ថ្នាក់​សិក្ខាសាលា
ចំណេះចំណានខាងគោលលទ្ធិ ៖ យ៉ូហាន ៣:៥


ចំណេះចំណានខាងគោលលទ្ធិ ៖ យ៉ូហាន ៣:៥

កើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ ដើម្បីអាចនឹងចូលទៅក្នុងនគរព្រះបាន

An eight year old girl and a priesthood holder standing together dressed in white baptismal clothing. The man is holding the girl’s arms in position for baptism. The image was photographed against a white background.

នៅក្នុងមេរៀនមុន អ្នកបានសិក្សាព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះទៅកាន់ នីកូដេម អំពីការកើតជាថ្មីខាងវិញ្ញាណ តាមរយៈពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ នៅក្នុងមេរៀននេះ អ្នកអាចរៀនអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដោយប្រើគោលលទ្ធិដែលថា យើងត្រូវតែកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ ដើម្បីអាចនឹងចូលទៅក្នុងនគរព្រះបាន

ការគូសចំណាំវគ្គចំណេះចំណានខាងគោលលទ្ធិ ។ សូមអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបមួយ ដែលប្លែកពីការគូសចំណាំផ្សេងទៀតរបស់ពួកគេ ដើម្បីឲ្យពួកគេអាចចងចាំ និងរកឃើញខគម្ពីរទាំងនេះកាន់តែងាយស្រួល ។ សិស្សដែលប្រើកម្មវិធីបណ្ណាល័យដំណឹងល្អ ក៏អាចបង្កើតជាតំណចំណាំមួយសម្រាប់វគ្គបទគម្ពីរទាំងនេះបានផងដែរ ។

ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀន ដោយបានរៀបចំខ្លួនចែករំលែកអ្វី ដែលពួកគេនឹងបង្រៀនថ្នាក់អង្គការបឋមសិក្សាអំពី យ៉ូហាន ៣:៥

សកម្មភាពរៀនសូត្រដែលអាចមាន

ទន្ទេញចាំមាត់ និងពន្យល់

មេរៀននេះត្រូវបានរៀបរៀងឡើង ដើម្បីបង្រៀនបន្ទាប់ពី មេរៀនអំពី យ៉ូហាន ៣:១–៨ ដែលជាមេរៀនបរិបទសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះ ។ ប្រសិនបើមេរៀនចំណេះចំណានខាងគោលលទ្ធិនេះត្រូវប្តូរទៅសប្តាហ៍ផ្សេង ដើម្បីសម្របតាមកាលវិភាគសាលារៀន នោះសូមប្រាកដថាបានបង្រៀនមេរៀនបរិបទ ដែលត្រូវគ្នានៅអំឡុងសប្តាហ៍នោះផងដែរ ។សកម្មភាពខាងក្រោមនេះមានគោលបំណងជួយសិស្សឲ្យពន្យល់ជាពាក្យសម្ដីរបស់ពួកគេផ្ទាល់ នូវគោលលទ្ធិដែលបានបង្រៀននៅក្នុង យ៉ូហាន ៣:៥ ថា យើងត្រូវតែកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ ដើម្បីអាចនឹងចូលទៅក្នុងនគរព្រះបាន ។ សូមប្រាកដថា សិស្សម្នាក់ៗមានឱកាសពន្យល់ពីគោលលទ្ធិនេះទៅកាន់ដៃគូ ឬក្រុមតូចមួយ ។ សូមស្តាប់ដោយយកចិត្តទុកដាក់លើចម្លើយរបស់ពួកគេ និងលើកទឹកចិត្តពួកគេឲ្យសួរសំណួរ ប្រសិនបើពួកគេមានសំណួរណាមួយ ។ សូមពិនិត្យមើលឯកសារមេរៀនអំពី យ៉ូហាន ៣:១–៨ ឡើងវិញទៅតាមតម្រូវការ ។សូមអញ្ជើញសិស្សឲ្យប្រើសកម្មភាពរៀបចំរបស់សិស្ស ដើម្បីជួយពួកគេក្នុងការឆ្លើយតបរបស់ពួកគេនៅក្នុងផ្នែកនៃមេរៀននេះ ។

សូមស្រមៃថា អ្នកត្រូវបានស្នើសុំឲ្យបង្រៀនថ្នាក់អង្គការបឋមសិក្សា អំពីសេចក្តីពិតដែលបានបង្រៀននៅក្នុង យ៉ូហាន ៣:៥ នេះ ៖ យើងត្រូវតែកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ ដើម្បីអាចនឹងចូលទៅក្នុងនគរព្រះបាន

  • តើអ្នកនឹងពន្យល់ដល់ថ្នាក់អង្គការបឋមសិក្សាយ៉ាងដូចម្ដេច អំពីអត្ថន័យនៃគោលលទ្ធិនេះ ? សូមរួមបញ្ចូលគំនិតនានាអំពីតួនាទីរបស់ព្រះអង្គសង្គ្រោះនៅក្នុងដំណើរការនេះ ដូចដែលបានបង្រៀននៅក្នុង អាលម៉ា ៧:១៤

លំហាត់ខាងក្រោមនេះអាចជួយអ្នកឲ្យចងចាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និងទន្ទេញចាំឃ្លាខគម្ពីរសំខាន់ៗរបស់វា ។ អ្នកអាចបំពេញសកម្មភាពស្រដៀងគ្នានេះ នៅក្នុងកម្មវិធីចំណេះចំណានខាងគោលលទ្ធិ ប្រសិនបើអ្នកមានសិទ្ធិចូលប្រើវា ។ដោយប្រើខ្មៅដៃ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក « យ៉ូហាន ៣:៥ ៖ បើមិនបានកើតអំពីទឹក ហើយអំពីព្រះវិញ្ញាណ នោះគ្មានអ្នកណាអាចនឹងចូលទៅក្នុងនគរព្រះបានទេ » ។ សូមថាឃ្លានេះឡើងវិញឲ្យឮៗ ឬទន្ទេញក្នុងចិត្តពីរបីដង ។សូមជ្រើសរើសបី ឬបួនពាក្យទុក ហើយលុបចោលទាំងអស់ លើកលែងតែអក្សរទីមួយនៃពាក្យទាំងនេះប៉ុណ្ណោះ ។ សូមថាឃ្លានេះឡើងវិញពីរបីដង ។សូមធ្វើលំហាត់នេះម្តងទៀត រហូតដល់មានតែអក្សរទីមួយនៃពាក្យនីមួយៗដែលនៅសល់ ដូចដែលបានបង្ហាញនៅទីនេះ ៖ « យ____ ៣:_ ប_ ម__ ប__ ក_ អ__ ទ_ ហ___ អ__ ព__ ន__ គ__ អ_ ណ__ អ__ ន_ ច__ ទ___ក__ ន_ ព__ប_ទ__ » ។សូមថាឃ្លានេះឡើងវិញឲ្យបានច្រើនដង ដោយប្រើអក្សរទីមួយ ហើយបន្ទាប់មក សូមព្យាយាមសូត្រវាដោយមិនមើល ។

រៀនអនុវត្ត

សូមបង្ហាញសកម្មភាពខាងក្រោមនៅលើក្តារខៀន ។ សូមអនុញ្ញាតឲ្យសិស្សពន្យល់ដោយសង្ខេប អំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ សូមប្រាកដថា សិស្សស្គាល់ច្បាស់ពីគោលការណ៍ទាំងនោះ មុនពេលបន្តមេរៀនទៅមុខទៀត ។

សូមស្រមៃថា អ្នកមានមិត្តម្នាក់ឈ្មោះ មេហ្គិន ដែលជាសមាជិកនៃព្រះវិហារ ប៉ុន្តែម្តាយរបស់នាងមិនមែនជាសមាជិកទេ ។ ម្តាយរបស់នាងជឿលើព្រះយេស៊ូវគ្រីស្ទ និងព្រះគម្ពីរប៊ីប ប៉ុន្តែមិនមែនជាសមាជិកព្រះវិហារជាក់លាក់ណាមួយឡើយ ។ មេហ្គិន សួរអ្នកថា « តើម្ដាយខ្ញុំមិនអាចទៅស្ថានសួគ៌ដោយមិនបានទទួលបុណ្យជ្រមុជទឹកទេឬ ប្រសិនបើគាត់រស់នៅដោយសុចរិតនោះ ? »

  • តើមានហេតុផលអ្វីខ្លះដែល មេហ្គិន អាចនឹងសួរសំណួរនេះ ?

  • ហេតុអ្វីចាំបាច់យល់ពីហេតុផលរបស់នាងក្នុងការសួរសំណួរនេះ មុនពេលព្យាយាមជួយនាងឲ្យស្វែងរកចម្លើយ ?

ដើម្បីជួយ មេហ្គិន ឲ្យស្វែងរកចម្លើយចំពោះសំណួររបស់នាងអំពីសារៈសំខាន់នៃពិធីបុណ្យជ្រមុជទឹក អ្នកអាចអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។

សូមពិចារណាសកម្មភាពខាងក្រោមនេះថា តើការឲ្យសិស្សធ្វើដោយខ្លួនឯង ធ្វើជាមួយដៃគូ ឬធ្វើជាក្រុមតូចៗ មួយណាល្អជាងគេ ។ សូមស្វែងយល់ពីកម្រិតថាមពល និងការផ្តោតអារម្មណ៍របស់ពួកគេ ហើយជ្រើសរើសវិធីសាស្រ្ត ដែលបំពេញតាមតម្រូវការរបស់ពួកគេបានល្អបំផុត ។

ធ្វើសកម្មភាពដោយសេចក្ដីជំនឿ

សូមអាន កថាខណ្ឌទី ៥–៧ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ២០២២ ) ។ សូមពិចារណាគូសបន្ទាត់ពីក្រោមពាក្យ ឬឃ្លាដែលមានប្រយោជន៍ដើម្បីអនុវត្តនៅក្នុងសាច់រឿងនេះ ។

  • តើពាក្យ ឬឃ្លាអ្វីខ្លះដែលអ្នកបានគូសបន្ទាត់ពីក្រោម ? តើអ្នកអាចអនុវត្តពាក្យ ឬឃ្លាទាំងនោះនៅក្នុងសាច់រឿងនេះបានដោយរបៀបណា ?

វាអាចមានប្រយោជន៍ដើម្បីសួរសំណួរតាមដានដូចជា « តើមានអ្វីជាក់លាក់ ដែលអ្នកអាចអញ្ជើញ មេហ្គិន ឲ្យធ្វើ ដើម្បីធ្វើសកម្មភាពដោយសេចក្ដីជំនឿ ? »

ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ

សូមអាន កថាខណ្ឌទី ៨–១០ នៅក្នុងផ្នែកដដែលនៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាគូសបន្ទាត់ពីក្រោមពាក្យ ឬឃ្លាដែលមានប្រយោជន៍ដើម្បីអនុវត្តនៅក្នុងសាច់រឿងនេះ ។

  • តើពាក្យ ឬឃ្លាអ្វីខ្លះដែលអ្នកបានគូសបន្ទាត់ពីក្រោម ? តើអ្នកអាចអនុវត្តពាក្យ ឬឃ្លាទាំងនោះនៅក្នុងសាច់រឿងនេះបានដោយរបៀបណា ?

ប្រសិនបើចាំបាច់ សូមពិចារណាសួរសំណួរតាមដានដូចជា « តើអ្វីទៅជាតួនាទីនៃពិធីបុណ្យជ្រមុជទឹក និងការបញ្ជាក់នៅក្នុងផែនការនៃសេចក្ដីសង្គ្រោះ ? »

ការស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព

សូមអាន កថាខណ្ឌទី ១១–១២ នៅក្នុងផ្នែកដដែលនៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាគូសបន្ទាត់ពីក្រោមពាក្យ ឬឃ្លាដែលមានប្រយោជន៍ដើម្បីអនុវត្តនៅក្នុងសាច់រឿងនេះ ។

  • តើពាក្យ ឬឃ្លាអ្វីខ្លះដែលអ្នកបានគូសបន្ទាត់ពីក្រោម ? តើអ្នកអាចអនុវត្តពាក្យ ឬឃ្លាទាំងនោះនៅក្នុងសាច់រឿងនេះបានដោយរបៀបណា ?

ប្រសិនបើវាអាចជួយសិស្សបាន សូមពិចារណាសួរសំណួរតាមដានដូចជា « តើអ្នកអាចប្រើគោលលទ្ធិដែលបានបង្រៀននៅក្នុង យ៉ូហាន ៣:៥ ដើម្បីជួយ មេហ្គិន យ៉ាងដូចម្តេច ? » ឬ « តើមានប្រភពអ្វីបន្ថែមទៀត ដែលបានតែងតាំងដ៏ទេវភាព ដែលអ្នកអាចចង្អុលបង្ហាញ មេហ្គិន ឲ្យទៅរកបាន ? តើប្រភពទាំងនោះអាចជួយនាងបានយ៉ាងដូចម្តេច ? »សូមអញ្ជើញសិស្សឲ្យពន្យល់ពីរបៀប ដែលពួកគេនឹងប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណដើម្បីជួយ មេហ្គិន ឲ្យយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃពិធីបុណ្យជ្រមុជទឹក ។ សូមពិចារណាស្នើឲ្យសិស្សដើរតួសម្ដែងនេះជាដៃគូ ដោយឲ្យសិស្សដាក់វេនគ្នាសម្ដែងជា មេហ្គិន ។ នៅពេលចាំបាច់ សូមជួយសិស្សឲ្យពន្យល់ពីគោលលទ្ធិនេះ ហើយអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។

ការរំឭកចំណេះចំណានខាងគោលលទ្ធិ

នៅម៉ោងបង្រៀនក្រោយ សូមពិនិត្យឡើងវិញនូវឯកសារយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាខគម្ពីរសំខាន់ៗ ដោយការអញ្ជើញសិស្សឲ្យធ្វើសកម្មភាពអក្សរទីមួយឡើងវិញ ដូចដែលបានពិពណ៌នានៅក្នុងមេរៀននេះ ។