ស៊្មីធ

សូម​ពិចារណា​បង្ហាញ​រូបភាព​របស់ យ៉ូសែប ស្ម៊ីធ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា​ពួកគេ​ហៀប​នឹង​និយាយ​ជាមួយ​នរណា​ម្នាក់​ដែល​មិន​បាន​ដឹង​អ្វី​សោះ​អំពី​លោក ។ សូម​ឲ្យ​ពួកគេ​ធ្វើ​បញ្ជី​មួយ​អំពី​អ្វី​ដែល​ពួកគេ​គិត​ថា​ជា​រឿង​សំខាន់​បំផុត​បួន ឬ ប្រាំ ដែល​ព្រះអម្ចាស់​បាន​ធ្វើ​សម្រាប់​យើង​តាម​រយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។ សំណួរ​ខាង​ក្រោម​នេះ​អាច​មាន​ប្រយោជន៍ ៖

  • តើ​ជីវិត​របស់​អ្នក​នឹង​មាន​ភាព​ខុស​គ្នា​យ៉ាង​ដូច​ម្ដេច​បើ​គ្មាន​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​យើង​តាម​រយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ​នោះ ?

  • តើ​ចំណេះដឹង និង​ទំនាក់​ទំនង​របស់​អ្នក​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ បាន​ជះឥទ្ធិពល​តាមរយៈ យ៉ូសែប ស្ម៊ីធ និង​កិច្ចការ​ព្យាករ​របស់​លោក​ដោយ​របៀបណា ?

សូម​ពន្យល់​ថា​នៅ​ក្នុង​មេរៀន​នេះ​សិស្ស​នឹង​រៀន​អំពី​ការ​ធ្វើ​ទុក្ករកម្ម​របស់ យ៉ូសែប ស្ម៊ីធ និង​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​តាម​រយៈ​លោក ។ នៅពេល​ពួកគេ​សិក្សា សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងយល់​កាន់តែ​ច្បាស់​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ពួកគេ​តាមរយៈ​ព្យាការី ។

ផ្លូវ​ទៅ​កាន់​គុក​កាតធេច

ដើម្បី​ជួយ​សិស្ស​ត្រៀម​ខ្លួន​សិក្សា គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៥ សូម​ពិចារណា​សង្ខេប​កថាខណ្ឌ​ទាំង​នេះ​តាម​ពាក្យ​សម្តី​របស់​អ្នក​ផ្ទាល់ ។

យ៉ូសែប ស្ម៊ីធ និង​ពួក​បរិសុទ្ធ​បាន​រស់​នៅ​ដោយ​សុខសាន្ត​នៅក្នុង​រដ្ឋ​អិលលីណោយ​​រយៈ​ពេល​ប្រហែល​បី​ឆ្នាំ ។ នៅឆ្នាំ ១៨៤២ ពួកគេ​បាន​ចាប់​ផ្ដើម​ជួប​នឹង​ការ​ប្រឆាំង​ម្តង​ទៀត ។ ពួក​អ្នក​ជំទាស់​នៅ​ក្នុង​សាសនាចក្រ និង​ពួកអ្នក​ប្រឆាំង​នៅ​ខាង​ក្រៅ​សាសនាចក្រ​បាន​រួម​កម្លាំងគ្នា​ប្រឆាំង​នឹង​ព្យាការី និង​ពួក​បរិសុទ្ធ ។ ពលរដ្ឋ​មួយ​ចំនួន​នៅ​រដ្ឋ​អិលលីណោយ​បាន​ចាប់​ផ្ដើម​ភ័យ​ខ្លាច និង​អន់ចិត្ត​នឹង​ឥទ្ធិពល​នយោបាយ​របស់​ពួក​បរិសុទ្ធ ។ អ្នក​ផ្សេង​ទៀត​បាន​ចាប់ផ្តើម​ច្រណែន​នឹង​កំណើន​សេដ្ឋ​កិច្ច​របស់​ទីក្រុង​ណៅវូ ។ ការ​បៀតបៀន​ប្រឆាំង​នឹង​ពួក​បរិសុទ្ធ​ក៏​បាន​បណ្តាល​មក​ពី​ការ​យល់​ខុស​ចំពោះ​ការ​អនុវត្ត​នានា ដូច​ជា​ការ​មាន​ប្រពន្ធច្រើន​ដែល​សមាជិក​ក្បត់​សាសនា​មួយ​ចំនួន​បាន​ក្លែង​បន្លំ ។ នៅ​រដូវ​ក្តៅ ឆ្នាំ ១៨៤៤ ការជំទាស់​ប្រឆាំង​នឹង​សាសនាចក្រ​កាន់​តែ​ធ្ងន់ធ្ងរឡើង ។

នៅថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ១៨៤៤ វិល្លាម ឡ ដែល​ធ្លាប់​បម្រើ​ជាទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ និង​ជនក្បត់​សាសនា​ដទៃទៀត​បាន​បោះពុម្ព​សារព័ត៌មាន​ច្បាប់​ដំបូង​​មួយ​ដែលមាន​ឈ្មោះថា Nauvoo Expositor ដើម្បី​ធ្វើឲ្យ​មហាជន​ខឹងសម្បារ​នឹង​ព្យាការី និង​សាសនាចក្រ ។ យ៉ូសែប ស្ម៊ីធ និង​ក្រុម​ប្រឹក្សា​ក្នុង​ទីក្រុង​ណៅវូ​ភាគ​ច្រើន​បាន​ចាត់​ទុក​សារព័ត៌មាន​នេះ​ថា​ជា​ការ​រំខាន​ដល់​សាធារណៈ និង​បាន​បញ្ជា​ឲ្យ​បំផ្លាញ​សារ​ព័ត៌មាន Nauvoo Expositor ចោល ។ ការបញ្ជា​នេះ​គឺ​ស្រប​ទៅ​នឹង​ច្បាប់​ដែលមាន​នៅ​សម័យ​របស់ យ៉ូសែប ស្ម៊ីធ ។

ពលរដ្ឋ​មួយ​ចំនួន​ក្នុង​តំបន់​ជុំវិញ​នោះ​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ពួក​បរិសុទ្ធ និង​ការ​បំផ្លាញ​សារព័ត៌មាន​នោះ ។ អភិបាលរដ្ឋ​អិលលីណោយ​ឈ្មោះ ថូម៉ាស ហ្វត​បាន​ផ្តល់​ដំបូន្មាន​ដល់ យ៉ូសែប ស្ម៊ីធ និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ផ្សេង​ទៀត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​កាតធេច ហើយ​ដោះ​ស្រាយ​ស្ថាន​ភាព​នេះ​ដោយ​ស្រប​ច្បាប់ ។ គាត់​បាន​សន្យា​ថា​ពួកលោក​នឹង​ទទួល​បាន​ការ​ការពារ​ទាំង​ស្រុង និង​មាន​ការ​កាត់​ក្តី​ដោយ​យុត្តិធម៌​ប្រសិន​បើ​ពួកលោក​មក​ដោយ​ស្ម័គ្រ​ចិត្ត ។ ទោះបី​ជា​មាន​ការ​សន្យា​ទាំង​នេះ​ក្ដី ក៏​ព្យាការី​បាន​ជឿ​ជាក់​ថា​លោក​នឹង​ត្រូវ​គេ​សម្លាប់​ប្រសិន​បើ​លោក​ទៅ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៥:៤ ) ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ថ្ងៃ​ទី ២៤ ខែ មិថុនា ឆ្នាំ ១៨៤៤ យ៉ូសែប និង​ហៃរុម ស៊្មីធ ព្រមទាំង​មនុស្ស​ពីរបី​នាក់​ផ្សេងទៀត​បាន​ចាកចេញ​ពី​ទីក្រុង​ណៅវូ​ទៅកាន់​ទីក្រុង កាតធេច ដើម្បី​ព្យាយាម​រក្សា​ពួកបរិសុទ្ធ​ឲ្យ​មាន​សុវត្ថិភាព​ពី​អំពើ​ហិង្សា​ដោយ​ក្រុម​មនុស្ស​កំណាច ។

បន្ទាប់​ពី យ៉ូសែប និង​ហៃរុម​បាន​ចំណាយ​ពេល​ពីរ​បី​ថ្ងៃ​ក្នុង​ពន្ធនាគារ ក្រុម​មនុស្ស​កំណាច​បាន​ធ្វើការ​វាយ​ប្រហារ ។

ការ​ធ្វើ​ទុក្ករកម្ម

មុន​ពេល​សិស្ស​អាន​វគ្គបទ​គម្ពីរ​ខាង​ក្រោម​នេះ សូម​ពិចារណា​សុំ​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​អាច​ដឹង​រួច​ហើយ​អំពី​ការ​ធ្វើ​ទុក្ករកម្ម​របស់ យ៉ូសែប និង ហៃរុម ស្ម៊ីធ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៥ ដែល​កាលពី​ដើម​ឡើយ​ត្រូវ​បាន​បោះ​ពុម្ព​តិច​ជាង​បីខែ​បន្ទាប់​ពី​ទុក្ករកម្ម​ដែល​បាន​ពិពណ៍នា​អំពី​អ្វី​ដែល​បាន​កើតឡើង ។ សូម​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៥:១–២ ដោយ​ស្វែងរក​ព័ត៌មាន​លម្អិត​អំពី​ទុក្ករកម្ម និង​សាក្សី​ដែល​បាន​ឃើញ​ព្រឹត្តិការណ៍​នេះ ។ ( ប្រសិនបើ​អ្នក​ចង់​បាន​ព័ត៌មាន​លម្អិត សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៥:៤–៧ ) ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

  • តើ​អ្នក​អាច​គិត ឬ​មាន​អារម្មណ៍​យ៉ាង​ណា ប្រសិន​បើ​អ្នក​បាន​ឃើញ​ព្រឹត្តិការណ៍​ដ៏​អាក្រក់​នេះ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្រមៃ​អំពី​អ្វី​ដែល​បាន​កើត​ឡើង សូម​ពិចារណា​បង្ហាញ​វីដេអូ « Joseph Smith—Prophet of the Restoration » ( ចាប់ពី​នាទី ០:០០ ដល់​នាទី​ទី ៣:០៦ ) ឬ « Joseph Smith: The Prophet of the Restoration » ( ចាប់ពី​នាទី ៥៥:៥០ ដល់​នាទី​ទី ៥៩:៥១ ) ។

13:9
62:4

បើចាំបាច់ សូម​ពន្យល់ថា​អែលឌើរ យ៉ូហាន ថេលើរ ( ឆ្នាំ ១៨០៨–១៨៨៧ ) ជា​សាក្សី​ម្នាក់​ចំពោះ​ការ​ធ្វើ​ទុក្ករកម្ម​នេះ ។ នៅ​ទី​បំផុត​លោក​បាន​ជា​សះស្បើយ​ពី​របួស​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នោះ ហើយ​បាន​បន្ត​បម្រើ​ជា​ប្រធាន​ទី​បី​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

សូម​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៥:៣ ដោយ​ស្វែងរក​វិធី​មួយ​ចំនួន​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​យើង​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។

រូបតំណាង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិគោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៥:៣ គឺ​ជា​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

  • តើ​សេចក្ដី​ពិត​អ្វីខ្លះ​ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក ? ហេតុអ្វី ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​សេចក្ដី​ពិត​ដ៏​មាន​អត្ថន័យ​នៅក្នុង ខទី ៣ នៅ​លើ​ក្ដារខៀន ហើយ​ចែកចាយ​គំនិត​របស់​ពួកគេ​អំពី​សេចក្តី​ពិត​ទាំងនោះ ។

ពួកគេ​អាច​ប្រើ​ពាក្យ​ផ្សេង​គ្នា ប៉ុន្តែ​សេចក្ដី​ពិត​មួយ​ដែល​សិស្ស​ទំនង​ជា​នឹង​កត់​សម្គាល់​គឺ យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​ច្រើន​ជាងគេ​សម្រាប់​សេចក្ដី​សង្គ្រោះ​នៃ​ពិភពលោក​ជាង​មនុស្ស​ណា​ទាំងអស់ លើកលែង​តែ ព្រះយេស៊ូវ​គ្រីស្ទ​តែ​ប៉ុណ្ណោះ ។ សូម​ពិចារណា​សរសេរ​សេចក្ដី​ពិត​មួយ​បែប​នេះ​នៅ​លើ​ក្ដារខៀន ។ វា​ប្រហែល​ជា​សំខាន់​ក្នុង​ការ​បញ្ជាក់​ថា សេចក្ដី​សង្គ្រោះ​អាច​កើតឡើង​បាន​តែ​តាម​រយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​មនុស្ស​លោក​ទាំង​អស់​ប៉ុណ្ណោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ការ​តាម​រយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ដើម្បី​ពង្រីក​ពរជ័យ​នៃ​ដង្វាយធួន​របស់​ទ្រង់​ទៅដល់​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​នៅ​ក្នុង​គ្រាកាន់កាប់​ត្រួតត្រា​នេះ ។

សូម​ពិចារណា​អំពី​ការ​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយ​ពេល​ពីរ​បី​នាទី ហើយ​ពិចារណា​អំពី​សារៈសំខាន់​នៃ​សេចក្ដី​ពិត​នេះ​ក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់ ។

ទោះបី​ជា​ជីវិត​រមែងស្លាប់​របស់ យ៉ូសែប ស្ម៊ីធ បាន​បញ្ចប់​នៅ​ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ ក្ដី ក៏​កិច្ចការ ទីបន្ទាល់ និង​ឥទ្ធិពល​របស់​លោក​បាន​ជួយ​ដល់​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​រាប់​លាន​នាក់​ឲ្យ​មក​កាន់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទទួល​បាន​ពរជ័យ​នៃ​សេចក្ដី​សង្គ្រោះ ។

« បេសកកម្ម និង​កិច្ចការ​របស់​លោក »

ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​កាន់​តែ​ច្បាស់​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រើ យ៉ូសែប ស្ម៊ីធ ដើម្បី​ជួយ​យើង​ឲ្យ​ខិត​ទៅ​ជិត​ទ្រង់​ទាំងទ្វេរ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើតាម​ជំហាន​បី​ខាងក្រោម​នេះ ។ ឧទាហរណ៍​មួយ​ចំនួន​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​អក្សរ​ទ្រេត ។

រូបតំណាង​ការបំពាក់បំប៉ន​ចំណេះចំណាន​ខាង​គោលលទ្ធិ សូម​អញ្ជើញ​អ្នក​រៀន​ឲ្យ​ចែកចាយ ៖ ដើម្បី​រៀន​បន្ថែម​អំពី​ការ​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​ចែកចាយ សូម​មើល​ការ​បំពាក់បំប៉ន​ដែល​មាន​ចំណង​ជើង​ថា « ថ្លែង​ទីបន្ទាល់​ជារឿយៗ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អារម្មណ៍ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ » ដែល​រក​ឃើញ​នៅ​ក្នុង ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ៖​បង្រៀន​ដោយ​ព្រះ​វិញ្ញាណ ។ សូម​ពិចារណា​ពី​ការ​អនុវត្ត​ជំនាញ « បង្កើត​ការបំផុសគំនិត​នានា​ដែ​ល​ជួយ​សិស្ស​ឲ្យ​និយាយ​ចេញ​មក​នូវ​អារម្មណ៍ បទពិសោធន៍ និង​ទីបន្ទាល់​របស់​ពួកគេ » ។

  1. សរសេរ​ឃ្លា « ព្រះអម្ចាស់​ធ្វើការ​តាម​រយៈ យ៉ូសែប ស្ម៊ីធ » នៅចំ​កណ្ដាល​ទំព័រ​មួយ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។

  2. នៅ​ជុំវិញ​ឃ្លា​នេះ​សូម​សរសេរ ឬ​គូរ​ចំណុច ៤–៥ ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន ឬ​បាន​ធ្វើ​តាម​រយៈ យ៉ូសែប ស្ម៊ីធ ។ ប្រសិន​បើ​អាច សូម​ដាក់​បញ្ចូល​សេចក្តី​យោង​បទគម្ពីរ​សម្រាប់​ចំណុច​នីមួយៗ ។ ឧទាហរណ៍ ៖ « ការនិមិត្ត​ដំបូង » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧–១៩ ) ។

  3. ដាក់​បញ្ចូល​គំនិត និង​អារម្មណ៍​របស់​អ្នក​អំពី​របៀប​ដែល​ចំណុច​នីមួយៗ​ដែល​អ្នក​បាន​សរសេរ ជួយ​អ្នក​ឲ្យ​ខិត​ទៅ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ឧទាហរណ៍ ៖ តាមរយៈ យ៉ូសែប ស្ម៊ីធ ខ្ញុំ​យល់​កាន់តែ​ច្បាស់​អំពី​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​ដឹង​ថា​ព្រះ​វរបិតាសួគ៌​នឹង​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ខ្ញុំ ហើយ​ថា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​តួអង្គ​ពីរ​ដែល​មាន​ព្រះកាយ​ពីរ​ទីទៃ​ពី​គ្នា ។

ប្រសិន​បើ​សិស្ស​ត្រូវការ​ជំនួយ​ក្នុងការ​គិត​ពី​ឧទាហរណ៍​បន្ថែម​អំពី​អ្វី​ដែល​ត្រូវ​សរសេរ ឬ​គូរ​នោះ ពួកគេ​អាច​ពិនិត្យមើល​ប្រធាន​បទ និង​ខគម្ពីរ​ដូច​ខាង​ក្រោម​នេះ ៖ បព្វជិតភាព ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣:១ ), ព្រះគម្ពីរ​មរមន ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៧:៥–៦; ១៣៥:៣ ) កិច្ចការ​ផ្សព្វផ្សាយ​សាសនា ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤; ១១០:១១ ) អំណាច​ផ្សារភ្ជាប់ ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១០:១៣–១៦ ) ។

ខណៈ​សិស្ស​ពិចារណា និង​សរសេរ អ្នក​អាច​ចាក់បទ « សរសើរ​ដល់​លោក » ( ទំនុក​តម្កើង ល.រ. ១៦ ) ។ សូម​ពន្យល់​ថា ទំនុក​តម្កើង​នេះ​គឺជា​ការនិពន្ធ​របស់ វិលលាម ដ័បបុលយូ ហ្វែប្ស ដែល​ជា​ការឧទ្ទិស​ដល់​លោក បន្ទាប់ពី​ព្យាការី​បាន​ទទួល​មរណភាព ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ពួកគេ​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ហើយ​ពិចារណា​ធ្វើ​បញ្ជី​មួយ​នៅ​លើ​ក្ដារខៀន ។ នៅពេល​ដែល​សិស្ស​ចែកចាយ​គំនិត និង​អារម្មណ៍​របស់​ពួកគេ​អំពី​ប្រធានបទ​មួយ សូម​ពិចារណា​សួរ​សំណួរ​ដូច​ជា « តើ​មាន​នរណា​ផ្សេង​ទៀត​គិត​អំពី​ពរជ័យ​ដូចគ្នា​នោះ​ដែរ​ឬ​ទេ ? តើ​អ្នក​ចង់​បន្ថែម​គំនិត​ណាមួយ​ទៅនឹង​ការពិភាក្សា​របស់​យើង​ដែរ​ឬ​ទេ ? ឬ « តើ​ជីវិត​របស់​អ្នក​នឹង​ខុសគ្នា​យ៉ាងណា​បើ​គ្មាន​ពរជ័យ​នេះ​នោះ​ទេ ? » សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អំពី​ពរជ័យ​ជា​ច្រើន ។ សូម​ពិចារណា​ចែកចាយ​គំនិត និង​ទីបន្ទាល់​របស់​អ្នក​ផងដែរ ។

ដើម្បី​បញ្ចប់ អ្នក​ក៏​អាច​ចែកចាយ​សេចក្តី​ថ្លែងការណ៍​ដូច​ខាងក្រោម​នេះ​ដោយ​ប្រធាន អិម រ័សុល បាឡឺដ ជា​ប្រធាន​ស្ដីទី​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ប្រធាន បាឡឺដ គឺ​ជា​ចៅ​លួត​របស់​ ហៃរុម ស្ម៊ីធ ។

2:3
ប្រធាន អិម រ័សុល បាឡឺដ

នោះ​យើង​គួរតែ​ចងចាំ​តម្លៃ​ដែល​យ៉ូសែប និង​ហៃរុម ស្ម៊ីធ បានលះបង់ ព្រម​ជាមួយ​បុរស ស្រ្តី និង​កុមារ​ដែល​ស្មោះត្រង់​ជាច្រើន​ដទៃទៀត ដើម្បី​កសាង​សាសនាចក្រ​នេះ ដើម្បី​អ្នក​និង​ខ្ញុំ​អាច​រីករាយ​នូវពរជ័យ​ជាច្រើន ហើយ​អ្វីៗ​ទាំងអស់​នេះ​បាន​បើក​សម្តែង​សេចក្តីពិត​ដែល​យើង​មាន​សព្វថ្ងៃនេះ ។ ភាពស្មោះត្រង់​របស់​ពួកលោក​មិនគួរ​បំភ្លេច​ចោល​ឡើយ ! ( អិម រ័សុល បាឡឺដ « Shall We Not Go On in So Great a Cause? » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ១១ )

  • ប្រសិន​បើ​នរណា​ម្នាក់​ចង់​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ដែល​ព្រះអម្ចាស់​ប្រទានពរ​ដល់​ពួកគេ​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ តើ​អ្នក​នឹង​ផ្តល់​អនុសាសន៍​អ្វី​ខ្លះ​ដល់​ពួកគេ ?

ការទន្ទេញ

អ្នក​អាច​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នៃ គោលលទ្ធិ ⁠និង​សេចក្ដី​សញ្ញា ១៣៥:៣ ហើយ​រំឭក​វា​ឡើងវិញ​នៅក្នុង​មេរៀន​ក្រោយៗ ។ ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់​វគ្គបទគម្ពីរ​នេះ​គឺ « យ៉ូសែប ស្ម៊ីធ បាន​នាំ​មក​នូវ​ព្រះគម្ពីរ​មរមន​ដែល​លោក​បាន​បក​ប្រែ​ដោយ​អំណោយ​ទាន និង​អំណាច​នៃ​ព្រះ » ។ គំនិត​សម្រាប់​សកម្មភាព​ទន្ទេញ​មាន​នៅក្នុង​ឯកសារ​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។