ជំពូកទី ១៦
ព្រះយេស៊ូវទ្រង់នឹងយាងមករកចៀមដែលវង្វេងផ្សេងទៀតនៃអ៊ីស្រាអែល — នៅក្នុងគ្រាចុងក្រោយ ដំណឹងល្អនឹងទៅដល់ពួកសាសន៍ដទៃ រួចហើយដល់វង្សអ៊ីស្រាអែល — រាស្ត្រនៃព្រះអម្ចាស់នឹងឃើញដោយភ្នែករបស់ខ្លួនគេក្នុងកាលដែលទ្រង់យាងមកឯក្រុងស៊ីយ៉ូនវិញ។ ប្រមាណជាឆ្នាំ ៣៤ គ.ស.។
១ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា យើងក៏មានចៀមឯទៀត ដែលពុំនៅក្នុងដែនដីនេះនៅឡើយ ឬក៏មិននៅដែនដីយេរូសាឡិម ឬក៏មិននៅទីទាំងឡាយណាជិតតំបន់ ដែលយើងបានទៅធ្វើការងារបម្រើនោះទេ។
២ត្បិតពួកអ្នកដែលយើងបាននិយាយនេះ គឺជាពួកអ្នកដែលពុំទាន់ស្ដាប់តាមសំឡេងយើងនៅឡើយទេ ឯយើងក៏ពុំដែលបានសម្ដែងខ្លួនឲ្យគេឃើញក្នុងពេលណាដែរ។
៣ប៉ុន្តែយើងបានទទួលបញ្ជាមួយពីព្រះវរបិតាថា យើងត្រូវទៅជួបពួកគេ ហើយថា ពួកគេនឹងបានឮសំឡេងរបស់យើង ហើយនឹងបានរាប់ជាមួយនឹងចៀមរបស់យើង ដើម្បីនឹងអាចមានក្រោលតែមួយ និងអ្នកគង្វាលតែមួយវិញ ដូច្នេះយើងទៅបង្ហាញខ្លួនដល់គេ។
៤ហើយយើងបញ្ជាអ្នកថា អ្នករាល់គ្នាត្រូវសរសេរនូវពាក្យទាំងនេះទុក បន្ទាប់ពីយើងចេញទៅ ថាប្រសិនបើរាស្ត្រយើងនៅឯក្រុងយេរូសាឡិម គឺពួកអ្នកដែលបានឃើញយើង ហើយបាននៅជាមួយនឹងយើងក្នុងការងារបម្រើរបស់យើង បើពួកគេពុំបានសូមដល់ព្រះវរបិតា ដោយនូវនាមយើង ដើម្បីឲ្យពួកគេអាចទទួលស្គាល់អ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធ និងពូជអំបូរផ្សេងទៀត ដែលគេពុំបានស្គាល់នោះទេ នោះសូមឲ្យពាក្យទាំងនេះដែលអ្នករាល់គ្នានឹងសរសេរបានកត់ទុក ហើយបានសម្ដែងដល់ពួកសាសន៍ដទៃថា តាមរយៈភាពពោរពេញនៃពួកសាសន៍ដទៃ នោះសំណល់នៃពូជរបស់គេដែលត្រូវខ្ចាត់ខ្ចាយពាសពេញលើផ្ទៃផែនដី ពីព្រោះតែការឥតជំនឿរបស់គេ នឹងអាចបាននាំមកវិញ ឬអាចនាំឲ្យស្គាល់យើង ដែលជាព្រះដ៏ប្រោសលោះពួកគេ។
៥ហើយខណៈនោះ យើងនឹងប្រមូលពួកគេមកពីទិសទាំងបួននៃផែនដី ហើយខណៈនោះ យើងនឹងបំពេញសេចក្ដីសញ្ញា ដែលព្រះវរបិតាបានធ្វើដល់ប្រជាជនទាំងអស់នៃវង្សអ៊ីស្រាអែល។
៦មានពរហើយ ពួកសាសន៍ដទៃ ពីព្រោះតែជំនឿរបស់គេដល់យើង និងដល់ព្រះវិញ្ញាណបរិសុទ្ធ ដែលធ្វើទីបន្ទាល់ដល់ពួកគេអំពីយើង និងអំពីព្រះវរបិតា។
៧មើលចុះ ព្រះវរបិតាទ្រង់មានព្រះបន្ទូលថា ដោយមកពីការឥតជំនឿរបស់ពួកគេដល់យើង និងដោយមកពីការឥតជំនឿរបស់អ្នករាល់គ្នា នែ៎ វង្សអ៊ីស្រាអែលអើយ នៅថ្ងៃចុងក្រោយ ការពិតនឹងបានមកដល់ពួកសាសន៍ដទៃ ដើម្បីឲ្យភាពពោរពេញនៃការណ៍ទាំងនេះអាចបានដឹងដល់ពួកគេ។
៨ប៉ុន្តែព្រះវរបិតាទ្រង់មានព្រះបន្ទូលថា វេទនាដល់ពួកសាសន៍ដទៃដែលពុំជឿ — ត្បិតទោះជាគេបានមកនៅលើផ្ទៃដែនដីនេះ ហើយបានបំបែកខ្ញែករាស្ត្រយើងដែលជាវង្សអ៊ីស្រាអែលក្ដី ហើយរាស្ត្រយើងដែលជាវង្សអ៊ីស្រាអែល ត្រូវគេបណ្ដេញចេញ ព្រមទាំងត្រូវគេជាន់ឈ្លីនៅក្រោមជើងផង
៩ហើយដោយមកពីសេចក្ដីមេត្តាករុណាទាំងឡាយរបស់ព្រះវរបិតាដល់ពួកសាសន៍ដទៃ ព្រមទាំងសេចក្ដីជំនុំជំរះរបស់ព្រះវរបិតាដល់រាស្ត្រយើង ដែលជាវង្សអ៊ីស្រាអែល នោះប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា បន្ទាប់ពីការណ៍អស់ទាំងនេះ ហើយយើងបានធ្វើឲ្យរាស្ត្រយើង ដែលជាវង្សអ៊ីស្រាអែល ត្រូវគេវាយដំ និងត្រូវគេធ្វើទុក្ខ និងត្រូវគេសម្លាប់ចោល និងត្រូវគេបណ្ដេញចេញពីចំណោមពួកគេ ហើយត្រូវក្លាយទៅជាទីស្អប់ដល់ពួកគេ និងក្លាយទៅជាទីដៀលត្មះ និងទីដំណៀលនៅក្នុងចំណោមពួកគេ —
១០ម្ល៉ោះហើយ ព្រះវរបិតាទ្រង់បញ្ជាឲ្យយើងប្រាប់អ្នករាល់គ្នាថា ៖ នៅថ្ងៃដែលពួកសាសន៍ដទៃនឹងប្រព្រឹត្តអំពើបាបទាស់នឹងដំណឹងល្អរបស់យើង ហើយនឹងបដិសេធនូវភាពពោរពេញនៃដំណឹងល្អរបស់យើង ហើយនឹងលើកខ្លួនឡើងក្នុងការឆ្មើងឆ្មៃនៃចិត្តរបស់គេលើអស់ទាំងសាសន៍ និងលើអស់ទាំងប្រជាជនដែលនៅលើផែនដីទាំងមូល ហើយនឹងពោរពេញទៅដោយការកុហក និងការបំភាន់ និងការឆរបោកគ្រប់បែបយ៉ាង និងការលាក់ពុត និងឃាតកម្ម និងឧបាយកលផ្នែកសង្ឃ និងអំពើសហាយស្មន់ និងអំពើគួរខ្ពើមឆ្អើមដ៏សម្ងាត់គ្រប់បែបគ្រប់បទ ហើយប្រសិនបើពួកគេនឹងធ្វើនូវអំពើទាំងនោះ ហើយនឹងបដិសេធនូវភាពពោរពេញនៃដំណឹងល្អរបស់យើង មើលចុះ ព្រះវរបិតាទ្រង់មានព្រះបន្ទូលថា យើងនឹងដកភាពពោរពេញនៃដំណឹងល្អរបស់យើងចេញពីចំណោមពួកគេ។
១១ហើយខណៈនោះ យើងនឹងនឹកឃើញដល់សេចក្ដីសញ្ញារបស់យើង ដែលយើងបានធ្វើជាមួយនឹងរាស្ត្រយើង ឱវង្សអ៊ីស្រាអែលអើយ ហើយយើងនឹងនាំដំណឹងល្អរបស់យើងមកឲ្យគេ។
១២ហើយយើងនឹងបង្ហាញដល់អ្នករាល់គ្នា នែ៎ វង្សអ៊ីស្រាអែលអើយ ថាពួកសាសន៍ដទៃនឹងគ្មានអំណាចលើអ្នករាល់គ្នាឡើយ តែយើងនឹងនឹកចាំដល់សេចក្ដីសញ្ញាដែលយើងមាននឹងអ្នក ឱវង្សអ៊ីស្រាអែលអើយ ហើយអ្នករាល់គ្នានឹងបានចេះដឹងពីភាពពោរពេញនៃដំណឹងល្អរបស់យើង។
១៣ប៉ុន្តែបើសិនជាពួកសាសន៍ដទៃប្រែចិត្ត ហើយត្រឡប់មករកយើងវិញ ព្រះវរបិតាមានព្រះបន្ទូលថា មើលចុះ ពួកគេនឹងត្រូវបានរាប់ក្នុងចំណោមរាស្ត្រយើងដែរ ឱវង្សអ៊ីស្រាអែលអើយ។
១៤ហើយយើងនឹងពុំទុកឲ្យរាស្ត្រយើងដែលជាវង្សអ៊ីស្រាអែល លុកលុយទៅលើចំណោមគេ ហើយជាន់ឈ្លីលើគេឡើយ ព្រះវរបិតា ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
១៥ប៉ុន្តែបើសិនជាពួកគេពុំត្រឡប់មករកយើង ហើយប្រុងស្ដាប់តាមសំឡេងយើងទេ នោះយើងនឹងទុកឲ្យពួកគេ មែនហើយ យើងនឹងទុកឲ្យរាស្ត្រយើង ឱវង្សអ៊ីស្រាអែលអើយ គឺទុកឲ្យរាស្ត្រយើងលុកលុយទៅលើចំណោមពួកគេ ហើយជាន់ឈ្លីលើពួកគេ ហើយពួកគេនឹងទៅដូចជាអំបិលដែលបាត់ជាតិប្រៃ ដែលគ្មានប្រយោជន៍ទៀតសោះ មានតែត្រូវបោះបង់ចោលទៅក្រៅ ហើយឲ្យរាស្ត្រយើងដើរជាន់ប៉ុណ្ណោះ ឱវង្សអ៊ីស្រាអែលអើយ។
១៦ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ព្រះវរបិតាទ្រង់បានបញ្ជាដល់យើងដូច្នេះថា — យើងត្រូវប្រទានដល់រាស្ត្រនេះនូវដែនដីនេះ ទុកជាកេរ្តិ៍អាកររបស់គេ។
១៧ហើយខណៈនោះ ពាក្យពេចន៍នៃព្យាការីអេសាយ នឹងបានត្រូវបានបំពេញដែលនិយាយថា ៖
១៨មានឮសំឡេងពួកអ្នកយាមរបស់អ្នក គេបន្លឺឡើងច្រៀងជាមួយគ្នា ត្បិតគេនឹងឃើញដោយភ្នែករបស់ខ្លួនគេក្នុងកាលដែលព្រះអម្ចាស់ទ្រង់យាងមកឯក្រុងស៊ីយ៉ូនវិញ។
១៩នែ៎ អស់ទាំងទីខូចបង់ នៃក្រុងយេរូសាឡិមអើយ ចូរធ្លាយចេញដោយសេចក្ដីអំណរ ចូរច្រៀងជាមួយគ្នាចុះ ត្បិតព្រះអម្ចាស់ ទ្រង់បានកម្សាន្ដទុក្ខរបស់រាស្ត្រទ្រង់ ទ្រង់ក៏បានប្រោសលោះក្រុងយេរូសាឡិមហើយ។
២០ព្រះអម្ចាស់ទ្រង់បានលាតព្រះពាហុបរិសុទ្ធរបស់ទ្រង់នៅភ្នែកនៃគ្រប់ទាំងសាសន៍ ហើយអស់ទាំងចុងផែនដី នឹងបានឃើញសេចក្ដីសង្គ្រោះនៃព្រះ៕