កិច្ចការ ១១, ១៥
ព្រះអង្គសង្គ្រោះដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈវិវរណៈ
ព្រះយេស៊ូវបានមានព្រះបន្ទូលប្រាប់ពួកសាវកទ្រង់ថា ដំណឹងល្អនឹងត្រូវបានផ្សព្វផ្សាយដល់គ្រប់ជាតិសាសន៍ ។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើបែបនេះនឹងតម្រូវឲ្យមានការផ្លាស់ប្តូរដ៏លំបាកចំពោះទំនៀមទម្លាប់របស់សាសន៍យូដាដែលបានកាន់ជាយូរមកហើយ ។ ដោយព្រះយេស៊ូវបានយាងទៅស្ថានសួគ៌វិញ នោះការផ្លាស់ប្តូរទាំងនេះចាំបាច់ត្រូវធ្វើតាមរយៈវិវរណៈ ។ មេរៀននេះមានគោលបំណងដើម្បីធ្វើឲ្យការយល់ដឹងរបស់អ្នក កាន់តែ ស៊ីជម្រៅអំពីរបៀបដែលព្រះអង្គសង្គ្រោះដឹកនាំសាសនាចក្ររបស់ទ្រង់ តាមរយៈវិវរណៈទៅកាន់ព្យាការី និងសាវកទាំងឡាយរបស់ទ្រង់ ។
សំណួររបស់មិត្តម្នាក់
សូមស្រមៃថាមិត្តដែលកាន់សាសនាខុសពីអ្នកម្នាក់រៀនអំពី ជំនឿទៅលើព្យាការី និងសាវកសម័យទំនើបរបស់អ្នក ។ ទោះបីជាមិត្តរបស់អ្នកជឿលើព្យាការី និងសាវកក្នុងព្រះគម្ពីរប៊ីបក៏ដោយ ក៏គាត់មានការលំបាកក្នុងការទទួលយកគំនិតដែលថាព្រះធ្វើការតាមរយៈពួកលោកនៅថ្ងៃនេះណាស់ដែរ ។ គាត់សួរអ្នកថា ៖ « តើព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់ព្យាការី និងសាវកទាំងឡាយដោយរបៀបណា ? »
-
តើអ្នកមានទំនុកចិត្តលើសមត្ថភាពរបស់អ្នកកម្រិតណាក្នុងការឆ្លើយសំណួរនេះ ?
-
តើអ្នកនឹងនិយាយទៅកាន់មិត្តភក្តិរបស់អ្នកយ៉ាងដូចម្តេច ?
ខណៈពេលដែលមានវិធីជាច្រើនក្នុងការឆ្លើយតប កិច្ចការ ១១និង ១៥ បង្ហាញពីវិធីពីរយ៉ាងដែលព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈវិវរណៈ ។
វិវរណៈទៅកាន់ព្យាការី
បន្ទាប់ពីការនិមិត្ត និងបទពិសោធន៍របស់ពេត្រុសជាមួយនឹងកូនេលាស ( សូមមើល កិច្ចការ ១០ ) លោកបានធ្វើដំណើរទៅក្រុងយេរូសាឡិម ហើយបានបង្រៀនសេចក្ដីពិតដែលទើបតែបានបើកសម្ដែងទាំងនេះដល់ថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀត ។
បន្ទាប់ពីបានមកដល់ក្រុងយេរូសាឡិម ពេត្រុសបានរៀបរាប់ពីការនិមិត្ត និងបទពិសោធន៍របស់លោកជាមួយនឹងកូនេលាស ( សូមមើល កិច្ចការ ១១:១–១៨ ) ។
សូមអាន កិច្ចការ ១១:៤–១៨ ដោយរកមើលពីរបៀបដែលអ្នកឃើញព្រះដឹកនាំសាសនាចក្រ ។
-
តើយើងរៀនអ្វីខ្លះចេញពីដំណើររឿងនេះ អំពីរបៀបដែលព្រះអម្ចាស់ដឹកនាំសាសនាចក្ររបស់ទ្រង់ ?
ចេញពីបទពិសោធន៍របស់ពេត្រុស យើងរៀនថា ព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈវិវរណៈទៅកាន់ព្យាការីទ្រង់ ដែលជាសាវករៀមច្បង ។
-
តើការដឹងពីសេចក្ដីពិតនេះអាចជួយពង្រឹងទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងព្យាការីរបស់ទ្រង់ដោយរបៀបណា ?
-
ហេតុអ្វីបានជាអ្នកជឿថាសាសនាចក្រសព្វថ្ងៃនេះត្រូវបានដឹកនាំដោយវិវរណៈទៅកាន់ព្យាការីរបស់ព្រះអម្ចាស់ ?
វិវរណៈតាមរយៈក្រុមប្រឹក្សា
ឧទាហរណ៍មួយទៀតអំពីរបៀបដែលព្រះអង្គសង្គ្រោះប្រទានវិវរណៈដល់ព្យាការី និងសាវកទាំងឡាយរបស់ទ្រង់ត្រូវបានបង្ហាញនៅក្នុង កិច្ចការ ១៥ ។
ពួកអ្នកផ្សព្វផ្សាយសាសនា ប៉ុល និងបាណាបាស បានបង្រៀន និងធ្វើពិធីបុណ្យជ្រមុជទឹកឲ្យសាសន៍ដទៃជាច្រើន ។ ពួកគ្រីស្ទានដែលជាសាសន៍យូដាមួយចំនួនបានមកទីក្រុងអាន់ទីយ៉ូក ហើយបានបង្រៀនថា បុរសដែលប្រែចិត្តពីសាសន៍ដទៃត្រូវគោរពតាមក្រឹត្យវិន័យរបស់លោកម៉ូសេដោយការកាត់ស្បែក បន្ថែមពីលើការរស់នៅតាមដំណឹងល្អដែលបង្រៀនដោយព្រះយេស៊ូវគ្រីស្ទ និងសាវកទាំងឡាយរបស់ទ្រង់ ( សូមមើល កិច្ចការ ១៥:១, ៥ សូមមើលផងដែរនូវសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « Circumcision scriptures.ChurchofJesusChrist.org ) ។
សូមអាន កិច្ចការ ១៥:២ ដើម្បីមើលពីរបៀបដែលប៉ុល និងបាណាបាសបានខិតខំដោះស្រាយបញ្ហា ។
-
ហេតុអ្វីបានជាអ្នកគិតថា ប៉ុល និងបាណាបាសបានស្វែងរកការណែនាំពីថ្នាក់ដឹកនាំសាសនាចក្រនៅយេរូសាឡិម ?
សេចក្តីពិតមួយដែលបានបង្ហាញនៅក្នុង កិច្ចការ ១៥ គឺថា តាមរយៈការប្រឹក្សាជាមួយគ្នា ហើយស្វែងរកវិវរណៈពីព្រះ នោះថ្នាក់ដឹកនាំសាសនាចក្រទទួលបានការបំផុសគំនិតអំពីបញ្ហាលំបាកៗ ។ ដូចដែលពេត្រុស និងថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀតបានប្រឹក្សាជាមួយគ្នា ពួកលោកបានទទួលការណែនាំពីព្រះ ។ ពួកលោកបានផ្ញើលិខិតជូនដំណឹងដល់សមាជិកសាសនាចក្រអំពីការសម្រេចចិត្តដ៏បំផុសគំនិតរបស់ពួកលោក ដោយមិនតម្រូវឲ្យមានការកាត់ស្បែកចំពោះពួកអ្នកប្រែចិត្តពីសាសន៍ដទៃ ទៀតទេហើយពួកលោកបានរួមបញ្ចូលការអញ្ជើញឲ្យគោរពតាមបទបញ្ញត្តិផ្សេងទៀត ។
ក្រុមប្រឹក្សាគឺជាក្រុមមនុស្សដែលមកជួបជុំគ្នាដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ និងរបៀបឆ្លើយតបចំពោះបញ្ហាទាំងនោះ ។ ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែលក្រុមប្រឹក្សាធ្វើការនៅក្នុងសាសនាចក្រ សូមអាន ក្បួនខ្នាតទូទៅ ដូចខាងក្រោមនេះ ៖
អ្នកដឹកនាំ [ នៃក្រុមប្រឹក្សា ] លើកទឹកចិត្តសមាជិកឲ្យនិយាយដោយបើកចំហ និងស្មោះត្រង់ ។ ប្រវត្តិ អាយុ បទពិសោធន៍ និងទស្សនៈផ្សេងគ្នារបស់សមាជិកក្រុមប្រឹក្សាធ្វើឲ្យក្រុមប្រឹក្សាកាន់តែមានខ្លឹមសារ ។ សមាជិកចែកចាយយោបល់ និងស្តាប់គ្នាទៅវិញទៅមកដោយការគោរព ។ នៅពេលពួកគេព្យាយាមស្គាល់ព្រះហឫទ័យរបស់ព្រះអម្ចាស់ នោះវិញ្ញាណនៃការបំផុសគំនិត និងសាមគ្គីភាពអាចនឹងមានវត្តមាន ។
( ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ៤.៤.៣ ChurchofJesusChrist.org )
-
តើអ្នកនឹងសង្ខេបដោយរបៀបណាថាក្រុមប្រឹក្សានៅក្នុងសាសនាចក្រគឺជាអ្វី ?
ក្រុមប្រឹក្សាក្រុងយេរូសាឡិម
សូមអាន កិច្ចការ ១៥:៦–១៥, ២២–២៨ ដោយស្វែងរកភស្តុតាងនៃផ្នែកខុសៗគ្នានៃក្រុមប្រឹក្សាមួយ ។ សូមចម្លងតារាងខាងក្រោមនេះចូលក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ នៅក្នុងជួរឈរខាងស្ដាំ សូមសរសេរពាក្យ ឬឃ្លាពីខគម្ពីរដែលត្រូវនឹងឃ្លាក្នុងជួរឈរខាងឆ្វេង ។
ដំណើរការនៅក្រោមកូនសោបព្វជិតភាព | |
ផ្តោតលើចំណុចល្អរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ | |
អនុញ្ញាតឲ្យសមាជិកក្រុមប្រឹក្សាបញ្ចេញមតិ | |
នាំឲ្យមានសាមគ្គីភាព |
ថ្នាក់ដឹកនាំសម័យទំនើបក៏ប្រើក្រុមប្រឹក្សាដើម្បីយាងអញ្ជើញការណែនាំរបស់ព្រះអម្ចាស់នៅក្នុងបញ្ហាសាសនាចក្រផងដែរ ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនដូចខាងក្រោម ៖
កាលយើងជួបជុំគ្នាជាក្រុមប្រឹក្សានៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកដប់ពីរនាក់ នោះបន្ទប់ប្រជុំរបស់យើងក្លាយទៅជាបន្ទប់នៃវិវរណៈ ។ ព្រះវិញ្ញាណគឺគង់នៅទីនោះ ។ កាលយើងជួបនឹងបញ្ហាស្មុគស្មាញ ដំណើរការដ៏រំភើបមួយបានបើកបង្ហាញ កាលសាវកមួយរូបៗបង្ហាញគំនិត និងទស្សនៈរបស់ខ្លួនដោយសេរី ។ ទោះជាយើងអាចមានទស្សនៈផ្ដួចផ្ដើមខុសៗគ្នាក្ដី ក៏យើងនៅតែមានសេចក្ដីស្រឡាញ់ចំពោះគ្នាជានិច្ច ។ ការរួបរួមរបស់យើងជួយយើងឲ្យដឹងពីព្រះទ័យរបស់ព្រះអម្ចាស់សម្រាប់សាសនាចក្ររបស់ទ្រង់ ។
នៅក្នុងការប្រជុំរបស់យើង មតិភាគច្រើនមិនដែលយកមកគ្រប់គ្រងនោះទេ ! យើងស្ដាប់គ្នាទៅវិញទៅមកប្រកបដោយការអធិស្ឋាន ហើយពិភាក្សាគ្នារហូតដល់យើងមានការរួបរួម ។ បន្ទាប់មក កាលយើងយល់ព្រមគ្រប់គ្នា នោះព្រះចេស្ដាបង្រួបបង្រួមនៃព្រះវិញ្ញាណបរិសុទ្ធមានភាពរំភើបជាខ្លាំង ! យើងទទួលបទពិសោធន៍នូវអ្វីដែលព្យាការី យ៉ូសែប ស្ម៊ីធ បានដឹង នៅពេលលោកបានបង្រៀនថា « តាមរយៈយើងមានអារម្មណ៍រួបរួមគ្នា នោះយើងទទួលបានអំណាចជាមួយនឹងព្រះ » [ Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ២០០៧ ) ទំព័រ ៣៩៣–៩៤ ] ។ គ្មានសមាជិកក្នុងគណៈប្រធានទីមួយ ឬកូរ៉ុមនៃពួកដប់ពីរនាក់ណាម្នាក់ធ្វើការសម្រេចចិត្តសម្រាប់សាសនាចក្ររបស់ព្រះអម្ចាស់តាមការវិនិច្ឆ័យដ៏ឈ្លាស់វៃបំផុតរបស់ខ្លួននោះឡើយ !
( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥ )
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
វិវរណៈទៅកាន់អ្នកដឹកនាំសាសនាចក្រ
នៅក្នុងសុន្ទរកថារបស់លោក « The Doctrine of Christ » អែលឌើរ ឌីថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានប្រើដំណើររឿងដែលបានកត់ត្រានៅក្នុង កិច្ចការ ១១ និង ១៥ ដើម្បីបង្រៀនអំពីវិវរណៈទៅកាន់អ្នកដឹកនាំសាសនាចក្រ ។ សូមពិចារណាសិក្សាសុន្ទរកថាទាំងមូល ឬមើលវីដេអូខាងក្រោមចាប់ពីនាទីទី ៦:១០ ដល់នាទីទី ១១:៣៤ ។
តើមានឧទាហរណ៍អ្វីខ្លះនៃការបន្តវិវរណៈ ?
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនអំពីវិវរណៈដែលបានទទួលសម្រាប់សាសនាចក្រ ។ សូមមើល « The Blessings of Continuing Revelation to Prophets and Personal Revelation to Guide Our Lives » ចាប់ពីនាទីទី ៤:៥៥ ដល់នាទីទី ៦:៤២ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
អែលឌើរ ឃុក ក៏បានបង្រៀនផងដែរថា ព្យាការី និងសាវកទាំងឡាយទទួលបានការបំផុសគំនិតពីព្រះវិញ្ញាណ និងទទួលវិវរណៈផ្ទាល់ពីព្រះអង្គសង្គ្រោះ ។ សូមមើល « Prepare to Meet God » ចាប់ពីនាទីទី ១៣:៣៧ ដល់នាទីទី ១៤:១៥ ។
តើក្រុមប្រឹក្សាអាចដំណើរការក្នុងគ្រួសារដោយរបៀបណា ?
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនអំពីក្រុមប្រឹក្សាគ្រួសារនៅក្នុងសុន្ទរកថារបស់លោក « Family Councils » ( Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦៣–៦៥ ) ។