ថ្នាក់​សិក្ខាសាលា
ម៉ាកុស ២:១–១២


ម៉ាកុស ២:១–១២

ព្រះយេស៊ូវ​ប្រោស​មនុស្ស​ខ្វិន​ម្នាក់​ឲ្យ​ជា

ព្រះអង្គសង្គ្រោះ​កំពុង​ទតមើល​បុរស​ម្នាក់​ដែល​កំពុង​ដេក​នៅ​លើ​ដី​នៅ​ចំពោះ​ទ្រង់ ។ បុរស​រូប​នោះ​រុំ​ក្រណាត់ ហើយ​មាន​ជំងឺ​ស្លាប់​ដៃ​ជើង ។ មិត្តភក្តិ​របស់​បុរស​ដែល​ឈឺ​នេះ​បាន​ទម្លាក់​គាត់​តាម​ប្រហោង​ដំបូល​ផ្ទះ​ដោយ​សង្ឃឹម​ថា​បាន​ជា​សះ​ស្បើយ ។ ព្រះគ្រីស្ទ​ត្រូវ​បាន​ពិពណ៌នា​ថា​បាន​លើក​ព្រះហស្ដ​របស់​ទ្រង់​ទៅ​កាន់​បុរស​នោះ ។ មាន​ពួក​សាវក ឬ​ពួក​សិស្ស​ជាច្រើន​ផ្សេងទៀត​នៅ​ជាមួយ​ព្រះគ្រីស្ទ ។

ព្រះយេស៊ូវ​បាន​បង្ហាញពី​សមត្ថភាព​របស់ទ្រង់​ក្នុង​ការប្រោស​មនុស្ស​ខាង​រូបកាយ និង​ខាង​វិញ្ញាណ​ឲ្យជា តាមរយៈ​ការព្យាបាល​មនុស្ស​ខ្វិន​ម្នាក់ ( រោគ​ខ្វិន​ដៃជើង ) ហើយ​អត់ទោស​ឲ្យ​អំពើបាប​របស់គាត់ ។ មេរៀន​នេះ​អាច​ជួយ​បង្កើន​ការយល់ដឹង​របស់​អ្នក​ថា ព្រះអង្គសង្គ្រោះ​អាច​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពី​គ្រា​មួយ កាលបុគ្គល​ម្នាក់​ដែល​ពួកគេ​ស្គាល់​បាន​ទទួល​ពរជ័យ​ដ៏​ចាំបាច់​មួយ​មកពីព្រះ ។ តើ​ពរជ័យ​របស់​បុគ្គល​នេះ​ជះ​ឥទ្ធិពល​លើ​មនុស្ស​ផ្សេង​ទៀត ដូចជា​មិត្តភក្តិ និង​សមាជិក​គ្រួសារ​យ៉ាង​ដូចម្តេច ? សូម​ឲ្យ​សិស្ស​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​បានរៀន តាមរយៈ​ការមើល​ឃើញ​នូវ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បានធ្វើ​សម្រាប់​បុគ្គល​រូប​នោះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

តើ​អ្នក​នឹង​ស្ម័គ្រចិត្ត​ធ្វើ​អ្វី​ខ្លះ ?

សម្រាប់​ស្ថានភាព​ខាងក្រោម​នេះ សូម​ពិចារណា​បន្ថែម​សេចក្តី​លម្អិត​ជាក់លាក់​នានា ដើម្បី​ឲ្យ​សិស្ស​ចូលរួម​បាន​កាន់តែ​ប្រសើរ ។ សេចក្តី​លម្អិត​ទាំងនេះ​អាច​រួមមាន តើ​ជំងឺ​នោះ​គឺជា​អ្វី តើ​វា​ត្រូវការ​ការព្យាបាល​លឿន​ប៉ុណ្ណា​ដែរ ឬថាតើ​វា​ត្រូវការអ្វីខ្លះ​សម្រាប់​ការព្យាបាល ។

សូម​ស្រមៃ​ថា មនុស្ស​ម្នាក់​ដែល​អ្នក​ស្រឡាញ់​កំពុង​រងការ​ឈឺចាប់​ខ្លោកផ្សារ​ដោយ​សារ​ជំងឺមួយ ដែល​គំរាមកំហែង​ដល់​អាយុ​ជីវិត​ដែល​ត្រូវការ​ការព្យាបាល​ពី​ផ្នែកឯកទេស ហើយ​មាន​តែ​វេជ្ជបណ្ឌិត​ម្នាក់​គត់​ដែល​អាច​ជួយ​សង្គ្រោះ​នាង​បាន ។ តើ​អ្នក​នឹង​ធ្វើ​អ្វី​ដើម្បី​ទទួល​បាន​ជំនួយ ? តើ​អ្នក​នឹង​ធ្វើអ្វី ប្រសិនបើ​កាលវិភាគ​របស់​វេជ្ជបណ្ឌិត​រូប​នេះពេញ ឬ​ប្រសិនបើ​វេជ្ជបណ្ឌិត​នេះ​រស់នៅក្រៅ​ប្រទេស​នោះ ?

មនុស្សអាចនឹងស្ម័គ្រចិត្ត​ធ្វើអ្វីៗ​គ្រប់​យ៉ាង ដើម្បី​ទទួលបាន​ការព្យាបាល​សម្រាប់​ខ្លួនឯង ឬ​សម្រាប់​មនុស្សជាទីស្រឡាញ់​របស់ពួកគេ ។ ខណៈ​ដែល​មាន​ជំងឺ​ផ្នែក​រាងកាយ ជាញឹកញាប់​អាច​ត្រូវ​បាន​ព្យាបាល​ដោយ​អ្នកជំនាញ​អាជីព​ក្ដី ក៏​មាន​ភាពទន់ខ្សោយ​ខាងវិញ្ញាណ​ខ្លះ ដែល​មាន​តែ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ​ទើប​អាច​ព្យាបាល​បាន ។ សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​នូវ​ភាពទន់ខ្សោយ​ទាំងនោះ​ដែល​អ្នក​ជឿថា​មាន ។

នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ពិចារណា​ពីអ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ជួយ​មនុស្ស​ជាទីស្រឡាញ់ និង​ខ្លួន​អ្នក​ឲ្យ​មករក​ព្រះគ្រីស្ទ ដើម្បី​ទទួល​បាន​ជំនួយ​ដែល​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ទើប​អាច​ប្រទាន​ឲ្យ​បាន ។

« មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់ »

ជំនាញ​មួយ​ដែល​អាច​ជួយ​អ្នក​ឲ្យ​រៀន​បាន​កាន់តែ​ច្រើន នៅពេល​អ្នក​សិក្សា​ដំណើរ​រឿងប​ទគម្ពីរ គឺ​ការអាន​ពី​ទស្សនៈវិស័យ​របស់​តួអង្គ​ផ្សេងៗ​នៅក្នុង​ដំណើររឿង​នោះ ។ នៅពេល​អ្នក​ធ្វើ​ដូច្នេះ សូម​ផ្អាក​ជា​ញឹកញាប់​ដើម្បី​ព្យាយាម​ស្រមៃ​មើលថា តើ​បុគ្គល​នោះ​អាច​មាន​អារម្មណ៍ ឬ​គិត​អ្វី​នៅ​ចំណុច​ខុសៗ​គ្នា​នៅក្នុង​ដំណើររឿង​នោះ ។

ដើម្បី​អនុវត្ត​ជំនាញ​សិក្សា​នេះ សូម​ជ្រើសរើស​បុគ្គល​ខាងក្រោម​នេះ​ម្នាក់​មក​ផ្តោត​អារម្មណ៍​លើ នៅពេល​អ្នក​សិក្សាពី​ដំណើរ​រឿង​នេះ ចេញពី​ការបង្រៀន​របស់​ព្រះយេស៊ូវ​នៅ កាពើណិម ៖

ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀន​ពី​ទស្សនៈជាច្រើន សូម​ពិចារណា​បែងចែក​ពួកគេ​ជាក្រុម​ដែល​មាន​គ្នា​បីនាក់ ហើយសុំ​ឲ្យ​សិស្ស​ម្នាក់ៗ​ក្នុង​ក្រុម​ផ្តោត​លើបុគ្គល​ផ្សេង​គ្នានៅក្នុង​ដំណើររឿង​នេះ ។

  • បុរស​ខ្វិន​ម្នាក់ ( « មាន​រោគ​ខ្វិន​ដៃជើង » ដូច​បានប្រើ​នៅក្នុង​ដំណើរ​រឿង​នេះ​មាន​ន័យថា គាត់​ពិការ​ដៃ​ជើង )

  • ម្នាក់​ក្នុង​ចំណោម​មនុស្ស​បួន​នាក់​ដែល​បាន​សែង​បុរស​ខ្វិន​នោះ

  • មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​នៅក្នុង​ផ្ទះ​នោះ​ស្តាប់​តាម​ព្រះយេស៊ូវ

សូមអាន ម៉ាកុស ២:១–៣ ដោយ​ស្រមៃ​ថា អ្នក​ជា​មនុស្ស​ម្នាក់​ដែល​អ្នក​បាន​ជ្រើសរើស​ផ្តោតអារម្មណ៍​លើ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ខាង​ក្រោម​នៅក្នុង​ក្រុម​ដែល​មាន​គ្នា​បីនាក់​របស់​ពួកគេ ។

  • តើ​មាន​បញ្ហាប្រឈម​អ្វីខ្លះ ប្រសិនបើ​មាន ដែល​អ្នក​គិត​ថា​បុគ្គល​នេះ​អាច​នឹង​ជួបប្រទះ ?

  • តើ​អ្នក​ស្រមៃថា បុគ្គល​នេះ​កំពុង​មើលឃើញ កំពុង​ស្ដាប់ឮ កំពុងគិត និង​កំពុង​មាន​អារម្មណ៍​យ៉ាង​ដូចម្តេច ?

  • តើ​បុគ្គល​នេះ​ប្រហែលជា​សង្ឃឹម​នឹង​ទទួល​អ្វីខ្លះ ចេញពី​ពេលវេលា​របស់​ពួកគេ​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ ?

សូមអាន ម៉ាកុស ២:៤ ដោយ​រកមើល​អ្វី​ដែល​អស់​អ្នក​ដែល​សែង​បុរស​នោះ​បាន​ធ្វើ ដើម្បី​ឲ្យ​គាត់​បាន​នៅជិត​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​ក៏​ប្រហែល​ជា​ចង់​មើល​វីដេអូ « Jesus Forgives Sins and Heals a Man Stricken with Palsy » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់​ពី​នាទី​ទី ០:០០ ដល់​នាទី​ទី ១:០៧ ។

2:57

សូម​អញ្ជើញ​សិស្ស​យ៉ាង​តិច​បី​នាក់ ដែល​សិស្ស​ម្នាក់​សម្រាប់​បុគ្គល​ម្នាក់​នៅក្នុង​ដំណើររឿង​នេះ ឲ្យ​ឆ្លើយ​សំណួរ​ខាងក្រោម​ឮៗ ។

  • តើ​អ្នក​ស្រមៃ​ថា បុគ្គល​ដែល​អ្នក​បាន​ជ្រើសរើស​កំពុងគិត និង​មានអារម្មណ៍​យ៉ាងណា​នៅក្នុង​ដំណើរ​រឿងនេះ ? ហេតុអ្វី ?

  • តើ​អ្នក​គិតថា ពួកគេ​រំពឹង​ថា ព្រះយេស៊ូវ​នឹង​ធ្វើ​អ្វី​ខ្លះ ឬ​មាន​បន្ទូល​អ្វីខ្លះ ?

សូមអាន ម៉ាកុស ២:៥ ដើម្បី​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ទៅកាន់​បុរសនោះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​ក្រុម​ដែល​មាន​គ្នាបី​នាក់​របស់​ពួកគេ ។

  • ហេតុអ្វី​ព្រះបន្ទូល​របស់ព្រះអង្គ​សង្គ្រោះ​នៅក្នុង ខទី ៥ អាចធ្វើឲ្យ​ភ្ញាក់ផ្អើល​ដល់​បុគ្គល​ដែល​អ្នក​ផ្តោតលើ ?

មនុស្ស​មួយ​ចំនួន​ដែល​មាន​វត្ដមាន​នៅក្នុង​ព្រឹត្តិការណ៍​នេះ បានចោទ​សួរ​ពី​សិទ្ធិអំណាច​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុងការ​អត់ទោសឲ្យ​អំពើបាប ។ សូមអាន ម៉ាកុស ២:៦–១២ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ ដើម្បី​បង្ហាញ​ពី​សិទ្ធិអំណាច​របស់ទ្រង់​ក្នុងការ​អត់ទោស ។ ឃ្លា « កូន​មនុស្ស » នៅក្នុង ខទី ១០ សំដៅ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា​ព្រះរាជបុត្រា​នៃ « មនុស្ស​នៃ​ភាពបរិសុទ្ធ » ដែល​ជា​ព្រះវរបិតា ( សូមមើល ម៉ូសេ ៦:៥៧ ) ។ អ្នក​ប្រហែល​ជា​ចង់​បន្ត​មើល​វីដេអូ « Jesus Forgives Sins and Heals a Man Stricken with Palsy » ចាប់ពី​នាទី​ទី ១:០៧ ដល់​នាទី​ទី ២:៥៧ ។

2:57
  • សូម​គិត​អំពី​បុគ្គល​ដែល​អ្នកផ្តោត​លើ​នៅក្នុង​ដំណើរ​រឿង​នេះ ។ តើ​អ្នក​ស្រមៃ​ថា បុគ្គល​នេះ​មាន​ប្រតិកម្ម​យ៉ាងណា ចំពោះ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល និង​ធ្វើ ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ នៅពេល​អ្នកផ្តោត​លើ​នរណា​ម្នាក់​ជាក់លាក់​នៅក្នុង​ដំណើររឿង​នេះ ?

ព្រះ​ចេស្តា​របស់​ព្រះ​គ្រីស្ទ​ដើម្បី​ព្យាបាល

សេចក្ដីពិត​មួយ​ដែល​អ្នក​ប្រហែលជា​បាន​រកឃើញ នៅពេល​អ្នក​សិក្សា​ពី​ដំណើររឿង​នេះ​គឺ​ថា ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះចេស្ដា​ដើម្បី​ព្យាបាល​យើង​ទាំង​​ខាងរូបកាយ និង​ខាងវិញ្ញាណ ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​កាល​នោះនៅក្នុង​គណៈប្រធាន​ទីមួយ បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ព្យាបាល​ជំងឺ​ខាងវិញ្ញាណ ។

រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៦ ។ ត្រូវបាន​ហៅ​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ នៅ​ថ្ងៃ​ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៨ ។ រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​នៅក្នុង​ឆ្នាំ ២០០៨ ជំនួស​រូបថត​ពាក់កណ្តាល​ខ្លួន​ដែល​បាន​ថត​នៅក្នុង​ឆ្នាំ ២០០៤ ។

ពេល​ខ្លះ​ជំងឺ​ខាង​វិញ្ញាណ​កើត​មក​ពី​លទ្ធផល​នៃ​អំពើបាប ឬ​របួស​ខាង​សតិអារម្មណ៍ ។ …

ទោះ​ជា​របួស​ខាង​វិញ្ញាណ​មាន​ជម្រៅ​ជ្រៅបំផុត​ក្ដី—មែន​ហើយ​ទោះ​ជា​វា​មើល​ទៅ​ពុំ​អាច​ព្យាបាល​បាន​ក្ដី—គឺ​វា​អាច​ព្យាបាល​បាន ។

មិត្ត​ជា​ទីស្រឡាញ់ ព្រះចេស្ដានៃ​ការ​ព្យាបាល​របស់​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ពុំ​អវត្តមាន​ក្នុង​ជំនាន់​របស់​យើង​ទេ ។

ការ​ពាល់​ដើម្បី​ព្យាបាល​របស់​ព្រះអង្គសង្គ្រោះ អាច​ផ្លាស់ប្រែ​ជីវិត​ក្នុង​ជំនាន់​របស់​យើង​ដូច​ជា​នៅ​ជំនាន់​ទ្រង់​ដែរ ។ ប្រសិន​បើ​យើង​គ្រាន់តែ​មាន​ជំនឿ នោះ​ទ្រង់​អាច​ដឹកដៃ​យើង បំពេញ​ក្នុង​ព្រលឹង​របស់​យើង​ដោយ​ពន្លឺ​សួគ៌ា ហើយ​ព្យាបាល​យើង ព្រមទាំង​មាន​បន្ទូល​ប្រទានពរ​យើង​ថា « ចូរ​ក្រោក​ឡើង យក​គ្រែ​អ្នកដើរ​ទៅ » [ យ៉ូហាន ៥:៨ ] ។

( ឌៀថើរ អេហ្វ អុជដូហ្វ « Bearers of Heavenly Light » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៧៨ )

  • តើ​ឧទាហរណ៍​អ្វី​ខ្លះ​អំពី​របួស​ខាងវិញ្ញាណ ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ព្យាបាល​បាន ?

សូម​ពិចារណា​សរសេរ​ឃ្លា មានតែ​ព្រះយេស៊ូវ​គ្រីស្ទប៉ុណ្ណោះ ដែល​អាច​ព្យាបាល​ទាំងស្រុង​នូវ ________នៅលើ​ក្តារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​នៅក្នុង​ចន្លោះ​នេះ ។

  • តើ​ការ​ដឹង​ថា ទ្រង់​អាច​ព្យាបាល​របួស​ខាង​វិញ្ញាណ​បាន​ផ្តល់​ពរ​ដល់​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្តេច ?

សូម​សញ្ជឹងគិត​ពី​សំណួរ​ខាងក្រោម​ដែល​ទាក់ទង​នឹង​សេចក្តីពិត​នេះ ។ សូម​ពិចារណា​កត់ត្រាទុក​គំនិត​របស់​អ្នក​នៅ​ក្នុង​សៀវភៅកំណត់​ហេតុការសិក្សា​របស់​អ្នក ។

  • តើ​មាន​របួស​ខាង​វិញ្ញាណ​ណា​នៅក្នុង​ជីវិត​របស់អ្នក ដែល​ត្រូវការ​ការព្យាបាល​ដែរ​ឬទេ ?

  • តើ​អ្នក​អាច​ស្វែងរក​ព្រះចេស្ដានៃ​ការ​ប្រោស​ឲ្យ​ជា​របស់​ព្រះយេស៊ូវគ្រីស្ទ​តាម​របៀបណា ?

  • តើ​អ្នក​ស្គាល់​នរណា​ម្នាក់​ផ្សេង​ទៀត ដែល​ត្រូវការ​ព្រះចេស្ដា​នៃ​ការប្រោស​ឲ្យ​ជា​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែរទេ ? តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ទទួល​បានវា ?

សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីស្រឡាញ់ ដែល​ព្រះយេស៊ូវគ្រីស្ទ​មាន​ចំពោះ​យើង​ម្នាក់ៗ និង​ព្រះចេស្ដា​របស់ទ្រង់​ដើម្បី​ព្យាបាល​យើង ។

ចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀន

នៅពេល​អ្នក​សិក្សា​ដំណើរ​រឿង​ផ្សេង​ទៀត​នៅក្នុង​ព្រះគម្ពីរ​នៅ​ឆ្នាំ​នេះ សូម​ពិចារណា​ប្រើ​ជំនាញ​នៃ​ការផ្តោត​លើ​បុគ្គល​ជាក់លាក់ ។ វា​អាច​មាន​គុណប្រយោជន៍ ដើម្បី​អាន​វគ្គបទគម្ពីរ​ជា​ច្រើន​ដង ហើយ​សញ្ជឹងគិត​រាល់ពេល​ថា តើ​បុគ្គល​ផ្សេងទៀត​នៅក្នុង​ដំណើររឿង​នេះ​បានរៀន​អ្វីខ្លះ ។

សូម​ស្រមៃថា បុគ្គល​ដែល​អ្នក​បាន​ផ្តោត​អារម្មណ៍​លើ នៅពេល​អ្នក​សិក្សា​ពី​ដំណើររឿង​នេះ ចង់​ពិពណ៌នា​ប្រាប់​មិត្ត​ម្នាក់​នូវ​អ្វី​ដែល​ពួកគេ​បានឃើញ និង​ទទួលអារម្មណ៍​នៅ​ថ្ងៃ​នោះ ។ សូម​ចំណាយ​ពេលខ្លះ​ដើម្បី​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ពី​របៀប​ដែល​អ្នក​ស្រមៃ​ថា ពួកគេ​កំពុង​ពិពណ៌នា​អំពី​បទពិសោធន៍​នោះ​យ៉ាង​លម្អិត ។ សូម​រួម​បញ្ចូល​អ្វី​ដែល​អ្នក​គិតថា ពួកគេ​បានរៀន និង​ទទួល​អារម្មណ៍​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

តើ​សេចក្តីជំនឿ​របស់​ខ្ញុំ​អាច​ជះឥទ្ធិពល​លើ​មនុស្ស​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​ដែរ​ឬ​ទេ ?

អែលឌើរ ឈី ហុង ( សាំ ) វុង ក្នុង​ពួក​ចិតសិប​នាក់​បាន​បង្រៀន ៖

រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ឈី ហុង ( សាំ ) វុង ។ បាន​ថត​នៅ​ខែ មីនា ឆ្នាំ ២០១៧ ។

ខ្ញុំ​សូម​ចែកចាយ​រឿង​ដ៏​មាន​តម្លៃ​មួយ​ទៀត​ដែល​បាន​លាក់ទុក​ក្នុង​ដំណើររឿង​នៃ​ព្រះគម្ពីរ​នេះ​ជាមួយ​នឹង​អ្នក ។ វា​មាន​នៅ​ខ​ទី ៥ ៖ « ព្រះយេស៊ូវ​ក៏ឃើញ​សេចក្ដីជំនឿ របស់​អ្នក​ទាំងនោះ » ( បាន​គូស​បញ្ជាក់​បន្ថែម ) ។ ពីមុន ខ្ញុំមិន​បាន​កត់សម្គាល់​ទេ​នៅ​ពាក្យ​ថា—សេចក្ដី​ជំនឿរបស់​អ្នក​ទាំងនោះ ។ សេចក្ដីជំនឿ​រួម​គ្នា​របស់យើង​ក៏​នឹង​ជះឥទ្ធិពល​ដល់​សុខុមាលភាព​របស់​អ្នកដទៃ​ដែរ ។

តើ​នរណាទៅ​ជា​មនុស្ស​ដែល​ព្រះយេស៊ូវ​បាន​លើក​ឡើង ? ពួកគេ​ជា​អ្នក​ទាំងបួន​ដែល​សែង​បុរស​មាន​ជំងឺ​ស្លាប់​ដៃជើង​នោះ បុរស​នោះ​ផ្ទាល់ ជា​មនុស្ស​ដែល​បាន​អធិស្ឋាន​ឲ្យ​គាត់ និង​ជន​ដែល​នៅ​ទីនោះស្ដាប់​ការ​បង្រៀន​របស់​ព្រះយេស៊ូវ ហើយ​អបអរដោយ​ស្ងៀម​ស្ងាត់ ក្នុង​ចិត្ត​ពួកគេ​សម្រាប់​អព្ភូតហេតុ​ដែល​នឹង​កើត​មាន​ក្នុងពេល​ឆាប់ៗ ។ ពួកគេ​ក៏អាច​ជា​ស្វាមី ឬ​ភរិយា ឪពុក ឬ​ម្ដាយ កូនប្រុស ឬ​កូនស្រី អ្នកផ្សព្វផ្សាយ​សាសនា ប្រធាន​កូរ៉ុម ប្រធាន​សមាគម​សង្គ្រោះ ប៊ីស្សព និង​មិត្ត​ម្នាក់​ដែល​នៅឆ្ងាយ​ផងដែរ ។ យើង​ទាំងអស់គ្នា​អាច​ជួយ​គ្នា​ទៅវិញ​ទៅមក​បាន ។ យើង​គួរ​មាន​ចិត្ត​ចង់​ចូលរួម​ក្នុងការ​ស្វែងរក​ជួយ​សង្គ្រោះ​ដល់​ជន​ដែល​ខ្វះខាត​ជានិច្ច ។

( ឈី ហុង [ សាំ ] វុង « Rescue in Unity » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១៦ )

តើ​ព្រះ​យេស៊ូវ​បាន​បង្ហាញ​អ្វី​ខ្លះ​ដល់​ពួក​អាចារ្យ​ដោយ​ការ​ព្យាបាល​រូបកាយ​របស់​ពួកគេ ?

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–១៩៨៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់ ៖

រូបក្បាល និង​ស្មា​របស់​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ។

« អ្នកដែ​ល​មាន​វត្តមាន​នៅទីនោះ​បានដឹង​ថា ព្រះ​យេស៊ូវ និង « អ្នក​ប្រាជ្ញ​ច្បាប់ » គឺគ្មាន​នរណា​ក្រៅពី​ព្រះទេ ដែល​អាច​អត់ទោស​ឲ្យ​អំពើបាប​បាន ។ ដូច្នោះហើយ ក្នុងនាម​ជា​សាក្សី​ចង្អុលបង្ហាញ និង​ដ៏​អស្ចារ្យ​ដែលថា ព្រះចេស្ដា​របស់​ព្រះ​ស្ថិត​នៅ​ក្នុងទ្រង់ … នោះ​ព្រះយេស៊ូវ​បាន​ធ្វើ​អ្វី​ដែល​គ្មាន​មនុស្ស​ណា​អាច​ធ្វើ​បាន—ទ្រង់​បាន​បង្ហាញ​ពី​ព្រះចេស្ដា​ដ៏​ទេវភាព​របស់​ទ្រង់ តាមរយៈ​ការព្យាបាល​បុរស​ដែល​បាន​អត់ទោស​ឲ្យ ។ ទ្រង់សួរ​សំណួរថា « តើ​វា​តម្រូវ​ឲ្យ​មាន​ព្រះចេស្ដា​ច្រើន​ដើម្បី​អត់ទោសឲ្យ​អំពើ​បាប ជាជាង​ធ្វើ​ឲ្យ​អ្នកឈឺ​ក្រោក​ដើរ​ឡើងទៅ​ឬអី ? » នោះ​អាច​ជា​ចម្លើយ​តែ​មួយគត់ ! អ្នក​ទាំងនោះ​គឺជា​មនុស្ស​តែមួយ អ្នកណា​ដែល​អាចធ្វើអ្វីមួយ​បាន ក៏​អាច​ធ្វើអ្វី​ផ្សេង​ទៀត​បាន​ដែរ ។

( ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary [ ឆ្នាំ ១៩៧៣ ] ១:១៧៧–១៧៨ )

សកម្មភាព​រៀនសូត្រ​បន្ថែម

ការនាំ​អ្នក​ដទៃ​មករក​ព្រះអង្គ​សង្រ្គោះ

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​តាម​គំរូ​របស់​មនុស្ស​បួននាក់ ដែល​បាន​ប្តេជ្ញាចិត្ត​នាំ​បុរសខ្វិន​នោះ​មករក​ព្រះគ្រីស្ទ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​មនុស្ស​ជា​ទីស្រឡាញ់​ជាក់លាក់​មួយ​ចំនួន ដែល​ត្រូវការ​ជំនួយ​ដើម្បី​មករក​ព្រះអង្គ​សង្គ្រោះ និង​ធ្វើ​ផែនការ​ដើម្បី​ជួយ​ដល់​ពួកគេ ។ ពួកគេ​អាច​ពិចារណា​រាប់បញ្ចូល​អ្នក​ផ្សេងទៀត​ក្នុង​ផែនការ​របស់​ពួកគេ​ផងដែរ គឺ​ដូចជា​បុរស​ដែល​ខ្វិន​នោះ​ត្រូវបាន​គេ​ជួយ​ដោយ​មនុស្ស​ច្រើន​ជាង​ម្នាក់​ដែរ ។ សេចក្តី​ថ្លែងការណ៍​របស់​អែលឌើរ វុង នៅក្នុងផ្នែក « វិចារណកថា និង ព័ត៌មាន​សាច់រឿង » នៃ​មេរៀននេះ ( ឬសុន្ទរកថា​ទាំង​មូល​របស់​លោក ) អាច​ជួយ​សិស្ស​ឲ្យ​យល់ពី​សារៈសំខាន់នៃ​ការបង្រួបបង្រួម​សេចក្ដី​ជំនឿ​របស់​ពួកគេ​ជាមួយ​នឹង​សេចក្ដី​ជំនឿ​របស់​អ្នកដទៃ ។

ការជួយ​អ្នក​ដទៃ

សូម​ពិចារណា​បង្ហាញ​វីដេអូ « Dayton’s Legs » ( ៣:០២ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ វីដេអូ​នេះ​បង្ហាញ​ពី​រឿងរ៉ាវ​របស់​ក្មេង​ប្រុសអាយុ ១៣ ឆ្នាំម្នាក់ ដែល​បាន​ជួយ​មិត្ត​របស់​គាត់ ដែល​មាន​ជំងឺ​ពិការខួរក្បាល ឲ្យ​ចូលរួម​ក្នុងកីឡា​ទ្រីអាតឡុន ។ បន្ទាប់ពី​ចាក់​វីដេអូ​នេះ​រួច សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពីសារៈសំខាន់​នៃ​ការជួយ​អ្នកដទៃ ឲ្យធ្វើ​នូវ​អ្វី​ដែល​ពួកគេ​មិន​ទាន់​មាន​កម្លាំង​គ្រប់គ្រាន់ ដើម្បី​ធ្វើដោយ​ខ្លួនឯង​នៅឡើយ ។ ពួកគេ​អាច​គិត​ពី​ឧទាហរណ៍​នៃ​ការជួយ​អ្នក​ដទៃ ដូចជា​ការអញ្ជើញ​មិត្តភក្តិ​ឲ្យ​មក​ព្រះវិហារ ឬទៅ​ព្រះវិហារបរិសុទ្ធ ដែល​ពួកគេ​មិនចង់​ទៅ​ដោយ​ខ្លួនឯង ។

3:2