វាយតម្លៃការរៀនសូត្ររបស់អ្នក ទី ៧
មេរៀននេះមានគោលបំណងជួយអ្នកឲ្យវាយតម្លៃគោលដៅទាំងឡាយដែលអ្នកបានដាក់ ព្រមទាំងការរៀនសូត្រ និងការរីកចម្រើនដែលអ្នកបានដកពិសោធន៍ អំឡុងការសិក្សាព្រះគម្ពីរសញ្ញាថ្មី ។
តើមនុស្សអាចផ្លាស់ប្តូរបានដែរឬទេ ?
សូមស្រមៃថា មិត្តរបស់អ្នកប្រាប់អ្នកថា មានរឿងដែលគាត់ចង់ផ្លាស់ប្តូរអំពីខ្លួនគាត់ ប៉ុន្តែគាត់គិតថា គាត់មិនអាចធ្វើការផ្លាស់ប្តូរទាំងនោះបានទេ ។
-
តើអ្នកនឹងឆ្លើយយ៉ាងដូចម្ដេច ?
-
តើវាមានឥទ្ធិពលយ៉ាងណាទៅលើជីវិតរបស់អ្នក ដើម្បីដឹងថា អ្នកអាចផ្លាស់ប្តូរបានតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ?
សូមសញ្ជឹងគិតលើរឿងនានាចេញពីគម្ពីរកិច្ចការ ដែលបង្ហាញពីរបៀបដែលមនុស្សអាចផ្លាស់ប្តូរបានកាន់តែប្រសើរឡើង នៅពេលពួកគេមករកព្រះគ្រីស្ទ ហើយក្លាយជាសិស្សរបស់ទ្រង់ ។
បើចាំបាច់ សូមពិចារណាពិនិត្យមើលឧទាហរណ៍មួយ ឬច្រើននៅខាងក្រោមនេះ ។
-
មនុស្សដែលបានចូលរួមក្នុងសាសនាចក្រ ៖ កិច្ចការ ២:១៤, ៣៦–៤៧
-
មនុស្សកំរៀវសាសន៍អេធីយ៉ូពី ៖ កិច្ចការ ៨:២៦–៤០
-
សុល ( ដែលបានក្លាយជាប៉ុល ) ៖ កិច្ចការ ៩:១–២២
-
កូនេលាស ៖ កិច្ចការ ១០:១–៨, ២៤–២៥, ៤៤–៤៨
-
អ្នកយាមគុកដែលយាមប៉ុល និងស៊ីឡាស ៖ កិច្ចការ ១៦:២៥–៣៦
ការប្រែចិត្តជឿរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទ
សូមសញ្ជឹងគិតពីការប្រែចិត្តជឿរបស់អ្នកផ្ទាល់ទៅលើព្រះយេស៊ូវគ្រីស្ទ ។ សូមគិតអំពីការអញ្ជើញឲ្យផ្លាស់ប្តូរ ឬកែលម្អដែលអ្នកបានទទួលអារម្មណ៍ពីព្រះអម្ចាស់ នៅពេលអ្នកបានសិក្សាគម្ពីរកិច្ចការ ។ សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ដែលជំរុញអ្នកឲ្យស្រឡាញ់ និងធ្វើតាមទ្រង់កាន់តែពេញលេញ ?
-
ក្នុងរយៈពេលមួយខែចុងក្រោយនេះ តើមានការផ្លាស់ប្តូរអ្វីខ្លះ ដែលអ្នកមានអារម្មណ៍ថាស្ងើចសរសើរចំពោះអ្វីដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើ ? តើអ្នកឆ្លើយតបយ៉ាងដូចម្ដេច ?
-
តើព្រះវរបិតាសួគ៌បានប្រទានពរដល់អ្នកចំពោះការខិតខំរបស់អ្នកយ៉ាងដូចម្តេចខ្លះ ? តើអ្នកបានធ្វើអ្វីខ្លះ ដែលនាំឲ្យមានភាពខុសគ្នាដ៏ធំបំផុត ?
-
តើមានអ្វីខ្លះដែលធ្វើឲ្យពិបាកក្នុងការទទួលយកការអញ្ជើញឲ្យផ្លាស់ប្តូរ និងកែលម្អ ? តើអ្នកអាចស្វែងរកជំនួយបន្ថែមពីព្រះវរបិតាសួគ៌ដោយរបៀបណា ?
សូមបន្តស្វែងរកការបំផុសគំនិតពីព្រះវរបិតាសួគ៌តាមរយៈព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកសិក្សាមេរៀននេះ ។ សូមព្យាយាមកំណត់នូវអ្វីដែលទ្រង់ចង់ឲ្យអ្នកធ្វើដើម្បីផ្លាស់ប្តូរ ហើយប្រែចិត្តជឿលើព្រះយេស៊ូវគ្រីស្ទកាន់តែខ្លាំងឡើង ។ សូមជ្រើសរើសសកម្មភាពមួយក្នុងចំណោមសកម្មភាពខាងក្រោមនេះដើម្បីយកមកបំពេញ ពេលអ្នកសញ្ជឹងគិតអំពីរបៀបដើម្បីខិតទៅកាន់តែជិតព្រះគ្រីស្ទ ។
សកម្មភាព ក ៖ គោលការណ៍ និងពិធីបរិសុទ្ធដំបូងទាំងឡាយនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ
នៅក្នុងគម្ពីរកិច្ចការ មនុស្សជាច្រើនបានទទួលជំនួយពីស្ថានសួគ៌ ដើម្បីផ្លាស់ប្តូរ ហើយប្រែចិត្តជឿលើព្រះយេស៊ូវគ្រីស្ទកាន់តែខ្លាំង តាមរយៈការទទួលយកគោលការណ៍ និងពិធីបរិសុទ្ធដំបូងទាំងឡាយនៃដំណឹងល្អ ។
សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយពន្យល់ពីរបៀបដែលគោលការណ៍ និងពិធីបរិសុទ្ធទាំងនេះជួយយើងឲ្យប្រែចិត្តជឿលើព្រះយេស៊ូវគ្រីស្ទ ។
ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹកសម្រាប់ការផ្ដាច់បាប ពិធីដាក់ដៃលើសម្រាប់អំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ និងការបន្តមានសេចក្ដីជំនឿទៅលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ដែលធ្វើឲ្យការប្រែចិត្តជឿមានភាពពេញលេញ ។ មនុស្សខាងសាច់ឈាមម្នាក់នឹងត្រូវផ្លាស់ប្តូរទៅជាមនុស្សថ្មីដែលបានញែកជាបរិសុទ្ធ ហើយបរិសុទ្ធ កើតជាថ្មីក្នុងព្រះយេស៊ូវគ្រីស្ទ ( កូរិនថូស ទី២ ៥:១៧; ម៉ូសាយ ៣:១៩ ) ។
( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ប្រែចិត្តជឿ ប្រែចិត្តជឿ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org )
សូមសញ្ជឹងគិតពីដំណើររឿងដែលអ្នកបានជ្រើសរើសដែលបង្ហាញពីការផ្លាស់ប្តូររបស់នរណាម្នាក់ដោយមានជំនួយរបស់ព្រះអម្ចាស់ ។
សូមគិតអំពីចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមនេះ ៖
-
តើគោលការណ៍ និងពិធីបរិសុទ្ធដំបូងនៃដំណឹងល្អមានតួនាទីអ្វីនៅក្នុងការប្រែចិត្តជឿរបស់ពួកគេ ?
-
តើគោលការណ៍ និងពិធីបរិសុទ្ធដំបូងនៃដំណឹងល្អបានជួយអ្នក ឬអ្នកដទៃឲ្យប្រែចិត្តជឿលើព្រះអង្គសង្គ្រោះកាន់តែខ្លាំងឡើងយ៉ាងដូចម្ដេច ?
សូមស្រមៃថា ពួកអ្នកផ្សព្វផ្សាយសាសនាក្នុងមូលដ្ឋានសុំជំនួយពីអ្នក ដើម្បីជួយដល់នរណាម្នាក់ដែលពួកគេកំពុងបង្រៀន ។ ពួកគេចង់ឲ្យអ្នកចែកចាយពីរបៀបដែលគោលការណ៍ និងពិធីបរិសុទ្ធដំបូងនៃដំណឹងល្អអាចជួយពង្រឹងការប្រែចិត្តជឿលើព្រះយេស៊ូវគ្រីស្ទ ហើយអញ្ជើញជំនួយរបស់ទ្រង់ឲ្យធ្វើការផ្លាស់ប្តូរចាំបាច់នានានៅក្នុងជីវិតរបស់យើង ។ សូមសរសេរការពន្យល់មួយទៅកាន់បុគ្គលនេះ ដូចជាអ្នកកំពុងនិយាយដោយផ្ទាល់ជាមួយពួកគេដូច្នោះដែរ ។ សូមប្រើឧទាហរណ៍យ៉ាងហោចណាស់មួយចេញពីគម្ពីរកិច្ចការ និងបទពិសោធន៍ផ្ទាល់ខ្លួនណាមួយដែលអ្នកយល់ថាមានប្រយោជន៍ ។
សកម្មភាព ខ ៖ ការសិក្សាព្រះគម្ពីរ និងការប្រែចិត្តជឿ
សកម្មភាពដ៏សំខាន់មួយដែលយើងអាចធ្វើបាន ដើម្បីពង្រឹងការប្រែចិត្តជឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ គឺការសិក្សាព្រះគម្ពីរឲ្យបានជាប់លាប់ ។ សូមគិតអំពីរបៀបដែលដំណើររឿងខាងក្រោមចេញពីគម្ពីរកិច្ចការ បង្ហាញពីសារៈសំខាន់នៃការសិក្សាព្រះគម្ពីរក្នុងការប្រែចិត្តជឿ ។
-
ភីលីព និងបុរសសាសន៍អេធីយ៉ូពី ៖ កិច្ចការ ៨:២៦–៤០
-
ប៉ុល និងពួកបរិសុទ្ធនៅក្រុងថែស្សាឡូនីច និងបេរា ៖ កិច្ចការ ១៧:១–១៤
សូមសញ្ជឹងគិតពីរបៀបដែលការសិក្សាព្រះគម្ពីរបានជួយក្នុងការប្រែចិត្តជឿរបស់អ្នកទៅលើព្រះអង្គសង្គ្រោះ ។
សូមស្រមៃថា អ្នកដឹកនាំយុវជន ឬអ្នកដឹកនាំយុវនារីរបស់អ្នកបានសូមឲ្យអ្នកជួយយុវជននៅក្នុងវួដ ឬសាខារបស់អ្នកឲ្យសិក្សាព្រះគម្ពីរ ហើយពង្រឹងការប្រែចិត្តជឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ។ តើអ្នកអាចបង្កើតធនធានអ្វីខ្លះ ដើម្បីលើកទឹកចិត្តពួកគេ ? សូមចំណាយពេលពីរបីនាទីដើម្បីគូសបញ្ជាក់ធនធានរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ វាអាចជាវីដេអូ អត្ថបទ សុន្ទរកថា គេហទំព័រ ឬធនធានផ្សេងទៀត ។
ធនធានរបស់អ្នកអាចរួមមានឧទាហរណ៍ណាមួយខាងក្រោម ៖
-
ឧទាហរណ៍មួយមកពីគម្ពីរកិច្ចការ ឬបទគម្ពីរមួយចេញពីគម្ពីរផ្សេងទៀត ដែលបង្ហាញពីសារៈសំខាន់នៃការសិក្សាព្រះគម្ពីរ ។
-
ឧទាហរណ៍ ឬគំរូនៃជំនាញក្នុងការសិក្សាព្រះគម្ពីរដែលអ្នកប្រើដែលជួយដល់អ្នក ឬការពិពណ៌នាអំពីរបៀបដែលអ្នកសិក្សា ។
-
ការពិពណ៌នាអំពីបទពិសោធន៍មួយដែលការសិក្សាព្រះគម្ពីរបានជួយអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ឲ្យកាន់តែប្រែចិត្តជឿលើព្រះអង្គសង្គ្រោះ ។
-
ទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីអំណាចនៃការសិក្សាព្រះគម្ពីរ ។
សូមស្វែងរកជំនួយពីព្រះវរបិតាសួគ៌តាមរយៈព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកសរសេរសកម្មភាពទាំងឡាយណាដែលអ្នកមានអារម្មណ៍ថា អ្នកត្រូវតែធ្វើ ដើម្បីប្រែចិត្តជឿលើព្រះយេស៊ូវគ្រីស្ទកាន់តែខ្លាំងឡើង ។ ព្រះអង្គសង្គ្រោះនឹងជួយដល់អ្នក នៅពេលអ្នកខិតខំធ្វើតាមចំណាប់អារម្មណ៍ទាំងនេះ ។ សូមពិចារណាចែកចាយចំណាប់អារម្មណ៍របស់អ្នកជាមួយឪពុក ឬម្តាយ ឬអ្នកដឹកនាំសាសនាចក្រដែលគួរឲ្យទុកចិត្តម្នាក់ ។ សូមឲ្យពួកគេជួយអ្នកតាមដានចំណាប់អារម្មណ៍ទាំងនេះ ។