ថ្នាក់​សិក្ខាសាលា
វិវរណៈ ១២


វិវរណៈ ១២

« ចម្បាំងនៅលើមេឃ »

illustration of the earth from space

តើអ្នកមកពីណា មុនពេលអ្នកកើតមកលើផែនដីនេះ ? តើចំណេះដឹងនេះជះឥទ្ធិពលលើជីវិតរបស់អ្នកដោយរបៀបណា ? ខណៈពេលដែលពិពណ៌នាពីការនិមិត្តរបស់លោកអំពី « ការដែលត្រូវមកខាងក្រោយទៀត » ( វិវរណៈ ៤:១ ) ទាក់ទងនឹងថ្ងៃចុងក្រោយ និងការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ យ៉ូហានក៏បានចែកចាយព័ត៌មានលម្អិតអំពីជីវិតមុនឆាកជីវិតរបស់យើង រួមទាំង « សង្គ្រាមនៅស្ថានសួគ៌ » ( វិវរណៈ ១២:៧ ) និងការប្រឆាំងរបស់អារក្សសាតាំងចំពោះអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទក្នុងជីវិតរមែងស្លាប់ផងដែរ ។ គោលបំណងមេរៀននេះគឺ ដើម្បីជួយបង្កើនការតាំងចិត្តរបស់អ្នកក្នុងការដើរតាមព្រះយេស៊ូវគ្រីស្ទ ដោយជួយអ្នកឲ្យយល់អំពីជម្រើសមុនឆាកជីវិតនេះរបស់អ្នកក្នុងការដើរតាមព្រះអង្គសង្គ្រោះ ហើយបដិសេធអារក្សសាតាំង ។

ការផ្តល់ពេលវេលាឲ្យសិស្សសញ្ជឹងគិត ។ សូមផ្តល់ឱកាសឲ្យសិស្សសញ្ជឹងគិតអំពីអ្វីដែលពួកគេដឹង និងជឿ និងរបៀបដែលពួកគេមានអារម្មណ៍ចំពោះអ្វីដែលពួកគេកំពុងរៀន ។ ការធ្វើបែបនេះអាចបង្កើនលទ្ធភាពរបស់ពួកគេក្នុងការត្រូវបានបង្រៀនដោយព្រះវិញ្ញាណ ។ វាអាចជួយពួកគេឲ្យទទួលស្គាល់ការរីកចម្រើនខាងវិញ្ញាណនាពេលបច្ចុប្បន្នរបស់ពួកគេ និងអ្វីដែលពួកគេប្រហែលជាត្រូវធ្វើដើម្បីផ្លាស់ប្តូរ និងរីកចម្រើន ។

ការរៀបចំរបស់សិស្ស ៖ ពីរបីថ្ងៃមុនមេរៀននេះ សូមឲ្យសិស្សយកចិត្តទុកដាក់លើរបៀបដែលពួកគេឃើញអារក្សសាតាំងកំពុងប្រយុទ្ធនឹងព្រះយេស៊ូវគ្រីស្ទ និងអ្នកដើរតាមរបស់ទ្រង់ ។ សូមលើកទឹកចិត្តពួកគេឲ្យរៀបចំដើម្បីចែកចាយឧទាហរណ៍ជាក់លាក់នៃអ្វីដែលពួកគេបានសម្គាល់ឃើញ ។

សកម្មភាពរៀនសូត្រដែលអាចមាន

តើវាមានភាពខុសគ្នាអ្វីខ្លះ ?

នៅក្នុងការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវវ័យ ស៊ីស្ទើរ វេនឌី ដបុលយូ ណិលសុន ភរិយារបស់ប្រធាន រ័សុល អិម ណិលសុន បានចែកចាយសេចក្ដីថ្លែងការណ៍ដូចតទៅ ។ សូមព្យាយាមស្រមៃមើលអ្វីដែលគាត់កំពុងអញ្ជើញអ្នកឲ្យស្រមៃមើល និងទទួលអារម្មណ៍ ។ អ្នកប្រហែលចង់មើលវីដេអូ « សង្ឃឹមអ៊ីស្រាអែល » ( ១:០១:៣៤ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ២០:៥២–២១:៣៧ ឬអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ។

2:3

សូមពិចារណាចែកចាយកថាខណ្ឌខាងក្រោមម្តងមួយៗ ហើយអនុញ្ញាតឲ្យសិស្សពិភាក្សាអំពីសេចក្ដីថ្លែងការណ៍របស់ស៊ីស្ទើរ ណិលសុន ។ ពួកគេអាចសញ្ជឹងគិតពីសភាពនៃជីវិតមុនឆាកជីវិតរមែងស្លាប់របស់យើង និងពីអារម្មណ៍របស់ពួកគេ បើពួកគេមានបទពិសោធន៍ដែលស៊ីស្ទើរ ណិលសុន និយាយដល់នេះ ។

Portrait of Wendy Watson Nelson, wife of President Russell M. Nelson. December 2016.

អូ៎ ! ខ្ញុំចង់ឲ្យប្អូនៗមើលវីដេអូ ១០ នាទីអំពីជីវិតមុនជីវិតរមែងស្លាប់របស់ប្អូនៗនៅក្នុង YouTube ណាស់ ។

ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា បើប្អូនៗអាចមើលទៅស្ថានសួគ៌បានប្រាំនាទី នោះប្អូនៗនឹងដឹងបានច្រើនជាងមុនអំពីប្រធានបទមួយ គឺច្រើនជាងការដែលប្អូនៗសិក្សាអំពីវាពេញមួយជីវិតរបស់ប្អូនៗទៅទៀត ។ ដូច្នេះ ចូរស្រមៃថា ប្អូនៗអាចមើលវីដេអូ ១០ នាទីពីជីវិតមុនជីវិតរមែងស្លាប់របស់ប្អូន !

ប្រាកដណាស់ យើងដឹងថា ព្រះអម្ចាស់បានដាក់វាំងននបិទបាំងការចងចាំទាំងឡាយដោយឈ្លាសវៃ ។ ប៉ុន្តែសូមស្រមៃមួយសន្ទុះអំពីឥទ្ធិពលដែលមានលើជីវិតរបស់ប្អូនៗ បើប្អូនៗត្រូវបានអនុញ្ញាតឲ្យមើល ១០ នាទីអំពីជីវិតមុនជីវិតនៅលើផែនដីរបស់ប្អូនៗ ។

( វេនឌី ដបុលយូ ណិលសុន « សង្ឃឹមអ៊ីស្រាអែល » [ ការប្រជុំធម្មនិដ្ឋានសម្រាប់យុវវ័យទូទាំងពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] បន្ថែមទៅនឹង New Era និង Ensign ទំព័រ ៤–៥ នៅលើគេហទំព័រ ChurchofJesusChrist.org )

  • ប្រសិនបើអ្នកអាចឃើញខ្លួនអ្នកនៅក្នុងជីវិតមុនជីវិតរមែងស្លាប់ តើរឿងជាក់លាក់អ្វីខ្លះដែលអ្នកសង្ឃឹមថានឹងឃើញ នឹងរៀន នឹងទទួលអារម្មណ៍ ឬនឹងយល់ពីការមានបទពិសោធន៍នោះ ?

  • តើអ្នកគិតថា វានឹងមានភាពខុសគ្នាអ្វីខ្លះក្នុងជីវិតរបស់អ្នក ?

នៅក្នុង វិវរណៈ ១២ យ៉ូហានបានសរសេរអំពីសង្គ្រាមនៅស្ថានសួគ៌ មុនជីវិតរមែងស្លាប់នេះ ។ នៅពេលអ្នកសិក្សា សូមរកមើលព័ត៌មានលម្អិតអំពីទំនាក់ទំនងនៃជីវិតមុនជីវិតនៅលើផែនដីរបស់អ្នកជាមួយព្រះយេស៊ូវគ្រីស្ទ ។ សូមគិតអំពីរបៀបដែលការយល់ដឹងអំពីទំនាក់ទំនងនេះអាចមានឥទ្ធិពលដល់សមត្ថភាពរបស់អ្នកក្នុងការដើរតាមទ្រង់ ហើយយកឈ្នះអារក្សសាតាំងនៅក្នុងជីវិតរបស់អ្នកឥឡូវនេះ ។

សង្គ្រាមនៅស្ថានសួគ៌មុនជីវិតរមែងស្លាប់

គោលបំណងនៃបរិបទខាងក្រោមគឺដើម្បីជួយសិស្សឲ្យយល់អំពីនិមិត្តសញ្ញា និងរូបភាពពីការនិមិត្តរបស់យ៉ូហាន ដូច្នេះពួកគេអាចយល់អំពីសង្គ្រាមនៅស្ថានសួគ៌នៅពេលក្រោយនៅក្នុងមេរៀននេះ ។ សូមគ្រប់គ្រងពេលវេលាដែលសិស្សចំណាយលើខគម្ពីរទាំងនេះ ដើម្បីទុកពេលគ្រប់គ្រាន់សម្រាប់សកម្មភាពក្រោយៗនៅក្នុងមេរៀន ។

ដើម្បីជួយអ្នកឲ្យរៀបចំខ្លួនសិក្សាពីការបង្រៀនរបស់យ៉ូហានអំពីសង្គ្រាមនៅស្ថានសួគ៌ នោះវាអាចនឹងមានប្រយោជន៍សម្រាប់អ្នកក្នុងការសិក្សា វិវរណៈ ១២:១–៥ ហើយបន្ទាប់មកមើលរូបភាពខាងក្រោមដែលពណ៌នាអំពីនិមិត្តសញ្ញាមួយចំនួននៅក្នុងខគម្ពីរទាំងនេះ ។ សូមប្រើតារាងខាងក្រោមដើម្បីជួយអ្នកឲ្យយល់ពីអ្វីដែលនិមិត្តសញ្ញាទាំងនេះតំណាងឲ្យ ។

Book of Revelation Transparencies

សូមពិចារណាបង្ហាញព័ត៌មានខាងក្រោមនេះដល់សិស្ស ។

និមិត្តសញ្ញា

តើតំណាងឲ្យអ្វី

ស្ត្រី ( វិវរណៈ ១២:១ )

« សាសនាចក្រនៃព្រះ » ( សូមមើល ការបកប្រែដោយយ៉ូសែប ស្ម៊ីធ វិវរណៈ ១២:៧ [ នៅក្នុង Bible appendix ] )

កូនរបស់ស្ត្រី ( វិវរណៈ ១២:២ )

« នគរនៃព្រះនៃយើង និងព្រះគ្រីស្ទរបស់ទ្រង់ » ( សូមមើល ការបកប្រែដោយយ៉ូសែប ស្ម៊ីធ ក្នុងវិវរណៈ ១២:៧ [ នៅក្នុង Bible appendix ] )

នាគ ( វិវរណៈ ១២:៣ )

អារក្សសាតាំង ( សូមមើល ការបកប្រែដោយយ៉ូសែប ស្ម៊ីធ ក្នុងវិវរណៈ ១២:៨ [ នៅក្នុង Bible appendix ] )

ដើម្បីស្វែងយល់អំពីសង្គ្រាមនៅស្ថានសួគ៌ សូមបង្កើតតារាងដូចខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមមើល ការបកប្រែដោយយ៉ូសែប ស្ម៊ីធ ក្នុង វិវរណៈ ១២:៧– ១១ ( នៅក្នុង Bible appendix ) ។ សូមកំណត់ចំណាំថា « មីកែល និងពួកទេវតារបស់លោក » ( វិវរណៈ ១២:៧ ) គឺលោកអ័ដាម និងវិញ្ញាណបុត្រាបុត្រីសុចរិតផ្សេងទៀតរបស់ព្រះ ។

សូមពិចារណាបង្ហាញតារាងខាងក្រោមនេះនៅលើក្ដារខៀន ដើម្បីឲ្យសិស្សគូរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ បន្ថែមពីលើការបំពេញតារាងនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ សិស្សអាចសរសេរការឆ្លើយតបដែលមិនមានលក្ខណៈផ្ទាល់ខ្លួនពេកនៅលើសន្លឹកក្រដាសតូចៗ ហើយបិទវានៅលើក្ដារខៀនក្បែរការបំផុសគំនិតដែលសមស្រប ។

សង្គ្រាមនៅស្ថានសួគ៌

ការបកប្រែដោយយ៉ូសែប ស្មីធ វិវរណៈ ១២:៧–១១ ( នៅក្នុងBible appendix )

ខ្ញុំបានដឹងថា អារក្សសាតាំង …

ខ្ញុំបានដឹងថា ព្រះយេស៊ូវគ្រីស្ទ …

ខ្ញុំបានដឹងថា ខ្ញុំ …

សូមពិចារណាពីអ្វីដែលអ្នកបានអាន និងអ្វីដែលអ្នកបានសរសេរនៅក្នុងតារាងរបស់អ្នក ។

  • តើអ្វីខ្លះលេចធ្លោចំពោះអ្នក ? តើអ្នកមានសំណួរអ្វីខ្លះ ?

  • តើ ខទី ១១ ជួយអ្នកឲ្យយល់ពីអ្វីខ្លះ នៃអ្វីដែលអ្នកមានក្នុងជីវិតមុនជីវិតរមែងស្លាប់នេះ ? តើព្រះអង្គសង្គ្រោះមានតួនាទីអ្វីខ្លះក្នុងការជួយអ្នកឲ្យយកឈ្នះលើអារក្សសាតាំង ?

ក្នុងការបង្រៀនអំពីជីវិតមុនជីវិតរមែងស្លាប់ និងសកម្មភាពរបស់យើងនៅទីនោះ ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានសង្កត់ធ្ងន់ដូចតទៅនេះ ៖

Official Portrait of President Dallin H. Oaks taken March 2018.

នៅក្នុងក្រុមប្រឹក្សានៅស្ថានសួគ៌ វិញ្ញាណបុត្រាបុត្រីទាំងអស់របស់ព្រះត្រូវបានណែនាំឲ្យស្គាល់ផែនការរបស់ព្រះវរបិតា រួមទាំងផលវិបាក និងការសាកល្បងនៃជីវិតរមែងស្លាប់ ជំនួយ មកពីស្ថានសួគ៌ និងជោគវាសនាដ៏រុងរឿង ។ យើងមើលឃើញទីបញ្ចប់តាំងពីដើមមក ។ អស់អ្នកដែលមានជីវិតរមែងស្លាប់ដែលបានកើតមកលើផែនដីនេះ បានជ្រើសរើសផែនការរបស់ព្រះវរបិតា ហើយបានច្បាំងសម្រាប់ផែនការនេះនៅក្នុងការប្រកួតប្រជែងនៅស្ថានសួគ៌ដែលបានកើតមានតាមក្រោយ ។

( ដាល្លិន អេក អូក « The Great Plan » EnsignLiahonaខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៩៣ )

  • តើអ្នកបានរៀនអ្វីខ្លះ ដែលអាចកសាងសេចក្តីជំនឿរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទ ហើយអាចជួយអ្នកឲ្យដើរតាមទ្រង់ ?

សេចក្តីពិតមួយដែលអ្នកអាចនឹងកំពុងរៀនមកពីការសិក្សារបស់អ្នក គឺថា អ្នកបានយកឈ្នះលើអារក្សសាតាំងនៅក្នុងជីវិតមុនជីវិតរមែងស្លាប់នេះ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ហើយដោយការនៅបន្តស្មោះត្រង់ចំពោះទីបន្ទាល់របស់អ្នក

  • តើការយល់ដឹងសេចក្ដីពិតនេះមានឥទ្ធិពលលើរបៀបដែលអ្នកមើលឃើញខ្លួនអ្នក និងអ្នកដទៃយ៉ាងដូចម្ដេច ?

  • តើសេចក្ដីពិតនេះជួយអ្នកឲ្យយល់យ៉ាងណាអំពីព្រះចេស្ដានៃព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់ ?

សូមរំឭកឡើងវិញថា បន្ទាប់ពីការបះបោររបស់អារក្សសាតាំង វា និងពួកទេវតារបស់វាត្រូវបាន « បោះទម្លាក់ទៅផែនដី » ( វិវរណៈ ១២:៩ ) ។ សូមអាន វិវរណៈ ១២:១២, ១៧ ដោយរកមើលអ្នកណាដែលអារក្សសាតាំងបានធ្វើសង្គ្រាមប្រឆាំង បន្ទាប់ពីវាត្រូវបានបោះទម្លាក់ចេញពីស្ថានសួគ៌ ។ សូមពិចារណាបន្ថែមការយល់ឃើញរបស់អ្នកទៅលើតារាងដែលអ្នកបានបង្កើត ។

មុននឹងសួរសំណួរបន្ទាប់ សូមរំឭកសិស្សអំពីការអញ្ជើញពីសកម្មភាពរៀបចំបស់សិស្ស ។

  • តើអ្នកមើលឃើញថា សង្រ្គាមអារក្សសាតាំងបានចាប់ផ្តើមប្រឆាំងនឹងអ្នកដើរតាមព្រះគ្រីស្ទបន្តដល់សព្វថ្ងៃនេះដោយរបៀបណា ?

  • តើការដឹងសេចក្ដីពិតដែលអ្នកបានរៀនអំពីសង្គ្រាមមុនជីវិតរមែងស្លាប់នៅស្ថានសួគ៌ អាចជួយអ្នកក្នុងសង្គ្រាមប្រឆាំងនឹងអារក្សសាតាំងនៅសព្វថ្ងៃនេះដោយរបៀបណា ?

សូមពិនិត្យឡើងវិញនូវអ្វីដែលអ្នកបានសរសេរក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយពិចារណាធ្វើការសញ្ជឹងគិតដោយស្ងៀមស្ងាត់ និងអធិស្ឋានអំពីជំនឿផ្ទាល់ខ្លួនរបស់អ្នកចំពោះជីវិតមុនជីវិតរមែងស្លាប់របស់អ្នក និងការពិតនៃសង្គ្រាមរវាងអារក្សសាតាំង និងអ្នកដែលដើរតាមព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាពីរបៀបដែលអ្នកបានរៀននៅថ្ងៃនេះ អាចជួយអ្នកឲ្យយល់កាន់តែច្បាស់ពីការទុកចិត្ដនៅមុនជីវិតរមែងស្លាប់របស់អ្នក និងការពឹងផ្អែកទៅលើព្រះយេស៊ូវគ្រីស្ទ ។ តើអ្នកអាចទុកចិត្ត និងពឹងផ្អែកទៅលើទ្រង់ទាំងស្រុងកាន់តែខ្លាំងឡើងនៅទីនេះក្នុងជីវិតរមែងស្លាប់ដោយរបៀបណា ? សូមកត់ត្រាគំនិត និងចំណាប់អារម្មណ៍របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។

វិចារណកថា និង ព័ត៌មានសាច់រឿង

សកម្មភាពរៀនសូត្របន្ថែម

ជម្រើសផ្សេងទៀតដើម្បីចាប់ផ្តើមមេរៀន

ជាជម្រើសមួយចំពោះអ្វីដែលត្រូវបានណែនាំនៅដើមមេរៀន នោះសិស្សអាចទទួលបានអត្ថប្រយោជន៍តាមរយៈការពិភាក្សាអំពីបទពិសោធន៍របស់ពួកគេក្នុងការរស់នៅក្នុងគ្រាដែលសង្រ្គាមផ្ទុះឡើងទូទាំងពិភពលោក ។ ពួកគេអាចពិភាក្សាអំពីសង្គ្រាមដែលមានឥទ្ធិពលបំផុត ឬសង្គ្រាមបច្ចុប្បន្នមួយចំនួន និងឥទ្ធិពលនៃសង្គ្រាមទាំងនោះ មុននឹងពិភាក្សាអំពីការប្រយុទ្ធខាងវិញ្ញាណ ឬសង្រ្គាម និងឥទ្ធិពលរបស់វា ។ លើសពីនេះទៅទៀត សិស្សអាចត្រូវបានស្នើសុំឲ្យពិនិត្យឡើងវិញដោយសង្ខេប គូសវាស ឬចែកចាយអ្វីដែលពួកគេដឹងអំពីផែនការនៃសេចក្ដីសង្គ្រោះ ហើយបន្ទាប់មកគិតអំពីជីវិតមុនជីវិតរមែងស្លាប់ ។ ពួកគេអាចពិភាក្សាអំពីអ្វីដែលពួកគេដឹង ជឿ ឬចង់ដឹងអំពីផ្នែកនៃផែនការនេះ ។

ស្រ្តីនៅក្នុងទីរហោស្ថាន

សូមរំឭកសិស្សថា « ស្ត្រី » ដែលបានលើកឡើងនៅក្នុង វិវរណៈ ១២ តំណាងឲ្យ « សាសនាចក្រនៃព្រះ » ( ការបកប្រែដោយយ៉ូសែប ស្ម៊ីធ វិវរណៈ ១២:៧ [ នៅក្នុង Bible appendix ] ) ។ បន្ទាប់ពីបានអានអំពីសង្គ្រាមនៅស្ថានសួគ៌ក្នុង វិវរណៈ ១២:៧–១១ ហើយ វាអាចនឹងមានប្រយោជន៍ក្នុងការអាន វិវរណៈ ១២:៨–១៧ ដោយរកមើលអ្វីដែលអារក្សសាតាំងចង់ធ្វើចំពោះសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។ ដើម្បីជួយសិស្សឲ្យយល់ពីការបង្រៀនរបស់យ៉ូហានអំពីនិមិត្តសញ្ញានៅក្នុងខគម្ពីរទាំងនេះ សូមពិចារណាសួរសំណួរដូចតទៅនេះ ៖ « តើអ្នកគិតថាស្ត្រីដែលហើរទៅក្នុងទីរហោស្ថានបន្ទាប់ពីត្រូវបានធ្វើទុក្ខបុកម្នេញដោយនាគអាចតំណាងឲ្យអ្វី ? » ( សូមមើល វិវរណៈ ១២:១៣–១៤ ; សូមមើលផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៦:១–៣ ) ។