ធីម៉ូថេ ទី១ ៣:១–៧; ទីតុស ១:៦–៩
ប៊ីស្សព ៖ បុរសដែល « មានឈ្មោះល្អពីអ្នកដទៃ »
តើអ្នកដឹងទេថា ប៊ីស្សពបានបម្រើក្នុងសាសនាចក្រក្នុងជំនាន់របស់ប៉ុល ? តើប៊ីស្សព និងប្រធានសាខាអាចផ្តល់ពរដល់ជីវិតអ្នកយ៉ាងដូចម្ដេច ? នៅក្នុងសំបុត្ររបស់ប៉ុល ទៅកាន់ធីម៉ូថេ និងទីតុស លោកបានរៀបរាប់អំពីលក្ខណៈសម្បត្តិរបស់បុរសដែលត្រូវបានហៅជាប៊ីស្សព ។ មេរៀននេះអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីបុគ្គលិកលក្ខណៈរបស់ប៊ីស្សព និងប្រធានសាខា និងពីរបៀបដែលអ្នកបម្រើទាំងនេះរបស់ព្រះអម្ចាស់អាចជួយអ្នកក្នុងជីវិតរបស់អ្នក ។
តើអ្នកងាកទៅរកអ្នកណា ?
សូមស្រមៃថាអ្នកកំពុងតតាំងជាមួយបញ្ហាសំខាន់ក្នុងជីវិតរបស់អ្នក ។ ប្រហែលជាវាជាការសម្រេចចិត្តអំពីអនាគតរបស់អ្នក បញ្ហាប្រឈមដែលអ្នកកំពុងប្រឈមមុខ ឬទម្លាប់អាក្រក់ដែលអ្នកកំពុងពុះពារដើម្បីផ្លាស់ប្តូរ ។
-
តើអ្នកងាកទៅរកការណែនាំនៅកន្លែងណា ពេលអ្នកតតាំងជាមួយបញ្ហាសំខាន់ៗ ?
-
តើអ្នកនិយាយជាមួយអ្នកណា ហើយហេតុអ្វី ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
ក្មួយជាយុវវ័យដ៏មានតម្លៃ … ស្ថិតក្នុងកម្រិតនៃការសម្រេចចិត្តដ៏សំខាន់ៗបំផុតក្នុងជីវិតរបស់ក្មួយ ។ សូមប្រឹក្សាជាមួយឪពុកម្ដាយរបស់ក្មួយផង និងជាមួយប៊ីស្សពក្មួយផងអំពីជម្រើសដ៏សំខាន់ដែលនៅខាងមុខក្មួយ ។ សូមអនុញ្ញាតឲ្យប៊ីស្សពធ្វើជាមិត្ត និងទីប្រឹក្សារបស់ក្មួយ ។
( ឃ្វីនថិន អិល ឃុក « ប៊ីស្សព—ជាអ្នកគង្វាលហ្វូងចៀមរបស់ព្រះអម្ចាស់ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៦០ )
សូមចំណាយពេលបន្តិច ដើម្បីសញ្ជឹងគិតអំពីសំណួរខាងក្រោម ៖
-
តើអ្នកចាត់ទុកថាប៊ីស្សព ឬប្រធានសាខារបស់អ្នកដូចជាមិត្ត និងជាទីប្រឹក្សាដែរឬទេ ?
-
នៅពេលអ្នកប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយ ឬនៅពេលដែលអ្នកត្រូវការជំនួយខាងវិញ្ញាណ តើអ្នកហ៊ានស្វែងរកការប្រឹក្សាពីប៊ីស្សពរបស់អ្នកដល់កម្រិតណា ? ហេតុអ្វី ?
-
តើការងាកទៅរកប៊ីស្សព ឬប្រធានសាខារបស់អ្នកអាចជួយអ្នកដោយរបៀបណា ?
នៅពេលអ្នកសិក្សាមេរៀននេះ សូមរកមើលរបៀបដែលប៊ីស្សព ឬប្រធានសាខាអាចនឹងគាំទ្រអ្នកជាមួយនឹងបញ្ហាប្រឈម ការសម្រេចចិត្ត និងសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទរបស់អ្នក ។
ប៉ុលបង្រៀនអំពីលក្ខណៈសម្បត្តិរបស់ប៊ីស្សព
សំបុត្ររបស់ប៉ុលដែលគេស្គាល់ថាជាធីម៉ូថេ ទី១ ធីម៉ូថេ ទី២ និងទីតុស ជារឿយៗត្រូវបានគេហៅថាជាសំបុត្រគ្រូគង្វាល ដោយសារវាមាននូវពាក្យទូន្មានរបស់ប៉ុលទៅកាន់ពួកគ្រូគង្វាល ឬថ្នាក់ដឹកនាំទាំងឡាយក្នុងសាសនាចក្រ ( គ្រូគង្វាល មកពីពាក្យឡាតាំងពាក្យអ្នកគង្វាល ) ។ ធីម៉ូថេ និង ទីតុស គឺជាសហការីដ៏គួរឲ្យទុកចិត្តរបស់ប៉ុល ដែលបានបម្រើជាមួយលោកនៅពេលវេលាផ្សេងៗគ្នាពេញមួយការធ្វើដំណើរផ្សព្វផ្សាយសាសនារបស់លោក ។ នៅពេលនោះ ធីម៉ូថេកំពុងបម្រើជាអ្នកដឹកនាំសាសនាចក្រនៅក្រុងអេភេសូរ ហើយទីតុសនៅលើកោះក្រេតរបស់សាសន៍ក្រិក។
ក្នុងចំណោមសេចក្តីពិតជាច្រើនដែលប៉ុលបានបង្រៀននៅក្នុងសំបុត្រដែលបានបំផុសគំនិតទាំងនេះ លោកបានរាយបញ្ជីគុណសម្បត្តិជាច្រើនសម្រាប់បុរសដែលត្រូវបានហៅជាប៊ីស្សព ។ ប៊ីស្សពគឺជាបុរសម្នាក់ដែលត្រូវបានតែងតាំង និងញែកចេញជាប្រធានសង្ឃសម្រាប់វួដ ឬក្រុមជំនុំ ។ គាត់មានទំនួលខុសត្រូវទូទៅក្នុងការគ្រប់គ្រងកិច្ចការខាងសាច់ឈាម និងខាងវិញ្ញាណនៃក្រុមជំនុំ ។ ប្រធានសាខាមានតួនាទីស្រដៀងគ្នា ។ ព្រះអម្ចាស់ជ្រើសរើសប៊ីស្សពតាមរយៈគណៈប្រធានស្តេក ដែលជាអ្នកកំពុងស្វែងរកវិវរណៈ ។ មុនពេលត្រូវបានហៅ ប៊ីស្សពត្រូវបានអនុម័តដោយគណៈប្រធានទីមួយថាមានភាពស័ក្ដិសម និងអាចធ្វើការងារបម្រើបាន ។
សូមអាន ធីម៉ូថេ ទី១ ៣:១–៧ និង ទីតុស ១:៦–៩ ដោយស្វែងរកគុណសម្បត្តិសម្រាប់ប៊ីស្សព ។ សូមស្វែងរកលក្ខណៈបីយ៉ាងនេះ ដែលនឹងជួយប៊ីស្សព ឬប្រធានសាខាម្នាក់ឲ្យណែនាំ និងផ្តល់ពរដល់ជីវិតអ្នក ។
-
តើព្រះយេស៊ូវគ្រីស្ទធ្វើជាគំរូដល់គុណលក្ខណៈទាំងនេះយ៉ាងដូចម្ដេច ? ( សូមពិចារណាសេចក្តីយោងបទគម្ពីរនៃខគម្ពីរទាំងនេះជាមួយ ពេត្រុស ទី១ ២:២៥ ដែលពេត្រុសបានហៅព្រះអង្គសង្គ្រោះថាជា « អ្នកគង្វាល និងជាអ្នកថែទាំព្រលឹង [ យើង ] ») ។
-
តើការមានគុណលក្ខណៈទាំងនេះអាចអនុញ្ញាតឲ្យប៊ីស្សព ឬប្រធានសាខាជួយអ្នកដូចព្រះអង្គសង្គ្រោះនឹងជួយអ្នកយ៉ាងដូចម្ដេច ?
-
តើអ្នកនឹងសង្ខេបដោយរបៀបណានូវអ្វីដែលអ្នកបានរៀនអំពីប៊ីស្សព និងប្រធានសាខា ?
អ្នកគង្វាលលើហ្វូងចៀមរបស់ព្រះអម្ចាស់
សូមពិចារណាគូសចំណាំពាក្យ ឬឃ្លាណាមួយនៅក្នុង ធីម៉ូថេ ទី១ ៣:២ ឬ ទីតុស ១:៧–៩ ដែលបង្ហាញពីទំនួលខុសត្រូវរបស់ប៊ីស្សពក្នុងការបង្រៀន ។
ប៊ីស្សព ឬប្រធានសាខាអាចបង្រៀនតាមរបៀបផ្សេងៗ រួមទាំងក្នុងការប្រជុំ ការបង្រៀនក្នុងថ្នាក់ និងការសម្ភាសផ្ទាល់ខ្លួន និងតាមគំរូរបស់គាត់ ។
ប៊ីស្សពអាចជួយយើងឲ្យប្រែចិត្ត
ព្រះអម្ចាស់ក៏បានហៅប៊ីស្សព និងប្រធានសាខាឲ្យជួយ និងដឹកនាំយើងក្នុងដំណើរការប្រែចិត្ត ជាពិសេសប្រសិនបើយើងបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ ។
អែលឌើរ ស៊ី ស្កត ហ្គ្រូ នៃពួកចិតសិបនាក់បានពន្យល់ ៖
តាមរយៈការតែងតាំង និងការរស់នៅដោយសុចរិត ប៊ីស្សពមានសិទ្ធិទទួលវិវរណៈពីព្រះវិញ្ញាណបរិសុទ្ធ ស្ដីពីសមាជិកក្នុងវួដរបស់លោក រួមទាំងអ្នកផងដែរ ។
ប៊ីស្សពអាចជួយអ្នកនៅក្នុងដំណើរការនៃការប្រែចិត្តតាមរបៀបដែលឪពុកម្ដាយ ឬអ្នកដឹកនាំរបស់អ្នកផ្សេងទៀតមិនអាចធ្វើបាន ។ …
… ក្នុងនាមជាអ្នកបម្រើនៃព្រះអម្ចាស់ លោកនឹងមានសណ្ដានចិត្តល្អ ហើយយល់ចិត្ត នៅពេលលោកស្ដាប់អ្នក ។ បន្ទាប់មកលោកនឹងជួយអ្នកក្នុងដំណើរការប្រែចិត្តនេះ ។ លោកគឺជាសារទូតនៃសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ ដើម្បីជួយអ្នកឲ្យស្អាតស្អំតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។
( ស៊ី ស្កត ហ្គ្រូ « Why and What Do I Need to Confess to My Bishop? » New Era ខែ តុលា ឆ្នាំ ២០១៣ ទំព័រ ២៨–២៩ )
សូមចំណាយពេលខ្លះដើម្បីសរសេរសំបុត្រខ្លីៗ អ៊ីម៉ែល ឬអត្ថបទទៅកាន់ប៊ីស្សព ឬប្រធានសាខារបស់អ្នក ។ សូមគិតអំពីការថ្លែងអំណរគុណដល់លោកចំពោះការបម្រើ ការបង្រៀន និងគំរូរបស់លោក ។ រួមបញ្ចូលរបៀបជាក់លាក់ណាមួយដែលលោកបានជួយអ្នក ។ សូមពិចារណាចង្អុលបង្ហាញនូវគំរូដូចព្រះគ្រីស្ទរបស់លោកណាមួយដែលអ្នកបានកត់សម្គាល់ និងកោតសរសើរ ។ បើអាច អ្នកក៏អាចសុំជួបជាមួយលោក សម្រាប់ការប្រឹក្សារបស់លោក ជាមួយនឹងការសម្រេចចិត្តដ៏លំបាក កង្វល់ដែលអ្នកអាចមាន ឬសម្រាប់ជំនួយក្នុងដំណើរការប្រែចិត្ត ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
ធីម៉ូថេ ទី១ ៣:១ ។ តើតំណែងប៊ីស្សពចេញមកពីណានៅក្នុងព្រះគម្ពីរសញ្ញាថ្មី ?
តំណែងប៊ីស្សពមានប្រភពមកពីពាក្យក្រិកថា episcopos—epi ដែលមានន័យថា « ហួស » និង scopos មានន័យថា « មើល » ឬ « ឃ្លាំមើល » ។ ដូច្នេះ episcopos ឬ ប៊ីស្សព គឺជាអ្នកឃ្លាំមើលហ្វូងដែលដូចជាអ្នកណែនាំ ឬអ្នកមើលថែ ។
ហេតុអ្វីបានជាខ្ញុំត្រូវទៅរកប៊ីស្សពរបស់ខ្ញុំដើម្បីសារភាពអំពើបាប ?
អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
អំពើរំលងធ្ងន់ធ្ងរ ដូចជាអំពើអសីលធម៌ តម្រូវឲ្យមានជំនួយមកពីមនុស្សម្នាក់ដែលកាន់កូនសោនៃសិទ្ធិអំណាច ដូចជាប៊ីស្សព ឬប្រធានស្ដេក ដើម្បីធ្វើឲ្យដំណើរការនៃការប្រែចិត្តប្រព្រឹត្តទៅដោយស្ងៀមស្ងាត់ ដើម្បីប្រាកដថា វាត្រូវបានធ្វើឡើងដោយត្រឹមត្រូវទាំងស្រុង ។
( រីឆាដ ជី ស្កត « The Power of Righteousness » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៦៩–៧០ )
ធីម៉ូថេ ទី១ ៣:១ ។ តើអ្វីទៅជាការ « ល្អប្រសើរ » របស់ប៊ីស្សព ?
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនអំពីទំនួលខុសត្រូវចម្បងរបស់ប៊ីស្សព ៖
ប៊ីស្សពមានការទទួលខុសត្រូវសំខាន់ចំនួនប្រាំ នៅក្នុងការធ្វើជាអធិបតីលើវួដ ៖
គាត់គឺជាសង្ឃជាន់ខ្ពស់ជាអធិបតីនៅក្នុងវួដ ។
គាត់គឺជាប្រធានបព្វជិតភាពអើរ៉ុន ។
គាត់គឺជាចៅក្រមទូទៅមួយរូប ។
គាត់សម្របសម្រួលកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង រួមមានការថែទាំដល់អ្នកខ្វះខាតផងដែរ ។
ហើយលោកមើលខុសត្រូវលើកំណត់ត្រា ហិរញ្ញវត្ថុ ព្រមទាំងការប្រើប្រាស់សាលាប្រជុំ ។
ក្នុងតួនាទីរបស់លោកជាសង្ឃជាន់ខ្ពស់ជាអធិបតី ប៊ីស្សពគឺជា « អ្នកដឹកនាំខាងវិញ្ញាណ » របស់វួដ ។ លោកគឺជា « សិស្សស្មោះត្រង់របស់ព្រះយេស៊ូវគ្រីស្ទ » ។ …
ប៊ីស្សពមានតួនាទីដ៏សែនសំខាន់មួយក្នុងការបម្រើជាអ្នកគង្វាល ដើម្បីដឹកនាំជំនាន់ដែលកំពុងពេញវ័យ រួមមានយុវមជ្ឈិមវ័យនៅលីវជាដើម ឲ្យទៅរកព្រះយេស៊ូវគ្រីស្ទ ។
( ឃ្វីនថិន អិល ឃុក « ប៊ីស្សព—ជាអ្នកគង្វាលហ្វូងចៀមរបស់ព្រះអម្ចាស់ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៥៨ )
ទីតុស ១:៧ ។ តើប៉ុលចង់មានន័យយ៉ាងណា ពេលគាត់និយាយថា « អ្នកដែលត្រួតត្រាបានឥតសៅហ្មង » ?
ប៊ីស្សពត្រូវបានជ្រើសរើសដោយព្រះអម្ចាស់ ហើយត្រូវតែជាមនុស្សដែលមានសីលធម៌ខ្ពស់ និងស័ក្តិសម ។ ទោះជាយ៉ាងណាក៏ដោយ ប៊ីស្សពទាំងអស់មានភាពមិនល្អឥតខ្ចោះ ហើយជួនកាលអាចនឹងធ្វើខុសអំឡុងពេលបម្រើរបស់ពួកលោកផងដែរ ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនដូចតទៅនេះ ៖
ដូច្នេះ ចូរចិត្តល្អចំពោះភាពទន់ខ្សោយនៃមនុស្សលោក—ទាំងភាពទន់ខ្សោយរបស់អ្នក ក៏ដូចជាភាពទន់ខ្សោយរបស់ពួកអ្នកដែលបម្រើជាមួយអ្នកក្នុងសាសនាចក្រ ដែលដឹកនាំដោយបុរសស្ដ្រីខាងសាច់ឈាមដែលស្ម័គ្រចិត្តទាំងឡាយ ។ លើកលែងតែក្នុងករណីនៃព្រះរាជបុត្រាទ្រង់តែមួយប៉ុណ្ណោះ នោះមនុស្សដែលមិនឥតខ្ចោះ គឺជាអ្វីទាំងអស់ដែលព្រះតែងតែត្រូវធ្វើកិច្ចការជាមួយ ។ នោះច្បាស់ជាគួរឲ្យធុញថប់ណាស់ចំពោះទ្រង់ តែទ្រង់ដោះស្រាយវា ។ ដូច្នេះយើងត្រូវធ្វើដែរ ។ ហើយពេលអ្នកឃើញភាពមិនឥតខ្ចោះ ចូរចាំថា ការដាក់កម្រិតគឺ មិនមែន ជាទេវភាពនៃកិច្ចការនោះទេ ។ … ដូច្នេះ ចូរមានភាពអត់ធ្មត់ ចិត្តល្អ និងការអភ័យទោស ។
( ជែហ្រ្វី អ័រ ហូឡែន « Lord, I Believe » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៤ )