ព្រះគម្ពីរ
នីហ្វៃ ទី ៣ 5


ជំពូក​ទី ៥

ពួក​សាសន៍​នីហ្វៃ​ប្រែចិត្ត ហើយ​លះបង់​អំពើ​បាប​ទាំង​ឡាយ​របស់​គេ​ចោល — មរមន​សរសេរ​ប្រវត្តិ​អំពី​ប្រជាជន​លោក ហើយ​ប្រកាស​ប្រាប់​ព្រះ​បន្ទូល​ដ៏​អស់​កល្ប​ជានិច្ច​ដល់​ពួក​គេ — ពួក​អ៊ីស្រាអែល​នឹង​ត្រូវ​បាន​ប្រមូល​មក​ពី​ការ​ខ្ចាត់​ព្រាត់​ដ៏​យូរលង់​របស់​គេ​វិញ។ ប្រមាណ​ជា​ឆ្នាំ ២២–២៦ គ.ស.។

ហើយ​ឥឡូវ​នេះ មើល​ចុះ គ្មាន​ជន​ណា​ម្នាក់​សោះ ដែល​រស់នៅ​ក្នុង​ចំណោម​ប្រជាជន​នៃ​សាសន៍​នីហ្វៃ​ទាំង​អស់ ដែល​បាន​សង្ស័យ សូម្បីតែ​បន្តិច​បន្តួច ដល់​ពាក្យ​ទាំង​ឡាយ​របស់​ព្យាការី​បរិសុទ្ធ​ទាំង​អស់​ដែល​បាន​ថ្លែង​មក ព្រោះ​ពួក​គេ​បាន​ដឹង​ថា ជា​ការ​ចាំបាច់​ថា ត្រូវ​តែ​បាន​បំពេញ។

ហើយ​ពួក​គេ​បាន​ដឹង​ថា ជា​ការ​ចាំបាច់ ព្រះ​គ្រីស្ទ​ទ្រង់​បាន​យាង​មក ដោយ​មក​ពី​ទី​សម្គាល់​ជាច្រើន ដែល​ត្រូវ​បាន​ប្រទាន​មក​តាម​ពាក្យ​ទាំង​ឡាយ​របស់​ពួក​ព្យាការី ហើយ​ដោយ​មក​ពី​ការណ៍​ទាំង​ឡាយ ដែល​បាន​កើត​ឡើង​រួច​ហើយ នោះ​ពួក​គេ​បាន​ដឹង​ថា ជា​ការ​ចាំបាច់​ថា គ្រប់​ការណ៍​ទាំង​អស់​ត្រូវ​កើត​ឡើង ស្រប​តាម​អ្វីៗ​ដែល​បាន​និយាយ​ទុក។

ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​លះបង់​អស់​ទាំង​អំពើ​បាប​របស់​គេ និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​គេ និង​អំពើ​សហាយ​ស្មន់​ទាំង​ឡាយ​របស់​គេ ហើយ​បាន​បម្រើ​ព្រះ​ដោយ​អស់​ពី​ការ​ព្យាយាម ទាំង​យប់​ទាំង​ថ្ងៃ។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​គេ​ចាប់​បាន​ពួក​ចោរ​ទាំង​អស់ យក​មក​ជា​ឈ្លើយ ដរាប​ដល់​គ្មាន​នរណា​ម្នាក់​រត់​រួច ដោយ​មិន​ត្រូវ​សម្លាប់​ចោល​ឡើយ នោះ​ពួក​គេ​បាន​ដាក់​ពួក​ឈ្លើយ​របស់​គេ​ទៅ​ក្នុង​គុក ហើយ​បាន​បណ្ដា​ល​ឲ្យ​មាន​ព្រះ​បន្ទូល​នៃ​ព្រះ​ផ្សាយ​ដល់​ពួក​គេ ហើយ​អស់​អ្នក​ណា​ដែល​ប្រែចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​គេ ហើយ​ធ្វើ​សេចក្ដី​សញ្ញា​ថា ពួក​គេ​នឹង​ឈប់​ធ្វើ​ឃាត​មនុស្ស​ទៀត នោះ​គេ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​ឥស្សរភាព

ប៉ុន្តែ​អស់​អ្នក​ណា​ដែល​មិន​ចូល​ក្នុង​សេចក្ដី​សញ្ញា ហើយ​នៅ​តែ​បន្ត​ការ​ឃាតកម្ម​មនុស្ស ដោយ​សម្ងាត់​នៅ​ក្នុង​ចិត្ត មែន​ហើយ អស់​អ្នក​ណា​ដែល​ឃើញ​ថា បញ្ចេញ​នូវ​ការ​គំរាមកំហែង​ទាំង​ឡាយ ប្រឆាំង​នឹង​បងប្អូន​របស់​គេ នោះ​បាន​ត្រូវ​កាត់ទោស ហើយ​ត្រូវ​ធ្វើ​ទោស​តាម​ច្បាប់។

ម្ល៉ោះ​ហើយ ពួក​គេ​បាន​បញ្ចប់​នូវ​ការ​ផ្សំគំនិត​ទាំង​នោះ ដែល​ទុច្ចរិត និង​សម្ងាត់ និង​គួរ​ខ្ពើម​ឆ្អើម នៅ​ក្នុង​នោះ​មាន​ការ​ទុច្ចរិត​ដ៏​ច្រើន និង​អំពើ​ឃាតកម្ម​ដ៏​ច្រើន ដែល​បាន​ប្រព្រឹត្ត​មក។

ម្ល៉ោះ​ហើយ ឆ្នាំ​ទី​ម្ភៃ​ពីរ​បាន​កន្លង​ផុត​ទៅ និង​ឆ្នាំ​ទី​ម្ភៃ​បី​ផង និង​ទី​ម្ភៃ​បួន និង​ទី​ម្ភៃ​ប្រាំ ម្ល៉ោះ​ហើយ ម្ភៃ​ប្រាំ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ។

ហើយ​ការណ៍​ជាច្រើន​បាន​កើត​ឡើង​នៅ​ចំពោះ​ភ្នែក​អ្នក​ខ្លះ គឺជា​ការ​ដ៏​ធំ និង​អស្ចារ្យ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ការណ៍​ទាំង​នោះ មិន​អាច​យក​មក​សរ​សេរ​ឲ្យ​អស់​នៅ​ក្នុង​គម្ពីរ​នេះ​បាន​ទេ មែន​ហើយ គម្ពីរ​នេះ​មិន​អាច​ដាក់​បាន​សោះ សូម្បីតែ​មួយ​ភាគរយ​នូវ​អ្វីៗ​ដែល​បាន​ធ្វើ​ឡើង នៅ​ក្នុង​ចំណោម​ប្រជាជន​ជាច្រើន នៅ​ក្នុង​រយៈ​ពេល​ម្ភៃ​ប្រាំ​ឆ្នាំ។

ប៉ុន្តែ​មើល​ចុះ មាន​បញ្ជី​ទាំង​ឡាយ​ដែល​មាន​កត់ អំពី​ដំណើរការ​ទាំង​អស់​របស់​ប្រជាជន​នេះ ហើយ​ដំណើរ​រឿង​មួយ​ខ្លី​ជាង​នេះ តែ​ពិត នោះ​បាន​កត់​ដោយ​នីហ្វៃ។

១០ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​បាន​ធ្វើ​បញ្ជី​របស់​ខ្ញុំ អំពី​ការណ៍​ទាំង​នេះ ស្រប​តាម​បញ្ជី​របស់​នីហ្វៃ ដែល​បាន​ឆ្លាក់​នៅ​លើ​ផ្ទាំង​ទាំង​ឡាយ ដែល​ហៅ​ថា ផ្ទាំង​នីហ្វៃ។

១១ហើយ​មើល​ចុះ ខ្ញុំ​ធ្វើ​បញ្ជី​លើ​ផ្ទាំង​ទាំង​ឡាយ ដែល​ខ្ញុំ​បាន​ធ្វើ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។

១២ហើយ​មើល​ចុះ ខ្ញុំ​ឈ្មោះ មរមន ដោយ​បាន​ហៅ​តាម​ដែនដី​មរមន គឺជា​ដែនដី​ដែល​អាលម៉ា បាន​តាំង​សាសនាចក្រ​ឡើង នៅ​ក្នុង​ចំណោម​ប្រជាជន មែន​ហើយ គឺជា​សាសនាចក្រ​ទី​មួយ ដែល​បាន​តាំង​ឡើង នៅ​ក្នុង​ចំណោម​ពួក​គេ ក្រោយ​ពី​អំពើ​រំលង របស់​គេ។

១៣មើល​ចុះ ខ្ញុំ​ជា​សិស្ស​ម្នាក់​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។ ខ្ញុំ​ត្រូវ​បាន​ហៅ​ដោយ​ទ្រង់​ឲ្យ​ប្រកាស​ព្រះ​បន្ទូល​របស់​ទ្រង់​នៅ​ក្នុង​ចំណោម​ប្រជាជន​ទ្រង់ ដើម្បី​ឲ្យ​ពួក​គេ​អាច​បាន​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច។

១៤ហើយ​ជា​ការ​ចាំបាច់ ស្រប​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ ថា​ពាក្យ​អធិស្ឋាន​ទាំង​ឡាយ​របស់​ពួក​ជន ដែល​បាន​ចាក​លោក​ទៅ​ហើយ នោះ​គឺជា​ពួក​ជន​បរិសុទ្ធ ត្រូវ​តែ​បាន​សម្រេច​តាម​សេចក្ដី​ជំនឿ​របស់​គេ ថា​ខ្ញុំ​ត្រូវ​កត់​បញ្ជី​មួយ​អំពី​ការណ៍​ទាំង​នេះ ដែល​បាន​កើត​ឡើង​មក ហើយ —

១៥មែន​ហើយ ជា​បញ្ជី​មួយ​តូច​អំពី​អ្វីៗ​ដែល​បាន​កើត​ឡើង ចាប់​តាំង​ពី​ពេល​ដែល​លីហៃ បាន​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

១៦ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​ធ្វើ​បញ្ជី​របស់​ខ្ញុំ​ចេញ​ពី​ដំណើរ​រឿង​ទាំង​ឡាយ ដែល​បាន​កត់​ដោយ​ពួក​អ្នក​ដែល​បាន​រស់នៅ​មុន​ខ្ញុំ រហូត​ដល់​ការ​ចាប់​ផ្ដើម​នៃ​ជីវិត​របស់​ខ្ញុំ

១៧ហើយ​បន្ទាប់​មក ខ្ញុំ​ធ្វើ​បញ្ជី​មួយ​អំពី​ការណ៍​ទាំង​ឡាយ ដែល​ខ្ញុំ​បាន​ឃើញ​ដោយ​ភ្នែក​ខ្ញុំ​ផ្ទាល់។

១៨ហើយ​ខ្ញុំ​ដឹង​ថា បញ្ជី​ដែល​ខ្ញុំ​ធ្វើ​នេះ គឺជា​បញ្ជី​មួយ​ដ៏​ត្រឹម​ត្រូវ ហើយ​ពិត ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់​តែ​មាន​ការណ៍​ជាច្រើន​ទៀត ត្បិត​តាម​ភាសា​របស់​យើង នោះ​យើង​ពុំ​អាច​សរសេរ​បាន​ឡើយ។

១៩ហើយ​ឥឡូវ​នេះ ខ្ញុំ​សូម​បញ្ចប់​នូវ​ការ​និយាយ​របស់​ខ្ញុំ គឺ​អំពី​ខ្លួន​ខ្ញុំ​នោះ ហើយ​ចាប់​ផ្ដើម​ប្រាប់​ពី​ដំណើរ​រឿង​ខ្ញុំ ចំពោះ​ការណ៍​ទាំង​ឡាយ​ដែល​កើត​ឡើង​មុន​ខ្ញុំ។

២០ខ្ញុំ​ជា​មរមន ហើយ​ជា​ពូជ​ពង្ស​នៃ​លីហៃ​សុទ្ធ។ ខ្ញុំ​មាន​ហេតុ​ដើម្បី​សរសើរ​ដល់​ព្រះ​របស់​ខ្ញុំ និង​ព្រះ​អង្គ​សង្គ្រោះ​របស់​ខ្ញុំ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​នាំ​ពួក​អយ្យកោ​របស់​យើង ចេញ​ពី​ដែនដី​យេរូសាឡិម​មក (ហើយ​គ្មាន​នរណា​ម្នាក់​ដឹង​ការណ៍​នេះ​ឡើយ ក្រៅពី​ព្រះ​អង្គ​ទ្រង់​ផ្ទាល់ និង​ពួក​ជន​ដែល​ទ្រង់​បាន​នាំ​ចេញ​ពី​ដែនដី​នោះ​ប៉ុណ្ណោះ) ហើយ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ខ្ញុំ និង​ប្រជាជន​ខ្ញុំ​នូវ​ការ​ចេះ​ដឹង​ដ៏​ច្រើន​អំពី​សេចក្ដី​សង្គ្រោះ​ដល់​ព្រលឹង​របស់​យើង​ទាំង​ឡាយ។

២១ជា​ប្រាកដ​មែន ទ្រង់​បាន​ប្រទាន​ពរ​ឲ្យ​វង្សយ៉ាកុប ហើយ​ធ្លាប់​មាន​សេចក្ដី​មេត្តា​ដល់​ពូជ​របស់​យ៉ូសែប។

២២ហើយ​ដរាបណា​កូន​ចៅ​របស់​លីហៃ កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​ពរ​ដល់​គេ ហើយ​ចម្រុង​ចម្រើន​ពួក​គេ ស្រប​តាម​ព្រះ​បន្ទូល​របស់​ទ្រង់។

២៣មែន​ហើយ ហើយ​ជា​ប្រាក​មែន ទ្រង់​នឹង​នាំ​សំណល់​នៃ​ពូជ​របស់​យ៉ូសែប ឲ្យ​ស្គាល់​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ​ទៀត។

២៤ហើយ​ប្រាកដ​ដូច​ជា​ព្រះ​អម្ចាស់ ទ្រង់​មាន​ព្រះ​ជន្ម​រស់នៅ នោះ​ទ្រង់​នឹង​ប្រមូល​មក​ពី​ទិស​ទាំង​បួន​នៃ​ផែនដី​នូវ​សំណល់​ទាំង​អស់​នៃ​វង្ស​យ៉ាកុប ដែល​ត្រូវ​ខ្ចាត់​ព្រាត់​ទៅ​ក្រៅ​ស្រុក នៅ​ពាសពេញ​លើ​ផ្ទៃ​ផែនដី។

២៥ហើយ​ដូច​ជា​ទ្រង់​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​វង្ស​យ៉ាកុប​ទាំង​អស់​យ៉ាង​ណា នោះ​សេចក្ដី​សញ្ញា ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​វង្ស​យ៉ាកុប នឹង​ត្រូវ​បាន​បំពេញ តាម​ពេល​ដែល​ទ្រង់​បាន​កំណត់​ផ្ទាល់ នាំ​ឲ្យ​សាង​ឡើង​វិញ​នូវ​វង្ស​របស់​យ៉ាកុប​ទាំង​អស់​ឲ្យ​ស្គាល់​នូវ​សេចក្ដី​សញ្ញា ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​ពួក​គេ។

២៦ហើយ​នៅ​ពេល​នោះ ពួក​គេ​នឹង​ស្គាល់​ព្រះ​ដ៏​ប្រោស​លោះ​របស់​គេ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ហើយ​នៅ​ពេល​នោះ ពួក​គេ​នឹង​ត្រូវ​បាន​ប្រមូល​មក​ពី​ទិស​ទាំង​បួន​នៃ​ផែនដី​មក​លើ​ដី​របស់​គេ​ផ្ទាល់ គឺជា​កន្លែង​ដែល​ពួក​គេ​ត្រូវ​ខ្ចាត់​ព្រាត់​ចេញ​ទៅ​នោះ មែន​ហើយ ប្រាកដ​ដូច​ជា​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​ជន្ម​រស់នៅ នោះ​ការណ៍​នេះ​នឹង​កើត​ឡើង​យ៉ាង​ដូច្នោះ​មែន។ អាម៉ែន៕