ថ្នាក់​សិក្ខាសាលា
ថែស្សាឡូនីច ទី១ ៤–៥


ថែស្សាឡូនីច ទី១ ៤–៥

ពេលវេលា​ដែល​ព្រះគ្រីស្ទ​នឹង​យាង​មក​ផែនដី​វិញ ។

ទ្រង់​យាងមក​ម្តងទៀត​ដើម្បី​គ្រប់គ្រង និង​សោយរាជ្យ ដោយ ម៉ារី អ័រ សៅអើរ ។ ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​យាងចុះ​មក​ផែនដី​នៅឯ​ការយាង​មកជា​លើក​ទីពីរ​របស់​ទ្រង់ ។ មាន​បុរស ស្ត្រី និង​កូនក្មេង​នៅ​ជុំវិញ​ទ្រង់ ។ ទ្រង់​ពាក់​អាវ​ក្រហម ហើយ​កំពុង​សម្លឹង​មើល​អ្នក​ដែល​កំពុង​ប្រមូល​ផ្តុំ​គ្នា ។

តើ​មាន​សំណួរ ឬ​គំនិត​អ្វី​ខ្លះ​ចូល​មក​ក្នុង​ចិត្ត​របស់​អ្នក ពេល​អ្នក​គិត​អំពី​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ? នៅក្នុង​សំបុត្រ​ទីមួយ​របស់​លោក​ទៅកាន់​ក្រុង​ថែស្សាឡូនីច ជំពូកទី ៤–៥សាវកប៉ុល​បាន​បង្រៀន​ព័ត៌មាន​លម្អិត​សំខាន់ៗ​អំពី​ការយាង​មកជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ និង​របៀប​ដែល​យើង​អាចរៀបចំ​សម្រាប់​ការយាង​មកជាលើក​ទីពីរនេះ ។ មេរៀន​នេះមាន​គោលបំណង​ជួយអ្នក​ឲ្យ​យល់​អំពីអ្វី​ដែលនឹង​កើតឡើង និង​របៀប​ដែល​អ្នក​អាចរៀបចំ​សម្រាប់​ពេលវេលា​ដែល​ព្រះយេស៊ូវគ្រីស្ទ​យាងត្រលប់​មក​ផែនដី​វិញ ។

សំណួរ​នានា​អំពី​ការយាង​មក​ជាលើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ

សូមចំណាយ​ពេលបន្តិច​ដើម្បី​មើល​រូបភាព​នៅខាង​ដើម​នៃ​មេរៀន រួច​គិត​អំពី​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម ៖

  • តើ​មាន​រឿង​អ្វីខ្លះ ដែល​អ្នក​ដឹង​ថា​នឹង​កើត​ឡើង អំពី​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​មាន​រឿង​អ្វីខ្លះ ដែល​អ្នក​មិន​ដឹង ?

ពួកបរិសុទ្ធ​ក្រុង​ថែស្សាឡូនីច​ក៏​មាន​សំណួរ​អំពី​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ​ដែរ ។ ដោយផ្អែក​លើ​ការបង្រៀន​របស់​ប៉ុល​នៅក្នុង​ជំពូក​ទាំងនេះ ពួកគេ​អាច​នឹង​សួរ​សំណួរ​ដូច​ជា « តើ​នៅ​ពេលណា​ដែល​មនុស្ស​ជាទីស្រឡាញ់​របស់​យើង​ដែល​បានស្លាប់​នឹង​រស់ឡើងវិញ ? » ឬ « តើ​ការយាង​មក​ជាលើកទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​កើត​ឡើង​នៅ​ពេលណា ? » ឬ « តើយើង​អាច​រៀបចំខ្លួន​សម្រាប់​ការ​យាង​មក​ជាលើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀបណា ? » អ្នក​ប្រហែលជា​ធ្លាប់​មាន​សំណួរ​ស្រដៀងគ្នា​នេះដែរ ។ សកម្មភាព​សិក្សា​ខាងក្រោម​ដោះស្រាយ​សំណួរ​ទាំងនេះ ។

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ១. សូម​ជ្រើសរើស​សកម្មភាពសិក្សា​ខាងក្រោម​យ៉ាងតិចណាស់​ចំនួន​ពីរ​ដើម្បី​បញ្ចប់​មេរៀន​ថ្ងៃនេះ ។ សូម​ធ្វើតាម​ការណែនាំ​សម្រាប់​សកម្មភាព ដែលអ្នក​ជ្រើសរើស ។

សកម្មភាព​សិក្សាទី ១ ៖ តើនឹងមាន​អ្វីកើត​ឡើង​ចំពោះ​មនុស្សរស់ និង​មនុស្សស្លាប់​នៅឯការយាង​មកជាលើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

សូមអាន ថែស្សាឡូនីច ទី១ ៤:១៣–១៨ ដោយ​ស្វែងរក​ការយល់ដឹង​អំពី​អ្វី​ដែល​នឹងកើត​ឡើង​ចំពោះ​មនុស្ស​សុចរិត នៅពេល​ព្រះយេស៊ូវ​យាង​មក​ម្តងទៀត ។ ចូរកំណត់ចំណាំ​ពីភាពខុស​គ្នារវាង​អ្វីដែលនឹង​កើតឡើង​ចំពោះ​អស់​អ្នក​ដែលបាន​ស្លាប់ និង​អ្នក​ដែលនៅរស់ នៅ​ឯការយាងមក​ជាលើក​ទីពីរ ។ ( ពាក្យ « ដេកលក់ » និង « ដេក » នៅក្នុង​ខគម្ពីរ​ទាំងនេះ​សំដៅ​ទៅលើ​អ្នក​ដែល​បាន​ស្លាប់ ) ។ វា​អាច​នឹង​មាន​ប្រយោជន៍​ក្នុង​ការ​អាន​ការបកប្រែ​របស់ យ៉ូសែប ស្ម៊ីធ នៃ ថែស្សាឡូនីច ទី១ ៤:១៥, ១៧ ( នៅ​ក្នុង​ ខទី ១៥,, និង ខទី ១៧, ) ។

  • តើនៅក្នុង​ខគម្ពីរ​ទាំងនេះ​មាន​អ្វី​ដែល​សំខាន់​ចំពោះ​អ្នក ?

បន្ទាប់​មក សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៨:៩៦–៩៨ដោយ​ស្វែងរក​ការយល់ដឹង​បន្ថែម​អំពី​ព្រឹត្តិការណ៍​ទាំងនេះ ។ ( អ្នក​ក៏​ប្រហែល​ជា​ចង់​អាន ខទី ៩៩–១០១ ដើម្បី​រៀន​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​អស់​អ្នក​ដែល​មិន​ទទួល​យក​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ជីវិត​នេះទេ ) ។

  • តើ​អ្នក​បាន​ទទួល​ការយល់ដឹង​បន្ថែម​ទៀត​អ្វីខ្លះ ?

សេចក្តីពិត​មួយ​ដែលអ្នក​អាច​រកឃើញ​នោះគឺ ពួកបរិសុទ្ធ​ដ៏ស្មោះត្រង់​ដែល​បានស្លាប់​មុន​ការយាង​មក​ជាលើកទីពីរ​នឹងបាន​រស់ឡើងវិញ​នៅពេល​ដែល​ព្រះគ្រីស្ទ​យាង​មក​ម្តងទៀត ។

ពាក្យ « បាន​ជួបជុំ » ( ថែស្សាឡូនីច ទី១ ៤:១៧ ) សំដៅ​លើ​មនុស្ស​សុចរិត​ដែល​រួម​គ្នា​ដើម្បី​ទៅ​ជួប​ព្រះអង្គ​សង្គ្រោះ​នៅ​ពេល​ទ្រង់​យាង​មក ។ គ្រិស្តបរិស័ទ​ជាច្រើន​ប្រើពាក្យ rapture ( មកពី​ពាក្យ​ឡាតាំង​ដែល​មានន័យថា « បាន​ជួបជុំ » ) នៅពេល​សំដៅ​ទៅលើ​ពេលវេលា​នេះ ។

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់​បាន​ចែកចាយ​ដូច​ខាង​ក្រោម​អំពី​ព្រឹត្តិការណ៍​ដ៏​ពិសិដ្ឋ​នេះ ៖

15:1

យើង​និយាយ​អំពី​ព្រះគ្រីស្ទ

អែលឌើរ​អាន់ឌើរសិន​លើក​ទឹកចិត្ត​យើង​ឲ្យ​រៀន​បន្ថែម​ទៀត​អំពី​ព្រះអង្គសង្គ្រោះ​ ហើយ​និយាយ​អំពី​ទ្រង់​នៅ​គេហដ្ឋាន ​ព្រះវិហារ​ នៅ​លើ​បណ្តាញសង្គម​ និង​នៅ​ក្នុង​ការសន្ទនា​ប្រចាំថ្ងៃ​របស់​យើង ។

រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ខែ សីហា ឆ្នាំ ២០១០ ។

គ្មាន​អ្វី​ដែលជំរុញ​បំណងខ្ញុំ​ក្នុង​ការនិយាយ​អំពី​ព្រះគ្រីស្ទ ច្រើន​ជាង​ការស្រមៃ​គិត​អំពី​ការយាង​ត្រឡប់​មកវិញ​របស់​ទ្រង់​នោះ​ឡើយ ។ ខណៈ​ដែល​យើង​មិន​ដឹង​ថា​ទ្រង់​នឹង​យាង​មក​នៅ​ពេល​ណា តែ​ព្រឹត្តិការណ៍​នៃ​ការយាង​ត្រឡប់​របស់​ទ្រង់​នឹង​មាន​ភាពអស្ចារ្យ ! ទ្រង់​នឹង​យាង​មក​លើ​ពពក​នៅ​លើ​មេឃ​ដ៏មហស្ចារ្យ និង​សិរីរុងរឿង​ជា​មួយ​ពួកទេវតា​បរិសុទ្ធ​របស់​ទ្រង់​ទាំងអស់ ។ មិន​ត្រឹម​តែ​ទេវតា​ពីរបី​អង្គ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ទេវតា​បរិសុទ្ធ​របស់​ទ្រង់ ទាំងអស់ ។ គ្មាន​រូប​ចេរូប៊ីន​ពណ៌​ក្រហម​ដែល​គូរ​ដោយ​វិចិត្រករ រ៉ាហ្វ៊ែល ដែល​យើង​ទាំងអស់​គ្នា​បាន​ឃើញ​នៅ​លើ​កាត​នៃ​ក្តី​ស្រឡាញ់​របស់​យើង​នោះ​ទេ ។ ទាំងនេះ​គឺ​ជា​ពួកទេវតា​នៃ​សតវត្សរ៍ ជា​ពួកទេវតា​ដែល​បាន​បញ្ជូន​ឲ្យ​មក​បិទ​មាត់​សិង្ហ​ទាំងអស់ បើក​ទ្វារ​គុក ដើម្បី​ប្រកាស​កំណើត​ដែល​រង់ចាំ​ជា​យូរមក ដើម្បី​លួងលោម​ទ្រង់​នៅ​សួនច្បារ​គែតសេម៉ានី ដើម្បី​ធានា​ដល់​ពួក​សិស្ស​នៅឯ​ការយាងឡើង​របស់​ទ្រង់ និង​ដើម្បី​បើក​ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ ។

តើ​បងប្អូន​អាច​ស្រម៉ៃ​ថា​ត្រូវ​បាន​នាំ​ទៅ​ជួប​ទ្រង់ មិន​ថា​នៅ​វាំងនន​ខាង​នេះ ឬខាង​នោះ​ដែរ​ឬ​ទេ ? នោះគឺ​ជា​សេចក្ដី​សន្យា​របស់​ទ្រង់​ចំពោះ​ពួកសុចរិត ។ បទពិសោធន៍​ដ៏​អស្ចារ្យ​នេះ​ គូសចំណាំដល់​ព្រលឹង​យើង​ជា​រៀង​រហូត ។

( នែល អិល អាន់ឌើរសិន « We Talk of Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩១ )

ប្រសិនបើ​អ្នក​ជ្រើសរើស​សកម្មភាព​សិក្សានេះ សូម​កត់ត្រា​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម ៖

សូម​ចំណាយ​ពេលខ្លះ​ដើម្បី​ស្រមៃមើលថា តើវា​មាន​សភាព​បែបណា​ក្នុង​ការរាប់​ចូល​ក្នុង​ចំណោម​មនុស្ស​សុចរិត​នៅពេល​ព្រះអង្គសង្គ្រោះ​យាង​មក ។

  • តើអ្នកអាច​មានគំនិត ឬអារម្មណ៍​បែបណា​នៅថ្ងៃនោះ ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​ចង់​ឲ្យ​អ្នក​ចូលរួម​ជាមួយ​ទ្រង់ នៅពេល​ទ្រង់​យាង​មក ? តើ​ការ​ស្រមៃ​ឃើញ​ពី​ថ្ងៃ​អនាគត​នោះ​វា​មាន​ឥទ្ធិពល​យ៉ាងណា​ចំពោះ​អ្នក​នៅ​ថ្ងៃ​នេះ ?

នៅក្នុង ថែស្សាឡូនីច ទី១ ៤:១៨ ប៉ុល​បាន​លើក​ទឹកចិត្ត​ពួកបរិសុទ្ធ​ឲ្យ « ចូរ​កំសាន្ត​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ដំណើរ​នេះ​ចុះ » ។

  • តើ​ការ​បង្រៀន​របស់​ប៉ុល​ផ្ដល់​ការ​កំសាន្ត​ចិត្ត​ដល់​អ្នក​យ៉ាង​ដូច​ម្ដេច ? តើ​ការបង្រៀន​ទាំងនោះ​អាច​ផ្ដល់​ការ​កំសាន្ត​ចិត្ត​ក្នុង​កាលៈទេសៈ​ដែល​អ្នក​អាច​ប្រឈម​មុខនា​ពេល​អនាគត​ដោយ​របៀបណា ?

សកម្មភាព​សិក្សាទី ២ ៖ តើ​ការយាង​មក​ជាលើក​ទីពីរ​របស់​ព្រះយេ​ស៊ូវគ្រីស្ទ​នឹង​កើតឡើង​នៅពេលណា ?

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា តើ​ពេលណា​ដែល​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេ​ស៊ូវ​គ្រីស្ទ​នឹង​កើតឡើង ឬ​តើ​អ្នក​នឹង​ត្រូវ​រៀបចំ​ខ្លួន​រួចរាល់​ដែរ​ឬ​ទេ ? ពួកបរិសុទ្ធ​នៅ​ថែស្សាឡូនីច ទំនង​ជាមាន​សំណួរ​ដូចគ្នានេះ​ដែរ ។

សូមអាន ថែស្សាឡូនីច ទី១ ៥:១–៣ ហើយ​រកមើល​ពាក្យ​ប្រៀប​ធៀប​ដែល​ប៉ុល​បានប្រើ​ដើម្បី​ពិពណ៌នា​អំពី​ពេលវេលា​ដែល​ព្រះ​យេស៊ូវ​នឹង​យាង​មក​ផែនដី​វិញ ។

  • តើអ្នក​បាន​រក​ឃើញ​អ្វី​ខ្លះ ?

  • តើ​ពាក្យ​ប្រៀបធៀប​របស់​ប៉ុល​អំពី​ចោរ​នៅ​ពេល​យប់ និង​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​បង្រៀន​អ្នកអ្វីខ្លះ​អំពី​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ ?

សូមអាន ថែស្សាឡូនីច ទី១ ៥:៤–៦ ហើយ​រកមើល សេចក្ដីពិត​ដែល​ប៉ុល​បានបង្រៀន​អំពី​ការត្រៀម​ខ្លួន​សម្រាប់​ការយាង​មក​ជាលើក​ទីពីរ ។ សូម​ប្រៀបធៀប​ការបង្រៀន​ទាំងនេះ​ជាមួយ គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៦:៤–៥ ។

  • តើ​អ្នក​បាន​កើន​ការយល់ដឹង​អ្វីខ្លះ ?

សេចក្ដី​ពិត​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ការ​បង្រៀន​របស់​ប៉ុល​គឺ​ថា ប្រសិនបើ​យើង​ខិតខំ​ធ្វើ​ជា « កូនចៅនៃ​ពន្លឺ » ដោយ​ការ​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​នឹង​ត្រៀម​ខ្លួន​រួចរាល់​នៅ​ពេល​ទ្រង់​យាង​មក​ម្ដង​ទៀត ។

ប្រសិនបើ​អ្នក​ជ្រើសរើស​សកម្មភាព​សិក្សា​នេះ សូម​កត់ត្រា​បញ្ជី​ដែល​អ្នក​ធ្វើ​ដូច​បាន​ណែនាំ​ក្នុង​កថា​ខណ្ឌ​បន្ទាប់ ។

ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​វិធី​ផ្សេងៗ​ដែល​ព្រះអម្ចាស់​អញ្ជើញ​យើង​ឲ្យ​ក្លាយ​ជា​កូនចៅ​នៃ​ពន្លឺ សូម​អាន នីហ្វៃទី៣ ១៨:២៤; គោលលទ្ធិ និង​សេចក្តីសញ្ញា ៥០:២៣–២៥; ៨៨:៦៧–៦៨ ។ សូម​សរសេរ​នៅក្នុង​សៀវភៅ​សិក្សា​របស់អ្នក​នូវ​អ្វី​ដែលអ្នក​រកឃើញ ដែលជួយ​អ្នកឲ្យ​យល់​ពីរបៀប​ក្លាយជា​កូនចៅ​នៃពន្លឺ ។

  • តើ​បងប្អូន​អញ្ជើញ​ពន្លឺ​របស់​ព្រះអម្ចាស់​ឲ្យចូល​ក្នុង​ជីវិត​របស់​បងប្អូន​ដោយ​របៀបណា ? តើ​បងប្អូន​អាច​អញ្ជើញ​ពន្លឺ​របស់​ទ្រង់​បន្ថែម​ទៀត​មក​ក្នុង​ជីវិត​ដោយ​របៀបណា ?

សកម្មភាព​សិក្សាទី ៣ ៖ តើ​យើង​អាច​រៀបចំខ្លួន​យើង​សម្រាប់​ការយាង​មក​ជា​លើកទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀបណា ?

ប៉ុល​បាន​បញ្ចប់​សំបុត្រ​ទីមួយ​របស់​លោក​ដល់​ពួក​ថែស្សាឡូនីច​ដោយ​ការ​ចែកចាយ​ការទូន្មាន​អំពី​របៀប​ដែល​ពួកបរិសុទ្ធ​អាច​រៀបចំខ្លួន​ឲ្យ​បាន​កាន់តែ​ប្រសើរ​ដើម្បី​ទៅ​ជួប​ព្រះអង្គ​សង្គ្រោះ​នៅឯ​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។

សូមអាន ថែស្សាឡូនីច ទី១ ៥:១៤–២២ ហើយ​ស្វែងយល់​ថា​តើ​អ្នក​ទទួលបាន​ការយល់​ដឹង​អ្វីខ្លះ​អំពី​ការត្រៀម​ខ្លួន​នេះ ។ សូម​បើកចិត្តឲ្យ​ទូលាយ​ចំពោះ​គំនិត​អំពី​ការបង្រៀន​ណាមួយ​ដែល​អាច​មាន​ប្រយោជន៍​ជាពិសេស​សម្រាប់​អ្នក ។

ប្រសិនបើ​អ្នក​ជ្រើសរើស​សកម្ម​ភាព​សិក្សានេះ សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម ហើយ​កត់ត្រា​បទគម្ពីរ​យោង​ដែល​អ្នក​បាន​ជ្រើសរើស ។

  • តើ​ការបង្រៀន​ទាំងនេះ​មួយណា​ដែល​មាន​អត្ថន័យ​បំផុត​ចំពោះ​អ្នក ? ហេតុអ្វី ?

សូម​ស្វែងរក​ខគម្ពីរ​មួយ ឬ​ពីរ​ដែល​ជួយ​បង្កើន​ការយល់ដឹង​របស់​អ្នក​អំពី​ការបង្រៀន​ដែលអ្នក​បាន​ជ្រើសរើស ។ ( អ្នក​អាច​នឹង​ប្រើ​លេខយោង ឬ​រកមើល​ប្រធានបទ​ នៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយTopical Guide ដើម្បី​ជួយ​អ្នក​ឲ្យ​ស្វែងរក​បទគម្ពីរ​ដែល​ទាក់ទង ) ។

  • តើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ជួយ​អ្នក​ដោយ​របៀបណា ឬ​តើ​ទ្រង់​នឹង​ជួយ​អ្នក​ដោយ​របៀបណា ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ? តើ​អ្នក​អាច​រៀន​អ្វីខ្លះ​អំពីទ្រង់​មកពី​ការណ៍នេះ ?

សូម​ពិចារណា​លើ​សេចក្តីពិត​ដែលអ្នក​បានរៀន​នៅថ្ងៃនេះ និង​ទង្វើ​ដែល​អ្នក​មាន​អារម្មណ៍​ថា​ត្រូវបាន​បំផុសគំនិត​ឲ្យ​ធ្វើ ដែល​នឹង​ជួយ​អ្នកឲ្យ​ត្រៀមខ្លួន និង​រំភើបចិត្ត​ក្នុង​ការជួប​ព្រះអង្គ​សង្គ្រោះ​ម្តងទៀត ។ សូម​កត់ត្រា​គំនិត​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

ថែស្សាឡូនីច ទី១ ៥:២ ។ តើ​ពេលវេលា​នៃ​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ប្រៀបធៀប​នឹង​ចោរ​នៅ​ពេល​យប់​យ៉ាង​ដូចម្ដេច ?

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–១៩៨៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ថា ធម្មតា​ចោរ​តែង​មក​នៅពេល​យប់ « ដោយមិន​នឹកស្មានដល់ ហើយ​ដោយ​គ្មាន​ការព្រមានទុក​ជាមុន » ( Doctrinal New Testament Commentary [ ឆ្នាំ ១៩៧៣ ] ៣:៥៤ ) ។ ការ​ប្រៀប​ធៀប​នេះ​បង្ហាញ​ថា ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​មនុស្ស​មួយ​ចំនួន ។

ថែស្សាឡូនីច ទី១ ៥:២១ ។ តើ​ប៉ុល​ចង់​មាន​ន័យ​យ៉ាងណា​ដោយ​ថា « ចូរ​លមើល​គ្រប់​ទាំងអស់ ហើយ​កាន់​ខ្ជាប់​តាម​សេចក្តី​ដែល​ត្រឹមត្រូវ » ?

ប៉ុល​បាន​អញ្ជើញ​ពួកបរិសុទ្ធ​ក្រុង​ថែស្សាឡូនីច​ឲ្យ « ចូរ​លមើល​គ្រប់​ទាំងអស់ »—មាន​ន័យ​ថា​ដើម្បី​ពិនិត្យ ឬ​សាកល្បង​ពួកគេ​ឲ្យ​យល់​ថា​តើ​ពួកគេ​ល្អ ឬ​អាក្រក់—ហើយ​ដើម្បី « កាន់​ខ្ជាប់​តាម​សេចក្តី​ដែលត្រឹមត្រូវ » ។ ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ យើង​ត្រូវ​បាន​បង្រៀន​មិន​ត្រឹម​តែ​រៀន​ពី​ដំណឹង​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បី​សញ្ជឹង​គិត អធិស្ឋាន ហើយ​ទីបំផុត​យល់​ពី​វា ( សូមមើល នីហ្វៃទី៣ ១៧:១–៣; គោលលទ្ធិ និងសេចក្តីសញ្ញា ៦៨:២៥–២៦ ) ។ បន្ទាប់មក យើង​ត្រូវ​ប្រកាន់​ខ្ជាប់​យ៉ាង​រឹងមាំ និង​ស្មោះត្រង់​ចំពោះ​សេចក្តីល្អ​ដែល​យើង​យល់ ។