ព្រះគម្ពីរ
នីហ្វៃ ទី ២ 20


ជំពូក​ទី ២០

ការ​បំផ្លិចបំផ្លាញ​ស្រុក​អាសស៊ើរ គឺជា​គំរូ​អំពី​ការ​បំផ្លិចបំផ្លាញ​ពួក​ទុច្ចរិត នៅ​គ្រា​ដែល​ព្រះ​យាង​មក​លើក​ទី​ពីរ — មនុស្ស​ចំនួន​តិច​នៅ​រស់ បន្ទាប់ពី​ព្រះ​អម្ចាស់​ទ្រង់​យាង​មក​ម្ដង​ទៀត — សំណល់​នៃ​ពួក​យ៉ាកុប​នឹង​ត្រឡប់​មក​វិញ​នៅ​គ្រា​នោះ — ចូរ​ប្រៀប​ធៀប​នឹង​គម្ពីរ​អេសាយ ១០។ ប្រមាណ​ជា​ឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។

វេទនា​ដល់​ពួក​អ្នក​ដែល​ចេញ​បញ្ញត្តិ​ទុច្ចរិត និង​ពួក​អ្នក​ដែល​តែង​ច្បាប់​វៀចវេរ

ដើម្បី​នឹង​បង្វែរ​ពួក​កម្សត់​ទុគ៌ត​ចេញ​ពី​ការ​ជំនុំ​ជំរះ ហើយ​ដក​យក​សិទ្ធិ​ចេញ​ពី​មនុស្ស​ទាល់ក្រ​ក្នុង​ពួក​រាស្ត្រ​របស់​យើង ឲ្យ​តែ​បាន​ពួក​ស្រី​មេម៉ាយ​ទុកជា​របឹប ហើយ​ធ្វើ​ឲ្យ​ពួក​កំព្រា​បាន​ជា​រំពា​ដល់​ខ្លួន។

នោះ​តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្ដេច ក្នុង​ថ្ងៃ​ពិនិត្យពិច័យ ហើយ​ក្នុង​ការ​បំផ្លាញ ដែល​នឹង​មក​ពី​ទី​ឆ្ងាយ? តើ​អ្នក​រាល់​គ្នា​នឹង​រក​ពឹង​ពាក់​ដល់​អ្នក​ណា? ហើយ​តើ​នឹង​ផ្ញើ​សក្ដិ​យស​របស់​អ្នក​ទុក​នៅ​ឯណា?

ក្រៅពី​យើង ពួក​គេ​នឹង​ឱន​ចុះ​ទៅ​ក្រោម​ពួក​ឈ្លើយ​ប៉ុណ្ណោះ ហើយ​នឹង​ត្រូវ​ដួល​នៅ​ក្រោម​ខ្មោច នៃ​ពួក​អ្នក​ដែល​ត្រូវ​គេ​សម្លាប់។ ទោះ​បើ​ធ្វើ​ទោស​ជាច្រើន​ដល់​ម្ល៉េះ​ក៏​ដោយ គង់តែ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ មិនទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ​ហស្ត​ទ្រង់​នៅ​តែ​លូក​មក​ទៀត។

ឱ​ពួក​សាសន៍​អាសសើរ​អើយ ដែល​ជា​ដំបង​នៃ​សេចក្ដី​កំហឹង​របស់​យើង ហើយ​រំពាត់​នៅ​ដៃ​គេ គឺជា​សេចក្ដី​គ្នាន់ក្នាញ់​របស់​គេ

យើង​នឹង​ចាត់​គេ​ឲ្យ​ទៅ​ទាស់​នឹង​សាសន៍​មួយ​ដែល​លាក់ពុត ហើយ​នឹង​បង្គាប់​ការ​ដល់​គេ​ឲ្យ​ទាស់​នឹង​សាសន៍​មួយ ដែល​ត្រូវ​សេចក្ដី​ក្រោធ​របស់​យើង ឲ្យ​បាន​ចាប់​យក​របឹប ចាប់​រំពា ហើយ​ជាន់​ឈ្លី​សាសន៍ នោះ​ដូច​ជា​ភក់​នៅ​ផ្លូវ​ផង។

ប៉ុន្តែ​គេ​មិន​យល់​ដូច្នោះ​ទេ ហើយ​ចិត្ត​គេ​ក៏​មិន​គិត​ឃើញ​ដល់​ម្ល៉េះ​ដែរ ប៉ុន្តែ​គេ​មាន​ចិត្ត​ចង់​បំផ្លាញ​វិញ ក៏​ចង់​កាត់​សាសន៍​ជាច្រើន​ឲ្យ​សូន្យ​ចេញ​មិន​តិច​ឡើយ។

ត្បិត​គេ​ថា ៖ ឯ​ចៅហ្វាយ​របស់​ខ្ញុំ​ទាំង​ប៉ុន្មាន មិនមែន​ជា​ស្ដេច​គ្រប់​គ្នា​ទេ​ឬ​អី?

ឯ​ក្រុង​កាលនរ តើ​មិនមែន​ដូច​ជា​ក្រុង​កើកេមីស​ទេ​ឬ​អី? ឯ​ក្រុង​ហាម៉ាត តើ​មិនមែន​ដូច​ជា​ក្រុង​អើ​ផា​ឌ​ទេ​ឬ​អី? ហើយ​ក្រុង​សាម៉ារី តើ​មិនមែន​ដូច​ជា​ក្រុង​ដា​ម៉ាស​ទេ​ឬ​អី?

១០ត្បិត​ដៃ​យើង​បាន​លូក​ទៅ​ចាប់​យក​អស់​ទាំង​នគរ ដែល​គោរព​ដល់​រូប​ព្រះ ជា​ស្រុក​ដែល​មាន​រូប​ឆ្លាក់ វិសេស​ជាង​រូប​ឆ្លាក់​នៅ​ក្រុង​យេរូសាឡិម និង​ក្រុង​សាម៉ារី​ទៅ​ហើយ

១១ចុះ​តើ​យើង​នឹង​មិន​ធ្វើ​ដល់​ក្រុង​សាម៉ារី និង​រូប​ព្រះ​របស់​គេ ដូច​ជា​បាន​ធ្វើ​ដល់​ក្រុង​យេរូសាឡិម និង​រូប​ព្រះ​របស់​គេ​ដែរ​ទេ​ឬ​អី?

១២ដោយ​ហេតុ​នោះ ហេតុការណ៍​នឹង​កើតឡើង​ថា កាលណា​យើង​ជា​ព្រះ​អម្ចាស់​បាន​សម្រេច​គ្រប់​ទាំង​ការ​របស់​យើង​នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​ក្រុង​យេរូសាឡិម នោះ​យើង​នឹង​ធ្វើ​ទោស​ដល់​ស្ដេច​អាសសើរ ដោយ​ព្រោះ​ការ​ដែល​សេចក្ដី​អំនួត​របស់​គេ​បាន​ធ្វើ ហើយ​ដល់​សេចក្ដី​អង់​អាច​នៃ​ឫក​ខ្ពស់​របស់​គេ​ដែរ។

១៣ត្បិត​គេ​បាន​ថា ៖ យើង​បាន​ធ្វើការ​ទាំង​នេះ​ដោយ​កម្លាំង​នៃ​ដៃ​យើង ហើយ​ដោយ​ប្រាជ្ញា​របស់​យើង​ដែរ ដោយ​យើង​មាន​យោបល់​ពិត ហើយ​យើង​បាន​ដក​ព្រំដែន​នៃ​សាសន៍​ទាំង​ប៉ុន្មាន​ចោល ក៏​បាន​រឹប​យក​ទ្រព្យ​សម្បត្តិ​គេ ហើយ​យើង​បាន​បង្ក្រាប​បណ្ដាជន​ទាំង​ឡាយ បី​ដូច​ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន។

១៤ឯ​ដៃ​យើង​យក​បាន​ទ្រព្យសម្បត្តិ​នៃ​អស់​ទាំង​សាសន៍ ដូច​ជា​យក​បាន​សំបុក​សត្វ ក៏​ដូច​ជា​ប្រមូល​ពង​សត្វ ដែល​មេ​ចោល​ហើយ​ជា​យ៉ាង​ណា យើង​ក៏​បាន​ប្រមូល​រួបរួម​លោកិយ​ទាំង​មូល​យ៉ាង​នោះ​ដែរ ហើយ​ឥត​មាន​អ្វី​មួយ​កម្រើក​ស្លាប ឬ​ហា​មាត់ ឬ​ស្រែក​ចេចចាច​ឡើយ។

១៥ឯ​ពូថៅ តើ​នឹង​អួត​ខ្លួន​ចំពោះ​អ្នក​ដែល​ប្រើ​វា​ឬ​អី? តើ​រណារ​នឹង​តម្កើង​ខ្លួន​ចំពោះ​អ្នក​ដែល​អារ​ដែរ​ឬ? នេះ​ឧបមា​ដូច​ជា រំពាត់​ដែល​នឹង​យារ​អ្នក​ដែល​លើក​វា​ឡើង ឬ​ដូច​ជា​ដំបង​នឹង​លើក​មនុស្ស​ឡើង ជា​មនុស្ស​ដែល​មិនមែន​ធ្វើជា​ឈើ​ផង!

១៦ដោយ​ហេតុ​នោះ ព្រះ​អម្ចាស់ គឺជា​ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ ទ្រង់​នឹង​ចាត់​សេចក្ដី​ស្គមស្គាំង​ក្នុង​ចំណោម​ពួក​ធាត់ៗ​របស់​គេ ហើយ​នៅ​ក្រោម​សិរី​ល្អ​របស់​ទ្រង់ នោះ​ទ្រង់​នឹង​ឆួល​ឆេះ​ឡើង​ដូច​ជា​ភ្លើង​ឆេះ។

១៧ឯ​ពន្លឺ​នៃ​សាសន៍​អ៊ីស្រាអែល នោះ​នឹង​បាន​សម្រាប់​ជា​ភ្លើង ហើយ​ព្រះ​ដ៏​បរិសុទ្ធ​របស់​គេ ជា​អណ្ដាត​ភ្លើង ភ្លើង​នោះ​នឹង​ឆេះ​ឡើង ហើយ​បន្សុស​ពួក​បន្លា និង​អញ្ចាញ​របស់​គេ​ក្នុង​ថ្ងៃ​តែមួយ។

១៨ព្រម​ទាំង​ធ្វើ​ឲ្យ​លំអ​នៃ​ព្រៃ និង​ចម្ការ​ដុះដាល​របស់​គេ​សាបសូន្យ​ទៅ ទាំង​ព្រលឹង និង​រូប​កាយ​របស់​គេ​ផង នោះ​គេ​នឹង​បាន​ដូច​ជា មនុស្ស​កើត​ជំងឺ ដែល​នាំ​ឲ្យ​ខ្លួន​រីងរៃ​ស្លាប់​ទៅ។

១៩ឯ​សំណល់​ដើមឈើ ដែល​សល់​នៅ​ក្នុង​ព្រៃ​របស់​គេ នោះ​នឹង​មាន​តិច​ណាស់​ដល់​ម្ល៉េះ​បាន​ជា​កូន​ក្មេង​នឹង​អាច​កត់​ទុក​បាន។

២០ហើយ​ហេតុការណ៍​នឹង​កើតឡើង​ថា នៅ​ថ្ងៃ​នោះ សំណល់​នៃ​ពួក​អ៊ីស្រាអែល និង​វង្ស​នៃ​យ៉ាកុប​ដែល​បាន​រួច​ខ្លួន​មក គេ​នឹង​លែង​ពឹង​ផ្អែកលើ​មនុស្ស​ដែល​បាន​វាយ​គេ​ត​ទៅ ប៉ុន្តែ​នឹង​ផ្អែកលើ​ព្រះ ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ដោយ​ពិត​ត្រង់​វិញ។

២១ឯ​ពួក​ដែល​សល់ មែន​ហើយ គឺជា​សំណល់​នៃ​ពួក​យ៉ាកុប គេ​នឹង​ត្រឡប់​មក​ឯ​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​វិញ។

២២ឱ​អ៊ីស្រាអែល​អើយ ទោះ​បើ​ជនជាតិ​អ្នក​បាន​ដូច​ជា​ខ្សាច់​នៅ​សមុទ្រ​ក៏​ដោយ គង់តែ​នឹង​មាន​តែ​សំណល់​ខ្លះ​ដែល​មក​វិញ ត្បិត​បាន​សម្រេច​ឲ្យ​មាន​ការ​បំផ្លាញ​ដោយ​សេចក្ដី​សុចរិត​ដ៏​លើសលន់។

២៣ព្រោះ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​នឹង​បង្ហើយការ​បំផ្លាញ​សព្វគ្រប់ នៅ​កណ្ដាល​ស្រុក​ទាំង​មូល ដូច​ជា​បាន​សម្រេច​ហើយ។

២៤ហេតុ​ដូច្នេះ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ ឱ​រាស្ត្រ​យើង​ដែល​អាស្រ័យ​នៅ​ក្រុង​ស៊ីយ៉ូន​អើយ កុំ​ឲ្យ​ខ្លាច​ចំពោះ​សាសន៍​អាសសើរ​នោះ​ឡើយ ទោះ​បើ​គេ​វាយ​អ្នក​ដោយ​រំពាត់ ហើយ​លើក​ដំបង​ខ្លួន​ឡើង​ទាស់​នឹង​អ្នក ដូច​យ៉ាង​សាសន៍​អេស៊ីព្ទ​ក៏​ដោយ។

២៥ត្បិត​នៅ​តែ​បន្តិច​ទៀត សេចក្ដី​ឈឺ​ចាប់​នឹង​បាន​សម្រេច ហើយ​សេចក្ដី​កំហឹង​របស់​យើង នឹង​បែរ​ទៅ​សេចក្ដី​បំផ្លិចបំផ្លាញ​ដល់​គេ​វិញ។

២៦នោះ​ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ ទ្រង់​នឹង​ពន្យុះ​រំពាត់​មួ​យ​មក​ទាស់​នឹង​គេ បែប​ដូច​ជា​កាល​ប្រហារជីវិត​សាសន៍​ម៉ាឌាន នៅ​ត្រង់​ថ្ម​អូរិប ហើយ​ទ្រង់​នឹង​យារ​ដំបង​ពីលើ​ទឹកសមុទ្រ ដូច​យ៉ាង​របៀប​នៅ​ស្រុក​អេស៊ីព្ទ​ដែរ។

២៧ហើយ​ហេតុការណ៍​នឹង​កើតឡើង គឺ​នៅ​ថ្ងៃ​នោះ បន្ទុក​ដែល​គេ​ដាក់លើ​អ្នក​នឹង​បាត់​ចេញ​ពី​ស្មា​អ្នក​ទៅ ហើយ​នឹម​ដែល​គេ​ដាក់​លើ​អ្នក នឹង​បាត់​ចេញ​ពី​ក​អ្នក​ដែរ ឯ​នឹម​នោះ​នឹង​ត្រូវ​បំផ្លាញ​ដោយ​ព្រោះ​ពិធី លាប​ប្រេង។

២៨គេ​បាន​ឡើង​មក​ដល់​អៃយ៉ាត គេ​បាន​ដើរកាត់​ស្រុក​មីករ៉ូន គេ​បាន​ដាក់​អីវ៉ាន់​របស់​គេ​នៅ​ត្រង់​មី​ក​ម៉ាស​ហើយ។

២៩គេ​បាន​ឆ្លង​មក​ហួស​ផ្លូវ​កាត់​ភ្នំ គេ​បាន​ឈប់​ស្នាក់​នៅ​ត្រង់​កេបា ក្រុង​រ៉ា​ម៉ា​ត​ក៏​ភ័យ​ញ័រ ហើយ​ពួក​គី​បៀរ ជា​ស្រុក​របស់​សូល​បាន​រត់​អស់​ហើយ។

៣០ឱ​កូន​ស្រី​នៃ​ក្រុង​កាលីម​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ឱ​ពួក​ក្រុង​ឡាអ៊ីស​អើយ ចូរ​ស្ដាប់​ចុះ ឱ​ពួក​ក្រុង​អាន៉ាថោត​អើយ គួរ​អាណិត​អ្នក​ណាស់​ហ្ន៎។

៣១ពួក​ម៉ា​ត​មេ​ណា​បាន​រត់​រួច​ទៅ​ហើយ ឯ​ពួក​កេប៊ីម​ក៏​កំពុងតែ​រក​ផ្លូវ​រត់​ដែរ។

៣២នៅ​ថ្ងៃ​នេះ​ឯង ពួក​ខ្មាំង​នឹង​ឈប់​ស្នាក់នៅ​ត្រង់​ក្រុង​ណូប គេ​ជន្ល​ដៃ​កំហែង​ភ្នំ​នៃ​កូន​ស្រី​ក្រុង​ស៊ីយ៉ូន គឺ​ភ្នំ​នៃ​ក្រុង​យេរូសាឡិម។

៣៣មើល​ចុះ ព្រះ​អម្ចាស់ គឺជា​ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ ទ្រង់​នឹង​ផ្ដាច់​មែក​ឈើ​ដោយ​សេចក្ដី​ស្ញែង​ខ្លាច នោះ​ពួក​ដែល​មាន​កម្ពស់​នឹង​ត្រូវ​កាប់​រំលំ​ចុះ ហើយ​ពួក​នៅ​ទី​ខ្ពស់​នឹង​ត្រូវ​បន្ទាប​វិញ។

៣៤ហើយ​ទ្រង់​នឹង​ត្រាយព្រៃ​ស្តុក​ដោយ​គ្រឿង​ដែក ហើយ​ព្រៃ​ល្បា​ណូន​នឹង​ត្រូវ​ដួល​ទៅ ដោយ​អំណាច​នៃ​អ្នក​មាន​អានុភាព៕