ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៥០—អ្នក​ត្រួសត្រាយ​ផ្លូវ​នៅ​គ្រប់​ទិសទី ៖ ការរៀបចំ​ផ្លូវ​សម្រាប់​អ្នកដទៃ


« មេរៀន​ទី ១៥០—អ្នក​ត្រួសត្រាយ​ផ្លូវ​នៅ​គ្រប់​ទិសទី ៖ ការរៀបចំ​ផ្លូវ​សម្រាប់​អ្នកដទៃ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« អ្នក​ត្រួសត្រាយ​ផ្លូវ​នៅ​គ្រប់​ទិសទី » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៥០ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៥–១៣៦

ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​នៅ​គ្រប់​ដែនដី

ការ​រៀបចំ​ផ្លូវ​សម្រាប់​អ្នក​ដទៃ

ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​អូស​រទេះ​ដៃ

ចេញពីឆ្នាំ ១៨៤៧ ដល់ឆ្នាំ ១៨៦៨ ពួក​អ្នក​ត្រួសត្រាយ​រាប់​ពាន់​នាក់​បាន​បង្ហាញ​សេចក្ដី​ជំនឿ​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នៅ​ពេល​ដែល​ពួកគេ​បាន​ធ្វើ​ដំណើរ​ដោយ​រទេះ​កង់​បួន​ដែល​មាន​ដំបូល ឬ​រទេះ​អូស​ដៃ​ដើម្បី​ជួបជុំ​ជាមួយ​ពួក​បរិសុទ្ធ​នៅ​ក្នុង​ជ្រលង​ភ្នំ សលត៍ លេក ។ សព្វ​ថ្ងៃ​នេះ​អ្នក​ត្រួសត្រាយ​មក​ពី​ជុំវិញ​ពិភព​លោក​នៅ​តែ​បង្ហាញ​សេចក្ដី​ជំនឿ​ដ៏​អស្ចារ្យ នៅ​ពេល​ដែល​ពួកគេ​ជួបជុំ​គ្នា​ជាមួយ​ពួក​បរិសុទ្ធ​នៅ​កន្លែង​ណា​ដែល​ពួកគេ​រស់​នៅ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ចង់​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​តាមរយៈ​ការរៀបចំ​ផ្លូវ​ឲ្យ​អ្នក​ដទៃ​ធ្វើ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ពួក​អ្នកត្រួសត្រាយ

ចំណាំ ៖ វា​អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ស្វែងរក​គំរូ​នៃ​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​នៅ​ក្នុង​ស្តេក វួដ ឬ​ប្រទេស​របស់​អ្នក ហើយ​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​ដំណើររឿង​របស់​ពួកគេ ជា​ផ្នែក​មួយ​នៃ​មេរៀន​នេះ ។ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន អ្នក​អាច​អញ្ជើញ​ពួកគាត់​ឲ្យ​មក​ចូលរួម​ក្នុង​ថ្នាក់ ហើយ​បង្ហាញ​បទពិសោធន៍​របស់​ពួកគាត់ ។

សូម​ពិចារណា​បង្ហាញ​សកម្មភាព​ខាង​ក្រោម​នេះ​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​និយមន័យ​នៃ​អ្នក​ត្រួសត្រាយ​ផ្លូវ ។ បន្ទាប់មក​សិស្ស​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ​ជាមួយ​ថ្នាក់​ទាំងមូល ឬ​ជា​មួយ​ក្រុម​តូចៗ ។ អ្នក​អាច​សម្រប​សកម្មភាព​នេះ​ដើម្បី​ដាក់​បញ្ចូល​អ្នក​ត្រួសត្រាយ​ផ្លូវ​ណា​ដែល​ជីវិត​របស់​ពួកគេ​បានជះ​ឥទ្ធិពល​លើ​មនុស្ស​នៅ​ក្នុង​តំបន់​របស់​អ្នក ។

សូម​ផ្គូផ្គង​បុគ្គល​ទាំងនោះ​ជាមួយ​ការសម្រេច​បាន​របស់​ពួកគេ ។

បុគ្គល

ការសម្រេចបាន

បុគ្គល

១. ចន ហ្គូធិនប៊ើគ

ការសម្រេចបាន

ក. ប្រធាន​សមាគម​សង្គ្រោះ​ដំបូង​នៅ​ប្រទេស តៃវ៉ាន់

បុគ្គល

២. អេលីហ្សាប៊ែត ជេកសាន់

ការសម្រេចបាន

ខ. ស្ត្រី​ដំបូង​គេ​ដែល​ឈ្នះ​ពាន​រង្វាន់​ណូបែល ផ្នែក​ស្រាវជ្រាវ​វិទ្យុ​សកម្ម​ដែល​នាង​បាន​ស្រាវជ្រាវ​រកឃើញ

បុគ្គល

៣. ឈិន លីន ស៊ូលៀង

ការសម្រេចបាន

គ. បាន​បង្កើត​ម៉ាស៊ីន​បោះពុម្ព

បុគ្គល

៤. អេឌមីន ហៀលឡារី និង​ធែនហ្សីង ណូហ្គេ

ការសម្រេចបាន

ឃ. មនុស្ស​ដំបូងគេ​ដែល​ឡើង​ទៅ​លើ​កំពូល​ភ្នំ​អេវើរ៉េស

បុគ្គល

៥. ម៉ារី ឃ្ឃូរី

ការសម្រេចបាន

ង. បាន​ធ្វើ​ដំណើរ​ដោយ​រទេះ​អូស​ដៃ​ទៅកាន់​ជ្រលង​ភ្នំ សលត៍ លេក

នៅពេល​សិស្ស​បាន​បញ្ចប់​ការទស្សទាយ​ហើយ សូម​ផ្ដល់​ចម្លើយ​ត្រឹមត្រូវ ( ១-គ, ២-ង, ៣-ក, ៤-ឃ, ៥-ខ ) ។

  • តើ​បុគ្គល​ទាំង​នេះ​មាន​ចំណុច​ដូច​គ្នា​ត្រង់ណា​ខ្លះ ?

    សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​ទាំងនេះ​ដែល​មនុស្ស​ទាំង​នេះ​មាន​ដូច​គ្នា​នោះ​គឺ ពួកគេ​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ ។ អ្នក​ត្រួសត្រាយ​ផ្លូវ​អាច​ឲ្យ​និយមន័យ​ថា ជា​មនុស្ស​ម្នាក់​ដែល​ទៅ​មុន ហើយ​រៀបចំ​ផ្លូវ​សម្រាប់​អ្នក​ដទៃ​ដើម្បី​ធ្វើ​តាម ។ អ្នក​ក៏​អាច​មើល « I Am a Pioneer » ( ១:១៦ ) មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

    2:3
  • តើ​ការសម្រេចបាន​របស់​អ្នក​ត្រួសត្រាយ​ផ្លូវ​ទាំង​នេះ​បាន​រៀបចំ​ផ្លូវ​មួយ​សម្រាប់​អ្នក​ដទៃ​ដើម្បី​ធ្វើ​តាម​យ៉ាង​ដូចម្ដេច ?

គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​អំពីគំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដូច​ខាងក្រោម ៖

ប្រធាន អិម រ័សុល បាឡឺដ

ព្រះសង្រ្គោះ​របស់​យើង ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អ្នក​ត្រួសត្រាយ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​ការរៀបចំ​ផ្លូវ ។ ប្រាកដ​ណាស់ ទ្រង់ ជា « ផ្លូវ » សម្រាប់​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ឲ្យ​សម្រេច​បាន ដើម្បី​យើង​អាច​ប្រែចិត្ដ​បាន ហើយ​ត្រឡប់​ទៅ​ព្រះវរបិតាសួគ៌​របស់​យើង​វិញ តាមរយៈ​សេចក្តី​ជំនឿ​លើ​ទ្រង់ ។ … ( អិម រ័សុល បាឡឺដ « ចូរដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ជំហាន​នៃ​សេចក្តី​ជំនឿ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៣៥ )

ដើម្បី​ជួយ​សិស្ស​វិភាគ​សេចក្ដី​ថ្លែងការណ៍​នេះ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​បទគម្ពីរ​ដែល​បង្ហាញ​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ ។ ប្រសិន​បើ​ពួកគេ​ត្រូវការ​ជំនួយ នោះ​អ្នក​អាច​ផ្តល់​វគ្គបទគម្ពីរ​ដូច​ខាង​ក្រោម ឬ​វគ្គបទគម្ពីរ​ផ្សេង​ទៀត​ដែល​អ្នក​ជ្រើសរើស ។

សូម​អាន​ខគម្ពីរ​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ ៖ យ៉ូហាន ១៣:១៥; ១៤:២–៦; នីហ្វៃទី២ ៣១:៥–១២ និង ម៉ូសាយ ១៦:៧ ។ រកមើល​របៀប​ដែល​អាច​ចាត់ទុក​ព្រះយេស៊ូវ​គ្រីស្ទ ជា​អ្នកត្រួសត្រាយ​ផ្លូវ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

  • តើ​ទង្វើ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​អ្នក ជា​ពរជ័យ​ក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀបណា ?

    សូម​ពន្យល់​សិស្ស​ថា មាន​របៀប​ជា​ច្រើន​ដែល​ព្រះអង្គ​សង្គ្រោះ គឺជា​អ្នក​ត្រួសត្រាយ​ផ្លូវ ដែល​អាច​ធ្វើ​ទៅ​បាន តែ​តាមរយៈ​ទ្រង់​ប៉ុណ្ណោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​មាន​វិធី​មួយ​ចំនួន​ដែល​យើង​អាច​ធ្វើ​តាម « ដំរាប់ … [ ហើយ ] ត្រាប់តាម​ការ​ដែល [ ទ្រង់​បាន ] ធ្វើ​ឲ្យ​នោះ » ( យ៉ូហាន ១៣:១៥ ) ដើម្បី​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​សម្រាប់​មនុស្ស​ដទៃ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ដូច​ខាង​ក្រោម​នេះ ជា​ចំណងជើង​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការ​សិក្សា​របស់​ពួក​គេ​ថា ៖ « ដូច​ជា​ព្រះអង្គ​សង្រ្គោះ​ដែរ ខ្ញុំ​អាច​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​តាមរយៈ​ការបង្ហាញ​ផ្លូវ​ដល់​អ្នក​ដទៃ​ឲ្យ​ដើរ​តាម​ដោយ​ស្មោះត្រង់ » ។

    សូម​ពិចារណា​បង្ហាញ​សំណួរ​ដូច​ខាង​ក្រោម​នេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយតប​ទៅ​នឹង​សំណួរ​ទាំងនោះ​នៅ​ក្រោម​ចំណងជើង​ខាង​លើ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ៖

  • តើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​កំពុង​ទុក​គំរូ​មួយ​ដែល​អ្នក​ចង់​ឲ្យ​អ្នក​ដទៃ​ធ្វើ​តាម​ដែរ​ឬ​ទេ ?

  • តើ​អ្វីដែល​ធ្វើ​ឲ្យ​អ្នក​រំភើប​ចិត្ត​ពេល​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ ? តើ​អ្វី​ធ្វើ​ឲ្យ​អ្នក​ភ័យ​ខ្លាច ?

  • តើ​អ្នក​មាន​អារម្មណ៍​ថា ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ្នក​ដទៃ​ដោយ​របៀបណា ?

នៅពេញ​មេរៀន​ដែល​នៅ​សល់​នេះ សូម​អញ្ជើញ​យាង​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​បង្កើន​បំណង​ប្រាថ្នា​របស់​អ្នក ដើម្បី​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ដូចជា​ព្រះគ្រីស្ទ​សម្រាប់​ឲ្យ​អ្នក​ដទៃ​ធ្វើ​តាម ។

រទេះ​អូស​ដៃ​របស់​អ្នក​ត្រួសត្រាយ​ផ្លូវ

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ចងចាំ​ពី​ការរៀន​អំពី​ការធ្វើ​ដំណើរ​ជា​ក្រុម​ដោយ​រទេះ​ទៅ​ទិស​ខាង​លិច និង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៦ ។ សូម​ពិចារណា​ពិនិត្យ​មើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៦:៦–៧ ដើម្បី​បង្ហាញ​អំពី​វិធី​មួយ​ដែល​ពួក​បរិសុទ្ធ​ដំបូង​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​លិច​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ ។

សូម​ពិចារណា​បង្ហាញ​រូបភាព​រទេះ​អូស​ដៃ ហើយ​សង្ខេប​ព័ត៌មាន​ខាងក្រោម​នេះ ។

រទេះ​អូស​ដៃ

បន្ទាប់​ពី​ក្រុម​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង​សលត៍​លេក​នៅ​ក្នុង​រទេះ​កង់​បួន​ដែល​មាន​ដំបូល ជា​ទូទៅ​ក្របី​ជា​អ្នក​អូស ព្រិកហាំ យ៉ង់ បាន​លើក​ទឹក​ចិត្ត​ពួក​បរិសុទ្ធ​ឲ្យ​ប្រើ​រទេះ​អូស​ដៃ​វិញ ។ អ្នក​ត្រួសត្រាយ​ផ្លូវ​បាន​អូស​រទេះ​ដៃ​ដោយ​ខ្លួន​ឯង​ដែល​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​កាន់​តែ​មាន​តម្លៃ​ថោក និង​លឿន​ជាង​មុន ។ មាន​តែ ១០ ក្រុម​ក្នុង​ចំណោម​ក្រុម​ធ្វើ​ចំណាក​ស្រុក​ជាង ៣៥០ ក្រុម​ដែល​ធ្វើ​ដំណើរ​ដោយ​រទេះ​អូស​ដៃ ។ ទោះបី​ជា​ក្រុម​រទេះ​អូស​ដៃ​ភាគ​ច្រើន​បាន​ធ្វើ​ដំណើរ​ដោយ​គ្មាន​បញ្ហា​ធំដុំ​ក៏​ដោយ ក៏​ព្យុះ​នៅ​រដូវ​រងារ​នា​ឆ្នាំ ១៨៥៦ បាន​បណ្តាល​ឲ្យ​ក្រុម​វីលី និង​ម៉ាទិន​ជាប់​គាំង​តាម​ផ្លូវ​ដែរ ។ មនុស្ស​ជា​ច្រើន​បាន​បាត់​បង់​ជីវិត​ដោយសារ​ការស្រែកឃ្លាន និង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​ពេក ។ កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​ដែល​ធ្វើ​ឡើង​ដោយ​សមាជិក​សាសនាចក្រ​នៅ​រដ្ឋ​យូថាហ៍​បាន​ផ្ដល់​សម្ភារ​ដែល​ចាំបាច់ និង​បាន​ជួយ​ដល់​អ្នក​ធ្វើ​ដំណើរ​ជោគជ័យ​ក្នុង​ការធ្វើដំណើរ​របស់ពួកគេ ដោយ​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស​ជាង ១,២០០ នាក់ ( សូមមើល​ប្រធានបទ​ប្រវត្តិ​សាសនាចក្រ « Handcart Companies » នៅលើ​គេហទំព័រ ChurchofJesusChrist.org/study/history/topics ) ។

សូម​ពិចារណា​ចែកចាយ​រឿង ឬ​ទីបន្ទាល់​មកពី​អ្នក​ត្រួសត្រាយ​ផ្លូវ​ដែល​អូស​រទេះ​ដៃ​ដូច​ខាង​ក្រោម​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​របៀប​ដែល​ពួកគេ​អាច​ធ្វើ​តាម​គំរូ​របស់​អ្នក​ត្រួសត្រាយ​ផ្លូវ​ចំពោះ​ជីវិត​របស់​ពួកគេ ។

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ផ្ដល់​ឧទាហរណ៍​ដូច​ខាងក្រោម ៖

2:3
អែលឌើរ ឃ្វីនថិន អិល ឃុក

ខ្ញុំ​មាន​ចិត្ត​រំភើប​ពី​ដំណើរ​រឿង​របស់ អេលីស្សាប៊ែត ជេកសុន ដែល​ស្វាមី​របស់​គាត់​អារ៉ុន បាន​ស្លាប់​ក្រោយពី​ឆ្លងកាត់​ទន្លេ ផ្លាត ចុងក្រោយ​ជាមួយ​ក្រុម​រទេះ​អូស​ដៃ​របស់​ម៉ាទិន ។ នាង​បាន​សរសេរ​ថា ៖

« ខ្ញុំ​នឹង​មិន​ព្យាយាម​ពិពណ៌នា​ពី​អារម្មណ៍​របស់​ខ្ញុំ កាល​ខ្លួន​ឯង​ក្លាយ​ជា​ស្ត្រី​មេម៉ាយ​ម្នាក់ ដែល​មាន​កូន​បី​នាក់​ស្ថិត​នៅ​ក្រោម​កាលៈទេសៈ​ដ៏​ឃោរឃៅ​បែប​នេះ​ទេ ។ … ខ្ញុំ​ជឿ … ថា​ទុក្ខលំបាក​របស់​ខ្ញុំ​សម្រាប់​ជា​ប្រយោជន៍​នៃ​ដំណឹងល្អ​របស់​ព្រះ​នឹង​ត្រូវ​បាន​ធ្វើ​បរិសុទ្ធ​ចំពោះ​ខ្ញុំ​ដើម្បី​ជា​សេចក្តីល្អ​ដល់​ខ្ញុំ ។ …

« ខ្ញុំ [ បាន​អំពាវនាវ ] ទៅ​កាន់​ព្រះអម្ចាស់ … ដែល​ទ្រង់​បាន​សន្យាថា​នឹង​ធ្វើជា​ស្វាមី​ដល់​ស្រ្តី​មេម៉ាយ និង​ធ្វើ​ជា​ឪពុក​ដល់​កូន​ដែល​គ្មាន​ឪពុក ។ ខ្ញុំ​បាន​អំពាវនាវ​ដល់​ទ្រង់ ហើយ​ទ្រង់​បាន​មក​ជួយ​ខ្ញុំ » ។

អេលីហ្សាប៊ែត​បាន​និយាយ​ថា នាង​បាន​សរសេរ​ប្រវត្តិ​ជំនួស​ឲ្យ​អស់​អ្នក​ដែល​បាន​ឆ្លង​កាត់​ស្ថានភាព​ដូចគ្នា​នេះ​ដោយសង្ឃឹម​ថា កូនចៅ​ជំនាន់​ក្រោយ​នឹង​សុខចិត្ត​រងទុក្ខ និង​លះបង់​អ្វីៗ​ទាំងអស់​ដើម្បី​នគរ​ព្រះ ។ ( ឃ្វីនថិន អិល ឃុក « LDS Women Are Incredible! » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ១៨ )

  • តើ​អេលីហ្សាប៊ែត បាន​ថ្លែង​ទីបន្ទាល់​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់ ?

  • តើ​គាត់​សង្ឃឹម​ថា​អ្នក​ដទៃ​នឹង​រៀន​អ្វីខ្លះ​ចេញពី​គំរូ​របស់​គាត់ ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ ឬ​បទគម្ពីរ​ផ្សេង​ទៀត​ដែល​បង្ហាញ​អំពី​របៀប​ដែល​អេលីហ្សាប៊ែត​អាច​ទទួល​បាន​កម្លាំង​មកពី​ព្រះអង្គ​សង្រ្គោះ ។ ឧទាហរណ៍​ខ្លះ​អាច​ជា ម៉ាថាយ ១១:២៨–៣០; អាលម៉ា ៧:១១–១៣ ឬ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦:៣៦ ។

សូម​សួរ​អំពី​របៀប​ដែល​បទគម្ពីរ​ទាំងនេះ​អាច​ជួយ​យើង​ឲ្យ​មាន​បំណង​ប្រាថ្នា​ដើម្បី​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ្នក​ដទៃ ។

គំរូ​របស់​អ្នក​ត្រួសត្រាយ​ផ្លូវ

សូម​ពន្យល់​ថា ពួក​បរិសុទ្ធ​លែង​ត្រូវ​បាន​សុំ​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​នៅ​ជ្រលង​ភ្នំ សលត៍ លេក​ទៀត​ហើយ ។ ពួកគេ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ដោយ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ស្តេក​នៃ​ស៊ីយ៉ូន​នៅ​កន្លែង​ណា​ដែល​ពួកគេ​រស់នៅ និង​ការរៀប​ចំ​ផ្លូវ​ឲ្យ​អ្នក​ដទៃ​ធ្វើ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ​វិញ ។ គំរូ​នៃ​អ្នក​ត្រួសត្រាយ​ផ្លូវ​នៅ​ទូទាំង​ពិភព​លោក​អាច​ជួយ​យើង​ឲ្យ​ធ្វើ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​នៅ​កន្លែង​ណា​ដែល​យើង​រស់នៅ ។

រូបតំណាង​សំណៅ​ចែកចំពោះ​សកម្មភាព​ខាង​ក្រោម​នេះ សូម​ចែក​សំណៅ​ចែក « អ្នក​ត្រួសត្រាយ​ផ្លូវ​នៅ​ជុំវិញ​ពិភពលោក » ដែល​មាន​រឿង​ដែល​បាន​សម្រប​សម្រួល​មកពី Global Histories ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

ជា​ជម្រើស អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​អាន​ដំណើរ​រឿង​របស់​បុព្វការីជន​របស់​ពួកគេ​នៅលើ​គេហទំព័រ FamilySearch.org ឬ គិតពិចារណា​អំពី​អស់អ្នក​ដែល​ពួកគេ​បានស្វែងរក ប្រសិនបើ​ពួកគេ​បាន​ធ្វើ​សកម្មភាព​នៃ​ការរៀបចំ​របស់​សិស្ស​ចប់​រួចរាល់ ។ ពួក​គេ​ក៏​អាច​អាន​អំពី​អ្នក​ត្រួសត្រាយ​ផ្លូវ​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ដែល​មាន​នៅ​ក្នុង Global Histories នៅ​ក្នុង​ផ្នែក​ប្រវត្តិសាស្ត្រ​សាសនាចក្រ​នៃ​បណ្ណាល័យ​ដំណឹង​ល្អ ។

សូម​បញ្ចប់​សកម្មភាព​ខាងក្រោម​នេះ​ដោយ​ស្វែងរក​របៀប​ដែល​គំរូ​របស់​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​នៅ​ទូទាំង​ពិភពលោក អាច​ជួយ​អ្នក​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ ។

  1. សូម​អាន​ដំណើររឿង​របស់​អ្នកត្រួសត្រាយ​ផ្លុវ​ម្នាក់ ឬ​ច្រើន​នាក់ ។

  2. ស្វែងរក​របៀប​ដែល​ពួកគេ​ធ្វើជា​អ្នកត្រួសត្រាយ​ផ្លូវ ។

  3. សូម​រកមើល​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ជួយ​ដល់​ពួកគេ ។

  4. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​អំពី​គំរូ​ដូចជា​ព្រះគ្រីស្ទ​របស់​ពួកគេ​អាច​បំផុស​គំនិត​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ផ្លុវ​សម្រាប់​មនុស្ស​ដទៃ ។

ពួក​អ្នក​ត្រួសត្រាយ​ផ្លុវ​នៅ​ជុំវិញ​ពិភពលោក

អាមេរិក សាម័រ

« ព្រះ​ទ្រង់​មាន​បន្ទូល​ថា មែនហើយ »

លេវ៉ា អាយ៉ា លេវ៉ាអូ រស់នៅ​ដោយ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ។ នៅ​ឆ្នាំ ២០១៥ គាត់បាន​មាន​ដុំ​ខ្ទុះ​នៅ​លើ​ភ្នែក​របស់​គាត់ ។ ដុំ​ខ្ទុះ​នោះ​បាន​ជា​សះស្បើយ​បន្ទាប់ពី​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ផ្តល់​ពរជ័យ​បព្វជិតភាព​ឲ្យ​គាត់ ។ ពួកគេ​បាន​ចាប់​ផ្ដើម​អាន​ព្រះគម្ពីរ​មរមន​ជាមួយ​គាត់ ។

មនុស្ស​មួយ​ចំនួន​រស់នៅ​សហគមន៍​តូចៗ​នៅលើ​កោះ​នេះ​មិន​សប្បាយ​ចិត្ត​ដែល​ឃើញ លេវ៉ាអូ គិតចង់​ចូល​សាសនា​ថ្មី​ឡើយ ។ ពួកគេ​បាន​សើច​ចំអក​ចំពោះ​ការខិតខំ​របស់​គាត់ ហើយ​បាន​ធ្វើ​ឲ្យ​គាត់​អាក់អន់​ចិត្ត ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​គាត់​នៅ​តែ​រឹងមាំ ហើយមិន​យូរ​ប៉ុន្មាន​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក​ដែរ ។ ស្វាមី​របស់​គាត់​លោក ទុអ៊ី និង​កូន​បី​នាក់​របស់​គាត់​មិន​យូរ​ប៉ុន្មាន​បាន​ធ្វើ​តាម​សេចក្តីជំនឿ​របស់​គាត់ ចូល​ជា​សាមាជិក​សាសនាចក្រ ហើយ​ក្រោយ​មក​លេវ៉ាអូ​បាន​បម្រើ​ជា​ប្រធាន​សមាគម​សង្គ្រោះ​នៅ​សាខា​របស់​គាត់ ។ អ្នកដទៃ​បាន​ទទួល​ឥទ្ធិពល​ពី​គំរូ​នៃ​ការលះបង់​របស់​គាត់ បាន​ហៅ​គាត់​ថា​ជា​បេះដូង​នៃ​សាសនាចក្រ​នៅលើ​កោះ អូឡូសេហ្គា ។

កូរ៉េ​ខាង​ត្បូង

« ខ្ញុំ​នឹង​មិន​ត្រជាក់​ទៀត​ឡើយ » ។

ឆោយ ឌឹង សូល គឺ​ជា​គ្រូ​គង្វាល​នៅ​ព្រះ​វិហារ ប្រេសប៊ីធើរៀន ដែល​គិតថា​គាត់​មាន​ការទទួល​ខុសត្រូវ​ដើម្បី​ការពារ​សមាជិក​ក្រុម​ជំនុំ​របស់​គាត់​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​បាន​ចាប់​ផ្តើម​ជួប​ជាមួយ​ពួកអ្នក​ផ្សព្វ​ផ្សាយ​សាសនា និង​ស្វែងរក​ភាពច្បាស់លាស់​ចំពោះ​បញ្ហា​គោលលទ្ធី​ដែល​ធ្វើ​ឲ្យ​គាត់​មាន​បញ្ហា ។ គាត់​បាន​ដឹង​ថា ជំនឿ​ថ្មី​របស់​គាត់​នឹង​តម្រូវ​ឲ្យ​មាន​ការផ្លាស់ប្តូរ​អាជីព និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនាក់ទំនង​របស់​គាត់​ជាមួយ​ឪពុក​របស់​គាត់ ដែល​ជា​ប្រធាន​ព្រះ​វិហារ ប្រេសប៊ីធើរៀន នៅ​ប្រទេស​កូរ៉េ នៅ​ពេល​នោះ​ផងដែរ ។

ឌឹង សូល ជ្រើស​រើស​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​នៅ​ទន្លេ​ហាន ។ គាត់​បាន​ពន្យល់​ថា « ខ្ញុំ​ចង់​ឲ្យ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ​មាន​បទ​ពិសោធន៍​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ឲ្យ​អស់​ពី​លទ្ធភាព​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន ។ នៅ​ព្រឹក​ថ្ងៃ​ទី ៥ ខែ កញ្ញា ឆ្នាំ ១៩៨១ ដែល​ពោរពេញ​ដោយ​អ័ព្ទ នោះ​ទឹក​ទន្លេ​ហាន មាន​ភាព​ត្រជាក់ ប៉ុន្តែ​នៅពេល​លោក​ឡើង​ចេញ​ពី​ទឹក​វិញ លោក​ឌឹង សូល បាន​រៀបរាប់​ពី​ភាព​កក់​ក្តៅដែល​មាន​នៅ​ខាងក្នុង​ចិត្ត​របស់​គាត់​ទៅ​វិញ ។ គាត់​បាន​ថ្លែង​ថា « ឥឡូវ​នេះ​ខ្ញុំ​ជា​សមាជិក​នៃ​សាសនាចក្រ​ពិត​របស់​ព្រះ​ហើយ » ។ « ខ្ញុំ​នឹង​មិន​ត្រជាក់​ទៀត​ឡើយ » ។ ពីរ​សប្តាហ៍​ក្រោយមក​ភរិយា និង​កូនប្រុស​ពីរនាក់​របស់​គាត់​ក៏បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ផងដែរ—លើក​នេះ​នៅក្នុង​សាលាប្រជុំ​ដ៏កក់ក្តៅ​មួយ ។ ការ​ចូល​រួម​ក្នុង​សាសនាចក្រ​មិន​បាន​ធ្វើ​ឲ្យ​ជីវិត​ងាយ​ស្រួល​សម្រាប់ ឌឹង សូល និង​គ្រួសារ​របស់​គាត់​ទេ ប៉ុន្តែ​វា​បាន​ធ្វើ​ឲ្យ​ពរជ័យ​ថ្មី​អាច​មាន​ទៅ​បាន ។ ឌឹង សូល បាន​និយាយ​ថា « ការបៀតបៀន និង​ទុក្ខវេទនា … បន្ទាប់​ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ​គឺ​ហួស​ពី​សមត្ថភាព​ឲ្យ​ខ្ញុំ​ប្រាប់​បាន » ។ « យើង​បាន​បាត់​បង់​ច្រើន​ក្នុង​ដំណើរ​ការ [ នៃ​ការ​ចូល​រួម​ក្នុង​សាសនាចក្រ ] ប៉ុន្តែ​យើង​បាន​ទទួល​បាន​ច្រើន​ជាង​អ្វី​ដែល​យើង​ធ្លាប់​ស្រមៃ​ឃើញ​ទៅទៀត » ។

កូត ឌីវ័រ

« ទ្វារ​នៃ​ជីវិត និង​សុភមង្គល »

លីឌី ហ្សេបូ បាហ៊ីអេ គឺ​ជា​កូន​ពៅ​ក្នុង​គ្រួសារ​នាង​ដែល​រស់​នៅ​ក្នុង​ផ្ទះ​នៅ​ពេល​ឪពុក​ម្តាយ​របស់​នាង​ទាំង​ពីរ​នាក់​បាន​ស្លាប់​ទៅ ។ ការ​បាត់​បង់​នេះ​បាន​នាំ​ឲ្យ​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ដ​យ៉ាង​ធ្ងន់ធ្ងរ ។ ក្មួយ​ប្រុស​របស់​នាង ហ្វេត ណាដេច បាន​ណែនាំ​នាង​ឲ្យ​ស្គាល់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

នៅពេល​នាង​ទៅ​ព្រះវិហារ​ជា​លើក​ដំបូង លីឌី មាន​អារម្មណ៍​ថា​ទទួល​បាន​នូវ​ក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​មកពី​បងប្អូន​ស្រី​នៃ​អង្គការ​សមាគម​សង្រ្គោះ និង​យុវនារី ។ ទោះបី​ជា​នាង​ឈប់​អាន​អំឡុង​ពេល​នាង​ធ្លាក់​ទឹក​ចិត្ត​ក៏​ដោយ ក៏​នាង​បាន​ឃើញ​ថា ខ្លួន​នាង​អាច​ផ្តោត​អារម្មណ៍​ម្តង​ទៀត​នៅ​ពេល​ដែល​នាង​បាន​សិក្សា​អំពី​ព្រះ​គម្ពីរ​មរមន ។ នាង​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក​នៅ ថ្ងៃ​ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​នាង នោះ​នាង​បាន​ទទួល​ឱកាស​ដើម្បី​តមស្នង​សេចក្ដី​ស្រឡាញ់​ដែល​នាងបានទទួល​តាមរយៈ​ការបម្រើ​នៅ​ក្នុង​អង្គការ​សមាគម​សង្គ្រោះ និង យុវនារី ។ នាង​ក៏​បាន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​សាខា ដោយ​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​ទទួល​បាន​មិត្តភាព និង​ភាព​សុខសាន្ត​ដូច​​ដែល​នាង​បានទទួល​នា​ពេល​ថ្មី​ៗ​នេះ​ផងដែរ ។ លីឌី​បាន​និយាយ​ថា « ការ​ហៅ​ទាំង​អស់​នេះ​បាន​ពង្រឹង​ខ្ញុំ និង​បាន​ជួយ​ខ្ញុំ​ឲ្យ​រីក​ចម្រើន​ទាំង​ខាង​វិញ្ញាណ និង​ខាង​ផ្លូវ​ចិត្ត » ។

លីឌី​បាន​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ស្រី​ដំបូង​គេ ដែល​បម្រើ​នៅ​បេសកកម្ម គីនស្សាសា នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ កុងហ្គោ ។

នៅពេល​សិស្ស​បាន​សិក្សា​រួចរាល់​ហើយ សូម​ឲ្យ​ពួកគេ​មាន​ឱកាស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ឬ​បាន​សិក្សា​នៅ​ថ្ងៃ​នេះ​ដែល​ជួយ​បង្កើន​បំណង​ប្រាថ្នា​របស់​ពួកគេ​ដើម្បី​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ ។ ពួកគេ​ក៏​អាច​សរសេរ​អំពី​របៀប​ដែល​ពួកគេ​អាច​ចង់​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ផ្លុវ​សម្រាប់​អ្នក​ដទៃ និង​សរសេរ​ពី​មូលហេតុ​ផងដែរ ។