កាឡាទី ១
« ដ្បិតខ្ញុំមិនបានទទួលមកពីមនុស្ស … គឺដោយព្រះយេស៊ូវគ្រីស្ទបានបើកសម្ដែងវិញ »
តើអ្នកធ្លាប់មានអារម្មណ៍ច្របូកច្របល់ចំពោះមតិយោបល់ និងទស្សនៈខុសៗគ្នាទាំងអស់ក្នុងពិភពលោកដែរឬទេ ? ពួកបរិសុទ្ធនៅកាឡាទី បានឆ្លងកាត់បញ្ហាប្រឈមស្រដៀងគ្នានេះ នៅពេលពួកគេបានទទួលការបង្រៀនដែលនាំពួកគេ ឲ្យឃ្លាតឆ្ងាយពីដំណឹងល្អពិតនៃព្រះគ្រីស្ទ ។ មេរៀននេះអាចជួយអ្នកឲ្យរៀនពីរបៀបដើម្បីចៀសវាងការបោកបញ្ឆោត និងការភាន់ច្រឡំ ដោយស្តាប់តាមព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទដែលបានប្រទានដល់ព្យាការីទាំងសម័យបុរាណ និងទាំងសម័យទំនើប ។
ការជួបប្រទះនឹងគំនិតខុសឆ្គង
សូមគិតអំពីរបៀបដែលយើងឆ្លើយតបទៅនឹងស្ថានភាពខាងក្រោម ៖
-
អ្នកឃើញវីដេអូ ឬការចុះផ្សាយដ៏ពេញនិយមមួយដែលមិត្តភក្តិជាច្រើនរបស់អ្នកបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ វាមានគំនិតជាច្រើនដែលផ្ទុយនឹងអ្វីដែលបានបង្រៀនអ្នកនៅផ្ទះ និងក្នុងសាសនាចក្រ ។
-
នៅសាលារៀន មិត្តភក្តិមួយចំនួនដែលជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ កំពុងផ្តល់មតិយោបល់ដែលផ្ទុយនឹងការបង្រៀនរបស់សាសនាចក្រ ។
-
តើអ្នកជួបស្ថានភាពបែបនេះញឹកញាប់ប៉ុណ្ណាដែរ ?
-
តើអ្នកមានអារម្មណ៍ថា អ្នកគួរធ្វើអ្វីក្នុងស្ថានភាពបែបទាំងនេះ ? ហេតុអ្វី ?
-
ពួកបរិសុទ្ធនៅកាឡាទីក៏បានជួបប្រទះនឹងការបង្រៀនពីអ្នកដែលចង់ « បង្ខូចដំណឹងល្អព្រះគ្រីស្ទ » ( កាឡាទី ១:៧ ) ដែរ ។ ឧទាហរណ៍ ពួកគ្រីស្ទានសាសន៍យូដាមួយចំនួនបានបង្ខូចការបង្រៀនដំណឹងល្អ ហើយបង្ហាញការសង្ស័យអំពីការបង្រៀនរបស់ប៉ុលថា សេចក្ដីសង្រ្គោះកើតឡើងតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ។
ប៉ុលព្រមានពួកបរិសុទ្ធនៅកាឡាទីប្រឆាំងនឹងគំនិតខុសឆ្គង
ប៉ុលបានសរសេរសំបុត្រមួយច្បាប់ដើម្បីប្រឆាំងនឹងការបង្រៀនខុសឆ្គង ដែលត្រូវបានផ្សព្វផ្សាយក្នុងចំណោមពួកបរិសុទ្ធនៅកាឡាទី ។
សូមអាន កាឡាទី ១:៦–៩ ។ សូមរកមើលអ្វីដែលប៉ុលបាននិយាយអំពីអស់អ្នកដែលផ្សព្វផ្សាយ « ដំណឹងល្អ » ដែលផ្ទុយនឹងអ្វីដែលលោកបានផ្សព្វផ្សាយក្នុងនាមជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ ។
-
តើអ្នករកឃើញអ្វីដែលសំខាន់នៅក្នុងខគម្ពីរទាំងនេះ ? ហេតុអ្វី ?
ប៉ុលបានព្រមានពួកបរិសុទ្ធនៅកាឡាទីឲ្យបដិសេធ « ដំណឹងណាខុសអំពីដំណឹងល្អ » ( កាឡាទី ១:៩ ) ក្រៅពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
-
តើមានគំរូអ្វីខ្លះនៃគំនិតខុសឆ្គងនៅជំនាន់របស់យើង ដែលអាចនាំមនុស្សចេញពីដំណឹងល្អពិតរបស់ព្រះយេស៊ូវគ្រីស្ទ ?
-
តើគោលការណ៍ពិតអ្វីខ្លះដែលត្រូវបានយល់ខុស ឬបានបំភ្លៃដោយពិភពលោក ?
-
តើមានផលវិបាកអ្វីខ្លះនៃការស្តាប់ ឬធ្វើតាមគំនិត ឬការបង្រៀនផ្សេងទៀតទាំងនេះ ? តើអ្នកបានឃើញផលវិបាកទាំងនេះនៅពេលណា ?
ប្រសិនបើអាចធ្វើបាន សូមមើលវីដេអូ « Divinely Appointed Sources » ចាប់ពីនាទីទី ៣:១៤ ដល់នាទីទី ៤:៤៣ ដើម្បីមើលឧទាហរណ៍មួយចំនួននៃផលវិបាកទាំងឡាយ ។ វីដេអូនេះអាចរកបាននៅលើគេហទំព័រ ChurchofJesusChrist.org ។
យើងអាចងាកទៅរកព្យាការី និងសាវកដើម្បីទទួលបានសេចក្តីពិត
នៅក្នុងសំបុត្ររបស់លោក ប៉ុលបានរំឭកពួកបរិសុទ្ធនៅកាឡាទីអំពីសេចក្តីពិតនៃដំណឹងល្អ និងប្រភពនៃសិទ្ធិអំណាច និងការបង្រៀនរបស់លោក ។
សូមអាន កាឡាទី ១:១–៥, ១០–១២ ដោយរកមើលអ្វីដែលប៉ុលបានចែកចាយដែលអាចជួយពួកបរិសុទ្ធឲ្យចៀសវាងពីការបោកបញ្ឆោតដោយការបង្រៀនខុសឆ្គង ។
-
តើសេចក្ដីពិតនៃដំណឹងល្អអ្វីខ្លះដែលប៉ុលបានរំឭកដល់ពួកកាឡាទី ?
ប៉ុលបានរំឭកដល់ពួកកាឡាទីថា លោកជាសាវកម្នាក់ដែលត្រូវបានហៅ « មិនមែន … ឬដោយសារមនុស្សទេ គឺដោយសារព្រះយេស៊ូវគ្រីស្ទ » ( កាឡាទី ១:១ ) ហើយថាលោកបានទទួលដំណឹងល្អ « ដោយព្រះយេស៊ូវគ្រីស្ទបានបើកសម្ដែងវិញ » ( កាឡាទី ១:១២ ) ។ សេចក្ដីពិតមួយដែលយើងអាចរៀនចេញពីពាក្យរបស់ប៉ុលគឺថា ព្រះយេស៊ូវគ្រីស្ទបើកសម្ដែងគោលលទ្ធិពិតដល់ព្យាការី និងសាវកទាំងឡាយរបស់ទ្រង់ ។
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីសារៈសំខាន់នៃប្រសាសន៍របស់ព្យាការីទាំងសម័យបុរាណ និងសម័យទំនើប ៖
ដំបងដែក គឺជា ព្រះបន្ទូលនៃព្រះ ។ ខ្ញុំចូលចិត្តគិតអំពីវាតាមវិធីនេះ ៖ ព្រះបន្ទូលនៃព្រះមានធាតុដ៏សំខាន់ចំនួនបី ដែលជាប់ទាក់ទង និងទ្រទ្រង់គ្នាទៅវិញទៅមកដើម្បីបង្កើតជាដំបងមិនអាចធ្វើឲ្យរង្គើបាន ។ ធាតុទាំងបីនេះរួមមាន ទីមួយ គឺបទគម្ពីរ ឬប្រសាសន៍របស់ព្យាការីពីបុរាណ ។ …
ធាតុទីពីរនៃព្រះបន្ទូលនៃព្រះគឺជាវិវរណៈ និងការបំផុសគំនិតផ្ទាល់ខ្លួន ដែលកើតមានឡើងចំពោះយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ …
… ធាតុទីបី គឺជាការបន្ថែមដ៏សំខាន់ដែលជាប់ទាក់ទងជាមួយនឹងធាតុពីរផ្សេងទៀត[,] … ដែលតំណាងឲ្យប្រសាសន៍របស់ព្យាការីដែលនៅរស់ ។
( នែល អិល អាន់ឌើរសិន « speeches.byu.eduHold Fast to the Words of the Prophets » [ Brigham Young University devotional ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០០៧ ] )
-
តើការខិតខំរបស់ព្រះក្នុងការប្រទានឲ្យយើងនូវប្រភពទាំងនេះ បង្រៀនយើងអ្វីខ្លះអំពីទ្រង់ ?
-
តើការស្តាប់តាមព្រះបន្ទូលរបស់ព្រះគ្រីស្ទ ពីព្យាការីទាំងសម័យបុរាណ និងសម័យទំនើបអាចជួយអ្នកឲ្យចៀសវាងពីការបោកបញ្ឆោតបានយ៉ាងដូចម្ដេច ?
-
តើវិវរណៈផ្ទាល់ខ្លួនអាចជួយអ្នកឲ្យចៀសវាងពីការបោកបញ្ឆោតបានយ៉ាងដូចម្ដេច ?
ប្រសិនបើអាចធ្វើទៅបាន សូមមើលវីដេអូ « Divinely Appointed Sources » ចាប់ពីនាទីទី ៤:៤៤ ដល់នាទីទី ៩:១១ ដើម្បីមើលពីរបៀបដែលពាក្យរបស់ព្យាការីពីសម័យបុរាណ និងសម័យទំនើប ក៏ដូចជាវិវរណៈផ្ទាល់ខ្លួនបានជួយយុវវ័យមួយចំនួនឲ្យស្វែងរកសេចក្ដីពិត និងចៀសវាងការបោកបញ្ឆោតបាន ។
-
តើអ្វីដែលលេចធ្លោចំពោះអ្នកអំពីរបៀបដែលព្រះអម្ចាស់បានជួយបុគ្គលទាំងនេះឲ្យឆ្លើយតបនឹងស្ថានភាពលំបាករបស់ពួកគេ ?
-
នៅពេលអ្នកមើលវីដេអូនេះ តើមានគំនិត ឬមានអារម្មណ៍យ៉ាងណាទាក់ទងនឹងស្ថានភាពជីវិតផ្ទាល់របស់អ្នក ?
ស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក
សូមគិតពីអ្វីដែលអ្នកបានរៀន និងទទួលអារម្មណ៍នៅថ្ងៃនេះ ។ សូមស្វែងរកជំនួយពីព្រះវរបិតាសួគ៌តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ហើយស្វែងរករបៀបដែលងាយទទួលរងនូវការបោកបញ្ឆោតនាពេលបច្ចុប្បន្ន ។ តើការបង្រៀនខុសឆ្គង ឬគំនិតខាងលោកិយអ្វីខ្លះដែលអាចនឹងបំផ្លាញទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ? តើអ្នកបានអាន មើល ឬស្តាប់អ្វីដែលអាចបោកបញ្ឆោតអ្នកបានដែរឬទេ ?
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
តើប៉ុលបានបង្រៀនថា យើងមិនគួរស្តាប់សារលិខិតពីទេវតានៅស្ថានសួគ៌មែនទេ ?
ការបង្រៀនរបស់ប៉ុលនៅក្នុង កាឡាទី ១:៨–១០ គឺពេលខ្លះត្រូវបានប្រើដោយមិនត្រឹមត្រូវដើម្បីប្រកែកទាស់នឹងការនិមិត្តពីពួកទេវតា យាងមកផ្សាយដំណឹងល្អដែលស្ដារឡើងវិញនោះ ។ ទោះជាយ៉ាងណាក៏ដោយ ប៉ុលពុំបានបង្រៀនថា គ្រប់ការបើកសម្ដែងមកពីពួកទេវតាគឺត្រូវតែបដិសេធនោះទេ ដ្បិតបទគម្ពីរបង្ហាញថា ពួកទេវតានឹងមកនៅថ្ងៃចុងក្រោយយ៉ាងពិតប្រាកដដើម្បីផ្សាយដំណឹងល្អសាជាថ្មី ( សូមមើល វិវរណៈ ១៤:៦ ) ។ តែប៉ុលបានបង្រៀនថា ប្រសិនបើមាននរណាម្នាក់—សូម្បីជាទេវតាមួយអង្គ—នឹងមកដើម្បីនាំមនុស្សឲ្យបដិសេធដំណឹងល្អដ៏ពិត នោះគួរតែបដិសេធទេវតាអង្គនោះវិញ ( សូមមើល អាលម៉ា ៣០:៥៣ផងដែរ ) ។
ហេតុអ្វីបានជាខ្ញុំគួរប្រើប្រភពដែលបានតែងតាំងដ៏ទេវភាពក្នុងការស្វែងរកសេចក្ដីពិត ?
សូមមើលវីដេអូ « Discovering Truth » ( ៤:៤៨ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ នៅក្នុងវីដេអូនេះ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ អតីតគណៈប្រធានទីមួយ ប្រើការប្រៀបធៀបមួយ ដើម្បីពន្យល់ពីសារៈសំខាន់នៃការស្វែងរកសេចក្ដីពិតពីប្រភពដ៏ទេវភាពជាជាងការជឿទុកចិត្តលើប្រាជ្ញារបស់មនុស្ស ។
តើការព្រមានទាំងឡាយរបស់ប៉ុលអនុវត្តយ៉ាងណានៅសព្វថ្ងៃនេះ ?
ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយបានព្រមាន ៖
យើងរស់នៅក្នុងជំនាន់ដែលមានព័ត៌មានសម្បូរបែប និងចែកចាយបន្តគ្នា ។ ប៉ុន្តែមិនមែនព័ត៌មានទាំងអស់សុទ្ធតែពិតប្រាកដទេ ។ យើងត្រូវតែប្រុងប្រយ័ត្ន នៅពេលយើងស្វែងរកសេចក្ដីពិត និងជ្រើសរើសប្រភពសម្រាប់ការស្រាវជ្រាវនោះ ។ យើងមិនគួរចាត់ទុកប្រជាប្រិយភាព ឬសិទ្ធិអំណាចលោកិយថាជាប្រភពនៃសេចក្ដីពិតដ៏មានគុណភាពឡើយ ។ យើងគួរតែប្រុងប្រយ័ត្នលើការពឹងផ្អែកទៅលើព័ត៌មាន ឬយោបល់ដែលផ្ដល់ឲ្យដោយតារាសម្ដែង អត្តពលករដ៏មានប្រជាប្រិយភាព ឬប្រភពអ៊ីនធឺណិតអនាមិក ។ អ្នកឯកទេសក្នុងជំនាញមួយមិនគួរត្រូវបានចាត់ទុកជាអ្នកឯកទេសក្នុងសេចក្ដីពិតនៃប្រធានបទផ្សេងទៀតទេ ។
( ដាល្លិន អេក អូក « Truth and the Plan » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ២៥ )