ធីម៉ូថេ ទី១ ៤:១២–១៦
« ចូរធ្វើជាគំរូដល់ពួកអ្នកជឿ »
វាមិនងាយស្រួលក្នុងការរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនៅក្នុងកន្លែងទុច្ចរិតដូចក្រុងអេភេសូរឡើយ ។ ប្រាកដណាស់ អ្នកទាំងឡាយណាដែលដូចជាធីម៉ូថេ ជាអ្នកបានជ្រើសរើសរស់នៅក្នុងជីវិតសុចរិត បានលេចធ្លោក្នុងចំណោមមិត្តភក្តិរបស់ពួកគេ ។ ប៉ុន្តែ ប៉ុលបានលើកទឹកចិត្តធីម៉ូថេឲ្យក្រោកឡើងដើម្បីយកឈ្នះលើការរិះគន់របស់អ្នកដទៃពីព្រោះតែលោកនៅក្មេង ឬសេចក្ដីជំនឿរបស់លោក ហើយ « ធ្វើជា … គំរូដល់ពួកអ្នកជឿ » ( ធីម៉ូថេ ទី១ ៤:១២ ) ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យខិតខំធ្វើជាគំរូនៃភាពជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទក្នុងយុវវ័យរបស់អ្នក ។
តើវានឹងនិយាយអ្វីអំពីអ្នក ?
-
ប្រសិនបើមាននរណាម្នាក់មកសង្កេតមើលអ្នករយៈពេលមួយសប្តាហ៍ តើភស្តុតាងអ្វីខ្លះដែលធ្វើឲ្យពួកគេមើលឃើញថាអ្នកកំពុងព្យាយាមដើរតាមព្រះយេស៊ូវគ្រីស្ទ ?
-
តើពួកគេអាចនឹងឃើញអ្វីខ្លះក្នុងជីវិតរបស់អ្នកដែលធ្វើឲ្យពួកគេអាចកែលម្អខ្លះៗ នៅពេលអ្នកស្វែងរកការដើរតាមព្រះគ្រីស្ទ ?
សូមពិចារណាមើលវីដេអូ ៖ « The Lost Purse » ( ២:៤០ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.orgដែលបង្ហាញពីគំរូខ្លះៗនៃភាពជាសិស្សដូចព្រះគ្រីស្ទ ។
-
ហេតុអ្វីបានជាវាសំខាន់ ដើម្បីពិចារណាអំពីគំរូអ្វីដែលយើងកំពុងតែធ្វើសម្រាប់អ្នកដទៃ ?
សូមគិតអំពីអារម្មណ៍ដែលអ្នកទុកចិត្តចំពោះការធ្វើជាគំរូដល់អ្នកដើរតាមព្រះយេស៊ូវគ្រីស្ទសម្រាប់មនុស្សនៅជុំវិញអ្នក ហើយហេតុអ្វី ។
នៅពេលអ្នកសិក្សាមេរៀននេះ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីស្គាល់ពីរបៀបដែលអ្នកកំពុងធ្វើជាគំរូដែលជួយអ្នកដទៃ ហើយដឹកនាំពួកគេទៅកាន់ព្រះអង្គសង្គ្រោះ ។ ប្រសិនបើអ្នកមិនទុកចិត្តក្នុងការធ្វើជាគំរូដល់អ្នកដទៃទេ សូមស្វែងរកសេចក្ដីពិតដែលអាចជួយអ្នក និងជំរុញទឹកចិត្តអ្នក ។
ការលើកទឹកចិត្តរបស់ប៉ុលដល់ធីម៉ូថេ
ព្រះគម្ពីរសញ្ញាថ្មីរួមបញ្ចូលសំបុត្រពីរដែលប៉ុលបានសរសេរទៅមិត្តម្នាក់ដែលគួរឲ្យទុកចិត្តបំផុតរបស់គាត់គឺធីម៉ូថេ ( សូមមើល កូរិនថូស ទី១ ៤:១៧ ) ។ នៅពេលអ្នកអានព័ត៌មានខាងក្រោមអំពីធីម៉ូថេ សូមគិតអំពីមូលហេតុដែលគំរូរបស់គាត់នឹងធ្វើឲ្យអ្នកដទៃផ្លាស់ប្តូរ ។ តើអ្នកទាក់ទងទៅនឹងគាត់របៀបណា ?
-
ម្ដាយ និងជីដូនរបស់ធីម៉ូថេជាគំរូដ៏សុចរិត ប៉ុន្តែឪពុករបស់លោកជាសាសន៍ក្រិកដែលទំនងមិនមែនជាអ្នកជឿ ( សូមមើល កិច្ចការ ១៦:១; ធីម៉ូថេ ទី២ ១:៥; ៣:១៤–១៥ ) ។
-
ធីម៉ូថេកំពុងបម្រើជាអ្នកដឹកនាំសាសនាចក្រនៅក្រុងអេភេសូរ ( សូមមើល ធីម៉ូថេ ទី១ ១:៣ ) ជាទីក្រុងធំមួយដែលការថ្វាយបង្គំរូបព្រះ និងអំពើអសីលធម៌បានរីកសុះសាយ ( សូមមើល កិច្ចការ ១៩:៣៥ ) ។
-
ប៉ុលបានលើកឡើងថា សមាជិកខ្លះបានសង្ស័យលើលទ្ធភាពនៃការដឹកនាំរបស់ធីម៉ូថេ ព្រោះលោកមានវ័យក្មេង ( សូមមើល ធីម៉ូថេ ទី១ ៤:១២ ) ។
សូមអាន ធីម៉ូថេ ទី១ ៤:១២–១៦ ដោយស្វែងរកអ្វីដែលប៉ុលបានទូន្មានឲ្យធីម៉ូថេធ្វើ ។
-
តើការទូន្មានអ្វីដែលអ្នករកឃើញថា មានអត្ថន័យចំពោះអ្នក ?
-
តើអ្នកនឹងសង្ខេបការអញ្ជើញរបស់ប៉ុលពី ខទី ១២ និងសេចក្ដីសន្យានៅក្នុង ខទី ១៦ ទៅជាសេចក្ដីថ្លែងការណ៍នៃសេចក្ដីពិតតែមួយដោយរបៀបណា ?
ប៉ុលបានបង្រៀននៅក្នុង ធីម៉ូថេ ទី១ ៤:១២, ១៦ ថា ប្រសិនបើយើងជាគំរូដល់ពួកអ្នកជឿនៃព្រះយេស៊ូវគ្រីស្ទ នោះយើងអាចជួយនាំសេចក្ដីសង្គ្រោះដល់ខ្លួនយើង និងមនុស្សដទៃទៀត ។
ការស្វែងយល់ពីបញ្ជីនៅក្នុងបទគម្ពីរអាចជួយយើងឲ្យឃើញរបៀបជាច្រើនដើម្បីអនុវត្តតាមសេចក្តីពិតនៃដំណឹងល្អនៅក្នុងជីវិតរបស់យើង ។ នៅក្នុង ខទី ១២ ប៉ុលបានរាយបញ្ជីអំពីផ្នែកដែលយើងអាចប្រែក្លាយកាន់តែដូចព្រះគ្រីស្ទ ដើម្បីធ្វើជាគំរូល្អដល់អ្នកដែលនៅជុំវិញយើង ។
សូមអាន ខទី ១២ ម្តងទៀត ហើយគូសចំណាំពាក្យដែលពិពណ៌នាអំពីផ្នែកនីមួយៗដែលប៉ុលបានអញ្ជើញយើងឲ្យផ្តោតទៅលើ ។ សូមពិចារណាថតចម្លងបញ្ជីនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើអ្នកនឹងពន្យល់ថាតើពាក្យនីមួយៗមានន័យដូចម្តេច ? ( ប្រសិនបើចាំបាច់ សូមប្រើឧបករណ៍សិក្សាព្រះគម្ពីរ ឬវចនានុក្រម ដើម្បីជួយអ្នកក្នុងការឲ្យនិយមន័យលើពាក្យពេចន៍ទាំងនោះ ) ។
វាអាចមានប្រយោជន៍ក្នុងការដឹងថា ពាក្យ ការសន្ទនា ក្នុងខនេះសំដៅលើការប្រព្រឹត្ត ឬអាកប្បកិរិយារបស់យើង ។
សូមជ្រើសរើសផ្នែកពីរដែលប៉ុលបានរាយបញ្ជី ហើយឆ្លើយសំណួរខាងក្រោម ៖
តើអ្នកអាចធ្វើជាគំរូដោយរបៀបណា ?
សូមរាយបញ្ជីអំពីរបៀបជាច្រើនដែលអ្នកអាចធ្វើជាគំរូនៅក្នុងផ្នែកដែលអ្នកបានជ្រើសរើស ។ ឧទាហរណ៍ ដើម្បីធ្វើជាគំរូ « ដោយពាក្យសម្ដី » អ្នកអាចរាយបញ្ជីអំពីគំនិតមួយចំនួនដូចខាងក្រោម ៖
-
បង្ហាញការដឹងគុណឲ្យបានញឹកញាប់
-
សូមផ្តល់ការសរសើរដោយស្មោះដល់មនុស្ស
-
សូមនិយាយការពិត
-
ជៀសវាងការប្រើពាក្យប្រមាថ
-
បង្ហាញសេចក្ដីស្រឡាញ់របស់អ្នកឲ្យបានញឹកញាប់
-
និយាយទៅកាន់មនុស្សដោយការគោរព
-
ជៀសវាងការនិយាយដើម
-
អធិស្ឋានដោយស្មោះជាងពេលកន្លងទៅ
សូមចំណាយពេលបន្តិចដើម្បីសញ្ជឹងគិតពីរបៀបដែលព្រះអម្ចាស់អាចប្រទានពរដល់អ្នក និងអ្នកដទៃ ប្រសិនបើអ្នកព្យាយាមធ្វើជាគំរូតាមរបៀបទាំងនេះ ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
តើខ្ញុំអាចក្លាយជាគំរូកាន់តែប្រសើរដោយរបៀបណា ?
សូមពិចារណាមើលវីដេអូខាងក្រោមមួយ ឬច្រើនដែលមាននៅលើគេហទំព័រ ChurchofJesusChrist.orgដែលបង្ហាញពីរបៀបជាច្រើនដែលយុវវ័យធ្វើជាគំរូដល់មនុស្សដែលនៅជុំវិញពួកគេ ។ នៅពេលអ្នកមើល ចូរគិតអំពីរបៀបដែលអ្នកអាចធ្វើជាគំរូដល់អ្នកដទៃ ។
« Sharing Your Light » ( ២:៥៦ )
« Charity: An Example of the Believers » ( ៤:៥០ )
« Something Different About Us: Example » ( ២:៥១ )
តើគំរូរបស់ខ្ញុំតាំងពីវ័យជំទង់ពិតជាសំខាន់ឬ ?
ស៊ីស្ទើរ បូនី អេច ខ័រឌុន ប្រធានយុវនារីទូទៅ បានបង្រៀនអំពីសារៈសំខាន់នៃគំរូរបស់អ្នក ៖
មិត្តជាទីស្រឡាញ់របស់ខ្ញុំ ហេតុអ្វីការបញ្ចាំងពន្លឺរបស់យើងសំខាន់ខ្លាំងម្ល៉េះ ? ព្រះអម្ចាស់មានបន្ទូលប្រាប់យើងថា « មានមនុស្សជាច្រើននៅលើផែនដីនៅឡើយ … ដែលលាក់ពីសេចក្ដីពិត ពីព្រោះពួកគេមិនដឹងជាទៅរកសេចក្ដីពិតឯណាទេ » [ គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៣:១២ ] ។ យើងអាចជួយបាន ។ យើងអាចបញ្ចាំងពន្លឺយើងដោយមានគោលបំណង ដើម្បីឲ្យមនុស្សដទៃអាចឃើញបាន ។ យើងអាចធ្វើការអញ្ជើញមួយ ។ យើងអាចធ្វើដំណើរជាមួយអ្នកដែលកំពុងបោះជំហានទៅរកព្រះអង្គសង្គ្រោះបាន មិនថាយឺត និងស្ទាក់ស្ទើរយ៉ាងណាទេ ។ …
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់នឹងពង្រីកការខិតខំដ៏តូចតាចទាំងអស់ ។ ព្រះវិញ្ញាណបរិសុទ្ធនឹងបំផុសគំនិតយើងឲ្យដឹងពីអ្វីត្រូវនិយាយ និងធ្វើ ។ ការប៉ុនប៉ងបែបនោះអាចតម្រូវឲ្យយើងបោះជំហានចេញពីកន្លែងសុខស្រួលរបស់យើង ប៉ុន្ដែយើងអាចមានការធានាថា ព្រះអម្ចាស់នឹងជួយឲ្យពន្លឺយើងបានចាំងទៅ ។
( បូនី អេច ខ័រឌុន « That They May See » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨០ )
ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បានបង្រៀនអំពីការធ្វើជាគំរូ ៖
សូមធ្វើជាគំរូ ។ … ឱកាសរបស់យើងនៅចំពោះមុខយើងនៅទីនេះ និងឥឡូវនេះ ។ ប៉ុន្តែឱកាសទាំងនោះអាចវិនាសបាន ។ ទំនងជាឱកាសទាំងនោះនឹងត្រូវបានរកឃើញនៅក្នុងគេហដ្ឋានរបស់យើងផ្ទាល់ និងនៅក្នុងសកម្មភាពប្រចាំថ្ងៃនៃជីវិតរបស់យើង ។ ព្រះអម្ចាស់ និងលោកគ្រូរបស់យើងបានគូសចំណាំផ្លូវ ៖ « [ ទ្រង់ ] បានយាងចុះឡើងធ្វើការល្អ » ។ ( កិច្ចការ ១០:៣៨ ) ។ ទ្រង់ពិតជាគំរូមួយដែលត្រូវធ្វើតាម—ទាំងជាគំរូដល់អ្នកជឿផងដែរ ។
ចុះយើងវិញ ?
( ថូម៉ាស អេស ម៉នសុន « An Example of the Believers » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩២ ទំព័រ ៩៨ )
ធីម៉ូថេ ទី១ ៤:១៦ ។ តើប៉ុលចង់មានន័យយ៉ាងណា ពេលលោកនិយាយថា « សង្គ្រោះខ្លួនអ្នក » ?
ខណៈដែលប៉ុលបានប្រើពាក្យ « អ្នកនឹងសង្គ្រោះខ្លួនអ្នកបាន ព្រមទាំងពួកអ្នកដែលស្តាប់អ្នកផង » ( ធីម៉ូថេ ទី១ ៤:១៦ ) លោកក៏បានថ្លែងទីបន្ទាល់ថា យើងអាចត្រូវបានសង្គ្រោះតែតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ( សូមមើល ធីម៉ូថេ ទី១ ១:១៥–១៦; ២:៥–៦ ) ។ យើងអាចអនុវត្តសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទតាមរយៈការខិតខំរបស់យើង ហើយអនុញ្ញាតឲ្យទ្រង់សង្គ្រោះយើង ។