កាឡាទី ៦
« ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ »
តើអ្នកធ្លាប់ឆ្ងល់ថាតើការខិតខំរបស់អ្នកដើម្បីរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ នឹងនាំទៅរកគោលដៅដ៏នៅអស់កល្បជានិច្ចរបស់អ្នកដែរឬទេ ? ប៉ុលបានសរសេរទៅពួកបរិសុទ្ធនៅកាឡាទី ដើម្បីជួយពួកគេឲ្យដឹងថា របៀបដែលយើងរស់នៅប្រចាំថ្ងៃជះឥទ្ធិពលថាតើព្រះអង្គសង្គ្រោះនឹងប្រទានពរដល់យើងនូវ « ជីវិតអស់កល្បជានិច្ច » ដែរឬទេ ( កាឡាទី ៦:៨ ) ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់សកម្មភាពដែលអ្នកត្រូវការដើម្បីសម្រេចបាននូវគោលដៅដ៏នៅអស់កល្បជានិច្ចរបស់អ្នក ។
គោលដៅដ៏នៅអស់កល្បជានិច្ច
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយការសន្ទនាដែលមិនអាចបំភ្លេចបាន ដែលគាត់ធ្លាប់មានជាមួយយុវជនម្នាក់ ។
សូមមើលវីដេអូ « Choose Wisely » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.orgចាប់ពីនាទីទី ៣:០៣ ដល់នាទីទី ៤:៥២ ឬអានសេចក្តីថ្លែងការណ៍ដូចខាងក្រោម ។ សូមរកមើលថាតើគោលដៅរបស់យុវជននេះជាអ្វី ហើយតើការយល់ខុសអ្វីដែលគាត់ប្រហែលជាមានអំពីការសម្រេចបានគោលដៅទាំងនោះ ។
ថ្មីៗនេះ ខ្ញុំបានជួបនឹងយុវជនដ៏សង្ហាម្នាក់ ។ គោលដៅរបស់គាត់គឺការទៅបម្រើបេសកកម្ម ទទួលការសិក្សា រៀបការក្នុងព្រះវិហារបរិសុទ្ធ ហើយមានក្រុមគ្រួសាររីករាយដ៏ស្មោះត្រង់មួយ ។ ខ្ញុំពេញចិត្តគោលដៅរបស់គាត់ ។ ប៉ុន្តែនៅពេលបន្តការសន្ទនា វាបង្ហាញថាការប្រព្រឹត្តិ និងជម្រើសរបស់គាត់ពុំស្របទៅនឹងគោលដៅគាត់ឡើយ ។ ខ្ញុំឃើញថាគាត់ពិតជាចង់ទៅបម្រើបេសកកម្ម ហើយចៀសវាងពីអំពើរំលងធ្ងន់ធ្ងរនានា ដែលនឹងបង្អាក់គាត់ពីបេសកកម្ម ប៉ុន្តែការប្រព្រឹត្តិរបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃពុំរៀបចំខ្លួនគាត់សម្រាប់ឧបសគ្គខាងសាច់ឈាម សតិអារម្មណ៍ សង្គម បញ្ញា និងខាងវិញ្ញាណដែលគាត់នឹងជួបប្រទះឡើយ ។ គាត់ពុំទាន់ចេះធ្វើការដោយព្យាយាមនៅឡើយទេ ។ គាត់ពុំយកចិត្តទុកដាក់នឹងការសិក្សា ឬចូលរៀនថ្នាក់សិក្ខាសាលាឡើយ ។ គាត់ទៅព្រះវិហារ តែពុំអានព្រះគម្ពីរមរមនទេ ។ គាត់ចំណាយពេលច្រើនលេងវីដេអូហ្គេម និងប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ គាត់ទំនងជាគិតថាការចេញបម្រើបេសកកម្មដ៏សាមញ្ញមួយគឺគ្រប់គ្រាន់ហើយមើលទៅ ។
( ឃ្វីនថិន អិល ឃុក « Choose Wisely » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៤៧ )
-
តើយុវជនម្នាក់នេះអាចយល់ខុសអ្វីខ្លះ អំពីការសម្រេចបាននូវគោលដៅរបស់ខ្លួន ?
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរសង្ខេបៗពីគោលដៅដែលអ្នកមាន ដែលអ្នកនឹងចាត់ទុកថាមានសារៈសំខាន់ដ៏អស់កល្បជានិច្ច ។ សូមគិតអំពីមូលហេតុដែលអ្នកចង់សម្រេចបាននូវគោលដៅទាំងនេះ ។ សូមសញ្ជឹងគិតពីរបៀបដែលការប្រព្រឹត្តិប្រចាំថ្ងៃរបស់អ្នកអាចនាំអ្នកឆ្ពោះទៅរក ឬចាកឆ្ងាយពីគោលដៅសំខាន់ៗដ៏នៅអស់កល្បជានិច្ចទាំងនេះ ។ កាលអ្នកសិក្សា សូមរកមើលសេចក្ដីពិតដែលអាចជួយអ្នកឲ្យសម្របសកម្មភាពប្រចាំថ្ងៃរបស់អ្នកបានកាន់តែប្រសើរឡើង ជាមួយនឹងលទ្ធផលដ៏សំខាន់អស់កល្បដែលអ្នកចង់បាន ។
ក្រឹត្យវិន័យនៃការប្រមូលផល
ពួកបរិសុទ្ធនៅកាឡាទីត្រូវបានទទួលការបង្រៀនខុសឆ្គង ដែលបណ្តាលឲ្យមនុស្សជាច្រើនត្រូវបានដឹកនាំឲ្យវង្វេង ( សូមមើល កាឡាទី ១:៦–៩ ) ។ អ្នកខ្លះបានជឿ ហើយបង្រៀនគោលលទ្ធិខុសឆ្គងដែលថា អ្នកប្រែចិត្តជឿជាសាសន៍ដទៃត្រូវកាត់ស្បែកដើម្បីបានសង្គ្រោះ ( សូមមើល កាឡាទី ៦:១២; កិច្ចការ ១៥:១ ) ។ អ្នកផ្សេងទៀតបានជឿដោយខុសឆ្គងថា ព្រះគុណនៃព្រះគ្រីស្ទប្រទានឲ្យពួកគេរួចផុតពីអំពើបាប ( សូមមើល កាឡាទី ៥:១៣ ) ។ បន្ទាប់ពីនិយាយអំពីជំនឿខុសឆ្គងទាំងនេះ និងលើកទឹកចិត្តដល់ពួកបរិសុទ្ធឲ្យជួយអ្នកដែលវង្វេងខាងវិញ្ញាណ ប៉ុលបានបង្រៀនសេចក្ដីពិតសំខាន់មួយដើម្បីជួយប្រជាជនឲ្យយល់ពីឥទ្ធិពលនៃទង្វើរបស់ពួកគេ ។
សូមអាន កាឡាទី ៦:៧–៨ ។ សូមរកមើលសេចក្ដីពិតដែលប៉ុលបានបង្រៀន ដែលអាចជះឥទ្ធិពលលើសកម្មភាពប្រចាំថ្ងៃរបស់យើង ។ សូមចំណាំថា សាបព្រោះ សំដៅលើការដាំដុះ ហើយ ការច្រូតកាត់ សំដៅលើការប្រមូលផល ។
-
តើអ្នកនឹងពន្យល់ពីការបង្រៀនរបស់ប៉ុលជាពាក្យសម្តីផ្ទាល់របស់អ្នកយ៉ាងដូចម្តេច ?
សេចក្តីពិតមួយដែលយើងអាចរៀនពី កាឡាទី ៦:៧ គឺថា ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ ។ ពេលខ្លះគំនិតនេះត្រូវបានហៅថាជាក្រឹត្យវិន័យនៃការប្រមូលផល ។
-
តើគំរូអ្វីខ្លះដែលអ្នកបានឃើញពីសេចក្ដីពិតនេះក្នុងជីវិតរបស់អ្នក ឬជីវិតអ្នកដទៃ ?
-
តើការយល់ដឹងអំពីសេចក្ដីពិតនេះអាចជះឥទ្ធិពលលើការសម្រេចចិត្ត ដែលអ្នកធ្វើនៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្តេច ?
ការបង្រៀនរបស់អាលម៉ាដល់កូនប្រុសរបស់លោក ដែលមានឈ្មោះថា កូរីអានតុន នៅក្នុងព្រះគម្ពីរមរមន អាចជួយយើងឲ្យយល់កាន់តែច្បាស់អំពីឥទ្ធិពលដ៏នៅអស់កល្បជានិច្ចនៃក្រឹត្យវិន័យនៃការប្រមូលផល ឬអ្វីដែល អាលម៉ាហៅថាជា « ផែនការនៃការកសាងឡើងវិញ » ។ សូមអាន អាលម៉ា ៤១:៣–៦, ១០–១៥ ដោយស្វែងរកសេចក្ដីពិតដែលពង្រឹងការយល់ដឹងរបស់អ្នកអំពីការបង្រៀនរបស់ប៉ុល ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះដែលអ្នករកឃើញថាមានសារៈសំខាន់ពីខគម្ពីរទាំងនេះ ? ហេតុអ្វី ?
-
បន្ទាប់ពីបានមើលនូវអ្វីដែលអាលម៉ាបានបង្រៀន កូរីអានតុន តើការបង្រៀននេះអនុវត្តចំពោះពាក្យរបស់ប៉ុលដែលថា « ដ្បិតគ្រាប់ពូជណាដែលបុរស [ ឬស្ត្រី ] សាបព្រោះ នោះគាត់ [ ឬនាង ] ក៏ទទួលបានពូជនោះមកវិញដែរ » ដោយរបៀបណា ? ( កាឡាទី ៦:៧ ) ។
-
តើការបង្រៀនអ្វីខ្លះដែលអ្នកបានសិក្សារហូតមកទល់ពេលនេះ ជួយអ្នកឲ្យយល់អំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
ការអញ្ជើញរបស់ប៉ុលដល់ពួកកាឡាទី
ប៉ុលបានបញ្ចប់ការបង្រៀនរបស់លោកអំពីក្រឹត្យវិន័យនៃការប្រមូលផលដោយមានការអញ្ជើញមួយ ។ សូមអាន កាឡាទី ៦:៩–១០ ដោយរកមើលអ្វីដែលប៉ុលបានអញ្ជើញពួកបរិសុទ្ធឲ្យធ្វើ ។
-
តើអ្នកគិតថា « កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ » វាមានន័យយ៉ាងណា ? ( កាឡាទី ៦:៩ ) ។
-
តើព្រះយេស៊ូវគ្រីស្ទជាគំរូដ៏ល្អឥតខ្ចោះនៃការណ៍នេះយ៉ាងដូចម្ដេច ?
-
តើអ្នកគិតថា ប៉ុលចង់មានន័យយ៉ាងណា ពេលលោកមានប្រសាសន៍ថា យើងនឹងច្រូត « ដល់កំណត់ » ( កាឡាទី ៦:៩ ) ពេលយើងព្យាយាមធ្វើល្អសម្រាប់អ្នកដទៃ ? ហេតុអ្វីការណ៍នេះសំខាន់ដើម្បីស្វែងយល់ ?
ការអនុវត្តអ្វីដែលអ្នកបានរៀន
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានលើកទឹកចិត្តយើងឲ្យគិតអំពីទិសដៅដែលការជ្រើសរើសរបស់យើងនីមួយៗនឹងដឹកនាំយើង ( សូមមើល « Where Will This Lead? » Liahonaខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦០–៦២ ) ។
ដើម្បីអនុវត្តដំបូន្មាននេះពី ប្រធាន អូក សូមធ្វើសកម្មភាពដូចខាងក្រោម ។
១. ដើម្បីអនុវត្តតាមដំបូន្មាននេះមកពី ប្រធាន អូក សូមធ្វើសកម្មភាពខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមរួមបញ្ចូលតែផ្នែកនៃតារាងរបស់អ្នកដែលមិនមានលក្ខណៈផ្ទាល់ខ្លួនពេកដើម្បីចែកចាយប៉ុណ្ណោះ ។
សូមបង្កើតតារាងស្រដៀងនឹងតារាងខាងក្រោម ៖
អ្វីដែលអ្នកកំពុងព្រោះ ( សកម្មភាពដែលអ្នកធ្វើជាប្រចាំ ) |
អ្វីដែលអ្នកកំពុងច្រូតកាត់ ឬអាចរំពឹងថានឹងប្រមូលផលនាពេលអនាគត ( ទិសដៅដែលសកម្មភាពទាំងនេះនឹងដឹកនាំទៅដល់ ) |
---|---|
នៅផ្នែកខាងឆ្វេង សូមធ្វើបញ្ជីនៃកិច្ចការមួយចំនួនដែលអ្នកចំណាយពេលភាគច្រើនធ្វើ ឬចង់ចាប់ផ្តើមធ្វើជាប្រចាំ ។
នៅផ្នែកខាងស្តាំ សូមសរសេរអ្វីដែលអ្នកមានអារម្មណ៍ថា ជាលទ្ធផលនៃការធ្វើកិច្ចការទាំងនោះជាប្រចាំ ។ សូមគិតអំពីលទ្ធផលដែលអ្នកអាចរំពឹងទុក ប្រសិនបើអ្នកធ្វើកិច្ចការទាំងនេះម្តងទៀតជាប្រចាំអស់ពេលមួយសប្តាហ៍ មួយខែ មួយឆ្នាំ ប្រាំឆ្នាំ ឬសូម្បីតែពេញមួយជីវិតរបស់អ្នក ។
សូមសញ្ជឹងគិតអំពីការបំផុសគំនិតណាមួយដែលអ្នកបានទទួលពីព្រះវិញ្ញាណបរិសុទ្ធ ដូចអ្នកបានសិក្សានៅថ្ងៃនេះ ។ នៅខាងក្រោមតារាងរបស់អ្នក សូមសរសេររាល់ការកែសម្រួលណាមួយដែលអ្នកមានអារម្មណ៍ថា ត្រូវបានបំផុសគំនិតឲ្យធ្វើនៅក្នុងជីវិតរបស់អ្នក ដែលនឹងជួយអ្នកឲ្យមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលពរជ័យដែលអ្នកចង់បាន ។ ព្រះនឹងជួយអ្នកពេលអ្នកធ្វើឲ្យអស់ពីសមត្ថភាព ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១២៣:១៧ ) ។
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
កាឡាទី ៦:៨ ។ តើវាមានន័យយ៉ាងណា ប្រសិនបើមនុស្សម្នាក់ « សាបព្រោះខាងឯព្រះវិញ្ញាណ » ឬ « សាបព្រោះខាងឯសាច់ឈាម » ?
អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ការសាបព្រោះខាងវិញ្ញាណ មានន័យថាគំនិត ពាក្យសម្ដី និងសកម្មភាពរបស់យើងទាំងអស់ត្រូវលើកយើងឡើងឲ្យដល់កម្រិតដ៏ទេវភាពរបស់ព្រះមាតាបិតាសួគ៌ារបស់យើង ។ ទោះយ៉ាងណាក្ដី ព្រះគម្ពីរបានសំដៅទៅលើសាច់ឈាម ជាលក្ខណៈរូបកាយ ឬ រាងកាយនៃមនុស្សខាងសាច់ឈាម ដែលឲ្យមនុស្សត្រូវរងឥទ្ធិពលដោយចំណង់ ការចង់បាន ការស្រេកឃា្លន និងការជំរុញពីខាងសាច់ឈាម ជាជាងការស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ។ ប្រសិនបើយើងមិនប្រុងប្រយ័ត្ននោះទេ ឥទ្ធិពលទាំងនោះ រួមជាមួយនឹងសម្ពាធ នៃភាពទុច្ចរិតរបស់លោកិយ អាចនាំឲ្យយើងសម្ដែងអាកប្បកិរិយាមិនសមរម្យ និង ធ្វេសប្រហែស ដែលក្លាយជាទម្លាប់របស់យើង ។ ដើម្បីចៀសវាងពីឥទ្ធិពលអាក្រក់អស់ទាំងនោះបាន យើងត្រូវតែធ្វើតាមអ្វី ដែលព្រះអម្ចាស់បានបង្រៀនដល់ព្យាការី យ៉ូសែប ស្ម៊ីធ អំពីការសាបព្រោះខាងវិញ្ញាណដោយឥតឈប់ឈរ ៖ « ហេតុដូច្នេះហើយ ចូរកុំណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតអ្នករាល់គ្នាកំពុងតែដាក់គ្រឹះនៃកិច្ចការដ៏ធំ ។ ហើយចេញពីការណ៍ដ៏តូចតាច នោះបណ្ដាលឲ្យមានការណ៍ដ៏ធំធេងឡើង » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៤:៣៣ ) ។
( អូលីសេស សូរ៉េស « Abide in the Lord’s Territory! » Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣៩ )
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
ប្រសិនបើយើងបណ្ដោយខ្លួនទៅនឹងគ្រឿងញៀន ឬការណ៍អាសគ្រាម ឬអំពើអាក្រក់ផ្សេងទៀតដែលសាវក [ ប៉ុល ] បានហៅថា ការសាបព្រោះខាងឯសាច់ឈាម នោះក្រឹត្យវិន័យដ៏នៅអស់កល្បជានិច្ចនឹងកំណត់ថា យើងច្រូតបានសេចក្តីពុករលួយជាជាងច្រូតបានជីវិតដ៏នៅអស់កល្បជានិច្ច ។ នោះជាសេចក្ដីយុត្តិធម៌របស់ព្រះ ហើយសេចក្ដីករុណាមិនអាចប្លន់សេចក្ដីយុត្តិធម៌បានឡើយ ។ ប្រសិនបើក្រឹត្យវិន័យដ៏នៅអស់កល្បជានិច្ចមួយត្រូវបានបំពាន នោះការដាក់ទោសនៅក្នុងក្រឹត្យវិន័យនោះត្រូវតែទទួលរងទុក្ខ ។ កិច្ចការមួយចំនួនអាចបំពេញចិត្តដោយដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ប៉ុន្តែការលាងសម្អាតដោយសេចក្ដីករុណានៃមនុស្សមានបាបដែលកខ្វក់កើតមានតែបន្ទាប់ពីការប្រែចិត្តប៉ុណ្ណោះ ( សូមមើល អាលម៉ា ៤២:២២–២៥ ) ដែលសម្រាប់អំពើបាបមួយចំនួនគឺជាដំណើរការអូសបន្លាយ និងឈឺចាប់ ។
( ដាល្លិន អេក អូក « Be Not Deceived » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៤៥ )
តើការប្រឹងប្រែងបន្តិចបន្តួចអាចផ្លាស់ប្តូរជីវិតរបស់ខ្ញុំ និងជីវិតអ្នកដទៃដោយរបៀបណា ?
សូមមើល « Of Seeds and Soils » ចាប់ពីនាទីទី ៧:០៦ ដល់នាទីទី ៩:១១ ដើម្បីមើលឧទាហរណ៍ពីសកម្មភាពតូចៗដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សរាប់រយនាក់ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។