ធនធាន​បន្ថែម​សម្រាប់​បង្រៀន​កុមារ
ឧបសម្ព័ន្ធ ខ ៖ សម្រាប់​អង្គការ​បឋម​សិក្សា—ការរៀបចំ​កុមារ​ឲ្យ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ព្រះ​ពេញ​មួយ​ជីវិត


« ឧបសម្ព័ន្ធ ខ ៖ សម្រាប់​អង្គការ​បឋម​សិក្សា—ការរៀបចំ​កុមារ​ឲ្យ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ព្រះ​ពេញ​មួយ​ជីវិត » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ឧបសម្ព័ន្ធ ខ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤

ឧបសម្ព័ន្ធ ខ

សម្រាប់​អង្គការ​បឋម​សិក្សា—ការរៀបចំ​កុមារ​ឲ្យ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ព្រះ​ពេញ​មួយ​ជីវិត

នៅក្នុង​ខែ​ដែល​មាន​ប្រាំ​អាទិត្យ គ្រូបង្រៀន​អង្គការ​បឋមសិក្សា​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ជំនួស​គម្រោង​កាលវិភាគ​ដែល​បាន​កំណត់​នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ នៅ​ថ្ងៃ​អាទិត្យ​ទីប្រាំ ដោយ​សកម្មភាព​រៀនសូត្រ​ទាំងនេះ​មួយ ឬ​ច្រើន ។

គោលការណ៍ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

គោលលិទ្ធ​របស់​ព្រះគ្រីស្ទ​បង្រៀន​យើង​អំពី​របៀប​ដើម្បី​ត្រឡប់​ទៅ​កាន់​ព្រះវរបិតា​សួគ៌​វិញ ។

នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​បង្ហាញ​អង្គ​ទ្រង់​ទៅដល់​ប្រជាជន​នៅ​ទ្វីប​អាមេរិក ទ្រង់​បាន​បង្រៀន​ពួកគេ​អំពី​គោលលទ្ធិ​របស់​ទ្រង់ ។ ទ្រង់​បាន​មាន​បន្ទូល​ថា យើង​អាច​ចូល​ទៅក្នុង​នគរ​របស់​ព្រះ​បាន ប្រសិនបើ​យើង​មាន​សេចក្ដី​ជំនឿ ប្រែចិត្ត​ ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ( សូមមើល នីហ្វៃ​ទី​៣ ១១:៣១–៤០; គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:២៩ ) ។ សកម្មភាព​ខាងក្រោម​ទាំងនេះ​អាច​ជួយ​បងប្អូន​ឲ្យ​បង្រៀន​កុមារ​ថា គោលការណ៍ និង​ពិធីបរិសុទ្ធ​ទាំងនេះ​នឹង​ជួយ​យើង​ឲ្យ​ខិត​ទៅ​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ​ពេញ​មួយ​ជីវិត​របស់​យើង ។

ដើម្បី​រៀន​បន្ថែម​អំពី​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ សូមមើល នីហ្វៃ​ទី​២ ៣១ ។

សកម្មភាព​ដែល​អាច​ធ្វើ​បាន

  • សូម​ផ្តល់​រូបភាព​ដែល​តំណាង​ឲ្យ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ការប្រែចិត្ត ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​ដល់​កុមារ ( សូមមើល សៀវភៅ​រូបភាព​ដំណឹង​ល្អ ល.រ. , ១១១, ១០៣ និង ១០៥ ) ។ សូម​អាន ឬ​សូត្រ​ជាមួយ​កុមារ​នូវ​មាត្រា​ទីបួន​នៃ​សេចក្តី​ជំនឿ ហើយ​សុំ​ឲ្យ​ពួកគេ​លើក​រូបភាព​របស់​ពួកគេ​ឡើង នៅពេល​អាន​ដល់​គោលការណ៍ ឬ​ពិធីបរិសុទ្ធ​នោះ ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ពី​របៀប​ដែល​គោលការណ៍ និង​ពិធីបរិសុទ្ធ​នីមួយៗ​ជួយ​យើង​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​យល់​បាន​ថា សេចក្ដី​ជំនឿ ការប្រែចិត្ត ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​មិនមែន​ជា​ព្រឹត្តិការណ៍​មាន​តែ​ម្តង​នោះ​ទេ ប៉ុន្តែ​វាជា​ព្រឹត្តិការណ៍​ដែល​មាន​ឥទ្ធិពល​លើ​ការរីក​ចម្រើន​ខាង​វិញ្ញាណ​របស់​យើង​ពេញ​មួយ​ជីវិត​របស់​យើង​ដោយ​របៀប​ណា ? ឧទាហរណ៍ បងប្អូន​អាច​បង្ហាញ​ពួកគេ​នូវ​រូបភាព​គ្រាប់ពូជ​មួយ និង​ដើមឈើ​ធំ​មួយ​ដើម ( ឬ​គូរ​រូប​ទាំងនេះ​នៅលើ​ក្ដារខៀន ) ។ សូម​ជួយ​ពួកគេ​ឲ្យ​គិតពី​អ្វី​ដែល​ជួយ​ឲ្យ​គ្រាប់ពូជ​នោះ​ដុះ​ទៅជា​ដើមឈើ​ធំ​មួយ​ដើម​បាន​ដូចជា ទឹក ដី និង​ពន្លឺ​ព្រះអាទិត្យ​ជាដើម ។ សូម​ជួយ​ពួកគេ​ឲ្យ​មើលឃើញ​ថា អ្វី​ទាំងអស់​នេះ​គឺ​ប្រៀប​ដូចជា​អ្វីៗ​ដែល​យើង​ធ្វើ​ដើម្បី​ខិត​កាន់​តែ​ជិត​ព្រះ​ពេញ​មួយ​ជីវិត​របស់​យើង​ដែរ—ការស្ថាបនា​សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ការប្រែចិត្ត​ជា​រៀងរាល់​ថ្ងៃ ការរស់នៅ​តាម​សេចក្តីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​យើង និង​ការស្តាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • សូម​ចែកចាយ​ជាមួយ​កុមារ​នូវ​រឿង​មួយ​អំពី​កាំជ្រួច មកពី​សារលិខិត​របស់​អែលឌើរ ឌែល ជី រិនឡាន់ « How Can Repenting Help Me Feel Happy? » ( Friend ខែ ធ្នូ ឆ្នាំ ២០១៧ ទំព័រ ១២–១៣ ឬ Liahona ខែ ធ្នូ ២០១៧ ទំព័រ ៧០–៧១; សូមមើល​វីដេអូ « Repentance: A Joyful Choice » ផងដែរ [ នៅលើ​បណ្ណាល័យ​ដំណឹងល្អ ] ) ។

    នៅតាម​វគ្គ​ផ្សេងៗ​នៅក្នុង​ដំណើរ​រឿង​នេះ សូម​អញ្ជើញ​កុមារ​ឲ្យ​គិត​ថា តើ​អែលឌើរ រិនឡាន់ អាច​មាន​អារម្មណ៍​យ៉ាងណា ។ តើ​ហេតុអ្វី​បាន​ជា​យើង​មាន​អំណរ នៅពេល​យើង​ប្រែចិត្ត ? សូម​ចែកចាយ​ជាមួយ​កុមារ​នូវ​អារម្មណ៍​នៃ​សេចក្តី​អំណរ និង​សេចក្តី​ស្រឡាញ់​ដែល​បងប្អូន​មាន នៅពេល​បងប្អូន​ទូល​សូម​ព្រះវរបិតា​សួគ៌​ឲ្យ​អភ័យទោស​ដល់​បងប្អូន ។

ពិធី​បុណ្យ​ជ្រមុជ​ទឹក

ព្រះយេស៊ូវ​គ្រីស្ទ​ទ្រង់​បាន​ធ្វើ​ជា​គំរូ​សម្រាប់​ខ្ញុំ នៅពេល​ទ្រង់​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។

សូម្បី​តែ​ព្រះយេស៊ូវ​ដែល​គ្មាន​បាប​សោះ ក៏​ទ្រង់​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ដើម្បី​ធ្វើជា​គំរូដ៏​ល្អ​ឥតខ្ចោះ​នៃ​ការគោរព​ប្រតិបត្តិ​ចំពោះ​ព្រះវរបិតា​សួគ៌​ដែរ ( សូម​មើល នីហ្វៃ​ទី​២ ៣១:៦–១០ ) ។

ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៣៧; Gospel Topics « Baptism » នៅលើ​បណ្ណាល័យ​ដំណឹង​ល្អ ។

សកម្មភាព​ដែល​អាច​ធ្វើ​បាន

  • សូម​បង្ហាញ​រូបភាព​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​ព្រះអង្គ​សង្គ្រោះ និង​ពិធីបុណ្យ​ជ្រមុជទឹក​របស់​បុគ្គល​ម្នាក់​ផ្សេង​ទៀត ( ឬ​សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៣៥ និង ល.រ. ១០៣ ក៏បាន ឬ ល.រ. ១០៤ ក៏​បាន ) ។ សុំ​កុមារ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ខុសគ្នា និង​អ្វី​ដែល​ដូចគ្នា​រវាង​រូបភាព​ទាំងពីរ​នេះ ។ សូម​អាន​ជាមួយ​គ្នា​នៅក្នុង ម៉ាថាយ ៣:១៣–១៧ ឬ « ជំពូក​ទី ១០ ៖ ព្រះយេស៊ូវ​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ២៦–២៩ ឬ​សូម​មើល​វីដេអូ​ដែល​ត្រូវគ្នា​នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

    សូម​ឲ្យ​កុមារ​ចង្អុល​ទៅកាន់​វត្ថុ​ទាំងឡាយ​នៅក្នុង​រូបភាព​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​អំណាន ឬ​វីដេអូ​នោះ ។ សូម​ប្រាប់​កុមារ​អំពី​សេចក្តី​ស្រឡាញ់​របស់​បងប្អូន​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង​បំណង​ប្រាថ្នា​របស់​បងប្អូន​ក្នុង​ការដើរ​តាម​ទ្រង់ ។

  • សូម​ស្តាប់ ឬ​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ពិធីបុណ្យ​ជ្រមុជទឹក ដូចជា « When Jesus Christ Was Baptized » ( Children’s Songbook ទំព័រ ១០២ ) ។ តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​នៅក្នុង​បទ​ចម្រៀង​នេះ ? សូម​អាន នីហ្វៃ​ទី​២ ៣១:៩–១០ ហើយ​អញ្ជើញ​កុមារ​ឲ្យ​ស្តាប់​រក​មូលហេតុ​អ្វី​បានជា​ព្រះយេស៊ូវ​គ្រីស្ទ​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គូរ​រូប​ខ្លួនឯង​នៅ​ថ្ងៃ​ពួកគេ​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។

ខ្ញុំ​អាច​ជ្រើសរើស​ចុះ​សេចក្តីសញ្ញា​ជាមួយនឹង​ព្រះ ហើយ​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​បាន ។

ការរៀបចំ​ខ្លួន​ដើម្បី​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​មាន​អត្ថន័យ​ច្រើន​ជាង​ការរៀបចំ​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​មួយ ។ វា​មាន​ន័យ​ថា ការរៀបចំ​ខ្លួន​ដើម្បី​ចុះ​សេចក្ដី​សញ្ញា ហើយ​បន្ទាប់​មក​រក្សា​សេចក្ដី​សញ្ញា​នោះ​អស់​មួយ​ជីវិត ។ សូម​ជញ្ជឹងគិត​ពី​របៀប​ដែល​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​យល់​ពី​សេចក្ដីសញ្ញា​ដែល​ពួកគេ​នឹង​ធ្វើ​ជាមួយនឹង​ព្រះវរបិតា​សួគ៌ នៅពេល​ពួកគេ​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ដែល​រួមមាន​ការសន្យា​ដែល​ទ្រង់​ធ្វើ​ជាមួយ​ពួកគេ និង​ការសន្យា​ដែល​ពួកគេ​ធ្វើ​ជាមួយ​ទ្រង់ ។

សកម្មភាព​ដែល​អាច​ធ្វើ​បាន

  • សូម​ពន្យល់​ថា សេចក្តីសញ្ញា​គឺជា​ការសន្យា​មួយ​រវាង​បុគ្គល​ម្នាក់ និង​ព្រះវរបិតា​សួគ៌ ។ ពេល​យើង​ខិតខំ​ព្យាយាម​រក្សា​ការសន្យា​របស់​យើង​ចំពោះ​ព្រះ នោះ​ព្រះ​នឹង​ប្រទានពរ​ដល់​យើង ។ សូម​សរសេរ​នៅលើ​ក្ដារខៀន​ថា ការសន្យា​របស់​ខ្ញុំ​ជាមួយនឹង​ព្រះ និង​ការសន្យា​របស់​ព្រះ​ជាមួយនឹង​ខ្ញុំ ។ សូម​អាន ម៉ូសាយ ១៨:១០, ១៣ និង​ គោល​លទ្ធិ និង សេចក្ដី​សញ្ញា ២០:៣៧ ជាមួយ​គ្នា ហើយ​ជួយ​កុមារ​ឲ្យ​ធ្វើ​បញ្ជី​មួយ​អំពី​ការសន្យា​ដែល​ពួកគេ​អាច​រកឃើញ​នៅក្រោម​ចំណងជើង​សមស្រប​មួយ ( សូម​មើល​ផងដែរ ដាល្លិន អេក អូក « Your Baptism Covenant » Friend ខែ កុម្ភៈ ឆ្នាំ ២០២១ ទំព័រ ២–៣ ) ។ សូម​ចែកចាយ​អំពី​របៀប​ដែល​ព្រះវរបិតា​សួគ៌​បាន​ប្រទានពរ​ដល់​បងប្អូន នៅពេល​បងប្អូន​ខិតខំ​ព្យាយាម​រក្សា​សេចក្ដី​សញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​បងប្អូន ។

  • សូម​បង្ហាញ​ដល់​កុមារ​នូវ​រូបភាព​នៃ​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ កាល​ទ្រង់​គង់​នៅលើ​ផែនដី​នេះ ( សម្រាប់​ឧទាហរណ៍​មួយ​ចំនួន សូម​មើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៣៣–៤៩ ) ។ សូម​ឲ្យ​កុមារ​ពិពណ៌នា​ពី​អ្វី​ដែល​ព្រះយេស៊ូវ​កំពុង​ធ្វើ​នៅក្នុង​រូបភាព​នីមួយៗ ។ សូម​អាន ម៉ូសាយ ១៨:៨–១០, ១៣ ហើយ​អញ្ជើញ​កុមារ​ឲ្យ​ស្តាប់​នូវ​អ្វី​ដែល​ពួកគេ​សន្យា​ថា​នឹង​ធ្វើ នៅពេល​ពួកគេ​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ( សូម​មើល​ផងដែរ « The Baptism Covenant » Friend ខែ កុម្ភៈ ឆ្នាំ ២០១៩ ទំព័រ ៧;​Liahona ខែ កុម្ភៈ ឆ្នាំ ២០១៩ ទំព័រ F៣ ) ។ តើ​ការសន្យា​ទាំងនេះ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅលើ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​យើង ? សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​ខ្លួន​ឯង​កំពុង​ជួយ​នរណា​ម្នាក់​តាម​របៀប​ដែល​ព្រះយេស៊ូវ​នឹង​ធ្វើ ។ ឬ​ក៏​បងប្អូន​អាច​ធ្វើ​ស្លាក​សាមញ្ញ​មួយ​ដែល​មាន​ព្រះនាម​របស់​ព្រះអង្គ​សង្រ្គោះ​ឲ្យ​កុមារ​ពាក់ ។

    កុមារា​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក

    នៅពេល​យើង​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក យើង​ធ្វើ​ការសន្យា​ជាមួយ​ព្រះ ហើយ​ទ្រង់​ធ្វើ​ការសន្យា​ជាមួយ​យើង ។

ពិធី​បញ្ជាក់

នៅពេល​ខ្ញុំ​ទទួល​ពិធី​បញ្ជាក់ នោះ​ខ្ញុំ​ក្លាយ​ទៅជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

ការក្លាយ​ទៅជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នាំមក​នូវ​ពរជ័យ​ជាច្រើន រួមមាន​ទាំង​ឱកាស​សម្រាប់​កុមារ​ដើម្បី​ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​កិច្ចការ​របស់​ព្រះ​ផងដែរ ។

ដើម្បី​រៀន​បន្ថែម​អំពី​ពិធី​បញ្ជាក់ និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ សូមមើល ហ្គែរី អ៊ី ស្ទីវ៉ែនសុន « How Does the Holy Ghost Help You? » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១១៧–១២០; Gospel Topics « Holy Ghost » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

សកម្មភាព​ដែល​អាច​ធ្វើ​បាន

  • សូម​អញ្ជើញ​នរណា​ម្នាក់​ដែល​ទើបតែ​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ទើប​បាន​បញ្ជាក់​ថ្មីៗ​ឲ្យ​មក​កាន់​ថ្នាក់រៀន ហើយ​ចែកចាយ​ពី​អារម្មណ៍​ដែល​បាន​ទទួល​ពិធី​បញ្ជាក់ ។ តើ​វា​មាន​ន័យ​យ៉ាងណា​ចំពោះ​បុគ្គល​នេះ ដើម្បី​ក្លាយជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ? សូម​ជួយ​កុមារ​ឲ្យ​គិត​ពី​វិធី​ដែល​ពួកគេ​អាច​រក្សា​សេចក្តី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ពួកគេ​បាន​ក្នុង​នាម​ជា​សមាជិក​របស់​សាសនាចក្រ ( ដូចជា ការបម្រើ​អ្នកដទៃ ការអញ្ជើញ​អ្នកដទៃ​ឲ្យ​រៀន​បន្ថែមទៀត​អំពី​ព្រះយេស៊ូវ ការអធិស្ឋាន​នៅក្នុង​ការប្រជុំ​នានា​ជាដើម ) ។ សូម​ចែកចាយ​នូវ​របៀប​ដែល​ការធ្វើ​កិច្ចការ​ទាំងនេះ​បាន​ជួយ​បងប្អូន​ឲ្យ​មាន​អំណរ​ក្នុង​ការធ្វើ​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ។

  • សូម​បង្ហាញ​រូបភាព​ហ្វូង​មនុស្ស​នៅឯ​ទឹក​មរមន ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៧៦ ) ហើយ​សូម​កុមារ​ឲ្យ​ពិពណ៌នា​នូវ​អ្វី​ដែល​ពួកគេ​មើល​ឃើញ​នៅក្នុង​រូបភាព​នោះ ។ សូម​និទាន​រឿង​របស់​អាលម៉ា និង​ប្រជាជន​របស់​លោក​ដែល​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​នៅ​ទីនោះ ( សូមមើល ម៉ូសាយ ១៨:១–១៧ជំពូក​ទី ១៥ ៖ អាលម៉ា​បង្រៀន ហើយ​ជ្រមុជ​ទឹក » ដំណើរ​រឿង​ព្រះគម្ពីរ​មរមន ទំព័រ​៤៣–៤៤ ឬ​សូមមើល​វីដេអូ​ដែល​ត្រូវ​គ្នា​នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។

    សូម​ពិនិត្យ​មើល ម៉ូសាយ ១៨:៨–៩ ឡើងវិញ ហើយ​អញ្ជើញ​កុមារ​ឲ្យ​ធ្វើ​សកម្មភាព ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចងចាំ​នូវ​អ្វី​ដែល​មនុស្ស​មាន​ឆន្ទៈ​ធ្វើ​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ។ សូម​ចែកចាយ​នូវ​បទពិសោធន៍​មួយ នៅពេល​ដែល​បងប្អូន​បាន​ឃើញ​សមាជិក​សាសនាចក្រ​កំពុង​បម្រើ​តាម​វិធី​ទាំងនេះ ។

នៅពេល​ខ្ញុំ​បាន​ទទួល​ពិធី​បញ្ជាក់ ខ្ញុំ​ទទួល​នូវ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

នៅពេល​យើង​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ហើយ​បាន​ទទួល​ពិធី​បញ្ជាក់ នោះ​ព្រះវរបិតា​សួគ៌​សន្យា​ថា យើង « អាច​បាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់នៅ​ជាមួយ​នឹង [ យើង ] ជា​ដរាប » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧ ) ។ ព្រះរាជ​អំណោយ​ដ៏​អស្ចារ្យ​នេះ​ដែល​បាន​មកពី​ព្រះ​ត្រូវ​បាន​គេ​ហៅថា អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សកម្មភាព​ដែល​អាច​ធ្វើ​បាន

  • សូម​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:១៥ ហើយ​សុំ​ឲ្យ​កុមារ​ស្តាប់​រកអ្វី​ដែល​ជា​អំណោយទាន​ពិសេស ដែល​ព្រះវរបិតា​សួគ៌​ប្រទាន​ដល់​យើង នៅពេល​យើង​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ ។ ដើម្បី​ជួយ​ពួកគេ​ឲ្យ​រៀន​បន្ថែម​ទៀត​អំពី​របៀប​ដែល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​ដល់​ពួកគេ សូម​ពិនិត្យ​មើល​បទគម្ពីរ​នេះ​ទាំងអស់គ្នា យ៉ូហាន ១៤:២៦; កាឡាទី ៥:២២–២៣; នីហ្វៃ​ទី​២ ៣២:៥; នីហ្វៃ​ទី​៣ ២៧:២០ ។ បងប្អូន​ក៏​អាច​ពិនិត្យ​មើល​អត្ថបទ « The Holy Ghost Is … » ( Friend ខែ មិថុនា ឆ្នាំ ២០១៩ ទំព័រ ២៤–២៥; Liahona ខែ មិថុនា ឆ្នាំ ២០១៩ ទំព័រ F12–F13 ) បាន​ផងដែរ ។

  • មុនពេល​ចូល​រៀន សូម​ឲ្យ​ឪពុកម្ដាយ​របស់​កុមារ​ម្នាក់ ឬ​ច្រើន​នាក់​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​ទទួល​ពរជ័យ ដោយសារ​ពួកគេ​មាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​ទ្រង់​អាច​ជួយ​ពួកគេ​បាន​ដោយ​របៀបណា ? តើ​ពួកគេ​អាច​ឮ​ព្រះសូរសៀង​របស់​ទ្រង់​ដោយ​របៀប​ណា ?

  • សូម​ច្រៀង​ជាមួយ​គ្នា​នូវ​បទចម្រៀង​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដូចជា​បទ « ព្រះវិញ្ញាណ​បរិសុទ្ធ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៦ ) ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ពី​អ្វី​ដែល​បទចម្រៀង​នេះ​បង្រៀន​យើង អំពី​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​បាន ។

ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​មាន​ព្រះបន្ទូល​មកកាន់​យើង​តាម​របៀប​ជាច្រើន ។

កុមារ​ដែល​អាច​ស្គាល់​ព្រះសូរសៀង​នៃ​ព្រះវិញ្ញាណ​នឹង​ត្រូវ​បាន​រៀបចំ​ដើម្បី​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន ដើម្បី​ដឹកនាំ​ពួកគេ​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។ សូម​បង្រៀន​ពួកគេ​ថា មាន​វិធី​ជាច្រើន​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​មាន​បន្ទូល​មកកាន់​យើង​បាន ។

សកម្មភាព​ដែល​អាច​ធ្វើ​បាន

  • សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​រិធី​ផ្សេងៗ​ដែល​យើង​អាច​និយាយ​ទៅ​កាន់​មិត្តភក្តិ​ដែល​រស់នៅ​ឆ្ងាយ​ដូចជា ការសរសេរ​សំបុត្រ ការផ្ញើ​អ៊ីម៉ែល ឬ​ការ​និយាយ​តាម​ទូរសព្ទ​ជាដើម ។ សូម​បង្រៀន​ពួកគេ​ថា ព្រះវរបិតា​សួគ៌​អាច​មាន​បន្ទូល​មក​កាន់​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​ប្រើប្រាស់​សារលិខិត​របស់​ប្រធាន ដាល្លិន អេក អូក « How Does Heavenly Father Speak to Us? » ដើម្បី​ជួយ​កុមារ​ឲ្យ​យល់​ពី​វិធី​ផ្សេងៗគ្នា ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​មាន​បន្ទូល​មក​កាន់​គំនិត និង​ដួងចិត្ត​របស់​យើង​បាន ( Friend ខែ មីនា ឆ្នាំ ២០២០ ទំព័រ ២–៣; Liahona ខែ មីនា ឆ្នាំ ២០២០ ទំព័រ F២–F៣ ) ។

  • សូម​ចែកចាយ​បទពិសោធន៍​មួយ នៅពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​បងប្អូន ទោះបី​តាមរយៈ​គំនិត​នៅក្នុង​ចិត្ត ឬ​តាមរយៈ​អារម្មណ៍​នៅក្នុង​ដួងចិត្ត​របស់​បងប្អូន​ក្តី ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៦:២២–២៣; ៨:២–៣; សូមមើល​ផងដែរ ហិនរី ប៊ី អាវរិង « Open Your Heart to the Holy Ghost » Friend ខែ សីហា ឆ្នាំ ២០១៩ ទំព័រ ២–៣; Liahona ខែ សីហា ឆ្នាំ ២០១៩ ទំព័រ F២–F៣ ) ។ សូម​ថ្លែង​ទីបន្ទាល់​ទៅកាន់​កុមារ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​ពួកគេ​តាម​របៀប​ដូចគ្នា​នេះ​បាន​ផង​ដែរ ។

  • សូម​ជួយ​កុមារ​ឲ្យ​គិត​ពី​ពេល​ដែល​ពួកគេ​មាន​អារម្មណ៍​នៃ​ព្រះវិញ្ញាណ—ឧទាហរណ៍ នៅពេល​កំពុង​ច្រៀង​ចម្រៀង​អំពី​ព្រះអង្គ​សង្រ្គោះ ឬ​នៅពេល​កំពុង​ធ្វើ​ល្អ​ដាក់​អ្នកដទៃ ។ សូម​ជួយ​ពួកគេ​ឲ្យ​ស្គាល់​អារម្មណ៍​ខាង​វិញ្ញាណ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​នាំមក ។ ហេតុអ្វី​បាន​ជា​បងប្អូន​គិតថា ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រទាន​ដល់​យើង​នូវ​អារម្មណ៍​ទាំងនោះ ? សូម​ជួយ​កុមារ​ឲ្យ​គិត​ពី​អ្វីៗ​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ស្តាប់​ឮ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​មកកាន់​យើង ។ សូម​និយាយ​អំពី​អ្វី​ដែល​បងប្អូន​ធ្វើ ដើម្បី​ស្តាប់​ឮ​ព្រះវិញ្ញាណ​បាន​កាន់តែ​ច្បាស់​ឡើង ។

ពិធី​សាក្រាម៉ង់

ពេល​ខ្ញុំ​ទទួល​ពិធី​សាក្រាម៉ង់ ខ្ញុំ​នឹកចាំ​ដល់​ពលិកម្ម​របស់​ព្រះអង្គ​សង្រ្គោះ និង​រំឭក​សេចក្តីសញ្ញា​របស់​ខ្ញុំ​ជាថ្មី​ម្ដងទៀត ។

ព្រះអង្គ​សង្រ្គោះ​បាន​ប្រទាន​ពិធី​សាក្រាម៉ង់​ដល់​យើង ដើម្បី​ជួយ​យើង​ឲ្យ​ចងចាំ​នូវ​ការលះបង់​របស់​ទ្រង់​សម្រាប់​យើង ហើយ​រំឭក​សេចក្តីសញ្ញា​របស់​យើង​ឡើងវិញ ។ ដោយសារ​តែ​ពិធីបរិសុទ្ធ​ប្រចាំ​សប្តាហ៍​នេះ នោះ​យើង​អាច​បន្ត​រីករាយ​នឹង​ពរជ័យ​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ពេញ​មួយ​ជីវិត​របស់​យើង​បាន ។

ដើម្បី​រៀន​បន្ថែមទៀត សូមមើល ម៉ាថាយ ២៦:២៦–៣០; នីហ្វៃ​ទី​៣ ១៨:១–១២; គោល​លទ្ធិ និង សេចក្ដី​សញ្ញា ២០:៧៧, ៧៩ ។

សកម្មភាព​ដែល​អាច​ធ្វើ​បាន

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ផាត់ពណ៌​លើ​រូប « ព្រះយេស៊ូវ​បាន​ណែនាំ​ពិធី​សាក្រាម៉ង់​ដល់​ពួក​សាសន៍​នីហ្វៃ » នៅក្នុង​សៀវភៅ​ផាត់ពណ៌​ដំណើររឿង​ក្នុង​ព្រះគម្ពីរ ៖ ព្រះគម្ពីរ​មរមន ( ឆ្នាំ ២០១៩ ) ទំព័រ ២៦ ។ សូម​ពួកគេ​ឲ្យ​ចង្អុល​ទៅ​អ្វី​ដែល​មនុស្ស​កំពុង​គិត​នៅក្នុង​រូបភាព​នេះ ។ សូម​អាន​ទៅកាន់​កុមារ​នូវ​ផ្នែក​ខ្លះ​នៃ នីហ្វៃ​ទី​៣ ១៨:១–១២ ឬ « ជំពូក​ទី ៤៥ ៖ ព្រះយេស៊ូវ​គ្រីស្ទ​បង្រៀន​អំពី​ពិធី​សាក្រាម៉ង់ និង​ការអធិស្ឋាន » ដំណើរ​រឿង​ព្រះគម្ពីរ​មរមន ទំព័រ ១២៦–១២៧ ឬ​មើល​វីដេអូ​ដែល​ត្រូវគ្នា​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ តើ​យើង​អាច​ធ្វើ​អ្វី​បាន​ខ្លះ ដើម្បី​នឹកចាំ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​អំឡុង​ពេល​សាក្រាម៉ង់ ?

  • ចូរ​សុំ​ឲ្យ​កុមារ​ប្រាប់​បងប្អូន​ពី​រឿង​មួយ​ចំនួន ដែល​ពួកគេ​គួរតែ​ចងចាំ​ថា​ត្រូវ​ធ្វើ​ជានិច្ច​ដូចជា ការចង​ស្បែកជើង ឬ​ការលាង​ដៃ​មុនពេល​ពួកគេ​ញ៉ាំ​ជាដើម ។ ហេតុអ្វី​វា​មាន​សារៈសំខាន់​ដើម្បី​ចងចាំ​នូវ​រឿង​ទាំងនេះ ? សូម​អាន មរ៉ូណៃ ៤:៣ ឲ្យ​កុមារ​ស្ដាប់ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ស្តាប់​រក​អ្វី​ដែល​យើង​សន្យា​ថា​នឹង​ចងចាំ​ជានិច្ច នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ ។ ហេតុអ្វី​វា​មាន​សារៈសំខាន់​ដើម្បី​នឹកចាំ​ដល់​ព្រះយេស៊ូវ​គ្រីស្ទ ? សូម​ជួយ​កុមារ​ឲ្យ​យល់​អំពី​របៀប​ដែល​នំប៉័ង និង​ទឹក​នៃ​ពិធី​សាក្រាម៉ង់ ជួយ​យើង​ឲ្យ​ចងចាំ​ពី​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​សម្រាប់​យើង ( សូមមើល មរ៉ូណៃ ៤:៣; ៥:២ ) ។

  • សូម​សរសេរ​នៅ​លើ​ក្ដារខៀន « ខ្ញុំ​សន្យា​ថា​នឹង​… » សូម​អាន​ពាក្យ​អធិស្ឋាន​សាក្រាម៉ង់​ឲ្យ​កុមារ​ស្ដាប់ ( សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧៧ ៧៩ ) ។ នៅពេល​ពួកគេ​ឮ​ការសន្យា​ដែល​យើង​ធ្វើ​ចំពោះ​ព្រះ សូម​ផ្អាក ហើយ​ជួយ​ពួកគេ​ឲ្យ​បំពេញ​ប្រយោគ​នៅលើ​ក្តារខៀន ជាមួយ​នឹង​ពាក្យ​សន្យា​ដែល​ពួកគេ​បាន​ឮ​នោះ ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ នោះ​យើង​កំពុង​ធ្វើ​ការសន្យា​ដូចគ្នា​ទៅនឹង​ការសន្យា​ដែល​យើង​បាន​ធ្វើ​នៅឯ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ដែរ ។

  • តើ​ការលើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ន័យ​យ៉ាង​ដូចម្តេច ? ដើម្បី​ជួយ​កុមារ​ឲ្យ​ឆ្លើយ​ទៅនឹង​សំណួរ​នេះ សូម​ចែកចាយ​នូវ​ឧទាហរណ៍​មួយ​អំពី​អ្វី​ដែល​យើង​ដាក់​ឈ្មោះ​យើង​នៅលើ ។ ហេតុអ្វី​យើង​ត្រូវ​ដាក់​ឈ្មោះ​របស់​យើង​នៅលើ​របស់​អស់​ទាំងនោះ ? ហេតុ​អ្វី​បាន​ជា​ព្រះយេស៊ូវ​គ្រីស្ទ​ចង់​ដាក់​ព្រះនាម​របស់​ទ្រង់​មក​លើ​យើង ? សូម​ពិចារណា​ចែកចាយ​ការពន្យល់​នេះ​មកពី​ប្រធាន រ័សុល អិម ណិលសុន ៖ « ការ​លើក​ដាក់​ព្រះនាម​របស់​ព្រះអង្គ​សង្គ្រោះ​មកលើ​ខ្លួន​យើង រួម​មាន ការ​ប្រកាស និង​ការធ្វើ​ជា​សាក្សី​ដល់​មនុស្ស​ដទៃ​ផង​ដែរ—តាមរយៈ​សកម្មភាព និង​ពាក្យ​សម្ដី​របស់​យើង—ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ » ( « The Correct Name of the Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៨ ) ។

អំណាច​បព្វជិតភាព សិទ្ធិ​អំណាច​បព្វជិតភាព និង​កូនសោ​ទាំងឡាយ

ព្រះ​ប្រទាន​ពរ​ដល់​បុត្រាបុត្រី​របស់​ទ្រង់​តាមរយៈ​អំណាច​បព្វជិតភាព ។

បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់—ទាំង​ស្រី ទាំង​ប្រុស ទាំង​ក្មេង ទាំង​ចាស់—ទទួល​បាន​ព្រះចេស្ដា​របស់​ព្រះ នៅពេល​ពួកគេ​រក្សា​សេចក្ដីសញ្ញា​ដែល​ពួកគេ​បាន​ធ្វើ​ជាមួយនឹង​ទ្រង់ ។ យើង​ធ្វើ​សេចក្តីសញ្ញា​ទាំងនេះ នៅពេល​យើង​ទទួល​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ដូចជា ពិធីបុណ្យ​ជ្រមុជទឹក ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ៣.៥ នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ ដើម្បី​រៀន​បន្ថែម​ទៀត សូមមើល រ័សុល អិម ណិលសុន « Spiritual Treasures » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៦–៧៩; « គោលការណ៍​ទាំងឡាយ​នៃ​បព្វជិតភាព » ជំពូក​ទី​៣ នៅក្នុង ក្បួនខ្នាត​ទូទៅ ។

សកម្មភាព​ដែល​អាច​ធ្វើ​បាន

  • សូម​ជួយ​កុមារ​ឲ្យ​សម្គាល់​នូវ​ពរជ័យ​ទាំងឡាយ​ដែល​ពួកគេ​ទទួល​បាន​ដោយសារ​បព្វជិតភាព ។ ដើម្បី​ផ្តល់​ឲ្យ​ពួកគេ​នូវ​គំនិត​មួយ​ចំនួន បងប្អូន​អាច​បង្ហាញ​វីដេអូ « Blessings of the Priesthood » នេះ​បាន ( នៅលើ​បណ្ណាល័យ​ដំណឹង​ល្អ ) ។

  • សូម​ពិចារណា​រាយ​បញ្ជី​ពរជ័យ​ទាំងនេះ​នៅលើ​ក្ដារខៀន ។ ហេតុអ្វី​បានជា​ពរជ័យ​ទាំងនេះ​សំខាន់​ចំពោះ​យើង ? សូម​ថ្លែង​ទីបន្ទាល់​ថា ពរជ័យ​ទាំងនេះ​មាន​មក​ដល់​យើង ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ និង​អំណាច​បព្វជិតភាព​របស់​ទ្រង់ ។

  • សូម​សរសេរ​ចំណងជើង​ដូច​តទៅ​នេះ​នៅលើ​ក្តារខៀន ៖ អំណាច​របស់​ព្រះ និង អំណាច និង​សិទ្ធិ​អំណាច​របស់​ព្រះដែល​ប្រទាន​ដល់​បុរស​នៅលើ​ផែនដី ។ សូម​ស្នើសុំ​ឲ្យ​កុមារ​ដាក់​រូបភាព​នៅ​ពីក្រោម​ចំណងជើង​ទីមួយ ដែល​ជួយ​យើង​ឲ្យ​យល់​ពី​របៀប​ដែល​ព្រះ​បាន​ប្រើ​អំណាច​របស់​ទ្រង់ដើម្បី​ប្រទានពរ​ដល់​យើង ដូចជា​តាមរយៈ​ការបង្ក​បង្កើត​ផែនដី ការណែនាំ និង​ដឹកនាំ​យើង ការបង្ហាញ​យើង​ថា​ទ្រង់​ស្រឡាញ់ និង​ស្គាល់​យើង ហើយ​ឮ និង​ឆ្លើយតប​ការអធិស្ឋាន​របស់​យើង ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. , ៦៨, ៩០១១១ ) ។ សុំ​ឲ្យ​ពួកគេ​ដាក់​រូបភាព​នៅ​ពីក្រោម​ចំណងជើង​ទីពីរ ដែល​ជួយ​យើង​ឲ្យ​យល់​ពី​របៀប​ដែល​បុរស​ស័ក្តិសម​នៅលើ​ផែនដី​ប្រើ​អំណាច និង​សិទ្ធិ​អំណាច​របស់​ព្រះ​ដើម្បី​ប្រទានពរ​ដល់​យើង ដូចជា​តាមរយៈ​ការប្រទានពរ​ដល់​អ្នកជំងឺ ការជ្រមុជ​ទឹក ការបញ្ជាក់ ការចាត់ចែង​សាក្រាម៉ង់ និង​ការផ្សារភ្ជាប់​ក្រុមគ្រួសារ​ជាដើម ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៤៦, ១០៤, ១០៥, ១០៧១២០ ) ។ សូម​ចែកចាយ​នូវ​មូលហេតុ​ដែល​បងប្អូន​មាន​អំណរគុណ​សម្រាប់​បព្វជិតភាព និង​ពរជ័យ​ទាំងឡាយ​ដែល​វា​នាំ​មក ។

  • វិធី​ដ៏​សំខាន់​មួយ​ដែល​យើង​ទទួល​បាន​ពរជ័យ​នៃ​អំណាច​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​យើង គឺ​តាមរយៈ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព ( សូមមើល គោល​លទ្ធិ និង សេចក្ដី​សញ្ញា ៨៤:២០ ) ។ ដើម្បី​ជួយ​កុមារ​ឲ្យ​រៀន​អំពី​សេចក្តីពិត បងប្អូន​អាច​រាយ​បញ្ជី​នូវ​បទគម្ពីរ​ដូច​តទៅ​នេះ​ដាក់​នៅលើ​ក្តារខៀន​បាន ៖ នីហ្វៃ​ទី​៣ ១១:២១–២៦, ៣៣ ( ពិធី​បុណ្យ​ជ្រមុជ​ទឹក ); មរ៉ូណៃ ២ ( ពិធី​បញ្ជាក់ ); មរ៉ូណៃ ៤–៥ ( ពិធី​សាក្រាម៉ង់ ) ។ កុមារ​ម្នាក់ៗ​អាច​ជ្រើសរើស​វគ្គ​បទគម្ពីរ​មួយ​ក្នុង​ចំណោម​វគ្គ​បទគម្ពីរ​ទាំងនេះ ហើយ​កំណត់​ពី​ពិធីបរិសុទ្ធ​ដែល​វា​ពិពណ៌នា ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​របៀប​ដែល​ពួកគេ​បាន​ទទួល​ពរជ័យ​ដោយ​ផ្ទាល់ តាមរយៈ​ការទទួល​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព ។

  • សូម​ជួយ​កុមារ​ឲ្យ​យល់​ថា ពួកគេ​នឹង​ទទួល​បាន​ព្រះចេស្តា​ពី​ព្រះ នៅពេល​ពួកគេ​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ហើយ​រក្សា​សេចក្តីសញ្ញា​របស់​ពួកគេ ។ ចូរ​សួរ​កុមារ​ពី​របៀប​ដែល​ព្រះចេស្តា​នេះ​អាច​ជួយ​ពួកគេ​បាន ។

កិច្ចការ​របស់​ព្រះ​ត្រូវ​បាន​ដឹកនាំ​ដោយ​កូនសោ​បព្វជិតភាព ហើយ​សម្រេច​បាន​តាមរយៈ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព ។

សមាជិក​សាសនាចក្រ​ជា​បុរស​ដែល​មាន​ភាពស័ក្តិសម​អាច​ត្រូវ​បាន​តែងតាំង​ឲ្យ​កាន់​តំណែង​មួយ​នៅក្នុង​បព្វជិតភាព ។ លើស​ពីនេះ​ទៅ​ទៀត នៅ​ពេល​ណា​ដែល​បុគ្គល​ម្នាក់​ត្រូវ​បាន​ញែកចេញ​សម្រាប់​ការហៅ​បម្រើ​មួយ ឬ​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ទៅ​ជួយ​ក្នុង​កិច្ចការ​របស់​ព្រះ នោះ​គាត់ ឬ​នាង​អាច​អនុវត្ត​សិទ្ធិ​អំណាច​បព្វជិតភាព​ដែល​បាន​ផ្ទេរ​នោះ​បាន ។ ការប្រើប្រាស់​សិទ្ធិ​អំណាច​បព្វជិតភាព​ទាំងអស់​នៅក្នុង​សាសនាចក្រ​ត្រូវបាន​ដឹកនាំ​ដោយ​បុគ្គល​ដែល​កាន់​កូនសោ​នៃ​បព្វជិតភាព​ដូចជា ប្រធាន​ស្តេក ប៊ីស្សព និង​ប្រធាន​កូរ៉ុម​ជាដើម ។ កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​គឺជា​សិទ្ធិ​អំណាច​ដើម្បី​ដឹកនាំ​ការប្រើ​ប្រាស់​នៃ​បព្វជិតភាព​ក្នុង​ការធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។

សកម្មភាព​ដែល​អាច​ធ្វើ​បាន

  • សូម​អាន​ជាមួយ​កុមារ​ក្នុង ម៉ាកុស ៣:១៤–១៥ ហើយ​បង្ហាញ​ពួកគេ​នូវ​រូបភាព​ព្រឹត្តិការណ៍​ដែល​បាន​ពិពណ៌នា​នៅ​ទីនោះ ( ដូចជា សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៣៨ ) ។ សូម​សួរ​កុមារ​ថា តើ​ពួកគេ​ធ្លាប់​ឃើញ​នរណា​ម្នាក់​ត្រូវ​បាន​តែងតាំង​នៅក្នុង​តំណែង​បព្វជិតភាព ឬ​ត្រូវបាន​ញែកចេញ​សម្រាប់​ការហៅ​បម្រើ​មួយ​ដែរ​ឬទេ ( ឬ​ប្រាប់​ពួកគេ​អំពី​បទពិសោធន៍​ដែល​បងប្អូន​ធ្លាប់​មាន ) ។ តើ​វា​ស្រដៀង​ទៅនឹង​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ជាមួយ​ពួក​សាវក​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ? សូម​ជួយ​កុមារ​ឲ្យ​រាយ​បញ្ជី​នៅលើ​ក្តារខៀន​ពី​តំណែង​បព្វជិតភាព ឬ​ការហៅ​បម្រើ​ដែល​អាច​ផ្តល់​ឲ្យ​សមាជិក​នៃ​សាសនាចក្រ​ដូចជា​គ្រូបង្រៀន ឬ​អ្នកដឹកនាំ​នៅក្នុង​អង្គភាព​មួយ​ជាដើម ។ នៅ​ជាប់​នឹង​តំណែង​នីមួយៗ ឬ​ការហៅ​បម្រើ​នីមួយៗ បងប្អូន​អាច​សរសេរ​អ្វី​ដែល​នរណា​ម្នាក់​ដែល​មាន​តំណែង ឬ​ការហៅ​បម្រើ​នោះ​មាន​សិទ្ធិ​អំណាច​ធ្វើ ។ សូម​ប្រាប់​កុមារ​អំពី​របៀប​ដែល​ការញែកចេញ​ដោយ​នរណា​ម្នាក់ នៅក្រោម​ការដឹកនាំ​នៃ​កូនសោ​បព្វជិតភាព បាន​ជួយ​បងប្អូន​ឲ្យ​ធ្វើ​ការបម្រើ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​គិត​អំពី​អ្វី​មួយ​ដែល​បងប្អូន​ត្រូវ​ការ​កូនសោ ដូចជា​រថយន្ត ឬ​ទ្វារ​ជាដើម ។ តើ​នឹង​មាន​អ្វី​កើតឡើង ប្រសិនបើ​បងប្អូន​គ្មាន​កូនសោ​ទេនោះ ? សូម​អាន​ជាមួយ​គ្នា​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៥:២ ហើយ​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​អំពី​សារៈសំខាន់​នៃ​ការមាន​កូនសោ​បព្វជិតភាព​នៅលើ​ផែនដី​នេះ ។ បងប្អូន​ក៏​អាច​មើល​វីដេអូ « Where Are the Keys? » បាន​ផងដែរ ( បណ្ណាល័យ​ដំណឹងល្អ ) ហើយ​រកមើល​អ្វី​ដែល​អែលឌើរ ស្ទីវ៉ែនសុន បង្រៀន​អំពី​កូនសោ​នៃ​បព្វជិតភាព ។

  • សូម​ឲ្យ​នរណា​ម្នាក់​នៅក្នុង​វួដ​ដែល​កាន់​កូនសោ​ទាំងនោះ​មក​ថ្នាក់រៀន ហើយ​ចែកចាយ​ជាមួយ​កុមារ​អំពី​អត្ថន័យ​នៃ​ការកាន់​កូនសោ​បព្វជិតភាព ។ សូម​អញ្ជើញ​គាត់​ឲ្យ​ពិពណ៌នា​អំពី​ការទទួល​ខុសត្រូវ​របស់​គាត់ ។ តើ​គាត់​ដឹកនាំ​ផ្នែក​ណា​ខ្លះ​នៃ​កិច្ចការ​របស់​ព្រះអម្ចាស់ ? តើ​ព្រះអង្គ​សង្រ្គោះ​ជួយ​ដល់​គាត់​ដោយ​របៀបណា ?

ព្រះវិហារ​បរិសុទ្ធ និង​ផែនការ​នៃ​សុភមង្គល

ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះអម្ចាស់ ។

ព្រះវិហារ​បរិសុទ្ធ​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌​យើង​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់ ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ចុះ​សេចក្តីសញ្ញា​ពិសិដ្ឋ​ជាមួយ​ទ្រង់ ទទួល​បាន​នូវ​អំណាច​បព្វជិតភាព ទទួល​វិវរណៈ ធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​បុព្វការីជន​ដែល​បាន​ទទួល​មរណភាព​របស់​យើង ហើយ​បាន​ផ្សារភ្ជាប់​ជាមួយ​ក្រុមគ្រួសារ​របស់​យើង​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។ អ្វីៗ​ទាំង​អស់​នេះ​អាច​កើត​ឡើង​បាន​ដោយ​សារ​តែ​ព្រះយេស៊ូវ​គ្រីស្ទ និង​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ។

តើ​បងប្អូន​អាច​ជួយ​កុមារ​ដែល​បងប្អូន​បង្រៀន​ឲ្យ​ស្គាល់​ពី​ភាពពិសិដ្ឋ​នៃ​ព្រះ​ដំណាក់​របស់​ព្រះអម្ចាស់ ហើយ​រៀបចំ​ខ្លួន​របស់​ពួកគេ​ឲ្យ​ស័ក្ដិសម​ដើម្បី​ចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដោយ​របៀបណា ? សូម​ពិចារណា​ពិនិត្យ​មើល​ធនធាន​ទាំងនេះ ៖ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:១៥–១៧; រ័សុល អិម ណិលសុន « Closing Remarks » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១២០–២២; « Why Latter-day Saints Build Temples » នៅលើ​គេហទំព័រ temples.ChurchofJesusChrist.org ។

យុវវ័យ​នៅ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ

ព្រះវិហារ​បរិសុទ្ធ​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌​យើង​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់ ។

សកម្មភាព​ដែល​អាច​ធ្វើ​បាន

  • សូម​ដាក់​បង្ហាញ​រូបភាព​ព្រះវិហារ​បរិសុទ្ធ​មួយ ឬ​ច្រើន ។ សូម​សួរ​កុមារ​ពី​អ្វី​ដែល​ធ្វើ​ឲ្យ​ព្រះវិហារ​បរិសុទ្ធ​ជា​កន្លែង​ដ៏​ពិសេស ។ សូម​ចង្អុល​បង្ហាញ​ថា នៅ​លើ​ព្រះវិហារ​បរិសុទ្ធ​នីមួយៗ​មាន​សិលា​ចារឹក​នេះ​ថា ៖ « បរិសុទ្ធភាព​ថ្វាយ​ព្រះអម្ចាស់ ៖ ព្រះដំណាក់​នៃ​ព្រះអម្ចាស់ » ។ សូម​សួរ​កុមារ​ថា តើ​ពួកគេ​គិត​ថា « បរិសុទ្ធភាព​ថ្វាយ​ព្រះអម្ចាស់ » មាន​ន័យ​យ៉ាងណា ។ ហេតុ​អ្វី​បាន​ជា​ព្រះវិហារ​បរិសុទ្ធ​ត្រូវ​បាន​គេ​ហៅថា​ព្រះដំណាក់​នៃ​ព្រះអម្ចាស់ ? តើ​ការណ៍​នេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះវិហារ​បរិសុទ្ធ ? ប្រសិនបើ​កុមារ​ណា​ម្នាក់​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​រួចហើយ នោះ​ពួកគេ​ក៏​អាច​ចែកចាយ​ពី​អារម្មណ៍​របស់​ពួកគេ​នៅពេល​ពួកគេ​នៅ​ទីនោះ​ផងដែរ ។ ប្រសិនបើ​បងប្អូន​ធ្លាប់​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ សូម​ចែកចាយ​ពី​អារម្មណ៍​ដែល​បងប្អូន​មាន​ពី​វត្តមាន​របស់​ព្រះអម្ចាស់​នៅទីនោះ ហើយ​និយាយ​អំពី​មូលហេតុ​ដែល​ព្រះវិហារ​បរិសុទ្ធ​គឺជា​កន្លែង​ដ៏​ពិសិដ្ឋ​សម្រាប់​បងប្អូន ។

  • សូម​អាន​ជាមួយ​គ្នា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:១៥–១៧ ។ សូម​ឲ្យ​កុមារ​រក​មើល​អ្វី​ដែល​ព្រះអម្ចាស់​រំពឹង​ពី​អស់អ្នក​ទាំងឡាយ​ដែល​ចូលទៅ​ក្នុង​ព្រះរាជ​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​មាន​ភាពស័ក្ដិសម​ដើម្បី​ចូល​ទៅ​ក្នុង​ព្រះរាជ​ដំណាក់​របស់​ទ្រង់ ? ដោយជា​ផ្នែក​មួយ​នៃ​ការសន្ទនា​នេះ សូម​និយាយ​ជាមួយ​កុមារ​អំពី​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ រួមទាំង​របៀប​ដើម្បី​ទទួល​បាន​ប័ណ្ណ​នោះ​ផងដែរ ។ បងប្អូន​អាច​អញ្ជើញ​សមាជិក​ម្នាក់​ក្នុង​គណៈប៊ីស្សព​ឲ្យ​ចែកចាយ​ជាមួយ​ពួកគេ អំពី​ការសម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ថា​វា​មាន​លក្ខណៈ​ដូចម្តេច និង​សំណួរ​ដែល​ត្រូវ​សួរ​នៅក្នុង​ការសម្ភាស​នោះ ។

នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « ព្រះយេស៊ូវ​គ្រីស្ទ​អញ្ជើញ​យើង​ឲ្យ​ដើរ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ដើម្បី​ត្រឡប់​ទៅកាន់​ផ្ទះ​យើង​វិញ ទៅរក​ព្រះបិតា​មាតា​សួគ៌​របស់​យើង ហើយ​នៅ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង » ( « Come, Follow Me » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩១ ) ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ថា ផ្លូវ​នៃ​សេចក្តីសញ្ញា​រួមមាន ពិធីបុណ្យ​ជ្រមុជទឹក ពិធី​បញ្ជាក់ និង​អំណោយទាន​ពិសិដ្ឋ និង​ការផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

សកម្មភាព​ដែល​អាច​ធ្វើ​បាន

  • សូម​ស្នើសុំ​កុមារ​ឲ្យ​ជួយ​បងប្អូន​ពិនិត្យ​មើល​ឡើងវិញ​នូវ​សេចក្ដី​សញ្ញា​ដែល​យើង​ធ្វើ​ជាមួយ​នឹង​ព្រះ នៅពេល​យើង​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​សេចក្ដី​សញ្ញា​ដែល​យើង​រំឭក​ឡើង​វិញ នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ ( សូមមើល ម៉ូសាយ ១៨:១០; គោល​លទ្ធិ និង សេចក្ដី​សញ្ញា ២០:៧៧, ៧៩ ) ។ សូម​បង្ហាញ​រូបភាព​របស់​ព្រះវិហារ​បរិសុទ្ធ​មួយ ហើយ​ពន្យល់​ថា ព្រះវរបិតា​សួគ៌​មាន​ពរជ័យ​ជាច្រើន​ទៀត​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ប្រទាន​ឲ្យ​យើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

  • សូម​គូរ​រូប​ទ្វារ​ដែល​នាំ​ទៅរក​ផ្លូវ​មួយ ។ សូម​សួរ​កុមារ​ថា ហេតុអ្វី​បាន​ជា​ពួកគេ​គិត​ថា វា​មាន​ប្រយោជន៍​ក្នុង​ការមាន​ផ្លូវ​សម្រាប់​ដើរ ។ សូម​អាន​ជាមួយគ្នា​នៅក្នុង នីហ្វៃ​ទី​២ ៣១:១៧–២០ ដែល​នីហ្វៃ​ប្រៀបធៀប​សេចក្តីសញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ទៅនឹង​ទ្វារ​មួយ ហើយ​អញ្ជើញ​យើង​ឲ្យ​បន្ត​នៅលើ​ផ្លូវ​នោះ​ក្រោយពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។ មាន​សេចក្ដី​សញ្ញា​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​បន្ទាប់​ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​រួម​មាន សេចក្ដី​សញ្ញា​ដែល​បាន​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។ សូម​ពន្យល់​ថា ប្រធាន ណិលសុន បាន​ហៅ​ផ្លូវ​នេះ​ថា « ផ្លូវ​នៃ​សេចក្ដីសញ្ញា » ។

នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​អាច​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​ជូន​បុព្វការីជន​ដែល​ទទួល​មរណភាព​បាន ។

ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​ឲ្យ​បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់​មាន​លទ្ធភាព​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ទ្រង់​វិញ បើ​ទោះ​បីជា​ពួកគេ​ស្លាប់​ដោយ​មិន​ដឹង​ពី​ដំណឹងល្អ​ក៏ដោយ ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​អាច​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​ជំនួស​ឲ្យ​ពួកគាត់​បាន ។

សកម្មភាព​ដែល​អាច​ធ្វើ​បាន

  • សូម​និយាយ​អំពី​គ្រា​មួយ នៅពេល​ដែល​នរណា​ម្នាក់​បាន​ធ្វើ​អ្វី​មួយ​សម្រាប់​បងប្អូន ដែល​បងប្អូន​មិន​អាច​ធ្វើ​ដោយ​ខ្លួនឯង​បាន ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​បទពិសោធន៍​ស្រដៀងគ្នា​នោះ ។ សូម​ពន្យល់​ថា ពេល​យើង​ទៅ​ព្រះវិហារ​បរិសុទ្ធ យើង​អាច​ទទួល​ពិធីបរិសុទ្ធ​ពិសិដ្ឋ​ដូចជា ពិធីបុណ្យ​ជ្រមុជ​ទឹក​សម្រាប់​អ្នកដទៃ​ដែល​បាន​ទទួល​មរណភាព​ហើយ ។ តើ​យើង​គឺ​ដូចជា​ព្រះយេស៊ូវ​យ៉ាង​ដូចម្ដេច នៅពេល​យើង​ធ្វើ​កិច្ចការ​សម្រាប់​មរណជន ? តើ​ព្រះអង្គ​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​យើង ដែល​យើង​មិន​អាច​ធ្វើ​បាន​ដោយ​ខ្លួនឯង ?

  • សូម​អញ្ជើញ​យុវវ័យ​ម្នាក់ ឬ​ច្រើន​នាក់​ដែល​បាន​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ជូន​បុព្វការីជន​របស់​ពួកគេ​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ។ សូម​សួរ​ពួកគេ​ពី​អ្វី​ដែល​ពួកគេ​ចូលចិត្ត​អំពី​ព្រះវិហារ​បរិសុទ្ធ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​អារម្មណ៍​ដែល​ពួកគេ​មាន នៅពេល​ធ្វើ​កិច្ចការ​ជូន​បុព្វការីជន​របស់​ពួកគេ ។

  • សូម​គូរ​រូប​ដើមឈើ​មួយ​នៅលើ​ក្តាខៀន ដោយ​រួមមាន​ទាំង​ឫស និង​មែកធាង​ផង ។ សូម​ឲ្យ​កុមារ​គិត​ពីរបៀប​ដែល​គ្រួសារ​មួយ​ប្រៀប​បាន​ទៅនឹង​ដើមឈើ​មួយ​ដើម​នោះ ។ សូម​ដាក់​ស្លាក​ឫស​ថា បុព្វការីជន ដាក់​ស្លាក​មែកធាង​ថា កូនចៅ ហើយ​ដាក់​ស្លាក​ដើម​ថា អ្នក ។ សូម​អាន​ឃ្លា​នេះ​ជាមួយគ្នា​ដែល​មកពី គោល​លទ្ធិ និង​ សេចក្ដី​សញ្ញា ១២៨:១៨ ៖ « ដ្បិត​យើង​រាល់គ្នា​មិន​អាច​បាន​ល្អ​ឥតខ្ចោះ ក្រៅពី​ពួកគេ [ បុព្វការីជន​របស់​យើង ] ឡើយ រីឯ​ពួកគេ​ក៏​មិន​អាច​បាន​ល្អ​ឥតខ្ចោះ​ក្រៅពី​យើង​ដែរ » ។ សូម​សួរ​សំណួរ​ដូច​តទៅ​នេះ ៖ « ហេតុអ្វី​បានជា​យើង​ត្រូវការ​បុព្វការីជន​របស់​យើង ? ហេតុអ្វី​បានជា​កូនចៅ​របស់​យើង​ត្រូវការ​យើង ? តើ​ឪពុក​ម្តាយ ជីដូន​ជីតា និង​បុព្វការីជន​ផ្សេងៗទៀត​បាន​ជួយ​យើង​ដោយ​របៀបណា ? » សូម​អញ្ជើញ​កុមារ​ឲ្យ​ស្រាវជ្រាវ​ក្នុង គោល​លទ្ធិ និង សេចក្ដី​សញ្ញា ១២៨:១៨ ដែល​នៅសល់​រកមើល​ឃ្លា​ដែល​ពិពណ៌នា​អំពី​របៀប​ដែល​យើង​អាច​ជួយ​ជីដូនជីតា​របស់​យើង​បាន ។

  • សូម​ពិចារណា​ធ្វើការ​សហការគ្នា​ជាមួយ​ឪពុក​ម្តាយ​របស់​កុមារ​ម្នាក់ៗ ដើម្បី​ស្វែងរក​ឈ្មោះ​ជីដូន​ជីតា​ដើម្បី​ឲ្យ​កុមារ​យកទៅ​ព្រះវិហារ​បរិសុទ្ធ ( សូមមើល​គេហទំព័រ FamilySearch.org) ។