កិច្ចការ ២៧–២៨
ធ្វើតាមព្យាការី
បន្ទាប់ពីត្រូវបានគេបៀតបៀន រំលោភបំពាន និងដាក់គុកទាំងមិនពិតនៅក្រុងយេរូសាឡិម និងសេសារាមក នោះសាវកប៉ុលបានសុំប្តឹងឧទ្ធរណ៍ករណីរបស់លោកទៅចំពោះមុខសេសារក្នុងក្រុងរ៉ូម ។ នៅតាមផ្លូវរបស់លោកទៅក្រុងរ៉ូម ប៉ុល និងអ្នកដែលនៅជាមួយលោកបានជួបប្រទះនឹងព្យុះដ៏កំណាចមួយ ការលិចសំពៅ និងបញ្ហាផ្សេងៗជាច្រើន ។ នៅក្នុងកាលៈទេសៈទាំងនេះ ប៉ុលបានផ្ដល់ដំបូន្មាន និងការព្រមានដ៏បំផុសគំនិតដើម្បីរក្សាមនុស្សគ្រប់រូបឲ្យមានសុវត្ថិភាព ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យទទួលអារម្មណ៍ពីសារៈសំខាន់នៃការធ្វើតាមដំបូន្មានរបស់ព្យាការី ។
ការធ្វើតាមព្យាការី
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមអំពីដំបូន្មានឬការព្រមានរបស់ព្យាការីដកស្រង់ពីកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ( ឆ្នាំ ២០១១ ) ។
« សូមបង្ហាញសេចក្តីស្រឡាញ់ដល់សមាជិកគ្រួសាររបស់អ្នកជារៀងរាល់ថ្ងៃ » ( ទំព័រ១៤ ) ។
« ការអប់រំគឺជាផ្នែកមួយដ៏សំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌ ក្នុងការជួយអ្នកឲ្យប្រែក្លាយកាន់តែដូចទ្រង់ ។… ការអប់រំដែលអ្នកទទួលបាននឹងមានសារៈប្រយោជន៍ដល់អ្នកក្នុងអំឡុងពេលជីវិតរមែងស្លាប់ និងនៅក្នុងជីវិតបន្ទាប់ទៀត » ( ទំព័រ៩ ) ។
« សូមកុំចូលរួមទស្សនា ឬចូលរួមក្នុងអ្វីដែលថោកទាប អសីលធម៌ ហិង្សា ឬអាសគ្រាមតាមរូបភាពណាមួយក៏ដោយ » ( ទំព័រ ១១ ) ។
« ប្រសិនបើមិត្តភក្តិរបស់អ្នកទទូចឲ្យអ្នកធ្វើនូវអ្វីដែលខុសឆ្គង ចូរធ្វើជាមនុស្សម្នាក់ដែលក្រោកឈរឡើងសម្រាប់ភាពត្រឹមត្រូវ ទោះបីជាអ្នកត្រូវឈរតែម្នាក់ឯងក៏ដោយ » ( ទំព័រ១៦ ) ។
-
តើអ្នកបានឃើញមនុស្សបង្ហាញឥរិយាបថខុសគ្នាអ្វីខ្លះអំពីការធ្វើតាមដំបូន្មានរបស់ព្យាការី ?
-
ហេតុអ្វីបានជាយុវវ័យមួយចំនួនអាចមិនជ្រើសរើសស្ដាប់បង្គាប់តាមដំបូន្មានរបស់ព្យាការី ?
-
តើអ្វីខ្លះអាចជាផលវិបាកមកពីការមិនធ្វើតាមដំបូន្មានរបស់ព្យាការី ?
សូមសញ្ជឹងគិតពីរបៀបដែលអ្នកផ្ទាល់ឆ្លើយតបនឹងដំបូន្មាន និងការណែនាំរបស់ព្យាការី ។ នៅពេលអ្នកសិក្សា កិច្ចការ ២៧ សូមស្វែងរកការបំផុសគំនិតពីព្រះវរបិតាសួគ៌ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីទទួលបានចំណាប់អារម្មណ៍ ដែលនឹងជួយពង្រឹងការប្តេជ្ញាចិត្តរបស់អ្នកក្នុងការធ្វើតាមការទូន្មានរបស់ព្យាការីនៃព្រះអម្ចាស់ ។
ដំបូន្មានរបស់ព្យាការីប៉ុល
ពេលធ្វើដំណើរទៅកាន់ក្រុងរ៉ូមដើម្បីប្តឹងឧទ្ធរណ៍រឿងក្តីរបស់លោកនៅចំពោះមុខសេសារ ប៉ុលបានផ្តល់ដំបូន្មាន និងការព្រមានដើម្បីរក្សាសុវត្ថិភាពអ្នកដំណើរក្នុងការធ្វើដំណើររបស់ពួកគេ ។
ដំណើររបស់ប៉ុលទៅកាន់ក្រុងរ៉ូម
ទាហានរ៉ូម៉ាំងបាននាំប៉ុល និងអ្នកទោសផ្សេងទៀតឡើងលើសំពៅដែលមានមនុស្សជិត ៣០០ នាក់ ។ ការធ្វើដំណើររបស់ពួកគេមានភាពយឺតយ៉ាវ ពិបាក និងគ្រោះថ្នាក់ ដោយសារវាជិតផុតរដូវស្លឹកឈើជ្រុះ ជាពេលដែលខ្យល់ព្យុះខ្លាំងបានកើតឡើងជាញឹកញាប់ ។ សូមអាន កិច្ចការ ២៧:៩–១៣ ។ |
អំឡុងពេលព្យុះដ៏គួរឲ្យភ័យខ្លាចមួយ គេមានបំណងជួសជុលសំពៅនោះ និងលើកទំនិញចេញ ។ សូមអាន កិច្ចការ ២៧:២០–២៦ ។ |
បន្ទាប់ពី ១៤ ថ្ងៃដែលមានព្យុះដ៏គួរឲ្យភ័យខ្លាចនោះ ពួកគេបានព្យាយាមរកមធ្យោបាយដ៏គ្រោះថ្នាក់ដើម្បីបានទៅដល់ដីគោក ។ ក្រុមនាវិកបានទម្លាក់យុថ្កា ហើយចង់បោះបង់ចោលសំពៅនោះ ព្រោះពួកគេគិតថាសំពៅនឹងត្រូវខូចខាតយ៉ាងខ្លាំងនៅពេលដែលវាបានបុកនឹងថ្ម ។ សូមអាន កិច្ចការ ២៧:៣០–៣៦ ។ |
ក្រោយពីធ្វើឲ្យសំពៅស្រាលបន្ថែមទៀត ពួកគេបានព្យាយាមសំចតសំពៅនោះ ។ សូមអាន កិច្ចការ ២៧:៤១–៤៤ ។ |
-
តើអ្នកគិតថា អ្នកនឹងមានប្រតិកម្មយ៉ាងណាចំពោះការបង្រៀនរបស់ប៉ុល ប្រសិនបើអ្នកនៅលើសំពៅនោះ ? ហេតុអ្វី ?
-
តើអ្នករៀនសេចក្តីពិតអ្វីខ្លះចេញពីអ្វីដែលអ្នកបានសិក្សា ?
-
តើអ្នកដឹងអ្វីខ្លះអំពីព្យាការីដែលផ្ដល់ឲ្យអ្នកនូវទំនុកចិត្តលើការប្រឹក្សា និងការបង្រៀនរបស់ពួកលោក ?
ព្រះអម្ចាស់បានបង្រៀនថា តាមរយៈព្យាការី នោះយើងនឹងឮព្រះសូរសៀងរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៧–៣៨ ) ហើយថាការព្រមានរបស់ទ្រង់នឹងមកជាញឹកញាប់តាមរយៈព្យាការីដែលទ្រង់បានជ្រើសរើស ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១:១–៤ ) ។ នៅជំនាន់របស់យើង យើងគាំទ្រដល់សមាជិកទាំងអស់នៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ថាជាព្យាការី អ្នកមើលឆុត និងជាអ្នកទទួលវិវរណៈ ។ សូមចំណាយពេលមួយភ្លែតដើម្បីសញ្ជឹងគិតពីមូលហេតុដែលព្រះអម្ចាស់ឈោងមកជួយពួកយើងតាមរយៈព្យាការី និងអ្វីដែលបង្ហាញអំពីព្រះទ័យរបស់ទ្រង់ចំពោះយើង ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះអម្ចាស់ចេញពីការទូន្មាន និងការព្រមានដែលទ្រង់ប្រទានតាមរយៈព្យាការីរបស់ទ្រង់ ?
-
តើអ្នក ឬអ្នកដទៃទៀតដែលអ្នកស្គាល់មានបទពិសោធន៍អ្វីខ្លះក្នុងការជ្រើសរើសថាតើត្រូវធ្វើតាម ឬមិនធ្វើតាមដំបូន្មានពីព្យាការីឬអត់នោះ ?
សូមចំណាយពេលពីរបីនាទីដើម្បីស្វែងរក និងសិក្សាដំបូន្មានថ្មីៗ ឬការព្រមានដែលព្រះអម្ចាស់បានប្រទានដល់យើងតាមរយៈពួកព្យាការីរបស់ទ្រង់ ។ កន្លែងមួយចំនួនដែលត្រូវស្រាវជ្រាវអាចរួមមាន សុន្ទរកថាក្នុងសន្និសីទទូទៅ ថ្មីៗ ទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន ឬកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ។ អ្នកអាចរួមបញ្ចូលសេចក្ដីថ្លែងការណ៍ពីព្យាការី ដែលមាននៅខាងដើមមេរៀនបាន ។
ការធ្វើតាមដំបូន្មានរបស់ព្យាការីនៅក្នុងជីវិតរបស់អ្នក
-
តើមានមូលហេតុអ្វីខ្លះដែលអ្នកមានអំណរគុណចំពោះដំបូន្មាន និងការព្រមានរបស់ព្យាការីនៅក្នុងជីវិតរបស់អ្នក ?
សូមស្វែងរកការបំផុសគំនិតពីព្រះវរបិតាសួគ៌ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យស្គាល់របៀបដែលព្រះអម្ចាស់បង្ហាញថា ទ្រង់សព្វព្រះហឫទ័យនឹងការគោរពប្រតិបត្តិរបស់អ្នកតាមព្យាការីទាំងឡាយរបស់ទ្រង់ ក៏ដូចជារបៀបដែលទ្រង់អាចជំរុញអ្នកឲ្យប្រសើរឡើង ។ សូមសរសេរគំនិត និងចំណាប់អារម្មណ៍ដែលកើតឡើងក្នុងចិត្ត ហើយតាំងចិត្តធ្វើតាមវា ។ វាអាចមានប្រយោជន៍ក្នុងការចែកចាយចំណាប់អារម្មណ៍របស់អ្នកជាមួយសមាជិកគ្រួសារជិតស្និទ្ធ ឬអ្នកដឹកនាំសាសនាចក្រដែលគួរឲ្យទុកចិត្ត ហើយអញ្ជើញពួកគាត់ឲ្យជួយអ្នកតាមដានចំណាប់អារម្មណ៍ទាំងនោះ ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
តើការធ្វើតាមដំបូន្មានរបស់ព្យាការីមានឥទ្ធិពលលើខ្ញុំយ៉ាងណាខ្លះ ?
ប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយបានបង្រៀននូវបទពិសោធន៍ដូចខាងក្រោម ៖
ជម្រើសនៃការមិនទទួលយកការទូន្មានរបស់ព្យាការី ប្ដូរជំហរដែលយើងឈរ ។ វាបណ្ដាលឲ្យមានគ្រោះថ្នាក់កាន់តែច្រើន ។ ការបរាជ័យក្នុងការធ្វើតាមដំបូន្មានរបស់ព្យាការីនាំឲ្យអំណាចដើម្បីទទួលបានដំបូន្មានដ៏បំផុសគំនិតត្រូវទន់ខ្សោយនៅពេលខាងមុខ ។ គ្រាដ៏ល្អបំផុតដើម្បីសម្រេចចិត្តជួយណូអេ ឲ្យសាងសង់ទូកធំគឺជាគ្រាដំបូងដែលលោកបានសូម ។ គ្រប់ពេលដែលលោកបានទូលសូមពីរឿងនោះ គ្រប់ពេលដែលលោកខកខានមិនបានឆ្លើយតប នឹងធ្វើឲ្យការញាណដឹងពីព្រះវិញ្ញាណថយចុះ ។ ដូច្នេះហើយគ្រប់ពេល ការស្នើសូមរបស់លោកហាក់បីដូចជាកាន់តែល្ងិតល្ងង់ រហូតដល់ភ្លៀងបានបង្អុរចុះមក ។ បន្ទាប់មក វាយឺតពេលទៅហើយ ។
គ្រប់ពេលនៅក្នុងជីវិតរបស់ខ្ញុំ នៅពេលខ្ញុំបានជ្រើសរើសពន្យារពេលធ្វើតាមពាក្យទូន្មានដ៏បំផុសគំនិត ឬសម្រេចចិត្តថា ខ្ញុំជាមនុស្សដែលមិនត្រូវការពាក្យទូន្មានទាំងនេះ នោះខ្ញុំបានដឹងថា ខ្ញុំដាក់ខ្លួនឯងស្ថិតនៅក្នុងគ្រោះថ្នាក់ហើយ ។ គ្រប់ពេលដែលខ្ញុំបានស្ដាប់តាមការទូន្មានរបស់ព្យាការី ខ្ញុំទទួលអារម្មណ៍បញ្ជាក់នៅក្នុងការអធិស្ឋាន ហើយធ្វើតាមវា នោះខ្ញុំបានឃើញថា ខ្ញុំបានឆ្ពោះទៅទីសុវត្ថិភាពហើយ ។
( ហិនរី ប៊ី អាវរិង « Finding Safety in Counsel » Ensign ខែ ឧសភា ឆ្នាំ ១៩៩៧ ទំព័រ ២៥ )
ដោយសារព្រះអម្ចាស់មានព្រះទ័យសណ្ដោស ទ្រង់ហៅពួកអ្នកបម្រើឲ្យព្រមានដល់មនុស្សទូទៅអំពីគ្រោះថ្នាក់ ។ ការហៅព្រមាននោះកាន់តែពិបាក និងកាន់តែសំខាន់ ដោយសារតម្លៃដ៏ប្រពៃពីការព្រមាននោះគឺអំពីគ្រោះថ្នាក់ ដែលប្រជាជនមិនទាន់បានគិតថាមានពិតនៅឡើយ ។
( ហិនរី ប៊ី អាវរិង « A Voice of Warning » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៣២ )
កិច្ចការ ២៧:៩ ។ តើ « បុណ្យតមបានកន្លងហើយ » មានន័យយ៉ាងណា ?
« បុណ្យតម » ប្រហែលជាសំដៅទៅលើថ្ងៃបរិសុទ្ធរបស់ពួកសាសន៍យូដាដែលហៅថា ថ្ងៃនៃដង្វាយធួន ដែលបានកំណត់តាំងពីដើមរដូវនោះ ក្នុងអំឡុងពេលដែលជាទូទៅវាគ្មានសុវត្ថិភាពដើម្បីធ្វើដំណើរនៅលើសមុទ្រមេឌីទែរ៉ាណេឡើយ ដោយសារមានព្យុះធំៗណាស់ ។ ជាធម្មតា ថ្ងៃនៃដង្វាយធួនចាប់ផ្ដើមនៅចុងខែកញ្ញា ឬដើមខែតុលា ។
កិច្ចការ ២៧:២៨ ។ តើមួយ « ព្យាម » មានទំហំប៉ុន្មាន ?
ព្យាម គឺជាចម្ងាយពីម្រាមដៃវែងបំផុតនៃដៃម្ខាងទៅម្រាមដៃវែងបំផុតនៃដៃម្ខាងទៀត នៅពេលលាតសន្ធឹងដៃចេញ ។ មួយព្យាមមានប្រវែងប្រហែលបួនហត្ថ ។