ហេព្រើរ ១១ ផ្នែកទី ១
សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ
មនុស្សជាច្រើននិយាយអំពីការមានសេចក្ដីជំនឿ—លើខ្លួនពួកគេ លើអ្នកដទៃ និងសូម្បីតែលើព្រឹត្តិការណ៍ ឬវត្ថុនានា ។ ដូច្នេះ តើអ្វីដែលធ្វើឲ្យការមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទមានអំណាចនិងសារៈសំខាន់ ? នៅក្នុង ហេព្រើរ ១១ យើងអានការបង្រៀនរបស់សាវកប៉ុល ស្តីពីការអភិវឌ្ឍន៍សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះនឹងជួយអ្នកឲ្យយល់ពីអត្ថន័យនៃសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងមូលហេតុដែលវាសំខាន់ចំពោះអ្នកផ្ទាល់ ។
ការធានានៃសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ
-
តើអ្នកនឹងនិយាយយ៉ាងណា ប្រសិនបើមាននរណាម្នាក់សួរអ្នកអំពីអត្ថន័យនៃសេចក្ដីជំនឿ ?
សូមសរសេរនិយមន័យរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សា ឬក្នុងកំណត់ចំណាំឌីជីថលរបស់អ្នក ។ សូមពិចារណាធ្វើការផ្លាស់ប្តូរ ឬបន្ថែមនិយមន័យនេះ ហើយកត់ត្រាគំនិត និងចំណាប់អារម្មណ៍ផ្សេងទៀត ពេលដែលអ្នកសិក្សានៅថ្ងៃនេះ ។
សូមអាន ហេព្រើរ ១១:១ ហើយគូសសម្គាល់ពីរបៀបដែលសាវកប៉ុលបានឲ្យនិយមន័យអំពីសេចក្ដីជំនឿ ។ វាប្រហែលជាមានប្រយោជន៍ក្នុងការដឹងថា នៅក្នុងការបកប្រែរបស់ យ៉ូសែប ស្ម៊ីធ នៃខគម្ពីរនេះ ព្យាការីបានផ្លាស់ប្តូរពាក្យ ចិត្តដែលដឹងជាក់ទៅជា ការធានា ដែលជាពាក្យមានន័យថា ភាពប្រាកដប្រជា ឬការទុកចិត្ត ( សូមមើល ហេព្រើរ ១១:១ footnote b ) ។
-
តើអ្នកគិតថាដើម្បីមានការធានា ឬការទុកចិត្តលើអ្វីៗដែលអ្នកនឹងបានដូចសង្ឃឹមមានន័យយ៉ាងណា ?
-
តើវាអាចទៅរួចដោយរបៀបណាដើម្បីមានសម្គាល់ពីអ្វីៗដែលអ្នកមើលមិនឃើញ ?
-
ដោយផ្អែកលើខគម្ពីរនេះ តើអ្នកអាចផ្លាស់ប្ដូរ ឬបន្ថែមនិយមន័យនៃសេចក្ដីជំនឿរបស់អ្នកដោយរបៀបណា ?
សេចក្តីពិតដ៏សាមញ្ញមួយដែល ហេព្រើរ ១១:១ បង្រៀននោះគឺថា សេចក្តីជំនឿគឺជាការធានាលើអ្វីៗដែលអ្នកនឹងបានដូចសង្ឃឹម ជាសម្គាល់ពីការណ៍ដែលមើលមិនឃើញ
សូមអាន អាលម៉ា ៣២:២១ និង មាត្រានៃសេចក្តីជំនឿ ១:៤ ដោយរកមើលការយល់ដឹងបន្ថែមអំពីសេចក្តីជំនឿ ។ អ្នកអាចនឹងចង់ធ្វើសេចក្តីយោងឆ្លង ឬភ្ជាប់ខគម្ពីរទាំងពីរនេះជាមួយនឹង ហេព្រើរ ១១:១ ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីសេចក្ដីជំនឿ ?
-
តើអ្នកអាចផ្លាស់ប្ដូរ ឬបន្ថែមនិយមន័យនៃសេចក្ដីជំនឿរបស់អ្នកដោយសារអ្វីដែលអ្នកបានរៀនដោយរបៀបណា ?
មធ្យោបាយមួយដើម្បីកែសម្រួលសេចក្តីថ្លែងការណ៍មុនៗអំពីសេចក្តីពិតគឺ សេចក្តីជំនឿ លើព្រះយេស៊ូវគ្រីស្ទ គឺជាការធានាពីអ្វីដែលអ្នកនឹងបានដូចសង្ឃឹម ជាសម្គាល់ពីការណ៍ដែលមើលមិនឃើញ ថាជាការពិត ។
-
តើអ្នកគិតថា ការមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ខុសពីការមានសេចក្ដីជំនឿលើនរណាម្នាក់ ឬអ្វីផ្សេងទៀតយ៉ាងដូចម្ដេច ?
-
តើសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកឲ្យទុកចិត្តទ្រង់យ៉ាងដូចម្ដេច ពេលអ្នកប្រឈមមុខនឹងសំណួរ ឬភាពមិនប្រាកដប្រជានោះ ?
ពង្រឹងការយល់ដឹងរបស់អ្នកអំពីសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ
សូមឆ្លុះបញ្ចាំងពីអារម្មណ៍របស់អ្នកអំពីសេចក្ដីជំនឿផ្ទាល់ខ្លួនរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ ។ តើអ្នកមានអារម្មណ៍ថាសេចក្ដីជំនឿរបស់អ្នកលើទ្រង់រឹងមាំតាមរបៀបណាខ្លះ ? តើអ្នកមានអារម្មណ៍ថាសេចក្ដីជំនឿរបស់អ្នកលើទ្រង់អាចកាន់តែរឹងមាំតាមរបៀបណាខ្លះ ?
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖
សេចក្តីជំនឿនឹងពុំកើតមានដល់យើងដោយចៃដន្យឡើយ ហើយសេចក្តីជំនឿក៏មិននៅជាប់ជាមួយយើងដោយសារតែមរតករបស់បងច្បងដែរ ។ … សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទគឺជាអំណោយមួយពីឋានសួគ៌ដែលប្រទានមក នៅពេលយើងជ្រើសរើសជឿ និងនៅពេលយើងស្វះស្វែងរកវា ហើយតោងជាប់នឹងវា ។ សេចក្តីជំនឿរបស់អ្នកអាចប្រែកាន់តែខ្លាំងឡើងៗ ឬក៏អាចចុះខ្សោយទៅៗ ។ សេចក្តីជំនឿគឺជាគោលការណ៍នៃអំណាច ពុំមែនសំខាន់សម្រាប់តែជីវិតនេះនោះទេ ប៉ុន្តែវាសំខាន់នៅក្នុងការរីកចម្រើនរបស់យើងបន្ទាប់ពីសេចក្តីស្លាប់ទៀតផង ។ តាមរយៈព្រះគុណនៃព្រះគ្រីស្ទ នោះថ្ងៃណាមួយ យើងនឹងត្រូវបានសង្គ្រោះតាមរយៈសេចក្តីជំនឿលើព្រះនាមទ្រង់ [ សូមមើល អេភេសូរ ២:៨ ] ។ អនាគតនៃសេចក្តីជំនឿរបស់អ្នក ពុំមែនកើតមកពីភាពចៃដន្យនោះទេ ប៉ុន្តែមកពីជម្រើសវិញ ។
( នែល អិល អាន់ឌើរសិន « Faith Is Not by Chance, but by Choice » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦៥ )
-
តើអ្វីទៅដែលអ្នកចាប់អារម្មណ៍នៅក្នុងប្រសាសន៍របស់អែលឌើរ អាន់ឌើរសិន ?
-
តើលោកជួយអ្នកអ្វីខ្លះឲ្យយល់អំពីសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ?
សូមចំណាយពេលដើម្បីស្វែងយល់បន្ថែមអំពីសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ដោយការសិក្សាធនធានមួយចំនួនខាងក្រោម ។ សូមកត់ត្រាការយល់ដឹងរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមគិតពិចារណា ហើយអញ្ជើញព្រះវិញ្ញាណបរិសុទ្ធជួយអ្នកឲ្យរៀនពីអ្វីដែលអ្នកត្រូវការនៅថ្ងៃនេះ ។
សូមបំពេញសកម្មភាពខាងក្រោម ហើយបង្ហោះការសង្ខេបពីបីទៅប្រាំឃ្លានៃអ្វីដែលមានអត្ថន័យសម្រាប់អ្នក ។
បទគម្ពីរដែលបានផ្តល់ឲ្យ និងជំនួយការសិក្សា
-
វចនានុក្រមព្រះគម្ពីរប៊ីប ឬសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សេចក្ដីជំនឿ » ។
អ្នកអាចស្វែងរកធនធានផ្សេងទៀតនៅក្នុងព្រះគម្ពីរ ឬនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ដោយស្វែងរកពាក្យ « សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ » ។
ការទូន្មានដែលបានផ្តល់ឲ្យមកពីថ្នាក់ដឹកនាំសាសនាចក្រ
-
រ័សុល អិម ណិលសុន « Christ Is Risen; Faith in Him Will Move Mountains » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០១–១០៤
-
នែល អិល អាន់ឌើរសិន « Faith Is Not by Chance, but by Choice » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦៥–៦៨
-
រីឆាដ ស៊ី អេដហ្គី « Faith—the Choice Is Yours » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៣១–៣៣
ជម្រើស ៖ តើចង់រៀនសូត្របន្ថែមទៀតទេ ?
ហេតុអ្វីវាសំខាន់ដើម្បីដាក់សេចក្តីជំនឿរបស់ខ្ញុំលើព្រះយេស៊ូវគ្រីស្ទ ?
ប្រធាន រ័សុល អិម ណិលសុន បានផ្ដល់ដំបូន្មាន ៖
ពេលយើងនិយាយពីសេចក្ដីជំនឿ—ជាសេចក្ដីជំនឿដែលអាចរំកិលភ្នំបាន—យើងពុំមែននិយាយពីសេចក្ដីជំនឿជាទូទៅទេ តែជាសេចក្ដីជំនឿលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ …
យើងម្នាក់ៗអាចសួរខ្លួនឯងថា តើសេចក្ដីជំនឿយើងនៅឯណា ? វានៅក្នុងក្រុមមួយមែនទេ ? នៅក្នុងយីហោមួយមែនទេ ? នៅលើតារាល្បីម្នាក់មែនទេ ? សូម្បីតែក្រុមល្អបំផុត ក៏ចាញ់ការប្រកួតដែរ ។ រីឯពួកតារាល្បីៗ ក៏អាចបាត់បង់ប្រជាប្រិយភាពដែរ ។ មានអង្គតែមួយគត់ដែលសេចក្ដីជំនឿយើងតែងមានសុវត្ថិភាព គឺលើព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។
( រ័សុល អិម ណិលសុន « Let Your Faith Show » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ២៩ )
ហេតុអ្វីខ្ញុំគួរព្យាយាមបង្កើនសេចក្ដីជំនឿរបស់ខ្ញុំលើព្រះយេស៊ូវគ្រីស្ទ ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា ៖
ការហៅរបស់ខ្ញុំទៅកាន់អ្នក …គឺ ចាប់ផ្ដើមថ្ងៃនេះ ដោយបង្កើនសេចក្ដីជំនឿរបស់អ្នក ។ តាមរយៈសេចក្ដីជំនឿរបស់អ្នក នោះព្រះយេស៊ូវគ្រីស្ទនឹងបង្កើនសមត្ថភាពរបស់អ្នកឲ្យរើភ្នំក្នុងជីវិតរបស់អ្នកបាន [ សូមមើល នីហ្វៃ ទី១ ៧:១២ ] ទោះជាឧបសគ្គផ្ទាល់ខ្លួនរបស់អ្នកធំប៉ុនភ្នំហិមាល័យក្ដី ។
ភ្នំរបស់អ្នកអាចជាភាពឯកោ ភាពសង្ស័យ ជំងឺ ឬបញ្ហាផ្ទាល់ខ្លួនផ្សេងៗទៀត ។ ភ្នំរបស់អ្នកអាចមានខុសៗគ្នា ប៉ុន្ដែចម្លើយចំពោះឧបសគ្គនីមួយៗរបស់អ្នកគឺ ត្រូវបង្កើនសេចក្ដីជំនឿរបស់អ្នក ។ សេចក្ដីជំនឿតម្រូវឲ្យមានសកម្មភាព ។ …
សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទគឺជា អំណាចដ៏ធំបំផុត ដែលយើងមាននៅក្នុងជីវិតនេះ ។ ការណ៍ទាំងអស់នឹងសម្រេចបានដល់អ្នកណាដែលជឿ [ សូមមើល ម៉ាកុស ៩:២៣ ] ។
( រ័សុល អិម ណិលសុន « Christ is Risen; Faith in Him Will Move Mountains » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០២–១០៣, ១០៤ )
តើខ្ញុំត្រូវការអ្វីខ្លះដើម្បីរៀនដោយសេចក្ដីជំនឿ ?
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ ៖
បទពិសោធន៍ដែលបានជួយខ្ញុំឲ្យយល់ថា ចម្លើយដែលបានផ្ដល់ឲ្យដោយមនុស្សម្នាក់ទៀត តាមធម្មតាពុំត្រូវបានចងចាំក្នុងរយៈពេលយូរអង្វែងនោះទេ ប្រសិនបើចងចាំទាំងអស់ ។ ប៉ុន្ដែចម្លើយមួយដែលយើងបានរកឃើញ ឬទទួលបានតាមរយៈការអនុវត្តសេចក្ដីជំនឿ តាមធម្មតាត្រូវបានរក្សាទុកអស់ពេញមួយជីវិត ។ ការរៀនសូត្រដ៏សំខាន់បំផុតនៃជីវិតត្រូវបានទទួលតាមរយៈបទពិសោធន៍—មិនមែនតាមការបង្រៀនទេ ។
ការយល់ដឹងខាងវិញ្ញាណដែលអ្នក និងខ្ញុំត្រូវបានប្រទានពរក្នុងការទទួល ហើយដែលត្រូវបានបញ្ជាក់ថាជាការពិតនៅក្នុងចិត្តរបស់យើង គឺមិនអាចផ្តល់ឲ្យអ្នកផ្សេងបានទេ ។ ថ្លៃបង្ហាត់បង្រៀនពីភាពឧស្សាហ៍ព្យាយាម និងពីការរៀនសូត្រ និងដោយសេចក្ដីជំនឿផងដែរនោះ ត្រូវតែចំណាយដើម្បីទទួលបាន និង « ធ្វើជាម្ចាស់ » ដោយផ្ទាល់លើចំណេះដឹងបែបនោះ ។ មានតែវិធីនេះទេ ទើបអ្វីដែលដឹងក្នុងចិត្តអាចបំប្លែងទៅជាអារម្មណ៍នៅក្នុងចិត្តបាន ។ មានតែតាមវិធីនេះប៉ុណ្ណោះដែលមនុស្សម្នាក់អាចបោះជំហានទៅមុខហួសពីការពឹងផ្អែកលើចំណេះដឹង និងបទពិសោធន៍ខាងវិញ្ញាណរបស់មនុស្សដទៃទៀត ហើយទាមទារពរជ័យទាំងនោះសម្រាប់ខ្លួនឯង ។ មានតែវិធីនេះទេដែលយើងអាចត្រៀមខ្លួនខាងវិញ្ញាណសម្រាប់អ្វីដែលនឹងកើតឡើង ។ យើងត្រូវ « ស្វែងរកការរៀនសូត្រ គឺដោយសារការសិក្សា និងដោយសារសេចក្តីជំនឿផង » ( គ&ស ៨៨:១១៨ ) ។
( ដេវីឌ អេ បែដណា « Seek Learning by Faith » Liahona ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ៦៧ )
តើសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទអាចជះឥទ្ធិពលដល់ជីវិតប្រចាំថ្ងៃរបស់ខ្ញុំយ៉ាងដូចម្ដេច ?
សូមមើលវីដេអូ « ភ្លើងជម្រះនៃសេចក្ដីជំនឿរបស់យើង » ( ៣:២៥ ) ដែលអែលឌើរ ហ្គែរីត ដបុលយូ ហ្គង ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងអ្នកផ្សេងទៀតចែកចាយអ្វីដែលពួកលោកបានរៀនអំពីសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។