ព្រះគម្ពីរ
នីហ្វៃ ទី ៣ 3


ជំពូក​ទី ៣

គីឌឌីអានហៃ ដែល​ជា​មេដឹកនាំ​ពួក​កាឌីអានតុន​ទាមទារ​ឲ្យ​ឡាកូនីអូស និង​ពួក​សាសន៍​នីហ្វៃ​ចុះ​ចាញ់ ហើយ​ប្រគល់​ដែនដី​របស់​គេ — ឡាកូនីអូស​តែងតាំង​គីឌគីឌដូណៃ ជា​មេកង​ទ័ព​ឯក​លើ​ពល​ទ័ព — ពួក​សាសន៍​នីហ្វៃ​ប្រមូល​គ្នា​នៅ​ក្រុង​សារ៉ាហិមឡា និង​ក្រុង​បរិបូរណ៍ ដើម្បី​ការ​ពារ​ខ្លួន។ ប្រមាណ​ជា​ឆ្នាំ ១៦–១៨ គ.ស.។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំមួយ ចាប់​ពី​កាល​ព្រះ​គ្រីស្ទ​យាង​មក នោះ​ឡាកូនីអូស ដែល​ជា​ចៅ​ហ្វា​យ​ដែនដី បាន​ទទួល​សំបុត្រ​មួយ​ច្បាប់​ពី​មេដឹកនាំ និង​ចៅហ្វាយ​នៃ​ក្រុម​ចោរ​នេះ ហើយ​នេះ​គឺជា​ពាក្យ​ដែល​បាន​សរសេរ​មក​ថា ៖

លោក​ឡាកូនីអូស​ដ៏​ឧត្ដម និង​ជា​នាយ​ចៅហ្វាយ​នៃ​ដែនដី​អើយ មើល​ចុះ ខ្ញុំ​សរសេរ​សំបុត្រ​នេះ​មក​លោក ហើយ​សូម​ជូន​សេចក្ដី​សរសើរ​ដ៏​ធំ​លើសលប់​ដល់​លោក ដោយ​សារ​ភាព​រឹងប៉ឹង​របស់​លោក និង​ភាព​រឹងប៉ឹង​របស់​ប្រជាជន​លោក​ផង នៅ​ក្នុង​ការ​ទ្រ​ទ្រង់​នូវ​អ្វីៗ​ដែល​លោក​សន្និដ្ឋាន​ថា ជា​សិទ្ធិ និង​ឥស្សរភាព​របស់​លោក មែន​ហើយ លោក​ឈរ​យ៉ាង​រឹងប៉ឹង ហាក់​បី​ដូច​ជា​លោក​ត្រូវ​បាន​គាំទ្រ​ដោយ​ព្រះ​ហស្ត​នៃ​ព្រះ​មួយ​អង្គ នៅ​ក្នុង​កិច្ចការ​ពារ​ឥស្សរភាព​របស់​លោក និង​ទ្រព្យសម្បត្តិ​របស់​លោក និង​ប្រទេស​របស់​លោក ឬ​អ្វីៗ​ដែល​លោក​ហៅ​ដូច្នោះ។

ហើយ​ហាក់​ដូច​ជា​ការ​អាណិត​លោក ឱ​លោ​ក​ឡាកូនីអូស​ដ៏​ឧត្ដម​អើយ ថា​លោក​បែរជា​ឆោត និង​ឥត​គំនិត ដោយ​គិត​ស្មាន​ថា លោក​អាច​ទប់​ទល់​នឹង​កងទ័ព​ដ៏​ក្លាហាន​ជាច្រើន​យ៉ាង​នេះ ដែល​នៅ​ក្រោម​បញ្ជា​របស់​ខ្ញុំ ដែល​នៅ​ពេល​ឥឡូវ​នេះ កំពុងតែ​កាន់​អាវុធ ហើយ​រង់ចាំ​យ៉ាង​អន្ទះសា​នូវ​ពាក្យ​ថា — ចូរ​ចុះ​ទៅ​វាយ​សម្រុក​ទៅ​លើ​ពួក​នីហ្វៃ ហើយ​បំផ្លាញ​ពួក​វា​ចោល​ទៅ។

ហើយ​ខ្ញុំ ដោយ​ដឹង​នូវ​ទឹកចិត្ត​ដ៏​អង់​អាច​របស់​ពួក​គេ ដែល​ត្រូវ​បាន​បញ្ជាក់​បង្ហាញ​នៅ​លើ​ទី​សមរភូមិ និង​ដោយ​ដឹង​នូវ​សម្អប់​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​ពួក​គេ​ចំពោះ​ពួក​លោក មក​ពី​កំហុស​ដ៏​ច្រើន ដែល​ពួក​លោក​បាន​ធ្វើ​ទៅ​លើ​ពួក​គេ ហេតុ​ដូច្នោះ​ហើយ បើ​សិន​ជា ពួក​គេ​វាយ​ចុះ​សម្រុក​ទៅ​លើ​ពួក​លោក នោះ​ពួក​គេ​នឹង​មក​រក​លោក​ដោយ​ការ​បំផ្លិចបំផ្លាញ​ទាំង​ស្រុង។

ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​បាន​សរសេរ​សំបុត្រ​នេះ បិទ​វា​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់ ដោយ​យល់​ដល់​សុខុមាលភាព​របស់​លោក មក​ពី​ភាព​រឹងប៉ឹង​របស់​លោក​ចំពោះ​អ្វីៗ​ដែល​លោក​ជឿ​ថា​ត្រូវ និង​ទឹកចិត្ត​ដ៏​ឧត្ដម​របស់​លោក នៅ​ក្នុង​ទី​សមរភូមិ។

ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​សរសេរ​មក​លោក ចង់​ឲ្យ​លោក​ប្រគល់​ដល់​ប្រជាជន​ខ្ញុំ នូវ​ទី​ក្រុង​ទាំង​ឡាយ​របស់​លោក ដែនដី​ទាំង​ឡាយ​របស់​លោក និង​ទ្រព្យសម្បត្តិ​របស់​លោក ជាជាង​ទុក​ឲ្យ​ពួក​គេ​ត្រូវ​មក​រក​លោក​ដោយ​ដាវ ហើយ​ជាជាង​ទុក​ឲ្យ​ការ​បំផ្លិចបំផ្លាញ​ត្រូវ​កើត​មាន​ដល់​លោក។

ឬ​និយាយ​ម្យ៉ាង​ទៀត​ថា ចូរ​ប្រគល់​ខ្លួន​ដល់​យើង​មក ហើយ​រួបរួម​ជាមួយ​នឹង​យើង ហើយ​ស្គាល់​នូវ​កិច្ចការ​សម្ងាត់​ទាំង​ឡាយ​របស់​យើង ហើយ​ក្លាយ​ទៅ​ជា​បងប្អូន​របស់​យើង ដើម្បី​ឲ្យ​ពួក​លោក​បាន​ដូច​ជា​ពួក​យើង — គឺ​ពុំ​មែន​ជា​ខ្ញុំ​បម្រើ​របស់​យើង​ទេ តែ​ជា​បងប្អូន ដៃគូ​ទាំង​ឡាយ​នៃ​ទ្រព្យ​ទាំង​អស់​របស់​យើង។

ហើយ​មើល​ចុះ ខ្ញុំ​សច្ចា​នឹង​លោក​ថា បើ​សិន​ជា​លោក​ធ្វើ​យ៉ាង​នេះ ដោយ​សម្បថ​មួយ នោះ​ពួក​លោក​នឹង​មិន​ត្រូវ​បំផ្លាញ​ចោល​ឡើយ ប៉ុន្តែ​បើ​សិន​ជា​លោក​មិន​ធ្វើ​យ៉ាង​នេះ​ទេ ខ្ញុំ​សច្ចា​នឹង​លោក​ដោយ​ពាក្យ​សម្បថ​មួយ​ថា នៅ​ខែ​ក្រោយ នោះ​ខ្ញុំ​នឹង​បញ្ជា​ឲ្យ​ពល​ទ័ព​ខ្ញុំ​ចុះ​មក​តតាំង​នឹង​លោក ហើយ​ពួក​គេ​នឹង​ពុំ​សំចៃ​ដៃ ហើយ​នឹង​ពុំ​លើកលែង​ឡើយ ប៉ុន្តែ​នឹង​សម្លាប់​ពួក​លោក ហើយ​នឹង​ទុក​ឲ្យ​ដាវ​ធ្លាក់​ទៅ​លើ​លោក គឺ​រហូត​ដល់​ពួក​លោក​ត្រូវ​វិនាស​សូន្យ​ទៅ។

ហើយ​មើល​ចុះ ខ្ញុំ​គឺ គីឌឌីអានហៃ ហើយ​ខ្ញុំ​ជា​ចៅហ្វាយ​នៃ​សង្គម​សម្ងាត់​នៃ​កាឌីអានតុន ជា​សង្គម និង​កិច្ចការ​ទាំង​ឡាយ ដែល​ខ្ញុំ​ដឹង​ថា ជា​ការ​ល្អ ហើយ​ជា​កិច្ចការ​ទាំង​ឡាយ​ដែល​បាន​បង្ក​បង្កើត​ឡើង​តាំង​ពី​បុរាណ​មក ហើយ​ជា​កិច្ចការ​ទាំង​ឡាយ​ដែល​បាន​បន្ត​មក​ដល់​ពួក​យើង។

១០ហើយ​ខ្ញុំ​សរសេរ​សំបុត្រ​នេះ​មក​លោ​ក​ឡាកូនីអូស ហើយ​ខ្ញុំ​សង្ឃឹម​ថា លោក​នឹង​ប្រគល់​ដែនដី​ទាំង​ឡាយ​របស់​លោក និង​ទ្រព្យ​សម្បត្តិ​របស់​លោក ដោយ​ពុំ​មាន​ការ​ខ្ចាយ​ឈាម ដើម្បី​ឲ្យ​ប្រជាជន​របស់​ខ្ញុំ​អាច​យក​មក​វិញ​នូវ​សិទ្ធិ​ទាំង​ឡាយ និង​រដ្ឋាភិបាល​របស់​គេ ដែល​ជា​អ្នក​ដែល​បាន​បែក​ចេញ​ពី​ពួក​លោក មក​ពី​សេចក្ដី​ទុច្ចរិត​របស់​ពួក​លោក នៅ​ក្នុង​ការ​យក​ចេញ​ពី​ពួក​គេ​នូវ​សិទ្ធិ​ទាំង​ឡាយ​នៃ​រដ្ឋាភិបាល ហើយ​លើក​លែង​តែ​ពួក​លោក​ធ្វើ​ដូច​នេះ បើ​ពុំ​នោះ​សោត​ទេ ខ្ញុំ​នឹង​សងសឹក​ចំពោះ​ការ​ខុសឆ្គង​ទាំង​ឡាយ​មក​លើ​ពួក​គេ។ ខ្ញុំ​គឺ គីឌឌីអានហៃ។

១១ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង គឺ​កាល​ឡាកូនីអូស​បាន​ទទួល​សំបុត្រ​នេះ​ហើយ នោះ​លោក​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង​ពី​ការ​ឥត​កោតញញើត​របស់​គីឌឌីអានហៃ ក្នុង​ការ​ទាមទារ​យក​ដែនដី​របស់​ពួក​សាសន៍​នីហ្វៃ ហើយ​ថែម​ទាំង​ពី​ការ​គំរាម​កំហែង​ប្រជាជន និង​ពី​ការ​សង​សឹក​ដល់​ការ​ខុសឆ្គង​ទាំង​ឡាយ ឲ្យ​ពួក​អ្នក​ដែល​គ្មាន​ការ​ខុសឆ្គង លើក​លែង​តែ​ពួក​គេ​បាន​ធ្វើ​ខុស​ដោយ​ខ្លួន​គេ ដោយ​បែក​ចេញ​ទៅ​រួម​ជាមួយ​នឹង​ពួក​ចោរ​ទុច្ចរិត និង​គួរ​ខ្ពើម​ឆ្អើម​ទាំង​នោះ។

១២ឥឡូវ​នេះ មើល​ចុះ ឡាកូនីអូស​នេះ ដែល​ជា​ចៅហ្វាយ ជា​មនុស្ស​សុចរិត​ម្នាក់ ហើយ​ពុំ​អាច​ធ្វើ​ឲ្យ​ខ្លាច ដោយ​សារ​ការ​ទាមទារ និង​ការ​គំរាមកំហែង​ទាំង​ឡាយ​របស់​ចោរ​ម្នាក់​បាន​ឡើយ ហេតុ​ដូច្នេះ​ហើយ លោក​ពុំ​បាន​ស្ដាប់​តាម​សំបុត្រ​របស់​គីឌឌីអានហៃ ដែល​ជា​ចៅហ្វាយ​នៃ​ពួក​ចោរ​នោះ​ទេ ប៉ុន្តែ​លោក​បាន​ឲ្យ​ប្រជាជន​លោក​អំពាវនាវ​ដល់​ព្រះ​អម្ចាស់ សូម​ឲ្យ​មាន​កម្លាំង​សម្រាប់​តតាំង នៅ​ពេល​ពួក​ចោរ​ចុះ​មក​វាយប្រហារ​គេ។

១៣មែន​ហើយ លោក​បាន​ផ្ញើ​សេចក្ដី​ប្រកាស​មួយ​ទៅ​ក្នុង​ចំណោម​ប្រជាជន​ទាំង​អស់​ថា ពួក​គេ​ត្រូវ​ប្រមូល​ប្រពន្ធ​របស់​គេ និង​កូន​ចៅ​របស់​គេ និង​ហ្វូង​ចៀម​របស់​គេ និង​ហ្វូង​សត្វ​របស់​គេ និង​ទ្រព្យ​ទាំង​អស់​របស់​គេ លើក​លែង​តែ​ដែនដី​របស់​គេ​មក​មួយ​កន្លែង។

១៤ហើយ​លោក​បាន​បញ្ជា​ឲ្យ​សង់​កំផែង​ការ​ពារ​ទាំង​ឡាយ​ព័ទ្ធជុំវិញ​ពួក​គេ ដោយ​មាន​ស​ភាព​មាំមួន​ជា​អតិបរមា។ ហើយ​លោក​បាន​បញ្ជា​ឲ្យ​ពល​ទ័ព ទាំង​ពួក​នីហ្វៃ និង​ពួក​លេមិន ឬ​ទ័ព​ទាំង​អស់​ដែល​ត្រូវ​បាន​រាប់​ក្នុង​ចំណោម​សាសន៍​នីហ្វៃ ត្រូវ​ទុក​ឲ្យ​ចាំ​យាម​នៅ​ជុំវិញ ដើម្បី​ចាំ​មើល​ពួក​គេ ហើយ​យាម​ពួក​គេ​ពី​ពួក​ចោរ​ទាំង​យប់​ទាំង​ថ្ងៃ។

១៥មែន​ហើយ លោក​បាន​និយាយ​ទៅ​គេ​ថា ៖ ប្រាកដ​ដូច​ជា​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​ជន្ម​រស់នៅ លើក​លែង​តែ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចំពោះ​អំពើ​ទុច្ចរិត​ទាំង​អស់​របស់​អ្នក ហើយ​អំពាវនាវ​ដល់​ព្រះ​អម្ចាស់ នោះ​អ្នក​រាល់​គ្នា​នឹង​គ្មាន​មធ្យោបាយ​ណា​ផ្សេង​ទៀត ដើម្បី​ឲ្យ​បាន​ដោះ​ផុត​ពី​កណ្ដាប់​ដៃ នៃ​ពួក​ចោរ​កាឌីអានតុន​ទាំង​នោះ​បាន​ឡើយ។

១៦ហើយ​ពាក្យ​សម្ដី និង​ពាក្យ​ព្យាករណ៍​ទាំង​ឡាយ​របស់​ឡាកូនីអូស នោះ​មហិមា និង​អស្ចារ្យ​ណាស់ រហូត​ដល់​ធ្វើ​ឲ្យ​មាន​ការ​ភិតភ័យ​នៅ​ក្នុង​ចំណោម​ប្រជាជន​ទាំង​អស់ ហើយ​ពួក​គេ​បាន​ខិតខំ​យ៉ាង​ខ្លាំង​នៅ​ក្នុង​សមត្ថ​ភាព​របស់​គេ ដើម្បី​ធ្វើ​តាម​ពាក្យ​របស់​ឡាកូនីអូស។

១៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឡាកូនីអូស​បាន​តែងតាំង​ពួក​មេទ័ព​ឯក​លើ​អស់​ទាំង​ពល​ទ័ព​សាសន៍​នីហ្វៃ​ឲ្យ​បញ្ជា​ពួក​គេ នៅ​ពេល​ណា​ពួក​ចោរ​ចេញ​មក​ពី​ទី​រហោស្ថាន ចុះ​មក​វាយ​ពួក​គេ។

១៨ឥឡូវ​នេះ មេ​ធំ​បំផុត​ក្នុង​ចំណោម​មេទ័ព​ឯក​ទាំង​អស់ និង​មេបញ្ជាការ​ធំ​នៃ​អស់​ទាំង​ពល​ទ័ព​សាសន៍​នីហ្វៃ ត្រូវ​បាន​តែង​តាំង​ឡើង ហើយ​លោក​មាន​ឈ្មោះ​ថា គីឌគីឌដូណៃ

១៩ឥឡូវ​នេះ នេះ​ជា​ទម្លាប់​នៅ​ក្នុង​ចំណោម​អស់​ទាំង​ពួក​សាសន៍​នីហ្វៃ ដើម្បី​តែងតាំង​ពួក​មេទ័ព​ឯក​របស់​គេ (លើក​លែង​តែ​នៅ​ក្នុង​សម័យ​ទុច្ចរិត) នូវ​អ្នក​ណា​ម្នាក់​ដែល​មាន​វិញ្ញាណ​នៃ​វិវរណៈ និង​ការ​ព្យាករណ៍​ផង ហេតុ​ដូច្នេះ​ហើយ គីឌគីឌដូណៃ​នេះ គឺជា​ព្យាការី​ម្នាក់​ដ៏​មហិមា នៅ​ក្នុង​ចំណោម​ពួក​គេ ដូច​លោក​មេ​ចៅក្រម​ដែរ។

២០ឥឡូវ​នេះ ប្រជាជន​បាន​និយាយ​ទៅ​កាន់​គីឌគីឌដូណៃ​ថា ៖ សូម​អធិស្ឋាន​ទៅ​ព្រះ​អម្ចាស់ ហើយ​ចូរ​យើង​ឡើង​ទៅ​លើ​ភ្នំ ហើយ​ចូល​ទី​រហោស្ថាន ដើម្បី​យើង​អាច​វាយ​ទៅ​លើ​ពួក​ចោរ ហើយ​បំផ្លាញ​ពួក​វា​ចោល​នៅ​លើ​ដែនដី​ទាំង​ឡាយ​របស់​ពួក​វា​ផ្ទាល់។

២១ប៉ុន្តែ គីឌគីឌដូណៃ​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា ៖ ព្រះ​អម្ចាស់​ទ្រង់​ហាម​មិន​ឲ្យ​ធ្វើ​យ៉ាង​នេះ​ទេ ព្រោះ​បើ​សិន​ជា​យើង​ឡើង​ទៅ​វាយ​ពួក​វា នោះ​ព្រះ​អម្ចាស់​ទ្រង់​នឹង​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​វា ហេតុ​ដូច្នេះ​ហើយ យើង​នឹង​ប្រុង​បៀ​ប​ខ្លួន​នៅ​កណ្ដាល​ដី​របស់​យើង ហើយ​យើង​នឹង​ប្រមូល​ពល​ទ័ព​យើង​ទាំង​អស់​មក ហើយ​យើង​នឹង​ពុំ​ទៅ​វាយ​ពួក​វា​ឡើយ ប៉ុន្តែ​យើង​នឹង​រង់ចាំ រហូត​ដល់​ពួក​វា​មក​វាយ​យើង​វិញ ហេតុ​ដូច្នេះ​ហើយ ប្រាកដ​ដូច​ជា​ព្រះ​អម្ចាស់ ទ្រង់​មាន​ព្រះ​ជន្ម​រស់នៅ បើ​សិន​ជា​យើង​ធ្វើ​យ៉ាង​នេះ នោះ​ទ្រង់​នឹង​ប្រគល់​ពួក​វា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង។

២២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ឆ្នាំ​ទី​ដប់​ប្រាំពីរ គឺ​នៅ​ចុង​ឆ្នាំ សេចក្ដី​ប្រកាស​របស់​ឡាកូនីអូស​បាន​ផ្សព្វផ្សាយ​ទូ​ទៅ​អស់​ទាំង​ផ្ទៃ​ដែនដី ហើយ​ពួក​គេ​បាន​យក​សេះ​ទាំង​ឡាយ​របស់​គេ និង​រទេះ​ទាំង​ឡាយ​របស់​គេ និង​ហ្វូង​គោ​របស់​គេ និង​ហ្វូង​ចៀម​របស់​គេ​ទាំង​អស់ និង​ហ្វូង​សត្វ​ទាំង​ឡាយ​របស់​គេ និង​ស្រូវ និង​ទ្រព្យ​ទាំង​អស់​របស់​គេ ហើយ​បាន​ធ្វើ​ដំណើរ​រាប់​ពាន់​នាក់ និង​រាប់​ម៉ឺន​នាក់ រហូត​ដល់​ពួក​គេ​បាន​ទៅ​ដល់​កន្លែង ដែល​បាន​ចាត់​ទុក​ឲ្យ​ពួក​គេ​ប្រមូល​គ្នា​មក ដើម្បី​ការ​ពារ​ខ្លួន​ប្រឆាំង​នឹង​ពួក​ខ្មាំងសត្រូវ​របស់​គេ។

២៣ហើយ​ដែនដី​ដែល​បាន​ចាត់​ទុក​នោះ គឺ​ដែនដី​សារ៉ាហិមឡា និង​ដី​ដែល​នៅ​ចន្លោះ​ដែនដី​សារ៉ាហិមឡា និង​ដែនដី​បរិបូរណ៍ មែន​ហើយ ទៅ​ទល់​នឹង​ព្រំដែន​នៃ​ដែនដី​បរិបូរណ៍ និង​ដែនដី​ចោល​ស្ងាត់។

២៤ហើយ​មាន​មនុស្ស​ជាច្រើន​ពាន់​នាក់ ដែល​ហៅ​ថា​សាសន៍​នីហ្វៃ បាន​ប្រមូល​គ្នា​មក​លើ​ដែនដី​នេះ។ ឥឡូវ​នេះ ឡាកូនីអូស បាន​បញ្ជា​ឲ្យ​ពួក​គេ​ប្រមូល​គ្នា​មក​នៅ​លើ​ដែនដី​ប៉ែក​ខាង​ត្បូង ពី​ព្រោះ​មក​ពី​បណ្ដា​សា​ដ៏​ធំ​ត្រូវ​បាន​ដាក់​លើ​ដែនដី​ប៉ែក​ខាង​ជើង។

២៥ហើយ​ពួក​គេ​បាន​ពង្រឹង​ខ្លួន​ដើម្បី​តតាំង​នឹង​ពួក​ខ្មាំងសត្រូវ​របស់​គេ ហើយ​ពួក​គេ​បាន​នៅ​លើ​ដែនដី​មួយ និង​ជា​ក្រុម​មួយ ហើយ​ពួក​គេ​បាន​ខ្លាច​ពាក្យ​ទាំង​ឡាយ ដែល​បាន​និយាយ​ដោយ​ឡាកូនីអូស ដរាប​ដល់​ពួក​គេ​បាន​ប្រែចិត្ត​ពី​អស់​ទាំង​អំពើ​បាប​របស់​ពួក​គេ ហើយ​ពួក​គេ​បាន​អធិស្ឋាន​ទៅ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ ដើម្បី​សូម​ឲ្យ​ទ្រង់​ដោះលែង​ពួក​គេ នៅ​ពេល​ណា​ពួក​ខ្មាំងសត្រូវ​របស់​គេ ចុះ​មក​ច្បាំង​នឹង​ពួក​គេ។

២៦ហើយ​ពួក​គេ​កើតទុក្ខ​ជា​អតិបរមា ដោយ​សារ​ពួក​ខ្មាំងសត្រូវ​របស់​គេ។ ហើយ​គីឌគីឌដូណៃ​បាន​បញ្ជា​ឲ្យ​ពួក​គេ​ធ្វើ​គ្រឿង​សស្ត្រាវុធ​ពិជ័យសង្គ្រាម​គ្រប់បែប​យ៉ាង ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​កម្លាំង​ដោយ​មាន​គ្រឿង​ការ​ពារ​ខ្លួន និង​ខែល និង​ខែល​ដៃ តាម​ការ​បង្គាប់​របស់​លោក៕