ជំពូកទី ១៣
ស្រុកយូដា និងក្រុងយេរូសាឡិមនឹងទទួលទោស ព្រោះការមិនស្ដាប់បង្គាប់របស់គេ — ព្រះអម្ចាស់ទ្រង់តវ៉ា ហើយជំនុំជំរះរាស្ត្រទ្រង់ — ពួកកូនស្រីនៃក្រុងស៊ីយ៉ូនត្រូវបណ្ដាសា ហើយមានទុក្ខដោយមកពីតណ្ហាខាងលោកិយរបស់គេ — ចូរប្រៀបធៀបនឹងគម្ពីរអេសាយ ៣។ ប្រមាណជាឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។
១ត្បិតមើលចុះ ព្រះអម្ចាស់ គឺជាព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់ដកយកទីពឹង ហើយនឹងបង្អែកចេញពីក្រុងយេរូសាឡិម និងស្រុកយូដា ព្រមទាំងបង្អែកជាស្បៀងអាហារ និងទីពឹងនៃទឹកផឹកអស់រលីងទៅ —
២ទាំងមនុស្សខ្លាំងពូកែ និងមនុស្សថ្នឹកចម្បាំង ទាំងចៅក្រម និងព្យាការី ទាំងគ្រូទាយ និងអ្នកចាស់ព្រឹទ្ធាចារ្យ
៣ទាំងមេត្រួតត្រាលើ៥០នាក់ និងមនុស្សដែលមានស័ក្ដិយស ទាំងអ្នកប្រឹក្សា និងជាងប៉ិនប្រសប់ ហើយនឹងអ្នកមានវោហារយ៉ាងចំណានផង។
៤នោះយើងនឹងតាំងពួកក្មេងៗឲ្យធ្វើជាចៅហ្វាយលើគេ ហើយកូនតូចៗត្រួតត្រាលើគេវិញ។
៥ហើយបណ្ដាជនទាំងឡាយនឹងត្រូវសង្កត់សង្កិន គឺម្នាក់ទល់នឹងម្នាក់ទៀត ព្រមទាំងអ្នកជិតខាងខ្លួនផង ពួកក្មេងៗនឹងប្រព្រឹត្តព្រហើនចំពោះចាស់ព្រឹទ្ធាចារ្យ ហើយមនុស្សជាន់ទាបចំពោះមនុស្សជាន់ខ្ពស់ដែរ។
៦កាលណាមនុស្សម្នាក់នឹងយកបងប្អូនពីក្នុងគ្រួសាររបស់ឪពុកខ្លួនមក ហើយនិយាយថា ៖ អ្នកឯងមានសំលៀកបំពាក់ សូមអ្នកធ្វើជាអ្នកគ្រប់គ្រងទៅ សូមកុំឲ្យស្រុកខ្ទេចខ្ទីនេះនៅក្រោមអំណាចអ្នកឡើយ —
៧នៅគ្រានោះ គេនឹងប្រកែកថា ៖ ខ្ញុំមិនចង់ធ្វើជាអ្នកមើលឲ្យជាទេ ព្រោះនៅផ្ទះខ្ញុំគ្មានអាហារ ឬសំលៀកបំពាក់អ្វីឡើយ អ្នករាល់គ្នាមិនត្រូវតាំងខ្ញុំឡើងឲ្យធ្វើជាអ្នកគ្រប់គ្រងលើបណ្ដាជនទេ។
៨ត្បិតក្រុងយេរូសាឡិមខ្ទេចខ្ទី ហើយស្រុកយូដាក៏បានដួលដែរ ពីព្រោះអណ្ដាតគេ ហើយនឹងអំពើរបស់គេ ដែលសុទ្ធតែបង្អុចបង្អាលដល់ព្រះនេត្រដ៏មានសិរីនៃព្រះអម្ចាស់។
៩ភាពនៃទឹកមុខគេតែងធ្វើបន្ទាល់ទាស់នឹងគេ ក៏បើកបង្ហាញអំពើបាបរបស់គេចេញ ដូចជាក្រុងសូដុំម ហើយគេមិនអាចបិទបាំងបានឡើយ។ វេទនាដល់ព្រលឹងគេ ព្រោះគេបានប្រព្រឹត្តអំពើអាក្រក់ដល់ខ្លួនគេហើយ!
១០ចូរថ្លែងប្រាប់ថា មនុស្សសុចរិតនឹងបានសេចក្ដីសុខវិញ ត្បិតគេនឹងទទួលផលនៃការដែលគេប្រព្រឹត្ត។
១១វេទនាដល់មនុស្សអាក្រក់ ព្រោះគេនឹងត្រូវវិនាស ត្បិតការដែលដៃគេបានធ្វើ នោះនឹងបានសងដល់គេវិញ!
១២ឯរាស្ត្ររបស់យើង គឺជាកូនក្មេងដែលសង្កត់សង្កិនគេ ហើយគឺពួកស្រីៗ ដែលមានអំណាចត្រួតត្រាលើគេដែរ។ ឱរាស្ត្ររបស់យើងអើយ ពួកអ្នកដែលនាំមុខអ្នក គេនាំឲ្យអ្នកវង្វេង ក៏បំផ្លាញផ្លូវទាំងឡាយដែលអ្នកដើរដែរ។
១៣ព្រះអម្ចាស់ទ្រង់កំពុងឈរដើម្បីអង្វរ ទ្រង់ឈរដើម្បីជំនុំជំរះប្រជាជនទាំងឡាយ។
១៤ព្រះអម្ចាស់ទ្រង់នឹងកើតមានក្ដីនឹងពួកចាស់ព្រឹទ្ធាចារ្យនៃរាស្ត្រទ្រង់ ហើយនិងពួកចៅហ្វាយ ព្រោះអ្នករាល់គ្នាហើយ ដែលបានស៊ីបង្ហិនចម្ការទំពាំងបាយជូរ ហើយរបឹបដែលរឹបជាន់យកពីអ្នកទាល់ក្រ នោះសុទ្ធតែនៅក្នុងផ្ទះអ្នកទាំងអស់។
១៥ព្រះអម្ចាស់ដ៏ជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលសួរថា ៖ តើអ្នករាល់គ្នាមានច្បាប់អីនឹងញាំញីរាស្ត្រយើង ហើយបត់បែនមុខរបស់មនុស្សទាល់ក្រដូច្នេះ?
១៦ម្យ៉ាងទៀត ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា ៖ ដោយព្រោះពួកកូនស្រីក្រុងស៊ីយ៉ូនមានឫកខ្ពស់ មានដំណើរងើបងើយ ផាត់រង្វង់ភ្នែក ដើរយាងយាវ ហើយបំភ្លៃជើងឲ្យមានសូររ៉ូងរ៉ឺង។
១៧ហេតុនេះព្រះអម្ចាស់ ទ្រង់នឹងវាយក្រយៅក្បាលនៃពួកកូនស្រីក្រុងស៊ីយ៉ូនឲ្យកើតមក ហើយព្រះអម្ចាស់ ទ្រង់នឹងសំរាតកេរ្តិ៍ខ្មាសគេ។
១៨នៅគ្រានោះ ព្រះអម្ចាស់ទ្រង់នឹងដកសេចក្ដីលំអនៃគ្រឿងអលង្ការ សំណាញ់សក់ កងក
១៩ខ្សែក កងដៃ កស្បៃ
២០ក្បាំងសក់ ខ្សែចង្ក្រង់ជើង បូក្បាល ក្លងហិត និងក្រវិល
២១ចិញ្ចៀន និងត្បូងតែងច្រមុះ
២២សំលៀកបំពាក់សម្រាប់បុណ្យ កន្សែងទទូរ ផាហ៊ុម កាបូបយួរ
២៣កញ្ចក់ អាវសារូ មួក និងក្រមារបស់គេចេញ។
២៤ហើយហេតុការណ៍នឹងកើតឡើងថា នឹងមានក្លិនស្អុយជំនួសក្រអូប ខ្សែចងជំនួសខ្សែក្រវាត់ ក្បាលទំពែកជំនួសសក់សំអាង សំពត់ឆ្មៃជំនួសសំពត់ល្បើក ស្នាមត្រាជំនួសលំអខ្លួន។
២៥ពួកប្រុសៗរបស់អ្នកនឹងដួលដោយមុខដាវ ហើយមនុស្សខ្លាំងពូកែរបស់អ្នកនឹងស្លាប់ក្នុងចម្បាំង។
២៦នោះអស់ទាំងទ្វារក្រុងនឹងមានការខ្សឹកខ្សួលហើយសោយសោក ឯនាងនឹងត្រូវចោលនៅតែឯង ហើយអង្គុយនៅដី៕