ថែស្សាឡូនីច ទី២ ២
សេចក្ដីក្បត់សាសនាដ៏ធំ
តើជីវិតរបស់អ្នកនឹងទៅជាយ៉ាងណា ប្រសិនបើអ្នកមិនមានភាពពេញលេញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ? ប៉ុលបានបង្រៀនពួកបរិសុទ្ធនៅក្រុងថែស្សាឡូនីចថា នៅទីបំផុតអំពើទុច្ចរិតរបស់ប្រជាជននឹងនាំឲ្យមានការបែកចេញពីដំណឹងល្អ ( សូមមើល ថែស្សាឡូនីច ទី២ ២:១–៧ ) ។ មេរៀននេះអាចជួយអ្នកឲ្យយល់ពីរបៀបដែលសេចក្ដីក្បត់សាសនានៃព្រះគម្ពីរសញ្ញាថ្មីនៃសាសនាចក្របានកើតឡើង និងមូលហេតុដែលសាសនាចក្ររបស់ព្រះអង្គសង្គ្រោះចាំបាច់ត្រូវស្ដារឡើងវិញនៅថ្ងៃចុងក្រោយ ។
សេចក្ដីក្បត់សាសនាដ៏ធំ
សូមស្រមៃថាអ្នកគឺជាអ្នកផ្សព្វផ្សាយសាសនានៅថ្ងៃដំបូងនៃបេសកកម្មរបស់អ្នក ។ អ្នកត្រូវបង្រៀននរណាម្នាក់អំពីសេចក្ដីក្បត់សាសនាដ៏ធំ ។
-
តើអ្នកនឹងពន្យល់រឿងនេះទៅពួកគេដោយរបៀបណា ?
-
ហេតុអ្វីបានជាការណ៍នេះជាកិច្ចការដ៏លំបាក ?
-
តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដើម្បីយល់ដឹងអំពីសេចក្ដីក្បត់សាសនាដ៏ធំនេះ ?
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរសំណួរដែលអ្នកមានអំពីសេចក្ដីក្បត់សាសនាដ៏ធំ ឬសំណួរដែលអ្នកសាសនាគន់ការីអាចសួរ ។ នៅពេលអ្នកសិក្សា សូមស្វែងរកជំនួយពីព្រះវរបិតាសួគ៌ ដើម្បីស្វែងរកចម្លើយចំពោះសំណួរទាំងនេះ ។
ប៉ុលព្យាករអំពីការបែកចេញពីសាសនាចក្រ
ពួកបរិសុទ្ធក្រុងថែស្សាឡូនីចមានកង្វល់ជាច្រើនអំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ហើយបានគិតថាវាអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ ។ ប៉ុលបានបកស្រាយអំពីកង្វល់របស់ពួកគេក្នុងសំបុត្ររបស់លោក ហើយបានពន្យល់ថាមានអ្វីផ្សេងទៀតនឹងកើតឡើងមុនព្រះគ្រីស្ទនឹងយាងមកម្ដងទៀត ។
សូមអាន ថែស្សាឡូនីច ទី២ ២:១–៣ ហើយរកមើលអ្វីដែលប៉ុលបានបង្រៀនថានឹងកើតឡើងមុនការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ ។ សូមប្រើលេខយោងដើម្បីជួយអ្នកឲ្យយល់កាន់តែច្បាស់ពីប្រសាសន៍របស់ប៉ុល ។
-
តើអ្វីដែលប៉ុលបានបង្រៀនថានឹងកើតឡើងពីមុនការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ ?
« ការធ្លាក់ » នេះដែលបានពិពណ៌នាដោយប៉ុលគឺជាសេចក្ដីក្បត់សាសនាដ៏ធំដែលបានកើតឡើងបន្ទាប់ពីការសុគតរបស់ពួកសាវករបស់ព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដីក្បត់សាសនាដ៏ធំនេះខុសពីសេចក្ដីក្បត់សាសនាផ្ទាល់ខ្លួន ដែលជាពេលដែលបុគ្គលបះបោរ ឬធ្លាក់ទៅឆ្ងាយពីសេចក្តីពិត ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សេចក្ដីក្បត់សាសនា » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
-
តើពាក្យរបស់ប៉ុលបង្ហាញពីការយកចិត្តទុកដាក់ និងការបារម្មណ៍របស់ព្រះចំពោះពួកបរិសុទ្ធថែស្សាឡូនីចយ៉ាងដូចម្ដេច ?
សេចក្តីពិតមួយដែលយើងអាចរៀនពីខគម្ពីរទាំងនេះគឺថា វាត្រូវបានព្យាករតំាងពីបុរាណថា មុនការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ នឹងកើតមានសេចក្ដីក្បត់សាសនាពីសាសនាចក្ររបស់ទ្រង់ ។
-
ហេតុអ្វីក៏អ្នកគិតថា សេចក្ដីពិតនេះសំខាន់ដើម្បីយល់ដឹង ?
ប្រធាន អិម. រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីមូលហេតុដែលអំឡុងពេលនៃសេចក្ដីក្បត់សាសនាកើតឡើង ។
ព្រះវរបិតាសួគ៌យើងស្រឡាញ់កូនចៅរបស់ទ្រង់ទាំងអស់ ហើយទ្រង់ចង់ឲ្យពួកគេទាំងអស់ទទួលបានពរជ័យនៃដំណឹងល្អក្នុងជីវិតរបស់ពួកគេ ។ ពន្លឺខាងវិញ្ញាណពុំបាត់បង់ ដោយសារព្រះបែរខ្នងដាក់បុត្រាបុត្រីទ្រង់នោះឡើយ ។ តែភាពល្ងិតល្ងង់ខាងវិញ្ញាណកើតមកពីគ្រាដែលបុត្រាបុត្រីរបស់ទ្រង់បែរខ្នងពួកគេដាក់ទ្រង់ទៅវិញទេ ។ វាជាលទ្ធផលតាមធម្មជាតិមួយនៃការជ្រើសរើសមិនល្អ ដែលបុគ្គលម្នាក់ៗសហគមន៍ ប្រទេស និងអារ្យធម៌ទាំងមូលបានធ្វើ ។
( អិម រ័សុល បាឡឺដ « Learning the Lessons of the Past » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៣២ )
-
តើបងប្អូនចាប់អារម្មណ៍អ្វីខ្លះក្នុងសេចក្ដីថ្លែងការណ៍នេះ ? ហេតុអ្វី ?
ដោយសារព្រះវរបិតាសួគ៌ជ្រាបគ្រប់ការណ៍ទាំងអស់ ( សូមមើល នីហ្វៃទី២ ៩:២០ ) សេចក្ដីក្បត់សាសនាដ៏ធំមិនបានកើតឡើងជាការភ្ញាក់ផ្អើលដល់ទ្រង់នោះទេ ។ ទ្រង់ស្រឡាញ់កូនចៅទាំងអស់របស់ទ្រង់ ( សូមមើល យ៉ូហាន ៣:១៦ ) ដូច្នេះទ្រង់បានប្រទានវិធីមួយដើម្បីយកឈ្នះលើសេចក្ដីក្បត់សាសនាដ៏ធំនេះ តាមរយៈការស្ដារឡើងវិញនៃសាសនាចក្រ និងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល កិច្ចការ ៣:១៩–២១; អេភេសូរ ១:១០ ) ។
ពង្រឹងការយល់ដឹងរបស់អ្នកអំពីសេចក្ដីក្បត់សាសនាដ៏ធំ
សកម្មភាពខាងក្រោមអាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីរបៀបដែលសេចក្ដីក្បត់សាសនាដ៏ធំបានកើតឡើង និងមូលហេតុដែលសាសនាចក្ររបស់ព្រះអង្គសង្គ្រោះចាំបាច់ត្រូវស្ដារឡើងវិញនៅថ្ងៃចុងក្រោយ ។
សូមសិក្សាវគ្គបទគម្ពីរខាងក្រោម និងសេចក្ដីថ្លែងការណ៍ដោយ ប្រធាន រ័សុល អិម ណិលសុន ហើយបន្ទាប់មកឆ្លើយសំណួរខាងក្រោម ។
-
នីហ្វៃទី១ ១៣:២៤–២៨ ៖ នីហ្វៃបានឃើញក្នុងការនិមិត្តអំពីអ្វីដែលនឹងកើតឡើងចំពោះសេចក្ដីពិតសំខាន់ៗនៅក្នុងព្រះគម្ពីរប៊ីប ។
-
អេម៉ុស ៨:១១–១២ ៖ អេម៉ុសព្យាករអំពីអំណត់អត់ខាងវិញ្ញាណ ។
-
កិច្ចការ ២០:២៩–៣០ ៖ ប៉ុលព្រមានថា សមាជិកនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះនឹងត្រូវបានដឹកនាំឲ្យវង្វេងចេញពីដំណឹងល្អ ។
-
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
« ព្រះដ៏មានព្រះជន្មរស់របស់យើង ជាព្រះជាទីស្រឡាញ់ ! ទ្រង់ចង់ឲ្យកូនចៅរបស់ទ្រង់ស្គាល់ទ្រង់ និងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានបញ្ជូនមក ! ហើយទ្រង់មានព្រះទ័យចង់ឲ្យបុត្រាបុត្រីទ្រង់ទទួលបានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ច !
« ក្នុងគោលបំណងដ៏រុងរឿងនេះ អ្នកផ្សព្វផ្សាយសាសនារបស់យើងបង្រៀនអំពីការស្ដារឡើងវិញ ។ ពួកគេដឹងថា ប្រហែលជា ២០០០ ឆ្នាំកន្លងទៅ ព្រះអម្ចាស់បានស្ថាបនាសាសនាចក្ររបស់ទ្រង់ ។ បន្ទាប់ពីការឆ្កាងរបស់ទ្រង់ និងការស្លាប់របស់ពួកសាវកទ្រង់ មនុស្សបានផ្លាស់ប្ដូរសាសនាចក្រ និងគោលលទ្ធិសាសនាចក្រ ។ ហើយបន្ទាប់ពីអស់រយៈពេលជាច្រើនជំនាន់នៃភាពងងឹតខាងវិញ្ញាណ ហើយដូចបានព្យាករដោយព្យាការីកាលពីមុនៗ ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ បានស្ដារសាសនាចក្រ គោលលទ្ធិ ហើយនឹងសិទ្ធិអំណាចបព្វជិតភាពឡើងវិញ ។ ដោយសារតែការស្ដារឡើងវិញនោះ ចំណេះដឹង និង ពិធីបរិសុទ្ធសំខាន់ៗសម្រាប់សេចក្ដីសង្គ្រោះ និងការលើកតម្កើង គឺមានជាថ្មីម្ដងទៀតសម្រាប់មនុស្សទាំងអស់ ។ ទីបំផុត ការលើកតម្កើងនោះអនុញ្ញាតឲ្យយើងម្នាក់ៗរស់នៅជាមួយក្រុមគ្រួសាររបស់យើងនៅក្នុងវត្តមានរបស់ព្រះ និងព្រះយេស៊ូវគ្រីស្ទជារៀងរហូត ! »
រ័សុល អិម ណិលសុន « Catch the Wave » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤៦
ប្រសិនបើអ្នកនៅមានសំណួរអំពីអ្វីទៅដែលជាសេចក្ដីក្បត់សាសនា សូមពិចារណាសិក្សាផ្នែក « សេចក្ដីក្បត់សាសនាដ៏ធំ » នៅក្នុង « មេរៀនទី ១ ៖ សារដំណឹងនៃការស្តារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទ្ទេសក៍សម្រាប់ការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ( ឆ្នាំ ២០១៩ ) ។ អ្នកក៏អាចស្វែងយល់បន្ថែមអំពីប្រធានបទទាំងនេះដោយមើល « What Is the Restoration? » ( ៥:១៣ ) ឬ « Jesus Christ’s Church » ( ១:២៧ ) ដែលអាចរកបាននៅលើគេហទំព័រ ChurchofJesusChrist.org ។
តើការស្ដារឡើងវិញគឺជាអ្វី ?សាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយសំណួរដែលលោក និងភរិយារបស់លោកអាចមាន ប្រសិនបើពួកលោករស់នៅក្នុងអំឡុងពេលនៃការក្បត់សាសនាដ៏ធំ ៖ « តើមានអ្វីកំពុងបាត់នៅទីនេះ ? តើយើងប្រាថ្នាថា យើងនឹងមានអ្វី ? តើយើង សង្ឃឹម ថា ព្រះនឹងប្រទានអ្វីជាចម្លើយចំពោះការចង់បានខាងវិញ្ញាណរបស់យើង ? » ( A Perfect Brightness of Hope » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨១ ) ។ សូមពិចារណាពីគំនិត និងអារម្មណ៍ស្រដៀងគ្នាដែលអ្នកអាចមាន ប្រសិនបើអ្នកបានរស់នៅពេលនោះ ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
តើពួកគ្រីស្ទានដែលរស់នៅមុនការស្ដារឡើងវិញបានកត់សម្គាល់អំពីសេចក្ដីក្បត់សាសនានេះឬទេ ?
អ្នកកែទម្រង់ ម៉ាទីន លូទើ ( ឆ្នាំ ១៤៨៣–១៥៤៦ ) បានបង្រៀន ៖
ខ្ញុំពុំបានព្យាយាមធ្វើអ្វីក្រៅពីកែទម្រង់សាសនាចក្រឲ្យស្របតាមព្រះគម្ពីរបរិសុទ្ធនោះទេ ។ … ខ្ញុំនិយាយយ៉ាងសាមញ្ញថា មិនមានសាសនាគ្រឹស្តនៅក្នុងចំណោមអ្នកដែលអភិរក្សវានោះទេ ។
( នៅក្នុង អ៊ី ជី ឈ្វីប៊ឹត Luther and His Times: The Reformation from a New Perspective [ ឆ្នាំ ១៩៥០ ] ទំព័រ ៥០៩ )
អ្នកដឹកនាំគ្រីស្ទានអាមេរិកាំងដើមដំបូង លោក រ៉ូជើរ វិល្លាម ( ឆ្នាំ ១៦០៣–១៦៨៣ ) បានពន្យល់ ៖
សេចក្ដីក្បត់សាសនា … រហូតមកដល់ពេលនេះបានបង្ខូចអ្វីៗទាំងអស់ ដែលមិនអាចមានលទ្ធភាពស្តារឡើងវិញពីការក្បត់សាសនានោះ រហូតដល់ព្រះគ្រីស្ទបញ្ជូនសាវកថ្មីមក បណ្តុះបណ្តាលព្រះវិហារជាថ្មី ។
( នៅក្នុង ហ្វីលីព ស្ហាហ្វ The Creeds of Christendomវ៉ុល ៣ [ ឆ្នាំ ១៨៧៧ ] ១:៨៥១ )
ទស្សនវិទូជនជាតិហូឡង់ អេរ៉ាស់ស្មឹះ ( ឆ្នាំ ១៤៦៦–១៥៣៦ ) បានបង្រៀន ៖
ឥឡូវនេះ អ្វីគ្រប់យ៉ាងគឺជាប់ពាក់ព័ន្ធជាមួយនឹងសំណួរទាំងនេះ [ នៃគោលលទ្ធិ ] និងរាជក្រឹត្យនានា ដែលយើងមិនហ៊ានសូម្បីតែសង្ឃឹមថានឹងហៅពិភពលោកឲ្យត្រឡប់ទៅរកសាសនាគ្រឹស្តពិតវិញ ។
( The Praise of Folly, trans. Clarence H. Miller កំំណែទី ២ [ ឆ្នាំ ២០០៣ ] ទំព័រ ១៥៥–៥៦ )
តើធ្លាប់មានសេចក្ដីក្បត់សាសនាតែម្តងមែនទេ ?
ពេញមួយសម័យកាល មានគ្រាកាន់កាប់ត្រួតត្រាជាច្រើន ដែលបានបញ្ចប់ដោយសេចក្ដីក្បត់សាសនានោះ ។ ដោយសេចក្ដីមេត្តាករុណារបស់ទ្រង់ ព្រះអម្ចាស់បានស្តារដំណឹងល្អរបស់ទ្រង់នៅលើផែនដីតាមរយៈការហៅព្យាការី ។ ដើម្បីរៀនសូត្របន្ថែមអំពីគំរូនេះ សូមមើល « Dispensations: The Pattern of Apostasy and Restoration » ( ៦:៥២ ) ដែលមាននៅគេហទំព័រ ChurchofJesusChrist.org ។
តើយើងគួរមានទស្សនៈយ៉ាងណាចំពោះមនុស្សល្អៗដែលមានជំនឿផ្សេង ?
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានពន្យល់ថា ៖
យើងជឿថាថ្នាក់ដឹកនាំ និងអ្នកកាន់តាមសាសនាភាគច្រើនគឺជាអ្នកជឿដោយស្មោះដែលស្រឡាញ់ព្រះ ហើយមានការយល់ដឹង និងបម្រើទ្រង់អស់ពីសមត្ថភាពរបស់ពួកគេ ។ យើងជំពាក់គុណបុរស និងស្ត្រីដែលបានរក្សាពន្លឺនៃសេចក្តីជំនឿ និងការរៀនសូត្រដែលបន្តរស់នៅអស់ជាច្រើនសតវត្សរហូតមកដល់សព្វថ្ងៃនេះ ។ យើងត្រូវតែធ្វើឲ្យផ្ទុយពីពន្លឺតិចដែលមានក្នុងចំនោមមនុស្សដែលមិនធ្លាប់ស្គាល់ព្រះនាមរបស់ព្រះ និងព្រះយេស៊ូវគ្រីស្ទ ដើម្បីដឹងពីការរួមចំណែកដ៏អស្ចារ្យដែលធ្វើឡើងដោយគ្រូគង្វាលគ្រីស្ទានគ្រប់សម័យកាល ។ យើងគោរពពួកគេក្នុងនាមជាអ្នកបម្រើរបស់ព្រះ ។
( ដាល្លិន អេក អូក « Apostasy and Restoration » Ensignខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៨៥ )