យ៉ូហាន ១:១–១៦
« ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម »
សាវក យ៉ូហាន បានសរសេរដំណឹងល្អរបស់លោក ដើម្បីជួយយើងឲ្យជឿថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ( សូមមើល យ៉ូហាន ២០:៣០–៣១ ) ។ យ៉ូហាន បានបង្រៀនថា ព្រះយេស៊ូវគ្រីស្ទបានយាងចេញពីផ្ទះសួគ៌ារបស់ទ្រង់ដើម្បីមករស់នៅលើផែនដី ហើយក្លាយជាព្រះប្រោសលោះរបស់យើង ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកឲ្យយល់ថា តើព្រះយេស៊ូវគ្រីស្ទគឺជានរណាពីមុនការប្រសូតមកក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ និងកាន់តែមានអំណរគុណចំពោះសេចក្តីស្រឡាញ់ដែលទ្រង់បានបង្ហាញ តាមរយៈការបំពេញបេសកកម្មនៅលើផែនដីរបស់ទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើវាមានតម្លៃអ្វី ?
-
តើអ្នកគិតថាបាល់នេះមានតម្លៃប៉ុន្មាន ?
-
ចុះប្រសិនបើបាល់នេះត្រូវបានប្រើនៅក្នុងការប្រកួតកីឡាជើងឯកពិភពលោក ឬត្រូវបានចុះហត្ថលេខាដោយកីឡាករដ៏ល្បីមួយរូបនោះ ?
ការដឹងពីប្រវត្តិនៃវត្ថុមួយអាចជួយបង្កើនការយល់ដឹងរបស់យើងអំពីគុណតម្លៃរបស់វា ។ ការណ៍នេះក៏អាចពិតសម្រាប់មនុស្សផងដែរ ។
-
តើការយល់ដឹងថា តើព្រះយេស៊ូវគ្រីស្ទជានរណាមុនការប្រសូតរបស់ទ្រង់ ជួយអ្នកឲ្យយល់ពីតម្លៃនៃព្រះជន្ម និងបេសកកម្មរបស់ទ្រង់នៅលើផែនដីនេះយ៉ាងដូចម្តេច ?
ដំណឹងល្អរបស់ យ៉ូហាន អាចជួយឲ្យយើងយល់ថា តើព្រះយេស៊ូវនៃស្រុកណាសារ៉ែតជានរណាឲ្យពិតប្រាកដ ហើយហេតុអ្វីយើងគួរខិតខំរៀនសូត្រពីព្រះបន្ទូល និងគំរូរបស់ទ្រង់ ។ យ៉ូហាន បានសរសេរដើម្បីពង្រឹងជំនឿរបស់អ្នកថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ជាព្រះមែស៊ីដែលបានសន្យា ( សូមមើល យ៉ូហាន ២០:៣០–៣១ ) ។ ដំណឹងល្អរបស់ យ៉ូហាន ចាប់ផ្តើមដោយការពិពណ៌នាអំពីសិរីល្អ និងព្រះចេស្ដារបស់ព្រះយេស៊ូវគ្រីស្ទមុនពេលដែលទ្រង់បានយាងមកកាន់ផែនដី ។
ព្រះយេស៊ូវគ្រីស្ទក្នុងព្រះជន្មមុនព្រះជន្មលើផែនដីនេះ
សូមចម្លងតារាងខាងក្រោមនេះចូលក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
ព្រះយេស៊ូវគ្រីស្ទក្នុងព្រះជន្មមុនព្រះជន្មលើផែនដីនេះ |
ព្រះជន្មរបស់ព្រះយេស៊ូវនៅលើផែនដី |
ដោយប្រើចំណេះដឹងបច្ចុប្បន្នរបស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ សូមសរសេរនៅក្នុងជួរឈរខាងឆ្វេងដៃនូវពាក្យ និងឃ្លាដែលពិពណ៌នាថា តើព្រះយេស៊ូវគ្រីស្ទជានរណា តើទ្រង់មានលក្ខណៈយ៉ាងណា និងអ្វីដែលទ្រង់បានធ្វើមុនការប្រសូត្ររបស់ទ្រង់ ។
សូមអានវគ្គបទគម្ពីរខាងក្រោម និងសេចក្ដីថ្លែងការណ៍របស់អែលឌើរ រ៉ូបឺត អ៊ី វ៉េលស៍ នៃពួកចិតសិបនាក់ ហើយកត់ត្រាការពិពណ៌នាបន្ថែមអំពីព្រះយេស៊ូវគ្រីស្ទនៅក្នុងជួរឈរដូចគ្នានោះ ។ ( ឃ្លា « កាលដើមដំបូង » ដែលត្រូវបានប្រើនៅក្នុងអត្ថបទទាំងនេះសំដៅទៅលើជីវិតមុនឆាកជីវិតនេះ ) ។
ការបកប្រែដោយយ៉ូសែប ស្ម៊ីធ យ៉ូហាន ១:១៥ ( នៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ )
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២១
ព្រះយេស៊ូវក៏ត្រូវបានព្រះវរបិតាជ្រើសរើស និងចាត់ឲ្យមករៀបចំ និងបង្កើតផែនដីនេះ ប្រព័ន្ធព្រះអាទិត្យរបស់យើង កាឡាក់ស៊ីរបស់យើង និងថែមទាំងពិភពលោកដ៏ច្រើនឥតគណនាថែមទៀត ។
តាំងពីអតីតកាល និងបច្ចុប្បន្នកាល ព្រះយេស៊ូវគ្រីស្ទគឺជាព្រះយេហូវ៉ានៃព្រះគម្ពីរសញ្ញាចាស់ ជាព្រះនៃលោកអ័ដាម និងណូអេ ជាព្រះរបស់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ។ ព្រះយេហូវ៉ាបានបង្ហាញព្រះកាយ និងមានព្រះបន្ទូលមកកាន់ពួកព្យាការីពីបុរាណ ។ នៅពេលទ្រង់មានបន្ទូល នោះទ្រង់បានជំនួសឲ្យព្រះវរបិតា ហើយទ្រង់មានបន្ទូលពីអ្វីដែលព្រះវរបិតាទ្រង់មានព្រះទ័យចង់មានព្រះបន្ទូល ។ ព្រះយេហូវ៉ានៃព្រះគម្ពីរសញ្ញាចាស់បានក្លាយជាព្រះយេស៊ូវគ្រីស្ទនៃព្រះគម្ពីរសញ្ញាថ្មី នៅពេលដែលទ្រង់បានប្រសូតមកក្នុងព្រះជន្មរមែងស្លាប់ ។
( រ៉ូបឺត អ៊ី វ៉េលស៍ « Our Message to the World » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៦៥ )
សូមពិនិត្យឡើងវិញនូវបញ្ជីដែលអ្នកបានធ្វើ នៅផ្នែកខាងឆ្វេងដៃនៃទំព័រសៀវភៅកំណត់ហេតុរបស់អ្នក ហើយសរសេរសេចក្តីសង្ខេបមួយប្រយោគដែលរៀបរាប់ថា ព្រះយេស៊ូវគ្រីស្ទគឺជានរណានៅក្នុងព្រះជន្មមុនព្រះជន្មរមែងស្លាប់នេះ ។
ព្រះជន្មរបស់ព្រះយេស៊ូវនៅលើផែនដី
សូមមើលរូបភាពខាងក្រោមនេះ ។ នៅជួរឈរខាងស្តាំដៃនៃតារាងរបស់អ្នក សូមសរសេរការពិពណ៌នាមួយចំនួនអំពីកាលៈទេសៈដ៏រាបសាជុំវិញការប្រសូត្របស់ព្រះអង្គសង្គ្រោះ ។
អត្ថន័យមួយនៃពាក្យ យាងចុះមក គឺ « យាងចុះក្នុងចំណោម » ។ ហេតុដូច្នេះហើយ ការយាងចុះមករបស់ព្រះអង្គសង្គ្រោះដើម្បីរស់នៅលើផែនដីក្នុងចំណោមពួកយើង ពេលខ្លះត្រូវបានពិពណ៌នាថាជា « ការយាងចុះមកនៃព្រះ » ( នីហ្វៃទី១ ១១:២៦ ) ។ ព្រះយេស៊ូវគ្រីស្ទបានយាងចេញពីបល្ល័ង្កស្ថានសួគ៌ដោយស្ម័គ្រព្រះទ័យ ហើយបានមករស់នៅលើពិភពដែលធ្លាក់ចុះ ដែលទ្រង់នឹងជួបប្រទះការសាកល្បង និងការរងទុក្ខដ៏ធំ ។
សូមអានវគ្គបទគម្ពីរខាងក្រោម ដោយស្វែងរកការលំបាកដែលព្រះអង្គសង្គ្រោះបានស៊ូទ្រាំនៅលើផែនដី និងមូលហេតុ ។ សូមបន្ថែមការពិពណ៌នាទាំងនេះនៅផ្នែកខាងស្តាំដៃនៃទំព័រកំណត់ហេតុការសិក្សារបស់អ្នក ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦
សូមពិនិត្យឡើងវិញនូវបញ្ជីដែលអ្នកបានធ្វើនៅក្នុងជួរឈរខាងស្តាំដៃ ហើយសរសេរសង្ខេបៗឲ្យបានមួយឃ្លានៃអ្វីដែលព្រះយេស៊ូវគ្រីស្ទបានស៊ូទ្រាំនៅលើផែនដីនេះ ។
សូមចំណាយពេលបន្តិច ដើម្បីប្រៀបធៀបអ្វីដែលព្រះយេស៊ូវបានបោះបង់ចោល ទៅនឹងអ្វីដែលទ្រង់បានស្ម័គ្រព្រះទ័យដើម្បីស៊ូទ្រាំនៅលើផែនដី ។
-
តើអ្នកបានរៀន ឬទទួលអារម្មណ៍អ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ អំឡុងពេលអ្នកកំពុងសិក្សាវគ្គបទគម្ពីរទាំងនេះ ?
-
ហេតុអ្វីអ្នកគិតថា ព្រះយេស៊ូវគ្រីស្ទសុខចិត្តយាងចុះ « ក្រោមគ្រប់ទាំងអស់ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨: ៦ ) ?
-
តើការយល់អំពីការយាងចុះមករបស់ព្រះយេស៊ូវគ្រីស្ទជះឥទ្ធិពលលើអារម្មណ៍របស់អ្នកចំពោះទ្រង់យ៉ាងដូចម្តេច ?
វិចារណកថា និង ព័ត៌មានសាច់រឿង
តើមានអ្វីពិសេសអំពីដំណឹងល្អរបស់យ៉ូហាន ?
ប្រហែលជា ៩២ ភាគរយនៃឯកសារនៅក្នុងដំណឹងល្អរបស់យ៉ូហានគ្មាននៅក្នុងដំណើររឿងនៃដំណឹងល្អផ្សេងទៀតឡើយ ។ ការណ៍នេះប្រហែលជាមកពី យ៉ូហាន បានសរសេរសម្រាប់សមាជិកសាសនាចក្រ ដែលមានការយល់ដឹងអំពីព្រះយេស៊ូវគ្រីស្ទរួចទៅហើយ—ជាអ្នកអានដែលបានគិតថាមានលក្ខណៈខុសគ្នាពីគម្ពីរ ម៉ាថាយ ម៉ាកុស និងលូកា ។ ដំណឹងល្អរបស់យ៉ូហានមាននូវគោលលទ្ធិយ៉ាងច្រើន ហើយប្រធានបទសំខាន់ៗនៃគម្ពីរនេះមួយចំនួនគឺ ភាពជាព្រះរបស់ព្រះយេស៊ូវដែលជាព្រះរាជបុត្រានៃព្រះ ដង្វាយធួននៃព្រះគ្រីស្ទ ជីវិតដ៏នៅអស់កល្បជានិច្ច ព្រះវិញ្ញាណបរិសុទ្ធ តម្រូវការដើម្បីកើតជាថ្មីម្តងទៀត សារៈសំខាន់នៃការស្រឡាញ់មនុស្សដទៃ និងសារៈសំខាន់នៃការជឿលើព្រះអង្គសង្គ្រោះ ។ ការរួមចំណែកមួយដ៏ធំរបស់យ៉ូហាន នោះគឺការបញ្ចូលយោបល់របស់លោកអំពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ដល់ពួកសិស្សរបស់ទ្រង់នៅប៉ុន្មានម៉ោងមុនការចាប់ព្រះកាយទ្រង់ដាក់ឃុំ រួមទាំងការអធិស្ឋានជំនួសដ៏អស្ចារ្យ ។
នីហ្វៃទី១ ១១:២៦ ។
តើទាំងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទត្រូវបានហៅថាជាព្រះនៅក្នុងព្រះគម្ពីរដែរឬទេ ?
មានតួអង្គបីអង្គ ដែលមានរូបអង្គដាច់ដោយឡែកពីគ្នានៅក្នុងក្រុមព្រះ ៖ ព្រះ ជាព្រះវរបិតាដ៏អស់កល្បជានិច្ច ព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ ។
ព្រះដែលយើងស្គាល់ថាព្រះយេហូវ៉ា គឺជាព្រះរាជបុត្រា ព្រះយេស៊ូវគ្រីស្ទ ( អេសាយ ១២:២ ; ៤៣:១១ ; ៤៩:២៦ ; កូរិនថូស ទី១ ១០:១–៤ ; ធីម៉ូថេ ទី១ ១:១ ; វិវរណៈ ១:៨ ; នីហ្វៃទី២ ២២:២ ) ។ ព្រះយេស៊ូវធ្វើការក្រោមការដឹកនាំរបស់ព្រះវរបិតា ហើយចុះសម្រុងជាមួយព្រះវរបិតាខ្លាំងណាស់ ។ មនុស្សលោកទាំងអស់គឺជាបងប្អូនប្រុសស្រីរបស់ទ្រង់ ដ្បិតទ្រង់គឺជាបុត្រច្បងខាងវិញ្ញាណរបស់ អេឡូហិម ។ ឯកសារយោងបទគម្ពីរខ្លះលើកឡើងអំពីទ្រង់ដោយប្រើពាក្យថា ព្រះ ។ឧទាហរណ៍ បទគម្ពីរប្រាប់ថា « ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី » ( លោកុប្បត្តិ ១:១ ) ប៉ុន្តែតាមពិតទៅគឺព្រះយេស៊ូវទេ ដែលជាអង្គបង្កបង្កើតក្រោមការដឹកនាំរបស់ព្រះវរបិតានោះ ( យ៉ូហាន ១:១–៣, ១០, ១៤ ; ហេព្រើរ ១:១–២ ) ។
( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រះ ក្រុមព្រះ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org )
ម៉ូសាយ ១៥:១ និង យ៉ូហាន ២០:២៦–២៨ កត់ត្រានូវឧទាហរណ៍ពីរទៀតអំពីព្រះយេស៊ូវដែលត្រូវបានហៅថាជាព្រះ ។
តើព្រះយេស៊ូវគ្រីស្ទបានជ្រើសរើសដើម្បីយាងចុះមកតាមរបៀបជាក់លាក់ណាខ្លះ ?
ប៊ីស្សព រីឆាដ ស៊ី អេឌជលី ដែលជាអតីតទីប្រឹក្សាក្នុងគណៈប៊ីស្សពជាអធិបតី បានបង្រៀនថា
ទ្រង់បានយាងចុះមកដើម្បីប្រសូតពីស្ត្រីដែលមានជីវិតរមែងស្លាប់ ។ …
ទ្រង់បានយាងចុះមកដើម្បីទទួលពិធីបុណ្យជ្រមុជទឹកពីមនុស្ស ទោះបីជាទ្រង់ល្អឥតខ្ចោះ ហើយគ្មានបាបក៏ដោយ ។
ទ្រង់បានយាងចុះមកដើម្បីផ្ដល់ការងារបម្រើដល់មនុស្សដែលមានចិត្តរាបសាបំផុត ។ …
ទ្រង់បានយាងចុះមកតាមព្រះហឫទ័យរបស់ព្រះវរបិតា ដោយដាក់អង្គទ្រង់ឲ្យរងការល្បួង ត្រូវគេមើលងាយ វាយដំ បណ្តេញចេញ ហើយបោះបង់ចោល ទោះបីទ្រង់មានព្រះចេស្ដាខ្លាំងក្លាយ៉ាងណាក៏ដោយ ។
ទ្រង់បានយាងចុះមកដើម្បីទទួលការជំនុំជម្រះរបស់លោកិយ ទោះបីជាទ្រង់ជាចៅក្រមនៃលោកិយក៏ដោយ ។
ទ្រង់បានយាងចុះមកដើម្បីឲ្យគេលើកឡើងលើឈើឆ្កាង ហើយត្រូវគេធ្វើគុត ដោយសារតែអំពើបាបនៃលោកិយ ទោះជាគ្មាននរណាម្នាក់អាចផ្ដាច់ព្រះជន្មរបស់ទ្រង់ក្ដី ។
( រីឆាដ ស៊ី អេឌជលី « The Condescension of God » Ensign ខែ ធ្នូ ឆ្នាំ ២០០១ ទំព័រ ២០ )
ហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទស្ម័គ្រព្រះទ័យយាងចុះមកធ្វើអ្វីដែលទ្រង់បានធ្វើ ?
ប៊ីស្សព រីឆាដ ស៊ី អេឌជលី ដែលជាអតីតទីប្រឹក្សាក្នុងគណៈប៊ីស្សពជាអធិបតី បានពន្យល់ថា
ទ្រង់មិនមែនយាងចុះមកដោយសារតែកាតព្វកិច្ច និងដើម្បីសិរីល្អនោះទេ ប៉ុន្តែដោយសារតែសេចក្ដីស្រឡាញ់តែម្យ៉ាងប៉ុណ្ណោះ ។ ការយាងចុះមករបស់ទ្រង់ដើម្បីប្រោសលោះយើងតាមរយៈដង្វាយធួន គឺជាតម្លៃដែលទ្រង់បានបង់ដើម្បីប្រទានសេចក្តីសង្គ្រោះ និងភាពតម្កើងឡើង ។
( រីឆាដ ស៊ី អេឌជេលី « The Condescension of God » Ensign ខែ ធ្នូ ឆ្នាំ ២០០១ ទំព័រ ១៩ )