លូកា ៥:១–១១
ការធ្វើតាមព្រះអម្ចាស់ និងការសម្រេចបានគោលបំណងដ៏ទេវភាពរបស់យើង
នៅពេល ស៊ីម៉ូន-ពេត្រុស អនទ្រេ យ៉ាកុប និង យ៉ូហាន ចាប់បាន « ត្រីសន្ធឹក » ប្រកបដោយអព្ភូតហេតុ បន្ទាប់ពីព្រះអង្គសង្គ្រោះបានអញ្ជើញពួកគេឲ្យ « ទម្លាក់អួនចាប់ត្រី [ របស់ពួកគេ ] ចុះ » ( លូកា ៥:៤, ៦ ) នោះពួកគេបានឃើញអ្វី ដែលពួកគេអាចសម្រេចបាន ដោយមានជំនួយពីព្រះអង្គសង្គ្រោះ ។ បន្ទាប់មក អ្នកនេសាទទាំងនេះបានជ្រើសរើសចាកចេញពីអ្វីៗគ្រប់យ៉ាង ដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យមានបំណងប្រាថ្នាចង់ធ្វើតាមព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យទ្រង់អាចជួយអ្នកឲ្យសម្រេចបាន ច្រើនជាងអ្វីដែលអ្នកអាចសម្រេចបានដោយគ្មានទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការសម្រេចបានគោលបំណងដ៏កាន់តែអស្ចារ្យ
សូមចំណាយពេលបន្តិច ដើម្បីគិតអំពីមនុស្សមួយចំនួន ដែលបានទទួលជោគជ័យក្នុងកិច្ចការដ៏អស្ចារ្យ ព្រោះព្រះបានជួយពួកគេឲ្យយល់ពីគោលបំណងរបស់ពួកគេ ។
-
ហេតុអ្វីវាអាចជារឿងដ៏សំខាន់ ដែលនរណាម្នាក់ត្រូវយល់ពីគោលបំណងដ៏ធំបំផុតរបស់ពួកគេ ?
-
តើអ្នកបានកត់សម្គាល់ឃើញភាពខុសគ្នាអ្វីខ្លះនៅក្នុងជីវិតរបស់មនុស្ស ដែលយល់ពីព្រះរាជបំណងរបស់ព្រះសម្រាប់ពួកគេ និងអ្នកដែលមិនមានជំនឿបែបនេះ ?
មេរៀននេះនឹងផ្តោតលើរបៀបដែលព្រះយេស៊ូវគ្រីស្ទបានជួយ ស៊ីម៉ូន-ពេត្រុស ( ដែលត្រូវបានគេស្គាល់ថាជា ពេត្រុស ផងដែរ ) ឲ្យរកឃើញថា ទ្រង់មានព្រះរាជបំណងដ៏កាន់តែអស្ចារ្យសម្រាប់លោក ។ នៅពេលអ្នកសិក្សា សូមរកមើលភស្ដុតាងនៃគោលការណ៍ដែលថា នៅពេលយើងជ្រើសរើសដើរតាមព្រះយេស៊ូវគ្រីស្ទ នោះទ្រង់អាចជួយយើងឲ្យយល់ដឹង និងសម្រេចបានគោលបំណងដ៏កាន់តែអស្ចារ្យសម្រាប់ជីវិតរបស់យើង ។
ព្រះយេស៊ូវគ្រីស្ទហៅ ស៊ីម៉ូន-ពេត្រុស ឲ្យដើរតាមទ្រង់
បន្ទាប់ពីព្រះអង្គសង្គ្រោះបានធ្វើអព្ភូតហេតុជាច្រើននៅស្រុកយូដា រួមទាំងការព្យាបាលម្ដាយក្មេករបស់ ស៊ីម៉ូន-ពេត្រុស ផងដែរ ( សូមមើល លូកា ៤:៣៨–៣៩ ) នោះទ្រង់បានយាងទៅឯច្រាំងទន្លេហ្គេនេសារ៉េត ( ឈ្មោះមួយផ្សេងទៀតសម្រាប់សមុទ្រកាលីឡេ ) ។ ទ្រង់បានយាងឡើងលើទូកនេសាទរបស់ ស៊ីម៉ូន-ពេត្រុស ហើយគង់នៅទីនោះដើម្បីបង្រៀនមនុស្សមួយក្រុមធំនៅតាមច្រាំងសមុទ្រ ( សូមមើល លូកា ៥:១–៣ ) ។ ពេលព្រះយេស៊ូវបញ្ចប់ការបង្រៀន នោះទ្រង់បានប្រទានការអញ្ជើញដល់ ស៊ីម៉ូន-ពេត្រុស ។
សូមអាន លូកា ៥:៤–១១ ។ នៅពេលអ្នកអាន សូមព្យាយាមស្រមៃថា អ្នកគឺជា ស៊ីម៉ូន-ពេត្រុស ជាអ្នកនេសាទដែលមានបទពិសោធន៍ ។ វាអាចមានគុណប្រយោជន៍ក្នុងការយល់ថា ពាក្យ អួន មានន័យថាសំណាញ់សម្រាប់ចាប់ ឬអូសត្រី ( សូមមើល ខទី ៤ ) ។
-
តើព័ត៌មានលម្អិតអ្វីខ្លះ ដែលអ្នកមានអារម្មណ៍ថាសំខាន់នៅក្នុងដំណើររឿងនេះ ? ហេតុអ្វីទៅ ?
-
តើអ្នកគិតថា ពេត្រុសអាចកំពុងគិត ឬមានអារម្មណ៍យ៉ាងណា ?
សូមចំណាយពេលបន្តិច ដើម្បីរកមើលភស្តុតាងណាមួយនៅក្នុងដំណើររឿងនៃព្រះយេស៊ូវគ្រីស្ទ ដែលជួយពេត្រុសឲ្យយល់ថា ព្រះអម្ចាស់មានព្រះរាជបំណងដ៏កាន់តែអស្ចារ្យសម្រាប់លោក ។
-
តើពេត្រុសអាចបានរៀនអ្វីខ្លះអំពីខ្លួនលោក ចេញពីបទពិសោធន៍នេះជាមួយព្រះអង្គសង្គ្រោះ ?
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះអម្ចាស់សព្វព្រះទ័យពង្រីកចក្ខុវិស័យរបស់យើងឲ្យយើងដឹងថា តើយើងជានរណា និងអ្វីដែលយើងអាចធ្វើបាន ?
ការប្រៀបធៀបបទពិសោធន៍របស់ ស៊ីម៉ូន-ពេត្រុស ទៅនឹងបទពិសោធន៍របស់យើង
យើងអាចរៀនកាន់តែស៊ីជម្រៅពីដំណើររឿងនេះ ដោយការប្រៀបធៀបបទពិសោធន៍របស់ ស៊ីម៉ូន-ពេត្រុស ទៅនឹងបទពិសោធន៍ដែលយើងអាចនឹងមាន ។ ជំនាញសិក្សាព្រះគម្ពីរនេះគឺជាអ្វី ដែលនីហ្វៃបានលើកឡើងនៅក្នុងព្រះគម្ពីរមរមន នៅពេលលោកបាននិយាយថា លោក « ប្រៀបធៀបបទព្រះគម្ពីរទាំងអស់ទៅនឹងខ្លួន [ លោក ] » ( នីហ្វៃទី១ ១៩:២៣ ) ។ ការប្រៀបធៀបបទគម្ពីរទៅនឹងស្ថានភាពផ្ទាល់ខ្លួនរបស់យើងអាចជួយយើងឲ្យ « [ បាន ] បញ្ចុះបញ្ចូល … ឲ្យជឿដល់ព្រះអម្ចាស់ ជាព្រះដ៏ប្រោសលោះរបស់ [ យើង ] » ហើយអាច « ជាប្រយោជន៍ និងការចេះដឹងដល់យើង » ( នីហ្វៃទី១ ១៩:២៣ ) ។សូមចំណាយពេលបន្តិច ដើម្បីប្រៀបធៀបបទពិសោធន៍របស់អ្នកជាមួយនឹងបទពិសោធន៍របស់ពេត្រុស ដោយការធ្វើដូចខាងក្រោម ៖សូមពុះទំព័រមួយទៅជាពីរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដើម្បីនៅម្ខាងនៃទំព័រនេះ អ្នកអាចរាយព័ត៌មានលម្អិតអំពីបទពិសោធន៍របស់ពេត្រុស និងនៅម្ខាងទៀត អ្នកអាចមើលទៅស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក ។ ប្រសិនបើចាំបាច់ សូមបើកទៅព្រះគម្ពីរ និងឧបករណ៍បទគម្ពីរដែលអាចរកបានណាមួយ ( ឧទាហរណ៍ សូមមើលសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ពេត្រុស » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ដើម្បីជួយអ្នកឲ្យឆ្លើយនឹងសំណួរខាងក្រោម ។
ការប្រៀបធៀបបទពិសោធន៍របស់ពេត្រុសទៅនឹងជីវិតរបស់យើងផ្ទាល់ | |
តើពេត្រុសអាចពិពណ៌នាអំពីខ្លួនលោកយ៉ាងដូចម្តេច មុនពេលជួបព្រះយេស៊ូវនោះ ? |
តើខ្ញុំពិពណ៌នាអំពីខ្លួនខ្ញុំយ៉ាងដូចម្តេច ? |
ពេត្រុសស្ម័គ្រចិត្តដើរតាមព្រះយេស៊ូវគ្រីស្ទ ហើយលះបង់ជីវិតរបស់លោកជាអ្នកនេសាទ ( សូមមើល លូកា ៥:១១ ) ។ តើអ្នកគិតថា ជីវិតរបស់ពេត្រុសមានភាពខុសគ្នាយ៉ាងដូចម្តេច ប្រសិនបើលោកមិនបានជ្រើសរើសដើរតាមព្រះអង្គសង្គ្រោះទេនោះ ? |
តើខ្ញុំអាចត្រូវបានស្នើសុំឲ្យលះបង់អ្វីខ្លះ ដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ ? តើជីវិតខ្ញុំអាចរងឥទ្ធិពលយ៉ាងដូចម្តេចខ្លះ ប្រសិនបើខ្ញុំបានជ្រើសរើសមិនធ្វើតាមព្រះយេស៊ូវគ្រីស្ទទេនោះ ? |
តើពេត្រុសបានបំពេញព្រះរាជបំណងដ៏កាន់តែអស្ចារ្យរបស់ព្រះអម្ចាស់ សម្រាប់លោកក្នុងជីវិតរបស់លោកយ៉ាងដូចម្តេច ? |
សូមគិតអំពីបទគម្ពីរ ផែនការនៃសេចក្ដីសង្គ្រោះ ពរជ័យបព្វជិតភាព ហើយបើអាចអនុវត្តបាន ពររបស់លោកអយ្យកោរបស់អ្នក ។ តើខ្ញុំដឹងអ្វីខ្លះអំពីព្រះរាជបំណងដ៏កាន់តែអស្ចារ្យរបស់ព្រះអម្ចាស់សម្រាប់ខ្ញុំ ? តើខ្ញុំមានសំណួរអ្វីខ្លះអំពីគោលបំណងរបស់ខ្ញុំ ? |
-
តើការប្រៀបធៀបបទគម្ពីរទៅនឹងខ្លួនអ្នកបានជួយអ្នកឲ្យរៀន ឬជឿលើព្រះយេស៊ូវគ្រីស្ទកាន់តែខ្លាំងឡើងយ៉ាងដូចម្ដេច ?
-
តើមានភស្ដុតាងអ្វីខ្លះ ដែលអ្នកបានរកឃើញថា យើងអាចសម្រេចបានគោលបំណងដ៏កាន់តែអស្ចារ្យសម្រាប់ជីវិតរបស់យើង នៅពេលយើងជ្រើសរើសដើរតាមព្រះយេស៊ូវគ្រីស្ទ ?
-
តើនៅពេលណាដែលអ្នកសង្កេតឃើញថា នរណាម្នាក់ទទួលឥទ្ធិពលវិជ្ជមាន ដោយសារការយល់ដឹងអំពីគោលបំណងរបស់ពួកគេ ?
-
តើអ្នកនឹងធ្វើអ្វីខ្លះ ដោយសារតែអ្វីដែលអ្នកទទួលអារម្មណ៍ ឬបានរៀននៅថ្ងៃនេះ ?
វិចារណកថា និង ព័ត៌មានសាច់រឿង
លូកា ៥:៨
។; ហេតុអ្វីបានជាពេត្រុសហៅខ្លួនលោកថាជា « មនុស្សមានបាប » ?
នៅពេលដែលពេត្រុសបានជួបព្រះអង្គសង្រ្គោះលើកដំបូង ហើយបានឃើញព្រះចេស្ដាដ៏អព្ភូតហេតុរបស់ទ្រង់ នោះពេត្រុសបានទទួលស្គាល់ថា លោកជា « មនុស្សមានបាប » ដែលត្រូវការព្រះចេស្ដាដ៏ប្រោសលោះរបស់ព្រះអង្គសង្រ្គោះយ៉ាងខ្លាំងក្រៃលែង ( លូកា ៥:៨ ) ។ ពាក្យសម្ដីរបស់ពេត្រុសបង្ហាញថា នៅពេលយើងចូលទៅជិតព្រះ នោះយើងចាប់ដឹងពីអំពីបាប និងភាពមិនស័ក្តិសមរបស់យើង ហើយចង់បានជំនួយពីទ្រង់ ដើម្បីក្លាយកាន់តែដូចជាទ្រង់ ។
( សៀវភៅសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់សិស្ស [ ឆ្នាំ ២០១៨ ] នៅលើគេហទំព័រ ChurchofJesusChrist.org )
តើព្រះអម្ចាស់អាចធ្វើអ្វីខ្លះសម្រាប់យើង នៅពេលយើងដើរតាមទ្រង់ ?
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) បានបង្រៀន ៖
[ អ្នកទាំងឡាយណា ] ដែលប្រគល់ជីវិតរបស់ពួកគេថ្វាយព្រះនឹងដឹងថា ទ្រង់អាចធ្វើឲ្យជីវិតរបស់ពួកគេសម្រេចកិច្ចការបានច្រើន ជាងអ្វីដែលពួកគេអាចធ្វើបានដោយខ្លួនគេ ។ ទ្រង់នឹងធ្វើឲ្យសេចក្ដីអំណរចាក់ចូលយ៉ាងជ្រៅក្នុងចិត្តពួកគេ ពង្រីកទស្សនវិស័យរបស់ពួកគេ ពន្លឿនគំនិតពួកគេ ពង្រឹងកម្លាំងពួកគេ លើកវិញ្ញាណពួកគេឡើង ចម្រើនពរជ័យពួកគេ បង្កើនឱកាសពួកគេ លួងលោមព្រលឹងពួកគេ បង្កើតមិត្តភាព ហើយចាក់ស្រោចនូវសេចក្ដីសុខសាន្ត ។ អ្នកណាក៏ដោយដែលបាត់បង់ជីវិតក្នុងការបម្រើដល់ព្រះ អ្នកនោះនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។
( អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Jesus Christ—Gifts and Expectations » Ensign ខែ ធ្នូ ឆ្នាំ ១៩៨៨ ទំព័រ ៤ )