ចំណេះចំណានខាងគោលលទ្ធិ ៖ លូកា ២:១០–១២
ព្រះយេស៊ូវគ្រីស្ទបានប្រសូតមកជាព្រះអង្គសង្រ្គោះ និងជាព្រះអម្ចាស់
នៅក្នុងមេរៀនមុន អ្នកបានសិក្សាទីបន្ទាល់របស់ទេវតាដល់ពួកអ្នកគង្វាលថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ និងជាព្រះអង្គសង្គ្រោះនៃពិភពលោក ( សូមមើល លូកា ២:១០–១២ ) ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យអ្នកបង្ហាញការយល់ដឹងរបស់អ្នកអំពីគោលលទ្ធិនេះ នៅពេលអ្នកអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណទៅនឹងស្ថានភាពក្នុងជីវិតជាក់ស្តែង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទន្ទេញ និងពន្យល់
សូមមើលរូបភាពការប្រសូតរបស់ព្រះអង្គសង្គ្រោះ ហើយសូត្រសេចក្ដីយោង និងឃ្លាខគម្ពីរសំខាន់ៗពីក្នុង លូកា ២:១០–១២ ៖ « ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។ សូមធ្វើសារឡើងវិញរហូតដល់អ្នកមានទំនុកចិត្តថា អ្នកអាចសូត្រដោយចាំមាត់បាន ។
សូមមើលរូបភាពពីការប្រសូត្ររបស់ព្រះអង្គសង្គ្រោះ ។ សូមសរសេរពីរ ឬបីប្រយោគដើម្បីពន្យល់ពីមូលហេតុដែលព្រឹត្តិការណ៍នេះដូចបានបង្ហាញនេះ « ប្រាប់ដំណឹងល្អដល់អ្នករាល់គ្នាពីសេចក្តីអំណរយ៉ាងអស្ចារ្យ » ( លូកា ២:១០ ) ។
រៀនអនុវត្ត
សូមចំណាយពេលពីរបីនាទីដើម្បីពិនិត្យមើលគោលការណ៍នៅក្នុង កថាខណ្ឌទី ៥–១២ នៅផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ ចំពោះគោលការណ៍នីមួយៗ សូមគូសចំណាំយ៉ាងហោចណាស់មួយប្រយោគ ដែលអ្នកចង់ពន្យល់ពីគោលគំនិតនេះ ។
សូមពិចារណាពីស្ថានភាពខាងក្រោម ៖
មិត្តភក្តិរបស់អ្នកម្នាក់ពុំមែនជាអ្នកមានជំនឿលើសាសនានោះទេ ថ្មីៗនេះគាត់បានឃើញពួកអ្នកផ្សព្វផ្សាយសាសនាមួយគូកំពុងនិយាយជាមួយមនុស្សម្នានៅឯសួនច្បារ ។ មិត្ដរបស់អ្នកសួរអ្នកថា « ហេតុអ្វីបានជាពួកអ្នកផ្សព្វផ្សាយសាសនាពីព្រះវិហាររបស់ឯង ចេញទៅផ្សព្វផ្សាយអំពីព្រះយេស៊ូវ ? វាហាក់ដូចជាឯងកំពុងតែបង្ខិតបង្ខំមនុស្សផ្សេងឲ្យជឿដូចឯងដូច្នោះដែរ ។ ហេតុអ្វីឯងមិនទុកឲ្យមនុស្សទាំងនោះរីករាយតាមជីវិតរស់នៅរបស់ពួកគេទៅ ? »
ដោយគិតដល់ស្ថានភាពនេះក្នុងចិត្ត សូមសិក្សាគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណដូចខាងក្រោម ហើយពិចារណាពីរបៀបដែលវាអាចជួយអ្នកឲ្យឆ្លើយនឹងសំណួររបស់មិត្តអ្នកបាន ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
« យើងធ្វើសកម្មភាពដោយសេចក្ដីជំនឿនៅពេលយើងជ្រើសរើសទុកចិត្តលើព្រះ ហើយបែរទៅរកទ្រង់ជាដំបូងបំផុត » ( ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » កថាខណ្ឌទី ៥ ) ។
-
តើឃ្លាអ្វីខ្លះដែលអ្នករកឃើញនៅក្នុង កថាខណ្ឌទី ៥–៧ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » ដែលអាចជួយអ្នកក្នុងស្ថានភាពនេះបាន ?
-
តើការធ្វើសកម្មភាពដោយសេចក្តីជំនឿអាចជួយអ្នកបានយ៉ាងដូចម្ដេច ពេលអ្នកស្វែងរកចម្លើយសម្រាប់មិត្តរបស់អ្នកនោះ ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ
« ដើម្បីពិនិត្យមើល [ គោលគំនិត និងសំណួរ ] ដោយទស្សនវិស័យដ៏អស់កល្បជានិច្ចមួយ នោះយើងគួរពិចារណាវាក្នុងបរិបទនៃផែនការនៃសេចក្ដីសង្គ្រោះ និងការបង្រៀនទាំងឡាយរបស់ព្រះអង្គសង្គ្រោះ » ( ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » កថាខណ្ឌទី ៨ ) ។
សូមពិនិត្យមើល លូកា ២:១០–១២ ។ សូមគិតអំពីអ្វីដែលវគ្គបទគម្ពីរនេះបង្រៀន រួមជាមួយអ្វីដែលអ្នកដឹងរួចហើយអំពីព្រះយេស៊ូវគ្រីស្ទ ។
-
តើព្រះអង្គសង្គ្រោះមានតួនាទីអ្វីខ្លះនៅក្នុងផែនការនៃសេចក្ដីសង្គ្រោះ ?
-
ហេតុអ្វីវាសំខាន់សម្រាប់អ្នកដែលមិនទាន់ស្គាល់ព្រះយេស៊ូវគ្រីស្ទត្រូវរៀនសូត្រអំពីទ្រង់ ?
-
ហេតុអ្វីវាសំខាន់ដែលយើងត្រូវចែករំលែកសារលិខិតនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ដល់មនុស្សគ្រប់គ្នា រួមទាំងគ្រិស្ដសាសនិកផ្សេងទៀតដែលបានទទួលយកទ្រង់រួចហើយនោះ ?
-
តើអ្នកអាចប្រើចម្លើយចំពោះសំណួរមុនៗ ដើម្បីឆ្លើយនឹងមិត្តរបស់អ្នកយ៉ាងដូចម្តេច ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
ដើម្បីជួយយើងឲ្យទទួលបានចំណេះដឹងខាងវិញ្ញាណ ព្រះអម្ចាស់ « បានបង្កើតប្រភពជាច្រើនតាមរយៈអ្វីដែលទ្រង់បើកសម្តែងសេចក្ដីពិត និងការណែនាំដល់កូនចៅរបស់ទ្រង់ » ( ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » កថាខណ្ឌទី ១១ ) ។
សូមមើលប្រភពដ៏បំផុសគំនិតមួយ ឬច្រើនដូចខាងក្រោមនេះ ដោយស្វែងរកព័ត៌មានដែលអាចជួយអ្នកឲ្យឆ្លើយសំណួររបស់មិត្តអ្នក ។
-
« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ( នៅលើគេហទំព័រ ChurchofJesusChrist.org )
-
ខគម្ពីរដែលអ្នកបានភ្ជាប់ ឬធ្វើសេចក្ដីយោងទៅ លូកា ២:១០–១២ នៅក្នុងមេរៀនមុន
-
ចម្រៀងដែលបានរាយនាមក្រោមប្រធានបទ « ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង សៀវភៅទំនុកតម្កើង
សូមពិចារណាពីអ្វីដែលប្រភពទាំងនេះបង្រៀនអំពីរបៀបដែលព្រះអង្គសង្គ្រោះ និងការបង្រៀនទាំងឡាយរបស់ទ្រង់អាចនាំឲ្យមនុស្សមានអំណរ ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ និងការបង្រៀនទាំងឡាយរបស់ទ្រង់ ដែលអាចនាំឲ្យមនុស្សមានអំណរនៅក្នុងជីវិតនេះ និងនៅក្នុងជីវិតក្រោយទៀត ?
-
តើបទពិសោធន៍ផ្ទាល់ខ្លួនអ្វីខ្លះជាមួយព្រះអង្គសង្គ្រោះ ឬការបង្រៀនទាំងឡាយរបស់ទ្រង់ដែលបានធ្វើឲ្យអ្នកមានអំណរ ?
-
តើចម្លើយរបស់អ្នកចំពោះសំណួរទាំងនេះអាចជួយអ្នក ឲ្យឆ្លើយសំណួររបស់មិត្តអ្នកបានយ៉ាងដូចម្តេច ?