ជំពូកទី ៣២
ពួកទេវតានិយាយដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ — មនុស្សលោកត្រូវអធិស្ឋាន ហើយបានចំណេះពីព្រះវិញ្ញាណបរិសុទ្ធសម្រាប់ខ្លួនឯង។ ប្រមាណជាឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។
១ហើយឥឡូវនេះ មើលចុះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសន្និដ្ឋានថា អ្នករាល់គ្នារំពឹងគិតនៅក្នុងចិត្តអំពីកិច្ចការដែលអ្នករាល់គ្នាត្រូវធ្វើ បន្ទាប់ពីបានចូលទៅតាមផ្លូវនោះហើយ។ ប៉ុន្តែមើលចុះ ហេតុអ្វីបានជាអ្នករាល់គ្នារំពឹងគិតអំពីរឿងទាំងនេះនៅក្នុងចិត្តរបស់អ្នក?
២តើអ្នករាល់គ្នាមិនចាំទេឬអី កាលខ្ញុំបាននិយាយទៅអ្នកថា បន្ទាប់ពីអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកអាចនិយាយដោយភាសានៃពួកទេវតា? ហើយឥឡូវនេះ តើធ្វើម្ដេចឲ្យអ្នកអាចនិយាយដោយភាសានៃពួកទេវតាបាន លើកលែងតែដោយសារព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ?
៣ពួកទេវតានិយាយដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ហេតុដូច្នោះហើយ ពួកទេវតានិយាយអំពីព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ។ ហេតុដូច្នោះហើយ ខ្ញុំបាននិយាយទៅអ្នករាល់គ្នាថា សូមទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ត្បិតមើលចុះ ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ នឹងប្រាប់ដល់អ្នកនូវគ្រប់អ្វីទាំងអស់ដែលអ្នកត្រូវធ្វើ។
៤ហេតុដូច្នោះហើយ ឥឡូវនេះ បន្ទាប់ពីខ្ញុំបាននិយាយពាក្យទាំងនេះ បើសិនជាអ្នករាល់គ្នាមិនយល់នូវពាក្យទាំងនេះទេ គឺមកពីអ្នករាល់គ្នាមិនសូម ហើយអ្នករាល់គ្នាក៏មិនគោះដែរ ហេតុដូច្នោះហើយ អ្នករាល់គ្នាមិនត្រូវបាននាំមកឯពន្លឺឡើយ ប៉ុន្តែត្រូវវិនាសនៅក្នុងទីងងឹតវិញ។
៥ត្បិតមើលចុះ ខ្ញុំនិយាយទៅអ្នកទៀតថា បើសិនជាអ្នករាល់គ្នានឹងចូលទៅតាមផ្លូវនោះ ហើយទទួលព្រះវិញ្ញាណបរិសុទ្ធ នោះព្រះវិញ្ញាណបរិសុទ្ធនឹងបង្ហាញដល់អ្នកនូវគ្រប់អ្វីទាំងអស់ ដែលអ្នកត្រូវធ្វើ។
៦មើលចុះ នេះគឺជាគោលលទ្ធិនៃព្រះគ្រីស្ទ ហើយនឹងមិនមានគោលលទ្ធិឯណាទៀតទេ ដែលព្រះអង្គប្រទានមក រហូតដល់ក្រោយពេលទ្រង់នឹងសម្ដែងរូបអង្គទ្រង់ដល់អ្នកនៅក្នុងសាច់ឈាម។ ហើយកាលណាទ្រង់នឹងសម្ដែងរូបអង្គទ្រង់ដល់អ្នកនៅក្នុងសាច់ឈាម នោះអ្វីៗដែលទ្រង់នឹងប្រាប់ដល់អ្នក អ្នកត្រូវគោរពធ្វើតាម។
៧ហើយឥឡូវនេះ ខ្ញុំ នីហ្វៃ មិនអាចនិយាយច្រើនទៀតទេ ព្រះវិញ្ញាណទ្រង់បានបញ្ឈប់សំឡេងខ្ញុំ ហើយទុកឲ្យខ្ញុំសោកសៅ ព្រោះតែសេចក្ដីឥតជំនឿ និងសេចក្ដីទុច្ចរិត និងសេចក្ដីល្ងង់ខ្លៅ និងសេចក្ដីរឹងទទឹងនៃមនុស្សលោក ត្បិតពួកគេមិនស្វែងរកការចេះដឹង ឬក៏យល់នូវការចេះដឹងដ៏ធំឡើយ នៅពេលឲ្យការចេះដឹងដល់ពួកគេយ៉ាងច្បាស់លាស់ គឺច្បាស់លាស់ស្មើនឹងពាក្យនិយាយ។
៨ហើយឥឡូវនេះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំយល់ថា អ្នករាល់គ្នានៅតែរំពឹងគិតនៅក្នុងចិត្តរបស់អ្នក ហើយខ្ញុំមានទុក្ខដែលត្រូវនិយាយអំពីការណ៍នេះ។ ត្បិតបើសិនជាអ្នករាល់គ្នាប្រុងស្ដាប់តាមព្រះវិញ្ញាណ ដែលបង្រៀនមនុស្សឲ្យអធិស្ឋាន នោះអ្នករាល់គ្នានឹងដឹងថា អ្នករាល់គ្នាត្រូវតែអធិស្ឋាន ត្បិតអារក្សអសោចិ៍មិនបង្រៀនមនុស្សណាមួយឲ្យអធិស្ឋានទេ ប៉ុន្តែបង្រៀនគេមិនឲ្យអធិស្ឋានវិញ។
៩ប៉ុន្តែមើលចុះ ខ្ញុំនិយាយទៅអ្នកថា អ្នករាល់គ្នាត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ គឺអ្នករាល់គ្នាមិនត្រូវធ្វើអ្វីចំពោះព្រះឡើយ លើកលែងតែអ្នកអធិស្ឋានដល់ព្រះវរបិតាជាមុនសិន ដោយនូវព្រះនាមនៃព្រះគ្រីស្ទ ដើម្បីទ្រង់នឹងញែកកិច្ចការរបស់អ្នកចេញជាបរិសុទ្ធដល់អ្នក ដើម្បីឲ្យកិច្ចការរបស់អ្នកអាចបានទៅជាសុខុមាលភាពដល់ព្រលឹងអ្នក៕