កិច្ចការ ១៦
« ព្រះអម្ចាស់ទ្រង់ហៅយើង … ឲ្យទៅផ្សាយដំណឹងល្អ »
នៅក្នុងព្រះបន្ទូលចុងក្រោយរបស់ទ្រង់ទៅកាន់សាវករបស់ទ្រង់ ព្រះអង្គសង្គ្រោះបានត្រាស់បង្គាប់ពួកសិស្សរបស់ទ្រង់ឲ្យ « ទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ » ( ម៉ាថាយ ២៨:១៩) ។ ប៉ុល និងដៃគូរបស់លោកបានរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងការបំពេញបទបញ្ញត្តិនេះ ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកឲ្យស្គាល់ជំនួយដែលព្រះអង្គសង្គ្រោះមានព្រះរាជបំណងប្រទានឲ្យអ្នក នៅពេលអ្នកព្យាយាមចែកចាយដំណឹងល្អរបស់ទ្រង់ជាមួយអ្នកដទៃ ។
ការចែកចាយដំណឹងល្អជាមួយអ្នកដទៃ
អ្នកប្រហែលជាចាំថា បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ ទ្រង់បានប្រមូលពួកសាវករបស់ទ្រង់ជុំគ្នា ហើយបានប្រទានបទបញ្ញត្តិដូចខាងក្រោមនេះដល់ពួកលោក ៖ « ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ ( ម៉ាថាយ ២៨:១៩ ) ។
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយគំនិតខាងក្រោមអំពីបទបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះក្នុងការផ្សាយដំណឹងល្អ ។ អ្នកប្រហែលជាចង់មើលវីដេអូ « កិច្ចការផ្សព្វផ្សាយសាសនា ៖ ការចែកចាយអំពីអ្វីដែលមាននៅក្នុងដួងចិត្តបងប្អូន » ចាប់ពីនាទីទី ២:៤៦ ដល់នាទីទី ៣:៣០ ឬអានសេចក្ដីថ្លែងការណ៍ខាងក្រោម ។
ជាញឹកញាប់ ខ្ញុំបានពិចារណា និងអធិស្ឋានអំពីការបង្គាប់ដ៏អស្ចារ្យរបស់ព្រះអង្គសង្គ្រោះដល់ពួកសិស្សរបស់ទ្រង់ … ឲ្យ « ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ » [ ម៉ាថាយ ២៨:១៩ ] ។
ខ្ញុំបានពុះពារនឹងសំណួរនេះថា « ក្នុងនាមជាសមាជិក និងជាសិស្សរបស់ព្រះគ្រីស្ទ តើយើងអាចបំពេញតាមការបង្គាប់ដ៏អស្ចារ្យនោះនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងបានដោយរបៀបណា ? »
ថ្ងៃនេះ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យពិចារណាសំណួរដូចគ្នានេះនៅក្នុងចិត្ត និងគំនិតបងប្អូន ។
( សូមមើល ឌៀថើរ អេហ្វ អុជដូហ្វ « Missionary Work: Sharing What Is in Your HeartLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៥–១៦ )
បន្ថែមពីលើសំណួរនេះ អែលឌើរ អុជដូហ្វ បានអញ្ជើញអ្នកឲ្យពិចារណា និងគិតអំពីចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមនេះ ។ សូមពិចារណាកត់ត្រាទុកចម្លើយរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
នៅលើរង្វាស់ ១–៥ តើអ្នកមានបំណងប្រាថ្នាប៉ុណ្ណាដើម្បីចែកចាយដំណឹងល្អជាមួយអ្នកដទៃ ? ហេតុអ្វីពួកគេឆ្លើយតបបែបនេះ ?
-
តើអ្នកជួបឧបសគ្គអ្វីខ្លះក្នុងការចែកចាយដំណឹងល្អជាមួយអ្នកដទៃ ?
សាវកប៉ុលជាអ្នកផ្សព្វផ្សាយសាសនាដ៏មានឥទ្ធិពលម្នាក់ដែលបាននាំព្រលឹងជាច្រើនមករកព្រះយេស៊ូវគ្រីស្ទ តាមរយៈការផ្សព្វផ្សាយរបស់លោក ។ អំឡុងសប្តាហ៍នេះ អ្នកនឹងរៀនអំពីព្រឹត្តិការណ៍មួយចំនួនដែលបានកើតឡើងអំឡុងពេលប៉ុលធ្វើដំណើរទៅផ្សាយសាសនាជាលើកទីពីរ និងទីបី ( សូមមើល កិច្ចការ ១៥:៣៦–៤១; ១៦; ១៧; ១៨:១–២២ និង កិច្ចការ ១៨:២៣–២៨; ១៩; ២០; ២១:១–១៥ ) ។ ផែនទីខាងក្រោមនេះបង្ហាញពីការធ្វើដំណើររបស់ប៉ុលក្នុងអំឡុងពេលនៃដំណើរទាំងនេះ ៖
នៅពេលអ្នកសិក្សាបទពិសោធន៍មួយចំនួនរបស់ប៉ុលពីបេសកកម្មលើកទីពីររបស់លោកនៅក្នុងមេរៀននេះ អ្នកនឹងឃើញឧទាហរណ៍នៃសេចក្ដីពិតដូចតទៅនេះ ៖ ព្រះអម្ចាស់អាចដឹកនាំយើងឲ្យទៅជួបអ្នកដែលទ្រង់បានរៀបចំដើម្បីទទួលដំណឹងល្អរបស់ទ្រង់ ។ សូមយកចិត្តទុកដាក់លើការបំផុសគំនិតពីព្រះវិញ្ញាណ ដែលអាចជួយអ្នកក្នុងការខិតខំរបស់អ្នកដើម្បីចែកចាយដំណឹងល្អជាមួយអ្នកដទៃ ។
ប៉ុល និងដៃគូរបស់លោកផ្សព្វផ្សាយនៅស្រុកម៉ាសេដូន
សូមអាន កិច្ចការ ១៦:៦–១៥ ដោយរកមើលអ្វីដែលប៉ុល និងដៃគូរបស់លោកបានជួបប្រទះដំបូងគេ ក្នុងដំណើររបស់ប៉ុលទៅផ្សាយសាសនាជាលើកទីពីរ ។
-
តើអ្នកអាចរៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ មកពីដំណើររឿងនេះ ដែលអាចជួយអ្នកក្នុងការខិតខំរបស់អ្នកដើម្បីស្វែងរកអ្នកដែលព្រះអម្ចាស់បានរៀបចំដើម្បីទទួលដំណឹងល្អរបស់ទ្រង់ ?
-
តើអ្នកបានឃើញព្រះអម្ចាស់កំពុងរៀបចំអ្នកដទៃដើម្បីទទួលដំណឹងល្អរបស់ទ្រង់ដោយរបៀបណា ? តើទ្រង់បានរៀបចំដោយរបៀបណា ឬតើទ្រង់អាចរៀបចំអ្នកដោយរបៀបណាដើម្បីស្វែងរកបុគ្គលដែលកំពុងស្វែងរកទ្រង់ ?
ដើម្បីមើលរូបភាពអំពីរបៀបដែលព្រះអម្ចាស់រៀបចំមនុស្សឲ្យទទួល និងចែកចាយដំណឹងល្អរបស់ទ្រង់ សូមមើលវីដេអូ « Prayer » ( ៤:១២ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
ប៉ុល និង ស៊ីឡាសបានជាប់គុក ហើយនៅបន្តផ្សព្វផ្សាយ
បន្ទាប់ពីប៉ុល និងដៃគូរបស់លោកបានបង្រៀន និងធ្វើបុណ្យជ្រមុជទឹកឲ្យលីឌា ប៉ុលបានបណ្ដេញវិញ្ញាណអាក្រក់ចេញពីបាវស្រីវ័យក្មេងម្នាក់ ( សូមមើល កិច្ចការ ១៦:១៦–១៨ ) ។ បន្ទាប់មក គេបានវាយដំ និងដាក់គុកលោក និងដៃគូរបស់លោក ស៊ីឡាស ( សូមមើល កិច្ចការ ១៦:១៩–២៤ ) ។ ការដែលត្រូវជាប់គុកដោយសារតែការផ្សាយដំណឹងល្អ ហាក់ដូចជាមូលហេតុមួយដែលសមហេតុផលដើម្បីបោះបង់ចោល ។ ប៉ុន្តែសម្រាប់ប៉ុល និងស៊ីឡាស វាបានក្លាយជាឱកាសមួយដើម្បីជួយអ្នកដទៃឲ្យមករកព្រះគ្រីស្ទទៅវិញ ។
សូមអាន កិច្ចការ ១៦:២៥–៣៦ ដើម្បីរកមើលពីរបៀបដែលព្រះអម្ចាស់បានប្រែក្លាយការជាប់ឃុំឃាំងរបស់ប៉ុល និងស៊ីឡាស ទៅជាឱកាសមួយសម្រាប់ពួកលោកដើម្បីផ្សព្វផ្សាយដំណឹងល្អ ។
-
តើប៉ុល និងស៊ីឡាសបានបង្ហាញលក្ខណៈដូចព្រះគ្រីស្ទអ្វីខ្លះក្នុងដំណើររឿងនេះ ?
-
តើគុណលក្ខណៈទាំងនេះអាចឲ្យពួកលោកចែកចាយដំណឹងល្អកាន់តែមានប្រសិទ្ធភាពដោយរបៀបណា ?
-
តើអ្នកបានរៀនអ្វីខ្លះពីដំណើររឿងនេះ ដែលអាចជួយអ្នកក្នុងកិច្ចខិតខំរបស់អ្នកដើម្បីស្វែងរកអ្នកដែលព្រះអម្ចាស់បានរៀបចំដើម្បីទទួលដំណឹងល្អរបស់ទ្រង់ ?
ការអនុវត្តតាមអ្វីដែលអ្នកបានរៀន
តាមរយៈព្រះវិញ្ញាណបរិសុទ្ធ សូមស្វែងរកការបំផុសគំនិតពីព្រះវរបិតាសួគ៌ដើម្បីកំណត់នូវអ្វីមួយដែលអ្នកអាចធ្វើដើម្បីចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទជាមួយអ្នកដទៃ ។ សូមជ្រើសរើសការអញ្ជើញមួយក្នុងចំណោមការអញ្ជើញខាងក្រោមនេះដែលអ្នកគិតថានឹងមានអត្ថប្រយោជន៍បំផុតសម្រាប់អ្នក ៖
-
ចូរអធិស្ឋានជារៀងរាល់ថ្ងៃឲ្យព្រះអម្ចាស់ដឹកនាំអ្នកទៅរកនរណាម្នាក់ដែលទ្រង់បានរៀបចំដើម្បីទទួលដំណឹងល្អ ។
-
សូមពិចារណាក្នុងការសរសេរឈ្មោះមិត្តភក្តិ ឬមិត្តរួមថ្នាក់ពីរនាក់នៅសាលា ដែលអាចនឹងព្រមស្តាប់ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មកទូលសុំព្រះវរបិតាសួគ៌ឲ្យជួយអ្នកដឹងពីរបៀបដែលអ្នកអាចធ្វើជាឧបករណ៍នៅក្នុងព្រះហស្តទ្រង់ ដើម្បីនាំពួកគេឲ្យទៅរកព្រះអង្គសង្គ្រោះ ។
-
ដោយមានការអនុម័តត្រឹមត្រូវពីឪពុកម្តាយ និងអ្នកដឹកនាំរបស់អ្នក សូមធ្វើការជាមួយដៃគូផ្សព្វផ្សាយសាសនារយៈពេលពីរបីម៉ោង ។ សូមចែកចាយបទពិសោធន៍របស់អ្នកជាមួយថ្នាក់នៅពេលក្រោយ ។
-
សូមគិតពីគំនិតផ្ទាល់ខ្លួនរបស់អ្នកអំពីអ្វីមួយដែលអ្នកអាចធ្វើដើម្បីចែកចាយដំណឹងល្អជាមួយអ្នកដទៃ ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
តើប្រព័ន្ធផ្សព្វផ្សាយសង្គមអាចជួយខ្ញុំចែកចាយដំណឹងល្អដោយរបៀបណា ?
នៅក្នុងវីដេអូ « To Sweep the Earth as with a Flood » ( ២:៥៦ ) អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ មានប្រសាសន៍អំពីការប្រើប្រាស់បណ្ដាញសង្គមដើម្បីចែកចាយដំណឹងល្អ ។ វីដេអូនេះមាននៅគេហទំព័រ ChurchofJesusChrist.org ។
ចុះប្រសិនបើមនុស្សបដិសេធការអញ្ជើញរបស់ខ្ញុំដើម្បីស្វែងយល់បន្ថែមនៅពេលនេះ ?
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ព្រះមិនត្រូវការឲ្យអ្នក « លក់ » ដំណឹងល្អដែលបានស្ដារឡើងវិញ ឬសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទនោះទេ ។ ទ្រង់គ្រាន់តែរំពឹងថាអ្នកមិនលាក់វានៅក្រោមថាំងតែប៉ុណ្ណោះ ។ ហើយបើមនុស្សសម្រេចចិត្តថាសាសនាចក្រនេះពុំមែនសម្រាប់ពួកគេទេ នោះគឺជាការសម្រេចចិត្តរបស់ពួកគេ ។ វាពុំមានន័យថាអ្នកបរាជ័យនោះទេ ។ អ្នកបន្ដប្រព្រឹត្តល្អចំពោះពួកគេ ។ វាក៏មិនរាប់បញ្ចូលការអញ្ជើញពួកគេម្ដងទៀតដែរ ។ ភាពខុសគ្នារវាងទំនាក់ទំនងសង្គមធម្មតា និងភាពជាសិស្សដែលមានចិត្តមេត្តា ក្លាហានគឺ —ការអញ្ជើញ !
( ឌៀថើរ អេស្វ អុជដូហ្វ « Your Great Adventure » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៨៨ )
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ ៖
ទោះបីជាមានបំណងប្រាថ្នាចែកចាយដំណឹងល្អដ៏ខ្លាំងក្លាក៏ដោយ ក៏អ្នកប្រហែលជាមិនសូវសប្បាយចិត្តនឹងជោគជ័យនៃការខិតខំកន្លងមករបស់អ្នកឡើយ ។ អ្នកអាចនឹងមានអារម្មណ៍ដូចជាមិត្តម្នាក់ដែលបាននិយាយថា « ខ្ញុំបាននិយាយជាមួយគ្រួសារ និងមិត្តភក្តិរបស់យើងអំពីសាសនាចក្រ ប៉ុន្តែមានមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះ ដែលបានបង្ហាញការចាប់អារម្មណ៍ ហើយដោយសារការបដិសេធនីមួយៗ ខ្ញុំកាន់តែមានចិត្តស្ទាក់ស្ទើរ ។ ខ្ញុំដឹងថាខ្ញុំគួរធ្វើអ្វីច្រើនជាងនេះ ប៉ុន្តែខ្ញុំជាប់គាំង ហើយអ្វីដែលខ្ញុំមានអារម្មណ៍នោះ គឺថាខ្ញុំមានកំហុសធ្ងន់ធ្ងរ » ។…
ខ្ញុំសូមផ្តល់យោបល់ឲ្យអ្នកឈប់មានអារម្មណ៍ថា មានកំហុសចំពោះភាពមិនគ្រប់គ្រាន់ណាមួយដែលអ្នកគិតថា អ្នកមានក្នុងការចែកចាយដំណឹងល្អឡើយ ។ ផ្ទុយទៅវិញ សូមអធិស្ឋានដូចអាលម៉ាបានបង្រៀនដើម្បីទទួលបានឱកាស « ឈរជា [ សាក្សី ] ដល់ព្រះនៅគ្រប់ពេល និងគ្រប់សេចក្ដី និងគ្រប់ទីកន្លែង … ដើម្បីឲ្យ [ អ្នកដទៃទៀត ] អាចបានប្រោសលោះដោយព្រះ ហើយបានរាប់ជាមួយនឹងពួកអ្នកនៃដំណើររស់ឡើងវិញទីមួយ [ ហើយ ] មានជីវិតដ៏នៅអស់កល្បជានិច្ច » [ ម៉ូសាយ ១៨:៩ ] ។ នេះជាការលើកទឹកចិត្តច្រើនជាងការទម្លាក់កំហុស ។
( នែល អិល អាន់ឌើរសិន « A Witness of GodLiahona ឬ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៣៦–៣៧ )
តើខ្ញុំអាចស្វែងរកមនុស្សដើម្បីបង្រៀនដោយរបៀបណា ?
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
យើងត្រូវតែអធិស្ឋានទូលសូមជំនួយ និងការដឹកនាំពីព្រះអម្ចាស់ ដើម្បីឲ្យយើងអាចក្លាយជាឧបករណ៍នៅក្នុងព្រះហស្ដរបស់ទ្រង់សម្រាប់មនុស្សម្នាក់ ដែលបានត្រៀមខ្លួននៅពេលនេះ—ជាមនុស្សម្នាក់ដែលទ្រង់សព្វព្រះទ័យឲ្យយើងជួយនៅថ្ងៃនេះ ។ បន្ទាប់មកយើងត្រូវត្រងត្រាប់ស្ដាប់ ហើយធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណអំពីរបៀបដែលយើងត្រូវចាប់ផ្ដើម ។
ការបំផុសគំនិតទាំងនោះនឹងមកដល់ ។ យើងដឹងមកពីទីបន្ទាល់ផ្ទាល់ខ្លួនជាច្រើនថា តាមរបៀបរបស់ទ្រង់ផ្ទាល់ និងតាមពេលវេលារបស់ទ្រង់ នោះព្រះអម្ចាស់កំពុងរៀបចំមនុស្សឲ្យទទួលយកដំណឹងល្អរបស់ទ្រង់ ។ មនុស្សទាំងនេះកំពុងស្វែងរកដំណឹងល្អ ហើយនៅពេលយើងខិតខំរកពួកគេ នោះព្រះអម្ចាស់នឹងឆ្លើយតបដល់ការអធិស្ឋានរបស់ពួកគេតាមរយៈការឆ្លើយតបនឹងការអធិស្ឋានរបស់យើង ។ ទ្រង់នឹងបំផុស ហើយដឹកនាំមនុស្សដែលមានបំណងប្រាថ្នា និងមនុស្សដែលស្វែងរកការដឹកនាំដោយចិត្តស្មោះឲ្យដឹងពីរបៀប ទីកន្លែង ពេលវេលា និងនរណាដែលត្រូវចែកចាយដំណឹងល្អ ។
( ដាល្លិន អេក អូក « Sharing the Gospel » Ensign ខែ វិច្ឆិកា ឆ្នាំ២០០១ ទំព័រ ៨ )