យ៉ូហាន ៣:១–៨
« ត្រូវតែកើតជាថ្មី »
នីកូដេមគឺជាផារិស៊ីម្នាក់ និងជា « ចៅហ្វាយសាសន៍យូដា » ( យ៉ូហាន ៣:១ ) ។ គាត់បានមករកព្រះអង្គសង្រ្គោះនៅពេលយប់ ដើម្បីសួរសំណួរសំខាន់ៗអំពីសេចក្ដីសង្រ្គោះ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ និងដឹងពីសារៈសំខាន់នៃការកើតជាថ្មី « អំពីទឹក ហើយអំពីព្រះវិញ្ញាណ » ( យ៉ូហាន ៣:៥ ) ដើម្បីចូលទៅក្នុងនគរព្រះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
បំណងប្រាថ្នាដើម្បីផ្លាស់ប្តូរ
សូមគិតពីស្ថានភាពមួយ អំពីក្មេងជំទង់ម្នាក់ដែលចង់ផ្លាស់ប្តូរ ចូលមកជិតព្រះអង្គសង្គ្រោះ ហើយទទួលបានសេចក្ដីសុខសាន្ដកាន់តែខ្លាំង ប៉ុន្តែមិនដឹងថាគួរធ្វើយ៉ាងម៉េច ។ សូមគិតអំពីរឿងជាក់លាក់ដែលបុគ្គលនេះ ប្រហែល ជាចង់ផ្លាស់ប្តូរ និងការលំបាកមួយចំនួនដែលពួកគេ ប្រហែលជានឹង ប្រឈមមុខក្នុងការផ្លាស់ប្តូរ ។ អ្នកក៏ប្រហែលជាគួរគិតអំពីបទពិសោធន៍ដែលអ្នក ឬអ្នកដទៃបានមានជាមួយនឹងការផ្លាស់ប្តូរវិជ្ជមាន ដែលអាចផ្តល់សេចក្តីសង្ឃឹមដល់ក្មេងជំទង់នេះថា ពួកគេអាចផ្លាស់ប្តូរបាន ។
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះវរបិតាសួគ៌តម្រូវឲ្យមានការផ្លាស់ប្តូរពីអស់អ្នកដែលចង់ចូលទៅក្នុងនគររបស់ទ្រង់ ?
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេររបៀបមួយចំនួន ដែលអ្នកមានអារម្មណ៍ថា ត្រូវបានបំផុសគំនិតឲ្យផ្លាស់ប្តូរ ហើយកាន់តែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ។ពេញមួយមេរៀននេះ សូមអញ្ជើញឲ្យមានការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នករៀនពីរបៀបស្វែងរកជំនួយរបស់ព្រះអង្គសង្គ្រោះ ក្នុងការធ្វើការផ្លាស់ប្តូរតាមអ្វីដែលទ្រង់សព្វព្រះទ័យចង់បានពីអ្នក ។
ព្រះយេស៊ូវបានបង្រៀននីកូដេមអំពីការកើតជាថ្មី
មានបុរសម្នាក់ឈ្មោះ នីកូដេម បានមករកព្រះយេស៊ូវនៅពេលយប់ ។ នីកូដេមគឺជាផារិស៊ីម្នាក់ និងជាចៅហ្វាយសាសន៍យូដា ។ ក្រោយមក គាត់បានការពារព្រះគ្រីស្ទនៅចំពោះមុខពួកផារិស៊ី ( សូមមើល យ៉ូហាន ៧:៥០–៥៣ ) ហើយបានចូលរួមជាមួយពួកអ្នកជឿនៅឯការបញ្ចុះព្រះសពរបស់ព្រះយេស៊ូវ ( សូមមើល យ៉ូហាន ១៩:៣៩–៤០ ) ។ នីកូដេមបានមករកព្រះអង្គសង្រ្គោះនៅយប់នោះ ដើម្បីទទួលស្គាល់ថា ព្រះយេស៊ូវគឺជា « គ្រូមកពីព្រះពិត » ( យ៉ូហាន ៣:២ ) ។
សូមអាន យ៉ូហាន ៣:១–៥ ដោយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀននីកូដេម ដែលគាត់ត្រូវធ្វើដើម្បីចូលទៅក្នុងនគរព្រះ ។
-
តើអ្នកគិតថាការ « កើតជាថ្មី » មានន័យដូចម្ដេច ? ( យ៉ូហាន ៣:៣ ) ។
-
ហេតុអ្វីបានជាអ្នកគិតថា យើងត្រូវកើតជាថ្មីដើម្បីឃើញនគរព្រះ ?
-
នៅពេលនីកូដេមមិនយល់ពីរបៀបនៃការកើតជាថ្មី តើព្រះអង្គសង្រ្គោះបានបង្រៀនអ្វីខ្លះ ( ដូចបានកត់ត្រានៅក្នុង ខទី ៥ ) ?
គោលការណ៍មួយដែលយើងរៀនមកពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះដល់នីកូដេមគឺ យើងត្រូវតែកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ ដើម្បីអាចនឹងចូលទៅក្នុងនគរព្រះបាន ។
-
តើអ្នកគិតថា ការកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណមានន័យដូចម្ដេច ?
-
តើអ្នកគិតថា ការទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់អាចជួយយើងឲ្យកើតជាថ្មី ហើយចូលទៅក្នុងនគរព្រះបានតាមរបៀបណា ?
-
តើព្រះអង្គសង្គ្រោះបានបង្រៀននីកូដេមអំពីអ្វីខ្លះ ដែលអ្នកចង់ឲ្យបុគ្គលនៅក្នុងស្ថានភាពដែលអ្នកបានបង្កើតនោះយល់ដឹង ?
ពិធីបុណ្យជ្រមុជទឹក និងពីធីបញ្ជាក់គឺជាពិធីបរិសុទ្ធដ៏ចាំបាច់ពីរនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ដែលមនុស្សម្នាក់ៗត្រូវតែទទួល ដើម្បីគ្រងនគរសេឡេស្ទាលជាមរតក ។ ពិធីបរិសុទ្ធទាំងនេះគឺជាទ្វារដែលយើងចូលទៅ ដើម្បីដើរលើផ្លូវនៃសេចក្ដីសញ្ញា ដែលនាំទៅរកជីវិតដ៏អស់កល្បជានិច្ច ( សូមមើល នីហ្វៃទី២ ៣១:១៧–២០ ) ។ ពេលយើងដើរលើផ្លូវនេះ ហើយរក្សាសេចក្ដីសញ្ញារបស់យើង នោះយើងនឹងមានការផ្លាស់ប្តូរ និងបានកើតជាថ្មីខាងវិញ្ញាណ ។ព្យាការីអាលម៉ានៅក្នុងព្រះគម្ពីរមរមនបានពន្យល់ពីតួនាទីរបស់ព្រះអង្គសង្គ្រោះ ក្នុងការជួយយើងឲ្យកើតជាថ្មី ។ សូមអាន អាលម៉ា ៧:១៤ ដោយរកមើលរបៀបដែលព្រះអង្គសង្គ្រោះអាចជួយយើងឲ្យកើតជាថ្មី ។
-
តើតួនាទីរបស់ព្រះអង្គសង្គ្រោះក្នុងការជួយយើងឲ្យកើតជាថ្មីមានអ្វីខ្លះ ?
ចេញពី នីហ្វៃទី២ ៣១:១៧ យើងក៏រៀនពីតួនាទីនៃព្រះវិញ្ញាណបរិសុទ្ធក្នុងការជួយយើងឲ្យកើតជាថ្មីផងដែរ ៖ « ហើយបន្ទាប់មក គឺការផ្ដាច់បាបទាំងឡាយរបស់អ្នកដោយភ្លើង និងដោយព្រះវិញ្ញាណបរិសុទ្ធ » ។
-
តើព្រះវិញ្ញាណបរិសុទ្ធមានតួនាទីអ្វីខ្លះក្នុងការជួយយើងឲ្យកើតជាថ្មី ?
សូមមើលវីដេអូ « A Change of Heart » ( ៤:៣៩ ) ចាប់ពីលេខកូដម៉ោង ០:៤០ ដល់ ៤:០៩ ដើម្បីមើលបទពិសោធន៍របស់យុវជនម្នាក់ដែលមានឈ្មោះថា អ៊ែវើ ។ សូមរកមើលអ្វីជាក់លាក់ដែលគាត់បានធ្វើ ដែលអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះជួយគាត់ឲ្យផ្លាស់ប្តូរ ។ ( វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ) ។
-
តើអ្នកចាប់អារម្មណ៍លើអ្វីខ្លះ អំពីការផ្លាស់ប្តូររបស់យុវជននេះ ?
-
តើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានមានការផ្លាស់ប្តូរអ្វីខ្លះ ដើម្បីក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ?
-
តើពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់មានតួនាទីអ្វីខ្លះនៅក្នុងការផ្លាស់ប្តូរទាំងនេះ ?
ពេលខ្លះ យើងឆ្ងល់ថាយើងធ្វើបានដល់ណាហើយ នៅក្នុងការកើតជាថ្មីខាងវិញ្ញាណផ្ទាល់របស់យើង ។ ព្រះអង្គសង្គ្រោះបានបង្រៀននៅក្នុង យ៉ូហាន ៣:៨ ថា យើងអាចមើលឃើញពីឥទ្ធិពលនៃខ្យល់ ប៉ុន្តែមិនដឹងថាវាមកពីណា ឬទៅណានោះទេ ។ ស្រដៀងគ្នានេះដែរ យើងមិនអាចយល់បានជានិច្ចថា ពេលណាការកើតជាថ្មីចាប់ផ្តើម ហើយពេលណាការផ្លាស់ប្តូរនៅក្នុងខ្លួនយើងកើតឡើងនោះទេ ។ ទោះយ៉ាងណាក៏ដោយ យើងអាចមើលឃើញពីឥទ្ធិពលរបស់វា នៅពេលដែលបំណងប្រាថ្នា និងសកម្មភាពរបស់យើងផ្លាស់ប្តូរ ( សូមមើល ម៉ូសាយ ៥:១–២ ) ។សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក អំពីភស្ដុតាងដែលអ្នកឃើញ ពេលព្រះអង្គសង្គ្រោះជួយអ្នកឲ្យផ្លាស់ប្តូរ ។ សូមយកចិត្តទុកដាក់លើការបំផុសគំនិត គំនិត និងចំណាប់អារម្មណ៍ដែលអ្នកអាចទទួលបានពីព្រះវិញ្ញាណ ។
ការជួយអ្នកដទៃ
សូមគិតពីស្ថានភាពដែលអ្នកបានបង្កើតនៅដើមមេរៀននេះ ។ សូមគិតពីអ្វីដែលអ្នកបានរៀន និងទទួលអារម្មណ៍នៅថ្ងៃនេះ ។ សូមសរសេរសំបុត្រខ្លីមួយទៅកាន់ក្មេងជំទង់នៅក្នុងស្ថានភាពរបស់អ្នក ដោយពន្យល់ពីរបៀបដែលព្រះអង្គសង្គ្រោះអាចជួយពួកគេឲ្យផ្លាស់ប្តូរបាន ។ សំណួរខាងក្រោមនេះអាចជួយអ្នកបាន នៅពេលអ្នកសរសេរសំបុត្រ ៖
-
តើអ្នកគិតថា បុគ្គលនេះអាចធ្វើអ្វីខ្លះ ដើម្បីស្វែងរកជំនួយពីព្រះអង្គសង្គ្រោះនៅក្នុងការផ្លាស់ប្តូរ ? ហេតុអ្វីបានជាអ្នកគិតថា សកម្មភាពទាំងនោះនឹងជួយបាន ?
-
តើពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ និងការទទួលទានសាក្រាម៉ង់អាចជួយបុគ្គលនេះឲ្យផ្លាស់ប្តូរ និងកើតជាថ្មីបានយ៉ាងដូចម្តេច ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកបានឆ្លងកាត់ដំណើរការនៃការកើតជាថ្មី ឬបានឃើញដំណើរការនេះកើតឡើងលើមនុស្សដទៃនោះ ?
វិចារណកថា និង ព័ត៌មានសាច់រឿង
តើវាមានន័យយ៉ាងណា ដើម្បីកើតជាថ្មីម្ដងទៀត ?
អែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ ៖
អ្នកបម្រើដែលមានសិទ្ធិអំណាចរបស់ព្រះអម្ចាស់បង្រៀនម្តងហើយម្តងទៀតថា គោលបំណងដ៏សំខាន់មួយនៃជីវិតរមែងស្លាប់របស់យើងគឺ ការផ្លាស់ប្តូរ និងការប្រែរូបខាងវិញ្ញាណតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ …
យើងត្រូវបានណែនាំឲ្យ « មករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ ហើយចូរលះបង់ចោលនូវអស់ទាំងអំពើដ៏ឥតបរិសុទ្ធ [ នៅក្នុងខ្លួនយើង ] ចុះ » ( មរ៉ូណៃ ១០:៣២ ) ដើម្បី « [ បាន ] នៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មី » ( សូមមើល កូរិនថូស ទី២ ៥:១៧ ) ដើម្បីសម្រាតចេញ « ភាពខាងសាច់ឈាម » ( ម៉ូសាយ ៣:១៩ ) និងទទួលបទពិសោធន៍ « ការផ្លាស់ប្ដូរយ៉ាងធំដល់ពួកយើង ឬក៏នៅក្នុងចិត្តយើងខ្ញុំ ដែលធ្វើឲ្យយើងខ្ញុំពុំមានបំណងនឹងប្រព្រឹត្តអំពើទុច្ចរិតទៀតឡើយ ប៉ុន្តែចង់ប្រព្រឹត្តអំពើល្អជានិច្ចវិញ » ( ម៉ូសាយ ៥:២ ) ។ សូមកត់ចំណាំថា ការប្រែចិត្តជឿដែលបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះគឺមហិមាណាស់ មិនមែនតូចទេ—ជាការកើតជាថ្មីខាងវិញ្ញាណ និងជាការផ្លាស់ប្ដូរជាមូលដ្ឋាននៃអារម្មណ៍ និងបំណងប្រាថ្នារបស់យើង អ្វីដែលយើងគិត ហើយធ្វើ ព្រមទាំងអ្វីដែលជាខ្លួនយើង ។ ពិតណាស់ សារៈសំខាន់នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទតម្រូវឲ្យមានការផ្លាស់ប្ដូរជាមូលដ្ឋាន និងជាអចិន្ដ្រៃយ៍នៅក្នុងនិស្ស័យរបស់យើង ដែលកើតមានតាមរយៈការពឹងផ្អែករបស់យើងទៅលើ « បុណ្យគុណ និងសេចក្ដីមេត្តាករុណា និងព្រះគុណនៃព្រះមែស៊ីដ៏បរិសុទ្ធ » ( នីហ្វៃទី២ ២:៨ ) ។ ពេលយើងជ្រើសរើសធ្វើតាមលោកចៅហ្វាយ នោះយើងជ្រើសរើសការផ្លាស់ប្តូរ—ដើម្បីបានកើតជាថ្មីខាងវិញ្ញាណ ។
( ដេវីឌ អេ បែដណា « Ye Must Be Born Again » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១៩–២០ )
តើខ្ញុំអាចកើតជាថ្មីដោយរបៀបណា ?
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងសុន្ទរកថាមួយ ដែលមានចំណងជើងថា « បានទទួលការផ្ដាច់បាបទាំងឡាយរបស់បងប្អូនជានិច្ច » ( Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៥៩–៦២ ) ដែលមាននូវការយល់ដឹងអំពីសំណួរនេះ ។
ហេតុអ្វីវាអាចពិបាកដើម្បីដឹងថា តើខ្ញុំបានកើតជាថ្មីឬអត់ ?
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
អ្នកអាចសួរថា ហេតុអ្វីការផ្លាស់ប្ដូរយ៉ាងធំនេះមិនកើតឡើងលឿនជាងនេះចំពោះខ្ញុំ ? សម្រាប់ពួកយើងភាគច្រើន ការផ្លាស់ប្ដូរទាំងឡាយគឺភាគច្រើនកើតឡើងបន្តិចម្ដងៗ ហើយកើតតាមពេលវេលា ។ ការកើតជាថ្មីម្ដងទៀត … គឺជាដំណើរការមួយ ជាជាងហេតុការណ៍មួយ ។ ហើយការចូលរួមក្នុងដំណើរការនោះ គឺជាគោលបំណងដ៏សំខាន់នៃជីវិតរមែងស្លាប់ ។
ក្នុងពេលដូចគ្នានោះដែរ ចូរយើងកុំដោះសារខ្លួនយើងនៅក្នុងការប្រឹងប្រឹងធម្មតាៗឡើយ ។ ចូរយើងកុំរីករាយនឹងការមានចិត្តខ្លះក្នុងការធ្វើអាក្រក់ឡើយ ។ ចូរយើងទទួលទានសាក្រាម៉ង់ដោយស័ក្ដិសមជារៀងរាល់សប្ដាហ៍ ហើយបន្តប្រើប្រាស់ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីរកឲ្យឃើញ ហើយដកចេញនូវសំណល់ចុងក្រោយនៃភាពមិនបរិសុទ្ធដែលនៅក្នុងខ្លួនយើង ។ ខ្ញុំថ្លែងទីបន្ទាល់ថា ពេលអ្នកបន្តនៅក្នុងផ្លូវនៃការកើតជាថ្មីខាងវិញ្ញាណ នោះព្រះគុណដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទ នឹងដកយកចេញនូវអំពើបាបរបស់អ្នក និងស្នាមប្រឡាក់នៃអំពើបាបទាំងនោះនៅក្នុងខ្លួនអ្នក នោះការល្បួងនឹងបាត់បង់ភាពទាក់ទាញរបស់វា ហើយតាមរយៈព្រះគ្រីស្ទ អ្នកនឹងបានបរិសុទ្ធដូចជាទ្រង់ និងព្រះវរបិតារបស់យើងដែលបរិសុទ្ធផងដែរ ។
( ឌី ថត គ្រីស្តូហ្វឺសិន « Born Again » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៧៨ )
តើអ្វីទៅជាភាពខុសគ្នារវាងការ « ឃើញ » និងការ « ចូលទៅក្នុង » នគររបស់ព្រះ ?
ព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–៤៤ ) បានបង្រៀនអំពីព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុង [ យ៉ូហាន ៣:៣, ៥ ] ដែលនិយាយពីការ « ឃើញ » និងការ « ចូលទៅក្នុង » នគររបស់ព្រះ ៖ « វាជារឿងមួយដែលអាចឃើញនគររបស់ព្រះ ហើយវាជារឿងផ្សេងដែលអាចចូលទៅក្នុងនគររបស់ព្រះបាន » ។ យើងត្រូវតែមានការផ្លាស់ប្តូរដួងចិត្ត ដើម្បីឃើញនគររបស់ព្រះ ហើយចូលជាសមាជិកដើម្បីចូលទៅក្នុងនគររបស់ព្រះ » ( នៅក្នុង Journal, December 1842–June 1844; Book 3, 15 July 1843–29 February 1844 ទំព័រ ១៣០ នៅលើគេហទំព័រ josephsmithpapers.org ] ។ នៅពេលមនុស្សម្នាក់ « ឃើញ » នគររបស់ព្រះ នោះព្រះវិញ្ញាណបរិសុទ្ធបានធ្វើឲ្យមនុស្សនោះមាន « ការផ្លាស់ប្ដូរដ៏ធំនេះនៅក្នុងដួងចិត្ត » ( សូមមើល អាលម៉ា ៥:១៤ ) ។ បន្ទាប់មក បុគ្គលនោះត្រូវចូលរួមក្នុងពិធីបរិសុទ្ធនៃដំណឹងល្អដើម្បី « ចូលទៅក្នុង » នគររបស់ព្រះ ។
( « យ៉ូហាន ២–៤ » នៅក្នុង សៀវភៅសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់សិស្ស [ ឆ្នាំ ២០១៨ ] នៅលើគេហទំព័រ ChurchofJesusChrist.org )