លូកា ១២–១៧; យ៉ូហាន ១១
ទិដ្ឋភាពទូទៅ
ព្រះអង្គសង្គ្រោះបានបង្រៀនពាក្យប្រៀបប្រដូចអំពីចៀមដែលវង្វេងបាត់ កាក់ដែលបាត់ និងកូនដែលខ្ជះខ្ជាយ ។ ទ្រង់ក៏បានប្រោសមនុស្សឃ្លង់ដប់នាក់ឲ្យជា ហើយប្រោសឡាសារឲ្យរស់ពីស្លាប់ផងដែរ ។ សប្តាហ៍នេះរួមបញ្ចូលការរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ ដើម្បីជួយសិស្សឲ្យអនុវត្តតាមវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
លូកា ១៥
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យទទួលស្គាល់ និងមានអារម្មណ៍ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់ និងឲ្យតម្លៃពួកគេ និងអ្នកដទៃខ្លាំងប៉ុណ្ណា ។
-
ការរៀបចំរបស់សិស្ស ៖ សូមលើកទឹកចិត្តសិស្សឲ្យសិក្សាពាក្យប្រៀបប្រដូចមួយ ឬទាំងអស់នៅក្នុង លូកា ១៥ មុនពេលចូលរៀន ។ សូមអញ្ជើញពួកគេឲ្យពិចារណាអំពីអ្វីដែលពាក្យប្រៀបប្រដូចទាំងនោះបង្រៀនអំពីសេចក្ដីស្រឡាញ់របស់ព្រះ ។
-
សម្ភារ ៖ អាហារ និងលុយមួយចំនួន ឬគំនូរមួយសន្លឹកអំពីអាហារ និងលុយ
-
វីដេអូ ៖ «The Prodigal Son » ( ៥:៣៣ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ បន្ទាប់ពីសិស្សបានគូររូបអ្នកគង្វាល និងចៀម ឬឪពុកដែលឱបកូនប្រុសរបស់គាត់ ហើយសរសេរពាក្យ និងឃ្លាជុំវិញគំនូររបស់ពួកគេរួចហើយ សូមអញ្ជើញសិស្សឲ្យលើកគំនូររបស់ពួកគេឡើងដាក់មុខអេក្រង់ ហើយចែកចាយអ្វីមួយអំពីគំនូរនោះ ដែលមានអត្ថន័យជាពិសេសចំពោះពួកគេ ។ សូមឲ្យសិស្សក្នុងថ្នាក់កំណត់ការមើលរបស់ពួកគេទៅរកអ្នកនិយាយ ដើម្បីពួកគេអាចមើលឃើញថានរណាកំពុងនិយាយ ។ ការធ្វើដូច្នេះនឹងជួយឲ្យពួកគេមើលឃើញគំនូរដែលសិស្សកំពុងចែកចាយ ។
លូកា ១៧:១១–១៩
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យមានអារម្មណ៍ និងបង្ហាញការដឹងគុណចំពោះព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងអ្នកដទៃ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមកថ្នាក់រៀនដោយបានរៀបចំខ្លួន ដើម្បីចែកចាយបទពិសោធន៍ថ្មីៗ នៅពេលពួកគេមានអារម្មណ៍ដឹងគុណចំពោះព្រះវរបិតាសួគ៌ ឬព្រះយេស៊ូវគ្រីស្ទ ។ ម៉្យាងទៀត សិស្សអាចបង្កើតបញ្ជីមួយដែលពិពណ៌នាអំពីអ្វីដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់ពួកគេ ។
-
សំណៅចែក ៖ សំណៅណែនាំស្តីពីការអានដោយប្រុងប្រយ័ត្ន និងការមើលឃើញ
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ បន្ទាប់ពីសិស្សអាន លូកា ១៧:១១–១៤ ដោយប្រុងប្រយ័ត្នហើយ នោះវាអាចមានប្រយោជន៍ក្នុងការបង្ហោះសំណួរពីក្នុងសំណៅណែនាំអំពីការអានដោយប្រុងប្រយ័ត្ន និងការមើលឃើញនៅក្នុងមុខងារឈែត ។ ប្រសិនបើសិស្សព្យាយាមឆ្លើយសំណួរទាំងនេះជាក្រុមតូចៗដោយប្រើមុខងារបន្ទប់បំបែក សូមអញ្ជើញពួកគេឲ្យចម្លង និងបិទភ្ជាប់សំណួរនោះទៅក្នុងឯកសារមួយផ្សេងទៀត ។ នៅក្នុងកម្មវិធីសន្និសីទវីដេអូជាច្រើន សិស្សមិនអាចចូលប្រើមុខងារឈែតសម្រាប់ថ្នាក់បានទេ ខណៈពេលដែលកំពុងនៅក្នុងបន្ទប់បំបែក ។
យ៉ូហាន ១១:១–៤៦ ផ្នែកទី ១
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យស្គាល់សេចក្តីពិតអំពីព្រះយេស៊ូវគ្រីស្ទ និងគោលការណ៍ដែលអាចដឹកនាំពួកគេឲ្យឆ្លងកាត់បញ្ហាប្រឈមក្នុងជីវិតបាន ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសិក្សា យ៉ូហាន ១១ ហើយរកមើលគោលការណ៍ដែលអាចជួយពួកគេឲ្យទទួលបានជំនួយពីព្រះអង្គសង្គ្រោះនៅក្នុងការសាកល្បងរបស់ពួកគេ ។ ពួកគេអាចធ្វើវាដោយខ្លួនឯងបាន ឬជាមួយក្រុមគ្រួសាររបស់ពួកគេ ។ សូមលើកទឹកចិត្តសិស្សឲ្យមករៀនដោយបានរៀបចំខ្លួន ដើម្បីចែកចាយអ្វីដែលពួកគេបានរកឃើញ ។
-
វីដេអូ ៖ « Lazarus Is Raised from the Dead » ( ៧:៥១ )
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាអញ្ជើញសិស្សម្នាក់ ឬពីរនាក់ដែលបានជួបប្រទះនឹងបញ្ហាប្រឈមសំខាន់ៗ ឲ្យចែកចាយអំពីបញ្ហាប្រឈមទាំងនោះនៅដើមមេរៀន ប្រសិនបើវាសមរម្យ ហើយបើពួកគេមានអារម្មណ៍ស្រួលក្នុងការធ្វើដូច្នេះ ។ នៅពេលពួកគេស្រាវជ្រាវ យ៉ូហាន ១១:១–៤៦ នៅក្នុងថ្នាក់ សូមអញ្ជើញពួកគេឲ្យចែកចាយគោលការណ៍ដែលពួកគេគិតថាអាចជួយដោះស្រាយបញ្ហាទាំងនេះបាន ។ ម្យ៉ាងវិញទៀត សិស្សពីរបីនាក់អាចអញ្ជើញឲ្យមិត្តភក្តិ ឬសមាជិកគ្រួសារមកមើលវីដេអូជាមួយនឹងពួកគេបាន ដើម្បីចែកចាយបញ្ហាប្រឈមដែលពួកគេធ្លាប់ជួបប្រទះ ។
យ៉ូហាន ១១:១–៤៦ ផ្នែកទី ២
គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សបង្រៀនពីគោលការណ៍ដែលអាចជួយពួកគេ និងអ្នកដទៃឲ្យទទួលបានជំនួយពីព្រះអង្គសង្គ្រោះ អំឡុងពេលមានបញ្ហាប្រឈមនៅក្នុងជីវិត ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីអ្វីដែលពួកគេបានរៀនចេញពីដំណើររឿងរបស់ ម៉ារា ម៉ាថា ឡាសារ និងព្រះអង្គសង្គ្រោះនៅក្នុង យ៉ូហាន ១១:១–៤៦ ។ សូមប្រាប់ពួកគេថា ពួកគេនឹងមានឱកាសបង្រៀនអំពីគោលការណ៍ដែលពួកគេបានរៀនចេញពីដំណើររឿងនេះ ។ សូមអញ្ជើញពួកគេឲ្យមករៀនដោយបានត្រៀមខ្លួនចែកចាយគំនិត អំពីរបៀបដែលពួកគេអាចបង្រៀនគោលការណ៍នោះបានប្រកបដោយប្រសិទ្ធភាព ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សូមពិចារណាបែងចែកសិស្សនៅក្នុងបន្ទប់បំបែកដោយផ្អែកលើគោលការណ៍ដែលពួកគេចង់បង្រៀន ។ សិស្សអាចរៀបចំមេរៀនសង្ខេបមួយ ហើយបន្ទាប់មក ក្រុមជាច្រើនអាចបង្ហាញមេរៀនរបស់ពួកគេដល់សិស្សក្នុងថ្នាក់តាមដែលអាចធ្វើទៅបាន ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៧
គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សរៀនអនុវត្តគោលលទ្ធិមួយចំនួន ដែលពួកគេបានសិក្សានៅឆ្នាំនេះទៅក្នុងជីវិតរបស់ពួកគេ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ដែលពួកគេមានអារម្មណ៍ថាពិបាកអនុវត្តក្នុងជីវិតរបស់ពួកគេ និងវគ្គបទគម្ពីរមួយដែលពួកគេយល់ថាងាយស្រួលអនុវត្ត ។ សូមអញ្ជើញពួកគេឲ្យត្រៀមខ្លួនដើម្បីពន្យល់ពីមូលហេតុ ។
-
យោបល់សម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ៖ សិស្សអាចស្រមៃថា ពួកគេជាអ្នកផ្សព្វផ្សាយសាសនាតាមអនឡាញ ហើយដើរតួក្នុងការបង្រៀនគ្រួសារមួយ ( ដែលតំណាងដោយគ្រូ ឬអ្នកផ្សេងទៀតដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងសកម្មភាពនេះ ) ។ សូមប្រើមុខងារវីដេអូ និងមុខងារឈែត ដើម្បីធ្វើឲ្យដូចជាការណាត់ជួបអ្នកផ្សព្វផ្សាយសាសនាតាមអនឡាញពិតប្រាកដមួយ ។