ជំពូកទី ២២
នៅគ្រាចុងក្រោយបង្អស់ ក្រុងស៊ីយ៉ូន និងស្ដេកទាំងឡាយរបស់នាង នឹងបានបង្កើតឡើង ហើយអ៊ីស្រាអែលនឹងត្រូវបានប្រមូលដោយសេចក្ដីមេត្តាករុណា និងភាពថ្នាក់ថ្នម — ពួកគេនឹងមានជ័យជម្នះ — ចូរប្រៀបធៀបនឹងគម្ពីរអេសាយ ៥៤។ ប្រមាណជាឆ្នាំ ៣៤ គ.ស.។
១ហើយនៅពេលនោះ ការណ៍ដែលបានកត់ត្រាទុកនោះនឹងកើតឡើង ៖ ឱស្ត្រីអារ ដែលមិនបានបង្កើតកូនអើយ ចូរច្រៀងឡើង ឱអ្នកដែលមិនបានឈឺចាប់នឹងសម្រាលអើយ ចូរធ្លាយចេញជាបទចម្រៀង ហើយបន្លឺឡើងចុះ ត្បិតព្រះអម្ចាស់ទ្រង់មានបន្ទូលថា កូនរបស់ស្ត្រីដែលបង់ខ្លួននៅតែឯងនោះ មានច្រើនជាងកូនរបស់ស្ត្រីដែលមានប្ដីទៅទៀត។
២ចូរពង្រីកទីដំឡើងត្រសាលអ្នកឲ្យធំឡើង ហើយឲ្យវារាល់គ្នាសន្ធឹងសំយាយសំពត់ត្រសាលរបស់អ្នកទៅកុំឲ្យសំចៃឡើយ ត្រូវឲ្យបន្តខ្សែឲ្យវែង ហើយបោះចម្រឹងឲ្យមាំឡើងចុះ
៣ត្បិតអ្នកនឹងបានរានទីចេញទៅខាងស្ដាំ និងខាងឆ្វេង ហើយពូជពង្សរបស់អ្នកនឹងចាប់បាន អស់ទាំងសាសន៍ដទៃជារបស់ផងខ្លួន ហើយឲ្យអស់ទាំងទីក្រុងដែលចោលស្ងាត់ បានមានមនុស្សអាស្រ័យនៅវិញ។
៤កុំឲ្យខ្លាចឲ្យសោះ ត្បិតអ្នកនឹងមិនដែលត្រូវខ្មាសឡើយ ក៏កុំឲ្យរង្កៀសចិត្តដែរ ពីព្រោះអ្នកនឹងមិនដែលត្រូវមានសេចក្ដីខ្មាសទេ អ្នកនឹងភ្លេចសេចក្ដីខ្មាស ដែលអ្នកមានពីកាលនៅវ័យក្មេង ហើយអ្នកនឹងមិននឹកចាំពីសេចក្ដីដែលគេត្មះតិះដៀល ពីកាលនៅមេម៉ាយតទៅទៀតដែរ។
៥ត្បិតព្រះដែលបង្កើតអ្នកមក ទ្រង់ជាប្ដីរបស់អ្នក ហើយព្រះនាមទ្រង់ គឺព្រះអម្ចាស់នៃពួកពលបរិវារ ហើយព្រះដ៏ប្រោសលោះអ្នក គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល — គេនឹងហៅទ្រង់ថា ជាព្រះនៃលោកិយទាំងមូល។
៦ត្បិតព្រះរបស់អ្នកទ្រង់មានព្រះបន្ទូលថា ព្រះអម្ចាស់ ទ្រង់បានហៅអ្នកទុក ដូចជាស្ត្រីដែលប្ដីបោះបង់ចោល ហើយដែលមានចិត្តគ្នាន់ក្នាញ់ គឺជាប្រពន្ធក្រមុំកំលោះ ដែលត្រូវបង់ចោលហើយ។
៧យើងបានបោះបង់ចោលអ្នកតែមួយភ្លែតទេ តែយើងនឹងទទួលអ្នកមកវិញ ដោយសេចក្ដីមេត្តាជាខ្លាំង។
៨ព្រះអម្ចាស់ ជាព្រះប្រោសលោះអ្នក ទ្រង់មានបន្ទូលថា យើងបានគេចមុខចេញពីអ្នកនៅតែមួយភ្លែតនោះ ដោយមានសេចក្ដីក្រោធដ៏ហូរហៀរ តែយើងនឹងអាណិតអាសូរដល់អ្នក ដោយសេចក្ដីសប្បុរសដ៏អស់កល្បជានិច្ចវិញ។
៩ការណ៍នេះប្រៀបដូចជាទឹកជន់នៅជំនាន់លោកណូអេដល់យើង ហើយដែលយើងបានស្បថថា ទឹកជន់នៅជំនាន់លោកណូអេ នឹងមិនដែលគ្របលើផែនដីទៀតជាយ៉ាងណា នោះយើងក៏ស្បថថា យើងនឹងមិនដែលមានសេចក្ដីក្រោធចំពោះអ្នកតទៅយ៉ាងនោះដែរ។
១០ពីព្រោះអស់ទាំងភ្នំធំនឹងបាត់ទៅបាន ហើយអស់ទាំងភ្នំតូចនឹងរើចេញទៅបានដែរ ប៉ុន្តែសេចក្ដីសប្បុរសរបស់យើង នឹងមិនដែលឃ្លាតបាត់ពីអ្នកឡើយ ហើយសេចក្ដីសញ្ញាពីសេចក្ដីមេត្រីរបស់យើង ក៏មិនត្រូវរើចេញដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ ដែលទ្រង់ ប្រោសមេត្តាដល់អ្នក។
១១ឱអ្នកដែលរងទុក្ខវេទនា ដែលត្រូវខ្យល់ព្យុះបោកឥតមានសេចក្ដីកម្សាន្ដចិត្តអើយ! មើលចុះ យើងនឹងរៀបថ្មអ្នកឡើងដោយបាយអមានពណ៌ស្រស់ល្អ ហើយដាក់ជើងជញ្ជាំងអ្នក ដោយត្បូងកណ្ដៀង។
១២យើងនឹងធ្វើកំផែងសីមាអ្នកពីត្បូងទទឹម ហើយទ្វារអ្នកពីត្បូងបារកេត និងក្បាច់អ្នកទាំងប៉ុន្មានពីត្បូងមានតម្លៃ។
១៣ឯកូនចៅទាំងប៉ុន្មានរបស់អ្នក នឹងធ្វើជាសិស្សរបស់ព្រះអម្ចាស់ ហើយវារាល់គ្នានឹងមានសន្តិសុខជាបរិបូរ។
១៤អ្នកនឹងបានតាំងមាំមួននៅដោយសេចក្ដីសុចរិត ហើយនឹងនៅឆ្ងាយពីការសង្កត់សង្កិន ត្បិតអ្នកនឹងមិនខ្លាចអ្វីសោះ ក៏នឹងនៅឆ្ងាយពីសេចក្ដីស្ញែងខ្លាចដែរ ពីព្រោះសេចក្ដីនោះនឹងមិនមកជិតអ្នកឡើយ។
១៥មើលចុះ នឹងមានគេលើកគ្នាឡើងទាស់នឹងអ្នក តែនោះមិនមែនមកពីយើងទេ ឯអ្នកណាដែលលើកគ្នាទាស់នឹងអ្នក គេនឹងដួលចុះដោយព្រោះអ្នក។
១៦មើលចុះ យើងបានបង្កើតទាំងជាងដែក ដែលសប់ភ្លើងធ្វើគ្រឿងសស្ត្រាវុធ សម្រាប់ជាការរបស់ខ្លួន ហើយយើងក៏បានបង្កើតមេបំផ្លាញទុកសម្រាប់នឹងបំផ្លាញផង។
១៧ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើឡើង នោះគ្មានណាមួយនឹងអាចទាស់នឹងអ្នកបានឡើយ ហើយអស់ទាំងអណ្ដាតណា ដែលជេរប្រមាថអ្នកក្នុងរឿងក្ដី នោះអ្នកនឹងកាត់ទោសឲ្យវិញ។ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើរបស់ព្រះអម្ចាស់ នឹងទទួលជាមរតក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់។