ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៥១—គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៧ ៖ អស់​អ្នក​ដែល​នឹង​គ្រង​នគរ​សេឡេស្ទាល


« មេរៀន​ទី ១៥១—គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៧ ៖ អស់​អ្នក​ដែល​នឹង​គ្រង​នគរ​សេឡេស្ទាល សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៧ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៥១ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣៧–១៣៨

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៧

អស់​អ្នក​ដែល​នឹង​គ្រង​នគរ​សេឡេស្ទាល

នគរ​សេឡេស្ទាល

នៅក្នុង​ខែមករា ឆ្នាំ១៨៣៦ ខណៈពេល​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ដែល​មិន​ទាន់​បាន​សាងសង់​រួច ព្យាការី យ៉ូសែប ស្ម៊ីធ បានឃើញ​ការនិមិត្ត​អំពី​នគរ​សេឡេស្ទាល ។ នៅក្នុង​ការនិមិត្ត​នេះ ដែល​ឥឡូវ​នេះ​គឺជា គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៧ ព្រះអង្គ​សង្គ្រោះ​បានបើក​សម្តែង​សេចក្តីពិត​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​បង្កើន​ការដឹងគុណ​របស់​ពួកគេ​ចំពោះ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់

ដំណើររឿង​គឺជា​វិធី​មួយ​ដើម្បី​ទាក់ទាញ​សិស្ស​ឲ្យ​ចូលរួម​ក្នុង​បទពិសោធន៍​ការរៀនសូត្រ ។ ពិចារណា​អាន ឬ​សង្ខេប​កថាខណ្ឌ​ខាងក្រោម ។ អ្នក​ក៏​អាច​មើល​វីដេអូ « Joseph Smith: The Prophet of the Restoration » ដែល​មាន​នៅលើ ChurchofJesusChrist.org ចាប់ពី​នាទី​ទី ២:០៥ ដល់ ៤:២១ ឬ​នាទី​ទី ១១:៥៧ ដល់ ១៥:២២ ឬ​ទាំងពីរ ។

62:4
62:4

នៅឆ្នាំ១៨៣២ ការស្លាប់​ភ្លាមៗ​របស់ អាលវិន ដែល​ជា​កូនប្រុស​ច្បង​បាន​ធ្វើ​ឲ្យ​គ្រួសារ ស្ម៊ីធ ស្លុត​ចិត្ត​ជាខ្លាំង ។ គ្រួសារ​នេះ​បាន​សុំ​ឲ្យ​គ្រូគង្វាល​ក្នុង​មូលដ្ឋាន​ធ្វើ​ពិធី​បុណ្យសព​សម្រាប់ អាលវិន ។ ដោយសារ អាលវិន មិនមែន​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​របស់​គ្រូ​គង្វាល​នោះ លោក​អាចារ្យ​នោះ​បាន​ពោល​អះអាង​ថា អាលវិន មិន​អាច​បានសង្គ្រោះ​ឡើយ ។ ក្រោយ​មក វិល្លាម ដែល​ជា​បងប្រុស​របស់​យ៉ូសែប​បាន​ថ្លែង​ថា « [ គ្រូ​គង្វាល​រូប​នោះ ] … បាន​ប្រកាស​យ៉ាង​ម៉ឺងម៉ាត់ថា [ អាលវិន ] បាន​ទៅ​ស្ថាន​នរក​ហើយ ដោយសារ​គាត់​មិនមែន​ជា​សមាជិក​ព្រះវិហារ » ( នៅក្នុង Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ២០០៧ ] ទំព័រ ៤០១–៤០៣ ) ។ ពេញមួយ​ជីវិត​របស់​លោក យ៉ូសែប​បាន​ជួបប្រទះ​នូវ​ការបាត់​បង់​ដ៏​ច្រើន​ជាមួយ​​អិមម៉ា ជា​ភរិយា​របស់​លោក ខណៈ​ដែល​ពួកលោក​បាន​កប់​កូន​តូចៗ​បួននាក់​ក្នុង​ចំណោម​កូន​ទាំង​ប្រាំមួយ​នាក់​របស់​ពួកលោក ។

  • តើ យ៉ូសែប ស្ម៊ីធ និង​គ្រួសារ​របស់​លោក​អាច​មាន​សំណួរ​អ្វីខ្លះ​អំពី​ការស្លាប់​របស់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកលោក ?

ការនិមិត្ត​អំពី​នគរ​សេឡេស្ទាល

នៅ​ខែ​មករា ឆ្នាំ១៨៣៦ យ៉ូសែប​បាន​ធ្វើ​ការប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ផ្សេងទៀត​ក្នុង​សាសនាចក្រ​នៅក្នុង​បន្ទប់​មួយ​នៃ​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​ដែល​មិនទាន់​បាន​បញ្ចប់​ការសាងសង់​នៅឡើយ ។ នៅក្នុង​បន្ទប់​នោះ យ៉ូសែប ស៊្មីធ ទទួល​បាន​វិវរណៈ​អំពី​នគរ​សេឡេស្ទាល​នាពេល​អនាគត ។ នៅក្នុង​ការនិមិត្តនេះ ដែល​ឥឡូវ​មាន​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៧ យ៉ូសែប​ត្រូវ​បាន​បង្រៀន​ពី​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច​អំពី​សេចក្ដី​សង្គ្រោះ​នៃ​បុត្រាបុត្រី​របស់​ព្រះវរបិតា​សួគ៌ រួមទាំង​កុមារ​តូចៗ និង​បងប្រុស​របស់​លោក អាលវិន ផងដែរ ។

នៅពេល​សិស្ស​អាន​ផ្នែកនេះ អ្នក​អាច​ផ្អាក​បន្ទាប់​ពី​សិក្សា ខទី ១–៦ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ចាប់អារម្មណ៍​ពី​ការពិពណ៌នា​របស់​យ៉ូសែប អំពី​នគរ​សេឡេស្ទាល ។

សូមអាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣៧:១–១០ ស្វែងរក​សេចក្ដីពិត​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អំពី​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា​សួគ៌ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បង្រៀន​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​អាច​ជួយ​លួងលោម​ដល់ យ៉ូសែប ស្ម៊ីធ និង​គ្រួសារ​របស់​លោក ? ហេតុអ្វី​បាន​ជា​វា​អាច​លួងលោមចិត្ត ?

    ខទី ៧–១០ ផ្តល់​ឱកាស​ដ៏​ល្អ​សម្រាប់​សិស្ស​ដើម្បី​អនុវត្ត​ការកំណត់​អត្តសញ្ញាណ​សេចក្តីពិត​នៃ​ដំណឹងល្អ ដោយ​ថ្លែង​វា​នៅក្នុង​ពាក្យពេចន៍​របស់​ពួកគេ​ផ្ទាល់ ។ សូម​ជួយ​សិស្ស​ស្វែងរក និង​ចែកចាយ​សេចក្តី​ថ្លែងការណ៍​នៃ​សេចក្តីពិត​ដែល​មាន​នៅក្នុង​ខគម្ពីរ​ទាំងនេះ រួម​មាន​ដូចតទៅ ៖

    • អស់​អ្នក​ដែល​នឹង​បាន​ទទួល​ដំណឹង​ល្អ ប្រសិនបើ​ពួកគេ​មាន​ឱកាស នឹង​ចូល​ទៅ​ក្នុង​នគរ​សេឡេស្ទាល ( សូមមើល ខទី ៧–៨ ) ។

    • ព្រះអម្ចាស់​នឹង​វិនិច្ឆ័យ​យើង​ម្នាក់ៗ​តាម​កិច្ចការ​របស់​យើង និង​បំណង​ប្រាថ្នា​នៃ​ចិត្ត​របស់​យើង ( សូមមើល ខទី ៩ ) ។

    • កូនក្មេង​ទាំងអស់​ដែល​បានស្លាប់​មុន​គ្រប់​អាយុ​ទទួល​ខុសត្រូវ​នឹង​ត្រូវ​បាន​សង្រ្គោះ​នៅក្នុង​នគរ​សេឡេស្ទាល ( សូមមើល ខទី ១០ ) ។

    សូម​ពិចារណា​រាយបញ្ជី​ពី​គោលការណ៍​ទាំងនេះ​នៅលើ​ក្ដារខៀន ។

  • តើ​គ្រួសារ ស្ម៊ីធ អាច​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​សេចក្ដីពិត​ដែល​ព្រះអង្គ​សង្គ្រោះ​បានបង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​សេចក្តីពិត​ទាំងនេះ ? តើ​សេចក្ដីពិត​ទាំងនេះ​ជះឥទ្ធិពល​លើ​ការដឹងគុណ​របស់​អ្នក​ទៅ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

បន្ទាប់ពី​មាន​ពេលវេលា​សមស្រប​មួយ​សម្រាប់​គិតពិចារណា​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​សេចក្ដីពិត​ដែល​ពួកគេ​ចង់​សិក្សា​ឲ្យ​កាន់តែ​ស៊ីជម្រៅ ។ ពួកគេ​អាច​សិក្សា​ជា​ថ្នាក់ ជា​បុគ្គល ឬ​ជាក្រុម​តូចៗ ។ សិស្ស​អាច​សម្តែង​សាច់រឿង​នេះ​បាន ។

អស់​អ្នក​ដែល​ទទួល​យក​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​នគរ​សេឡេស្ទាល ( សូមមើល ខទី ៧–៨ )

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​សាច់រឿង​ខាង​ក្រោម​នេះ ឬ​អ្វី​ដែល​ស្រដៀង​គ្នា​នេះ ដែល​ឆ្លុះបញ្ចាំង​ពី​សំណួរ​ដែល​ពួកគេ​មាន​អំពី​អ្នក​ដែល​បានស្លាប់​ដោយ​មិន​បាន​ទទួល​ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ។

សាច់រឿង ៖ ស្រមៃ​ថា​អ្នក​កំពុង​និយាយ​ជាមួយ​គ្រួសារ​ក្នុង​ស្ថានភាព​មួយ​ដូចជា​គ្រួសារ ស្ម៊ីធ នៅពេល​នៃ​ការស្លាប់​របស់ អាលវិន ។

ធនធាន​សិក្សា ៖ អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៧:៧–៨; ពេត្រុស ទី១ ៤:៦; ម៉ូសាយ ១៥:២៤ និង​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន រ័សុល អិម ណិលសុន ៖

ប្រធាន រ័សុល អិម ណិលសុន⁠

ដោយ​ក្ដី​មេត្តាករុណា ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​របស់​ព្រះ និង​ពរជ័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ផែនការ​នេះ អាច​ផ្ដល់​ដល់​អស់​អ្នក​ដែល​មិន​មាន​ឱកាស​ស្តាប់​ដំណឹងល្អ​ក្នុង​ជីវិត​រមែង​ស្លាប់ ។ ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​អាច​ធ្វើ​ឡើង​ដោយជំនួស​សម្រាប់​ពួកគេ ។ ( រ័សុល អិម ណិលសុន « Celestial Marriage » Liahona ខែវិច្ឆិកា ឆ្នាំ២០០៨ ទំព័រ ៩៤ )

សំណួរ​ពិភាក្សា ៖

  • តើ​បទគម្ពីរ​ទាំងនេះ និង​ការបង្រៀន​របស់​ប្រធាន ណិលសុន អាច​ជួយ​គ្រួសារ​នេះ​យល់​ពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់​ដោយ​របៀបណា ?

  • តើ​សេចក្ដីពិត​នេះ​មាន​ឥទ្ធិពល​លើ​អារម្មណ៍​របស់​អ្នក​ចំពោះ​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​តាម​របៀប​ណា​ខ្លះ ?

វិនិច្ឆ័យ​តាម​កិច្ចការ​របស់​យើង និង​បំណង​ប្រាថ្នា​នៃ​ដួងចិត្ត​របស់​យើង ( សូមមើល ខទី ៩ )

សាច់រឿង​ចំនួន​ពីរ​បាន​ផ្តល់​ឲ្យ​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​សេចក្តីពិត​នេះ ។ សិស្ស​អាច​ជ្រើសរើស​សាច់រឿង​ដើម្បី​ពិភាក្សា ឬ​បង្កើត​សាច់រឿង​ផ្ទាល់ខ្លួន​របស់​ពួកគេ ដែល​ឆ្លុះបញ្ចាំង​ពី​សំណួរ​ដែល​ពួកគេ​មាន ។ ការផ្តោត​អារម្មណ៍​នៃ​សកម្មភាព​នេះ​គឺ​នៅលើ​បំណងប្រាថ្នា​ដ៏​សុចរិត​ដែល​មិន​បាន​សម្រេច ។ ប្រសិនបើ​អ្នក​គិត​ថា សិស្ស​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការសិក្សា​ពី​របៀប​ដែល​ព្រះអម្ចាស់​នឹង​វិនិច្ឆ័យ​យើង សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន អាលម៉ា ៤១:៣–៧ ។

សាច់រឿង ៖

  • ឡូរីនស្សូ មាន​ការព្រួយបារម្ភ​ថា គាត់​ប្រហែលជា​មិន​អាច​មាន​ឱកាស​ស្វែងរក​ដៃគូ​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នោះ​ទេ ។

  • អេមី គឺជា​សមាជិក​តែ​ម្នាក់​នៃ​សាសនាចក្រ​នេះ​នៅក្នុង​គ្រួសារ​របស់​នាង ។ នាង​មាន​ការព្រួយបារម្ភ​អំពី​ការ​មិន​បាន​ផ្សារភ្ជាប់​ជាមួយ​ឪពុក​ម្តាយ​របស់​នាង ។

ធនធាន​សិក្សា ៖ សូម​ពិនិត្យមើល គោលលទ្ធិ ណិង​សេចក្តី​សញ្ញា ១៣៧:៩ និង​សេចក្តី​ថ្លែងការណ៍​នេះ ដោយ​ប្រធាន រ័សុល អិម ណិលសុន ៖

ប្រធាន រ័សុល អិម ណិលសុន⁠

ចុះ​អ្នក​ដែល​មិន​អាច​រៀបការ​នៅក្នុង​ជីវិត​នេះ ឬ​អ្នក​ដែល​មិន​អាច​ផ្សារភ្ជាប់​ជាមួយ​ឪពុកម្ដាយ​ក្នុង​ជីវិត​នេះ ? យើង​ដឹង​ថា ព្រះអម្ចាស់​នឹង​វិនិច្ឆ័យ​យើង​ម្នាក់ៗ​ស្របតាម​បំណង​ប្រាថ្នា​នៃ​ដួងចិត្ត​របស់​យើង ក៏​ដូចជា​កិច្ចការ​របស់​យើង​ផងដែរ ហើយ​ពរជ័យ​នៃ​ភាព​តម្កើង​ឡើង នឹង​ត្រូវ​បាន​ប្រទាន​ដល់​មនុស្ស​ទាំងអស់​ដែល​មានភាព​ស័ក្ដិសម ។ ( រ័សុល អិម ណិលសុន « Salvation and Exaltation » Liahona ខែឧសភា ឆ្នាំ២០០៨ ទំព័រ ១០ )

សំណួរ​ពិភាក្សា ៖

  • តើ​វា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក ដែលថា​ព្រះអម្ចាស់​នឹង​វិនិច្ឆ័យ​យើង​ដោយ​កិច្ចការ​របស់​យើង និង​បំណងប្រាថ្នា​នៃ​ចិត្ត​របស់​យើង ?

  • តើ​សេចក្តីពិត​នេះ​បានបង្រៀន​នៅក្នុង ខទី ៩ ជួយ ឡូរីនស្សូ ឬ អេមី យល់​កាន់តែ​ច្បាស់​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់​ដោយ​របៀប​ណា ?

  • តើ​សេចក្ដីពិត​នេះ​មាន​ឥទ្ធិពល​លើ​អារម្មណ៍​របស់​អ្នក​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់ទ្រង់​តាម​របៀប​ណា​ខ្លះ ?

កូន​ក្មេង​តូចៗ​ត្រូវ​បាន​សង្គ្រោះ​នៅក្នុង​នគរ​សេឡេស្ទាល ( សូមមើល​ខទី ១០ )

សូម​ចែកចាយ​សាច់រឿង​ដូច​ខាងក្រោម ឬ​បង្ហាញ​ដំណើររឿង​ដែល​ប្រធាន ប៊យដ៏ ឃេ ផាកកឺ ( ឆ្នាំ១៩២៤–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ប្រាប់​នៅក្នុង « ហើយ​ក្មេងតូចៗ​ជា​អ្នកគង្វាល » ។ វីដេអូ​នេះ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org និង​ដំណើររឿង​នេះ​ចាប់ពី​នាទី​ទី ៤:៤០ ដល់ ៦:០០ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា ពួកគេ​ជា​ពួកអ្នក​ផ្សព្វផ្សាយសាសនា​ដែល​បាន​នៅ​កន្លែង​កើតហេតុ​ដែល​បានពិពណ៌នា​នេះ ។

16:55

សាច់រឿង ៖ ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា អ្នក​ជួប​នឹង​ឪពុក​ម្តាយ​ដែល​សោកសង្រេង ដោយ​កូនប្រុស​អាយុ​ពីរ​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់ ។ ឪពុកម្តាយ​បារម្ភ​ថា ក្មេង​តូច​មិន​អាច​ទៅ​ស្ថានសួគ៌​បាន​ទេ ដោយសារ​គាត់​មិន​ដែល​បាន​ទទួលបុណ្យ​ជ្រមុជទឹក ។

ធនធាន​សិក្សា ៖ សូម​អាន មរ៉ូណៃ ៨:៨, ១១–១២; គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៩:៤៦; ១៣៧:១០ ។

សំណួរ​ពិភាក្សា ៖

  • តើ​ទិដ្ឋភាព​អ្វីខ្លះ​នៃ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ដែល​អ្នក​នឹង​ចែកចាយ​ជាមួយ​ឪពុកម្តាយ​ទាំងនេះ ?

  • តើ​ការលួងលោម​អ្វី​បន្ថែម​ទៀត​ដែល​អ្នក​អាច​ផ្តល់​ជូន​ឪពុកម្តាយ​នៅក្នុង​សាច់រឿង​នេះ ?

  • តើ​សេចក្ដីពិត​នេះ​ជះឥទ្ធិពល​ដល់​អំណរគុណ​របស់អ្នក​ចំពោះ​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​យ៉ាង​ដូចម្ដេច ?

ចែកចាយ​អារម្មណ៍​របស់​អ្នក

សូម​ពិចារណា​ផ្តល់​ឱកាស​ដល់​សិស្ស​ដើម្បី​ចែកចាយ​អារម្មណ៍​របស់​ពួកគេ និង​ទីបន្ទាល់​អំពី​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវ​គ្រីស្ទ និង​សេចក្តីពិត​ដែល​ពួកគេ​បានសិក្សា​នៅ​ថ្ងៃ​នេះ ។ ដើម្បី​ជួយ​សិស្ស​បង្ហាញ​សាក្សី​ផ្ទាល់ខ្លួន​របស់​ពួកគេ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ។

  • តើ​សេចក្ដីពិត​ដែល​អ្នក​បាន​រៀន​ថ្ងៃ​នេះ​អាច​អនុវត្ត​ចំពោះ​កាលៈទេសៈ ឬ​កង្វល់​បច្ចុប្បន្ន​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​អ្វី​ដែល​អ្នក​បានរៀន ឬ​មាន​អារម្មណ៍​ជះ​ឥទ្ធិពល​ដល់​អំណរគុណ​របស់អ្នក​ចំពោះ​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និង​ផែនការ​នៃ​សុភមង្គល​យ៉ាង​ដូចម្ដេច ?