ជំពូកទី ៤
ពលទ័ពសាសន៍នីហ្វៃវាយពួកចោរកាឌីអានតុនឲ្យបរាជ័យ — គីឌឌីអានហៃត្រូវស្លាប់ ហើយអ្នកដែលបន្តតំណែងពីវាឈ្មោះ សេមណារៃហា ត្រូវគេចងក — ពួកសាសន៍នីហ្វៃសរសើរតម្កើងដល់ព្រះអម្ចាស់ចំពោះជ័យជម្នះទាំងឡាយរបស់គេ។ ប្រមាណជាឆ្នាំ ១៨–២២ គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា នៅចុងឆ្នាំទីដប់ប្រាំបី ពលទ័ពពួកចោរទាំងនោះ បានរៀបចំទៅច្បាំង ហើយបានចាប់ផ្ដើមចុះមក និងចេញពីភ្នំតូច ភ្នំធំ និងទីរហោស្ថាន និងទីតាំងការពារទាំងឡាយរបស់គេ និងទីសម្ងាត់ទាំងឡាយរបស់គេ ហើយបានចាប់ផ្ដើមវាយយកដែនដី ទាំងនៅក្នុងតំបន់ខាងត្បូង និងនៅក្នុងតំបន់ខាងជើងផង ហើយបានចាប់ផ្ដើមយកដែនដីទាំងអស់ដែលពួកសាសន៍នីហ្វៃបានបោះបង់ចោល និងទីក្រុងទាំងឡាយ ដែលបានបោះបង់ចោលឲ្យស្ងាត់ជ្រងំ។
២ប៉ុន្តែមើលចុះ គ្មានសត្វព្រៃ ឬសត្វសម្រាប់បរបាញ់សោះ នៅលើដីទាំងនោះ ដែលបានបោះបង់ចោល ដោយពួកសាសន៍នីហ្វៃ ហើយគ្មានសត្វសម្រាប់បរបាញ់ដើម្បីពួកចោរឡើយ លើកលែងតែនៅក្នុងទីរហោស្ថានប៉ុណ្ណោះ។
៣ហើយពួកចោរមិនអាចរស់នៅទីណា ក្រៅពីទីរហោស្ថានបានឡើយ ព្រោះត្រូវការចំណីអាហារ ត្បិតពួកសាសន៍នីហ្វៃបានចោលដីរបស់គេឲ្យស្ងាត់ជ្រងំ ហើយបានប្រមូលហ្វូងចៀមរបស់គេ និងហ្វូងសត្វរបស់គេ និងទ្រព្យទាំងអស់របស់គេ ហើយពួកគេនៅតែមួយក្រុម។
៤ហេតុដូច្នេះហើយ គ្មានឱកាសណាសម្រាប់ឲ្យពួកចោរមកប្លន់ និងយកចំណីអាហារបានសោះ លើកលែងតែឡើងមកច្បាំងចេញមុខប្រឆាំងនឹងពួកសាសន៍នីហ្វៃប៉ុណ្ណោះ ហើយពួកសាសន៍នីហ្វៃ ដោយនៅតែមួយក្រុម ហើយមានចំនួនច្រើនជាខ្លាំង ហើយបានសន្សំទុកនូវស្បៀងអាហារសម្រាប់ខ្លួនគេ និងសេះ និងសត្វគោ ក្របី និងហ្វូងសត្វគ្រប់មុខ ដើម្បីឲ្យពួកគេអាចរស់នៅក្នុងរយៈពេលប្រាំពីរឆ្នាំ នៅក្នុងរយៈពេលនោះ ពួកគេសង្ឃឹមថា នឹងបំផ្លាញពួកចោរចេញពីលើផ្ទៃដីឲ្យបាន ម្ល៉ោះហើយ ឆ្នាំទីដប់ប្រាំបីក៏បានកន្លងផុតទៅ។
៥ហើយហេតុការណ៍បានកើតឡើងថា នៅឆ្នាំទីដប់ប្រាំបួន គីឌឌីអានហៃ យល់ឃើញថា ជាការចាំបាច់វាត្រូវឡើងទៅច្បាំងនឹងសាសន៍នីហ្វៃ ព្រោះគ្មានមធ្យោបាយណា ដែលឲ្យពួកវាអាចរស់នៅក្រៅពីទៅប្លន់ និងដណ្ដើម និងធ្វើឃាតមនុស្សចោលនោះទេ។
៦ហើយពួកវាពុំហ៊ានរាយគ្នាឲ្យធំនៅលើផ្ទៃដែនដី ដើម្បីវាអាចដាំស្រូវឡើយ ខ្លាចក្រែងពួកសាសន៍នីហ្វៃមកវាយពួកវា ហើយសម្លាប់ពួកវាចោល ហេតុដូច្នេះហើយ គីឌឌីអានហៃបានឲ្យបញ្ជាទៅពលទ័ពវាថា ក្នុងឆ្នាំនេះ ពួកវាត្រូវឡើងទៅច្បាំងនឹងពួកសាសន៍នីហ្វៃ។
៧ហើយហេតុការណ៍បានកើតឡើងថា ពួកវាក៏បានឡើងមកច្បាំង ហើយគឺនៅខែទីប្រាំមួយ ហើយមើលចុះ ថ្ងៃដែលពួកគេបានឡើងមកច្បាំងនោះ ធំ និងគួរឲ្យខ្លាចមែន ហើយពួកវាបានស្លៀកពាក់តាមរបៀបពួកចោរ ហើយពួកវាមានស្បែកចៀមរុំជុំវិញចង្កេះ ហើយពួកវាលាបឈាម ហើយកោរក្បាល ហើយពួកវាមានមួកដែកពាក់ពីលើ ហើយរូបរាងនៃពលទ័ពរបស់គីឌឌីអានហៃ ធំ និងគួរឲ្យខ្លាចមែន គឺមកពីគ្រឿងការពារខ្លួនរបស់ពួកវា និងមកពីខ្លួនវាលាបឈាម។
៨ហើយហេតុការណ៍បានកើតឡើងថា រីឯពលទ័ពសាសន៍នីហ្វៃ កាលពួកគេបានឃើញរូបរាងនៃកងទ័ពរបស់គីឌឌីអានហៃ ក៏ដួលទៅលើដីគ្រប់គ្នា ហើយបានបន្លឺសំឡេងឡើងទៅព្រះអម្ចាស់ជាព្រះរបស់គេ សូមឲ្យទ្រង់អនុគ្រោះពួកគេ ហើយដោះលែងពួកគេឲ្យរួចផុតពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់គេ។
៩ហើយហេតុការណ៍បានកើតឡើងថា កាលពលទ័ពរបស់គីឌឌីអានហៃ បានឃើញយ៉ាងនេះហើយ នោះពួកវាបានចាប់ផ្ដើមស្រែកដោយសំឡេងដ៏ខ្លាំង ពីព្រោះមកពីសេចក្ដីអំណររបស់គេ ត្បិតពួកវាបានគិតស្មានថា ពួកសាសន៍នីហ្វៃបានដួលចុះ ដោយការភិតភ័យ ដោយមកពីភាពគួរស្ញែងខ្លាចនៃពលទ័ពរបស់ពួកវា។
១០ប៉ុន្តែក្នុងការណ៍នេះ ពួកវាត្រូវខកចិត្ត ព្រោះពួកនីហ្វៃពុំខ្លាចពួកវាទេ ប៉ុន្តែគេកោតខ្លាចព្រះរបស់គេវិញ ហើយបានសូមកិច្ចការពារពីទ្រង់ ហេតុដូច្នេះហើយ កាលពលទ័ពគីឌឌីអានហៃបានវាយសម្រុកមកលើគេ នោះពួកគេបានប្រុងខ្លួនតទល់នឹងពួកវា មែនហើយ គឺនៅក្នុងកម្លាំងនៃព្រះអម្ចាស់ ពួកគេបានទទួលពួកវា។
១១ហើយការប្រយុទ្ធបានចាប់ផ្ដើមឡើង នៅក្នុងខែទីប្រាំមួយ ហើយការប្រយុទ្ធនេះធំ និងគួរឲ្យខ្លាចមែន មែនហើយ ការកាប់សម្លាប់នោះធំ និងគួរឲ្យខ្លាចមែន ដរាបដល់មិនដែលមានការកាប់សម្លាប់ឯណាធំជាងនេះទេនៅក្នុងចំណោមប្រជាជនរបស់លីហៃទាំងអស់ ចាប់តាំងពីលោកបានចាកចេញពីក្រុងយេរូសាឡិមមក។
១២ហើយទោះជាមានការគំរាមកំហែងទាំងឡាយ និងការស្បថស្បែទាំងឡាយ ដែលគីឌឌីអានហៃបានធ្វើក្ដី មើលចុះ ពួកនីហ្វៃបានឈ្នះលើពួកវា ដរាបដល់ធ្វើឲ្យពួកវាថយក្រោយទៅវិញ។
១៣ហើយហេតុការណ៍បានកើតឡើងថា គីឌគីឌដូណៃបានបញ្ជាពលទ័ពលោកឲ្យដេញតាមពួកវាទៅដល់ព្រំប្រទល់ទីរហោស្ថាន ហើយមិនឲ្យលើកលែងជនណាមួយ ដែលធ្លាក់មកក្នុងកណ្ដាប់ដៃគេនៅតាមផ្លូវឡើយ ម្ល៉ោះហើយ ពួកគេបានដេញតាមពួកវា ហើយបានសម្លាប់ពួកវាទៅទល់នឹងព្រំប្រទល់ទីរហោស្ថាន គឺរហូតដល់ពួកគេបានបំពេញនូវបញ្ជារបស់គីឌគីឌដូណៃ។
១៤ហើយហេតុការណ៍បានកើតឡើងថា គីឌឌីអានហៃ ដែលបានឈរ ហើយប្រយុទ្ធយ៉ាងក្លាហាន ត្រូវដេញតាមនៅពេលវារត់ ហើយដោយនឿយហត់មកពីការប្រយុទ្ធដ៏ខ្លាំងរបស់វា នោះវាត្រូវតាមទាន់ ហើយត្រូវបានសម្លាប់ចោល។ ម្ល៉ោះហើយ ក៏ចប់នូវចោរគីឌឌីអានហៃទៅ។
១៥ហើយហេតុការណ៍បានកើតឡើងថា ពលទ័ពសាសន៍នីហ្វៃបានត្រឡប់មកទីកន្លែងដ៏សន្តិសុខរបស់គេវិញ។ ហើយហេតុការណ៍បានកើតឡើងថា ឆ្នាំទីដប់ប្រាំបួននេះបានកន្លងផុតទៅ ហើយពួកចោរពុំបានមកច្បាំងទៀតទេ ហើយពួកវាក៏មិនមកនៅក្នុងឆ្នាំទីម្ភៃទៀតដែរ។
១៦ហើយនៅក្នុងឆ្នាំទីម្ភៃមួយ នោះពួកវាពុំបានឡើងមកច្បាំងទេ តែពួកវាមកគ្រប់ទិសទី ដើម្បីឡោមព័ទ្ធជុំវិញប្រជាជននីហ្វៃ ព្រោះពួកវាបានគិតស្មានថា បើសិនជាពួកវាកាត់ផ្ដាច់ប្រជាជននីហ្វៃពីដែនដីទាំងឡាយរបស់គេបាន ហើយព័ទ្ធពួកគេពីគ្រប់ទិស ហើយបើសិនជាពួកវាកាត់ផ្ដាច់ពួកគេពីឯកសិទ្ធិទាំងអស់នៅខាងក្រៅបាន នោះពួកវាអាចធ្វើឲ្យគេចុះចាញ់ ស្របតាមបំណងទាំងឡាយរបស់ពួកវាបាន។
១៧ឥឡូវនេះ ពួកវាបានតែងតាំងសម្រាប់ពួកវានូវមេដឹកនាំម្នាក់ទៀត មានឈ្មោះថា សេមណារៃហា ហេតុដូច្នេះហើយ គឺសេមណារៃហានេះហើយ ដែលបានបញ្ជាឲ្យមានការព័ទ្ធនេះ។
១៨ប៉ុន្តែមើលចុះ នេះគឺជាប្រៀបមួយដល់ពួកសាសន៍នីហ្វៃ ព្រោះពួកចោរគ្មានលទ្ធភាពណា នឹងធ្វើការហ៊ុមព័ទ្ធឲ្យបានយូរគ្រប់គ្រាន់ ដើម្បីឲ្យមានផលវិបាកដល់ពួកសាសន៍នីហ្វៃបានសោះ មកពីស្បៀងអាហារដ៏ច្រើនរបស់គេ ដែលពួកគេបានប្រមូលទុក
១៩ហើយមកពីការខ្វះខាតស្បៀងអាហារនៅក្នុងចំណោមពួកចោរ ត្បិតមើលចុះ ពួកវាគ្មានអ្វី ក្រៅពីសាច់សម្រាប់បរិភោគ គឺជាសាច់ដែលពួកវារកបាននៅក្នុងទីរហោស្ថានប៉ុណ្ណោះ។
២០ហើយហេតុការណ៍បានកើតឡើងថា សត្វព្រៃសម្រាប់បរបាញ់កាន់តែហោចទៅ នៅក្នុងទីរហោស្ថាន ដរាបដល់ពួកចោរជិតវិនាសបង់ដោយតែការអត់ឃ្លាន។
២១ហើយពួកសាសន៍នីហ្វៃ ក៏នៅតែលើកទ័ពចេញទៅក្រៅ ទាំងយប់ទាំងថ្ងៃ ហើយវាយទៅលើពលទ័ពពួកវា ហើយកម្ចាត់ពួកវាទាំងពាន់ និងទាំងម៉ឺននាក់ចោល។
២២ម្ល៉ោះហើយ ប្រជាជនរបស់សេមណារៃហា ក្លាយទៅជាមានបំណងចង់ដកចេញពីផែនការរបស់ពួកវា ដោយមកពីការបំផ្លិចបំផ្លាញដ៏ធំ ដែលបានធ្លាក់មកលើពួកវាទាំងយប់ទាំងថ្ងៃ។
២៣ហើយហេតុការណ៍បានកើតឡើងថា សេមណារៃហាបានបញ្ជាទៅទ័ពរបស់វាថា ពួកវាត្រូវដកខ្លួនចេញពីការហ៊ុមព័ទ្ធនេះ ហើយធ្វើដំណើរទៅផ្នែកដែនដីដែលនៅខាងជើងបំផុតវិញ។
២៤ហើយឥឡូវនេះ គីឌគីឌដូណៃ ដោយបានដឹងនូវផែនការរបស់ពួកវា ហើយដោយដឹងអំពីចំណុចខ្សោយរបស់ពួកវា ដោយព្រោះចង់បានស្បៀងអាហារ និងអំពីការកាប់សម្លាប់ដ៏ធំ ដែលបានកើតឡើងនៅក្នុងចំណោមពួកវា ហេតុដូច្នេះហើយ លោកបានបញ្ជាឲ្យពលទ័ពលោកចេញទៅក្នុងពេលយប់ ហើយបានកាត់ផ្ដាច់ផ្លូវដកថយរបស់ពួកវាចេញ ហើយបានដាក់ពលទ័ពរបស់លោកតាមផ្លូវដកថយរបស់ពួកវាវិញ។
២៥ហើយការណ៍នេះ ពួកគេបានធ្វើនៅក្នុងពេលយប់ ហើយបានធ្វើដំណើរទៅហួសពួកចោរ ដើម្បីដល់ថ្ងៃស្អែកឡើង នៅពេលពួកចោរចាប់ផ្ដើមធ្វើដំណើរ នោះពួកវានឹងត្រូវជួបប្រទះនឹងពលទ័ពសាសន៍នីហ្វៃ ទាំងនៅខាងមុខពួកវា និងនៅខាងក្រោយពួកវា។
២៦ហើយពួកចោរដែលនៅខាងត្បូង ក៏ត្រូវកាត់ផ្ដាច់ពីទីកន្លែងដកថយទាំងឡាយដែរ។ ហើយការណ៍ទាំងអស់នេះ ត្រូវបានធ្វើឡើងតាមបញ្ជារបស់គីឌគីឌដូណៃ។
២៧ហើយពួកវាជាច្រើនពាន់នាក់ បានប្រគល់ខ្លួនជាឈ្លើយដល់ពួកនីហ្វៃ ហើយពួកវាដែលនៅសល់ទាំងប៉ុន្មាន ត្រូវបានសម្លាប់ចោលបង់។
២៨ហើយសេមណារៃហា ជាមេដឹកនាំរបស់វាត្រូវចាប់បាន ហើយត្រូវចងកលើដើមឈើមួយ មែនហើយ គឺនៅលើចុងឈើរហូតដល់វាស្លាប់ទៅ។ ហើយកាលពួកគេបានចងកវារហូតដល់ស្លាប់ហើយ នោះពួកគេបានរំលំឈើនោះមកដី ហើយបានស្រែកយ៉ាងខ្លាំងថា ៖
២៩សូមឲ្យព្រះអម្ចាស់រក្សាប្រជាជនទ្រង់នៅក្នុងសេចក្ដីសុចរិត និងនៅក្នុងបរិសុទ្ធភាពនៃដួងចិត្ត ប្រយោជន៍ឲ្យពួកគេអាចធ្វើឲ្យរលំមកលើដីនូវជនទាំងអស់ណា ដែលរកសម្លាប់ពួកគេ ដោយមកពីអំណាច និងបក្សព័ន្ធសម្ងាត់ទាំងឡាយ ដូចជាបុរសនេះត្រូវរលំមកលើដីដែរ។
៣០ហើយពួកគេបានអររីករាយ ហើយស្រែកឡើងជាសំឡេងតែមួយទៀតថា ៖ សូមឲ្យព្រះនៃអ័ប្រាហាំ និងព្រះនៃអ៊ីសាក និងព្រះនៃយ៉ាកុប ការពារប្រជាជននេះនៅក្នុងសេចក្ដីសុចរិត ដរាបណាពួកគេអំពាវនាវដល់ព្រះនាមនៃព្រះរបស់គេ សូមនូវសេចក្ដីការពារ។
៣១ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានស្រែកច្រៀងព្រមគ្នាឡើង ហើយសរសើរតម្កើងដល់ព្រះរបស់គេចំពោះការណ៍ដ៏មហិមា ដែលទ្រង់បានធ្វើដើម្បីពួកគេ នៅក្នុងការរក្សាពួកគេទុកកុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់គេ។
៣២មែនហើយ ពួកគេបានស្រែកថា ៖ ហូសាណាដល់ព្រះដ៏ខ្ពស់បំផុត។ ហើយពួកគេបានស្រែកថា ៖ សូមឲ្យព្រះនាមនៃព្រះអម្ចាស់ ជាព្រះដ៏មានមហិទ្ធិឫទ្ធិ គឺជាព្រះដ៏ខ្ពស់បំផុត បានប្រកបដោយព្រះពរ។
៣៣ហើយចិត្តគេបានរីកឡើងដោយសេចក្ដីអំណរ រហូតដល់ហូរទឹកភ្នែកចេញជាច្រើន មកពីសេចក្ដីល្អសប្បុរសដ៏ធំនៃព្រះ នៅក្នុងការដោះលែងពួកគេឲ្យរួចផុតពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់គេ ហើយពួកគេបានដឹងថា គឺមកពីប្រែចិត្ត និងភាពទន់ទាប ទើបពួកគេត្រូវបានដោះលែងឲ្យរួចផុតពីការបំផ្លិចបំផ្លាញដ៏អស់កល្បជានិច្ច៕