ជំពូកទី ១៤
ក្រុងស៊ីយ៉ូន និងពួកកូនស្រី នឹងត្រូវបានប្រោសលោះ ហើយលាងជំរះនៅក្នុងសហស្សវត្ស — ចូរប្រៀបធៀបនឹងគម្ពីរអេសាយ ៤។ ប្រមាណជាឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។
១ហើយនៅគ្រានោះ ស្រីប្រាំពីរនាក់នឹងជាប់នៅជាមួយប្រុសម្នាក់ ដោយពោលថា ៖ យើងនឹងបរិភោគអាហាររបស់ខ្លួនយើង ហើយនឹងរកប្រដាប់ស្លៀកពាក់ដោយខ្លួនយើងដែរ សូមឲ្យតែយើងបានឈ្មោះជាប្រពន្ធរបស់អ្នកចុះ ដើម្បីនឹងដោះសេចក្ដីដំណៀលពីយើងចេញ។
២នៅគ្រានោះ មែកខ្នែងរបស់ព្រះអម្ចាស់នឹងបានជាល្អប្រពៃ ហើយរុងរឿង ឯផលកើតពីដី នឹងបានជាប្រសើរ ហើយជាលំអដល់សំណល់ពួកសាសន៍អ៊ីស្រាអែលដែលបានរួច។
៣ហើយហេតុការណ៍នឹងកើតឡើងថា ពួកអ្នកណាដែលសល់នៅក្នុងក្រុងស៊ីយ៉ូន ជាអ្នកដែលនៅក្នុងក្រុងយេរូសាឡិមនៅឡើយ នោះនឹងបានហៅជាអ្នកបរិសុទ្ធ គឺគ្រប់ទាំងមនុស្សក្នុងក្រុងយេរូសាឡិម —
៤ក្នុងកាលដែលព្រះអម្ចាស់ទ្រង់បានលាងជំរះ គ្រឿងលាមករបស់ពួកកូនស្រីនៃក្រុងស៊ីយ៉ូនចេញ ហើយបានចម្រាញ់សំអាតឈាមនៃក្រុងយេរូសាឡិមពីកណ្ដាលទីក្រុងទៅ ដោយអំណាចនៃសេចក្ដីយុត្តិធម៌ និងអំណាចនៃភ្លើងឆេះបន្សុស។
៥ហើយព្រះអម្ចាស់ ទ្រង់នឹងបង្កើតឲ្យមានពពក និងផ្សែងនៅវេលាថ្ងៃ ហើយភ្លើងដ៏ឆេះបំភ្លឺនៅវេលាយប់ពីលើទីលំនៅទាំងមូល នៅលើភ្នំស៊ីយ៉ូន ហើយពីលើទីប្រជុំទាំងប៉ុន្មានរបស់គេ ត្បិតគ្រប់ទាំងទីគួរគោរពនៃក្រុងស៊ីយ៉ូន នឹងមានគម្របគ្របបាំងទាំងអស់។
៦ហើយនឹងមានរោងបារាំ សម្រាប់ជាម្លប់បាំងកម្ដៅនៅពេលថ្ងៃ និងសម្រាប់ជាទីជ្រក ហើយជាទីបាំងខ្លួនឲ្យរួចពីព្យុះ និងភ្លៀងផង។