ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៨០—ការស្ថាបនាភាពខ្លួនទីពឹងខ្លួនទៅតាមរបៀបរបស់ព្រះអម្ចាស់ ៖ ការស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន​ផ្ដល់​ពរជ័យ​ឲ្យ​យើង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ


« មេរៀន​ទី ១៨០—ការស្ថាបនាភាពខ្លួនទីពឹងខ្លួនទៅតាមរបៀបរបស់ព្រះអម្ចាស់ ៖ ការស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន​ផ្ដល់​ពរជ័យ​ឲ្យ​យើង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដ សញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« ការស្ថាបនាភាពខ្លួនទីពឹងខ្លួនទៅតាមរបៀបរបស់ព្រះអម្ចាស់ » សៀវភៅសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៨០ ៖ ការស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន

ការស្ថាបនាភាពខ្លួនទីពឹងខ្លួនទៅតាមរបៀបរបស់ព្រះអម្ចាស់

ការស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន​ផ្ដល់​ពរជ័យ​ឲ្យ​យើង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ

ព្រះអង្គ​សង្គ្រោះ​កំពុង​បង្រៀន

ព្រះអង្គសង្រ្គោះ​បាន​ប្រកាស ៖ « នេះ​ជា​គោលបំណង​របស់​យើង ដើម្បី​ផ្គត់ផ្គង់​ដល់​ពួក​បរិសុទ្ធ​របស់​យើង ។ … ប៉ុន្តែ​ការ​នេះ​ត្រូវ​បាន​សម្រេច​តាម​មាគ៌ា​របស់​យើង » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៤:១៥–១៦ ) ។ ព្រះយេស៊ូវ​គ្រីស្ទ​ជួយ​ពួកបរិសុទ្ធ​របស់​ទ្រង់​បង្កើត​ភាព​ខ្លួន​ទីពឹង​ខ្លួន ដើម្បី​ឲ្យ​ពួកគេ​អាច​ផ្គត់ផ្គង់​ខ្លួន​ពួកគេ ហើយ​រៀន​ដើម្បី​ផ្ដល់​ពរ​ដល់​អ្នក​ដទៃ​ដូច​ទ្រង់​ធ្វើ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យយល់​ពី​សេចក្ដីត្រូវការ​ដើម្បី​ស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន​តាម​របៀប​របស់​ព្រះអម្ចាស់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ភាព​ខ្លួន​ទីពឹង​ខ្លួន

សូម​ពិចារណា​ចាប់ផ្តើម​មេរៀន​ដោយ​ស្វែងរក​អ្វី​ដែល​សិស្ស​យល់​រួចហើយ​អំពី​ភាព​ខ្លួន​ទីពឹង​ខ្លួន ។ អ្នក​អាច​សរសេរ ភាព​ខ្លួន​ទីពឹង​ខ្លួន នៅលើ​ក្ដារខៀន ហើយ​សុំ​ឲ្យ​សិស្ស​ពិពណ៌នា​អំពី​អត្ថន័យ និង​មូលហេតុ​ដែល​សំខាន់​ក្នុង​ការខិតខំ​ឲ្យ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ។

អ្នក​អាច​ជួយ​ពួកគេ​ឲ្យ​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ភាព​ខ្លួន​ទីពឹង​ខ្លួន​ដោយ​បង្ហាញ​រូបភាព​នៃ​អាហារ​ដែល​មាន​ត្រី និង​ឧបករណ៍​នេសាទ​មួយ​ចំនួន ។ សូម​ឲ្យ​សិស្ស​ពិភាក្សា​អំពី​រូបភាព​មួយ​ណា​ដែល​មាន​សម្ភារ​ដែល​មាន​អត្ថប្រយោជន៍​បំផុត​សម្រាប់​នរណា​ម្នាក់ ដើម្បី​ស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន​ក្នុង​ការផ្គត់ផ្គង់​អាហារ​សម្រាប់​គ្រួសារ​របស់​ពួកគេ ។ អ្នក​អាច​បង្ហាញ​សេចក្តីថ្លែងការណ៍​ពីរ​ខាងក្រោម​ទុក​ជា​ផ្នែក​នៃ​ការពិភាក្សា​នេះ ។

ឧបករណ៍​នេសាទ
អាហារ​ជា​ត្រី

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) បាន​ពន្យល់​ពី​តម្លៃ​រៀនសូត្រ​ដើម្បី​ផ្គត់ផ្គង់​ខ្លួន​យើង ៖

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

ពាក្យ​ចាស់​ពោល​ថា បើ​យើង​ឲ្យ​ត្រី​ទៅ​មនុស្ស​ម្នាក់ នោះ​គាត់​នឹង​មាន​អាហារ​ហូប​សម្រាប់​ថ្ងៃ​នោះ ។ ប៉ុន្តែ​បើ​យើង​បង្រៀន​គាត់​ឲ្យ​ចេះ​ស្ទូច​ត្រី​វិញ នោះ​គាត់​នឹង​មាន​ត្រី​ហូប​អស់​មួយ​ជីវិត ។ ( ហ្គរដុន ប៊ី ហ៊ិងគ្លី « The Symbol of Christ » Ensign ខែ​ឧសភា ឆ្នាំ​២០០១ ទំព័រ​៦២ )

គណៈប្រធាន​ទីមួយ​បានបង្រៀន​ដូច​តទៅ​នេះ​អំពី​ភាព​ខ្លួន​ទីពឹង​ខ្លួន ៖

ព្រះអម្ចាស់​បាន​ប្រកាស​ថា « នេះ​ជា​គោលបំណង​របស់​យើង ដើម្បី​ផ្គត់​ផ្គង់​ដល់​ពួក​បរិសុទ្ធ​របស់​យើង » [ គោលលិទ្ធិ និង​សេចក្តី​សញ្ញា ១០៤:១៥ ] ។ វិវរណៈ​នេះ​គឺជា​ការសន្យា​មួយ​មកពី​ព្រះអម្ចាស់​ថា ទ្រង់​នឹង​ប្រទាន​ពរជ័យ​ខាង​សាច់ឈាម និង​បើក​ទ្វារ​នៃ​ភាព​ខ្លួន​ទីពឹង​ខ្លួន ដែល​ជា​សមត្ថភាព​សម្រាប់​យើង​ដើម្បី​ផ្គត់ផ្គង់​នូវ​ភាពចាំបាច់​នៃ​ជីវិត​សម្រាប់​ខ្លួន​យើង និង​សមាជិក​គ្រួសារ​របស់​យើង។ …

សូម​ទុក​ចិត្ត​ថា​អ្នក​គឺជា​បុត្រ​ម្នាក់​របស់​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​របស់​យើង ។ ទ្រង់​ស្រឡាញ់​អ្នក ហើយ​ទ្រង់​នឹង​ពុំ​បោះ​បង់​ចោល​អ្នក​ឡើយ ។ ទ្រង់​ស្គាល់​អ្នក ហើយ​ត្រៀម​ប្រទាន​ពរជ័យ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​នៃ​ភាព​ខ្លួន​ទីពឹង​ខ្លួន​ដល់​អ្នក​ជា​ស្រេច ។ ( គណៈប្រធាន​ទីមួយ នៅក្នុង My Foundation for Self-Reliance [ ឆ្នាំ ២០១៦ ] ទំព័រ  )

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ចេញពី​សេចក្តី​ថ្លែងការណ៍​នេះ​អំពី​ភាពខ្លួន​ទីពឹង​ខ្លួន ?

    បន្ទាប់ពី​សិស្ស​បានពិភាក្សា​ពី​សេចក្ដី​ថ្លែងការណ៍​មុនៗ​ហើយ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សង្ខេប​ការយល់ដឹង​អំពី​ភាព​ខ្លួន​ទីពឹង​ខ្លួន​ទៅកាន់​ដៃគូ ។ វា​អាច​មាន​អត្ថប្រយោជន៍​ដើម្បី​បន្ត​បង្ហាញ​សេចក្តី​ថ្លែងការណ៍​មុនៗ​ដោយ​គណៈប្រធាន​ទីមួយ​ទុក​ជា​ឯកសារ​យោង ។ បន្ទាប់មក សូម​អញ្ជើញ​ពួក​អ្នក​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​សេចក្តីសង្ខេប​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

    សូម​ប្រាកដ​ថា សិស្ស​យល់​ថា ដោយ​មាន​ជំនួយ​របស់​ព្រះអម្ចាស់ យើង​អាច​ស្ថាបនា​ភាពខ្លួន​ទី​ពឹង​ខ្លួន ដើម្បី​ផ្គត់ផ្គង់​នូវ​ភាពចាំបាច់​នៃ​ជីវិត​សម្រាប់​ខ្លួន​យើង និង​គ្រួសារ​របស់​យើង ។

  • ហេតុអ្វី​អ្នក​គិត​ថា ការស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន​គឺជា​រឿង​សំខាន់​ដើម្បី​យល់​តាំងពី​នៅ​ក្មេង ?

  • ប្រសិនបើ​នរណាម្នាក់​មាន​អារម្មណ៍​លើសលប់​ចំពោះ​ការគិត​អំពី​ការធ្វើ​ជា​មនុស្ស​ខ្លួន​ទីពឹង​ខ្លួន តើ​អ្នក​អាច​រំឭក​ពួកគេ​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អាច​ផ្តល់​ក្តីសង្ឃឹម​ដល់​ពួកគេ ?

ដើម្បី​ជួយ​សិស្ស​ឃើញ​ពី​វិធី​ជាក់ស្តែង​ដែល​គោលការណ៍​នៃ​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​អនុវត្ត​ចំពោះ​ពួកគេ សូម​ពិចារណា​សរសេរ​ប្រធានបទ​ដូច​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ ការអប់រំ សុខភាព ការងារ ហិរញ្ញវត្ថុ កម្លាំង​ខាង​វិញ្ញាណ ។ សូម​ចែក​សិស្ស​ជា​ក្រុម ហើយ​ចាត់​ប្រធានបទ​មួយ​ឲ្យ​ទៅ​ក្រុម​នីមួយៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​ដូច​តទៅ​នេះ​នៅក្នុង​ក្រុម​របស់​ពួកគេ ហើយ​បន្ទាប់មក​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​ពិភាក្សា ។

សូម​ឆ្លើយ​សំណួរ​ខាងក្រោម​ដោយ​ផ្អែក​លើ​ប្រធានបទ​មួយ​ក្នុង​ចំណោម​ប្រធានបទ​ទាំងនេះ ៖ ការអប់រំ សុខភាព ការងារ ហិរញ្ញវត្ថុ ឬ​កម្លាំង​ខាងវិញ្ញាណ ៖

  • តើ​អ្នក​នឹង​ពិពណ៌នា​នរណា​ម្នាក់​ដែល​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​នៅ​ផ្នែក​ទាំងនោះ​ដោយ​របៀប​ណា ?

  • តើ​ក្មេង​ជំទង់​ម្នាក់​អាច​ចាប់ផ្ដើម​ស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន​នៅ​ផ្នែក​នោះ​ដោយ​របៀប​ណា ? តើ​ពួកគេ​អាច​យាង​អញ្ជើញ​ព្រះអម្ចាស់​ឲ្យ​ជួយ​ពួកគេ​ដោយ​របៀបណា ?

  • តើ​ការរៀនសូត្រ​ដើម្បី​ធ្វើ​អ្វី​បន្ថែម​ទៀត​សម្រាប់​ខ្លួន​យើង​នៅ​ផ្នែក​នេះ​មាន​អត្ថប្រយោជន៍​អ្វីខ្លះ ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​យកចិត្ត​ទុកដាក់​ចំពោះ​ការបំផុសគំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​អំពី​របៀប​ដែល​ពួកគេ​អាច​ផ្គត់ផ្គង់​សម្រាប់​ខ្លួន​ពួកគេ ។ សូម​ជួយ​សិស្ស​យល់​ថា សូម្បី​តែ​ពេល​ពួកគេ​អាច​ធ្វើ​អ្វីៗ​ដោយ​ខ្លួន​ពួកគេ​ក៏​ដោយ ក៏​ពួកគេ​នៅ​តែ​ត្រូវ​ពឹងផ្អែក​លើ​ព្រះអម្ចាស់​ដែរ ។ ការសុំ​ជំនួយ​ពី​អ្នក​ដទៃ​នៅ​ពេល​ខ្លះ វា​ក៏​អាច​ជា​ការសមរម្យ​ដែរ ។

ភាព​ខ្លួន​ទី​ពឹង​ខ្លួន​តាម​របៀប​របស់​ព្រះអម្ចាស់

ដើម្បី​ជួយ​សិស្ស​យល់​ពី​គោលការណ៍​អំពី​ភាព​ខ្លួន​ទីពឹង​ខ្លួន យើង​អាច​រៀន​ពី​ព្រះអម្ចាស់ និង​ពួក​អ្នក​បម្រើ​របស់​ទ្រង់ សូម​ពិចារណា​ពី​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ដូច​ខាង​ក្រោម​នេះ ៖

  1. រូបតំណាង​សំណៅចែកសូម​ចែក​សិស្ស​ជា​ក្រុម​តូចៗ និង​ចែក​សំណៅចែក « ការស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន​តាម​របៀប​របស់​ព្រះអម្ចាស់ » ។ ក្រុម​នីមួយៗ​អាច​បែងចែក​សេចក្ដី​យោង​បទគម្ពីរ និង​សេចក្ដី​ថ្លែងការណ៍​ដល់​សមាជិក​ក្រុម​ដើម្បី​សិក្សា ។ បន្ទាប់​មក ពួកគេ​អាច​ចែកចាយ​ជាមួយ​គ្នា​ទៅវិញ​ទៅមក​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន និង​ឆ្លើយ​សំណួរ​ជាមួយ​គ្នា ។

  2. ប្រសិនបើ​សិស្ស​មាន​ធនធាន និង​បទពិសោធន៍​ក្នុង​ការស្វែងរក​សេចក្តីយោង​បទគម្ពីរ និង​សេចក្តី​ថ្លែងការណ៍​ដោយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ នោះ​សូម​បង្ហាញ​សំណួរ​ពី​សំណៅចែក​នេះ​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវជ្រាវ​បទគម្ពីរ និង​ប្រសាសន៍​របស់​ព្យាការី​ដើម្បី​រក​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ។ ធនធាន​មួយ​ដែល​សិស្ស​គួរ​សិក្សា​គឺ​ផ្នែក Topics and Questions ដែល​មាន​ចំណងជើង​ថា « Self-Reliance » ។ ទាំងអស់​នេះ​មាន​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ និង​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

ការស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន​តាម​របៀប​របស់​ព្រះអម្ចាស់

សូម​សិក្សា​សេចក្ដីយោង​បទគម្ពីរ និង​សេចក្ដី​ថ្លែងការណ៍​ទាំងឡាយ​ខាងក្រោម ដោយ​រកមើល​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ​ដូច​ខាងក្រោម​នេះ ៖

  1. តើ​ព្រះអម្ចាស់​បានបង្រៀន​អ្វីខ្លះ​នៅក្នុង​បទគម្ពីរ និង​តាមរយៈ​ពួក​ព្យាការី​របស់​ទ្រង់ ដែល​អាច​ជួយ​យើង​ស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន ?

  2. តើ​ឧបសគ្គ​អ្វីខ្លះ​ដែល​នរណា​ម្នាក់​ប្រឈមមុខ ដែល​ពួកគេ​នឹង​ត្រូវការ​ជំនួយ​របស់​ព្រះវរបិតាសួគ៌​ដើម្បី​យកឈ្នះ ?

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) បាន​បង្រៀន ៖

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

ព្រះអម្ចាស់​ធ្វើការ​ពី​ខាងក្នុង​ដួងចិត្ត​មក​ក្រៅ ។ លោកិយ​ធ្វើការ​ពី​ខាងក្រៅ​ទៅ​ក្នុង ។ លោកិយ​នឹង​យក​មនុស្ស​ចេញ​ពី​ភាពកខ្វក់ ។ ព្រះគ្រីស្ទ​យក​ភាពកខ្វក់​ចេញពី​មនុស្ស ហើយ​បន្ទាប់មក​ពួកគេ​យក​ខ្លួនឯង​ចេញ​ពី​ភាពកខ្វក់​នោះ ។ លោកិយ​នឹង​សូន្យ​មនុស្ស​ដោយ​ការផ្លាស់ប្ដូរ​បរិយាកាស​របស់​ពួកគេ ។ ព្រះគ្រីស្ទ​ផ្លាស់ប្ដូរ​មនុស្ស ដែល​បន្ទាប់​មក​មនុស្ស​នោះ​ផ្លាស់ប្ដូរ​បរិយាកាស​របស់​ខ្លួន ។ លោកិយ​នឹង​សម្រួច​សម្រាំង​ឥរិយាបថ​របស់​មនុស្ស ប៉ុន្តែ​ព្រះគ្រីស្ទ​អាច​ផ្លាស់ប្ដូរ​និស្ស័យ​របស់​មនុស្ស​បាន ។ ( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Born of God » Ensign ខែ​វិច្ឆិកា ឆ្នាំ​១៩៨៥ ទំព័រ​៦ )

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាល​នោះ​នៅក្នុង​គណៈ​ប្រធាន​ទីមួយ​បានពន្យល់ ៖

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

របៀប​របស់​ព្រះអម្ចាស់​គឺ​មិនមែន​អង្គុយ​នៅ​ច្រាំង​ទន្លេ ហើយ​រង់ចាំ​ឲ្យ​ទឹក​ទន្លេ​ហូរ​ផុត​ទើប​យើង​ឆ្លងកាត់​នោះ​ទេ ។ របៀប​របស់​ព្រះអម្ចាស់ គឺជា​ការរួបរួម​គ្នា មូល​ដៃ​អាវ​របស់​យើង​ឡើង ហើយ​សង់​ស្ពាន ឬ​ធ្វើ​ទូក​មួយ​ដើម្បី​ឆ្លង​ទន្លេ​នៃ​ឧបសគ្គ​របស់​យើង ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Providing in the Lord’s Way » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១១ ទំព័រ​៥៤ )

សូម​ផ្តល់​ឱកាស​ឲ្យ​ក្រុម​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​នូវ​ចម្លើយ និង​ការយល់ដឹង​របស់​ពួកគេ​ដែល​ពួកគេ​មាន​អំឡុងពេល​សិក្សា​របស់​ពួកគេ ។ ពួកគេ​ក៏​អាច​ចែកចាយ​ឧទាហរណ៍​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ការខិតខំ​របស់ពួកគេ​ក្នុងការ​រស់នៅ​តាម​គោលការណ៍​នៃ​ភាព​ខ្លួន​ទីពឹង​ខ្លួន ។

ព្រះអង្គសង្គ្រោះ​បានបង្កើត​ព្រះ​គុណ​សម្រាប់​ព្រះគុណ

សិស្ស​អាច​យល់​ថា ការស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន​នៅ​ផ្នែក​ខុសៗគ្នា​ក្នុង​ពេល​តែមួយ អាច​មាន​អារម្មណ៍​លើសលប់ ។ សូម​ពន្យល់​ថា យើង​អាច​រៀន​ពី​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ថា ការស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន​គឺ​ត្រូវការ​ចំណាយ​ពេលវេលា ។ សូម​ពិចារណា​ពី​ការបង្ហាញ​រូបភាព​ខាងក្រោម នៅពេល​សិស្ស​អាន​វគ្គ​បទគម្ពីរ​ខាងក្រោម​នេះ ។

ព្រះយេស៊ូវ​រៀន​ធ្វើ​ជាង​ឈើ

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៩៣:១១–១៣ ដោយ​រកមើល​អ្វី​ដែល​យ៉ូហាន បាទីស្ទ បាន​បង្រៀន​អំពី​ការអភិវឌ្ឍ​របស់​ព្រះអង្គសង្រ្គោះ ។ ( ផ្នែក​មួយ​នៃ​សំណេរ​របស់​យ៉ូហាន បាទីស្ទ​គឺ​បាន​បើកសម្តែង​ទៅកាន់ យ៉ូសែប ស្ម៊ីធ និង​បាន​កត់ត្រា​នៅក្នុង កណ្ឌ​ទី ៩៣ ) ។

ប្រសិនបើ​សិស្ស​ត្រូវការ​ជំនួយ​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នោះ​អ្នក​អាច​ពន្យល់​ថា ព្រះ​គុណ​ថែម​លើ​ព្រះ​គុណ​ជា​បន្ត​បន្ទាប់ មាន​ន័យ​ថា ការកែលម្អ​បន្តិចម្តងៗ​ដោយ​មាន​ជំនួយ​ពី​ព្រះ ។ អ្នក​អាច​ឲ្យ​សិស្ស​អាន នីហ្វៃទី២ ២៨:៣០ ដើម្បី​ជួយ​ពួកគេ​មើលឃើញ​ពី​របៀប​ដែល​យើង​ត្រូវការ​រីកចម្រើន « មួយ​បន្ទាត់​ម្ដងៗ » ។

  • តើ​អ្នក​គិត​ថា​ឃ្លា ព្រះអង្គ​សង្គ្រោះ​បាន​មាន « ព្រះ​គុណ​ថែម​លើ​ព្រះ​គុណ​ជា​បន្ត​បន្ទាប់​មក » មាន​ន័យ​ដូចម្ដេច ? ( ខទី ១៣ ) ។

  • តើ​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ព្រះ​គុណ​ថែម​លើ​ព្រះ​គុណ​ជា​បន្ត​បន្ទាប់ ជួយ​អ្នក​នៅក្នុង​កិច្ច​ខិតខំ​របស់​អ្នក​ដើម្បី​ស្ថាបនា​ភាពខ្លួន​ទីពឹង​ខ្លួន​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​ដោយ​របៀប​ណា ?

ការស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន​នៅក្នុង​ជីវិត​របស់​អ្នក

សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​អំពី​អ្វី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បង្រៀន​ពួកគេ​អំពី​ការស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន ។ ដើម្បី​ជួយ​ពួកគេ​ឲ្យ​គិត​ពិចារណា អ្នក​អាច​បង្ហាញ​សំណួរ​ខាងក្រោម​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​វាយ​តម្លៃ​ស្ថានភាព​បច្ចុប្បន្ន​នៃ​ភាព​ខ្លួន​ទីពឹង​ខ្លួន​របស់​ពួកគេ ដោយ​ការជញ្ជឹងគិត ឬ​ឆ្លើយតប​នឹង​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។​

  • តើ​ខ្ញុំ​មាន​ទំនុកចិត្ត​ក្នុង​ការស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន​នៅ​ផ្នែក​ផ្សេងៗ​នៃ​ជីវិត​របស់​ខ្ញុំ​កម្រិត​ណា ?

  • ហេតុអ្វី​បាន​ជា​វា​មាន​អត្ថប្រយោជន៍​ដើម្បី​ចាប់ផ្ដើម​អភិវឌ្ឍ​សមត្ថភាព​ដើម្បី​ផ្គត់ផ្គង់​ខ្លួន​ខ្ញុំ​នូវ​ផ្នែក​ទាំងនេះ ?

  • តើ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ព្រះអម្ចាស់​ចូលរួម​ចំណែក​ក្នុង​ការស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ជីវិត​របស់​ខ្ញុំ​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ជាក់លាក់​ដែល​ពួកគេ​អាច​ចាប់ផ្តើម​ស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន​ក្នុង​ជីវិត​របស់​ពួកគេ ។ អ្នក​ក៏​អាច​ចែកចាយ​គំនិត​របស់អ្នក និង​ធ្វើ​ជា​សាក្សី​អំពី​អំណាច​នៃការ​ធ្វើ​ជា​មនុស្ស​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន និង​របៀប​ដែល​វា​បាន​ផ្ដល់​ពរ​ដល់​ជីវិត​របស់​អ្នក ។