ម៉ាថាយ ៨; លូកា ៧:១១–១៧
ព្រះចេស្ដាប្រកបដោយអព្ភូតហេតុរបស់ព្រះយេស៊ូវគ្រីស្ទ
វិធីមួយដែលព្រះយេស៊ូវបានបង្ហាញព្រះចេស្ដារបស់ទ្រង់គឺ តាមរយៈការព្យាបាលប្រកបដោយអព្ភូតហេតុ ដែលរួមមានការប្រោសកូនប្រុសរបស់ស្ត្រីមេម៉ាយឲ្យរស់ពីការស្លាប់ ។ មេរៀននេះមានគោលបំណង ដើម្បីពង្រឹងសេចក្ដីជំនឿរបស់អ្នកលើព្រះចេស្ដារបស់ព្រះយេស៊ូវគ្រីស្ទ ក្នុងការសម្ដែងអព្ភូតហេតុនៅសម័យរបស់យើង និងនៅក្នុងជីវិតរបស់អ្នក ។
សកម្មភាពរៀនសូត្រដែលអាចមាន
អព្ភូតហេតុ
អព្ភូតហេតុគឺជា « ហេតុការណ៍ដ៏អស្ចារ្យមួយដែលកើតឡើងដោយព្រះចេស្ដានៃព្រះ ។ … សេចក្ដីជំនឿគឺជាធាតុចាំបាច់ ដើម្បីឲ្យមានអព្ភូតហេតុបានសម្ដែងឡើង » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « អព្ភូតហេតុ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
-
តើអព្ភូតហេតុណាខ្លះដែលអ្នកចូលចិត្តជាងគេ ដែលបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ ? ហេតុអ្វី ?
-
តើយើងរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទចេញពីអព្ភូតហេតុទាំងនេះ ?
អំឡុងព្រះជន្មរបស់ព្រះអង្គសង្គ្រោះ ទ្រង់បានសម្ដែងអព្ភូតហេតុជាច្រើន ។ នៅពេលអ្នកសិក្សាពីអព្ភូតហេតុទាំងនេះនៅក្នុងមេរៀននេះ និងពេញមួយសប្តាហ៍ សូមសញ្ជឹងគិតពីរបៀបដែលអ្នកនឹងឆ្លើយសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកយល់អ្វីខ្លះអំពីអព្ភូតហេតុ ?
-
តើអ្នកមានសំណួរអ្វីខ្លះអំពីអព្ភូតហេតុទាំងនោះ ?
-
តើអ្នកសង្ឃឹមថា ព្រះនឹងសម្ដែងអព្ភូតហេតុ ( ណាខ្លះ ) នៅក្នុងជីវិតរបស់អ្នក ?
អ្នកអាចចង់កត់ត្រាចម្លើយរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមរកមើលចម្លើយចំពោះសំណួររបស់អ្នកនៅសប្តាហ៍នេះ នៅពេលអ្នកសិក្សាពីអព្ភូតហេតុទាំងឡាយដែលព្រះយេស៊ូវគ្រីស្ទបានសម្តែងឡើង ។
តើអព្ភូតហេតុបង្រៀនយើងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?
ជំនាញសិក្សាព្រះគម្ពីរមួយ ដែលអាចជួយអ្នកឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទកាន់តែច្បាស់នោះគឺ ការមើលហួសពីអ្វីដែលទ្រង់បានធ្វើ ហើយពិចារណាប្រកបដោយការអធិស្ឋានអំពីសកម្មភាពរបស់ទ្រង់ ដែលបង្ហាញពីបុគ្គលិកលក្ខណៈរបស់ព្រះអង្គ ។ ពេលអ្នកអាន សូមពិចារណាសួរសំណួរដូចជា « តើខ្ញុំបានរៀនអ្វីខ្លះអំពីការជំរុញព្រះទ័យ អាទិភាព និងគុណលក្ខណៈរបស់ព្រះអង្គសង្គ្រោះ ចេញពីអ្វីដែលទ្រង់កំពុងធ្វើ និងកំពុងមានបន្ទូលនេះ ? »
សូមអាន លូកា ៧:១១–១៧ ដោយស្វែងរកព័ត៌មានលម្អិតនៅក្នុងដំណើររឿង ដែលបង្រៀនអ្នកអំពីព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍ ៖ សូមយកចិត្តទុកដាក់លើ ខទី ១៣ ដែលជួយអ្នកឲ្យយល់ពីមូលហេតុដែលទ្រង់បានសម្ដែងអព្ភូតហេតុនេះ ។ អ្នកប្រហែលជាចង់មើលវីដេអូ « Widow of Nain » ( ២:២២ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org នៅពេលអ្នកសិក្សាដំណើររឿងនេះ ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីការជំរុញព្រះទ័យ អាទិភាព និងគុណលក្ខណៈរបស់ព្រះអង្គសង្គ្រោះ ចេញពីអ្វីដែលទ្រង់បានធ្វើ ឬមានបន្ទូល នៅពេលដែលទ្រង់បានសម្ដែងអព្ភូតហេតុនេះ ?
-
តើអ្វីដែលអ្នកបានរៀន អាចជួយអ្នកក្នុងជីវិតរបស់អ្នកនៅពេលឥឡូវនេះបានយ៉ាងដូចម្តេច ?
ព្រះយេស៊ូវសម្តែងអព្ភូតហេតុជាច្រើន
សូមជ្រើសរើសអព្ភូតហេតុដូចខាងក្រោមមួយ ឬច្រើនមកសិក្សា ។ សូមបន្តយកចិត្តទុកដាក់លើអ្វីដែលអ្នកបានរៀនអំពីព្រះអង្គសង្គ្រោះ ចេញពីដំណើររឿងទាំងនេះ ។
ម៉ាថាយ ៨:១–៤ ; ម៉ាកុស ១:៤០–៤២ ព្រះយេស៊ូវព្យាបាលអ្នកមនុស្សឃ្លង់ ។មនុស្សម្នាក្នុងក្រុងបានចៀសពីមនុស្សឃ្លង់ម្នាក់ ព្រោះរោគឃ្លង់គឺជាជំងឺដ៏ឈឺចាប់ ឆ្លង និងជួនកាលអាចបណ្តាលឲ្យស្លាប់បាន ។ មនុស្សភាគច្រើនបានចៀសមិនចូលទៅជិត ឬប៉ះពាល់មនុស្សឃ្លង់ទេ ។
ម៉ាថាយ ៨:៥–៨, ១៣ ព្រះយេស៊ូវបានប្រោសអ្នកបម្រើរបស់មេទ័ព ។មេទ័ពគឺជាមេបញ្ជាការម្នាក់ ដែលមានកូនទ័ពប្រហែលជា ១០០ នាក់នៅក្នុងជួរទាហានរ៉ូម៉ាំង ។ សាសន៍យូដាជាច្រើននៅសម័យព្រះយេស៊ូវស្អប់កងទ័ពរ៉ូម៉ាំង ដោយសារភាពខុសគ្នាខាងសាសនា និងដោយសារពួកគេតំណាងឲ្យប្រជាជាតិដែលបានច្បាំងឈ្នះពួកគេ ។
ម៉ាកុស ៥:១–១៣, ១៨–២០ ព្រះយេស៊ូវដេញអារក្សអសោចចេញពីបុរសម្នាក់ដែលរស់នៅឯផ្នូរខ្មោច ។បុរសម្នាក់ដែលបានរស់នៅឯផ្នូរខ្មោចបានស្រែក ហើយធ្វើបាបខ្លួនឯង ។ នៅពេលប្រជាជននៅតំបន់នោះមិនអាចចងគាត់ជាមួយនឹងច្រវាក់បាន នោះពួកគេបានគេចពីគាត់ ដោយទុកគាត់ឲ្យនៅដាច់ដោយឡែកនៅឯផ្នូរខ្មោច ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីការជំរុញព្រះទ័យ អាទិភាព និងគុណលក្ខណៈរបស់ព្រះអង្គសង្គ្រោះ ចេញពីអ្វីដែលទ្រង់បានធ្វើ ឬមានបន្ទូល នៅពេលដែលទ្រង់បានសម្ដែងអព្ភូតហេតុនេះ ?
-
តើអ្វីដែលអ្នកបានរៀន អាចជួយអ្នកក្នុងជីវិតរបស់អ្នកនៅពេលឥឡូវនេះបានយ៉ាងដូចម្តេច ?
-
តើអ្នកអាចធ្វើអ្វីខ្លះ នៅពេលអ្នកមានអារម្មណ៍ថាត្រូវការជំនួយពីព្រះអង្គសង្គ្រោះ ?
អព្ភូតហេតុក្នុងជំនាន់របស់យើង
តើអ្នកធ្លាប់ឆ្ងល់ថា តើព្រះអង្គសង្គ្រោះនៅតែសម្ដែងអព្ភូតហេតុនៅសព្វថ្ងៃនេះដែរឬទេ ? ខណៈដែលមនុស្សជាច្រើនមិនបានជួបនឹងអព្ភូតហេតុមួយចំនួនដែលធ្វើឲ្យរំជួលចិត្តខ្លាំង ដូចបានកត់ត្រានៅក្នុងព្រះគម្ពីរ ដូចជាការញែកសមុទ្រក្រហម ឬការប្រោសពីការស្លាប់ នោះវាជារឿងសំខាន់ដែលត្រូវចងចាំថា អព្ភូតហេតុនៅតែកើតមាននៅសព្វថ្ងៃនេះ ។ ព្រះអង្គសង្គ្រោះបានប្រកាសថា « យើងជាព្រះនៃអព្ភូតហេតុទាំងឡាយ ហើយយើងនឹងបង្ហាញដល់មនុស្សលោកថា យើងនៅតែដដែល ទោះពីថ្ងៃម្សិល ថ្ងៃនេះ និងរហូតតទៅ » ( នីហ្វៃទី២ ២៧:២៣ ) ។
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
អព្ភូតហេតុជាច្រើនកើតឡើងរាល់ថ្ងៃនៅក្នុងកិច្ចការសាសនាចក្ររបស់យើង និងនៅក្នុងជីវិតរបស់សមាជិកយើង ។ អ្នកទាំងអស់គ្នាជាច្រើននាក់បានធ្វើជាសាក្សីនៃអព្ភូតហេតុ ប្រហែលច្រើនជាងអ្វីដែលអ្នកដឹងទៅទៀត ។
( ដាល្លិន អេក អូក « Miracles » Ensign ខែ មិថុនា ឆ្នាំ ២០០១ ទំព័រ ៦ )
-
តើអ្នកមានគំនិត ឬសំណួរអ្វីខ្លះអំពីសេចក្តីថ្លែងការណ៍របស់ប្រធាន អូក នេះ ?
-
តើអព្ភូតហេតុណាខ្លះ ដែលព្រះអង្គសង្គ្រោះបានធ្វើ ដែលជាផ្នែកមួយនៃការស្ដារឡើងវិញ និងពេញទាំងកិច្ចការក្នុងសាសនាចក្ររបស់ទ្រង់ ?
-
តើអ្នក ឬមនុស្សជាទីស្រឡាញ់របស់អ្នកបានឃើញអព្ភូតហេតុអ្វីខ្លះនៅក្នុងជីវិតរបស់អ្នកទាំងអស់គ្នា ?
-
តើអព្ភូតហេតុផ្ទាល់ខ្លួនទាំងនេះបង្ហាញអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
វិចារណកថា និង ព័ត៌មានសាច់រឿង
តើអ្វីជាអព្ភូតហេតុដ៏អស្ចារ្យ ?
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
អព្ភូតហេតុមួយចំនួនមានឥទ្ធិពលលើមនុស្សជាច្រើន ។ អព្ភូតហេតុដ៏អស្ចារ្យបំផុតគឺដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ—ពោលគឺជ័យជម្នះរបស់ទ្រង់លើសេចក្តីស្លាប់ខាងសាច់ឈាម និងខាងវិញ្ញាណសម្រាប់មនុស្សលោកទាំងអស់ ។ គ្មានអព្ភូតហេតុណាដែលទូលំទូលាយ ឬអស្ចារ្យជាងនេះទៀតនោះទេ ។
( ដាល្លិន អេក អូក « Miracles » Ensign ខែ មិថុនា ឆ្នាំ ២០០១ ទំព័រ ៩ )
តើអព្ភូតហេតុដ៏អស្ចារ្យដូចបានកត់ត្រានៅក្នុងព្រះគម្ពីរនៅតែកើតឡើងសព្វថ្ងៃនេះដែរឬទេ ?
ឧទាហរណ៍មួយនៃអព្ភូតហេតុដ៏អស្ចារ្យនៅសម័យទំនើបត្រូវបានចែកចាយដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–ឆ្នាំ ២០០៨ ) ៖
ខ្ញុំបានទទួលការស្នើសុំឲ្យទៅសួរសុខទុក្ខស្ត្រីម្នាក់នៅក្នុងមន្ទីរពេទ្យ ដែលគ្រូពេទ្យបានប្រាប់នាងថា នាងនឹងងងឹតភ្នែក ហើយលែងមើលឃើញក្នុងរយៈពេលមួយសប្តាហ៍ទៀត ។ នាងបានសូមឲ្យយើងប្រសិទ្ធពរដល់នាង ហើយយើងបានប្រសិទ្ធពរមែន ហើយនាងបានពោលថា នាងត្រូវបានព្យាបាលដោយអព្ភូតហេតុ ។ … ខ្ញុំបាននិយាយទៅនាងថា « ខ្ញុំមិនបានសង្គ្រោះការមើលឃើញរបស់ប្អូនទេ ។ តាមពិតទៅ គឺព្រះអម្ចាស់ទេដែលបានសង្រ្គោះការមើលឃើញរបស់ប្អូន ។ សូមអរព្រះគុណទ្រង់ ហើយមានអំណរគុណចំពោះទ្រង់ » ។
( Teachings of Gordon B. Hinckley [ ឆ្នាំ ១៩៩៧ ] ទំព័រ ៣៤៣ )
ហេតុអ្វីមនុស្សមិនទទួលបាននូវរាល់អព្ភូតហេតុដែលពួកគេស្វែងរកដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ?
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានថ្លែង ៖
អព្ភូតហេតុមិនមានសម្រាប់ការសុំនោះទេ ។ … ព្រះហឫទ័យរបស់ព្រះអម្ចាស់គឺជាកត្តាដ៏សំខាន់បំផុត ។ បព្វជិតភាពរបស់ព្រះអម្ចាស់មិនអាចប្រើ ដើម្បីធ្វើអព្ភូតហេតុផ្ទុយនឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ឡើយ ។ យើងក៏ត្រូវចងចាំផងដែរថា សូម្បីតែនៅពេលអព្ភូតហេតុកើតឡើងក្ដី ក៏វានឹងមិនកើតឡើងតាមកាលវិភាគដែលយើងចង់បានដែរ ។ វិវរណៈបង្រៀនថា បទពិសោធន៍ដែលប្រកបដោយអព្ភូតហេតុកើតឡើង « តាមពេលវេលារបស់ទ្រង់ និងតាមផ្លូវរបស់ទ្រង់ » ( គ&ស ៨៨:៦៨ ) ។
( ដាល្លិន អេក អូក « Miracles » Ensign ខែ មិថុនា ឆ្នាំ ២០០១ ទំព័រ ៩ )
ហេតុអ្វីអារក្សនៅក្នុងដំណើររឿងក្នុង ម៉ាកុស ៥:១១–១៣ ចង់ចូលទៅក្នុងហ្វូងជ្រូក ?
ព្យាការី យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–១៨៤៤ ) បានពន្យល់ ៖
យើងមកលើផែនដីនេះ ដើម្បីយើងអាចមានរូបកាយ ហើយបង្ហាញថា វាបរិសុទ្ធនៅចំពោះព្រះនៅក្នុងនគរសេឡេស្ទាល ។ គោលការណ៍នៃសុភមង្គលដ៏មហិមា មាននៅក្នុងការមានរូបរាងកាយ ។ អារក្សគ្មានរូបកាយទេ ហើយការគ្មានរូបកាយនេះហើយគឺជាទណ្ឌកម្មរបស់វា ។ វាមានចិត្តរីករាយណាស់ នៅពេលវាអាចទទួលបានរោងឧបោសថនៃមនុស្ស ហើយនៅពេលព្រះអង្គសង្គ្រោះបានបណ្តេញវាចេញ វាបានសូមទ្រង់ចូលទៅក្នុងហ្វូងជ្រូកវិញ ដែលការណ៍នេះបង្ហាញថា វាចង់បានរូបកាយរបស់សត្វជ្រូក ប្រសើរជាជាងគ្មានរូបកាយ ។ គ្រប់សភាវៈទាំងអស់ដែលមានរូបកាយ មានអំណាចលើអស់អ្នកដែលគ្មានរូបកាយ ។
( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២១១ )
តើនឹងមានអព្ភូតហេតុជាច្រើនទៀតកើតឡើងពីមុនការយាងមករបស់ព្រះអង្គសង្រ្គោះដែរឬទេ ?
ប្រធាន រ័សុល អិម ណិលសុន បានថ្លែងទីបន្ទាល់ ៖
ព្រះអង្គសង្គ្រោះ និងព្រះដ៏ប្រោសលោះរបស់យើងគឺព្រះយេស៊ូវគ្រីស្ទ នឹងធ្វើកិច្ចការដ៏អស្ចារ្យបំផុតរបស់ទ្រង់មួយចំនួន នៅចន្លោះពេលនេះរហូតដល់ពេលទ្រង់យាងមកម្ដងទៀត ។ យើងនឹងឃើញការបង្ហាញដ៏អស្ចារ្យថា ព្រះជាព្រះវរបិតា និងព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ធ្វើជាអធិបតីលើសាសនាចក្រនេះដោយភាពរុងរឿង និងសិរីល្អ ។
( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ )