លូកា ២:៤០–៥២
ព្រះយេស៊ូវ « មានវ័យចម្រើនធំឡើង មានកម្លាំងខាងវិញ្ញាណ »
កាលពីនៅវ័យក្មេង ព្រះអង្គសង្គ្រោះបានបង្រៀនដំណឹងល្អប្រកបដោយព្រះចេស្តាដែលសូម្បីតែពួកអាចារ្យក្នុងព្រះវិហារ « ក៏អស្ចារ្យក្នុងចិត្តពីប្រាជ្ញា ហើយនិងពាក្យចម្លើយរបស់ទ្រង់ » ( លូកា ២:៤៧ ) ដែរ ។ មេរៀននេះនឹងជួយសិស្សឲ្យពង្រឹងបំណងប្រាថ្នារបស់ពួកគេ ដើម្បីក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ តាមរយៈការព្យាយាមអភិវឌ្ឍខាងបញ្ញា ខាងរាងកាយ ខាងវិញ្ញាណ និងខាងសង្គម ។ អ្នកក៏នឹងមានឱកាសវាយតម្លៃគោលដៅបច្ចុប្បន្នរបស់អ្នកនៅក្នុង ការអភិវឌ្ឍផ្ទាល់ខ្លួន ៖ សៀវភៅមគ្គុទ្ទេសក៍សម្រាប់យុវវ័យ ( ឆ្នាំ ២០១៩ ) ឬបង្កើតគោលដៅថ្មីៗផងដែរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ព្រះយេស៊ូវបានចម្រើនវ័យធំឡើងនៅក្នុងយុវវ័យរបស់ទ្រង់
សូមសិក្សារូបភាពទាំងនេះអំពីព្រះអង្គសង្គ្រោះក្នុងយុវវ័យរបស់ទ្រង់ ។ សូមគិតអំពីអ្វីដែលព័ត៌មានលម្អិតនៅក្នុងរូបភាពនីមួយៗបង្ហាញអំពីព្រះយេស៊ូវ ។
-
តើការដឹងថាព្រះយេស៊ូវយ៉ាងណា ពេលទ្រង់នៅជាកុមារ អាចជួយអ្នកដែលជាយុវវ័យម្នាក់បានយ៉ាងដូចម្ដេច ?
យើងមានព័ត៌មានលម្អិតមួយចំនួនអំពីយុវវ័យរបស់ព្រះយេស៊ូវ ប៉ុន្តែអ្វីដែលបានកត់ទុកអាចជាពរជ័យដ៏អស្ចារ្យ និងជាការណែនាំដល់អ្នក នៅពេលអ្នកព្យាយាមលូតលាត់ និងរីកចម្រើន ។ កាលអ្នករៀនអំពីយុវវ័យរបស់ព្រះអង្គសង្គ្រោះ សូមរកមើលសេចក្តីពិតដែលអាចជួយអ្នកឲ្យដឹងថា តើចំណុចណាដែលអ្នកគួរតែផ្តោតលើ កាលអ្នកព្យាយាមប្រែក្លាយដូចជាព្រះវរបិតាសួគ៌របស់យើង និងព្រះយេស៊ូវគ្រីស្ទ ។
សូមអាន លូកា ២:៤០–៥២ និង ការបកប្រែដោយយ៉ូសែប ស៊្មីធ ម៉ាថាយ ៣:២៤–២៦ ( នៅក្នុងឧបសម្ព័ន្ធព្រះគម្ពីរប៊ីប ) ដោយរកមើលព័ត៌មានលម្អិតថា តើព្រះអង្គសង្រ្គោះមានលក្ខណៈបែបណា កាលទ្រង់មានព្រះជន្មនៅក្មេង ។ អ្នកអាចគូសចំណាំអ្វីដែលអ្នកបានរកឃើញ ។
អ្នកក៏អាចមើលវីដេអូ « Young Jesus Teaches in the Temple » ( ២:៣០ ) ផងដែរ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
សូមកត់សម្គាល់ថា ឃ្លាដែលថា « មានកម្លាំងខាងវិញ្ញាណរឹតតែច្រើនឡើង » ( លូកា ២:៤០ ; សូមមើលផងដែរ ការបកប្រែដោយយ៉ូសែប ស្ម៊ីធ ម៉ាថាយ ៣:២៤ [ នៅក្នុងឧបសម្ព័ន្ធព្រះគម្ពីរប៊ីប ] ) មានន័យថាព្រះយេស៊ូវ បានបង្កើន ឬរីកចម្រើនខាងកម្លាំងខាងវិញ្ញាណ ។ វាអាចមានអត្ថប្រយោជន៍ដែលដឹងថា យោងតាមការបកប្រែដោយយ៉ូសែប ស្ម៊ីធ លូកា ២:៤៦ ( នៅក្នុង លូកា ២:៤៦ ) ព្រះយេស៊ូវដ៏ក្មេងសេចក្តីមិនបានស្តាប់តាមពួកបណ្ឌិត ឬពួកអាចារ្យនោះទេ ហើយសួរសំណួរពួកគេ ប៉ុន្តែ « ពួកគេស្តាប់ទ្រង់ ហើយសួរសំណួរទ្រង់ » ។
-
តើសាច់រឿងនេះបង្រៀនអ្នកអ្វីខ្លះ អំពីលក្ខណៈរបស់ព្រះយេស៊ូវកាលទ្រង់នៅក្មេងនោះ ?
-
តើ ខទី ៥២ បង្រៀនអ្នកអ្វីខ្លះអំពីរបៀបដែលព្រះយេស៊ូវបានចម្រើនវ័យធំឡើងនៅក្នុងយុវវ័យរបស់ទ្រង់ ?
តាមរយៈ លូកា ២:៥២ យើងរៀនថា យើងធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ កាលណាយើងរីកចម្រើនខាងបញ្ញា ខាងរាងកាយ ខាងវិញ្ញាណ និងខាងសង្គម។
-
តើឧទាហរណ៍អ្វីខ្លះចេញពីបទគម្ពីរនេះ ដែលព្រះយេស៊ូវគ្រីស្ទបានបង្ហាញពីសមត្ថភាពរបស់ទ្រង់ក្នុងចំណុចទាំងបួននេះ ?
-
តើមានហេតុផលអ្វីខ្លះដែលអ្នកចង់ធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះនៅក្នុងចំណុចទាំងបួននៃជីវិតនេះ ?
ព្យាការីទាំងឡាយបានជំរុញយុវជនក្នុងសាសនាចក្រឲ្យធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ដូចបានបង្ហាញនៅក្នុង លូកា ២:៥២ ហើយថ្នាក់ដឹកនាំសាសនាចក្របានណែនាំសៀវភៅ ការអភិវឌ្ឍផ្ទាល់ខ្លួន ៖ សៀវភៅមគ្គុទ្ទេសក៍សម្រាប់យុវវ័យ ដើម្បីជួយអ្នក ។
សូមមើលវីដេអូ ៖ « You Are Here to Discover Who You Are » ( ២:៥៩ ) ហើយរកមើលរបៀបដែលអ្នកអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ នៅពេលអ្នកដាក់គោលដៅ ដែលជាផ្នែកមួយនៃកម្មវិធីកុមារ និងយុវវ័យ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
ចក្ខុវិស័យនៃ ការអភិវឌ្ឍផ្ទាល់់ខ្លួន ៖ សៀវភៅមគ្គុទ្ទេសក៍សម្រាប់យុវវ័យ គឺ « ដើម្បីពង្រឹងសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ ហើយជួយអ្នក ព្រមទាំងគ្រួសាររបស់អ្នកឲ្យរីកចម្រើននៅលើផ្លូវនៃសេចក្ដីសញ្ញា នៅពេលអ្នកជួបនឹងឧបសគ្គក្នុងជីវិត » ( តើកុមារ និងយុវវ័យមានន័យយ៉ាងណា ? » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ជាការបន្ថែមលើសៀវភៅមគ្គុទ្ទេសក៍ដែលបានបោះពុម្ពផ្សាយ ក៏មានកំណែឌីជីថលអាចប្រើបានដែរ ។ អ្នកអាចរកកំណែឌីជីថលនៅក្នុងបណ្ណាល័យដំណឹងល្អ និងកម្មវិធីការរស់នៅតាមដំណឹងល្អបាន ។
តាមរយៈការធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ អ្នកក៏អាចរីកចម្រើនក្នុងរបៀបមួយដែលមានតុល្យភាពនៅក្នុងផ្នែកទាំងបួននៃជីវិតរបស់អ្នកផងដែរ ៖ ខាងវិញ្ញាណ ខាងសង្គម ខាងរូបកាយ និងខាងបញ្ញា ។ សូមស្វែងរកការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកកំណត់គោលដៅទាំងឡាយ ។ សូមស្តាប់តាមការបំផុសគំនិតដែលអាចជួយអ្នកឲ្យឃើញចំណុច ដែលព្រះអម្ចាស់ចង់ជួយអ្នកឲ្យផ្តោតការអភិវឌ្ឍខ្លួនរបស់អ្នកលើ ដើម្បីប្រែក្លាយដូចជាទ្រង់ ។ អ្នកអាចរកបានគំនិតមួយចំនួននៅលើវិបសាយដូចខាងក្រោម ៖
ទំព័រ « សម្រាប់យុវវ័យ » នៃវិបសាយកុមារ និងយុវវ័យ
មតិព័ត៌មានបំផុសគំនិតនៃកម្មវិធីការរស់នៅតាមដំណឹងល្អ
នៅក្នុងច្បាប់ចម្លងនៃ ការអភិវឌ្ឍផ្ទាល់ខ្លួន ៖ សៀវភៅមគ្គុទ្ទេសក៍សម្រាប់យុវវ័យ សូមពិចារណាដាក់គោលដៅជីវិតរបស់អ្នកក្នុងចំណុចទាំងបួននេះ ។ ប្រសិនបើអ្នកបានចាប់ផ្តើមអនុវត្តគោលដៅរបស់អ្នកហើយ សូមវាយតម្លៃថាតើអ្នកធ្វើតាមគោលដៅនោះដល់ណាហើយ និងវាយតម្លៃពីរបៀបធ្វើការកែលម្អតាមតម្រូវការ ។ សូមពិភាក្សាពីគោលដៅរបស់អ្នកជាមួយឪពុកម្តាយ និងថ្នាក់ដឹកនាំក្នុងសាសនាចក្ររបស់អ្នកឲ្យបានទៀងទាត់ ។ អ្នកក៏អាចចែករំលែកគោលដៅ និងបទពិសោធន៍របស់អ្នកដោយប្រើ #StrivetoBe ផងដែរ ។
ព្រះយេស៊ូវគ្រីស្ទនឹងជួយអ្នក នៅពេលអ្នកកំណត់គោលដៅ ហើយព្យាយាមប្រែក្លាយដូចជាទ្រង់ ។ ទ្រង់បានសន្យាថា ពេលអ្នកមករកទ្រង់ ហើយអនុវត្តសេចក្ដីជំនឿដោយបន្ទាបខ្លួន នោះទ្រង់នឹង « ធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែ » វិញ ( អេធើរ ១២:២៧ ) ។
-
តើអ្នកចង់កែលម្អអ្វីខ្លះនៅក្នុងផ្នែកនេះនៃជីវិតរបស់អ្នក ? ហេតុអ្វីទៅ ?
-
តើការអភិវឌ្ឍចំណុចនេះនឹងជួយអ្នកឲ្យក្លាយដូចជាព្រះអង្គសង្គ្រោះតាមរបៀបណាខ្លះ ?
-
តើអ្នកអាចជួបនឹងឧបសគ្គអ្វីខ្លះ ?
-
តើអ្នកនឹងស្វែងរកជំនួយ និងការណែនាំពីព្រះវរបិតាសួគ៌ដោយរបៀបណា ?