ថ្នាក់​សិក្ខាសាលា
យ៉ូហាន ១


យ៉ូហាន ១

ទិដ្ឋភាពទូទៅ

សាវកយ៉ូហានបានសរសេរដំណឹងល្អរបស់លោកដោយមានបំណងជួយឲ្យសមាជិកសាសនាចក្រ និងពិភពលោកជឿថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ( សូមមើល យ៉ូហាន ២០:៣០–៣១ ) ។ យ៉ូហានបានបង្រៀនថា ព្រះយេស៊ូវគ្រីស្ទបានយាងចេញពីដំណាក់នៅស្ថានសួគ៌របស់ទ្រង់ ដើម្បីយាងមកផែនដីក្នុងព្រះនាមជាព្រះប្រោសលោះនៃមនុស្សជាតិទាំងអស់ ។ ដំណឹងល្អរបស់យ៉ូហានមាននូវដំណើររឿងជាច្រើនអំពីបុរស និងស្ត្រីទាំងឡាយដែលបានទទួលទីបន្ទាល់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ជាព្រះមែស៊ីដែលបានសន្យា ។ ការអាន និងការសញ្ជឹងគិតប្រកបដោយការអធិស្ឋានអំពីដំណើររឿងទាំងនោះក៏អាចនាំអ្នកអានសម័យទំនើបឲ្យមករកទ្រង់បានដែរ ។

រៀបចំខ្លួនបង្រៀន

ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវការការរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។

យ៉ូហាន ១:១–១៦

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យមានអារម្មណ៍កោតសរសើរកាន់តែជ្រាលជ្រៅថា ព្រះយេស៊ូវគ្រីស្ទគឺជានរណាមុនការប្រសូតមកក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ និងស្ញើចសរសើរដល់សេចក្តីស្រឡាញ់ដែលទ្រង់បានបង្ហាញដល់យើង ដោយការបំពេញបេសកកម្មរបស់ទ្រង់នៅលើផែនដីនេះ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីអ្វីដែលពួកគេដឹងអំពីព្រះយេស៊ូវគ្រីស្ទថាទ្រង់ជានរណា មុនពេលទ្រង់បានយាងមកកាន់ផែនដីនេះ ។

  • វត្ថុ ៖ សូមពិចារណាយកបាល់មួយដែលគេប្រើក្នុងកីឡាពេញនិយមមកកាន់ថ្នាក់រៀន ឬបង្ហាញរូបភាពបាល់មួយដែលមាននៅក្នុងមេរៀននេះ ។

  • វីដេអូ ៖ សូមរៀបចំបង្ហាញវីដេអូនេះដល់សិស្ស « The Nativity » ( លេខកូដម៉ោង ២:៣០ ដល់ ៥:៣១ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

យោបល់សម្រាប់ការបង្រៀនតាមរយៈសន្និសីទវីដេអូ ៖ សូមពិចារណាបង្កើតតារាងមួយអំពីព្រះយេស៊ូវនៅក្នុងព្រះជន្មមុនព្រះជន្មរមែងស្លាប់ និងព្រះជន្មរបស់ព្រះយេស៊ូវនៅលើផែនដីនេះ នៅលើតារាងមួយក្នុងកម្មវិធី Microsoft Excel ឬជាការរាយបញ្ជីនៅក្នុងកម្មវិធី Microsoft Word ទុកជាមុន ។ ពេលកំពុងបង្រៀន សូមបង្ហាញតារាងនេះដោយចែកអេក្រង់របស់អ្នកឲ្យសិស្សមើល ។ តារាងនេះអាចត្រូវបានបំពេញជាមួយសិស្សអំឡុងម៉ោងបង្រៀន នៅពេលពួកគេចែករំលែកគំនិតរបស់ពួកគេ ។

យ៉ូហាន ១

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទកាន់តែស៊ីជម្រៅ តាមរយៈការស្គាល់ និងការរៀនអំពីព្រះបរមងារ និងតួនាទីខ្លះៗរបស់ទ្រង់ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសូមមិត្តភក្តិ និងសមាជិកគ្រួសារចែករំលែកពីព្រះបរមងារ ឬតួនាទីមួយរបស់ព្រះយេស៊ូវគ្រីស្ទ ដែលមានអត្ថន័យខ្លាំងបំផុតចំពោះពួកគេ និងមូលហេតុអ្វី ។

  • យោបល់សម្រាប់ការបង្រៀនតាមរយៈសន្និសីទវីដេអូ ៖ នៅចុងបញ្ចប់នៃមេរៀននេះ សូមពិចារណាប្រើមុខងារបន្ទប់រង់ចាំនៅក្នុងកម្មវិធីសុសវែរសន្និសីទវីដេអូរបស់អ្នក ដើម្បីអនុញ្ញាតឲ្យសិស្សបង្រៀនដៃគូម្នាក់អំពីព្រះយេស៊ូវគ្រីស្ទ ដោយប្រើព្រះបរមងារ ឬតួនាទីមួយរបស់ទ្រង់ ។

យ៉ូហាន ១:៣៥–៥១

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យឆ្លើយតបបានកាន់តែប្រសើរ ចំពោះការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យ « មកមើល » ដោយខ្លួនពួកគេផ្ទាល់ ( សូមមើល យ៉ូហាន ១:៣៩ ) ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីបទពិសោធន៍មួយ ដែលបានជួយពួកគេឲ្យយល់កាន់តែច្បាស់ថា តើព្រះយេស៊ូវគ្រីស្ទគឺជានរណា ។ តើបទពិសោធន៍នេះបានកើតឡើងយ៉ាងដូចម្តេច ?

ការទទួលបានចំណេះដឹងខាងវិញ្ញាណ ផ្នែកទី ២

គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យរៀនពិនិត្យមើលបញ្ហានានាដោយមានទស្សនវិស័យដ៏នៅអស់កល្បជានិច្ច ដើម្បីមើលឃើញបញ្ហាទាំងឡាយឲ្យបានកាន់តែច្បាស់ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតពីបញ្ហាប្រឈម ឬសំណួរមួយដែលពួកគេមាន ឬប្រសិនបើអាចអនុវត្តបាន សូមគិតអំពីសំណួរដែលពួកគេបានជ្រើសរើស ដើម្បីធ្វើសកម្មភាពដោយសេចក្ដីជំនឿលើមេរៀន « ការទទួលបានចំណេះដឹងខាងវិញ្ញាណ ផ្នែកទី ១ » ។

  • វីដេអូ ៖ សូមរៀបចំបង្ហាញវីដេអូនេះដល់សិស្ស« Let God Prevail » ( លេខកូដម៉ោង ៥:៥០ ដល់ ៨:២៤ ) និង « Examining Questions with an Eternal Perspective » ( ២:៥៦ ) ។ វីដេអូទាំងនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

  • យោបល់សម្រាប់ការបង្រៀនតាមរយៈសន្និសីទវីដេអូ ៖ សូមពិចារណាធ្វើផ្ទាំងបទបង្ហាញ ដើម្បីទុកចែកលើអេក្រង់របស់អ្នក អំពីសេចក្ដីថ្លែងការណ៍ដែលនឹងមានអត្ថប្រយោជន៍មកពីប្រធានណិលសុន និងមកពីផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » ។

វាយតម្លៃការរៀនសូត្ររបស់អ្នក ទី១

គោលបំណងមេរៀន ៖ មេរៀននេះនឹងផ្តល់ឱកាសឲ្យសិស្សធ្វើការវាយតម្លៃគោលដៅ ការរៀនសូត្រ និងការរីកចម្រើនរបស់ពួកគេ ។ លទ្ធផលជាក់លាក់នៃវគ្គសិក្សាដែលសិស្សនឹងវាយតម្លៃខ្លួនឯងរួមមាន សមត្ថភាពរបស់ពួកគេដើម្បីសិក្សាព្រះគម្ពីរ និងអនុវត្តព្រះបន្ទូលរបស់ព្រះអម្ចាស់ក្នុងជីវិតរបស់ពួកគេ ដើម្បីទទួលបានវិវរណៈផ្ទាល់ខ្លួនមកពីព្រះវិញ្ញាណបរិសុទ្ធ និងដើម្បីពន្យល់ពីតួនាទីមួយចំនួនរបស់ព្រះយេស៊ូវគ្រីស្ទ ។

  • ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីការសិក្សាព្រះគម្ពីររបស់ពួកគេថាបានទៅដល់ណាហើយ ហើយរៀបចំខ្លួនដើម្បីចែករំលែកនូវការយល់ដឹងដែលពួកគេមាន ឬរបៀបដើម្បីកែលម្អការសិក្សារបស់ពួកគេនាពេលថ្មីៗនេះ ។

  • សម្ភារ ៖ ប្រសិនបើមាន សូមរៀបចំសម្ភារសិល្បៈជាច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីអនុញ្ញាតឲ្យសិស្សធ្វើសកម្មភាពវាយតម្លៃតាមរបៀបដែលពួកគេចង់ធ្វើ ។

  • យោបល់សម្រាប់ការបង្រៀនតាមរយៈសន្និសីទវីដេអូ ៖ នៅពេលសិស្សចែកចាយការបង្កើតរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ហើយ សូមអនុញ្ញាតឲ្យពួកគេចែកអេក្រង់របស់ពួកគេ ដើម្បីឲ្យមិត្តរួមថ្នាក់របស់ពួកគេអាចមើលឃើញការបង្កើតរបស់ពួកគេបានកាន់តែច្បាស់ ។