កិច្ចការ ១៧:១៦–៣៤
« យើងរាល់គ្នាជាពូជព្រះ »
ពេលកំពុងរង់ចាំដៃគូផ្សព្វផ្សាយសាសនារបស់លោកដើម្បីចូលរួមជាមួយលោកនៅក្រុងអាថែន សាវកប៉ុលមានការព្រួយបារម្ភយ៉ាងខ្លាំងថាប្រជាជននៅក្រុងអាថែនជាអ្នកគោរពបូជារូបសំណាក ហើយមិនយល់ពីលក្ខណៈពិតរបស់ព្រះទេ ។ ដើម្បីជួយប្រជាជនអាថែនឲ្យយល់ និងខិតទៅកាន់តែជិតព្រះ ប៉ុលបានបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនៅក្នុងសាលាប្រជុំ និងទីផ្សារនានា ។ បន្ទាប់មក ពួកអ្នកប្រាជ្ញបានអញ្ជើញប៉ុលឲ្យពន្យល់ពី « សេចក្តីបង្រៀនថ្មី » ( កិច្ចការ ១៧:១៩ ) នៅកន្លែងមួយឈ្មោះភ្នំអើរីយ៉ូស ។ ប៉ុលបានបង្រៀនពួកអ្នកប្រាជ្ញអំពីលក្ខណៈពិតនៃព្រះ ហើយបានថ្លែងទីបន្ទាល់អំពីទំនាក់ទំនងដ៏ទេវភាពរបស់ពួកគេចំពោះទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់ពីសារៈសំខាន់នៃអត្តសញ្ញាណរបស់អ្នកក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ ។
ខ្ញុំជាកូនរបស់ព្រះ
សូមស្ដាប់ទំនុកតម្កើង « ខ្ញុំជាកូនរបស់ព្រះ » ( ទំនុកតម្កើង លរ ១៨៨ ) នៅលើកម្មវិធីបណ្ណាល័យដំណឹងល្អ ឬនៅលើគេហទំព័រ ChurchofJesusChrist.org ។ ឬមើលវីដេអូ «Child of God ( ២:៥៤ ) ដែលមាននៅគេហទំព័រ ChurchofJesusChrist.org ។ នៅពេលអ្នកស្តាប់ ឬច្រៀងតាម សូមសញ្ជឹងគិតពីសារៈសំខាន់ពីសារលិខិតនៃទំនុកតម្កើងនេះ ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះពីទំនុកតម្កើងនេះ ដែលអ្នកយល់ឃើញថាមានសារៈសំខាន់ ? ហេតុអ្វី ?
Child of God
Remember—through a beloved children's song—who you really are.
អែលឌើរ ដូណល អិល ហលស្ត្រម នៃពួកចិតសិបនាក់បានអញ្ជើញយើងឲ្យសញ្ជឹងគិតអំពីសារលិខិតនៃបទ « ខ្ញុំជាកូនរបស់ព្រះ » ៖
ទំនុកតម្កើងជាទីពេញចិត្តនេះគឺជាទំនុកតម្កើងដែលត្រូវបានច្រៀងជាញឹកញាប់ក្នុងសាសនាចក្រនេះ ។ ប៉ុន្តែសំណួរវិភាគនោះគឺថា តើយើង ពិតជា ចេះបទនេះដែរឬទេ ? តើយើងចេះបទនេះនៅក្នុងគំនិតយើង និងនៅក្នុងចិត្តយើង និងនៅក្នុងព្រលឹងរបស់យើងដែរឬទេ ? តើមាតាបិតាសួគ៌ារបស់យើងគឺជាអត្តសញ្ញាណដំបូង និងមានខ្លឹមសារបំផុតដែរឬទេ ?
( ដូណល អិល ហលស្ត្រម « I Am a Child of God » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ២៦ )
សំណួរខាងក្រោមនេះត្រូវបានកែសម្រួលពីសេចក្តីថ្លែងការណ៍របស់អែលឌើរ ហលស្ត្រម ហើយអាចត្រូវបានឆ្លើយដោយចម្លើយ « បាទ/ចាស » ឬ « ទេ » ។ នៅពេលអ្នកឆ្លើយសំណួរទាំងនេះ សូមពន្យល់ពីមូលហេតុដែលអ្នកឆ្លើយសំណួរនីមួយៗតាមរបៀបដែលអ្នកបានឆ្លើយ ។
១. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើអ្នកពិតជាដឹងទេថាអ្នកជាបុត្រាបុត្រីរបស់ព្រះ ?
-
តើអ្នកដឹងដូច្នេះក្នុងគំនិត ចិត្ត និងព្រលឹងរបស់អ្នកដែរឬទេ ?
-
តើអ្នកមើលឃើញខ្លួនឯងជាបុត្រាបុត្រីរបស់ព្រះមុននឹងអ្នកកំណត់ខ្លួនឯងជាអ្វីផ្សេងទៀតដែរឬទេ ?
ពេញមួយមេរៀននេះ សូមពិចារណាអំពីការឆ្លើយតបរបស់អ្នកចំពោះសំណួរពីមុន និងអ្វីដែលចម្លើយរបស់អ្នកបង្ហាញអំពីអារម្មណ៍របស់អ្នកចំពោះព្រះវរបិតាសួគ៌ ។ សូមស្វែងរកការបំផុសគំនិតពីព្រះវរបិតាសួគ៌របស់អ្នក តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីអត្តសញ្ញាណដ៏ទេវភាពរបស់អ្នកក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ ហើយមានអារម្មណ៍ថាមានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅដែលទ្រង់មានចំពោះអ្នក ។
ប៉ុលផ្សព្វផ្សាយនៅក្រុងអាថែន
សាវកប៉ុលបានផ្សព្វផ្សាយនៅក្រុងអាថែន អំឡុងពេលធ្វើដំណើរទៅផ្សាយសាសនាជាលើកទីពីររបស់លោក ។ ប្រជាជននៅក្រុងអាថែនមានគំនិត ទស្សនៈ និងជំនឿខុសៗគ្នាជាច្រើន ។ ប៉ុលបានឃើញថាប្រជាជនមាន « រូបព្រះនៅពេញក្នុងទីក្រុងនោះ » ( កិច្ចការ ១៧:១៦ ) មានន័យថាពួកគេគោរពថ្វាយបង្គំរូបសំណាកជំនួសឲ្យព្រះ ។ ដូច្នេះ ប៉ុលបានផ្សព្វផ្សាយជារៀងរាល់ថ្ងៃអំពីព្រះយេស៊ូវគ្រីស្ទ និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ។ បន្ទាប់មក ប៉ុលត្រូវបាននាំទៅភ្នំអើរីយ៉ូស ជាកន្លែងដែលលោកត្រូវបានអញ្ជើញឲ្យផ្សព្វផ្សាយនៅចំពោះមុខពួកអ្នកប្រាជ្ញមួយក្រុម ( សូមមើល កិច្ចការ ១៧:១៧–២១ ) ។
សូមអាន កិច្ចការ ១៧:២២–២៣ ដោយរកមើលពីរបៀបដែលប៉ុលបានបង្រៀនសារលិខិតរបស់លោក ។ អ្នកក៏អាចមើលវីដេអូ « We Are the Offspring of God » ( 4:26 ) ចាប់ពីនាទីទី ០:០០ ដល់នាទីទី ១:៥៤ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
We Are the Offspring of God
Paul preaches to Athenians on Mars' Hill and identifies their "unknown god" as the Father of us all. He testifies that we all are children of God. Acts 17:16–34
-
តើសិលាចារឹកនៅលើអាសនាដែលប៉ុល បានលើកឡើងអាចផ្តល់យោបល់អ្វីខ្លះអំពីជំនឿរបស់ប្រជាជនក្រុងអាថែនអំពីព្រះ ?
-
តើសិលាចារឹកនេះប្រៀបធៀបនឹងអ្វីដែលបទគម្ពីរបង្រៀនអំពីព្រះដោយរបៀបណា ?
ប្រជាជនក្រុងអាថែន ពីបុរាណបានជឿលើព្រះក្លែងក្លាយជាច្រើន ហើយបានសង់រូបសំណាក និងព្រះវិហារជាច្រើនដើម្បីថ្វាយបង្គំដល់រូបសំណាកទាំងនោះ ។ អាសនាដែលសង់សម្រាប់ « ព្រះដ៏ពុំស្គាល់ » ( កិច្ចការ ១៧:២៣ ) ប្រហែលជាប្រជាជនក្រុងអាថែនព្យាយាមឲ្យព្រះដែលពួកគេពុំស្គាល់ ឬព្រះផ្សេងណាមួយដែលមិនស្គាល់ព្រះនាមបានស្ងប់ព្រះទ័យ ។
-
តើការយល់ខុសទូទៅមួយចំនួនអ្វីខ្លះដែលអ្នកបានសម្គាល់ឃើញនៅក្នុងពិភពលោកសព្វថ្ងៃនេះអំពីព្រះ និងទំនាក់ទំនងរបស់យើងជាមួយទ្រង់ ?
-
ប្រសិនបើអ្នកមានឱកាសដើម្បីបង្រៀននរណាម្នាក់ដែលមិនបានដឹងច្រើនអំពីព្រះវរបិតាសួគ៌ តើអ្នកចង់ឲ្យពួកគេដឹងអ្វីខ្លះអំពីទ្រង់ ?
២. សូមបំពេញឃ្លាខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
សូមអាន កិច្ចការ ១៧:២៤–៣១ ហើយធ្វើបញ្ជីនៃសេចក្ដីពិតដែលសាវកប៉ុលបង្រៀនអំពីលក្ខណៈពិតនៃព្រះ និងទំនាក់ទំនងរបស់អ្នកជាមួយទ្រង់ ។ សូមពិចារណាដាក់ឈ្មោះបញ្ជីរបស់អ្នកថា « ព្រះដ៏ពិត និងមានព្រះជន្មរស់ និងទំនាក់ទំនងរបស់ខ្ញុំជាមួយទ្រង់ » ។ សូមកត់ចំណាំថា មានការបកប្រែដោយយ៉ូសែប ស្ម៊ីធ សម្រាប់ ខទី ២៧ ( សូមមើល កិច្ចការ ១៧:២៧ footnote b ) ។ បន្ទាប់ពីបង្កើតបញ្ជីរបស់អ្នករួចហើយ សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើអ្វីជាសេចក្ដីពិតពីបញ្ជីរបស់អ្នកដែលមានអត្ថន័យបំផុតសម្រាប់អ្នក ហើយហេតុអ្វី ?
យើងរាល់គ្នាជាពូជព្រះ
សេចក្តីពិតមួយដែលអ្នកអាចនឹងសម្គាល់ឃើញពីការបង្រៀនរបស់ប៉ុលគឺ « យើងរាល់គ្នាជាពូជព្រះ » ( ខទី ២៩ ) ។
-
តើការធ្វើជាបុត្រាបុត្រីរបស់ព្រះ ខុសពីការធ្វើត្រឹមតែជាអ្វីដែលទ្រង់បង្កបង្កើតយ៉ាងដូចម្ដេច ?
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងទីបន្ទាល់អំពីសារៈសំខាន់នៃសេចក្តីពិតថា « យើងរាល់គ្នាជាពូជព្រះ » ។
ការពិតជាមូលដ្ឋានដែលមានមាតាបិតាសួគ៌ា មិនមែនគ្រាន់តែជាសេចក្តីពិតរបស់ខ្ញុំ ឬសេចក្តីពិតរបស់អ្នកនោះទេ ។ វាគឺជាសេចក្តីពិតដ៏នៅអស់កល្បជានិច្ច ។ វាសរសេរធំៗ ដិត និងអក្សរពុម្ព ។ ការយល់ដឹងពីសេចក្ដីពិតនេះ——គឺជាការយល់ដឹងពិតប្រាកដ—វាជាការផ្លាស់ប្តូរជីវិត ។ វាផ្តល់ឲ្យអ្នកនូវអត្តសញ្ញាណដ៏វិសេសវិសាលដែលគ្មាននរណាម្នាក់អាចដកចេញពីខ្លួនអ្នកបានឡើយ ។ ប៉ុន្តែលើសពីនោះ វាគួរតែផ្តល់ឲ្យអ្នកនូវអារម្មណ៍នៃតម្លៃដ៏ធំធេង និងស្មារតីនៃគុណសម្បត្តិដ៏នៅជានិរន្តរ៍របស់អ្នក ។ ជាចុងក្រោយ វាផ្តល់ឲ្យអ្នកនូវគោលបំណងដ៏ទេវភាព សេចក្តីថ្លៃថ្នូរ និងភាពស័ក្តិសមនៅក្នុងជីវិត ។
( អិម រ័សុល បាឡឺដ « Children of Heavenly Father » [ Brigham Young University devotional, នៅថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២០ ] ទំព័រ ២ នៅលើគេហទំព័រ speeches.byu.edu) ។
-
តើវាអាចធ្វើឲ្យមានភាពខុសគ្នាអ្វីខ្លះក្នុងជីវិតរបស់អ្នក និងក្នុងការសម្រេចចិត្តដែលអ្នកធ្វើដើម្បីដឹងថាអ្នកពិត « ជាពូជព្រះ » ?
-
តើអ្នកធ្លាប់មានបទពិសោធន៍អ្វីខ្លះ ដែលបានជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីអត្តសញ្ញាណដ៏ទេវភាពរបស់អ្នកក្នុងនាមជាបុត្រម្នាក់របស់ព្រះ ?
ដើម្បីមើលឧទាហរណ៍អំពីរបៀបដែលការយល់ដឹងអំពីអត្តសញ្ញាណដ៏ទេវភាពរបស់នាងបានជះឥទ្ធិពលដល់ស្រ្តីម្នាក់ សូមមើលវីដេអូ « Am I a Child of God? » ( ១០:២៤ ) មាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ៣:២៤ ដល់នាទីទី ៥:២៣ ។
តើខ្ញុំជាកូនរបស់ព្រះឬ?
អែលឌើរ ថៃលើរ បង្រៀនអំពីរបៀបដែលយើងអាចត្រូវបានពង្រឹងតាមរយៈការយល់ដឹងអំពីអត្តសញ្ញាណនៃភាពជាព្រះរបស់យើងក្នុងនាមជាបុត្រាបុត្រីនៃព្រះ ។
៣. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក យ៉ាងហោចណាស់មួយ ៖
-
តើអ្នកបានរៀន ឬមានអារម្មណ៍យ៉ាងណានៅថ្ងៃនេះអំពីអត្តសញ្ញាណដ៏ទេវភាពរបស់អ្នក ដែលអ្នកចង់ចងចាំ ?
-
តើសកម្មភាពអ្វីខ្លះដែលអ្នកចាប់អារម្មណ៍ក្នុងការធ្វើ ដោយផ្អែកលើអ្វីដែលអ្នកបានរៀន ?
-
តើអ្នកអាចធ្វើអ្វីដើម្បីស្វែងរកចម្លើយចំពោះសំណួរដែលអ្នកនៅតែមានអំពីទំនាក់ទំនងរបស់អ្នកជាមួយព្រះ ?
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
តើព្រះគម្ពីរមរមនអាចពង្រឹងទំនាក់ទំនងរបស់ខ្ញុំជាមួយព្រះដោយរបៀបណា ?
ប្រធាន រ័សុល អិម ណិលសុន បានប្រកាស ៖
មានរឿងអស្ចារ្យមួយកើតឡើងពេលកូនម្នាក់របស់ព្រះស្វែងយល់ចង់ដឹងបន្ថែមទៀតអំពីទ្រង់ និងព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់ទ្រង់ ។ គ្មានកន្លែងណាផ្សេងទៀតដែលសេចក្ដីពិតទាំងនោះបានបង្រៀនយ៉ាងច្បាស់ ហើយពេញដោយអនុភាពជាងនៅក្នុងព្រះគម្ពីរមរមនឡើយ ។
( ប្រធាន រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like Without It? » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦១ ។
ហេតុអ្វីបានជាវាសំខាន់ក្នុងការយល់ពីអត្តសញ្ញាណពិតរបស់ខ្ញុំ ដែលជាកូនរបស់ព្រះ ?
អែលឌើរ ប្រាយអិន ខេ ថេលើរ ក្នុងពួកចិតសិបនាក់បានបង្រៀនដូចខាងក្រោម ៖
ម៉ូសេបានរៀនអំពីកេរដំណែលនៃភាពជាព្រះរបស់លោកដោយបានទូលជាមួយនឹងព្រះអម្ចាស់ទល់នឹងព្រះភ័ក្រ្តទ្រង់ ។ បន្ទាប់ពីបទពិសោធន៍នោះមក « អារក្សសាតាំងបានមកធ្វើការល្បួង » ដោយឈ្លាសវៃ ប៉ុន្តែមានបំណងកាចសាហាវដើម្បីបំភាន់អត្តសញ្ញាណរបស់ម៉ូសេ « ថា ៖ ម៉ូសេ ជាកូនមនុស្សអើយ ចូរថ្វាយបង្គំយើង ។ ហើយ … ម៉ូសេបានងើបមើលទៅអារក្សសាតាំង ហើយនិយាយថា ៖ តើអ្នកជានរណា ? ដ្បិតមើលចុះ ខ្ញុំជា បុត្រនៃព្រះ » [ ម៉ូសេ ១:១២–១៣ បានបន្ថែមការគូសបញ្ជាក់ ] ។
សង្គ្រាមដ៏ធំពីអត្តសញ្ញាណនៃភាពជាព្រះនេះ បន្តការជជែកវែកញែក ខណៈដែលសាតាំងបន្តបង្កើនយុទ្ធសាស្ត្រដើម្បីបំផ្លិចបំផ្លាញជំនឿ និងចំណេះដឹងរបស់យើងអំពីទំនាក់ទំនងយើងជាមួយនឹងព្រះ ។ ដោយអំណរគុណ យើងត្រូវបានប្រទានពរដោយមានចក្ខុវិស័យច្បាស់លាស់ និងការយល់ដឹងអំពីអត្តសញ្ញាណពិតរបស់យើងតាំងពីដើមដំបូងមកម្ល៉េះ ។
ការស្គាល់ព្រះវរបិតាយើងផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង ជាពិសេសដួងចិត្តរបស់យើង នៅពេលព្រះវិញ្ញាណដ៏ទន់ភ្លន់របស់ទ្រង់បញ្ជាក់អំពីអត្តសញ្ញាណពិតប្រាកដ និងតម្លៃដ៏ធំមហិមារបស់យើងនៅក្នុងព្រះនេត្រទ្រង់ ។ ព្រះទ្រង់យាងជាមួយយើងតាមផ្លូវនៃសេចក្តីសញ្ញា នៅពេលយើងស្វែងរកទ្រង់តាមរយៈការទូលអង្វរប្រកបដោយការអធិស្ឋាន ការស្រាវជ្រាវព្រះគម្ពីរ និងការព្យាយាមគោរពប្រតិបត្តិ ។
( ប្រាយអិន ខេ ថេលើរ « Am I a Child of God? » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១២, ១៤ )
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ នៃគណប្រធានទីមួយបានថ្លែងទីបន្ទាល់អំពីអត្តសញ្ញាណពិតរបស់យើងជាបុត្រី និងបុត្រារបស់ព្រះនៅក្នុងវីដេអូ « Our True Identity » ( ៣:៣៨ ) ដែលមាននៅលើគេហទំព័រChurchofJesusChrist.org ។