ថ្នាក់​សិក្ខាសាលា
វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក ទី​៦


វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក ទី​៦

ម៉ាថាយ ២៦–២៨; ម៉ាកុស ១៤–១៦; លូកា ២២–២៤; យ៉ូហាន ១៣–២១

យុវជន និង​យុវនារី​ចូលរួម​ថ្នាក់​សិក្ខាសាលា​ពេលព្រឹក​នៅ​ប្រទេស​អាហ្សង់ទីន ។

មេរៀន​នេះ​មាន​គោល​បំណង​ជួយ​អ្នក​ឲ្យ​វាយ​តម្លៃ​គោល​ដៅ​ទាំង​ឡាយ​ដែល​អ្នក​បាន​ដាក់ និង​ការ​រីក​ចម្រើន​ផ្ទាល់​ខ្លួន​ដែល​អ្នក​បាន​ដក​ពិសោធន៍​ក្នុង​អំឡុង​ពេល​ការ​សិក្សា​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​របស់​អ្នក ។

ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​ចិត្ត​នៃ​ឯង

នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក សូម​គូរ​គ្រោងនៃ​រូប​បេះដូងមួយ ។ នៅក្នុងឬ​ជុំវិញ​រូប​បេះដូង​នោះ សូម​រៀបរាប់​អ្វី​ដែលអ្នក​បានរៀន ឬ​បាន​ទទួល​អារម្មណ៍​អំពី​ព្រះអង្គ​សង្គ្រោះ ដែលបាន​បង្កើន​សេចក្តី​ស្រឡាញ់​របស់អ្នក​ចំពោះទ្រង់ ។ ប្រសិនបើ​អាចធ្វើបាន សូមសួរ​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​អំពីអ្វី​ដែល​ពួកគេ​ស្រឡាញ់​អំពី​ព្រះអង្គ​សង្គ្រោះ ហើយ​បន្ថែម​វាទៅក្នុង​បញ្ជី​របស់​អ្នក ។ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅពីក្រោម​គំនូររូប​បេះដូង​របស់​អ្នក ។

  • តើ​ការ​រៀន​បន្ថែម​ទៀត​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ចំពោះ​អ្នក​បាន​ជំរុញ​អ្នក​ឲ្យ​ព្យាយាម​ស្រឡាញ់​ទ្រង់​ទាំងទ្វេ​បន្ថែម​ទៀត​យ៉ាង​ដូចម្ដេច ?

  • តើ​ការយល់ដឹង​របស់អ្នក​អំពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ទាំងទ្វេ​ចំពោះ​អ្នក​បានជួយ​បង្កើន​សេចក្តី​ស្រឡាញ់​របស់​អ្នក​ចំពោះ​អ្នក​ដទៃ​ដោយ​របៀបណា ?

សូម​ចាំ​ថា ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ទ្រង់​តាម​រយៈ​ការ​កាន់​តាម​បញ្ញត្តិទ្រង់ ​( សូមមើល យ៉ូហាន ១៤:១៥ ) ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ផ្ដល់​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​នៃ​ការបង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះវរបិតាសួគ៌ ដោយ​ការ​ស្ដាប់​បង្គាប់​តាម​បទបញ្ញត្តិ​ទាំងអស់ ( សូមមើល យ៉ូហាន ១៤:៣១ ) ។

ពេល​អ្នក​សិក្សា យ៉ូហាន ១៤:១៥ អ្នក​ប្រហែល​ជា​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក​អំពី​បំណង​ប្រាថ្នា​របស់​អ្នក​ក្នុង​ការកាន់​តាម​បទបញ្ញត្តិ និង​ការជំរុញ​ចិត្ត​របស់​អ្នក ឬ​ហេតុផល​របស់​អ្នក​ដើម្បី​ធ្វើ​ដូច្នេះ ។ បើដូច្នេះ សូមពិនិត្យ​មើល​អ្វី​ដែល​អ្នក​បាន​សរសេរ​ឡើង​វិញ ។

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​បំណង​ប្រាថ្នា និង​ការ​ជំរុញ​ចិត្ត​បច្ចុប្បន្ន​របស់​អ្នក​ក្នុង​ការកាន់​តាម​បទបញ្ញត្តិ ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ? សូម​ប្រៀបធៀប​បំណង​ប្រាថ្នា និង​ការជំរុញ​ចិត្ត​របស់​អ្នក​ឥឡូវ​នេះ​ជាមួយ​នឹង​បំណងប្រាថ្នា និង​ការជំរុញ​ចិត្ត​ដែលអ្នកមាន​នៅ​ដើមឆ្នាំ​នេះ ។

  • តើ​អ្នក​បាន​កត់សម្គាល់​ការផ្លាស់ប្ដូរ​អ្វីខ្លះ​នៅក្នុង​សេចក្ដីស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ នៅពេល​អ្នក​បាន​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី ? ប្រសិនបើ​អ្នក​បានកត់​សម្គាល់​ការផ្លាស់ប្តូរ​ណាមួយ តើ​អ្នកគិត​ថា​អ្វី​ដែល​បាននាំឲ្យ​មាន​ការផ្លាស់ប្តូរ​ទាំងនេះ ?

  • តើ​មាន​ការ​ផ្លាស់ប្ដូរ​បន្ថែម​ទៀត​ដែល​អ្នក​មាន​អារម្មណ៍​ថា​អ្នក​ត្រូវ​ធ្វើ​ដើម្បី​បង្ហាញ ឬ​បង្កើន​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ​ឬទេ ?

ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ៖ តើ​ជីវិត​របស់​អ្នក​ទៅ​ជា​យ៉ាង​ណា បើ​គ្មាន​ដង្វាយធួន ?

សូម​គិត​ពី​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ចេញពី​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ សូម​សញ្ជឹង​គិត​មួយ​ភ្លែត​ពី​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ និង​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់​មានន័យ​ចំពោះ​អ្នក​ផ្ទាល់ ។ សូម​ពិចារណា​ថា​តើជីវិត​របស់អ្នក​នឹង​ទៅជា​យ៉ាងណា​បើគ្មាន​ពលិកម្ម​ដ៏ធួន​នោះ​ទេ ។

រូបភាព​ព្រះយេស៊ូវ​អធិស្ឋាន​នៅក្នុង​សួនច្បារ​គែតសេម៉ានី ពេល​ទ្រង់​ធ្វើ​ដង្វាយធួន ។

ឥឡូវ​នេះ អ្នក​បាន​ចំណាយ​ពេល​សញ្ជឹងគិត សូម​កត់ត្រា​គំនិត​មួយ​ចំនួន​របស់​អ្នក​ដោយ​ឆ្លើយ​តប​នឹង​សំណួរ​ខាងក្រោម​នេះ ។ សូម​រួមបញ្ចូល​ព័ត៌មាន​លម្អិត​ដ៏មានអត្ថន័យ​នៅ​ក្នុងការ​ឆ្លើយតប​របស់អ្នក ហើយ​រួមបញ្ចូល​វគ្គ​បទគម្ពីរ​ដែលមាន​ឥទ្ធិពល​លើអ្នក​អំពី​ពលិកម្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ជីវិត​របស់​អ្នក​នឹង​ខុស​គ្នា​យ៉ាង​ណា បើ​ព្រះអង្គ​សង្គ្រោះ​មិន​បាន​រងទុក្ខ​ជំនួស​អ្នក​នៅ​ក្នុង​សួន​ច្បារ​គែតសេម៉ានី ហើយ​សុគត​ជំនួស​អ្នក​នៅលើ​ឈើឆ្កាង​នៅ​កាល់វ៉ារី​នោះទេ ?

  • តើ​ជីវិត​របស់​អ្នក​នឹង​ខុស​គ្នា​យ៉ាង​ណា ប្រសិនបើ​ព្រះយេស៊ូវគ្រីស្ទ​មិន​បាន​យកឈ្នះ​លើ​ការសុគត​តាមរយៈ​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​ដ៏​រុងរឿង​របស់​ទ្រង់​ទេ​នោះ ?

  • តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតាសួគ៌​បើ​គ្មាន​ការពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នោះទេ ?

ប្រធាន អិម រ័សុល បាឡឺដ ដែលជា​ប្រធាន​ស្តីទី​នៅក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​ប្រធាន​អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៤ ។

ដោយ​អំណរគុណ ដែលព្រះយេស៊ូវ​គ្រីស្ទ​បាន​បំពេញ​ពលិកម្ម​ដោយ​ភាព​អង់អាច​ក្លាហាន​នៅក្នុង​ទីក្រុង​យេរូសាឡិម​កាល​ពី​បុរាណ ។… ព្រះយេស៊ូវ​បាន​ស្ម័គ្រ​ព្រះទ័យ​រងទុក្ខ​ដើម្បី​ឲ្យ​យើង​ទាំងអស់​គ្នា​អាច​មាន​ឱកាស​លាងសម្អាត—តាមរយៈ​ការមាន​សេចក្ដីជំនឿ​ទៅលើ​ទ្រង់ ការប្រែចិត្ត​ពី​អំពើបាប​របស់​យើង ទទួល​បុណ្យ​ជ្រមុជទឹក​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាព​ដែល​ត្រឹមត្រូវ​ការទទួលបាន​អំណោយទាន​ធ្វើឲ្យ​បរិសុទ្ធ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​ការបញ្ជាក់ និង ការទទួល​យក​ពិធីបរិសុទ្ធ​ដ៏​ចាំបាច់​ផ្សេងៗទៀត ។ បើ​គ្មាន​ដង្វាយធួន​នៃ​ព្រះអម្ចាស់​ទេ នោះ​ពរជ័យ​ទាំងនេះ​ក៏​មិនមាន​សម្រាប់​យើងដែរ ហើយ​យើង​ក៏​មិន​អាច​​មានភាព​ស័ក្តិសម និង​ត្រៀម​ខ្លួន​ត្រឡប់​ទៅរស់នៅ​ក្នុង​វត្តមាន​នៃ​ព្រះ​វិញ​បាន​ដែរ ។

( អិម. រ័សុល បាឡឺត « The Atonement and the Value of One Soul » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៨៥ )

ការចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ

ឥឡូវ​នេះ អ្នក​បាន​សញ្ជឹង​គិត​ពី​សារៈសំខាន់​នៃ​ពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន រ័សុលអិម ណិលសុន ។

រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​របស់​ប្រធាន រ័សុល អិម ណិលសុន ដែល​បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨

ពាក្យ ដំណឹងល្អ មាន​ន័យ​ថា « សេចក្ដី​ល្អ​ដែល​ត្រូវ​ដឹង » ។ ដំណឹង​ល្អនោះគឺ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ និង​សារ​លិខិត​នៃ​សេចក្តីសង្គ្រោះ​របស់​ទ្រង់ ។ ព្រះយេស៊ូវ​បាន​ប្រៀបធៀប​ដំណឹងល្អ​ទៅនឹង​បេសកកម្ម​របស់​ទ្រង់ និង​ការបម្រើក្នុង​ព្រះជន្ម​រមែងស្លាប់​របស់ទ្រង់ ។

( រ័សុល អិម ណិលសុន « Senior Missionaries and the Gospel » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៨១ )

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ៣. សូម​បំពេញ​សកម្មភាព​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

តើ​ដំណឹង​ល្អ​អ្វី​ខ្លះ​ដែល​អ្នក​ចង់​ចែកចាយ​ជាមួយ​អ្នក​ដទៃ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​បេសកកម្ម​ដ៏​ទេវភាព​របស់​ទ្រង់ ? សូមស្រមៃថា សាសនាចក្រ​កំពុងចាប់ផ្តើម​យុទ្ធនាការ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយសង្គម​មួយ ដើម្បី​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​ព្រះជន្ម និង​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែលបាន​កត់ត្រា​នៅក្នុង​ដំណឹងល្អ​ទាំងបួន​នេះ ។ សាសនាចក្រ​កំពុងស្នើ​សុំការ​ចុះផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​ធ្វើ​យុទ្ធនាការ​នេះ ។

សូមសរសេរ​ការចុះផ្សាយ​ខ្លីមួយ ដែលពន្យល់​ពី​ដំណឹងល្អ​របស់​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​គិត​អំពី​អ្វី​មួយ​ដែល​អ្នក​បាន​រៀន​ពី​ដំណឹងល្អ ( ម៉ាថាយ ម៉ាកុស លូកា និង យ៉ូហាន ) ដែល​ជា​ពិសេស​ចំពោះ​អ្នក ហើយ​បាន​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ស្និទ្ធស្នាល​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ ។ ឧទាហរណ៍ អ្នក​អាច​ជ្រើសរើស​អ្វីមួយ​ដែល​ព្រះយេស៊ូវ​បានបង្រៀន អព្ភូតហេតុ​ដែលទ្រង់​បានធ្វើ ពាក្យ​ប្រៀប​ប្រដូច ដំណើររឿង​អំពី​របៀប​ដែលទ្រង់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ បុគ្គលិក​លក្ខណៈ​ដែលទ្រង់​បានធ្វើ​ជាគំរូ ឬ​ជាផ្នែក​មួយ​នៃ​ពលិកម្ម​ដ៏​ធួន ការសុគត និង​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់ទ្រង់ ។ ប្រសិនបើ​អ្នកមាន​ទំនុកចិត្ត​អ្នក​អាច​ចុះផ្សាយ​ដំណឹងល្អ​របស់អ្នក​នៅលើប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​ចែកចាយ​ជាមួយ​មនុស្ស​ផ្សេងទៀត ។ សូម​បញ្ចូល​ព័ត៌មាន​លម្អិត​ដូច​ខាងក្រោម​នេះ​នៅក្នុង​ការចុះផ្សាយ​របស់អ្នក ៖

  • សូម​បង្កើត​មាតិការឿង ឬ​ចំណង​ជើង​សម្រាប់​ការចុះផ្សាយ​របស់អ្នក ។

  • សូម​ពន្យល់​ពី​របៀប​ដែល​ដំណឹង​ល្អ​របស់​ព្រះអង្គ​សង្គ្រោះ​មាន​អត្ថន័យ​ចំពោះ​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ទ្រង់ ។

  • សូម​រួមបញ្ចូល​វគ្គបទគម្ពីរ​ជាក់លាក់​មួយ​មកពី​ដំណឹងល្អ ( ម៉ាថាយ ម៉ាកុស លូកា ឬ​យ៉ូហាន ) ។

  • សូម​បញ្ចូល​ទីបន្ទាល់​របស់​អ្នក និង​របៀប​ដែល​ដំណឹង​ល្អ​នេះ​អាច​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ដទៃ ។