ព្រះគម្ពីរ
នីហ្វៃ ទី ២ 7


ជំពូក​ទី ៧

អេសាយ​និយាយ​ប្រៀប​ដូច​ជា​ព្រះ​មែស៊ី — ព្រះ​មែស៊ី​នឹង​មាន​វោហារ​នៃ​ពួក​អ្នក​រៀន​សូត្រ — ទ្រង់​នឹង​ប្រគល់​ខ្នង​ទៅ​ឲ្យ​ពួក​អ្នក​ដែល​វាយ​ទ្រង់ — ទ្រង់​នឹង​មិន​ត្រូវ​ផ្ចាញ់ផ្ចាល​ឡើយ — ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​អេសាយ ៥០។ ប្រមាណ​ជា​ឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។

មែន​ហើយ ត្បិត​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ តើ​យើង​បាន​បណ្ដេញ​អ្នក​ចេញ ឬ​ក៏​យើង​បាន​បោះបង់​អ្នក​ចោល​រហូត​ទៅ​ឬ? ត្បិត​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ សំបុត្រ​លះលែង​ដែល​យើង​ឲ្យ​ដល់​ម្ដាយ​អ្នក នោះ​តើ​នៅ​ឯណា? តើ​យើង​បាន​បណ្ដេញ​អ្នក​ចេញ​ទៅ​ឲ្យ​អ្នក​ណា ឬ​ក៏​តើ​យើង​បាន​លក់​អ្នក​ដល់​ម្ចាស់បំណុល​របស់​យើង​ណាមួយ? មែន​ហើយ តើ​យើង​បាន​លក់​អ្នក​ឲ្យ​អ្នក​ណា? មើល​ចុះ ដែល​អ្នក​ត្រូវ​លក់​នោះ ក៏​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​អ្នក​ទេ ហើយ​ដែល​ម្ដាយ​អ្នក​ត្រូវ​បណ្ដេញ នោះ​ក៏​ដោយ​ព្រោះ​អំពើ​រំលង​របស់​អ្នក​រាល់​គ្នា​ដែរ។

ហេតុ​ដូច្នោះ​ហើយ កាល​យើង​បាន​មក​ដល់ នោះ​គ្មាន​អ្នក​ណា​មួយ​សោះ កាល​យើង​បាន​ហៅ មែន​ហើយ នោះ​គ្មាន​អ្នក​ណា​ឆ្លើយតប។ ឱ​វង្ស​អ៊ីស្រាអែល​អើយ តើ​ដៃ​យើង​បាន​រួញ​ខ្លី​នឹង​ជួយ​លោះ​អ្នក​មិន​បាន ឬ​តើ​យើង​គ្មាន​អំណាច​នឹង​ដោះ​ឲ្យ​រួច​ទេ​ឬ​អី? មើល​ចុះ កាលណា​យើង​ស្ដី​ឲ្យ​នោះ​សមុទ្រ​ក៏​រីងស្ងួត​ទៅ ហើយ​ទន្លេ​ក៏​ទៅ​ជាទី​ហួតហែង ឯ​ត្រី​ក៏​ធុំ​ស្អុយ ដោយ​គ្មាន​ទឹក ហើយ​នឹង​ស្លាប់​ទៅ​ដោយ​ស្រេក​ដែរ។

យើង​បំពាក់​ផ្ទៃ​មេឃ​ដោយ​ពពក​ខ្មៅ ហើយ​យើង​ដណ្ដប់​ទៅ​ដោយ​សំពត់​ធ្មៃ​ផង។

ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀន​សូត្រ​ហើយ​ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សម្ដី​ដល់​អ្នក ឱ​វង្ស​អ៊ីស្រាអែល​អើយ។ កាលណា​អ្នក​រាល់​គ្នា​ហេវ​ហត់ ទ្រង់​ដាស់​រាល់​តែ​ព្រឹក។ ទ្រង់​ដាស់​ត្រចៀក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្ដាប់ ដូច​ជា​អ្នក​ដែល​កំពុងតែ​រៀន​សូត្រ។

ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​បើក​ត្រចៀក​ខ្ញុំ ហើយ​ខ្ញុំ​មិន​បាន​រឹង​ចចេស ឬ​បែរ​ក្រោយ​ឡើយ។

ខ្ញុំ​បាន​ប្រគល់​ខ្នង​ទៅ​ឲ្យ​អ្នក​ដែល​វាយ ហើយ​ថ្ពាល់​ខ្ញុំ​ទៅ​ឲ្យ​ពួក​អ្នក​ដែល​បោច​ពុកចង្កា។ ខ្ញុំ​មិន​បាន​គេច​មុខ​ពី​សេចក្ដី​អាម៉ាស់​ខ្មាស ឬ​ពី​ការ​ស្ដោះ​ទឹកមាត់​ទេ។

ពី​ព្រោះ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ជួយ​ខ្ញុំ ហេតុ​នោះ​បាន​ជា​ខ្ញុំ​មិន​ត្រូវ​ជ្រប់​មុខ។ ដូច្នេះ​ហើយ ខ្ញុំ​បាន​ធ្វើ​មុខ​ខ្ញុំ​ឲ្យ​រឹង​ដូច​ថ្ម​ដែកភ្លើង ហើយ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ត្រូវ​ខ្មាស​ឡើយ។

ហើយ​ព្រះ​អម្ចាស់​ទ្រង់​គង់នៅ​ជិត​ខ្ញុំ ហើយ​ទ្រង់​បាន​តាំង​ខ្ញុំ​ជា​សុចរិត។ តើ​អ្នក​ណា​នឹង​តវ៉ា​ចំពោះ​ខ្ញុំ​ទៀត? ចូរ​យើង​ឈរ​ឡើងជា​មួយ​គ្នា។ តើ​អ្នក​ណា​ដែល​ជា​ទំនាស់​នឹង​ខ្ញុំ? ចូរ​ឲ្យ​អ្នក​នោះ​ចូល​មក​ជិត​ខ្ញុំ​ចុះ ខ្ញុំ​នឹង​វាយ​អ្នក​នោះ​នឹង​អំណាច​នៃ​មាត់​ខ្ញុំ។

ត្បិត​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​ជួយ​ខ្ញុំ។ ហើយ​អស់​អ្នក​ឯណា​ដែល​នឹង​កាត់ទោស​ខ្ញុំ មើល​ចុះ គេ​នឹង​ចាស់​ទៅ​ទាំង​អស់​គ្នា ដូច​ជា​សំលៀកបំពាក់ ហើយ​កន្លាត​នឹង​កាត់​គេ​អស់​ទៅ។

១០ក្នុង​ពួក​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​ដែល​កោតខ្លាច​ដល់​ព្រះ​អម្ចាស់ ដែល​ស្ដាប់​តាម​សំឡេង​របស់​អ្នក​បម្រើ​ទ្រង់ ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឥត​មាន​ពន្លឺ​សោះនោះ​?

១១មើល​ចុះ អស់​អ្នក​ដែល​បង្កាត់​ភ្លើង ជា​អ្នក​ដែល​ក្រវាត់​ខ្លួន​ដោយ​កន្ទុយ​ឧស​អើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា ដើរ​ក្នុង​អណ្ដាត​ភ្លើង​របស់​អ្នក ហើយ​កណ្ដាល​កន្ទុយ​ឧស​ដែល​អ្នក​បាន​បង្កាត់​នោះ​ចុះ។ អ្នក​នឹង​បាន​យល់​តែប៉ុណ្ណោះ​ពី​ដៃ​យើង — ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ដេក​ទៅ​ដោយ​ការ​សោកសៅ ៕