ថ្នាក់​សិក្ខាសាលា
យ៉ូហាន ១០


យ៉ូហាន ១០

« អ្នកគង្វាលល្អ »

Jesus Christ depicted as the Good Shepherd. Christ is portrayed with a small herd of sheep. He is carrying a sheep (or lamb) over His shoulders. Christ is also carrying a staff in His hands.

ព្រះយេស៊ូវបានបង្រៀនថា ទ្រង់គឺជាអ្នកគង្វាលល្អ ។ ទ្រង់បានប្រើពាក្យប្រៀបប្រដូចនេះដើម្បីជួយអ្នកស្តាប់ឲ្យយល់អំពីទ្រង់ និងទំនាក់ទំនងរបស់ពួកគេជាមួយនឹងទ្រង់ ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកឲ្យមានអារម្មណ៍ជឿជាក់លើព្រះយេស៊ូវគ្រីស្ទក្នុងនាមជាអ្នកគង្វាលរបស់អ្នក និងបង្កើនបំណងប្រាថ្នារបស់អ្នកដើម្បីស្តាប់តាមព្រះសូរសៀងរបស់ទ្រង់ ហើយធ្វើតាមទ្រង់ ។

ការប្រើប្រាស់រូបភាព ។ រូបភាពអាចជួយសិស្សឲ្យស្រមៃឃើញប្រជាជន ទីកន្លែង ព្រឹត្តិការណ៍ វត្ថុ និងនិមិត្តសញ្ញានានានៅក្នុងបទគម្ពីរ ។ ដោយរួមបញ្ចូលជាមួយពាក្យពេចន៍នៃបទគម្ពីរ នោះរូបភាពអាចជួយបំភ្លឺសេចក្ដីពិត និងបង្កើនបទពិសោធន៍រៀនសូត្ររបស់សិស្សបាន ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអានការពន្យល់អត្ថន័យ « អ្នកគង្វាលល្អ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។ សូមឲ្យពួកគេត្រៀមខ្លួនឆ្លើយនឹងសំណួរថា « ហេតុអ្វីបានជាព្រះបរមងារ ‹ អ្នកគង្វាលល្អ › ជាការពិពណ៌នាដ៏ត្រឹមត្រូវមួយអំពីព្រះយេស៊ូវគ្រីស្ទ ?

សកម្មភាពរៀនសូត្រដែលអាចមាន

ព្រះយេស៊ូវគ្រីស្ទគឺជាអ្នកគង្វាលល្អ

ដើម្បីជួយសិស្សឲ្យស្រមៃឃើញ ហើយគិតដល់ព្រះយេស៊ូវគ្រីស្ទថាជាអ្នកគង្វាលល្អ សូមពិចារណាបង្ហាញរូបភាពព្រះអង្គសង្គ្រោះជាមួយចៀមមួយក្បាល ។

សូមក្រឡេកមើលរូបភាពដែលបង្ហាញនៅដើមមេរៀននេះ ហើយពិចារណាអំពីអ្វីដែលរូបភាពនេះអាចបង្រៀន ។ សំណួរខាងក្រោមនេះអាចជាជំនួយ ៖ ហេតុអ្វីបានជាអ្នកគង្វាលបីកូនចៀម ? តើអ្នកសម្គាល់ឃើញអ្វីខ្លះអំពីតួនាទីរបស់អ្នកគង្វាល បើប្រៀបធៀបទៅនឹងចៀមឯទៀតនោះ ?

នៅថ្ងៃនេះ អ្នកនឹងសិក្សាពាក្យប្រៀបប្រដូចអំពីអ្នកគង្វាលល្អ ។ នៅក្នុងពាក្យប្រៀបប្រដូចនេះ ព្រះយេស៊ូវគ្រីស្ទប្រៀបធៀបព្រះអង្គទ្រង់ទៅនឹងអ្នកគង្វាលម្នាក់ ដែលដឹកនាំ និងការពារហ្វូងចៀមរបស់ទ្រង់ ។ នៅពេលអ្នកសិក្សា សូមយកចិត្តទុកដាក់លើអ្វីដែលអ្នករៀនអំពីព្រះអង្គសង្គ្រោះ ។

នៅក្នុង យ៉ូហាន ១០ ព្រះយេស៊ូវបង្រៀនថា ទ្រង់គឺជាអ្នកគង្វាលល្អ ( សូមមើល ខទី ១១, ១៤ ) ។

សិស្សអាចត្រូវបានអញ្ជើញឲ្យចែកចាយនូវអ្វី ដែលពួកគេបានរៀននៅក្នុងការសិក្សារៀបចំរបស់សិស្សរបស់ពួកគេ ។ ប្រសិនបើសិស្សកំពុងរក្សាបញ្ជីព្រះបរមងារផ្សេងៗរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ នោះពួកគេអាចបន្ថែមពាក្យនេះទៅក្នុងបញ្ជីនោះបាន ។

នៅផ្នែកខាងលើនៃទំព័រមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរព្រះបរមងារថា « អ្នកគង្វាលល្អ » ។ នៅទីនេះ អ្នកអាចធ្វើបញ្ជីនូវអ្វីដែលអ្នករៀន ឬទទួលអារម្មណ៍អំពីព្រះយេស៊ូវគ្រីស្ទ ដែលជាអ្នកគង្វាលល្អ និងអ្វីដែលទ្រង់ធ្វើចំពោះចៀមរបស់ទ្រង់ ។ ប្រសិនបើចង់ អ្នកអាចគូររូបចៀមសាមញ្ញមួយនៅលើក្រដាសរបស់អ្នក ដូចរូបខាងក្រោមនេះ ហើយសរសេរនៅខាងក្នុងគំនូរនោះនូវអ្វីដែលអ្នកបានរៀន ឬមានអារម្មណ៍ ។

sheep

ប្រសិនបើពេញចិត្ត អ្នកអាចសរសេរបញ្ជីនេះដាក់នៅលើក្តារខៀនជាថ្នាក់ ជាជាងនៅក្នុងសៀវភៅកំណត់ហេតុរបស់សិស្ស ។

សិស្សអាចធ្វើការម្នាក់ឯង ឬជាក្រុមតូចៗ ឬជាគូបាន ។ សូមពិចារណាដាក់បង្ហាញខគម្ពីរខាងក្រោម ដើម្បីសិស្សអាចត្រឡប់ទៅមើលវាវិញបាន ។

សូមអាន យ៉ូហាន ១០:១–៥ ដោយរកមើលដំណើររឿងប្រៀបប្រដូច ដែលព្រះយេស៊ូវបង្រៀនអំពីតួនាទីរបស់ទ្រង់ជាអ្នកគង្វាលល្អ ។

សិស្សក៏អាចត្រូវបានអញ្ជើញឲ្យចែកចាយការរកឃើញរបស់ពួកគេផងដែរ ។ វាអាចមានប្រយោជន៍ក្នុងការអញ្ជើញសិស្សឲ្យសួរសំណួរដែលពួកគេមាន អំពីអត្ថន័យនៃខគម្ពីរទាំងនេះ ។

សូមមើលវីដេអូ « The Good Shepherd » ចាប់ពីលេខកូដម៉ោង ១:៥៤ ដល់ ៣:៣៣ ។ នៅក្នុងវីដេអូនេះ ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ថ្លែងអំពីបទពិសោធន៍នៃការសង្កេតមើលពួកអ្នកគង្វាល និងសត្វចៀម ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

sheep

សូមបន្ថែមរាល់ការយល់ដឹងដែលអ្នកទទួលបានអំពីអ្នកគង្វាលល្អទៅក្នុងបញ្ជីរបស់អ្នក ។

  • តើអ្នកចាប់អារម្មណ៍អ្វីខ្លះអំពីទំនាក់ទំនងរវាងពួកអ្នកគង្វាល និងសត្វចៀម ដូចដែលបានពិពណ៌នានៅទីនេះ ?

អ្នកខ្លះដែលកំពុងស្តាប់ មិនយល់ពីពាក្យប្រៀបប្រដូចដែលព្រះយេស៊ូវបានបង្រៀនទេ ( សូមមើល យ៉ូហាន ១០:៦ ) ។ ព្រះយេស៊ូវបានពន្យល់ពីរបៀបដែលពាក្យប្រៀបប្រដូចនេះបានបង្រៀនអំពីទ្រង់ ។ សូមអាន យ៉ូហាន ១០:៧–១៨, ២៧–២៨ ដោយស្វែងរកការយល់ដឹងបន្ថែមអំពីព្រះយេស៊ូវជាអ្នកគង្វាលល្អ ។ សូមបន្ថែមការសង្កេតរបស់អ្នកទៅក្នុងបញ្ជីរបស់អ្នក ។ ( កំណត់ចំណាំ ៖ អ្នកស៊ីឈ្នួលគឺជាមនុស្សដែលធ្វើការស៊ីឈ្នួលគេដើម្បីបានកម្រៃ ) ។

សូមពិចារណាចែកចាយខគម្ពីរខាងក្រោមខ្លះ ដើម្បីជួយសិស្សឲ្យស្វែងយល់បន្ថែមទៀតអំពីអ្នកគង្វាលល្អ ៖ ទំនុកដំកើង ២៣ ; អេសេគាល ៣៤:១១–១៦ ; អាលម៉ា ៥:៥៧–៦០

  • សូមក្រឡេកមើលបញ្ជីរបស់អ្នក តើពាក្យប្រៀបប្រដូចអំពីអ្នកគង្វាលល្អជួយអ្នកឲ្យយល់អ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?

  • តើអ្នកបានរៀនអ្វីខ្លះចេញពីខគម្ពីរទាំងនេះ អំពីមូលហេតុដែលអ្នកចង់ធ្វើតាមទ្រង់ ?

សូមសរសេរឃ្លាដែលមិនទាន់សរសេចប់នេះដាក់នៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យបញ្ចប់វា ។ សិស្សអាចសរសេរការយល់ដឹងដូចជា « ជីវិតដ៏បរិបូរណ៍ » « ការការពារពីចចក និងចោរ » ឬ « ជីវិតដ៏នៅអស់កល្បជានិច្ច » ។ សូមពិចារណាពិភាក្សាអំពីការឆ្លើយតបទាំងនេះណាមួយឲ្យបានពេញលេញជាងមុន ។ សូមយកចិត្តទុកដាក់លើរបៀបដែលសិស្សឆ្លើយតប ហើយបើកចិត្តចំពោះព្រះវិញ្ញាណ នៅពេលអ្នកពិចារណាអំពីសំណួរតាមដានដែលត្រូវសួរ ។

ប្រសិនបើខ្ញុំធ្វើតាមអ្នកគង្វាលល្អ នោះខ្ញុំនឹងទទួល…

  • តើបទពិសោធន៍អ្វីខ្លះដែលអ្នកនឹកឃើញ នៅពេលអ្នកមានអារម្មណ៍ថា ព្រះអង្គសង្គ្រោះយកចិត្តទុកដាក់ចំពោះអ្នកក្នុងនាមជាអ្នកគង្វាល ?

តើអ្នកអាចឮសំឡេងរបស់អ្នកគង្វាលល្អយ៉ាងដូចម្តេច ?

ផ្នែកមួយនៃមេរៀននេះមានបំណងជួយសិស្សឲ្យស្គាល់សំឡេងរបស់អ្នកគង្វាលល្អ និងបង្កើនបំណងប្រាថ្នារបស់ពួកគេក្នុងការស្តាប់ និងធ្វើតាមទ្រង់ ។ សូមពិចារណាអញ្ជើញពួកគេឲ្យសញ្ជឹងគិតអំពីសំណួរមួយចំនួន ឬទាំងអស់នៅខាងក្រោមនេះ ។

សូមគិតអំពីសំណួរខាងក្រោមនេះ ៖

  • តើអ្នកត្រូវការជំនួយ ឬការណែនាំអ្វីខ្លះពីព្រះអង្គសង្គ្រោះ ?

  • តើពរជ័យមួយណាដែលព្រះអង្គសង្គ្រោះប្រទានដល់កូនចៀមរបស់ទ្រង់ដែលអ្នកប្រាថ្នាចង់់បាន ?

  • ហេតុអ្វីបានជាអ្នកចង់បង្កើនសមត្ថភាពរបស់អ្នកក្នុងការស្តាប់សំឡេងរបស់អ្នកគង្វាលល្អ ?

នៅក្នុងពាក្យប្រៀបប្រដូចនេះ កូនចៀមរបស់អ្នកគង្វាលល្អគឺជាអ្នកទាំងឡាយណាដែល ស្ដាប់ឮព្រះសូរសៀងរបស់ទ្រង់ ហើយធ្វើតាមទ្រង់ ( សូមមើល យ៉ូហាន ១០:៣–៥, ២៧ ) ។

ប្រធាន រ័សុល អិម ណិលសុន បានផ្តល់នូវការយល់ដឹងដូចខាងក្រោមអំពីការស្តាប់ឮព្រះសូរសៀងរបស់ព្រះយេស៊ូវគ្រីស្ទ ៖

Official portrait of President Russell M. Nelson taken January 2018

ព្រះវរបិតាយើងជ្រាបថា នៅពេលយើងត្រូវបានហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជា និងភាពភ័យខ្លាច អ្វីដែលនឹងជួយយើងបំផុតគឺការស្ដាប់ព្រះរាជបុត្រាទ្រង់ ។

ដោយសារនៅពេលយើងព្យាយាមស្ដាប់—ពិតជាស្ដាប់ឮ— ព្រះរាជបុត្រាទ្រង់ យើងនឹងត្រូវបានដឹកនាំឲ្យដឹងនូវអ្វីដែលត្រូវធ្វើនៅក្នុងស្ថានភាពនានា ។

… នៅក្នុងពាក្យ [ ទាំង ] ប៉ុន្មានម៉ាត់នេះ—« ចូរស្តាប់តាមទ្រង់ចុះ »—ព្រះប្រទានលំនាំសម្រាប់ជោគជ័យ សុភមង្គល និងសេចក្ដីអំណរនៅក្នុងជីវិតនេះ ។ យើងត្រូវ ស្ដាប់ ព្រះបន្ទូលរបស់ព្រះអម្ចាស់ ប្រុងស្ដាប់ ព្រះបន្ទូលទាំងនោះ ហើយ ផ្ទៀងស្ដាប់ នូវអ្វីដែលទ្រង់បានប្រាប់ដល់យើង !

នៅពេលយើងខិតខំធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ នោះកិច្ចខិតខំរបស់យើងដើម្បីស្តាប់ទ្រង់ ចាំបាច់ត្រូវមានដោយបំណងចិត្តកាន់តែខ្លាំងឡើង ។ វាតម្រូវឲ្យមានកិច្ចខិតខំប្រឹងប្រែងដោយមនសិការ និងខ្ជាប់ខ្ជួនដើម្បីបំពេញជីវិតប្រចាំថ្ងៃរបស់យើងដោយព្រះបន្ទូលរបស់ទ្រង់ ការបង្រៀនរបស់ទ្រង់ និងសេចក្ដីពិតរបស់ទ្រង់ ។

( រ័សុល អិម ណិលសុន « Hear Him » EnsignLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៩ )

សូមពិចារណាធ្វើបញ្ជីដោយផ្អែកលើការឆ្លើយតបរបស់សិស្សចំពោះសំណួរខាងក្រោម ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៨ និង គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:៣១–៣២, ៣៤–៣៦ អាចត្រូវបានប្រើដើម្បីកំណត់ថា ព្រះសូរសៀងរបស់ព្រះអម្ចាស់ចេញមកតាមរយៈពួកព្យាការី ព្រះគម្ពីរ និងព្រះវិញ្ញាណបរិសុទ្ធ ។

  • តើមានវិធីអ្វីខ្លះដែលអាចឮសំឡេងរបស់អ្នកគង្វាលល្អ ?

សូមពិចារណាបង្ហាញវីដេអូមួយ ឬច្រើនខាងក្រោមនេះ ដែលអ្នកដឹកនាំសាសនាចក្រធ្វើការចែកចាយពីរបៀបដែលពួកលោកស្ដាប់ឮព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះ ។

ប្រសិនបើអាច សូមមើលវីដេអូដែលមានចំណងជើងថា « How I #HearHim: Elder David A. Bednar » ( ១:១៥ ) និង « How I #HearHim: Sister Joy D. Jones » ( ២:៤៥ ) ដើម្បីស្តាប់នូវឧទាហរណ៍អំពីរបៀប ដែលថ្នាក់ដឹកនាំសាសនាចក្រស្ដាប់ឮព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះ ។ វីដេអូទាំងនេះ រួមជាមួយ ឧទាហរណ៍បន្ថែម មាននៅលើគេហទំព័រ ChurchofJesusChrist.org ។

sheep
sheep
  • តើអ្នកគិតថា ការស្តាប់ឮព្រះសូរសៀងរបស់ព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកតាមតម្រូវការរបស់អ្នកយ៉ាងដូចម្តេច ?

  • តើអ្នកបានរៀន ឬទទួលអារម្មណ៍អ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ចេញពីការរៀនសូត្រអំពីតួនាទីរបស់ទ្រង់ជាអ្នកគង្វាលល្អ ?

វិចារណកថា និង ព័ត៌មានសាច់រឿង

យ៉ូហាន ១០:៧ ។ ហេតុអ្វីបានជាព្រះយេស៊ូវមានបន្ទូលថា « ខ្ញុំជាទ្វារចៀម » ?

អ្នកគង្វាលនៅអ៊ីស្រាអែលឈរនៅច្រកចូលនៃក្រោលចៀម ហើយត្រួតពិនិត្យមើលចៀមនីមួយៗ នៅពេលវាដើរចូលក្រោល ហើយព្យាបាលរបួសតាមការចាំបាច់ ។ បន្ទាប់ពីចៀមត្រូវបានកៀងចូលក្រោលនៅពេលយប់រួចហើយ អ្នកគង្វាលនឹងដេកនៅច្រកទ្វារ ជារបាំងការពារផ្លូវ ប្រយោជន៍កុំឲ្យសត្វសាហាវ ឬចោរលួចអាចធ្វើបាបចៀមខ្លួនបាន ។ សេចក្តីថ្លែងការណ៍របស់ព្រះអង្គសង្គ្រោះថា « ខ្ញុំជាទ្វារ » បញ្ជាក់យ៉ាងច្បាស់ថា ទ្រង់មានព្រះឆន្ទៈ « លះបង់ព្រះជន្ម [ របស់ទ្រង់ ] ដើម្បីចៀម » ( យ៉ូហាន ១០:៧, ១៥ ) ហើយទីបំផុត ទ្រង់នឹងសម្រេចថាតើអ្នកណានឹងចូលទៅនគរស្ថានសួគ៌ ។ ដោយប្រើរូបភាពស្រដៀងទៅនឹងទ្វារមួយ នោះព្យាការីយ៉ាកុបក្នុងព្រះគម្ពីរមរមនបានប្រកាសថា « ហើយអ្នកឆ្មាំទ្វារគឺជាព្រះដ៏បរិសុទ្ធរបស់អ៊ីស្រាអែល » ហើយថា « ទ្រង់មិនជួលបាវបម្រើនៅទីនោះទេ » ( នីហ្វៃទី២ ៩:៤១ ) ។

តើអ្វីទៅជាភាពខុសគ្នារវាងអ្នកគង្វាលល្អ និងអ្នកស៊ីឈ្នួល ?

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) បានបង្រៀន ៖

Photograph of President Ezra Taft Benson. He is seated in a leather chair in front of a fireplace. His hands are clasped in front of him and he is wearing a large turquoise ring on one finger. Official portrait. 1986

ទោះយ៉ាងណា មានពេលខ្លះដោយសារការស្រេកឃ្លាន សត្វព្រៃសាហាវនឹងលោតផ្លោះជញ្ជាំងចូលទៅក្នុងកណ្តាលហ្វូងចៀម ធ្វើឲ្យពួកវាភ័យតក់ស្លុត ។ ស្ថានភាពបែបនោះបានញែកដាច់រវាងអ្នកគង្វាលពិត—គឺជាអ្នកដែលស្រឡាញ់ចៀមរបស់គាត់—ពីអ្នកស៊ីឈ្នួល—ជាអ្នកដែលធ្វើការសម្រាប់តែប្រាក់ឈ្នួល និងតួនាទីនោះ ។

អ្នកគង្វាលពិតគឺមានឆន្ទៈនឹងលះបង់ជីវិតគាត់ដើម្បីចៀម ។ គាត់នឹងទៅក្នុងចំណោមចៀមគាត់ ហើយតស៊ូប្រយុទ្ធដើម្បីសុខុមាលភាពរបស់ពួកវា ។ ផ្ទុយទៅវិញ អ្នកស៊ីឈ្នួលឲ្យតម្លៃទៅលើសុវត្ថិភាពរបស់ខ្លួនគាត់ផ្ទាល់ ជាជាងសុវត្ថិភាពរបស់ចៀម ហើយជាធម្មតានឹងរត់គេចពីគ្រោះថ្នាក់ ។

ព្រះយេស៊ូវបានប្រើប្រាស់ការបង្ហាញដ៏សាមញ្ញនេះនៅក្នុងជំនាន់របស់ [ ទ្រង់ ] ដើម្បីប្រកាសថា ទ្រង់ជាអ្នកគង្វាលល្អ ជាអ្នកគង្វាលពិត ។ ដោយសារសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះបងប្អូនប្រុសស្រីរបស់ទ្រង់ នោះទ្រង់សុខចិត្តដាក់ព្រះជន្មរបស់ទ្រង់ចុះសម្រាប់ពួកគេដោយស្ម័គ្រព្រះទ័យ ។ ( សូមមើល យ៉ូហាន ១០:១៧–១៨ ) ។

( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « A Call to the Priesthood: ‘Feed My Sheep’ » Ensign ខែ ឧសភា ឆ្នាំ ១៩៨៣ ទំព័រ ៤៣ )

យ៉ូហាន ១០:៣០ ។ តើព្រះយេស៊ូវបានមានន័យដូចម្តេច នៅពេលទ្រង់មានបន្ទូលថា « ខ្ញុំហើយ និងព្រះវរបិតា គឺតែ១ព្រះអង្គទេ » ?

អែលឌើរ ជេហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បង្រៀន ៖

Official Portrait of Elder Jeffrey R. Holland. Photographed January 2018.

មាត្រានៃសេចក្តីជំនឿទីមួយ និងដំបូងគេរបស់យើងនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺ « យើងខ្ញុំជឿដល់ព្រះ គឺព្រះវរបិតាដ៏គង់នៅអស់កល្បជានិច្ច និងដល់ព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ហើយដល់ព្រះវិញ្ញាណបរិសុទ្ធ » [ មាត្រានៃសេចក្តីជំនឿ ១:១ ] ។ យើងជឿលើអង្គដ៏ទេវភាពទាំងបីនេះ រួមគ្នាជាក្រុមព្រះតែមួយ ដែលរួបរួមគ្នាក្នុងគោលបំណង ក្នុងគ្រប់សេចក្ដី ក្នុងទីបន្ទាល់ ក្នុងបេសកកម្ម ។ យើងជឿថា ទ្រង់គឺពោរពេញដោយញាណដ៏ជាព្រះនៃសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់ សេចក្ដីយុត្តិធម៌ និងព្រះគុណ ការអត់ធ្មត់ ការអភ័យទោស និងការប្រោសលោះដូចគ្នា ។ ខ្ញុំគិតថា វាត្រឹមត្រូវដើម្បីនិយាយថាយើងជឿថា ទ្រង់ទាំងបីអង្គគឺតែមួយក្នុងគ្រប់កិច្ចការដ៏សំខាន់ និងដ៏នៅអស់កល្បជានិច្ច ប៉ុន្តែ សូមកុំជឿថា ទ្រង់ទាំងបីអង្គគឺជាតួអង្គបីដែលរួមចូលគ្នាតែមួយឡើយ ជំនឿដែលថាទ្រង់ទាំងបីអង្គគឺជាត្រៃទេព ជាតួអង្គតែមួយពុំមានឡើយនៅក្នុងព្រះគម្ពីរ ដោយសារវាមិនពិតទេ ។

( ជែហ្វ្រី អ័រ ហូឡិន « The Only True God and Jesus Christ Whom He Hath Sent » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៤០ )

សកម្មភាពរៀនសូត្របន្ថែម

តើអ្នកអាចឮសំឡេងរបស់អ្នកគង្វាលល្អយ៉ាងដូចម្តេច ?

សូមពិចារណាសកម្មភាពខាងក្រោមនេះជាជម្រើសមួយ ដើម្បីចាប់ផ្តើមវគ្គដែលមានចំណងជើងដូចគ្នានេះនៅក្នុងមេរៀន ។

សូមបិទភ្នែកសិស្ស ឬសុំឲ្យពួកគេបិទភ្នែករបស់ខ្លួនឯង ។ ប្រសិនបើថ្នាក់របស់អ្នកមានសិស្សច្រើននាក់ សូមឲ្យសិស្សជាច្រើនទៀតបិទភ្នែកផងដែរ ។ បន្ទាប់មក សូមជ្រើសរើសសិស្សដែលនៅសេសសល់ពីរបីនាក់ដោយស្ងៀមស្ងាត់ ហើយអញ្ជើញពួកគេម្នាក់ម្តងៗឲ្យអាន យ៉ូហាន ១០:២៧ ឲ្យឮៗ ។ សូមមើលថាតើសិស្សដែលបិទភ្នែកនោះ អាចស្គាល់សំឡេងរបស់សិស្សដែលកំពុងអានខគម្ពីរនោះដែរឬទេ ។  

សូមពិចារណាសួរសំណួរ « តើវាត្រូវការអ្វីខ្លះដើម្បីស្គាល់សំឡេងរបស់នរណាម្នាក់ឲ្យបានច្បាស់ ដើម្បីអ្នកអាចញែកវាដាច់ពីសំឡេងផ្សេងទៀតបាន ? » 

ចៀមផ្សេងទៀត

នៅក្នុង យ៉ូហាន ១០:១៦ ព្រះអង្គសង្គ្រោះបានបង្រៀនពួកសាសន៍យូដានៅក្នុងក្រុងយេរូសាឡិមថា ទ្រង់នឹងជួបបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌នៅទឹកដីផ្សេងទៀត បង្រៀនពួកគេអំពីដំណឹងល្អទ្រង់ ហើយនាំពួកគេចូលមកឯក្រោលទ្រង់ ( សាសនាចក្រទ្រង់ ) ។ ព្រះគម្ពីរមរមនបានពន្យល់អំពីខគម្ពីរនេះ ។

សិស្សអាចអាន នីហ្វៃទី៣ ១៥:១៣–១៧, ២១ ; ១៦:១–៣ ដោយរកមើលវិធីមួយដែលការព្យាករនេះត្រូវបានសម្រេច ។ សូមពិចារណាផ្តល់យោបល់ឲ្យសិស្សផ្ទៀងផ្ទាត់សេចក្តីយោងខគម្ពីរទាំងនេះជាមួយ យ៉ូហាន ១០:១៦ ឬឲ្យពួកគេគូសសម្គាល់ យ៉ូហាន ១០:១៦ ។ សិស្សអាចត្រូវបានអញ្ជើញឲ្យពិភាក្សាអំពីអ្វី ដែលការយល់ដឹងទាំងនេះបង្រៀនយើងអំពីបុគ្គលិកលក្ខណៈ និងបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទ ។