លូកា ២:១–១៤
« នៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នា … »
យ៉ូសែប និងម៉ារាបានធ្វើដំណើរទៅកាន់ភូមិបេថ្លេហិម ជាកន្លែងដែលព្រះយេស៊ូវបានប្រសូត ។ ទេវតាមួយអង្គបានប្រកាសពីការប្រសូតរបស់ព្រះអង្គសង្គ្រោះដល់ពួកអ្នកគង្វាលនៅជិតភូមិបេថ្លេហិម ( សូមមើល លូកា ២:៩–១២ ) « ហើយ … នោះស្រាប់តែមានពួកពលបរិវារកកកុញពីស្ថានសួគ៌ មកនៅជាមួយនឹងទេវតានោះ ក៏ពោលសរសើរដល់ព្រះថា សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់ » ( លូកា ២:១៣–១៤ ) ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យពិនិត្យមើលព្រឹត្តិការណ៍នៃការប្រសូតរបស់ព្រះអង្គសង្រ្គោះ ហើយណែនាំអ្នកអំពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ លូកា ២:១០–១២ ។ អ្នកនឹងសិក្សាពីតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្រ្គោះរបស់អ្នក ហើយរៀនពីអ្វីដែលទ្រង់បានជួយសង្រ្គោះអ្នក ដើម្បីអ្នកក៏អាចបានតម្កើងឡើង និងសរសើរដល់ព្រះចំពោះអំណោយទាននៃព្រះរាជបុត្រារបស់ទ្រង់ ដូចជាពួកទេវតាបានធ្វើដែរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ប្រសូតិកម្ម
សូមយកតុក្កតានៃប្រសូតិកម្មតូចមួយឈុតមក ឬបង្ហាញរូបភាពនៃប្រសូតិកម្ម ។
-
តើព័ត៌មានលម្អិតអ្វីខ្លះដែលអ្នកចូលចិត្តអំពីប្រសូតិកម្ម ?
-
ហេតុអ្វីបានជាព័ត៌មានលម្អិតទាំងនេះសំខាន់ចំពោះអ្នក ?
សិស្សអាចអានខគម្ពីរខាងក្រោមជាលក្ខណៈបុគ្គល ជាគូៗ ឬជាក្រុមតូចៗ ឬពួកគេអាចផ្ទៀងតាម នៅពេលអ្នកអានម្នាក់ចាប់អាន ។
សូមអាន លូកា ២:១–១៤ ដោយស្វែងរកព័ត៌មានលម្អិតទាំងនោះដែលសំខាន់ចំពោះអ្នក ឬព័ត៌មានលម្អិតថ្មីៗដែលអ្នកប្រហែលជាមិនបានកត់សម្គាល់ពីមុនមកនៅក្នុងប្រសូតិកម្ម ។
-
តើមានព័ត៌មានលម្អិតអ្វីខ្លះនៅក្នុងប្រសូតិកម្ម ដែលអ្នកបានកត់សម្គាល់ឃើញថាមានសារៈសំខាន់ចំពោះអ្នក ?
ប្រសិនបើសិស្សសង្កេតមើលការបង្ហាញ ឬរូបភាពអំពីប្រសូតិកម្ម នោះវាអាចមានប្រយោជន៍ដើម្បីអញ្ជើញពួកគេឲ្យពន្យល់ពីអ្វីដែលមាននៅក្នុងការបង្ហាញនោះ ដែលមិនមែនជាផ្នែកនៃរឿងរ៉ាវនៅក្នុង លូកា ២:១–១៤ ។ ជាពិសេស វាអាចមានអត្ថប្រយោជន៍ដើម្បីពន្យល់ថា ទាំងដំណើររឿងអំពីផ្កាយ និងពួកហោរាមិនត្រូវបានសរសេរនៅក្នុងដំណើររឿងរបស់ លូកា អំពីប្រសូតិកម្មនោះទេ ពីព្រោះព្រឹត្តិការណ៍ទាំងនេះបានកើតឡើងពីរបីឆ្នាំបន្ទាប់ពីការប្រសូតរបស់ព្រះអង្គសង្គ្រោះ ( សូមមើល ម៉ាថាយ ២:១–១២ ) ។
សូមអាន លូកា ២:១០–១២ ម្ដងទៀត ដោយរកមើលពីរបៀបដែលទេវតាបានប្រកាសពីការប្រសូតរបស់ព្រះយេស៊ូវ ។
លូកា ២:១០–១២ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ មេរៀននេះនឹងជួយសិស្សឲ្យសិក្សាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៅក្នុងបរិបទរបស់វា ។ មេរៀនបន្ទាប់នឹងផ្តល់ឱកាសឲ្យសិស្សពន្យល់ពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ ទន្ទេញឃ្លាបទគម្ពីរសំខាន់ៗ និងសេចក្ដីយោង ហើយអនុវត្តដោយប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
-
តើព្រះបរមងារទីមួយ ដែលទេវតាបានប្រើសម្រាប់ព្រះយេស៊ូវគ្រីស្ទ ពេលដែលទេវតាប្រកាសពីការប្រសូតរបស់ព្រះយេស៊ូវដល់ពួកអ្នកគង្វាលគឺជាអ្វី ?
-
ហេតុអ្វីបានជាវាសំខាន់ថា ក្នុងចំណោមព្រះបរមងារទាំងអស់ដែលព្រះយេស៊ូវគ្រីស្ទមាន នេះគឺជាព្រះបរមងារដែលទេវតាបានប្រើដើម្បីប្រកាសពីការប្រសូតរបស់ទ្រង់ ?
វាអាចមានអត្ថប្រយោជន៍ក្នុងការដឹងថា នៅក្នុងការបកប្រែពីភាសាព្រះគម្ពីរប៊ីបដើមជាភាសាក្រិក ពាក្យដែលត្រូវបានប្រើសម្រាប់ ព្រះអង្គសង្រ្គោះ ក៏មានន័យផងដែរថាជា អ្នករំដោះ ឬ អ្នកសង្គ្រោះ ។
សេចក្តីពិតមួយដែលវគ្គបទគម្ពីរនេះបង្រៀនគឺថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះនៃពិភពលោកនេះ ។
យើងត្រូវការព្រះអង្គសង្រ្គោះ
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចែករំលែកបទពិសោធន៍ដូចខាងក្រោមនេះ ៖
ជាច្រើនឆ្នំាកន្លងទៅ មានមនុស្សម្នាក់ដែលជាសមាជិកនៃសាសនាចក្រជាច្រើនឆ្នាំមកហើយនោះបានសួរខ្ញុំថា « ហេតុអ្វីខ្ញុំត្រូវការព្រះយេស៊ូវគ្រីស្ទ ? ខ្ញុំកាន់តាមព្រះបញ្ញត្តិ ហើយខ្ញុំគឺជាមនុស្សល្អ ។ ហេតុអ្វីខ្ញុំត្រូវការព្រះអង្គសង្គ្រោះ ? » ខ្ញុំអាចនិយាយបានថា ការដែលសមាជិករូបនេះខកខានមិនយល់ពីផ្នែកដ៏សំខាន់បំផុតនៃគោលលទ្ធិរបស់យើង ដែលជាធាតុផ្សំនៃមូលដ្ឋានគ្រឹះនៃផែនការនៃសេចក្តីសង្គ្រោះ បានធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
( ឌី ថត គ្រីស្តូហ្វឺសិន « Why We Need Jesus Christ » Ensign ខែ ធ្នូ ឆ្នាំ ២០២០ ទំព័រ ១៩–២០ )
សូមចំណាយពេលបន្តិចដើម្បីពិចារណាពីរបៀបដែលអ្នកនឹងឆ្លើយតប ដោយផ្អែកលើគំនិត និងអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក ប្រសិនបើអ្នកជាអែលឌើរ គ្រីស្តូហ្វឺសិននោះ ។
យើងអាចរៀនអំពីតម្រូវការរបស់យើងដើម្បីមានព្រះអង្គសង្រ្គោះ តាមរយៈការសិក្សាបទគម្ពីរ និងពាក្យសម្ដីរបស់ពួកព្យាការី ( សូមមើល យ៉ាកុប ៧:១១ ) ។
ការជួយសិស្សឲ្យរៀនពីរបៀបយោងខគម្ពីរឆ្លង អាចជួយពួកគេឲ្យសិក្សាកាន់តែជ្រៅជ្រះ រកឃើញទំនាក់ទំនងខាងគោលលទ្ធិចេញពីវគ្គបទគម្ពីរខុសៗគ្នា ហើយបង្កើនចំណេះដឹងខាងបទគម្ពីររបស់ពួកគេ ។ សូមពិចារណាសួរសិស្សអំពីរបៀបដែលពួកគេបានប្រើខគម្ពីរយោងឆ្លង នៅក្នុងការសិក្សារបស់ពួកគេ និងរបៀបដែលការប្រើការយោងខគម្ពីរឆ្លងនោះបានជួយពួកគេ ។
ជំនាញសិក្សាព្រះគម្ពីរដែលអាចជួយបង្កើនការយល់ដឹងរបស់អ្នកអំពីគោលលទ្ធិ និងគោលការណ៍ គឺការបង្កើតសេចក្តីយោងឆ្លងខគម្ពីរនៅក្នុងព្រះគម្ពីររបស់អ្នក ។ ដើម្បីធ្វើសេចក្ដីយោងខគម្ពីរឆ្លង សូមបង្កើតតំណមួយនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ឬភ្ជាប់ខគម្ពីរដែលទាក់ទងគ្នានោះ តាមរយៈការកត់ត្រាសេចក្តីយោងបទគម្ពីរមួយនៅជិតនឹងវគ្គបទគម្ពីរមួយទៀត ។
សូមសិក្សាវគ្គបទគម្ពីរខាងក្រោម ៣ ទៅ ៤ វគ្គ ដើម្បីជួយឆ្លើយសំណួរ « ហេតុអ្វីបានជាខ្ញុំត្រូវការព្រះអង្គសង្គ្រោះ ? »ហើយ « តើទ្រង់សង្គ្រោះខ្ញុំពីអ្វី ? » សូមពិចារណាធ្វើសេចក្តីយោងឆ្លងខគម្ពីរទាំងនេះ ដោយការភ្ជាប់វាទៅ លូកា ២:១០–១២ នៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ឬដោយការកត់ត្រាសេចក្ដីយោង លូកា ២:១០–១២ នៅក្បែរខគម្ពីរដែលអ្នកសិក្សា ។
សូមពិចារណាសរសេរសំណួរថា « ហេតុអ្វីបានជាខ្ញុំត្រូវការព្រះអង្គសង្គ្រោះ ? » ហើយ « តើទ្រង់សង្គ្រោះខ្ញុំពីអ្វី ? » ដាក់នៅលើក្តារខៀន ។ អ្នកពុំចាំបាច់ត្រូវប្រើ ឬបង្ហាញសេចក្ដីយោងបទគម្ពីរដូចតទៅនេះទាំងអស់នោះទេ ។ ដោយផ្អែកលើសមត្ថភាពរបស់សិស្ស សកម្មភាពស្វែងរកបទគម្ពីរខាងក្រោមនេះអាចធ្វើឡើងដោយសិស្សជាគូៗ ឬជាក្រុមតូចៗដោយមិនមានសេចក្ដីយោងឡើយ ។
នៅពេលសិស្សសរសេរចម្លើយរបស់ពួកគេរួចហើយ សូមឲ្យសិស្សពីរបីនាក់ចែករំលែកនូវអ្វីដែលពួកគេបានសរសេរ ឬអញ្ជើាញដៃគូទាំងឡាយឲ្យចែករំលែកជាមួយដៃគូជិតខាង ។ សូមធានាឲ្យបានថា សិស្សយល់ថា ព្រះយេស៊ូវគ្រីស្ទសង្គ្រោះយើងពីអំពីបាបរបស់យើង ប្រសិនបើយើងប្រែចិត្ត និងពីការស្លាប់ខាងរូបកាយតាមរយៈការរស់ឡើងវិញជាសកល ។ ព្រះអង្គសង្គ្រោះក៏អាចលួងលោមយើង និងគាំទ្រយើង នៅពេលយើងជួបការលំបាកផងដែរ ។
-
តើអ្នកជ្រើសយកបទគម្ពីរអ្វីខ្លះ ?
-
តើបទគម្ពីរទាំងនេះជួយអ្នកឲ្យឆ្លើយសំណួរ « ហេតុអ្វីបានជាខ្ញុំត្រូវការព្រះអង្គសង្គ្រោះ ? »ហើយ « តើទ្រង់សង្គ្រោះខ្ញុំពីអ្វី ? » យ៉ាងដូចម្តេច ?
អាស្រ័យលើពេលវេលាដែលមាន ហើយប្រសិនបើសិស្សត្រូវការជំនួយបន្ថែមដើម្បីយល់ពីមូលហេតុដែលយើងត្រូវការព្រះអង្គសង្រ្គោះ សូមពិចារណាបង្ហាញវីដេអូខាងក្រោម ។ សិស្សមួយចំនួនប្រហែលជាបានមើលវីដេអូនេះរួចហើយ ប្រសិនបើពួកគេបានបញ្ចប់ផ្នែកការរៀបចំរបស់សិស្សនោះ ។ សិស្សក៏អាចចែករំលែកពីរបៀប ដែលពួកគេបានទទួលពរជ័យពីព្រះអង្គសង្គ្រោះផងដែរ ។
សូមមើលវីដេអូ « Why We Need a Savior—A Christmas Message about Our Savior Jesus Christ » ( ២:១៥ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
Why We Need a Savior
What would life be like without a Savior? There would be no joy, no forgiveness, no hope for the future. This Christmas, learn more about the hope, peace and happiness our Savior Jesus Christ can bring into our lives at christmas.mormon.org.
អែលឌើរ គ្រីស្តូហ្វឺសិន បានថ្លែងទីបន្ទាល់អំពីពរជ័យមួយចំនួនដែលយើងទទួលបានតាមរយៈព្រះយេស៊ូវគ្រីស្ទ ៖
ដោយសារតែដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចបានជាសះស្បើយពីការជ្រើសរើសមិនល្អ ។ ដោយសារតែដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះឥទ្ធិពលនៃអំពើបាប និងកំហុសរបស់អ្នកដទៃមកលើយើង ព្រមទាំងរាល់សេចក្តីយុត្តិធម៌ទាំងឡាយនឹងត្រូវកែតម្រូវឡើងវិញ ។ យើងត្រូវការព្រះអង្គសង្គ្រោះដើម្បីបានជាសះស្បើយទាំងស្រុង និងបានក្លាយជាបរិសុទ្ធទាំងស្រុង ។
( ឌី ថត គ្រីស្តូហ្វឺសិន « Why We Need Jesus Christ » Ensign ខែ ធ្នូ ឆ្នាំ ២០២០ ទំព័រ ២២ )
នៅក្នុង លូកា ២:១០ ទេវតាបានប្រកាសថា « ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នាពីសេចក្តីអំណរយ៉ាងអស្ចារ្យ » ។
Answer at least one of the following questions:
-
តើអ្នកបានរកឃើញ « សេចក្តីអំណរយ៉ាងអស្ចារ្យ » នៅក្នុងព្រះអង្គសង្គ្រោះរបស់អ្នក ដែលជាព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
តើយើងអាចធ្វើអ្វីខ្លះដើម្បីបង្កើនសេចក្តីអំណររបស់យើងនៅក្នុងព្រះអង្គសង្គ្រោះ ?
សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យថ្លែងទីបន្ទាល់អំពីសេចក្តីអំណរនៃការប្រោសលោះ ដែលពួកគេមានដោយសារព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាថ្លែងទីបន្ទាល់ផងដែរ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
ហេតុអ្វីម៉ារា និងយ៉ូសែប ទៅភូមិបេថ្លេហិមដើម្បីបង់ពន្ធ ?
សេសារ-អូគូស្ទ គឺជាមេដឹកនាំរ៉ូម៉ាំងដែលមានសមត្ថភាព និងស្វាហាប់ដែលបានសោយរាជ្យ—ពីឆ្នាំ ៣១ មុន គ.ស. ដល់ ឆ្នាំ ១៤ នៃ គ.ស. —ត្រូវបានចារទុកដោយការមានសណ្តាប់ធ្នាប់ និងការអនុវត្តច្បាប់ ។ « បញ្ជី » ដែលបានលើកឡើងនៅក្នុង លូកា ២:២ តាមពិតគឺជាការចុះឈ្មោះ [ ឬជំរឿន ] មនុស្សសម្រាប់គោលបំណងបង់ពន្ធនាពេលអនាគត ជាការចុះឈ្មោះដែលតម្រូវឲ្យអ្នកជាប់ពន្ធចុះនូវព័ត៌មានចាំបាច់ ។ ដោយសារទាំងយ៉ូសែប និងម៉ារាជាកូនចៅរបស់ស្តេចដាវីឌ នោះពួកលោកត្រូវធ្វើដំណើរទៅភូមិបេថ្លេហិមដែលជាស្រុកកំណើតរបស់ស្តេចដាវីឌ ។ … ព្យាការីទាំងឡាយពីបុរាណបានថ្លែងទីបន្ទាល់ថា ព្រះមែស៊ីនឹងប្រសូតនៅភូមិបេថ្លេហិមនៅដែនដីយេរូសាឡិម ( សូមមើល មីកា ៥:២ ; អាលម៉ា ៧:១០ ) ។ភូមិបេថ្លេហិមមានចម្ងាយប្រហែល ៨៥–៩០ ម៉ៃល៍ ( ១៣៧–១៤៥ គីឡូម៉ែត្រ ) នៅភាគខាងត្បូងក្រុងណាសារ៉ែត ដែលដើរយ៉ាងហោចណាស់បួនទៅប្រាំថ្ងៃ ហើយសម្រាប់ស្ថានភាពរបស់ ម៉ារា ប្រហែលជាត្រូវចំណាយពេលយូរជាងនេះ ។
( សៀវភៅសិក្សាព្រះគម្ពីរសញ្ញាថ្មីសម្រាប់សិស្ស [ ឆ្នាំ ២០១៤ ] ទំព័រ ១៤៣ )
សកម្មភាពរៀនសូត្របន្ថែម
« ព្រះអង្គសង្គ្រោះ ១ អង្គប្រសូត »
សូមពិចារណាបង្ហាញវីដេអូ « A Savior Is Born—Christmas Video » ( ២:០០ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមអញ្ជើញសិស្សឲ្យស្តាប់នូវអ្វីដែលការប្រកាសអំពីការប្រសូតរបស់ព្រះអង្គសង្គ្រោះមានអត្ថន័យសម្រាប់ជីវិតរបស់យើងម្នាក់ៗ ហើយបន្ទាប់មក សូមអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀន និងមានអារម្មណ៍ ។
A Savior Is Born—Christmas Video
ការរកឃើញសេចក្តីអំណរក្នុងព្រះអង្គសង្រ្គោះ
សូមបង្ហាញខ្សែភាពយន្ដខ្លីដែលមានចំណងជើងថា The Christ Child: A Nativity Story ( ១៧:៥៧ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមពិចារណាបង្ហាញវគ្គដូចខាងក្រោម ។ សូមទុកពេលឲ្យសិស្សបន្ទាប់ពីវគ្គនីមួយៗ ដើម្បីពិភាក្សាពីរបៀបដែលបុគ្គលម្នាក់ៗបានបង្ហាញសេចក្តីអំណររបស់ពួកគេចំពោះការប្រសូតរបស់ព្រះអង្គសង្រ្គោះ ។
ម៉ារា និងយ៉ូសែប ៖ លេខកូដពេលវេលា ០:០០ ដល់ ៨:៥៦
អ្នកគង្វាល និងពួកទេវតា ៖ លេខកូដពេលវេលា ៨:៥៦ ដល់ ១១:៣០
ពួកហោរា ៖ លេខកូដពេលវេលា ១១:៣០ ដល់ ១២:៤២ និង ១៣:៤៤ ដល់ ១៧:១៥
« អំណរដល់លោក »
សូមពិចារណាច្រៀងទំនុកតម្កើងបទ « អំណរដល់លោក » ( ទំនុកតម្កើង ល.រ. ១២៤ ) ។ សិស្សក៏អាចទទួលបានអត្ថប្រយោជន៍ពីការពិភាក្សាអំពីគោលការណ៍ដូចតទៅនេះផងដែរ ៖ ដោយសារតែព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់ខ្ញុំ នោះខ្ញុំអាចដកពិសោធន៍នូវសេចក្ដីអំណរបាន ។ សិស្សអាចនិយាយអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទគឺជាប្រភពនៃសេចក្តីអំណរ និងរបៀបដែលពួកគេបានដកពិសោធន៍នូវសេចក្ដីអំណរ ពីព្រោះទ្រង់ជាព្រះអង្គសង្គ្រោះរបស់ពួកគេ ។
។; « ដំណឹងល្អដល់អ្នករាល់គ្នាពីសេចក្តីអំណរយ៉ាងអស្ចារ្យ »
នៅក្នុង លូកា ២:១០ ទេវតាបានប្រកាសថា « ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នាពីសេចក្តីអំណរយ៉ាងអស្ចារ្យ » ។ សូមពិចារណាធ្វើសេចក្តីយោងឆ្លងខគម្ពីរនេះ ជាមួយការប្រកាសរបស់ទេវតាអំពីព្រះអង្គសង្គ្រោះដល់ស្តេចបេនយ៉ាមីនដែលបានកត់ត្រានៅក្នុង ម៉ូសាយ ៣:៣–៥ ។