ព្រះគម្ពីរ
នីហ្វៃ ទី ៣ 16


ជំពូក​ទី ១៦

ព្រះ​យេស៊ូវ​ទ្រង់​នឹង​យាង​មក​រក​ចៀម​ដែល​វង្វេង​ផ្សេង​ទៀត​នៃ​អ៊ីស្រាអែល — នៅ​ក្នុង​គ្រា​ចុង​ក្រោយ ដំណឹង​ល្អ​នឹង​ទៅ​ដល់​ពួក​សាសន៍​ដទៃ រួច​ហើយ​ដល់​វង្ស​អ៊ីស្រាអែល — រាស្ត្រ​នៃ​ព្រះ​អម្ចាស់​នឹង​ឃើញ​ដោយ​ភ្នែក​របស់​ខ្លួន​គេ​ក្នុង​កាលដែល​ទ្រង់​យាង​មក​ឯ​ក្រុង​ស៊ីយ៉ូន​វិញ។ ប្រមាណ​ជា​ឆ្នាំ ៣៤ គ.ស.។

ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា យើង​ក៏​មាន​ចៀម​ឯ​ទៀត ដែល​ពុំ​នៅ​ក្នុង​ដែនដី​នេះ​នៅ​ឡើយ ឬ​ក៏​មិន​នៅ​ដែនដី​យេរូសាឡិម ឬ​ក៏​មិន​នៅ​ទី​ទាំង​ឡាយ​ណា​ជិត​តំបន់ ដែល​យើង​បាន​ទៅ​ធ្វើ​ការងារ​បម្រើ​នោះ​ទេ។

ត្បិត​ពួក​អ្នក​ដែល​យើង​បាន​និយាយ​នេះ គឺជា​ពួក​អ្នក​ដែល​ពុំ​ទាន់​ស្ដាប់​តាម​សំឡេង​យើង​នៅ​ឡើយ​ទេ ឯ​យើង​ក៏​ពុំ​ដែល​បាន​សម្ដែង​ខ្លួន​ឲ្យ​គេ​ឃើញ​ក្នុង​ពេល​ណា​ដែរ។

ប៉ុន្តែ​យើង​បាន​ទទួល​បញ្ជា​មួយ​ពី​ព្រះ​វរបិតា​ថា យើង​ត្រូវ​ទៅ​ជួប​ពួក​គេ ហើយ​ថា ពួក​គេ​នឹង​បាន​ឮ​សំឡេង​របស់​យើង ហើយ​នឹង​បាន​រាប់​ជាមួយ​នឹង​ចៀម​របស់​យើង ដើម្បី​នឹង​អាច​មាន​ក្រោល​តែមួយ និង​អ្នក​គង្វាល​តែមួយ​វិញ ដូច្នេះ​យើង​ទៅ​បង្ហាញ​ខ្លួន​ដល់​គេ។

ហើយ​យើង​បញ្ជា​អ្នក​ថា អ្នក​រាល់​គ្នា​ត្រូវ​សរសេរ​នូវ​ពាក្យ​ទាំង​នេះ​ទុក បន្ទាប់​ពី​យើង​ចេញ​ទៅ ថា​ប្រសិនបើ​រាស្ត្រ​យើង​នៅ​ឯ​ក្រុង​យេរូសាឡិម គឺ​ពួក​អ្នក​ដែល​បាន​ឃើញ​យើង ហើយ​បាន​នៅ​ជាមួយ​នឹង​យើង​ក្នុង​ការងារ​បម្រើ​របស់​យើង បើ​ពួក​គេ​ពុំ​បាន​សូម​ដល់​ព្រះ​វរបិតា ដោយ​នូវ​នាម​យើង ដើម្បី​ឲ្យ​ពួក​គេ​អាច​ទទួល​ស្គាល់​អ្នក​រាល់​គ្នា​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​ពូជ​អំបូរ​ផ្សេង​ទៀត ដែល​គេ​ពុំ​បាន​ស្គាល់​នោះ​ទេ នោះ​សូម​ឲ្យ​ពាក្យ​ទាំង​នេះ​ដែល​អ្នក​រាល់​គ្នា​នឹង​សរសេរ​បាន​កត់​ទុក ហើយ​បាន​សម្ដែង​ដល់​ពួក​សាសន៍​ដទៃ​ថា តាម​រយៈ​ភាព​ពោរពេញ​នៃ​ពួក​សាសន៍​ដទៃ នោះ​សំណល់​នៃ​ពូជ​របស់​គេ​ដែល​ត្រូវ​ខ្ចាត់ខ្ចាយ​ពាសពេញ​លើ​ផ្ទៃ​ផែនដី ពី​ព្រោះ​តែ​ការ​ឥត​ជំនឿ​របស់​គេ នឹង​អាច​បាន​នាំ​មក​វិញ ឬ​អាច​នាំ​ឲ្យ​ស្គាល់​យើង ដែល​ជា​ព្រះ​ដ៏​ប្រោស​លោះ​ពួក​គេ។

ហើយ​ខណៈ​នោះ យើង​នឹង​ប្រមូល​ពួក​គេ​មក​ពី​ទិស​ទាំង​បួន​នៃ​ផែនដី ហើយ​ខណៈ​នោះ យើង​នឹង​បំពេញ​សេចក្ដី​សញ្ញា ដែល​ព្រះ​វរបិតា​បាន​ធ្វើ​ដល់​ប្រជាជន​ទាំង​អស់​នៃ​វង្ស​អ៊ីស្រាអែល។

មាន​ពរ​ហើយ ពួក​សាសន៍​ដទៃ ពី​ព្រោះ​តែ​ជំនឿ​របស់​គេ​ដល់​យើង និង​ដល់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ធ្វើ​ទី​បន្ទាល់​ដល់​ពួក​គេ​អំពី​យើង និង​អំពី​ព្រះ​វរបិតា។

មើល​ចុះ ព្រះ​វរបិតា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ដោយ​មក​ពី​ការ​ឥត​ជំនឿ​របស់​ពួក​គេ​ដល់​យើង និង​ដោយ​មក​ពី​ការ​ឥត​ជំនឿ​របស់​អ្នក​រាល់​គ្នា នែ៎ វង្ស​អ៊ីស្រាអែល​អើយ នៅ​ថ្ងៃ​ចុង​ក្រោយ ការ​ពិត​នឹង​បាន​មក​ដល់​ពួក​សាសន៍​ដទៃ ដើម្បី​ឲ្យ​ភាព​ពោរពេញ​នៃ​ការណ៍​ទាំង​នេះ​អាច​បាន​ដឹង​ដល់​ពួក​គេ។

ប៉ុន្តែ​ព្រះ​វរបិតា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា វេទនា​ដល់​ពួក​សាសន៍​ដទៃ​ដែល​ពុំ​ជឿ — ត្បិត​ទោះ​ជា​គេ​បាន​មក​នៅ​លើ​ផ្ទៃ​ដែនដី​នេះ ហើយ​បាន​បំបែក​ខ្ញែក​រាស្ត្រ​យើង​ដែល​ជា​វង្ស​អ៊ីស្រាអែល​ក្ដី ហើយ​រាស្ត្រ​យើង​ដែល​ជា​វង្ស​អ៊ីស្រាអែល ត្រូវ​គេ​បណ្ដេញ​ចេញ ព្រម​ទាំង​ត្រូវ​គេ​ជាន់​ឈ្លី​នៅ​ក្រោម​ជើង​ផង

ហើយ​ដោយ​មក​ពី​សេចក្ដី​មេត្តាករុណា​ទាំង​ឡាយ​របស់​ព្រះ​វរបិតា​ដល់​ពួក​សាសន៍​ដទៃ ព្រម​ទាំង​សេចក្ដី​ជំនុំ​ជំរះ​របស់​ព្រះ​វរបិតា​ដល់​រាស្ត្រ​យើង ដែល​ជា​វង្ស​អ៊ីស្រាអែល នោះ​ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បន្ទាប់​ពី​ការណ៍​អស់​ទាំង​នេះ ហើយ​យើង​បាន​ធ្វើ​ឲ្យ​រាស្ត្រ​យើង ដែល​ជា​វង្ស​អ៊ីស្រាអែល ត្រូវ​គេ​វាយ​ដំ និង​ត្រូវ​គេ​ធ្វើ​ទុក្ខ និង​ត្រូវ​គេ​សម្លាប់​ចោល និង​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ចំណោម​ពួក​គេ ហើយ​ត្រូវ​ក្លាយ​ទៅ​ជា​ទី​ស្អប់​ដល់​ពួក​គេ និង​ក្លាយ​ទៅ​ជា​ទី​ដៀល​ត្មះ និង​ទី​ដំណៀល​នៅ​ក្នុង​ចំណោម​ពួក​គេ —

១០ម្ល៉ោះ​ហើយ ព្រះ​វរបិតា​ទ្រង់​បញ្ជា​ឲ្យ​យើង​ប្រាប់​អ្នក​រាល់​គ្នា​ថា ៖ នៅ​ថ្ងៃ​ដែល​ពួក​សាសន៍​ដទៃ​នឹង​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ដំណឹង​ល្អ​របស់​យើង ហើយ​នឹង​បដិសេធ​នូវ​ភាព​ពោរពេញ​នៃ​ដំណឹង​ល្អ​របស់​យើង ហើយ​នឹង​លើក​ខ្លួន​ឡើង​ក្នុង​ការ​ឆ្មើងឆ្មៃ​នៃ​ចិត្ត​របស់​គេ​លើ​អស់​ទាំង​សាសន៍ និង​លើ​អស់​ទាំង​ប្រជាជន​ដែល​នៅ​លើ​ផែនដី​ទាំង​មូល ហើយ​នឹង​ពោរពេញ​ទៅ​ដោយ​ការ​កុហក និង​ការ​បំភាន់ និង​ការ​ឆរ​បោក​គ្រប់​បែប​យ៉ាង និង​ការ​លាក់ពុត និង​ឃាតកម្ម និង​ឧបាយកល​ផ្នែក​សង្ឃ និង​អំពើ​សហាយស្មន់ និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ដ៏​សម្ងាត់​គ្រប់​បែប​គ្រប់​បទ ហើយ​ប្រសិនបើ​ពួក​គេ​នឹង​ធ្វើ​នូវ​អំពើ​ទាំង​នោះ ហើយ​នឹង​បដិសេធ​នូវ​ភាព​ពោរពេញ​នៃ​ដំណឹង​ល្អ​របស់​យើង មើល​ចុះ ព្រះ​វរបិតា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា យើង​នឹង​ដក​ភាព​ពោរពេញ​នៃ​ដំណឹង​ល្អ​របស់​យើង​ចេញ​ពី​ចំណោម​ពួក​គេ។

១១ហើយ​ខណៈ​នោះ យើង​នឹង​នឹក​ឃើញ​ដល់​សេចក្ដី​សញ្ញា​របស់​យើង ដែល​យើង​បាន​ធ្វើ​ជាមួយ​នឹង​រាស្ត្រ​យើង ឱ​វង្ស​អ៊ីស្រាអែល​អើយ ហើយ​យើង​នឹង​នាំ​ដំណឹង​ល្អ​របស់​យើង​មក​ឲ្យ​គេ។

១២ហើយ​យើង​នឹង​បង្ហាញ​ដល់​អ្នក​រាល់​គ្នា នែ៎ វង្ស​អ៊ីស្រាអែល​អើយ ថា​ពួក​សាសន៍​ដទៃ​នឹង​គ្មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ឡើយ តែ​យើង​នឹង​នឹក​ចាំ​ដល់​សេចក្ដី​សញ្ញា​ដែល​យើង​មាន​នឹង​អ្នក ឱ​វង្ស​អ៊ីស្រាអែល​អើយ ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​ចេះ​ដឹង​ពី​ភាព​ពោរពេញ​នៃ​ដំណឹង​ល្អ​របស់​យើង។

១៣ប៉ុន្តែ​បើ​សិន​ជា​ពួក​សាសន៍​ដទៃ​ប្រែចិត្ត ហើយ​ត្រឡប់​មក​រក​យើង​វិញ ព្រះ​វរបិតា​មាន​ព្រះ​បន្ទូល​ថា មើល​ចុះ ពួក​គេ​នឹង​ត្រូវ​បាន​រាប់​ក្នុង​ចំណោម​រាស្ត្រ​យើង​ដែរ ឱ​វង្ស​អ៊ីស្រាអែល​អើយ។

១៤ហើយ​យើង​នឹង​ពុំ​ទុក​ឲ្យ​រាស្ត្រ​យើង​ដែល​ជា​វង្ស​អ៊ីស្រាអែល លុកលុយ​ទៅ​លើ​ចំណោម​គេ ហើយ​ជាន់​ឈ្លី​លើ​គេ​ឡើយ ព្រះ​វរបិតា ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

១៥ប៉ុន្តែ​បើ​សិន​ជា​ពួក​គេ​ពុំ​ត្រឡប់​មក​រក​យើង ហើយ​ប្រុង​ស្ដាប់​តាម​សំឡេង​យើង​ទេ នោះ​យើង​នឹង​ទុក​ឲ្យ​ពួក​គេ មែន​ហើយ យើង​នឹង​ទុក​ឲ្យ​រាស្ត្រ​យើង ឱ​វង្ស​អ៊ីស្រាអែល​អើយ គឺ​ទុក​ឲ្យ​រាស្ត្រ​យើង​លុកលុយ​ទៅ​លើ​ចំណោម​ពួក​គេ ហើយ​ជាន់​ឈ្លី​លើ​ពួក​គេ ហើយ​ពួក​គេ​នឹង​ទៅ​ដូច​ជា​អំបិល​ដែល​បាត់​ជាតិ​ប្រៃ ដែល​គ្មាន​ប្រយោជន៍​ទៀត​សោះ មាន​តែ​ត្រូវ​បោះបង់​ចោល​ទៅ​ក្រៅ ហើយ​ឲ្យ​រាស្ត្រ​យើង​ដើរ​ជាន់​ប៉ុណ្ណោះ ឱ​វង្ស​អ៊ីស្រាអែល​អើយ។

១៦ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ព្រះ​វរបិតា​ទ្រង់​បាន​បញ្ជា​ដល់​យើង​ដូច្នេះ​ថា — យើង​ត្រូវ​ប្រទាន​ដល់​រាស្ត្រ​នេះ​នូវ​ដែនដី​នេះ ទុកជា​កេរ្តិ៍​អាករ​របស់​គេ។

១៧ហើយ​ខណៈ​នោះ ពាក្យ​ពេចន៍​នៃ​ព្យាការី​អេសាយ នឹង​បាន​ត្រូវ​បាន​បំពេញ​ដែល​និយាយ​ថា ៖

១៨មាន​ឮ​សំឡេង​ពួក​អ្នក​យាម​របស់​អ្នក គេ​បន្លឺ​ឡើង​ច្រៀង​ជាមួយ​គ្នា ត្បិត​គេ​នឹង​ឃើញ​ដោយ​ភ្នែក​របស់​ខ្លួន​គេ​ក្នុង​កាលដែល​ព្រះ​អម្ចាស់​ទ្រង់​យាង​មក​ឯ​ក្រុង​ស៊ីយ៉ូន​វិញ។

១៩នែ៎ អស់​ទាំង​ទី​ខូច​បង់ នៃ​ក្រុង​យេរូសាឡិម​អើយ ចូរ​ធ្លាយ​ចេញ​ដោយ​សេចក្ដី​អំណរ ចូរ​ច្រៀង​ជាមួយ​គ្នា​ចុះ ត្បិត​ព្រះ​អម្ចាស់ ទ្រង់​បាន​កម្សាន្ដ​ទុក្ខ​របស់​រាស្ត្រ​ទ្រង់ ទ្រង់​ក៏​បាន​ប្រោស​លោះ​ក្រុង​យេរូសាឡិម​ហើយ។

២០ព្រះ​អម្ចាស់​ទ្រង់​បាន​លាត​ព្រះ​ពាហុ​បរិសុទ្ធ​របស់​ទ្រង់​នៅ​ភ្នែក​នៃ​គ្រប់​ទាំង​សាសន៍ ហើយ​អស់​ទាំង​ចុង​ផែនដី នឹង​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​នៃ​ព្រះ​៕