វាយតម្លៃការរៀនសូត្ររបស់អ្នក ទី១០
កាឡាទី–ថែស្សាឡូនីច ទី២
មេរៀននេះមានគោលបំណងជួយអ្នកឲ្យវាយតម្លៃគោលដៅទាំងឡាយដែលអ្នកបានដាក់ និងការរីកចម្រើនផ្ទាល់ខ្លួនដែលអ្នកបានដកពិសោធន៍ក្នុងអំឡុងពេលការសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់អ្នក ។
ការរីកចម្រើនខាងវិញ្ញាណរបស់អ្នក
សូមគិតអំពីសមត្ថភាព ទេពកោសល្យ ឬចរិតលក្ខណៈដែលអ្នកកំពុងអភិវឌ្ឍ ដែលទាមទារការខិតខំប្រឹងប្រែងជាប្រចាំ និងជាប់លាប់ ។
-
តើអ្វីដែលជំរុញចិត្តអ្នកឲ្យចំណាយពេលវេលា និងការខិតខំដែលចាំបាច់ដើម្បីកែលម្អ ?
-
នៅពេលអ្នកខិតខំដើម្បីកែលម្អ តើអ្នករំពឹងថានឹងមានអ្វីកើតឡើងដែលជួយអ្នកឲ្យដឹងថាការខិតខំរបស់អ្នកមានតម្លៃ ?
យើងមានឱកាសជាច្រើនក្នុងអំឡុងពេលនៃជីវិតរបស់យើងនៅលើផែនដី ដើម្បីធ្វើការឆ្ពោះទៅរកការក្លាយដូចជាព្រះអង្គសង្គ្រោះ ដែលរៀបចំយើងឲ្យត្រឡប់ទៅរស់នៅជាមួយទ្រង់ និងព្រះវរបិតាសួគ៌របស់យើងវិញ ។ វាអាចមានប្រយោជន៍ក្នុងការវាយតម្លៃការរីកចម្រើនរបស់យើងយូរៗម្ដង និងធ្វើការកែតម្រូវដែលចាំបាច់ ។
គោលបំណងនៃមេរៀននេះគឺផ្តល់ឲ្យអ្នកនូវឱកាសដើម្បីវាយតម្លៃការរីកចម្រើនខាងវិញ្ញាណរបស់អ្នក ។ អ្នកនឹងមានឱកាសវាយតម្លៃពីអ្វីដែលអ្នកបានរៀនកន្លងមកពីព្រះគម្ពីរសញ្ញាថ្មី និងដើម្បីវាយតម្លៃការរីកចម្រើនរបស់អ្នកទាក់ទងនឹងគោលដៅដែលអ្នកបានកំណត់ដោយសារតែអ្វីដែលអ្នកបានរៀន ។
សូមចំណាយពេលបន្តិចដើម្បីគិតអំពីការសិក្សាថ្មីៗរបស់អ្នកអំពីព្រះគម្ពីរសញ្ញាថ្មី និងសកម្មភាពដែលអ្នកបានធ្វើ ដោយសារអ្វីដែលអ្នកបានរៀន ។ អ្នកប្រហែលជាចង់មើលអ្វីដែលអ្នកបានសរសេរនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ឬអ្វីដែលអ្នកបានគូសសម្គាល់នៅក្នុងបទគម្ពីររបស់អ្នកនាពេលថ្មីៗនេះ ដើម្បីស្គាល់គោលដៅដែលអ្នកបានកំណត់ និងចំណាប់អារម្មណ៍ដែលអ្នកបានទទួល ។
-
តើអ្នកបានរៀនអ្វីខ្លះពីព្រះគម្ពីរសញ្ញាថ្មីដែលបានជួយអ្នកឲ្យចូលទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីទ្រង់ចេញពីព្រះគម្ពីរសញ្ញាថ្មីដែលលេចធ្លោចំពោះអ្នក ?
សកម្មភាព ក ៖ ការពន្យល់អំពីការក្បត់សាសនាដ៏ធំ និងការស្ដារឡើងវិញ
សូមក្រឡេកមើលរូបភាពទាំងពីរនេះ ហើយគិតអំពីអត្ថន័យនៃការស្តារអ្វីមួយឡើងវិញ ។
-
ហេតុអ្វីការស្ដារអ្វីមួយឡើងវិញគឺជាការចាំបាច់ ?
-
តើរូបភាពទាំងនេះអាចប្រៀបធៀបទៅនឹងការក្បត់សាសនា និងការស្ដារឡើងវិញដោយរបៀបណា ?
ដើម្បីពិនិត្យមើលការពាក់ព័ន្ធគ្នារវាងការក្បត់សាសនា និងការស្ដារឡើងវិញ សូមបំពេញសកម្មភាពដូចខាងក្រោម ៖
សូមស្រមៃថាពួកអ្នកផ្សព្វផ្សាយសាសនាកំពុងបង្រៀនមិត្តម្នាក់របស់អ្នកនៅក្នុងផ្ទះរបស់អ្នក ។ ពួកគេសុំឲ្យអ្នកបង្រៀនផ្នែកខ្លះនៃមេរៀនបន្ទាប់ ស្តីពីការក្បត់សាសនា និងការស្ដារឡើងវិញ ។ អ្នកដឹងថាមិត្តរបស់អ្នកស្គាល់ព្រះគម្ពីរប៊ីប ដូច្នេះវាហាក់ដូចជាគំនិតល្អក្នុងការប្រើខគម្ពីរមួយចំនួនពីព្រះគម្ពីរសញ្ញាថ្មីក្នុងអំឡុងពេលមេរៀន ។
ការប្រើប្រាស់ កិច្ចការ ៣:២១; អេភេសូរ ១:១០; អេភេសូរ ២:១៩–២២ និង ថែស្សាឡូនីច ទី២ ២:១–៣ ( ឬខគម្ពីរផ្សេងទៀតនៃជម្រើសរបស់អ្នក ) សូមសរសេរអ្វីដែលអ្នកអាចនិយាយក្នុងអំឡុងពេលមេរៀនដើម្បីជួយមិត្តរបស់អ្នកឲ្យយល់អំពីមូលហេតុដែលព្រះអង្គសង្គ្រោះត្រូវការស្ដារដំណឹងល្អរបស់ទ្រង់លើផែនដីឡើងវិញ ។
ប្រសិនបើអ្នកជ្រើសរើសបញ្ចប់សកម្មភាពនេះ សូមកត់ត្រាអ្វីដែលអ្នកនឹងនិយាយទៅកាន់មិត្តរបស់អ្នក ។
សកម្មភាព ខ ៖ ការបង្កើនសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះយេស៊ូវគ្រីស្ទ និងបំណងប្រាថ្នារបស់អ្នកក្នុងការបម្រើទ្រង់
នៅក្នុងមេរៀន « ភីលីព ៣ » អ្នកត្រូវបានផ្តល់ឱកាសឲ្យសរសេរសំបុត្រទៅកាន់ខ្លួនអ្នកនាពេលអនាគតដែលអ្នកបានបង្ហាញពីការលះបង់ដែលអ្នកអាចធ្វើបាន ដែលនឹងជួយអ្នកឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទកាន់តែប្រសើរ និងត្រៀមខ្លួនសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច ។
ប្រសិនបើអ្នកចាប់យកឱកាសនេះ សូមយោងទៅសំបុត្រដែលអ្នកបានសរសេរ ។ សូមប្រៀបធៀបអារម្មណ៍បច្ចុប្បន្នរបស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ឬបំណងប្រាថ្នារបស់អ្នកក្នុងការបម្រើទ្រង់ជាមួយនឹងអារម្មណ៍ និងបំណងប្រាថ្នាដែលអ្នកមាននៅពេលអ្នកសរសេរសំបុត្រនោះ ។ ប្រសិនបើមានអ្វីដែលអ្នកចង់បន្ថែមទៅក្នុងសំបុត្រដោយផ្អែកលើបទពិសោធន៍ថ្មីៗរបស់អ្នក សូមធ្វើតាមអារម្មណ៍របស់អ្នកក្នុងពេលនេះ ។
ប្រសិនបើអ្នកជ្រើសរើសបញ្ចប់សកម្មភាពនេះ សូមឆ្លើយសំណួរពីរខាងក្រោម ៖
-
នៅពេលអ្នកមើលសំបុត្ររបស់អ្នកឡើងវិញ តើអ្នកឃើញការផ្លាស់ប្ដូរណាមួយអំពីសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេស៊ូវគ្រីស្ទឬទេ ? ប្រសិនបើដូច្នេះ ហេតុអ្វីបានជាអ្នកគិតថាវាផ្លាស់ប្តូរ ?
-
តើបទពិសោធន៍ថ្មីៗអ្វីខ្លះដែលបានបង្កើនសេចក្ដីស្រឡាញ់ និងឆន្ទៈរបស់អ្នកចំពោះព្រះក្នុងការបម្រើទ្រង់ ?
-
តើអ្នកមានអារម្មណ៍ថាអ្វីខ្លះជាជំហានបន្ទាប់ដែលអ្នកអាចធ្វើបាន ដើម្បីជួយអ្នកឲ្យបង្កើនសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះ ?
សកម្មភាព គ ៖ ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ
-
តើអ្នកចងចាំអ្វីខ្លះអំពីគ្រឿងសឹករបស់ព្រះ ? តើអ្នកចងចាំអ្វីខ្លះអំពីអត្ថន័យនៃបំណែកនីមួយៗ ? ប្រសិនបើអ្នកត្រូវការជំនួយ សូមយោងទៅ អេភេសូរ ៦:១៤–១៨ សម្រាប់ចម្លើយនានា ។
-
តើអ្នកនឹងសង្ខេបអំពីអត្ថន័យនៃការ « ពាក់គ្រប់គ្រឿងសឹករបស់ព្រះ » ដោយរបៀបណា ? ( អេភេសូរ ៦:១១ ) ។
ប្រសិនបើអ្នកជ្រើសរើសបញ្ចប់សកម្មភាពនេះ សូមធ្វើសកម្មភាពខាងក្រោម ហើយឆ្លើយសំណួរដែលភ្ជាប់មកជាមួយ ៖
ចូរគូររូបមនុស្សចង្កឹះនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។
-
តើអ្នកខិតខំធ្វើអ្វីខ្លះដើម្បីពាក់គ្រឿងសឹករបស់ព្រះ ?
ចូរគូរបំណែកគ្រឿងសឹកមួយ ឬច្រើនដែលតំណាងឲ្យការខិតខំទាំងនោះ ។
-
តើអ្នកធ្លាប់ទទួលបានលទ្ធផលពីការខិតខំរបស់អ្នកដែរឬទេ ? ប្រសិនបើធ្លាប់តើអ្នកមានបទពិសោធន៍អ្វីខ្លះ ? ប្រសិនបើមិនធ្លាប់ទទួលបានទេ តើអ្នកគិតថាលទ្ធផលអ្វីដែលអ្នកនឹងទទួលបានដោយសារការបន្តការខិតខំប្រឹងប្រែងរបស់អ្នក ?