ហេព្រើរ ១២
« ព្រះអម្ចាស់ទ្រង់ផ្ចាញ់ផ្ចាលចំពោះអស់អ្នកណាដែលទ្រង់ស្រឡាញ់ »
តើលើកចុងក្រោយបង្អស់ដែលអ្នកត្រូវបានគេវាយផ្ចាល ឬកែតម្រូវគឺនៅពេលណា ? តើអ្នកបានឆ្លើយតបយ៉ាងដូចម្ដេច ? តើអ្នកធ្លាប់ដឹងគុណចំពោះការកែតម្រូវដែលអ្នកបានទទួលដែរឬទេ ? ប៉ុលបានសរសេរទៅពួកបរិសុទ្ធហេព្រើរ ហើយបានពន្យល់ពួកគេថា ព្រះវរបិតាសួគ៌របស់យើងបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ជាញឹកញាប់ដោយការកែតម្រូវយើង ។ មេរៀននេះអាចជួយអ្នករៀនពីរបៀបដែលការចុះចូលដោយបន្ទាបខ្លួនទៅនឹងការកែតម្រូវពីព្រះវរបិតាសួគ៌អាចជួយអ្នកឲ្យមានសេចក្ដីសុខសាន្ត ហើយក្លាយកាន់តែដូចជាទ្រង់ ។
ការរត់ប្រណាំងនៃជីវិត
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមបង្កើតបញ្ជីអំពីរបៀបដែលជីវិតរមែងស្លាប់របស់អ្នកមានសភាពដូចជាការរត់ប្រណាំងចម្ងាយឆ្ងាយ ។ ឧទាហរណ៍ អ្នកអាចឆ្លើយដូចខាងក្រោម ៖
-
តើអ្វីទៅធ្វើឲ្យអ្នកមានអារម្មណ៍ថានឿយហត់ ឬអស់កម្លាំង ?
-
តើមានវិធីណាខ្លះដែលអ្នកធ្វើបានល្អក្នុងការរត់ប្រណាំង និងវិធីដែលអ្នកអាចធ្វើបានល្អជាងនេះ ?
-
តើគោលដៅអ្វីដែលអ្នកកំពុងរត់ឆ្ពោះទៅរក ? ហេតុអ្វីវាគួរឲ្យចង់បាន ?
-
ហេតុអ្វីអ្នកត្រូវការជំនួយដើម្បីបញ្ចប់ការរត់ប្រណាំងនៃជីវិត ?
« ចូររត់ដោយមានការអត់ធ្មត់ »
សាវកប៉ុលប្រដូចជីវិតរបស់យើងទៅនឹងការរត់ប្រណាំង ។ សូមអាន ហេព្រើរ ១២:១–២ ដោយរកមើលអ្វីដែលប៉ុលបានបង្រៀនអំពីរបៀបដែលយើងអាចធ្វើការរត់ប្រណាំងនៃជីវិតប្រកបដោយជោគជ័យ ។ សូមកត់ចំណាំថា « ស្មរបន្ទាល់មួយហ្វូងធំ » ដែលបានលើកឡើងនៅក្នុង ខទី ១ សំដៅលើគំរូនៃសេចក្ដីជំនឿដែលបានកត់ត្រានៅក្នុង ហេព្រើរ ១១ ។
-
តើមានអ្វីដែលអ្នកចាប់អារម្មណ៍នៅក្នុងខគម្ពីរទាំងនេះ ?
-
តើការធ្វើតាមដំបូន្មានរបស់ប៉ុលនឹងជួយយើងឲ្យធ្វើការរត់ប្រណាំងក្នុងជីវិតដោយជោគជ័យយ៉ាងដូចម្ដេច ?
ប៉ុលបានកំណត់ចំណាំនៅក្នុង ខទី ២ ថា ព្រះអង្គសង្គ្រោះបានស៊ូទ្រាំនឹងការរងទុក្ខនៃការឆ្កាង ដោយផ្ដោតលើ « សេចក្ដីអំណរដែលនៅចំពោះទ្រង់ » ( ហេព្រើរ ១២:២ ) ។ ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ថា ៖
ហើយតើមានសេចក្ដីអំណរអ្វីខ្លះដែលនៅចំពោះទ្រង់នោះ ? ប្រាកដណាស់វារួមមានអំណរនៃការជ្រះស្អាត ការព្យាបាល និងការពង្រឹងដល់យើង អំណរនៃការបង់ថ្លៃចំពោះអំពើបាបនៃអស់អ្នកដែលប្រែចិត្ត អំណរនៃការធ្វើឲ្យអ្នក និងរូបខ្ញុំអាចត្រឡប់ទៅផ្ទះវិញ—ឲ្យជ្រះស្អាត និងមានភាពស័ក្តិសម—ដើម្បីរស់នៅជាមួយព្រះមាតាបិតា និងក្រុមគ្រួសារសួគ៌ា ។
( រ័សុល អិម ណិលសុន « Joy and Spiritual Survival » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨៣ )
-
តើការផ្តោតព្រះទ័យរបស់ព្រះអង្គសង្គ្រោះអំឡុងការឆ្កាងទ្រង់ បង្រៀនអ្នកអំពីព្រះទ័យរបស់ទ្រង់ចំពោះអ្នកដូចម្តេចខ្លះ ?
-
តើការដឹងអំពីព្រះយេស៊ូវគ្រីស្ទនេះអាចជួយអ្នកឲ្យទទួលបាននូវអំណរយ៉ាងដូចម្ដេច សូម្បីតែក្នុងគ្រាលំបាក ?
-
តើមានអំណរអ្វីខ្លះដែលអ្នកអាចផ្តោតលើអំឡុងគ្រាលំបាកក្នុងជីវិតរបស់អ្នក ?
ការស៊ូទ្រាំនឹងការវាយផ្ចាលពីព្រះអម្ចាស់
សូមគិតអំពីគ្រាមួយដែលនរណាម្នាក់កែតម្រូវអ្នក និងរបៀបដែលអ្នកប្រតិកម្មចំពោះការកែតម្រូវនោះ ។
-
តើមានហេតុផលអ្វីខ្លះដែលមនុស្សបានកែតម្រូវអ្នក ?
-
ហេតុអ្វីពេលខ្លះវាពិបាកក្នុងការទទួលយកការកែតម្រូវពីអ្នកដទៃ ?
-
តើនៅពេលណាដែលអ្នកមានអំណរគុណចំពោះការកែតម្រូវមួយចំនួនដែលអ្នកបានទទួល ? ហេតុអ្វី ?
សូមអាន ហេព្រើរ ១២:៥–៧, ៩–១១ ដោយរកមើលអ្វីដែលប៉ុលបានបង្រៀនអំពីការវាយផ្ចាល ឬការកែតម្រូវ ។
-
តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះអំពីគោលបំណងរបស់ព្រះវរបិតាសួគ៌ក្នុងការវាយផ្ចាលយើង ?
សូមពិនិត្យមើល ហេព្រើរ ១២:១០–១១ ម្ដងទៀត ដោយរកមើលរបៀបដែលអ្នកអាចបំពេញសេចក្ដីពិតខាងក្រោមនេះ ៖
-
ប្រសិនបើយើងចុះចូលនឹងការវាយផ្ចាលពីព្រះវរបិតាសួគ៌ …
នេះជារបៀបមួយដែលអ្នកអាចបំពេញសេចក្តីពិតនេះ ៖ ប្រសិនបើយើងចុះចូលទៅនឹងការវាយផ្ចាលមកពីព្រះវរបិតាសួគ៌ នោះយើងនឹងប្រែកាន់តែដូចជាទ្រង់ ហើយមានភាពសុខសាន្ត ដែលកើតឡើងមកពីភាពសុចរិត ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានផ្ដល់នូវការយល់ដឹងដូចខាងក្រោម អំពីការវាយផ្ចាលដែលយើងទទួលបានពីព្រះអម្ចាស់ ៖
ទោះយ៉ាងហោចណាស់ ការវាយផ្ចាលដ៏ទេវភាពមានគោលបំណងបីយ៉ាង ៖ (១) ដើម្បីបញ្ចុះបញ្ចូលយើងឲ្យប្រែចិត្ត (២) ដើម្បីបន្សុទ្ធ ហើយញែកយើងចេញឲ្យបរិសុទ្ធ និង (៣) នៅពេលខ្លះតម្រង់ផ្លូវយើងជាថ្មីនៅក្នុងជីវិតឲ្យត្រូវទៅតាមអ្វីដែលព្រះជ្រាបថាជាផ្លូវដ៏ប្រសើរមួយ ។ …
… ប្រសិនបើយើងបើកចិត្តចំពោះវា ការកែតម្រូវដែលចាំបាច់នឹងមកតាមរយៈទម្រង់ជាច្រើន និងមកពីប្រភពជាច្រើន ។ វាអាចមកតាមគន្លងនៃការអធិស្ឋានរបស់យើង នៅពេលព្រះមានព្រះបន្ទូលនៅក្នុងគំនិត និងដួងចិត្តរបស់យើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ [ សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨:២ ] ។ វាអាចមកជាទម្រង់នៃការអធិស្ឋានដែលឆ្លើយថា ទេ ឬខុសពីអ្វីដែលយើងបានសង្ឃឹម ។ ការវាយផ្ចាលអាចកើតឡើង នៅពេលយើងសិក្សាព្រះគម្ពីរ និងត្រូវបានរំឭកអំពីភាពទន់ខ្សោយ ការមិនគោរពប្រតិបត្តិ ឬបញ្ហាធ្វេសប្រហែសដោយងាយៗ ។
( ឌី ថត គ្រីស្តូហ្វឺសិន « As Many as I Love, I Rebuke and Chasten » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៨, ១០០ )
-
ផ្អែកលើសេចក្តីថ្លែងការណ៍របស់អែលឌើរ គ្រីស្តូហ្វឺសិន តើមានវិធីអ្វីខ្លះដែលព្រះវរបិតាសួគ៌អាចនឹងវាយផ្ចាល ឬកែតម្រូវយើង ?
ប្រសិនបើអាច សូមមើល « The Will of God » ( ៣:០១ ) ដើម្បីមើលពីរបៀបដែលការវាយផ្ចាលរបស់ព្រះបានជួយដល់ប្រធាន ហ្យូ ប៊ី ប្រោន ( ឆ្នាំ ១៨៨៣–១៩៧៥ ) នៃគណៈប្រធានទីមួយ ។ វីដេអូនេះអាចរកបាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តើអ្នកមានគំនិត ឬអារម្មណ៍អ្វីខ្លះដែលអាចជួយក្នុងជីវិតរបស់អ្នក ពេលអ្នកមើលវីដេអូនេះ ?
-
តើការចុះចូលនឹងការវាយផ្ចាលពីព្រះវរបិតាសួគ៌អាចនាំមកនូវសេចក្ដីសុខសាន្ត និងជួយអ្នកឲ្យកាន់តែដូចទ្រង់ដោយរបៀបណា ?
-
តើអ្នកមានបទពិសោធន៍អ្វីខ្លះ ដែលការវាយផ្ចាលរបស់ព្រះវរបិតាសួគ៌បានជួយអ្នក ឲ្យរកឃើញសេចក្ដីសុខសាន្ត ឬប្រែក្លាយកាន់តែដូចជាទ្រង់ ?
-
តើបទពិសោធន៍នេះជះឥទ្ធិពលលើអារម្មណ៍របស់អ្នកចំពោះទ្រង់យ៉ាងដូចម្តេច ?
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
តើមានអ្វីកើតឡើងប្រសិនបើខ្ញុំមានអារម្មណ៍ថា ខ្ញុំរត់យឺតជាងអ្នកដទៃនៅក្នុងការរត់ប្រណាំងនៃជីវិត ?
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
យើងពុំស្ថិតនៅក្នុងការរត់ប្រណាំងគ្នា ដើម្បីនឹងមើលឃើញថា តើនរណាមានជាងគេ ឬមានទេពកោសល្យជាងគេបំផុត ឬស្អាតជាងគេបំផុត ឬបានពរជ័យជាងគេបំផុតនោះឡើយ ។ ការរត់ប្រណាំងដែលយើងកំពុងធ្វើនោះ តាមពិតទៅ គឺជាការរត់ប្រណាំងទាស់នឹងអំពើបាប ។
( ជែហ្វ្រី អ័រ ហូឡិន « The Laborers in the Vineyard » Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣១ )
តើការវាយផ្ចាលរបស់ព្រះវបិតាសួគ៌ បង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើងយ៉ាងដូចម្ដេច ?
អែលឌើរ ថានែលឡា ប៊ី វ៉ាកូឡូ ក្នុងពួកចិតសិបនាក់បានប្រាប់នូវឧទាហរណ៍ពីជីវិតផ្ទាល់ខ្លួនរបស់លោក និងរបស់ យ៉ូសែប ស្ម៊ីធ ដែលបង្ហាញនូវសេចក្ដីស្រឡាញ់របស់ព្រះក្នុងការវាយផ្ចាល ។
សូមមើល « God Loves His Children » ចាប់ពីនាទីទី ៥:២៣ ដល់ ៨:០៤ ដើម្បីមើលឧទាហរណ៍ទាំងនេះ ។
បទគម្ពីរបញ្ជាក់ពីគោលបំណងជាច្រើនសម្រាប់ការវាយផ្ចាលរបស់ព្រះអម្ចាស់ ។ នៅក្នុង ហេព្រើរ ១២:១០ ប៉ុលបានបង្រៀនថា ព្រះអម្ចាស់កែតម្រូវយើង « សម្រាប់ជាប្រយោជន៍ដល់យើងវិញ ដើម្បីឲ្យយើងបានសេចក្តីបរិសុទ្ធរបស់ទ្រង់ » ។ ការកែតម្រូវរបស់ទ្រង់ « បង្កើតផលដ៏សុខសាន្ត នៃសេចក្តីសុចរិតដល់អស់អ្នកណាដែលត្រូវរងទ្រាំនោះវិញ » ( ហេព្រើរ ១២:១១ ) ។ ការកែតម្រូវរបស់ព្រះអម្ចាស់អាចមានទម្រង់ជាច្រើន ហើយវាតែងតែជួយបង្រៀនបុគ្គលម្នាក់ៗ ក៏ដូចជាផ្តល់នូវការកែតម្រូវចាំបាច់ផងដែរ ។ ការវាយផ្ចាលជួយមនុស្សឲ្យចងចាំព្រះអម្ចាស់ ប្រែចិត្ត ទទួលបានការអភ័យទោស និងការរំដោះ រៀនស្តាប់បង្គាប់ ហើយចម្រាញ់ប្រែក្លាយជាមាស ( សូមមើល ហេលេមិន ១២:៣; គោលលទ្ធិ និងសេចក្តីសញ្ញា ១:២៧; ៩៥:១; ១០៥:៦; យ៉ូប ២៣:១០ ) ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍អំពីការវាយផ្ចាលរបស់ព្រះអម្ចាស់ ៖
ការកែតម្រូវគឺជារឿងដ៏សំខាន់ ប្រសិនបើយើងអនុលោមតាមជីវិតរបស់យើងឲ្យ « ដល់បានពេញជាមនុស្ស [ នោះគឺបាន ] ដល់ខ្នាតកម្ពស់នៃសេចក្តីពោរពេញផងព្រះគ្រីស្ទ » ( អេភេសូរ ៤:១៣ ) ។ ប៉ុលបាននិយាយអំពីការកែតម្រូវ ឬការវាយផ្ចាលរបស់ព្រះថា « ដ្បិតព្រះអម្ចាស់ទ្រង់ផ្ចាញ់ផ្ចាលចំពោះអស់អ្នកណាដែលទ្រង់ស្រឡាញ់ » ( ហេព្រើរ ១២:៦ ) ។ ទោះបីជារឿយៗវាពិបាកស៊ូទ្រាំ តែជាការពិតយើងគួរតែរីករាយដែលព្រះចាត់ទុកថា យើងមានតម្លៃសមនឹងពេលវេលា និងបញ្ហាដែលត្រូវកែតម្រូវ ។
( ឌី ថត គ្រីស្តូហ្វឺសិន « As Many as I Love, I Rebuke and Chasten » Liahona ខែ ឧសភា ឆ្នាំ ២០១១ ៩៧–៩៨ )