កិច្ចការ ២២–២៣, ២៦–២៨
ព្រះអម្ចាស់ទ្រង់គង់នៅជាមួយប៉ុល
ពេលកំពុងជាប់ច្រវាក់ និងហ៊ុំព័ទ្ធដោយសាសន៍យូដាដែលចង់សម្លាប់លោក ប៉ុលបានឈរនៅលើកាំជណ្តើរនៃបន្ទាយអង់តូនីក្នុងក្រុងយេរូសាឡិម ហើយបានថ្លែងទីបន្ទាល់យ៉ាងក្លាហានអំពីការប្រែចិត្តរបស់លោកចំពោះព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់ពីគេចាប់ប៉ុល ដាក់គុក ព្រះអង្គសង្គ្រោះបានយាងមកជួបលោក ហើយបានសន្យាថាប៉ុលនឹងថ្លែងទីបន្ទាល់អំពីទ្រង់នៅក្រុងរ៉ូម ។ ក្រោយមក ប៉ុលបានជួបប្រទះនឹងការសាកល្បងជាច្រើនដែលធ្វើឲ្យសេចក្ដីសន្យានេះហាក់ដូចជាមិនអាចសម្រេចបាន ។ មេរៀននេះផ្ដល់នូវទិដ្ឋភាពទូទៅសម្រាប់ កិច្ចការ កិច្ចការ ២២–២៣, ២៦–២៨ ហើយមានគោលបំណងបង្កើនទំនុកចិត្តរបស់អ្នកថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងសម្រេចសេចក្ដីសន្យារបស់ទ្រង់ទាំងទ្វេ នៅពេលអ្នកខិតខំបម្រើទ្រង់ទាំងទ្វេ ។
តើនរណាដែលអ្នកទុកចិត្ត ?
តើអ្នកនឹងទុកចិត្តនរណាដើម្បីធ្វើតាមចំណុចដូចខាងក្រោមនេះ ហើយហេតុអ្វី ?
-
សូមជ្រើសរើសអ្វីដែលអ្នកស្លៀកពាក់
-
សូមជ្រើសរើសកន្លែងដែលអ្នករស់នៅ
-
រក្សាសេចក្ដីសន្យាទាំងឡាយរបស់ពួកគេជានិច្ច
-
នៅជាមួយអ្នកក្នុងគ្រាលំបាក
សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើរឿងទាំងនេះមួយណាសំខាន់ជាងគេសម្រាប់អ្នក ? ហេតុអ្វី ?
-
តើវាជួយអ្នកឲ្យមានមនុស្សក្នុងជីវិតរបស់អ្នកដែលអ្នកអាចទុកចិត្តបានយ៉ាងដូចម្ដេច ?
សូមចំណាយពេលសញ្ជឹងគិតថាតើអ្នកទុកចិត្តលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទកម្រិតណា ។ តើអ្នកជឿថាទ្រង់ទាំងទ្វេនឹងរក្សាសេចក្ដីសន្យាទាំងឡាយរបស់ទ្រង់ទាំងទ្វេចំពោះអ្នកដែរឬទេ ? តើអ្នកជឿថាពួកទ្រង់ទាំងទ្វេនឹងនៅជាមួយអ្នកក្នុងគ្រាលំបាកដែរឬទេ ? តើអ្នកជឿទុកចិត្តទ្រង់ទាំងទ្វេល្មមគ្រប់គ្រាន់ដើម្បីឲ្យទ្រង់ទាំងទ្វេដឹកនាំអ្នករាល់ថ្ងៃដែរឬទេ ? ហេតុអ្វីត្រូវការ ឬហេតុអ្វីមិនត្រូវការ ? នៅពេលអ្នកសិក្សាមេរៀននេះ សូមរកមើលដំណើររឿងដែលអាចជួយអ្នកបង្កើនទំនុកចិត្តរបស់អ្នកថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងសម្រេចសេចក្ដីសន្យារបស់ទ្រង់ទាំងទ្វេ នៅពេលអ្នកខិតខំបម្រើទ្រង់ទាំងទ្វេ ។
ប៉ុលត្រឡប់ទៅក្រុងយេរូសាឡិមវិញ
បន្ទាប់ពីដំណើរទៅធ្វើជាអ្នកផ្សព្វផ្សាយសាសនាជាលើកទីបីរបស់លោក ប៉ុលបានត្រឡប់ទៅក្រុងយេរូសាឡិមដើម្បីថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ ។ ពួកក្រុមយូដាដែលចង់សម្លាប់លោកបានទាញលោកចេញពីព្រះវិហារបរិសុទ្ធ ប៉ុន្តែបានពួកទាហានរ៉ូមជួយសង្រ្គោះ ។ គេនាំគាត់ទៅកាន់ជណ្ដើរនៃបន្ទាយអង់តូនី ហើយបានអនុញ្ញាតឲ្យនិយាយ ( សូមមើល កិច្ចការ ២១ ) ។ ប៉ុលបានថ្លែងទីបន្ទាល់អំពីការប្រែចិត្តជឿលើព្រះយេស៊ូវគ្រីស្ទរបស់លោក និងអំពីការណែនាំរបស់ព្រះអង្គសង្គ្រោះដើម្បីផ្សព្វផ្សាយដល់សាសន៍ដទៃ ។ សាសន៍យូដាមានការខឹងសម្បារម្តងទៀត ហើយប៉ុលត្រូវបានបញ្ជូនត្រឡប់ទៅបន្ទាយវិញ ដើម្បីការពារសុវត្ថិភាពរបស់លោក ( សូមមើល កិច្ចការ ២២; ២៣:១–១០ ) ។
សូមអាន កិច្ចការ ២៣:១១ ហើយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានមានព្រះបន្ទូល និងបានធ្វើសម្រាប់ប៉ុល ។ លើសពីនេះ អ្នកក៏អាចមើលវីដេអូ « Be of Good Cheer » ( ១:៣២ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តើយើងអាចរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះពីអ្វីដែលទ្រង់បានមានព្រះបន្ទូល និងបានធ្វើនៅក្នុងខគម្ពីរនេះ ?
-
តើនៅពេលណាដែលព្រះអង្គសង្គ្រោះបានបង្ហាញពីសេចក្ដីពិតមួយក្នុងចំណោមសេចក្ដីពិតទាំងនេះនៅក្នុងជីវិតរបស់អ្នក ឬជីវិតរបស់នរណាម្នាក់ដែលអ្នកស្គាល់ ?
សេចក្ដីសន្យារបស់ព្រះអង្គសង្គ្រោះ
បទពិសោធន៍របស់ប៉ុលគឺជាគំរូមួយពីព្រះអង្គសង្គ្រោះបំពេញការសន្យារបស់ទ្រង់ដើម្បីគង់នៅជាមួយពួកសាវក នៅពេលពួកគេផ្សព្វផ្សាយដំណឹងល្អ ( សូមមើល ម៉ាថាយ ២៨:១៩–២០ ) ។
១. សូមធ្វើកិច្ចការដូចខាងក្រោម ៖
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមបង្កើតតារាងមួយដូចតារាងខាងក្រោមនេះ ។ នៅក្នុងមេរៀននេះទាំងមូល សូមរាយបញ្ជីសេចក្ដីសន្យាទាំងឡាយរបស់ព្រះអម្ចាស់នៅផ្នែកខាងឆ្វេងនៃតារាង និងសេចក្ដីសន្យាដែលបានសម្រេចទាំងនោះនៅខាងស្តាំ ។
សេចក្ដីសន្យាទាំងឡាយ |
ការសម្រេចសេចក្ដីសន្យាទាំងឡាយ |
---|---|
សេចក្ដីសន្យាទាំងឡាយ ព្រះយេស៊ូវនឹងគង់ជាមួយពួកសាវក នៅពេលពួកគេផ្សាយដំណឹងល្អ ( សូមមើល ម៉ាថាយ ២៨:១៩–២០ ) ។ ប៉ុលនឹងថ្លែងទីបន្ទាល់នៅក្រុងរ៉ូម ( សូមមើល កិច្ចការ ២៣:១១ ) ។ | ការសម្រេចសេចក្ដីសន្យាទាំងឡាយ ព្រះយេស៊ូវបានយាងមកឯប៉ុល នៅក្នុងបន្ទាយបន្ទាប់ពីប៉ុលបានផ្សព្វផ្សាយ ( សូមមើល កិច្ចការ ២៣:១១ ) ។ |
ព្រះអង្គសង្គ្រោះបានធ្វើសេចក្ដីសន្យាបន្ថែមទៀតដល់ពួកសាវករបស់ទ្រង់ ។
សូមអាន ម៉ាថាយ ១០:១៨–២០ និង ម៉ាកុស ១៦:១៧–១៨ ។ សូមស្វែងរកសេចក្ដីសន្យាទាំងឡាយរបស់ព្រះអង្គសង្គ្រោះ ហើយសរសេរវានៅក្នុងជួរឈរខាងឆ្វេងនៃតារាងរបស់អ្នក ។
-
តើសេចក្ដីសន្យាទាំងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?
ប៉ុលបន្តថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ
សូមអានការសង្ខេបខាងក្រោមនេះ ហើយសញ្ជឹងគិតពីរបៀបដែលអ្នកអាចទទួលអាម្មណ៍ ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពរបស់ប៉ុល ។ បន្ទាប់មក សូមអានខគម្ពីរដែលបានរាយបញ្ជីបន្ទាប់ពីស្ថានភាពនីមួយៗ ដើម្បីមើលពីរបៀបដែលប៉ុលបានប្រព្រឹត្ត និងរបៀបដែលសេចក្ដីសន្យាទាំងឡាយរបស់ព្រះអម្ចាស់បានបំពេញ ។ សូមបន្ថែមសេចក្ដីសន្យាដែលបានបំពេញដែលអ្នករកឃើញនៅខាងស្តាំនៃតារាងក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
ប៉ុលត្រូវបានកាត់ទោសនៅចំពោះមុខអភិបាលក្រុងរ៉ូម និងស្តេចជាច្រើនអង្គ កិច្ចការ ២៦:១–២, ២២–២៣ ។
-
ប៉ុលត្រូវបានបញ្ជូនតាមសំពៅទៅកាន់ក្រុងរ៉ូម ប៉ុន្តែត្រូវបានជាប់នៅក្នុងព្យុះដ៏គួរឲ្យភ័យខ្លាចដែលសំពៅរបស់ពួកគេហៀបនឹងលិច កិច្ចការ ២៧:២២, ២៥, ៤១, ៤៤ ។
-
ប៉ុលបានជាប់នៅលើកោះមួយ ជាកន្លែងដែលសត្វពស់បានចឹកលោក កិច្ចការ ២៨:៤–៦ ។
-
ទីបំផុតប៉ុលបានមកដល់ក្រុងរ៉ូម កិច្ចការ ២៨:១៦, ៣០–៣១ ។
អ្នកនឹងរៀនបន្ថែមទៀតអំពីដំណើររឿងទាំងនេះនៅក្នុងមេរៀនក្រោយៗ ។
-
តើសេចក្ដីសន្យាអ្វីខ្លះ ដែលអ្នកឃើញថាបានបំពេញ ?
-
ហេតុអ្វីបានជាវាសំខាន់ចំពោះអ្នក ដែលព្រះយេស៊ូវគ្រីស្ទបំពេញសេចក្តីសន្យារបស់ទ្រង់នោះ ?
-
តើការដឹងថាព្រះអង្គសង្គ្រោះរក្សាសេចក្ដីសន្យារបស់ទ្រង់មានឥទ្ធិពលលើអារម្មណ៍របស់អ្នកចំពោះទ្រង់ និងបំណងប្រាថ្នារបស់អ្នកក្នុងការស្តាប់ និងធ្វើតាមទ្រង់ដោយរបៀបណា ?
ទោះបីជាព្រះអញ្ជើញយើងឲ្យខិតខំបម្រើទ្រង់ក៏ដោយ ក៏ទ្រង់មិនរំពឹងថាយើងល្អឥតខ្ចោះមុនពេលដែលទ្រង់នឹងបំពេញសេចក្ដីសន្យារបស់ទ្រង់ចំពោះយើងដែរ ។ ទោះបីជាប៉ុលបានជួបប្រទះនឹងបញ្ហាជាច្រើនក៏ដោយ ( សូមមើល កូរិនថូស ទី២ ១១:២៣–២៧ ) ហើយមិនល្អឥតខ្ចោះ ( សូមមើល ធីម៉ូថេ ទី១ ១:១៥ ) ក៏ព្រះនៅតែបំពេញសេចក្ដីសន្យារបស់ទ្រង់ចំពោះប៉ុលដែរ ។
សេចក្ដីសន្យាបានបំពេញនៅក្នុងជីវិតរបស់អ្នក
សូមគិតអំពីសេចក្ដីសន្យាដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានធ្វើចំពោះអ្នក ។
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
សេចក្តីសន្យាដ៏ធំ ហើយវិសេសបំផុត ដែលព្រះវរបិតាសួគ៌ប្រទានឲ្យដល់បុត្រាបុត្រីរបស់ទ្រង់ ពុំអាចរាប់ ឬពិពណ៌នាទាំងស្រុងបានឡើយ ។ ប៉ុន្តែសូម្បីតែផ្នែក [ មួយ ] នៃបញ្ជីពរជ័យដែលបានសន្យា … គួរតែធ្វើឲ្យយើងម្នាក់ៗ « ឆ្ងល់យ៉ាងអស្ចារ្យ » និង « ដួលចុះ ហើយថ្វាយបង្គំព្រះវរបិតា » នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ។
( ដេវីឌ អេ បែដណា « Exceeding Great and Precious Promises » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៩១ )
ធនធានខាងក្រោមមានសេចក្ដីសន្យាដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានធ្វើដល់យើង ។
-
ដើម្បីកម្លាំងនៃយុវជន ( កូនសៀវភៅឆ្នាំ ២០១១ )
-
ពរជ័យរបស់លោកអយ្យកោរបស់អ្នក ( ប្រសិនបើអ្នកបានទទួលវា )
សូមជ្រើសរើសធនធានទាំងនេះមួយចំនួនដើម្បីសិក្សា ។ នៅពេលអ្នកស្វែងយល់ពីសេចក្ដីសន្យានានា សូមបន្ថែមវាទៅផ្នែកខាងឆ្វេងនៃតារាងក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើសេចក្ដីសន្យាទាំងនេះបង្រៀនអ្វីខ្លះអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះអ្នក ?
សូមមើលបញ្ជីសេចក្ដីសន្យាទាំងឡាយដែលអ្នកបានស្គាល់ ។ សូមស្វែងរកអានុភាពនៃព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកសញ្ជឹងគិតពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចបំពេញសេចក្ដីសន្យាទាំងនោះនៅក្នុងជីវិតរបស់អ្នក ។ នៅក្នុងជួរឈរខាងស្ដាំនៃតារាងនេះក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមបន្ថែមការពិពណ៌នាខ្លីមួយអំពីរបៀបដែលទ្រង់ទាំងទ្វេបានបំពេញសេចក្ដីសន្យាមួយក្នុងចំណោមសេចក្ដីសន្យាទាំងឡាយ ឬសេចក្ដីសន្យាបន្ថែមទៀតណាមួយដែលអ្នកគិតដល់ ។ ឧទាហរណ៍ ការមានអារម្មណ៍ថាអានុភាពនៃព្រះវិញ្ញាណបរិសុទ្ធអាចបំពេញសេចក្ដីសន្យាដែលបានធ្វើនៅក្នុងការអធិស្ឋាននៃពិធីសាក្រាម៉ង់ ( សូមមើល មរ៉ូណៃ ៤:៣; ៥:២ ) ។ អ្នកក៏អាចសរសេរពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានបំពេញសេចក្ដីសន្យារបស់ទ្រង់ទាំងទ្វេចំពោះនរណាម្នាក់ដែលអ្នកស្គាល់ផងដែរ ។
សូមសញ្ជឹងគិតពីរបៀបដែលគំរូទាំងនេះអាចបង្កើនទំនុកចិត្តរបស់អ្នកថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងបំពេញសេចក្ដីសន្យារបស់ទ្រង់ទាំងទ្វេនាពេលអនាគត ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
ហេតុអ្វីបានជាយើងគួរទុកចិត្តលើព្រះអម្ចាស់ ?
អែលឌើរ ស្ទែនលី ជី អេលីស នៃពួកចិតសិបនាក់បានពន្យល់ ៖
បងប្អូនប្រុសស្រី យើងអាចមានសេចក្ដីជំនឿដើម្បីទុកចិត្តទ្រង់ ! ទ្រង់ចង់ប្រទានអ្វីដែលល្អបំផុតដល់យើង ( សូមមើល ម៉ូសេ ១:៣៩ ) ។ ទ្រង់នឹងឆ្លើយតបការអធិស្ឋានរបស់យើង ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១១២:១០ ) ។ ទ្រង់នឹងរក្សាសេចក្ដីសន្យាទ្រង់ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១:៣៨ ) ។ ទ្រង់មានព្រះចេស្ដាដើម្បីរក្សាសេចក្ដីសន្យាទាំងឡាយរបស់ទ្រង់ ( សូមមើល អាលម៉ា ៣៧:១៦ ) ។ ទ្រង់ត្រាស់ដឹងគ្រប់អ្វីទាំងអស់ ! ហើយសំខាន់បំផុតគឺទ្រង់ស្គាល់អ្វីដែលល្អបំផុត ( សូមមើល អេសាយ ៥៥:៨–៩ ) ។
( ស្ទែនលី ជី អេលីស « Do We Trust Him? Hard Is Good » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១១៣ )
ហេតុអ្វីបានជាខ្ញុំចង់ខិតខំបម្រើព្រះ ?
ស៊ីស្ទើរ អេឡេន អិល ជែក អតីតប្រធានសមាគមសង្គ្រោះទូទៅបានពន្យល់ ៖
ក្នុងនាមខ្ញុំជាម្តាយវ័យក្មេងម្នាក់ ខ្ញុំចាំថាបាននិយាយទៅកូនប្រុសពៅរបស់ខ្ញុំ ដែលមានឈ្មោះថា ហ្គ័ឌិននៅពេលដែលគាត់បានធ្លាក់ពីលើកង់របស់គាត់ ហើយគាត់មិនត្រឹមតែរលាត់ជង្គង់ប៉ុណ្ណោះទេ ថែមទាំងបាត់បង់ទំនុកចិត្តផងដែរថា « ម៉ាក់នៅជិតកូនទេ » ។ ខ្ញុំឱបគាត់បណ្តើរ និយាយលួងលោមគាត់បណ្តើរថា « ម៉ាក់នៅជិតកូនទេ » ។ តើនេះមិនរំឭកយើងអំពីព្រះអម្ចាស់ ដែលទ្រង់គង់នៅជាមួយយើងជានិច្ចទេឬ ? ( សូមមើល ម៉ាថាយ ២៨:២០ ) ទ្រង់មិនគ្រាន់តែគង់នៅព្រះវិហារ ក្នុងព្រះវិហារបរិសុទ្ធ ឬពេលយើងលុតជង្គង់នៅជិតគ្រែរបស់យើងនោះទេ ។ ទ្រង់ « គង់នៅទីនេះ » នៅពេលដែលយើងរស់នៅតាមការបង្រៀនរបស់ទ្រង់ ។
( អេឡេន អិល ជែក « Ponder the Path of Thy Feet » Liahona ឬ ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ១០០ )
កិច្ចការ ២៣:១១ ។ ព្រះអម្ចាស់បានជ្រាបពីការលះបង់ និងការសាកល្បងរបស់ប៉ុល ហើយនៅជាមួយទ្រង់ ។ តើទ្រង់នឹងធ្វើដូចគ្នាចំពោះខ្ញុំទេ ?
ស៊ីស្ទើរ សារ៉ុន អូប៊ែង ទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅបានបង្រៀន ៖
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះស្រឡាញ់បងប្អូន ។ ព្រះអម្ចាស់ដឹងថាបងប្អូនព្យាយាមខ្លាំងប៉ុនណា ។ បងប្អូនកំពុងរីកចម្រើន ។ សូមបន្តឆ្ពោះទៅមុខ ។ ទ្រង់មើលឃើញការលះបង់លាក់កំបាំងរបស់បងប្អូនទាំងអស់ ហើយរាប់វាជាសេចក្ដីល្អរបស់បងប្អូន និងសេចក្ដីល្អនៃមនុស្សដែលបងប្អូនស្រឡាញ់ ។ ការងាររបស់បងប្អូនពុំឥតប្រយោជន៍ឡើយ ។ បងប្អូនមិនឯកោឡើយ ។ ព្រះនាមទ្រង់គឺ អេម៉ាញ៉ូអែល មានន័យថា « ព្រះអង្គគង់ជាមួយនឹងយើងខ្ញុំ » ។ ទ្រង់ពិតជាគង់នឹងបងប្អូន ។
( ហ្សារ៉ុន អូប៊ែង « Christ: The Light That Shines in Darkness » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៥–៧៦ )
តើខ្ញុំអាចយល់កាន់តែច្បាស់អំពីព្រឹត្តិការណ៍នៅក្នុងកិច្ចការ ២២–២៣, ២៦–២៨ យ៉ាងដូចម្តេច ?
សូមមើលវីដេអូ « Chapter 63: Paul Finishes His Mission » ( ២:៣២ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។