ថ្នាក់​សិក្ខាសាលា
ចំណេះចំណានខាងគោលលទ្ធិ ៖ យ៉ូហាន ៧:១៧


ចំណេះចំណានខាងគោលលទ្ធិ ៖ យ៉ូហាន ៧:១៧

« បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះ »

Young adult woman ponders scriptures near lake.

អំឡុងពេលអ្នកសិក្សា យ៉ូហាន ៧ អ្នកបានរៀនសូត្រថា ព្រះយេស៊ូវបានអញ្ជើញយើងឲ្យធ្វើតាមព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌ ដើម្បីយើងអាចដឹងថា គោលលទ្ធិរបស់ទ្រង់គឺពិត ( សូមមើល ខទី ១៧ ) ។ មេរៀននេះនឹងជួយអ្នកឲ្យទន្ទេញចាំសេចក្ដីយោងនៃចំណេះចំណានខាងគោលលទ្ធិនេះ និងឃ្លាបទគម្ពីរគន្លឹះ ពន្យល់អំពីគោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីព្រះបញ្ញត្តិ ការបង្រៀន ឬគោលលទ្ធិផ្សេងៗរបស់ព្រះអង្គសង្គ្រោះ ដែលក្មេងជំទង់គួរខិតខំព្យាយាមដើម្បីមានទីបន្ទាល់អំពី ។

សកម្មភាពរៀនសូត្រដែលអាចមាន

វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះត្រូវបានរៀបរៀងឡើង ដើម្បីបង្រៀនបន្ទាប់ពីមេរៀន « យ៉ូហាន ៧ » ដែលជាមេរៀនបរិបទសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ យ៉ូហាន ៧:១៧ ។ ប្រសិនបើមេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិនេះត្រូវប្តូរទៅសប្តាហ៍ផ្សេង សូមប្រាកដថាបានបង្រៀនមេរៀនបរិបទ ដែលត្រូវគ្នានៅអំឡុងសប្តាហ៍នោះផងដែរ ។

ទន្ទេញចាំ និងពន្យល់

សូមផ្ដល់ឱកាសឲ្យសិស្សទន្ទេញសេចក្ដីយោងសម្រាប់ យ៉ូហាន ៧:១៧ ជាមួយនឹងឃ្លាបទគម្ពីរគន្លឹះ ។ វិធីមួយដើម្បីទន្ទេញចាំជាថ្នាក់គឺត្រូវសរសេរសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះនោះដាក់នៅលើក្ដារខៀនជាបីផ្នែកផ្សេងគ្នា ។ សូមបែងចែកសិស្សទៅជាបីក្រុម ហើយចាត់តាំងឲ្យក្រុមនីមួយៗទទួលផ្នែកផ្សេងៗគ្នា ។ សូមអញ្ជើញក្រុមទាំងអស់ឲ្យសូត្រនូវផ្នែករបស់ពួកគេតាមលំដាប់លំដោយ និងស្រុះគ្នា ។ សូមពិចារណាចាត់ឲ្យសិស្សសូត្រផ្នែកផ្សេងៗគ្នា រហូតដល់ពួកគេចេះសូត្រសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះស្ទាត់ ។ កម្មវិធីចំណេះចំណានខាងគោលលទ្ធិ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ក៏អាចត្រូវបានប្រើដើម្បីជួយសិស្សក្នុងការទន្ទេញចាំផងដែរ ។

យ៉ូហាន ៧:១៧

« បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់

នោះនឹងបានដឹងជាសេចក្តីបង្រៀននេះ » ។

សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយ ។

Official Portrait of President Dallin H. Oaks taken March 2018.

យើងគប្បីចងចាំថា ការទទួលបានទីបន្ទាល់គឺពុំមែនជារឿងអកម្មឡើយ ប៉ុន្តែជាដំណើរការមួយដែលរំពឹងឲ្យយើង ធ្វើ កិច្ចការអ្វីមួយ ។

( ដាល្លិន អេក អូក « Testimony » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ២៧ )

  • តើអ្នកគិតថាសេចក្តីថ្លែងការណ៍របស់ប្រធាន អូក ទាក់ទងនឹងអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀននៅក្នុង យ៉ូហាន ៧:១៧ យ៉ាងដូចម្តេច ?

រៀនអនុវត្ត

សូមចែកសិស្សជាក្រុមតូចៗ ។ សូមអញ្ជើញសិស្សម្នាក់ៗឲ្យជ្រើសរើសគោលការណ៍មួយនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ( សូមមើល ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ [ ឆ្នាំ ២០២២ ] « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » កថាខណ្ឌទី ៥–១២ ) ។ សូមឲ្យសិស្សពន្យល់ពីគោលការណ៍នេះដល់ក្រុមរបស់ពួកគេ បន្ទាប់ពីបានពិនិត្យមើលគោលការណ៍នេះឡើងវិញដោយសង្ខេបហើយ ។

សូមចំណាយពេលពីរបីនាទីដើម្បីពិនិត្យមើលគោលការណ៍នៅក្នុងកថាខណ្ឌទី ៥–១២ នៅផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូមជ្រើសរើសគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងអស់ដើម្បីសិក្សាបន្ថែមឲ្យបានកាន់តែច្បាស់ ។

  • តើអ្នកនឹងពន្យល់ដោយសង្ខេបអំពីគោលការណ៍ដែលអ្នកបានជ្រើសរើសនេះ ទៅកាន់នរណាម្នាក់ដែលប្រហែលជាមិនធ្លាប់ស្គាល់ពីវាយ៉ាងដូចម្តេច ?

នៅពេលអ្នកយល់ពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ នោះអ្នកអាចជួយខ្លួនអ្នក និងអ្នកដទៃឲ្យទទួលបានទីបន្ទាល់មួយ ឬអាចប្រឈមមុខនឹងភាពមិនច្បាស់លាស់បាន ។ សូមប្រើសាច់រឿងខាងក្រោមនេះដើម្បីអនុវត្តការជួយដល់មិត្តម្នាក់ ។នៅក្នុងការសន្ទនាជាមួយមិត្តរបស់អ្នកឈ្មោះ ល្វីស គាត់ប្រាប់អ្នកថា គាត់មិនមានទីបន្ទាល់អំពី [ សូមជ្រើសរើសគោលលទ្ធិ ] ទេ ។ អ្នកចងចាំនូវអ្វីដែលអ្នកបានរៀនពី យ៉ូហាន ៧:១៧ ហើយដោយភាពជឿជាក់ អ្នកក៏ពន្យល់ថា គាត់អាចទទួលបានទីបន្ទាល់អំពីគោលលទ្ធិនេះតាមរយៈ [ ពន្យល់ពីអ្វីដែល ល្វីស អាចធ្វើបាន ដើម្បីទទួលបានទីបន្ទាល់អំពីគោលលទ្ធិនេះ ] ។ អ្នកអាចដឹងថា ល្វីស ខកចិត្តនៅពេលគាត់ប្រាប់អ្នកថា « ខ្ញុំបានព្យាយាមធ្វើវាពីរបីដងហើយ ប៉ុន្តែខ្ញុំនៅតែមិនមានអារម្មណ៍ថា ខ្ញុំដឹងថា វាជាសេចក្ដីពិតដដែល » ។

  • តើអាចមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យល្វីស មិនអាចមានអារម្មណ៍ថា គាត់មានទីបន្ទាល់ ?

ដោយប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ សូមជួយ ល្វីស ឲ្យយល់អំពីឧបសគ្គដែលគាត់អាចត្រូវយកឈ្នះលើ ដើម្បីទទួលបានទីបន្ទាល់ ។ អ្នកអាចប្រើសំណួរខាងក្រោម ឬសំណួរផ្សេងទៀតដែលអ្នកគិតដល់ ដើម្បីរៀបចំចម្លើយជួយដល់ ល្វីស ។

ធ្វើសកម្មភាពដោយសេចក្ដីជំនឿ

  • ហេតុអ្វីអ្នកគិតថា វាសំខាន់ដើម្បីបន្តរស់នៅតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះ បើទោះជាទីបន្ទាល់មិនទាន់កើតមានតាមពេលវេលាដែលយើងចង់បានក៏ដោយនោះ ?

  • តើបទពិសោធន៍អ្វីដែលអ្នកអាចចែកចាយជាមួយ ល្វីស បានអំពីការខិតខំដើម្បីទទួលបានទីបន្ទាល់ ?

ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច

  • តើអ្នកគិតថា ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យមនុស្សដូចជា ល្វីស ដឹងអ្វីខ្លះអំពីការទទួលបានទីបន្ទាល់ ?

  • តើការយល់ថា ទីបន្ទាល់គឺកើតមកពីព្រះវរបិតាសួគ៌ ហើយពុំមែនកើតតាមពេលវេលានោះទេ អាចជួយ ល្វីស បានយ៉ាងដូចម្តេច ? ( សូមមើល ម៉ាថាយ ១៦:១៣–១៧ ) ។

ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព

  • តើប្រភពដ៏ទេវភាពអ្វីខ្លះដែលអាចជួយ ល្វីស ឲ្យងាកមករកព្រះអម្ចាស់បាន ដើម្បីជួយគាត់ឲ្យទទួលបានទីបន្ទាល់របស់គាត់ ?

ឧទាហរណ៍មួយនៃការប្រើប្រាស់ប្រភពដ៏ទេវភាពនោះគឺការស្វែងរកសុន្ទរកថារបស់ ប្រធាន ដាល្លិន អេក សុន្ទរកថារបស់ប្រធាន អូក « Testimony » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ហើយចែកចាយសេចក្តីថ្លែងការណ៍ខ្លីមួយអំពីវា ដែលអាចជួយដល់ ល្វីស ។

ដោយប្រើគំនិតដែលអ្នកមាន នៅពេលអ្នកបានពិចារណាពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ សូមសរសេរចម្លើយមួយទៅកាន់ ល្វីស ។ អ្នកគួររួមបញ្ចូលបទពិសោធន៍ផ្ទាល់ខ្លួន ទីបន្ទាល់របស់អ្នក និងការអញ្ជើញឲ្យ ល្វីស ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។

សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយផែនការរបស់ពួកគេជាមួយនឹងមិត្តរួមថ្នាក់ ឬជាមួយសិស្សក្នុងថ្នាក់ទាំងមូល ។ វាអាចមានប្រយោជន៍ក្នុងការចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន ដែលទាក់ទងការទទួលបានទីបន្ទាល់អំពីការបង្រៀនណាមួយរបស់ព្រះអង្គសង្គ្រោះ ។

ការរំឭកឡើងវិញ

សូមជួយសិស្សឲ្យពិនិត្យសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ យ៉ូហាន ៧:១៧ ឡើងវិញ ។ សកម្មភាពពិនិត្យមើលឡើងវិញខាងក្រោមនេះ គប្បីប្រើប្រាស់នៅក្នុងមេរៀនមួយដែលត្រូវបង្រៀននៅក្នុងពេលឆាប់ៗខាងមុខនេះ ។

សូមសរសេរសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះនៅលើក្តារខៀនជាបីបន្ទាត់ ដូចបានពន្យល់នៅក្នុងផ្នែក « ទន្ទេញចាំ និងពន្យល់ » នៅដើមមេរៀន ។ បន្ទាប់ពីការអញ្ជើញសិស្សឲ្យថាឃ្លានីមួយៗហើយ សូមលុបឃ្លាមួយបន្ទាត់ចេញ ហើយអញ្ជើញសិស្សឲ្យថាឃ្លានីមួយៗឡើងវិញ ។ បន្ទាប់ពីធ្វើបានពីរទៅបីដងហើយ សូមលុបឃ្លាមួយទៀតចេញ ។ សូមធ្វើដំណើរការដូចនេះម្តងហើយម្តងទៀតរហូតដល់បានលុបឃ្លាទាំងបីបន្ទាត់ចោល ហើយសិស្សមានអារម្មណ៍ថា ពួកគេអាចសូត្របន្ទាត់ទាំងបីចាំស្ទាត់ ។