ថ្នាក់​សិក្ខាសាលា
ហេព្រើរ ១២:៩


ហេព្រើរ ១២:៩

ព្រះ​គឺ​ជា​ព្រះវរបិតា​ខាង​វិញ្ញាណ​របស់​យើង

ការឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ ហ្គីលប៊ើត - ឪពុក &និង កូនប្រុស

ហេតុអ្វី​អ្នក​គិត​ថា យើង​និយាយ​ច្រើន​អំពី​ការធ្វើ​ជា​បុត្រាបុត្រី​របស់​ព្រះ ? តើ​ចំណេះ​ដឹង​នេះ​អាច​ជះ​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក​ដោយ​របៀប​ណា ? ខណៈ​ពេល​រំឭក​ដល់​ពួកបរិសុទ្ធ​ហេព្រើរ​អំពី​ការ​កែតម្រូវ​ដែល​ពួកគេ​បាន​ទទួល​ពី​ឪពុក​នៅលើ​ផែនដី​របស់​ពួកគេ នោះប៉ុល​បាន​បង្រៀន​ពួកគេ​អំពី​ព្រះវរបិតាសួគ៌​គឺ « ព្រះវរបិតា​ខាង​វិញ្ញាណ » ( ហេព្រើរ ១២:៩ ) ។ គោលបំណង​នៃ​មេរៀន​នេះ​ជួយ​អ្នក​ឲ្យ​ស្គាល់​ព្រះវរបិតា​សួគ៌​កាន់តែ​ច្បាស់ ហើយ​យល់​ពី​របៀប​ដែល​ចំណេះ​ដឹង និង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ទ្រង់​អាច​ជះឥទ្ធិពល​វិជ្ជមាន​ដល់​ជីវិត​របស់​អ្នក ។

មេរៀន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ពី​សត្វ​តោ​នៅក្នុង​សួន​សត្វ

នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ស៊ីស្ទើរ ខាធី ខ្លេតុន ភរិយា​របស់​អែលឌើរ អិល វិតនី ក្លេតុន ក្នុង​ពួកចិត​សិប​នាក់​បាន​ចែកចាយ​បទពិសោធន៍​របស់​គាត់​ពេល​ទៅ​លេង​សួន​សត្វ​នៅ​ប្រទេស​អាហ្សង់ទីន ជា​កន្លែង​ដែល​គាត់​អាច​ចូល​ក្នុង​ទ្រុង ហើយ​ប្រលែង​លេង​ជាមួយ​សត្វព្រៃ​ដូចជា​សត្វតោ​ជាដើម ។ នៅពេល​ស៊ីស្ទើរ ក្លេតុន បាន​សួរ​ពី​មូលហេតុ​ដែល​សត្វ​ដ៏​គ្រោះថ្នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មនុស្ស នោះ​គាត់​បាន​រៀន​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​គាត់​ភ្ញាក់ផ្អើល ។ អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « A Regal Identity » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​នាទី​ទី ១:២២ ដល់​នាទី​ទី ៣:២៦ ឬ អាន​អត្ថបទ​ដូច​ខាងក្រោម ។

7:14

A Regal Identity

September 13, 2015: Sister Kathy Kipp Clayton invites all to embrace and rejoice in who we really are.

ខាធី អាន ឃីប ខ្លេតុន ភរិយា​របស់​អែលឌើរ អិល.វិតនី ក្លេតុន ដែល​ជា​ពួក​ចិតសិប​នាក់​មាន​សិទ្ធិ​អំណាច​ទូទៅ​ប្រចាំ​តំបន់ ។ រូប​នេះ​នៅ​ឆ្នាំ ២០១៩ ។

[ គ្រូ​បង្វឹក ] បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​លើ​សត្វឆ្កែ​តូចៗ​ជាច្រើន​ដែល​រស់នៅ​ក្នុងទ្រុង​ទាំងនោះ ។ ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា រឿង​មួយ​ដែល​ពួកគេ​បាន​ធ្វើ​គឺ​ចិញ្ចឹម​តោ​ជាមួយ​សត្វ​ឆ្កែ​ទាំងនោះ​ឲ្យ​នៅ​ជាមួយ​គ្នា​ជាប់​ជានិច្ច ។ នៅពេល​ដែល​សត្វតោ​នៅ​តូច សត្វឆ្កែ​ទាំង​នោះ​ធំ​ជាង​កូន​តោ​ទៅ​ទៀត ។ សត្វឆ្កែ​ជឿ​ថា​ពួកវា​ជា​អ្នក​មើល​ការ​ខុសត្រូវ ហើយ​ពួកវា​បាន​ដេញ​តាម​តោ​យ៉ាង​ប្រកៀក​ដោយ​ឥត​មេត្តា និង​គ្មាន​ការអាណិត​អ្វី​សោះ​ឡើយ ។ កូន​តោ​បាន​ទម្លាប់​ធ្វើ​ក្រញោនៗ​នៅ​កាច់​ជ្រុង ហើយ​មាន​ឥរិយាបថ​ដូច​ជា​ខ្លាច​កូនឆ្កែ ដែល​ពូកែ​រុកកួន​ទាំង​នោះ ។

ពេល​សត្វ​តោ​ធំ​ឡើង ពួក​វា​បន្ត​ធ្វើ​ក្រញោនៗ​នៅ​កាច់​ជ្រុង​នោះ ហើយ​ខ្លាច​ឆ្កែ​តូចៗ ។ ជាមួយ​ការទះ​នឹង​ក្រញាំ​ជើង តោ​មួយ​ក្បាល​ក្នុង​ចំណោម​សត្វតោ​ធំៗ​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​សត្វ​ឆ្កែ​ទាំង​នោះ​ហោះ​ខ្ទាត​ចេញ​ពី​ទ្រុង​យ៉ាង​ងាយ​ស្រួល ប៉ុន្តែ​សត្វតោ​មិន​បាន​ឃើញ​ខ្លួន​វា​ថា ជា​សត្វតោ​ដ៏​ខ្លាំង​នោះ​ទេ ។ ពួកវា​ឈឺចាប់​ដោយ​មិន​ដឹង​អត្តសញ្ញាណនៃ​ភាព​ជា​ស្ដេច​របស់​ពួកវា ។ ពួកវា​ត្រូវបាន​ជាប់គាំង និង​កំណត់​ដោយ​ការយល់​ខុស​អំពី​សក្តានុពល​នៃ​សញ្ញាណ​របស់​ពួកវា ។ ពួកវា​គិត​ថា​ពួកវា​តូច​និង​ខ្សោយ ដូច្នេះ​ពួកវា​អនុញ្ញាត​ឲ្យ​សត្វឆ្កែ​ដែល​ពូកែ​រុកកួន​នោះ គ្រប់គ្រង​និង​បំភិតបំភ័យ​ពួកវា ។

( ខាធី ឃីប ខ្លេតុន « A Regal Identity » [ ការប្រជុំ​ធម្មនិដ្ឋាន​យុវ​មជ្ឈិមវ័យ​ទូទាំង​ពិភពលោក ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៥ ] នៅ​លើ​គេហទំព័រ broadcasts.ChurchofJesusChrist.org )

  • តើ​ការ​ប្រៀបធៀប​ខាង​វិញ្ញាណ​អ្វី​ខ្លះ​ដែល​យើង​អាច​នឹង​ធ្វើ​ជាមួយ​នឹង​បទពិសោធន៍​របស់​ស៊ីស្ទើរ ក្លេតុន ?

  • តើ​ពេលខ្លះ​យើង​អាច​ដូច​សត្វតោ​នៅក្នុង​សួន​សត្វ​នេះ​ដោយ​របៀប​ណា ?

ទ្រង់​គឺ​ជា « ព្រះវរបិតា​ខាង​វិញ្ញាណ »

ពេល​ថ្លែង​ទៅកាន់​សាសន៍​ហេព្រើរ​អំពី​របៀប​ឆ្លើយតប​នឹង​ការ​វាយផ្ចាល ឬ​ការ​កែតម្រូវ​ពី​ព្រះ ( សូមមើល ហេព្រើរ ១២:៦–៨ ) នោះ​ប៉ុល​បាន​បង្រៀន​សេចក្ដីពិត​ដ៏​សំខាន់​មួយ​អំពី​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះវរបិតា​សួគ៌ ។ នៅ​ពេល​អ្នក​សិក្សា​នៅ​ថ្ងៃ​នេះ សូម​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បំផុស​គំនិត​មក​ពី​ព្រះវិញ្ញាណ ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​សេចក្ដី​ពិត​នេះ ។

សូម​អាន ហេព្រើរ ១២:៩ ហើយ​ពិចារណា​គូស​សម្គាល់​ពាក្យ ឬ​ឃ្លា​ដែល​បង្រៀន​អំពី​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះវរបិតា​សួគ៌ ។ សូម​កំណត់​ចំណាំ​ថា​ឃ្លា « ចុះចូល » សំដៅ​លើ​ការចុះចូល ឬ​ទទួល​ឥទ្ធិពល​ពី​នរណា​ម្នាក់ ។

រូប​តំណាង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ពណ៌​ខៀវ ) ។ រូបភាព​សៀវភៅ​បើក ។ ហេព្រើរ ១២:៩ គឺជា​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ ។ សូម​ពិចារណា​គូស​ចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​វិធី​ដែល​ងាយ​សម្គាល់ ដូច្នេះ​អ្នក​អាច​រក​ឃើញ​វា​ដោយ​ងាយ​ស្រួល ។

ចេញ​ពី​ខគម្ពីរ​នេះ យើង​រៀន​ថា ព្រះ​គឺ​ជា​ព្រះវរបិតា​ខាង​វិញ្ញាណ​របស់​យើង ។

  • តើ​ការ​ដឹង​អំពី​សេចក្ដីពិត​នេះ​ជះ​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​មើល​ឃើញ​ខ្លួន​ឯង និង​អ្នកដទៃ​យ៉ាង​ដូចម្ដេច ?

អែលឌើរ ថាត អ័រ ខាលីស្ទើរ ក្នុង​ពួក​ចិតសិប​នាក់​បាន​ចែកចាយ​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​ការចងចាំ​អត្តសញ្ញាណ​របស់​យើង​ថា​ជា​បុត្រាបុត្រី​របស់​ព្រះ​អាច​ជះ​ឥទ្ធិពល​លើ​យើង​បាន ៖

បងប្រុស ថាត អរ ខាលីស្ទើរ អតីត​ប្រធាន​សាលា​ថ្ងៃអាទិត្យ​ទូទៅ ។ រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​នៅ​ឆ្នាំ ២០១៨ ។

នៅក្នុង​សម័យប្រជុំ​បំពាក់​បំប៉ន​នាពេល​ថ្មីៗ​សម្រាប់​ពួក​អ្នក​មាន​សិទ្ធ​អំណាច​ទូទៅ សំណួរ​មួយ​បាន​សួរ​ថា « តើ​យើង​អាច​ជួយ​អ្នក​ដែល​កំពុង​ពុះពារ​នឹង​រូប​អាសគ្រាម​តាម​របៀប​ណា ? »

អែលឌើរ រ័សុល អិម ណិលសុន បាន​ក្រោកឈរ ហើយ​បាន​ឆ្លើយតប​ថា « បង្រៀន​ពួកគេ​អំពី​អត្តសញ្ញាណ និង​គោលបំណង​របស់​ពួកគេ » ។

ចម្លើយ​នោះ​បាន​ទាក់​ចិត្ត​ខ្ញុំ មិន​ត្រឹមតែ​ជា​ការឆ្លើយ​តប​ទៅ​នឹង​សំណួរ​ជាក់លាក់​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការឆ្លើយ​តប​ដ៏​សមស្រប​ចំពោះ​បញ្ហា​ប្រឈម​ភាគច្រើន​ដែល​យើង​ជួប​ប្រទះ​ក្នុង​ជីវិត ។

( ថាត អរ ខាលីស្ទើរ « Our Identity and Our Destiny » [ ការប្រជុំ​ធម្មនិដ្ឋាន​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ១៤ ខែ សីហា ឆ្នាំ ២០១២ ] ១ នៅ​លើ​គេហទំព័រ speeches.byu.edu )

  • តើ​ការយល់​ដឹង​អំពី​អត្តសញ្ញាណ​របស់​យើង​ថា ជា​បុត្រាបុត្រី​របស់​ព្រះ​អាច​ជួយ​យើង​ដោះស្រាយ​បញ្ហា​ដែល​យើង​ប្រឈម​មុខ​ដោយ​របៀប​ណា ?

  • តើ​ឥទ្ធិពល​ខាង​លោកិយ​អ្វីខ្លះ​ដែល​អាច​រំខាន​យើង​ពី​ការ​ចងចាំ​អត្តសញ្ញាណ​ដ៏ទេវភាព​របស់​យើង ?

  • តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ចងចាំ និង​គោរព​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​យើង ?

ចំណេះដឹង​ត្រឹមត្រូវ​អំពី​ព្រះវរបិតា​សួគ៌

សូម​សញ្ជឹង​គិត​មួយ​ភ្លែត​អំពី​ការយល់​ដឹង​ផ្ទាល់​ខ្លួន​របស់​អ្នក​អំពី​ព្រះវរបិតា​សួគ៌ និង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ទ្រង់ ។ សូម​ពិចារណា​នូវ​ពរជ័យ​អ្វី​ខ្លះ​ដែល​អ្នក​បាន​ទទួល និង​អាច​ទទួល​បាននា​ពេល​អនាគត ដោយសារ​អ្នក​ជា​បុត្រាបុត្រី​របស់​ទ្រង់ ។ សូម​គិត​អំពី​អ្វី​ដែល​អាច​ផ្លាស់ប្តូរ​នៅក្នុង​ជីវិត​របស់​អ្នក ប្រសិន​បើ​អ្នក​ស្គាល់​ទ្រង់​កាន់​តែ​ប្រសើរ ហើយ​មាន​អារម្មណ៍​កាន់តែ​ជិតស្និទ្ធ​នឹង​ទ្រង់ ។

បងប្រុស ប្រៃអិន ខេ អាស្តុន អតីត​គណៈប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ទូទៅ បាន​សង្កត់ធ្ងន់​លើ​ឥទ្ធិពល​នៃ​ការមាន​ការយល់​ដឹង​ត្រឹមត្រូវ​អំពី​ព្រះវរបិតា​សួគ៌ និង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់ ៖

បងប្រុស ប្រាយអិន ខេ អាស្ដុន - ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈ​ប្រធាន​សាលា​ថ្ងៃអាទិត្យ​ទូទៅ ។ រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​នៅ​ឆ្នាំ ២០១៨ ។

ការ​មាន « គំនិត​ដ៏ ត្រឹមត្រូវ មួយ​អំពី​បុគ្គលិក​លក្ខណៈ ភាព​ល្អ​ឥតខ្ចោះ និង​គុណលក្ខណៈ​របស់ [ ព្រះវរបិតា​សួគ៌ ] » គឺ​ជា​រឿង​ដ៏​ចាំបាច់​ចំពោះ​ការ​អនុវត្ត​សេចក្ដីជំនឿ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ភាព​តម្កើង​ឡើង [ Lectures on Faith ( ឆ្នាំ ១៩៨៥ ) ទំព័រ ៣៨ ] ។ ការ​យល់​ដឹង​ដ៏​ត្រឹមត្រូវ​មួយ​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះវរបិតាសួគ៌ អាច​ផ្លាស់​ប្ដូរ​របៀប​ដែល​យើង​មើល​ឃើញ​ខ្លួន​ឯង និង​មនុស្ស​ដទៃ​ទៀត ហើយ​ជួយ​យើង​ឲ្យ​យល់​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​របស់​ព្រះ​ចំពោះ​បុត្រា​បុត្រី​របស់​ទ្រង់ និង​ព្រះរាជ​បំណង​ដ៏​ធំ​របស់​ទ្រង់ ដើម្បី​ជួយ​យើង​ឲ្យ​ក្លាយ​ដូចជា​ទ្រង់ ។ ទស្សនៈ​ខុស​ឆ្គង​មួយ​អំពី​និស្ស័យ​របស់​ទ្រង់​អាច​បន្សល់​ទុក​ឲ្យ​យើង​នូវ​អារម្មណ៍​ថា យើង​ខ្វះ​សមត្ថភាព​ដើម្បី​ត្រឡប់​ទៅ​វត្តមាន​របស់​ទ្រង់​វិញ ។

( ប្រៃអិន ខេ អាស្តុន « The Father » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៩៣–៩៤ )

វិធី​មួយ​ដែល​យើង​អាច​ទទួល​បាន​ការយល់​ដឹង​ត្រឹមត្រូវ​អំពី​ព្រះវរបិតា​សួគ៌​គឺ​ដោយ​ការសិក្សា​ព្រះគម្ពីរ​អំពី​ទ្រង់ ។

សូម​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដោយប្រើ​ប៊ិច ឬ​ខ្មៅដៃ ។ ១. នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក សូម​បំពេញ​សកម្មភាព​ខាង​ក្រោម រួម​ទាំង​ការឆ្លើយ​តប​ទៅ​នឹង​សំណួរ​នៅ​ចុង​បញ្ចប់ ។

សូម​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​អាន និង​សញ្ជឹង​គិត​អំពី​បទគម្ពីរ​មួយ​ចំនួន​ដែល​បង្រៀន​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ ។ អ្នក​អាច​ប្រើ​សេចក្ដីយោង​បទគម្ពីរ​ខាង​ក្រោម ឬ​អ្នក​អាច​ស្រាវជ្រាវ សេចក្តីយោង​បទគម្ពីរ​ផ្សេង​ទៀត​នៅក្នុង Topical Guide « God, Attributes of » ( ចំណង​ជើង​នេះ​មាន​បញ្ជី​ចំណង​ជើង​ផ្សេង​ទៀត​ដែល​អ្នក​អាច​ស្រាវជ្រាវ​នៅ​ពីក្រោម​វា ) ឬ​នៅក្នុង​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះ, ក្រុម​ព្រះ » ( អនុវគ្គ​ស្តីពី​ព្រះ​ជា​ព្រះវរបិតា ) ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក សូម​ធ្វើ​បញ្ជី​នូវ​អ្វី​ដែល​បទគម្ពីរ​ទាំងនេះ​បង្រៀន​អ្នក​អំពី​បុគ្គលិក​លក្ខណៈ និង​គុណ​លក្ខណៈ​របស់​ព្រះវរបិតា​សួគ៌ និង​អំពី​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ទ្រង់ ។

  • តើ​អ្នក​បាន​រៀន​សេចក្ដីពិត​អ្វី​ខ្លះ​អំពី​ព្រះ ដែល​មាន​អត្ថន័យ​បំផុត​សម្រាប់​អ្នក ? ហេតុអ្វី​វា​មាន​អត្ថន័យ ?

  • តើ​អ្វី​ដែល​អ្នក​បាន​រៀន​អាច​ជះ​ឥទ្ធិពល​ដល់​អារម្មណ៍​របស់​អ្នក​អំពី​ខ្លួន​អ្នក និង​អ្វី​ដែល​អ្នក​អាច​ប្រែ​ក្លាយ​ដោយ​របៀប​ណា ?

  • តើ​មាន​សកម្មភាព​អ្វី​ខ្លះ​ដែល​អ្នក​ទទួល​បាន​ការបំផុស​គំនិត​ឲ្យ​ធ្វើ ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​រៀន និង​ទទួល​អារម្មណ៍​នៅ​ថ្ងៃ​នេះ ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​ការ​ដឹង​ថា​ខ្ញុំ​ជា​បុត្រ​របស់​ព្រះ​អាច​ជួយ​ខ្ញុំ​ដោយ​របៀប​ណា ?

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ៖

រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​ប្រធាន ដាល្លិន អេក អូក ដែល​បាន​ថត​នៅ ខែ មីនា ឆ្នាំ ២០១៨ ។

សូម​ពិចារណា​ពី​អំណាច​នៃ​គំនិត​ដែល​ត្រូវបាន​បង្រៀន​នៅក្នុង​ចម្រៀង​ជា​ទី​ស្រឡាញ់​របស់​យើង​គឺ​បទ « ខ្ញុំ​ជា​កូន​របស់​ព្រះ » [ ទំនុក​តម្កើង លេខ ៣០១ ] ។ … នេះ​ជា​ចម្លើយ​ចំពោះ​សំណួរ​ក្នុង​ជីវិត​មួយ​ដ៏​អស្ចារ្យ « តើ​ខ្ញុំ​ជា​នរណា ? » ខ្ញុំ​ជា​កូន​របស់​ព្រះ ដែល​មាន​វង្ស​ត្រកូល​ខាង​វិញ្ញាណ​មកពី​ព្រះ​មាតាបិតា​សួគ៌ ។ ពូជពង្ស​នោះ​ចង្អុល​បង្ហាញ​អំពី​សក្ដានុពលភាព​ដ៏នៅ​អស់កល្ប​ជានិច្ច​របស់​យើង ។ គំនិត​ដ៏​មាន​ឥទ្ធិពល​នោះ ជា​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ថប់​អារម្មណ៍​ដ៏​អស្ចារ្យ ។ វា​អាច​ពង្រឹង​យើង​ម្នាក់ៗ ឲ្យ​ធ្វើ​ការជ្រើសរើស​សុចរិត និង​ស្វែងរក​អ្វី​ដែល​ល្អ​បំផុត​នៅក្នុង​ខ្លួន​យើង ។

( ដាល្លិន អេក អូក « Powerful Ideas » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ២៥ )

ហេតុអ្វី​យើង​មិន​និយាយ​បន្ថែម​ទៀត​អំពី​មាតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌ ?

« សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បង្រៀន​ថា មនុស្ស​លោក ទាំង​បុរស​និង​ស្ត្រី គឺជា​បុត្រាបុត្រី​សំណព្វ​ខាង​វិញ្ញាណ​របស់​ព្រះមាតាបិតា​សួគ៌ ជា​ព្រះវបិតា​សួគ៌ និង​ព្រះមាតា​សួគ៌ ។ …

ដូច​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដទៃ​ទៀត​ជា​ច្រើន​ដែរ ចំណេះ​ដឹង​បច្ចុប្បន្ន​របស់​យើង​អំពី​ព្រះមាតា​សួគ៌​គឺ​មាន​កម្រិត ។ ហេតុដូច្នោះ​ហើយ យើង​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​ចំណេះ​ដឹង​ល្មម​គ្រប់គ្រាន់​ដើម្បី​ថ្លែង​អំណរគុណ​ចំពោះ​ភាព​ពិសិដ្ឋ​នៃ​គោលលទ្ធិ​នេះ និង​ដើម្បី​យល់​ដឹង​អំពី​លំនាំ​ដ៏​ទេវភាព​ដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​យើង ក្នុង​នាម​ជា​បុត្រាបុត្រី​របស់​ព្រះមាតា​បិតាសួគ៌ » ( អត្ថបទ​ប្រធានបទ​ដំណឹង​ល្អ « Mother in Heaven » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

តើ​ព្រះជន្ម​របស់​ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បានបង្រៀន ៖

រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។ បានថតនៅ​ខែ​មករា ឆ្នាំ ២០១៨ ។

នៅគ្រប់អ្វីៗ​ទាំងអស់​ដែល​ព្រះយេស៊ូវ​យាង​មក​ដើម្បី​មាន​បន្ទូលនិង​ធ្វើ ដែលរួម​មាន​ជាពិសេស នៅក្នុង​ការ​រងទុក្ខ​នៃ​ដង្វាយធួន និង​ការ​ពលិកម្ម​របស់​ទ្រង់ នោះ​ទ្រង់​កំពុង​បង្ហាញ​ដល់​យើង​ថា តើ​ព្រះវរបិតា​សួគ៌​ដ៏​អស់​កល្ប​ជានិច្ច​របស់​យើង​ជា​នរណា និង​ទ្រង់​មាន​លក្ខណៈ​បែប​ណា ហើយ​ថា​ទ្រង់បាន​លះបង់​ទាំងស្រុង​យ៉ាង​ណា​ខ្លះ​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់​គ្រប់​ជំនាន់ និង​គ្រប់​ជាតិ​សាសន៍​នោះ ។ ទាំង​ជា​ព្រះបន្ទូល​និង​ទង្វើ​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ព្យាយាម​បើក​សម្ដែង ហើយ​ធ្វើ​ឲ្យ​យើង​ដឹង​ដោយផ្ទាល់​អំពី​លក្ខណៈពិត​របស់​ព្រះបិតា​របស់​ទ្រង់ ថាជា​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​របស់​យើង ។ …

ដូច្នេះ​ការ​ឲ្យ​អាហារ​ដល់​អ្នក​ស្រេក​ឃ្លាន ការ​ព្យាបាល​អ្នកឈឺ ការ​វាយ​ផ្ចាល​ដល់​មនុស្ស​លាក់ពុត ការ​ទូលអង្វរ​សុំ​សេចក្ដីជំនឿ—គឺ​ជា​អ្វី​ដែលព្រះគ្រីស្ទ​បាន​បង្ហាញ​យើង​ពី​មាគ៌ា​នៃ​ព្រះវបិតា ពោល​ទ្រង់​គឺ « ប្រកប​ដោយ​ក្ដី​មេត្តា​ករុណា និង​ព្រះគុណ កម្រ​ខឹង អត់ធ្មត់ និង​ពេញ​ដោយ​សេចក្ដីល្អ » [ Lectures on Faith ( ឆ្នាំ ១៩៨៥ ) ទំព័រ ៤២ ] ។ នៅក្នុង​ព្រះជន្ម​របស់​ទ្រង់ និង​ជា​ពិសេស​នៅក្នុង​ការសុគត​របស់​ទ្រង់ នោះ​ព្រះគ្រីស្ទ​កំពុង​ប្រកាស​ថា « នេះ​គឺ​ជា​សេចក្តី​មេត្តា​ករុណា របស់​ព្រះ ដែល​យើង​កំពុង​បង្ហាញ​ដល់​អ្នក ព្រមទាំង​វា​ក៏​ជា​សេចក្តីមេត្តា​ករុណា​របស់​យើង​ផ្ទាល់​ផងដែរ » ។ នៅក្នុង​ការបង្ហាញ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះរាជ​បុត្រា​អំពី​ការខ្វល់ខ្វាយ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះវរបិតា នៅក្នុង​ការរងទុក្ខ និង​ទុក្ខ​ព្រួយ​រួមគ្នា​របស់​ទ្រង់​ទាំង​ទ្វេ​ចំពោះ​អំពើ​បាប និង​ការខូច​ចិត្ត​របស់​ពួកយើង​ទាំងអស់​គ្នា នោះ​យើង​ឃើញ​ពី​អត្ថន័យ​ដ៏​ធំធេង​បំផុត​នៅក្នុង​ការប្រកាស​ដូច​នេះ ៖ « ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ បានជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែមួយ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជ​បុត្រា​នោះ​មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ ។ ពី​ព្រោះ​ព្រះ​ទ្រង់​មិន​បាន​ចាត់​ព្រះរាជ​បុត្រា​ទ្រង់​ឲ្យ​មក​ក្នុង​លោកិយ​ដើម្បី​នឹង​ជំនុំជម្រះ​លោកិយ​នោះ​ទេ គឺឲ្យ​លោកិយ​បាន​សង្គ្រោះ​ដោយសារ​ទ្រង់​វិញ » [ យ៉ូហាន ៣:១៦–១៧ ] ។

( ជែហ្វ្រី អ័រ ហូឡិន « The Grandeur of God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៧០, ៧២ )