លូកា ២៤:១–១២, ៣៦–៤៨
ដំណើរមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ
បន្ទាប់ពីការបញ្ចុះសពរបស់ព្រះអង្គសង្គ្រោះ សិស្សដ៏ស្មោះត្រង់បាននាំគ្រឿងទេសទៅផ្នូរ ។ ជំនួសឲ្យការរកឃើញព្រះសពរបស់ព្រះអង្គសង្គ្រោះ ពួកគេបានរកឃើញផ្នូរដែលគ្មានព្រះសពទៅវិញ ។ ទេវតាបានប្រកាសថា ព្រះអម្ចាស់បានមានព្រះជន្មរស់ឡើងវិញហើយ ។ ក្រោយមកនៅល្ងាចនោះ ពេលពួកសិស្សមកជុំគ្នា ទ្រង់បានបង្ហាញព្រះកាយដល់ពួកគេ ហើយបង្ហាញព្រះកាយដែលបានរស់ឡើងវិញរបស់ទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យបង្កើនការយល់ដឹងរបស់អ្នកអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ និងរបៀបដែលវាមានឥទ្ធិពលលើជីវិតរបស់អ្នក ។
ដំណើរមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ
សូមពិនិត្យមើលរូបភាពនៃផ្នូរដែលគ្មានព្រះសពរបស់ព្រះយេស៊ូវគ្រីស្ទ ដែលមាននៅដើមមេរៀននេះ ហើយសញ្ជឹងគិតពីចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមនេះ ។
-
តើរូបភាពនេះមានអត្ថន័យយ៉ាងណាដែរចំពោះអ្នក ?
បន្ទាប់ពីព្រះយេស៊ូវគ្រីស្ទបានស្ម័គ្រព្រះទ័យថ្វាយព្រះជន្មទ្រង់លើឈើឆ្កាង ព្រះសពទ្រង់ត្រូវបានគេយកចុះ ហើយរុំដោយក្រណាត់ទេសឯកស្អាត ហើយដាក់ក្នុងផ្នូរ ។ បន្ទាប់ពីថ្ងៃឈប់សម្រាក ម៉ារា អ្នកស្រុកម៉ាក់ដាឡា និងស្ត្រីស្មោះត្រង់ពីរបីនាក់ទៀតបានត្រឡប់ទៅផ្នូរវិញនៅពេលព្រឹកព្រលឹម ( សូមមើល លូកា ២៤:១០; យ៉ូហាន ២០:១១–១៨ ) ។
សូមអាន លូកា ២៤:១–១២ ដោយរកមើលអ្វីដែលពួកគេបានរកឃើញ និងបានរៀន ពេលនៅឯផ្នូររបស់ព្រះអង្គសង្គ្រោះ ។
-
តើអ្នកគិតថាពួកសិស្សកំពុងគិត និងមានអារម្មណ៍យ៉ាងណាបន្ទាប់ពីអ្វីដែលពួកគេបានឃើញ និងឮ ?
ភ្លាមៗបន្ទាប់ពីបទពិសោធន៍នេះ ព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយដល់សិស្សពីរនាក់នៅតាមផ្លូវទៅអេម៉ោស ( សូមមើល លូកា ២៤:១៣–៣២ ) ។ ពួកគេបានត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីចែកចាយបទពិសោធន៍របស់ពួកគេជាមួយនឹងពួកសាវក ( សូមមើល លូកា ២៤:៣៣–៣៥ ) ។
សូមអាន លូកា ២៤:៣៦–៤៨ដោយរកមើលអ្វីដែលបានកើតឡើង នៅពេលដែលពួកសិស្សរបស់ព្រះយេស៊ូវបានប្រមូលផ្តុំគ្នាពិភាក្សាអំពីការបង្ហាញព្រះកាយរបស់ព្រះអង្គសង្គ្រោះដែលបានមានព្រះជន្មរស់ឡើងវិញ ។
អ្នកក៏អាចពិចារណាមើលវីដេអូ « The Risen Lord Appears to the Apostles » ( ២:១៩ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តើអ្វីដែលលេចធ្លោចំពោះអ្នកនៅក្នុងខគម្ពីរទាំងនេះ ចេញពីព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះទៅកាន់សិស្សរបស់ទ្រង់ ?
-
ហេតុអ្វីបានជាអ្នកគិតថា ពាក្យដំបូងមួយចំនួនដែលព្រះអង្គសង្គ្រោះបានមានបន្ទូលទៅពួកគេគឺ « សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្តចុះ » ? ( លូកា ២៤:៣៦ ) ។
-
តើអ្នករៀនអ្វីខ្លះពីខគម្ពីរទាំងនេះអំពីនរណាជាព្រះអង្គសង្គ្រោះ និងអ្វីដែលទ្រង់ចង់ឲ្យសិស្សរបស់ទ្រង់យល់ ?
ការបង្កើនការយល់ដឹងរបស់អ្នកអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ
សេចក្តីពិតមួយដែលយើងរៀនពីខគម្ពីរទាំងនេះគឺថា ព្រះយេស៊ូវគ្រីស្ទមានព្រះកាយរស់ឡើងវិញជាសាច់ និងឆ្អឹង ។
-
តើការមានព្រះជន្មរស់ឡើងវិញមានន័យដូចម្តេច ?
ដំណើររស់ឡើងវិញ « ដែលជាការរួបរួមជាថ្មីនូវរូបកាយខាងវិញ្ញាណទៅនឹងរូបកាយខាងសាច់ឈាម ដែលមានសាច់ និងឆ្អឹង បន្ទាប់ពីបានស្លាប់ទៅហើយ » គឺអាចធ្វើទៅបានសម្រាប់យើងម្នាក់ៗ ដោយសារព្រះយេស៊ូវគ្រីស្ទ ( សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « រស់ឡើងវិញ ដំណើររស់ឡើងវិញ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ ដោយសារដង្វាយធួន និងការមានព្រះជន្មឡើងវិញរបស់ទ្រង់ ព្រះអង្គសង្គ្រោះបានធ្វើឲ្យយើងអាចរស់នៅ និងប្រែក្លាយដូចជាទ្រង់បាន ។
សូមសញ្ជឹងគិតអំពីសំណួរទាំងឡាយដែលអ្នកមានអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ និងអត្ថន័យរបស់វានៅក្នុងជីវិតរបស់អ្នក ។ សំណួរមួយចំនួនដែលអ្នកប្រហែលជាមានអំពីគោលលទ្ធិនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះត្រូវបានរៀបរាប់ដូចខាងក្រោមនេះ ។ សូមសរសេរសំណួរខាងក្រោមទាំងនេះដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
ហេតុអ្វីបានជាវាសំខាន់ថាព្រះយេស៊ូវគ្រីស្ទមានព្រះកាយជាសាច់ និងឆ្អឹង ?
-
តើអ្វីជាសារៈសំខាន់នៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់ខ្ញុំ ?
របៀបមួយដើម្បីស្វែងរកចម្លើយចំពោះសំណួររបស់យើងគឺដោយការស្វែងរកអ្វីដែលព្យាការី និងសាវករបស់ព្រះអម្ចាស់បានបង្រៀន ។ ខាងក្រោមនេះគឺជាការបង្រៀនមួយចំនួនមកពី អែលឌើរ ឌីថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ នៅពេលអ្នកសិក្សាពាក្យពេចន៍ទាំងនេះ សូមរកមើលចម្លើយចំពោះសំណួរមួយចំនួនរបស់អ្នក ។ សូមពិចារណាផងដែរអំពីការស្វែងរកពាក្យពេចន៍បន្ថែមនានាមកពីអ្នកបម្រើដែលបានតែងតាំងរបស់ព្រះអម្ចាស់ ដែលអាចជួយអ្នកបាន ។
សូមគិតបន្តិចពីអត្ថន័យពិតនៃដំណើររស់ឡើងវិញក្នុងការដោះស្រាយនៅទីបញ្ចប់ពីអត្តសញ្ញាណពិតរបស់ព្រះយេស៊ូវនៃណាសារ៉ែត និងការប្រឆាំងខាងចិត្តវិទ្យា និងសំណួរនៃជីវិត ។ បើព្រះយេស៊ូវពិតជាមានព្រះជន្មរស់ឡើងវិញមែន វាចាំបាច់ត្រូវជឿថា ទ្រង់ជាសភាវៈអាទិទេព ។ គ្មានមនុស្សលោកណាម្នាក់មានអំណាចដោយខ្លួនឯងដើម្បីមានជីវិតម្ដងទៀត ក្រោយពីការស្លាប់នោះឡើយ ។ ដោយសារទ្រង់បានមានព្រះជន្មរស់ឡើងវិញ នោះព្រះយេស៊ូវមិនមែនត្រឹមតែជាជាងឈើ គ្រូបង្រៀន គ្រូគង្វាល ឬព្យាការីម្នាក់នោះទេ ។ ដោយសារទ្រង់បានមានព្រះជន្មរស់ឡើងវិញ នោះព្រះយេស៊ូវត្រូវតែជាព្រះមួយអង្គ គឺព្រះរាជបុត្រាតែមួយគត់របស់ព្រះវរបិតា ។
ហេតុដូច្នេះហើយ អ្វីដែលទ្រង់បង្រៀនគឺពិត ព្រះពុំកុហកឡើយ ។
ហេតុដូច្នេះហើយ ទ្រង់ជាព្រះបង្កបង្កើតផែនដី ដូចទ្រង់បានមានបន្ទូលហើយ ។
ហេតុដូច្នេះហើយ ស្ថានសួគ៌ និងស្ថាននរកមានពិតមែន ដូចទ្រង់បានត្រាស់បង្រៀនហើយ ។
ហេតុដូច្នេះហើយ មានពិភពវិញ្ញាណដែលទ្រង់បានយាងទៅបន្ទាប់ពីការសុគត ។
ហេតុដូច្នេះហើយ ទ្រង់នឹងយាងមកម្ដងទៀតដូចដែលទេវតាបានមានបន្ទូល ហើយ « សោយរាជ្យនៅលើផែនដីផ្ទាល់ » [ មាត្រានៃសេចក្ដីជំនឿ ១:១០ ] ។
ហេតុដូច្នេះហើយ មានដំណើររស់ឡើងវិញ និង ការជំនុំជម្រះចុងក្រោយដល់មនុស្សទាំងពួង ។
( ឌី ថត គ្រីស្តូហ្វឺសិន « The Resurrection of Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១១៣ )
ប្រសិនបើពេលវេលាអនុញ្ញាត សូមពិចារណាមើលវីដេអូ « He Lives—Celebrate Easter Because Jesus Christ Lives » ( ២:២៦ ) កាលអ្នករៀបចំឆ្លើយសំណួរដូចខាងក្រោម ។ វីដេអូនេះមាននៅ ChurchofJesusChrist.org
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតដែរឬទេ ?
ហេតុអ្វីបានជាដំណើររស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទមានសារៈសំខាន់ចំពោះខ្ញុំ ?
នៅក្នុងសុន្ទរកថារបស់លោក « What Has Our Savior Done for Us? » ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀនពីរបៀបដែលការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះមានឥទ្ធិពលយ៉ាងណាលើយើងម្នាក់ៗ ( Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៧៥–៧៧ ) ។