ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៨៣—ភាពខ្លួនទីពឹងខ្លួនអាចធ្វើឲ្យយើងមានលទ្ធភាពកាន់តែប្រសើរក្នុងការមើលថែទាំអ្នកដទៃ ៖ ការរៀបចំខ្លួន​ដើម្បី​បម្រើ​ដូចជា​ព្រះអង្គ​សង្គ្រោះ


« មេរៀន​ទី ១៨៣—ភាពខ្លួនទីពឹងខ្លួនអាចធ្វើឲ្យយើងមានលទ្ធភាពកាន់តែប្រសើរក្នុងការមើលថែទាំអ្នកដទៃ ៖ ការរៀបចំខ្លួន​ដើម្បី​បម្រើ​ដូចជា​ព្រះអង្គ​សង្គ្រោះ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« ភាពខ្លួនទីពឹងខ្លួនអាចធ្វើឲ្យយើងមានលទ្ធភាពកាន់តែប្រសើរក្នុងការមើលថែទាំអ្នកដទៃ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៨៣ ៖ ការស្ថាបនា​ភាព​ខ្លួន​ទីពឹង​ខ្លួន

ភាពខ្លួនទីពឹងខ្លួនអាចធ្វើឲ្យយើងមានលទ្ធភាពកាន់តែប្រសើរក្នុងការមើលថែទាំអ្នកដទៃ

ការរៀបចំខ្លួន​ដើម្បី​បម្រើ​ដូចជា​ព្រះអង្គ​សង្គ្រោះ

ព្រះអង្គសង្គ្រោះ​ធ្វើ​ការងារបម្រើ​ដល់​អ្នក​ឈឺ

ព្រះអង្គសង្រ្គោះ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ « ចូរ​ជួយ​អ្នក​ទន់ខ្សោយ … ហើយ​ចូរ​ចម្រើន​កម្លាំង​ដល់​ក្បាលជង្គង់​ដែល​ញ័រ​ផង » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨១:៥ ) ។ យើង​គួរតែ​ធ្វើ​តាម​ការណែនាំ​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ នៅពេល​យើង​កាន់​តែ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​របៀប​ដែល​ការ​ធ្វើ​ជា​មនុស្ស​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​អាច​ធ្វើ​ឲ្យ​ពួកគេ​ធ្វើតាម​គំរូ​នៃ​ការជួយ​អ្នក​ដទៃ​របស់​ព្រះអង្គសង្រ្គោះ​បាន​កាន់តែ​ប្រសើរ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

សមត្ថភាព​ជួយ​ដល់​អ្នក​ដទៃ

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ថា​ការទទួល​បាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ជះ​ឥទ្ធិពល​ដល់​សមត្ថភាព​របស់​យើង​ក្នុង​ការជួយ​អ្នក​ដទៃ សូម​ពិចារណា​អញ្ជើញ​សិស្ស​បី​នាក់​ឲ្យ​អាន​ស្ថានភាព​មួយ​ក្នុង​ចំណោម​ស្ថានភាព​ខាងក្រោម​នេះ ។ សូម​ផ្អាក បន្ទាប់ពី​បាន​អាន​ស្ថានភាព​នីមួយៗ​ហើយ ហើយ​សុំ​ឲ្យ​សិស្ស​ចែកចាយ​កត្តា​ផ្សេងៗ ដែល​អាច​កំណត់​ថា​តើ មីនឌី ណាថាន ឬ យេដា អាច​ជួយ​បាន​ប៉ុន្មាន ។ ( ប្រសិនបើ​ចង់​ធ្វើ អ្នក​អាច​បង្កើត​សាច់រឿង​ជំនួស​ដែល​ទាក់ទង​ទៅ​នឹង​សិស្ស​របស់​អ្នក​ជាង ) ។

  1. មិត្តភក្តិ​របស់​មីនឌី​ពិបាក​យល់​កិច្ចការ​គណិតវិទ្យា​របស់នាង ហើយ​សុំ​ជំនួយ​ពី​មីនឌី ។

  2. ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ថ្មី ណាថាន​បាន​ជួប​ជាមួយ​មនុស្ស​ម្នាក់​ដែល​មាន​សំណួរ​ជា​ច្រើន​អំពី​ការស្ដារ​ឡើងវិញ​នៃ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ។

  3. យេដា​ដឹង​ថា មាន​គ្រួសារ​មួយ​ក្នុង​វួដ​របស់​នាង គ្មាន​សម្លៀក​បំពាក់​ដែល​កក់ក្តៅ​ឲ្យ​កូនៗ​របស់​ពួកគេ​ទេ ។

សូម​ពិចារណា​បង្ហាញ ឬ​ផ្តល់​សំណៅ​ចម្លង​នៃ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ​ពី​អែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ ១៩៣២–២០១៧ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ដល់​សិស្ស ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក និង​ពិភាក្សា​ជា​ក្រុម​តូចៗ យ៉ាង​ហោច​ណាស់​មួយ​ឃ្លា​ចេញពី​កថាខណ្ឌ​នីមួយៗ ដែល​អាច​អនុវត្ត​ចំពោះ​សាច់រឿង​ដូច​ខាងក្រោម​នេះ ។ ( បើ​ចាំបាច់ សូម​ជួយ​សិស្ស​យល់​ថា ពាក្យ ខាង​សាច់ឈាម ដូច​ដែល​បាន​ប្រើ​នៅក្នុង​សេចក្តីថ្លែងការណ៍​នេះ​អាច​រួមបញ្ចូល​ផ្នែក​ជា​ច្រើន​នៃ​សុខុមាលភាព ដូចជា ហិរញ្ញវត្ថុ ការអប់រំ សតិអារម្មណ៍ និង​ខាង​រាងកាយ ) ។

អែលឌើរ រ៉ូបឺត ឌី ហែល

ភាព​ខ្លួន​ទីពឹង​ខ្លួន​គឺជា​ការមាន​ទំនួល​ខុសត្រូវ​លើ​សុខុមាលភាព​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​របស់​យើង​ផ្ទាល់ និង​សម្រាប់​អស់​អ្នក​ដែល​ព្រះវរបិតា​សួគ៌​បាន​ទុក​ព្រះទ័យ​ឲ្យយើង​មើល​ថែទាំ ។ ទាល់តែ​យើង​មាន​ភាពខ្លួន​ទីពឹង​ខ្លួន​សិន ទើប​យើង​ពិតជា​អាច​ធ្វើត្រាប់​តាម​ព្រះអង្គ​សង្រ្គោះ​ក្នុង​ការបម្រើ និង​ក្នុង​ការផ្ដល់​ពរជ័យ​ដល់​អ្នក​ដទៃ​បាន ។

វា​សំខាន់​ដើម្បី​យល់​ថា ភាព​ខ្លួន​ទីពឹង​ខ្លួន​គឺជា​មធ្យោបាយ​មួយ ដែល​ជួយ​យើង​ឲ្យ​សម្រេច​គោលដៅ ។ គោលដៅ​ចុងក្រោយ​របស់​យើង​គឺ​ដើម្បី​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ ហើយ​គោលដៅ​នោះ​ត្រូវបាន​ពង្រឹង តាមរយៈ​ការបម្រើ​ដល់​អ្នកដទៃ​ដោយ​មិន​អាត្មា​និមយ ។ សមត្ថភាព​របស់​យើង​ក្នុង​ការបម្រើ​នឹង​កើនឡើង ឬ​ថយចុះ អាស្រ័យ​លើ​កម្រិត​នៃ​ភាពខ្លួន​ទី​ពឹង​ខ្លួន​របស់យើង ។

ដូច​ជា​ប្រធាន ម៉ារ៉ុន ជី រ៉មនី ធ្លាប់​មាន​ប្រសាសន៍ ៖ « អាហារ​សម្រាប់​អ្នក​ស្រេកឃ្លាន មិន​អាច​បាន​ពី​ធ្នើរ​ដែល​គ្មាន​អ្វី​សោះ​នោះ​ទេ ។ ប្រាក់​ដើម្បី​ជួយ​ដល់​អ្នក​ខ្វះខាត​ពុំ​អាច​កើត​ចេញ​មកពី​កាបូប​ទទេ​នោះ​ទេ ។ ការគាំទ្រ និង​ការយល់ចិត្ត​ពុំអាច​កើត​ចេញ​មក​ពី​ការ​ស្រេកឃ្លាន​ខាង​សតិអារម្មណ៍​នោះ​ទេ ។ ការបង្រៀន​ពុំ​អាច​កើត​ចេញ​មកពី​អ្នក​មិន​រៀន​នោះ​ទេ ។ ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ ការណែនាំ​ខាងវិញ្ញាណ​មិន​អាច​បាន​មកពី​មនុស្ស​ទន់ខ្សោយ​ខាងវិញ្ញាណ​ទេ » ( នៅក្នុង​របាយការណ៍​សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​១៩៨២ ទំព័រ​១៣៥ ឬ Ensign ខែ​វិច្ឆិកា ឆ្នាំ​១៩៨២ ទំព័រ​៩៣ ) ។ ( រ៉ូបឺត ឌី ហែល « A Gospel Vision of Welfare: Faith in Action » នៅក្នុង Basic Principles of Welfare and Self-Reliance [ ការប្រជុំ​បំពាក់​បំប៉ន​ថ្នាក់ដឹកនាំ​ទូទាំង​ពិភពលោក ឆ្នាំ ២០០៩ ] ទំព័រ ១–២ សូមមើល​ផងដែរ​នៅលើ​គេហទំព័រ ChurchofJesusChrist.org )

  • តើ​សេចក្តីពិត​អ្វី​ខ្លះ​ដែល​អ្នក​បាន​រៀន​ពី​អែលឌើរ ហែល ?

    នៅពេល​សិស្ស​ឆ្លើយ​សំណួរ​ពី​មុន សូម​ប្រាកដ​ថា ពួកគេ​យល់​ថា នៅពេល​យើង​អភិវឌ្ឍ​ភាព​ខ្លួន​ទីពឹង​ខ្លួន នោះ​យើង​កាន់តែ​ប្រែក្លាយ​ដូចជា​ព្រះអង្គសង្រ្គោះ និង​អាច​ជួយ និង​បម្រើ​អ្នក​ដទៃ​កាន់តែ​ប្រសើរ ។

    អ្នក​អាច​ជួយ​សិស្ស​ឲ្យ​មើលឃើញ​ពី​ភាព​ទាក់ទង​ផ្ទាល់ខ្លួន​នៅក្នុង​មេរៀន​នេះ ដោយ​សុំ​ឲ្យ​ពួកគេ​កត់ត្រា​គំនិត និង​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ដូច​ត​ទៅ​នេះ ៖

  • តើ​អ្នក​អាច​ជួយ​អ្នក​ដទៃ​តាមរយៈ​សមត្ថភាព ឬ​មធ្យោបាយ​ដែល​ព្រះ​បាន​ជួយ​អ្នក​អភិវឌ្ឍ​ដោយ​របៀប​ណា ?

  • តើ​ភាព​ខ្លួន​ទីពឹង​ខ្លួន​ផ្នែក​ណា​ខ្លះ ដែល​ព្រះវរបិតាសួគ៌​ឲ្យ​អ្នក​ធ្វើ​នៅពេល​នេះ ដើម្បី​ឲ្យ​អ្នក​អាច​មើល​ថែ​ខ្លួន​ឯង និង​អ្នក​ដទៃ​បាន​កាន់តែ​ប្រសើរ​នៅពេល​អនាគត ?

ការប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គសង្គ្រោះ

សូម​ពិចារណា​ដាក់​បង្ហាញ​សេចក្តីណែនាំ និង​សំណួរ​ដូច​ខាងក្រោម​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​សកម្មភាព និង​ពិភាក្សា​ពី​សំណួរ​នេះ​ជាមួយ​ដៃគូ ។

សូម​អាន លូកា ២:៤០, ៥២ ហើយ​គូស​ចំណាំ​ផ្នែក​ផ្សេងៗ​នៃ​ការរីកចម្រើន ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ក្នុង​យុវវ័យ​របស់​ទ្រង់ ។

  • តើ​ព្រះ​សមត្ថភាព​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការបម្រើ​អ្នក​ដទៃ​បាន​ជះឥទ្ធិពល​ដោយ​ការរីកចម្រើន និង​ការអភិវឌ្ឍ​របស់​ទ្រង់​ក្នុង​កំឡុង​យុវវ័យ​របស់​ទ្រង់​ដោយ​របៀប​ណា ?

    បន្ទាប់ពី​ដៃគូ​ទាំងឡាយ​បាន​ចែកចាយ​រួចរាល់​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ក្មេង​ជំទង់​សព្វ​ថ្ងៃ​អាច​បង្កើត​ភាព​ខ្លួន​ទីពឹង​ខ្លួន​ក្នុង​ផ្នែក​នីមួយៗ​ដែល​បាន​លើក​ឡើង​ក្នុង លូកា ២:៤០, ៥២ ។

    សូម​ពិចារណា​ផ្តល់​ពេល​ឲ្យ​សិស្ស​ដើម្បី​ជញ្ជឹងគិត​សំណួរ​ដូច​ខាងក្រោម​ដោយ​ស្ងៀមស្ងាត់ ៖

  • តើ​អ្នក​អាច​ជួយ​នរណា​នៅ​ថ្ងៃ​អនាគត ប្រសិនបើ​អ្នក​កាន់តែ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​នៅ​ផ្នែក​មួយ​ក្នុង​ចំណោម​ផ្នែក​ទាំងនេះ ? តើ​អ្នក​អាច​ជួយ​ដោយ​របៀប​ណា ?

  • តើ​ការខិតខំ​ឆ្ពោះ​ទៅ​រក​ភាព​ខ្លួន​ទីពឹង​ខ្លួន​ជួយ​យើង​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គសង្រ្គោះ​ដោយ​របៀប​ណា ?

ឧទាហរណ៍​នៃ​ការបម្រើ​ដូចជា​ព្រះ​គ្រីស្ទ​តាមរយៈ​ភាព​ខ្លួន​ទីពឹង​ខ្លួន

រូបតំណាង​សំណៅចែកសូម​ចែកចាយ​គំរូ​ពី​បុគ្គល​នៅក្នុង​ប្រវត្តិសាស្ត្រ​សាសនាចក្រ​ដែល​អាច​បម្រើ​ព្រះ និង​អ្នកដទៃ​បាន ។ អ្នក​អាច​ធ្វើ​វា​បាន​ដោយ​ការរៀបចំ​ថ្នាក់​រៀន​ជា​ក្រុម​សិក្សា ហើយ​ផ្តល់​ឲ្យ​ក្រុម​នីមួយៗ​នូវ​ឧទាហរណ៍​មួយ​ចេញពី​សំណៅចែក « ឧទាហរណ៍​ពី​ភាព​ខ្លួន​ទីពឹង​ខ្លួន​មកពី​ប្រវត្តិសាស្រ្ត​សាសនាចក្រ » ។ សូម​អញ្ជើញ​ក្រុម​ឲ្យ​អាន​ខគម្ពីរ​ដែល​បានស្នើ ហើយ​ពិភាក្សា​សំណួរ​នៅចុង​បញ្ចប់​នៃ​កថាខណ្ឌ​របស់​ពួកគេ ។

ឧទាហរណ៍​នៃ​ភាព​ខ្លួន​ទីពឹង​ខ្លួន​មកពី​ប្រវត្តិសាស្រ្ត​សាសនាចក្រ

ម៉ាទិន ហារិស ៖ នៅក្នុង​ឆ្នាំ​១៨២៧ យ៉ូសែប ស៊្មីធ បាន​ប្រឈមមុខ​នឹង​ការបៀតបៀន និង​ភាពក្រីក្រ នៅពេល​លោក​បានព្យាយាម​បកប្រែ​ព្រះគម្ពីរ​មរមន​ពី​ផ្ទាំង​មាស ។ ម៉ាទិន ហារិស ជា​កសិករ​ជោគជ័យ​ម្នាក់ បានដឹង​ពី​ស្ថានភាព​របស់​យ៉ូសែប ។ សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦១–៦២ ដោយ​រកមើល​ពី​របៀប​ដែល ម៉ាទិន អាច​ជួយ យ៉ូសែប ស្ម៊ីធ ។ សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៩:២៦, ៣៤–៣៥; ១០៤:២៦ ដើម្បី​មើល​ពី​របៀប​ផ្សេង​ទៀត​ដែល ម៉ាទិន ហារិស អាច​បម្រើ​ព្រះអម្ចាស់ និង​ផ្ដល់​ពរ​ដល់​អ្នក​ដទៃ ។ ម៉ាទិន​បាន​បង្កើត​ភាព​ខ្លួន​ទីពឹង​ខ្លួន​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ចាំបាច់​ដើម្បី​បម្រើ​ព្រះអម្ចាស់ និង​អ្នក​ដទៃ​តាម​របៀប​ដ៏​មាន​អត្ថន័យ ។ តើ​ក្មេង​ជំទង់​អាច​ធ្វើ​អ្វីខ្លះ​នៅពេល​នេះ ដើម្បី​អភិវឌ្ឍ​ជំនាញ ការអប់រំ និង​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ជួយ​ពួកគេ​បម្រើ​ព្រះអម្ចាស់ និង​អ្នក​ដទៃ​ទៀត​នៅពេល​អនាគត ?

អែមម៉ា ហេល ស្ម៊ីធ ៖ នៅពេល​គាត់​បាន​ជួប យ៉ូសែប ស្ម៊ីធ អិមម៉ា ហេល គឺជា​អ្នកអាន អ្នកនិពន្ធ គ្រូបង្រៀន និង​តន្ត្រីការនី​ដែល​មាន​ស្នាដៃ​មួយ​រូប ។ សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៥:៥–៧, ១១ ដោយ​រកមើល​ការទទួល​ខុសត្រូវ​ដែល​ព្រះអម្ចាស់​បាន​ប្រគល់​ដល់​អិមម៉ា ។ អិមម៉ា​បានអភិវឌ្ឍ​ជំនាញ និង​ការអប់រំ ដែល​បានជួយ​គាត់​បម្រើ​ព្រះអម្ចាស់ និង​អ្នក​ដទៃ​តាម​របៀប​ដ៏​មាន​អត្ថន័យ ។ តើ​ក្មេង​ជំទង់​អាច​ធ្វើ​អ្វីខ្លះ​នៅពេល​នេះ ដើម្បី​អភិវឌ្ឍ​ជំនាញ ការអប់រំ និង​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ជួយ​ពួកគេ​បម្រើ​ព្រះអម្ចាស់ និង​អ្នក​ដទៃ​ទៀត​នៅពេល​អនាគត ?

វិលលាម ដ័បបុលយូ ហ្វែប្ស ៖ ព្រះអម្ចាស់​បាន​ណែនាំ វិលលាម ដ័បបុលយូ ហ្វែប្ស ដែល​ជា​អ្នក​ប្រែចិត្តជឿ​ថ្មី​ចូល​សាសនាចក្រ ឲ្យ​ផ្លាស់​ទៅ​រដ្ឋ​មិសសួរី ។ សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៥:៤ និង ៥៧:១១–១៣ ដោយ​រកមើល​កិច្ចការ​ពិសេស​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​វិលលាម ឲ្យ​បម្រើ​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ សូម​ប្រើ​លិបិក្រម « Authors and Composers » នៅក្នុង​សៀវភៅ​ទំនុកតម្កើង​ដើម្បី​ស្វែងរក​ទំនុកតម្កើង​ដែល វិលលាម ដ័បបុលយូ ហ្វែប្ស បាន​សរសេរ ដែល​បន្ត​ផ្តល់​ពរ​ដល់​សាសនាចក្រ​សព្វ​ថ្ងៃ​នេះ ។ វិលលាម​បានអភិវឌ្ឍ​ជំនាញ និង​ការអប់រំ ដែល​បាន​ជួយ​គាត់​បម្រើ​ព្រះអម្ចាស់ និង​អ្នក​ដទៃ​តាម​របៀប​ដ៏​មាន​អត្ថន័យ ។ តើ​ក្មេង​ជំទង់​អាច​ធ្វើ​អ្វីខ្លះ​នៅពេល​នេះ ដើម្បី​អភិវឌ្ឍ​ជំនាញ ការអប់រំ និង​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ជួយ​ពួកគេ​បម្រើ​ព្រះអម្ចាស់ និង​អ្នក​ដទៃ​ទៀត​នៅពេល​អនាគត ?

សូម​ពិចារណា​អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​ដល់​សិស្ស​ក្នុង​ថ្នាក់ ។

អ្នក​អាច​ជួយ​សិស្ស​គិត​អំពី​គំរូ​សម័យ​ទំនើប​នៃ​បុគ្គល​ដែល​បានបង្កើត​ភាព​ខ្លួន​ទីពឹង​ខ្លួន ហើយ​បន្ទាប់មក​អាច​បម្រើ​អ្នក​ដទៃ​តាម​របៀប​ដូចជា​ព្រះគ្រីស្ទ ។ អ្នក​អាច​បង្ហាញ​វីដេអូ « Strengthen Thy Brethren » ( ៣:៥០ ) ឬ « On the Lord’s Errand: The Life of Thomas S. Monson » ចាប់ពី​នាទី​ទី ១៩:៥៤ ដល់ ២៤:១៨ ទាំងពីរ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

3:50
60:10

សូម​ពិចារណា​ចែកចាយ​ពី​របៀប​ដែល​អ្នក​បាន​បម្រើ​អ្នកដទៃ ឬ​របៀប​ដែល​អ្នក​ដទៃ​បាន​បម្រើ​អ្នក​តាមរយៈ​ជំនាញ មធ្យោបាយ និង​គុណលក្ខណៈ​ដែល​អ្នក ឬ​អ្នក​ផ្សេង​ទៀត​បានអភិវឌ្ឍ​ពេញ​មួយ​ជីវិត ។

ដើម្បី​បញ្ចប់​មេរៀន​នេះ អ្នក​អាច​ផ្តល់​ពេល​ឲ្យ​សិស្ស​ជញ្ជឹងគិត​ដោយ​ការអធិស្ឋាន ឬ​សរសេរ​អ្វី​ដែល​ពួកគេ​គិត​ថា ព្រះវរបិតាសួគ៌​នឹង​ឲ្យ​ពួកគេ​ធ្វើ​ជាមួយ​នឹង​អ្វី​ដែល​ពួកគេ​បាន​រៀន និង​បាន​ទទួល​អារម្មណ៍​នៅ​ថ្ងៃ​នេះ ។ សិស្ស​ដែល​ស្ម័គ្រចិត្ត​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​មួយ​ចំនួន​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។