« មេរៀនទី ១៥២—គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨ ផ្នែកទី ១ ៖ ការនិមិត្តពីព្រះអង្គសង្រ្គោះយាងទៅស្ថានឃុំព្រលឹងមនុស្សស្លាប់ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨ ផ្នែកទី ១ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៥២ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៧–១៣៨
ការនិមិត្តពីព្រះអង្គសង្រ្គោះយាងទៅស្ថានឃុំព្រលឹងមនុស្សស្លាប់
ដោយសោកស្ដាយចំពោះការស្លាប់របស់សមាជិកគ្រួសារជាទីស្រឡាញ់ និងសេចក្តីសោកសៅដ៏ធំដែលបណ្ដាលមកពីសង្គ្រាមលោកលើកទី ១ និងការរាតត្បាតនៃជំងឺផ្ដាសាយធំជាសាកល ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បានស្វែងរកការលួងលោមនៅក្នុងបទគម្ពីរ ។ នៅពេលលោកគិតពិចារណាអំពីវគ្គបទគម្ពីរមកពី ពេត្រុស ទី១ ៣–៤ លោកបានទទួលការនិមិត្តដ៏រុងរឿងនៃកិច្ចខិតខំប្រឹងប្រែងធ្វើការងារបម្រើរបស់ព្រះអង្គសង្គ្រោះនៅស្ថានឃុំព្រលឹងមនុស្សស្លាប់រវាងការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ។ ការនិមិត្តរបស់ប្រធាន ស្ម៊ីធ ឥឡូវនេះគឺជា គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨ ។ មេរៀននេះអាចជួយសិស្សយល់ពីរបៀបដែលព្រះអង្គសង្គ្រោះប្រទានសេចក្ដីសង្គ្រោះដល់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើយើងទៅណានៅពេលយើងស្លាប់ទៅ ?
បន្ទាប់ពីពិធីបុណ្យសពលោកយាយ រ៉ូប៊ឺតស៍ របស់នាង ជូលី ប្រាប់អ្នកថា លោកយាយ និងលោកតា រ៉ូប៊ឺតស៍ ទាំងពីររបស់នាងបានទទួលមរណភាព ដោយមិនបានជ្រមុជទឹកនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនោះទេ ។ លោកយាយលោកតាផ្សេងទៀតរបស់នាង ( លោកយាយ និងលោកតា ចូនស៍ ) បានទទួលមរណភាពដោយស្មោះត្រង់ និងជាសមាជិកនៃសាសនាចក្រពេញមួយជីវិត ។ ជូលី សួរអ្នកថា « តើនឹងមានអ្វីកើតឡើងចំពោះលោកយាយលោកតារបស់ខ្ញុំដែលមិនបានទទួលបុណ្យជ្រមុជទឹក ? »
សូមគិតពិចារណាពីអ្វីដែលអ្នកដឹងអំពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ។
ការនិមិត្តអំពីសេចក្ដីប្រោសលោះដល់មនុស្សស្លាប់
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលជាចៅទួតរបស់ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បានចែកចាយរឿងដូចតទៅនេះ អំពីការនិមិត្តដែលឥឡូវនេះមាននៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨ ។
2:3
នៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩១៨ ដោយមានបទពិសោធន៍នៃទុក្ខព្រួយដ៏ខ្លាំងទៅលើមនុស្សរាប់លាននាក់ដែលបានស្លាប់នៅក្នុងពិភពលោកដោយសារសង្គ្រាម និងជំងឺ ព្រមទាំងមរណភាពរបស់សមាជិកគ្រួសារលោកផ្ទាល់ នោះប្រធាន ស្ម៊ីធ បានទទួលវិវរណៈពីសួគ៌ាដែលត្រូវបានស្គាល់ថា « ការនិមិត្តអំពីសេចក្ដីប្រោសលោះដល់មនុស្សស្លាប់ » ។ …
វិវរណៈដែលលោកបានទទួលនៅថ្ងៃទី៣ ខែតុលា បានលួងលោមចិត្តលោក ហើយផ្តល់ចម្លើយដល់សំណួរជាច្រើនរបស់លោក ។ យើងក៏អាចទទួលបានការលួងលោម ហើយរៀនកាន់តែច្រើនអំពីអនាគតផ្ទាល់របស់យើងផងដែរ ពេលយើង និងមនុស្សជាទីស្រឡាញ់របស់យើងស្លាប់ ហើយទៅពិភពវិញ្ញាណ តាមរយៈការសិក្សាវិវរណៈនេះ ហើយពិចារណាអំពីសារៈសំខាន់របស់វានៅក្នុងរបៀបដែលយើងរស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។ ( អិម រ័សុល បាឡឺដ « The Vision of the Redemption of the Dead » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ៧២–៧៣ )
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨:១–៤ ដោយរកមើលសេចក្ដីពិតដែលប្រធាន ស្ម៊ីធ បានជញ្ជឹងគិតពេលលោកបានទទួលវិវរណៈនេះ ។
-
តើអ្នកមានចំណាប់អារម្មណ៍អ្វីខ្លះទៅលើអ្វីដែលប្រធាន ស្ម៊ីធ បានជញ្ជឹងគិតនៅពេលលោកសិក្សា ?
-
តើប្រធាន ស្ម៊ីធ បានដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងពលិកម្មធួនរបស់ទ្រង់ ?
-
តើអ្នកដឹងអ្វីខ្លះអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទធ្វើឲ្យកើតមានសេចក្ដីសង្គ្រោះដល់បុត្រាបុត្រីគ្រប់រូបរបស់ព្រះវរបិតាសួគ៌ ?
ការបង្ហាញព្រះកាយរបស់ព្រះអង្គសង្គ្រោះនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមមកពីប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយ អំពីកិច្ចការនៃសេចក្ដីសង្គ្រោះសម្រាប់បុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាសួគ៌នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ។
កិច្ចការនៃសេចក្ដីសង្គ្រោះនៅក្នុងពិភពវិញ្ញាណ រួមមានការដោះលែងវិញ្ញាណពីអ្វីដែលព្រះគម្ពីរពិពណ៌នាជាញឹកញាប់ថាជា « សេវកភាព » ។ វិញ្ញាណទាំងអស់ក្នុងពិភពវិញ្ញាណគឺស្ថិតនៅក្នុងទម្រង់ខ្លះនៃសេវកភាព ។ ( ដាល្លិន អេក អូក « Trust in the Lord » Liahona ខែវិច្ឆិកា ឆ្នាំ២០១៩ ទំព័រ ២៦ )
នៅពេលអ្នកសិក្សាការនិមិត្តដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨ សូមរកមើលរបៀបដែលបុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះវរបិតាសួគ៌ស្ថិតនៅក្នុងទាសភាព និងរបៀបដែលព្រះអង្គសង្គ្រោះ និងពលិកម្មធួនរបស់ទ្រង់បានដោះលែងពួកគេ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
តើពួកវិញ្ញាណឆ្លើយតបនឹងដំណឹងល្អរបស់ព្រះអង្គសង្គ្រោះក្នុងជីវិតរមែងស្លាប់ដោយរបៀបណា ?
-
តើវិញ្ញាណទាំងនេះស្ថិតក្នុងទាសភាពបែបណា ? តើព្រះអង្គសង្រ្គោះបានរំដោះពួកគេដោយរបៀបណា ?
-
តើព្រះអង្គសង្គ្រោះផ្តល់ឱកាសអ្វីខ្លះដល់វិញ្ញាណនៅក្នុងស្ថានបរមសុខ ? ក្នុងស្ថានឃុំឃាំង ?
-
តើយើងអាចធ្វើអ្វីខ្លះដើម្បីជួយព្រះអង្គសង្គ្រោះនៅក្នុងកិច្ចការរបស់ទ្រង់ ?
-
ព្រះអង្គសង្គ្រោះដោះលែងពួកវិញ្ញាណនៅស្ថានបរមសុខ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨:១១–១៩, ២៣–២៤, ៥០–៥២ ដោយរកមើលពីរបៀបដែលព្រះអង្គសង្គ្រោះបានរំដោះវិញ្ញាណដែលនៅស្ថានបរមសុខខាងវិញ្ញាណ ។
-
ព្រះអង្គសង្គ្រោះបានរំដោះវិញ្ញាណដែលជាប់ឃុំឃាំង ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨:២០–២២, ២៩–៣៧, ៥៧–៥៩ ដោយរកមើលពីរបៀបដែលព្រះអង្គសង្គ្រោះបានរំដោះវិញ្ញាណដែលនៅស្ថានឃុំវិញ្ញាណ ។
-
ព្រះអង្គសង្គ្រោះរៀបចំការផ្សាយដំណឹងល្អនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៨:៣០–៣៧, ៥៧–៥៩ ដោយរកមើលពីរបៀបដែលព្រះអង្គសង្គ្រោះបានរៀបចំការផ្សាយដំណឹងល្អដល់វិញ្ញណដែលនៅស្ថានឃុំវិញ្ញាណ ។